ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៣
ផែនការ​ជីវិត និង​តុល្យភាព​ជីវិត


4:35

ផែនការ​ជីវិត និង​តុល្យភាព​ជីវិត

ការប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃអាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣

អែលឌើរ ឃ្វីនថិន អិល ឃុក ៖សូម​អរគុណ​អែលឌើរ និង ស៊ីស្ទើរ ឃុក សម្រាប់​ដំបូន្មាន​ដ៏​ល្អ ។ គ្រីស្ទីន និង ខ្ញុំ​រំភើប​ចិត្ត​ដើម្បី​ពិភាក្សា​អំពី​សំណួរ​ដំបូង​នេះ​ទាក់ទង​នឹង​ផែនការ​ជីវិត និង​តុល្យភាព​ជីវិត ។

ស៊ីស្ទើរ គ្រីស្ទីន ហ្គីលប៊ឺត ៖ យើង​មាន​គ្រួសារមមាញឹក ។ ស្វាមី​របស់ខ្ញុំ​តែងតែ​មាន​ការងារ​មិនចេះចប់—ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ Harvard ជា​នាយក​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជាប្រធាន​ស្ថាប័ន​នៃ​សាកល​វិទ្យាល័យ​ចំនួន​ពីរ ។ ក្នុង​អំឡុង​ពេល​ទាំង​នេះ យើង​ទាំង​ពីរ​នាក់​ក៏​បាន​បម្រើ​ក្នុង​ការហៅ​ដ៏​មមាញឹក​របស់​សាសនាចក្រ​ផងដែរ ។ ប៉ុន្តែ​ការទទួលខុសត្រូវ​សំខាន់​បំផុត​របស់​យើង​គឺ​ជា​អាពាហ៍ពិពាហ៍ និង​កូនៗ​យើង​ជានិច្ច ។

អែលឌើរ ហ្គីលប៊ឺត ៖ខ្ញុំ​នឹកឃើញ​ពី​រឿង​នេះ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ដឹក​នាំ Deseret News ។ តើ​មាន​យុវមជ្ឈិមវ័យ​ប៉ុន្មាន​នាក់​អាន​កាសែតដែល​បាន​បោះពុម្ព​ផ្សាយជា​រៀង​រាល់​ថ្ងៃ ? សូម​លើក​ដៃ ។ ដូច​អ្វី​ដែល​ខ្ញុំ​បាន​គិត គឺ—​ស្ទើរតែ​គ្មាន​ម្នាក់​សោះ ។ ខ្ញុំ​ទទួល​ទំនួលខុសត្រូវ​ឲ្យ​ជួយ​ផ្លាស់ប្តូរ Deseret Newsពី​កាសែត​ក្រដាស​ទៅជា​កាសែត​ឌីជីថល​វិញ ។ វា​គឺ​ជា​រដូវកាល​ដ៏​មមាញឹក ។ ក្នុង​ចំណោម​កូន​ទាំង​ប្រាំ​បី​នាក់​របស់​យើង ពេល​យើង​មាន​កូន​ទី​៧​ខ្ញុំ​បាន​បម្រើ​ជា​ប៊ីស្សព ។

នៅ​ថ្ងៃមួយ ទាំង​នឹកស្មាន​មិនដល់ ប្រធាន ប៊យ ខេ ផាកកឺ បាន​ទូរសព្ទ​មកសួរ​ខ្ញុំ « ប្អូន​ប្រុស ហ្គីលប៊ឺត ខ្ញុំ​សុំសួរ​អំពី​គ្រួសារ​របស់ប្អុន ។ តើ​ប្អូន​យកចិត្ត​ទុកដាក់​ចំពោះ​ភរិយា​គ្រប់គ្រាន់​ដែរ​ឬ​ទេ ? » ខ្ញុំ​បាន​ទ្រឹង រួច​ឆ្លើយ​ថា « ប្រហែល​ជា​អត់​ទេ » ។ បន្ទាប់មក លោក​ថ្លែង​មក​កាន់​ខ្ញុំ​ថា « ប្អូន​ប្រុស ហ្គីលប៊ឺត ប្អូន​នឹង​ដឹកនាំ​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះតែ​មួយ​រយៈ​ប៉ុណ្ណោះ ប៉ុន្តែ​ប្អូន​នឹង​ធ្វើ​ជា​ស្វាមី និង​ជា​ឪពុក​អស់​កល្ប​ជានិច្ច » ។ រួច​លោក​បាន​ចាត់​ឲ្យ​ខ្ញុំ​នាំ​គ្រីស្ទីន​ទៅ​ដើរលេង​រៀងរាល់​សបា្តហ៍ ។

លោក​បាន​បន្ត​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចូល​ដេក​ម៉ោង​ប៉ុន្មាន ខ្ញុំ​បាន​តប​ថា ម៉ោង ១:០០ ឬ ២:០០ អធ្រាត្រ​ជា​រៀង​រាល់​យប់ ។ ចម្លើយលោក​តប​ផ្ទុយពី​ខ្ញុំ ។ លោក​ថា « ប្អូន​គិត​ថា​អ្វីៗ​ទាំង​នេះ​ពឹង​ផ្អែក​លើ​កិច្ច​ខិតខំ​របស់​ប្អូន​ផ្ទាល់​ឬ ។ ប្អូន​មិន​ទុកចិត្ត​ព្រះអម្ចាស់​ទេឬ » ។ ប្រធាន ផាកកឺ បាន​ដាក់​បម្រាម​គោចរ​ក្នុង​នាម​ជា​សាវក​មក​ខ្ញុំ ដែល​ខ្ញុំ​បាន​ព្យាយាម​រក្សា​តាំងពី​ពេល​នោះ​មក ។

