សុន្ទរកថាបើកកម្មវិធី
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃ អាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣
អរគុណ ប្រធាន រីវស៍ ។
ពីមុនចាប់ផ្ដើមមតិរបស់ពួកយើង ខ្ញុំសូមគំនាប់ចំពោះការទទួលមរណភាពរបស់ប្រធាន អិម. រ័សុល បាឡឺត កាលពីថ្ងៃអាទិត្យមុន—លោកជាប្រធានកូរ៉ុមរបស់ខ្ញុំ និងជាមិត្តជាទីស្រឡាញ់ ។ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះគ្រួសារលោក និងសូមសម្ដែងនូវសេចក្ដីស្រឡាញ់ និងអំណរគុណរបស់ខ្ញុំចំពោះការពលិកម្ម និងការលះបង់ក្នុងជីវិតលោកដើម្បីប្រទានពរដល់កូនចៅទាំងអស់នៃព្រះវរបិតាសួគ៌យើង ។
ម៉ារី និងខ្ញុំរីករាយដើម្បីចូលរួមជាមួយអែលឌើរ ក្លាក ជី ហ្គីលបឺត និងស៊ីស្ទើរ គ្រីស្ទីន ហ្គីលបឺត ដើម្បីនិយាយទៅកាន់ក្មួយៗនៅក្នុងការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកនេះ ដែលផ្សាយចេញពីបរិវេណនៃសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។
ពេលរៀបចំសម្រាប់កិច្ចការនេះ យើងបានប្រមូលសំណួរពីយុវមជ្ឈិមវ័យនៅទូទាំងសាសនាចក្រ ។ យើងចាប់ផ្តើមនឹងអ្នកនៅបរិវេណ ស៊ី.អ៊ី.អេស. របស់យើង ៖ នៅ ប៊ី.វ៉ាយ.យូ. នេះ បន្ទាប់មកនៅ ប៊ី.វ៉ាយ.យូ.–អាយដាហូ ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ និងមហាវិទ្យាល័យ Ensign ។ បន្ទាប់មក យើងបានពង្រីកទៅទូទាំងពិភពលោកជាមួយនឹងសិស្ស BYU–Pathway និងអ្នកដែលចូលរួមថ្នាក់វិទ្យាស្ថាននៅទូទាំងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ប្រធានស្ថាប័នទាំងនេះ និងថ្នាក់ដឹកនាំផ្សេងទៀតបានជួបក្រុមនិស្សិតដើម្បីកំណត់ថា តើសំណួរអ្វីដែលសំខាន់បំផុតសម្រាប់យុវមជ្ឈិមវ័យនៅបច្ចុប្បន្ននេះ ។ វាគឺជាដំណើរការដ៏អស្ចារ្យមួយ ហើយទីបំផុត សំណួរទាំងនោះគឺអស្ចារ្យណាស់ ។
គំនិត និងអារម្មណ៍ក្មួយៗគឺស្រដៀងគ្នាខ្លាំង ក្មួយៗភាគច្រើនបានចែកចាយសំណួរទូទៅខាងវិញ្ញាណ និងខ្លះទៀតជាសំណួរជីវិត ។ មិនថាសិស្សថ្នាក់វិទ្យាស្ថាននៅប្រទេសប៉េរូ និស្សិតវិស្វកម្មនៅសាលា ប៊ី.វ៉ាយ.យូ.–អាយដាហូ អ្នកដែលសិក្សាតាម BYU–Pathway នៅអាហ្វ្រិកខាងលិច និស្សិតរចនាក្រាហ្វិកនៅ ប៊ី.វ៉ាយ.យូ. ក្នុងបរិវេណនេះ ឬអ្នកមានអាជីពការងារដែលចូលរួមថ្នាក់វិទ្យាស្ថាននៅអឺរ៉ុប ហ្វីលីពីន ឬរដ្ឋយូថាហ៍នេះទេ យុវមជ្ឈិមវ័យទាំងអស់នៅទូទាំងសាសនាចក្របានរួបរួមសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយមានក្តីស្រមៃ បំណងប្រាថ្នា និងការព្រួយបារម្ភយ៉ាងស្រដៀងគ្នា ។ ក្មួយៗម្នាក់ៗគឺអស្ចារ្យ ហើយជាផ្នែកដ៏សំខាន់មួយនៃអនាគតសាសនាចក្រនេះ ។
យើងបានបែងចែកសំណួររបស់ក្មួយៗទៅជាប្រាំផ្នែកសម្រាប់បទបង្ហាញរបស់យើងនៅថ្ងៃនេះ ៖
-
ការប្រឈមមុខនឹងឧបសគ្គក្នុងជីវិត និងសេចក្ដីជំនឿ
-
សេចក្តីស្រឡាញ់ និងការមានចំណែក
-
ផែនការជីវិត និងតុល្យភាពជីវិត
-
ការឈរការពារសេចក្ដីពិត
-
ការទទួលវិវរណៈផ្ទាល់ខ្លួន
-
ការដឹកនាំពីព្យាការី
ថ្ងៃនេះ យើងចង់ពិភាក្សាអំពីសំណួរនីមួយៗទាំងនេះជាមួយក្មួយៗតាមរបៀបមួយដែលផ្អែកលើបទពិសោធន៍ជីវិត និងការសង្កេតឃើញរបស់យើងតាមការប្រាស្រ័យទាក់ទងជាមួយយុវមជ្ឈិមវ័យនៅទូទាំងសាសនាចក្រ ។
ស៊ីស្ទើរ ឃុក និងខ្ញុំនឹងឆ្លើយសំណួរពីរដំបូងស្តីពីឧបសគ្គក្នុងជីវិត និងសេចក្ដីជំនឿ ព្រមទាំង សេចក្ដីស្រឡាញ់ និងការមានចំណែក ។ បន្ទាប់មក អែលឌើរ និងស៊ីស្ទើរ ហ្គីលបឺត នឹងចែកចាយបទពិសោធន៍អំពីរបៀបធ្វើឲ្យទំនួលខុសត្រូវក្នុងជីវិតមានតុល្យភាព ។ ពួកគាត់ក៏នឹងមានប្រសាសន៍ផងដែរអំពីអត្ថន័យនៃការឈរការពារសេចក្ដីពិតនៅក្នុងគ្រាដ៏ចលាចលនេះ ។ បន្ទាប់មក ខ្ញុំនឹងចែកចាយគំនិត និងដំបូន្មានមួយចំនួនអំពីការទទួលបានវិវរណៈផ្ទាល់ខ្លួន ហើយបញ្ចប់ដោយយោបល់អំពីការដឹកនាំពីព្យាការី ។