ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៣
សេចក្តី​ស្រឡាញ់ និង​ការមាន​ចំណែក


6:26

សេចក្តី​ស្រឡាញ់ និង​ការមាន​ចំណែក

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃ អាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣

អែលឌើរ ឃ្វីនថិន អិល ឃុក ៖ សំណួរ​អំពី​សេចក្ដី​ស្រឡាញ់ និង​ការមាន​ចំណែក​គឺ​ទាក់ទង​ខ្លាំង​ទៅនឹង​ការប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ជីវិត និង​សេចក្ដី​ជំនឿ ។ ម៉ារី តើ​អូន​ចង់​ឆ្លើយ​សំណួរ​ដ៏​សំខាន់​នេះ​ទេ ?

ស៊ីស្ទើរ ម៉ារី ឃុក ៖ យើង​ទាំងអស់​គ្នា​គឺជា​បុត្រា​បុត្រី​របស់​ព្រះ ហើយ​យើង​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះអម្ចាស់ ។ មិន​ថា​ស្ថានភាព​យើង​ខុសគ្នា​ប៉ុណ្ណា​ទេ យើង​ទាំងអស់​គ្នា​មាន​ចំណែក ។

នៅក្នុង​ព្រះគម្ពីរ ប្រាប់​ច្បាស់​ថា ព្រះ​ស្រឡាញ់​បុត្រ​ខាង​វិញ្ញាណ​ទ្រង់​ទាំងអស់ ហើយ​មនុស្ស​ទាំងអស់​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ ហើយ​គ្រប់គ្នា​មាន​ចំណែក ។

នៅក្នុង នីហ្វៃ​ទី​២ ២៦:៣៣ យើង​អាន​ផ្នែក​នេះ​ថា « ទ្រង់​អញ្ជើញ​ពួកគេ​ទាំងអស់​គ្នា​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដីល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នកណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី … ហើយ​មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

ដោយសារ​យើង​ទាំងអស់​គ្នា​ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ នោះ​យើង​មាន​អត្តសញ្ញាណ​ខាង​វិញ្ញាណ ហើយ​យើង​ច្រៀង​អំពី​រឿង​នេះ​នៅក្នុង​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។

ច្រើន​ឆ្នាំ​កន្លង​ទៅ កាល​យើង​រស់នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​កាលីហ្វ័រញ៉ា មាន​យុវមជ្ឈិមវ័យ និង​មជ្ឈឹមវ័យ​ច្រៀង និង​ចូលរួម​ការ​សម្ដែង​នៅ​ព្រះវិហារ​បរិសុទ្ធ អូកលែន កាលីហ្វ័រញ៉ា ដែល​មាន​ចំណងជើង​ថា « ហើយ​ហេតុការណ៍​បាន​កើតឡើង​ថា » ។ មាន​បទចម្រៀង​មួយ​ថ្លែង​អំពី​អត្តសញ្ញាណ​ខាង​វិញ្ញាណ​របស់​យើង ។ វា​មាន​ចំណងជើង​ថា « តើ​ខ្ញុំ​ជា​នរណា ? » វា​សួរ​សំណួរ​ថា « ហេតុអ្វី​យើង​មក​ទីនេះ ? » និង « តើ​យើង​នឹង​ទៅ​ទីណា ? »

បទចម្រៀង​នេះ​បញ្ចប់​ដោយ​ចម្លើយ​ដ៏មាន​អានុភាព​នេះ ៖

នេះ​គឺជា​ខ្ញុំ ។

វិញ្ញាណ​ខ្ញុំ​បាន​រស់នៅ​ជាមួយ​បិតា​ខ្ញុំ មុនពេល​ផែនដី​កើតឡើង ។

ខ្ញុំ​ជ្រើសរើស​ផ្លូវ​នេះ​ដើម្បី​ដើរតាម នៅពេល​សណ្ឋាន​ទីមួយ​ខ្ញុំ​បាន​បញ្ចប់ ។

ខ្ញុំ​មកកាន់​ផែនដី​ដើម្បី​មាន​រូបកាយ​ដូច​បិតា​ខ្ញុំ​ដែរ

ដើម្បី​រួបរួម​វិញ្ញាណ និង​រូបកាយ​ខ្ញុំ ដើម្បី​ធ្វើឲ្យ​ព្រលឹង​ខ្ញុំ​ទៅជា​ទេវៈ » ។

នេះ​គឺជា​ខ្ញុំ ។

ខ្ញុំ​ជា​បុត្រ​របស់​បិតា​ខ្ញុំ … នៅ​សួគ៌ា ។

នេះ​គឺជា​ខ្ញុំ ។…

ខ្ញុំ​ជា​កូន​របស់​ព្រះ ។

មនុស្ស​គ្រប់គ្នា​ដែល​បាន​ចូលរួម​ទទួល​សាក្សី​ពី​ព្រះវិញ្ញាណ​ថា ពួកគេ​កំពុង​ច្រៀង​សេចក្ដីពិត ។

អែលឌើរ ឃុក ៖ កាលពី​ខែ​មុន ម៉ារី និង​ខ្ញុំ​បាន​ទៅ​ទីក្រុង​អេហ្វេស៊ូស​នៅ​ប្រទេស​តួកគី ជាមួយ​នឹង​ថ្នាក់ដឹកនាំ​បេសកកម្ម​មកពី​អឺរ៉ុប​ភាគច្រើន ។ សាវក​ប៉ុល​ធ្លាប់​បាន​រស់នៅ និង​បង្រៀន​នៅ​ទីនោះ ។ សំបុត្រ​របស់​លោក​មួយ​ទៅកាន់​ពួកអេភេសូរ មាន​នូវ​ការប្រកាស​ដ៏មាន​អានុភាព​មួយ ៖ « ដូច្នេះ អ្នករាល់គ្នា​មិន​មែន​ជា​អ្នកដទៃ ឬ​ជា​អ្នកគ្រាន់តែ​សំណាក់​នៅ​ទៀត​ទេ គឺជា​ជាតិ​តែ​១​នឹង​ពួកបរិសុទ្ធ ជា​ពួកដំណាក់​ព្រះ​វិញ » ។

យើង​ទាំងអស់គ្នា​មាន​ចំណែក !