ស៊ីស្ទើរ ហ្គីលប៊ឺត ៖ដូច្នេះ​បើ​បង​មាន​បម្រាម​គោចរ និង​មាន​កាលវិភាគ​នាំ​ភរិយា​ដើរលេង​រាល់សប្ដាហ៍ តើ​បង​នឹង​គ្រប់គ្រង​ទំនួលខុសត្រូវ​សំខាន់ៗ​ផ្សេងទៀត​ដោយ​របៀប​ណា ?

វា​ចាប់ផ្តើម​ដោយ​ការរៀប​ផែនការ ។ ចាប់តាំង​ពី​យើង​រៀបការ​ថ្មីថ្មោង ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ធ្វើ​កាលវិភាគ​ប្រចាំ​សប្តាហ៍​ជា​រៀង​រាល់​យប់​ថ្ងៃ​អាទិត្យ ។ សម្រាប់​ពួក​យើង​នេះ​គឺ​ជា​ការតាំងចិត្ត​មួយ​ដែល​យើង​មិន​ដែល​ខកខាន មិន​ថា​យើង​រវល់​ប៉ុណ្ណា ។

ទីពីរ ទំនួល​ខុសត្រូវ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជីវិត​ក៏​ទាមទារ​ឲ្យ​មាន​គោលដៅ​រួមគ្នា​ផង​ដែរ ។ ទោះជា​យើង​ត្រូវតែ​នៅ​ដាច់​ពី​គ្នា​ក្ដី ក៏យើង​នៅ​តែ​មាន​អារម្មណ៍​វេញធ្លុង​នៅពេល​យើង​មាន​គោលបំណង​រួមគ្នា ។ ដូច្នេះ ទោះពេល​ស្វាមី​ខ្ញុំ​ចេញ​ទៅ​ធ្វើការ ឬ​ខ្ញុំ​ក្រោកឡើង​បង្រៀន​ថ្នាក់​សិក្ខាសាលា​នៅ​ព្រឹក​ព្រលឹម ឬ​គាត់​ចេញ​ទៅ​ក្រៅ​ធ្វើ​ការងារ​វួដ បើ​យើង​បាន​ធ្វើ​កាលវិភាគ​កិច្ចការ​ទាំង​នោះ ដាក់​ឲ្យ​ស្រប​តាម​គោលបំណង​យើង នោះ​យើង​នៅ​ជិតគ្នា​ទោះ​ជា​យើង​ត្រូវ​នៅ​ឃ្លាត​ពី​គ្នា​ក៏​ដោយ ។

អែលឌើរ ហ្គីលប៊ឺត ៖ ទោះ​យ៉ាង​ណា មាន​ពេល​ខ្លះ​យើង​ត្រូវ​ដាក់​ព្រំ​ដែន​ឲ្យ​បាន​ច្បាស់​ជុំវិញ​ជម្រើស​ជាក់លាក់​នានា ។

ក្លេ គ្រីស្ទេនសិន ដែល​ជា​មិត្ត​ជា​ទី​ស្រឡាញ់​ម្នាក់​នៅ​ទីក្រុង បូស្តុន ធ្លាប់​ចែកចាយ​ពី​របៀប​ដែល​អ្នក​គ្រប់​គ្រង​បាន​សួរ​គាត់​ថា​រវាង​ព្រឹក​ថ្ងៃ​សៅរ៍ ឬ​ព្រឹក​ថ្ងៃ​អាទិត្យ តើ​មួយ​ណា​ល្អ​ដើម្បី​រៀបចំ​ការប្រជុំ​ក្រុម ។ ក្លេ បាន​ឆ្លើយ​ថា « ច្រើន​ឆ្នាំ​មកហើយ ខ្ញុំ​បាន​សម្រេចចិត្ត​ថា​ខ្ញុំ​ទុក​ថ្ងៃ​សៅរ៍​សម្រាប់​ភរិយា​ខ្ញុំ និង​ថ្ងៃ​អាទិត្យ​សម្រាប់​ព្រះ បើ​លោក​ចង់​បាន​ថ្ងៃ​ណា​មួយ លោក​នឹង​ត្រូវ​សុំ​ការអនុញ្ញាត​ពី​ពួកគាត់​ដោយ​ផ្ទាល់ » ។

ការតាំងចិត្ត​ជាក់លាក់​មិន​ចាំបាច់​មាន​ការចរចា​ទេ​ក្នុង​ជីវិត​អ្នក ។ សម្រាប់​គ្រួសារ​យើង ការតាំងចិត្ត​នេះ​រួម​មាន​ការ​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ប្រចាំ​សប្តាហ៍ ការប្រជុំ​ជា​គ្រួសារ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច និង​ពេល​វេលា​ស្វាមី​ភរិយា​ជា​រៀង​រាល់​សប្តាហ៍ ។