ស៊ីស្ទើរ ឃុក ៖ អេ អេ ម៉ាលណឺ បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល​អំពី​ខ្លាឃ្មុំ​ពណ៌​មាស​ដែល​ចូលចិត្ត​ទឹកឃ្មុំ មាន​ចំណងជើង​ថា Winnie-the-Pooh ។

ពេល​ដើរ​ជាមួយ​មិត្តភក្តិ​គាត់​ឈ្មោះ Piglet នោះ Piglet បាន​សួរ Pooh ថា « តើ​ឯង​ប្រកប​ពាក្យ​ស្រឡាញ់​យ៉ាង​ម៉េច​ទៅ ? » Pooh ឆ្លើយ​ថា « យើង​មិន​ប្រកប​វា​ទេ ។ យើង​ទទួល​អារម្មណ៍​ពី​វា » ។

នៅក្នុង​កម្មវិធី​សិក្សា​ព្រះគម្ពីរ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ការពិពណ៌នា​ទូទៅ​សម្រាប់​ពាក្យ « សេចក្ដី​ស្រឡាញ់ » គឺ​ថា « សេចក្តី​ស្រឡាញ់​គឺជា​អារម្មណ៍​នៃ​ការលះបង់​ដ៏​ជ្រាលជ្រៅ ការខ្វល់ខ្វាយ និង​មេត្រីភាព ។ គំរូ​ដ៏អស្ចារ្យ​បំផុត​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​ទ្រង់ បង្ហាញ​នៅក្នុង​ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និង​មនុស្ស​ទូទៅ គឺជា​បុគ្គលិក​លក្ខណៈ​មួយ​នៃ​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

នៅក្នុង យ៉ូហាន ៣:១៦ យើង​អាន​ថា « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បានជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ » ។

នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ផែនដី​នេះ​ក្នុង​គ្រា​ដ៏​រុងរឿង​បំផុត ទ្រង់​បាន​បង្រៀន​យើង ៖

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​១ ។

« ហើយ​បញ្ញត្តិទីពីរ​ក៏​បែប​ដូចគ្នា​គឺថា ត្រូវស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង » ។

យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ការរក្សា​បទបញ្ញត្តិ​ទាំងនេះ ។ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង ។

យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ដោយ​ការផ្ដល់​ការងារ​បម្រើ​ដល់​ពួកគេ និង​រស់នៅ​យ៉ាង​សកម្ម​តាម​ដំណឹងល្អ—ដោយ​ការធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា នៅពេល​យើង​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​អ្នកដទៃ​ឲ្យ « មក​រក​ព្រះគ្រីស្ទ » ។ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្រួសារ ដោយ​ការរក្សា​សេចក្ដីសញ្ញា​ព្រះវិហារ​បរិសុទ្ធ​របស់​យើង និង​ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​យើង ។

ឥឡូវ សូម​ស្មោះត្រង់​ចំពោះ​ខ្លួនឯង ។ សូម​សួរ ៖ តើ​ទង្វើ​ខ្ញុំ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​កំពុង​ជួយ​អ្នកដទៃ​ដែល​នៅ​ជុំវិញ​ខ្ញុំ​ឲ្យ​ជឿ​ដែរ​ឬ​ទេ ? ប្រសិនបើ​ខ្ញុំ​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​គ្រីស្ទាន តើ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ផ្តន្ទាទោស​ខ្ញុំ​ទេ ?

កំណាព្យ « Outwitted » ដែល​និពន្ធ​ដោយ Edwin Markham អាន​ថា ៖

គាត់​គូស​រង្វង់​មួយ​ដែល​ដក​ខ្ញុំ​ចេញ—

មតិខុសឆ្គង បះបោរ រឿង​មួយ​ដែល​ត្រូវ​មើលងាយ ។

តែ​ដោយសារ​ក្តីស្រឡាញ់ ខ្ញុំ​មាន​ប្រាជ្ញា​ដើម្បី​ឈ្នះ ៖

យើង​គូស​រង្វង់​មួយ​ដែល​នាំ​គាត់​ចូល​វិញ ! »

ចូរ​យើង​ធ្វើជា​សិស្ស​ដ៏ពិត និង​ជា​អ្នកផ្សះផ្សា​គេ ។ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ​មាន​នៅក្នុង​ចិត្ត​យើង កាល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ព្រះរាជបុត្រា​សំណព្វ​ទ្រង់​គឺ ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​សកម្មភាព​យើង ។

អែលឌើរ ឃុក ៖ ខ្ញុំ​បាន​សូម​អែលឌើរ និង​ស៊ីស្ទើរ ហ្គីលប៊ឺត ឲ្យ​ឆ្លើយនឹង​សំណួរ​ពីរ​បន្ទាប់​នេះ ៖

ទី​មួយ តើ​យើង​អាច​ពង្រឹង​ផែនការ​ជីវិត និង​តុល្យភាព​ជីវិត​បាន​យ៉ាង​ដូចម្ដេច ? និង​ទី​ពីរ តើ​យើង​ឈរ​ការពារ​សេចក្ដីពិត​នៅក្នុង​គ្រា​ដ៏​ស្មុគស្មាញ​ទាំងនេះ​ដោយ​របៀប​ណា ?