ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៣
ការណែនាំ​របស់​ព្យាការី


3:37

ការណែនាំ​របស់​ព្យាការី

ការប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣

បង្វែរ​ទៅ​ការទទួល​យក​ការណែនាំ​របស់​ព្យាការី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា​ប្រធាន រ័សុល អិម ណិលសុន គឺជា​ព្យាការី​ដែល​បានជ្រើសរើស​ដោយ​ព្រះអម្ចាស់ ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់​នៅថ្ងៃ​នេះ ។ ខ្ញុំ​ថ្លែង​អំពី​សេចក្តី​ស្រឡាញ់ និង​ការអរគុណ​របស់​ខ្ញុំ​ចំពោះ​លោក​ជាច្រើន​ដង​មកហើយ ។

ពេល​និយាយ​អំពី​ការណែនាំ​របស់​ព្យាការី ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ថ្លែង​ថា ៖ « រាល់​អ្វីៗ​ទាំងអស់ … ដែល​យើង​គួរតែ​មាន​អំណរគុណ​យ៉ាងជ្រាលជ្រៅ [ ចំពោះ ] គឺ​ស្ថានសួគ៌​ត្រូវ​បាន​បើកឡើង ហើយសាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​សង់​នៅ​លើ​សិលា​នៃ​វិវរណៈ ។ វិវរណៈ​ជា​បន្ដ​បន្ទាប់ គឺ​ជា​លោហិត​ជីវិត​នៃ​ដំណឹងល្អ​នៃ​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់ គឺ​ព្រះយេស៊ូវគ្រីស្ទ » ។

ព្យាការី អេណុក បាន​មើល​ឃើញ​ជំនាន់​ដែល​យើង​រស់នៅ ។ លោក​បាន​ឃើញ​សេចក្ដីទុច្ចរិត​ដ៏​ធំ​ដែល​នឹង​កើត​មាន ហើយ​បាន​ព្យាករណ៍​អំពី « សេចក្ដី​វេទនា​ដ៏ធំ » ដែល​នឹង​កើត​មាន​ឡើង ។ ទោះជា​យ៉ាង​ណា ព្រះអម្ចាស់​បាន​សន្យា​ថា « ឯ​សេចក្ដី​សុចរិត នោះ​យើង​នឹង​ចាត់​ឲ្យ​ចុះ​មក​ពី​ស្ថាន​សួគ៌ ហើយ​ឯ​សេចក្ដី​ពិត នោះ​យើង​នឹង​ចាត់​ឲ្យ​ចេញ​ពី​ផែនដី​ទៅ ដើម្បី​ទៅ​ធ្វើ​បន្ទាល់​ពី​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង » ។ ការលេច​ចេញមក​នៃ​ព្រះគម្ពីរ​មរមន​គឺជា​ការបំពេញ​នៃ​ការប្រកាស​របស់​ព្រះអម្ចាស់​ចំពោះ​អេណុក ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ជា​បន្ដ​បន្ទាប់ ។ វិវរណៈ​ជាច្រើន​បាន​រក្សាទុក​សម្រាប់​យើង​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ។ គម្ពីរ​បមាណី​ទាំងអស់​នៃ​សាសនាចក្រ​មាន​នូវ​ព្រះគតិ និង​ព្រះ​ឆន្ទៈ​នៃ​ព្រះអម្ចាស់​សម្រាប់​យើង​នៅ​ក្នុង​គ្រាកាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ ។

បន្ថែម​ទៅលើ​បទគម្ពីរ​គ្រឹះ​ដ៏​មហិមា​ទាំងនេះ យើង​ត្រូវ​បាន​ប្រទានពរ​នូវ​វិវរណៈ​ជា​បន្ដបន្ទាប់​មក​កាន់​ពួក​ព្យាការី​នៅរស់ ។ ពួក​ព្យាការី​គឺជា « ភ្នាក់ងារ​របស់​ព្រះអម្ចាស់ ហើយ​បាន​អនុញ្ញាត​ឲ្យ​ថ្លែង​ជំនួស​ទ្រង់ » ។

ដូច​ដែល​ខ្ញុំ​បាន​និយាយ​ជាច្រើន​ដង​មក​ថា ខ្ញុំ​សូម​ប្រកាស​ដ៏​ឧឡារិក​ថា វិវរណៈ​ជាបន្ដបន្ទាប់​ត្រូវ​បាន​ទទួល ហើយ​ត្រូវ​បាន​ប្រគល់​ឲ្យ​តាមរយៈ​តំណ​ដែល​ព្រះអម្ចាស់​បាន​ស្ថាបនា​ឡើង ។

ខ្ញុំ​បាន​បម្រើ​ជា​សាវក​នៅក្រោម​ការដឹកនាំ​នៃ​ព្យាការី​បី​រូប ៖ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ប្រធាន ថូម៉ាស អេស ម៉នសុន និង​ប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា​ពួក​លោក​ទាំងអស់​បាន​ទទួល​វិវរណៈ​សម្រាប់​សម័យ​របស់​យើង ។

ខ្ញុំ​សូម​អះអាង​ក្មួយៗ​ថា ការណែនាំ​ប្រកប​ដោយ​វិវរណៈ​អាច​ទទួលបាន​តាមរយៈ​យើង​ម្នាក់ៗ នៅពេល​យើង​ធ្វើ​កិច្ចការ​នៅក្នុង​ចម្ការ​របស់​ព្រះអម្ចាស់ ។ ការណែនាំ​ភាគ​ច្រើន​របស់​យើង​គឺ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សម្រាប់​ពេលខ្លះ និង​គោលបំណង​ខ្លះ វា​កើត​មក​ពី​ព្រះអម្ចាស់​ដោយ​ផ្ទាល់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​ផ្ទាល់​ថា រឿង​នេះ​ជា​ការពិត ។ ការណែនាំ​សម្រាប់​សាសនាចក្រ​ទាំងមូល ទទួល​បាន​តែ​ចំពោះ​ប្រធាន និង​ព្យាការី​នៃ​សាសនាចក្រ​ប៉ុណ្ណោះ ។

ខ្ញុំ​សូម​ថ្លែង​ឡើងវិញ​នូវ​អ្វី​ដែល​ប្រធាន វិលហ្វួឌ វូឌដ្រុព្វ បាន​មាន​ប្រសាសន៍​អំពី​ព្យាការី យ៉ូសែប ស៊្មីធ វាពិត​ដូចគ្នា​នឹង​ប្រធាន រ័សុល អិម ណិលសុន ផងដែរ ។ ខ្ញុំ​បាន​ឃើញ « កិច្ចការ​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​ជា​មួយ​នឹង​លោក និង​វិវរណៈ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មក​ដល់​លោក ព្រមទាំង​ការបំពេញ​នូវ​វិវរណៈ​ទាំងនោះ » ។ លោក​គឺជា​ព្យាការី​នៃ​ព្រះអម្ចាស់ ។

ក្នុង​នាម​ជា​សាវក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​ម្នាក់ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏​មុត​មាំ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះអង្គ​សង្គ្រោះ និង​ភាពពិត​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ទ្រង់​គឺជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល ឃ្វីនថិន អិល ឃុក« Great Love for Our Father’s Children » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៦–៨០ ។

  2. Teachings of Presidents of the Church: Spencer W. Kimball ( ឆ្នាំ ២០០៦ ) ទំព័រ ២៤៣ សូមមើល​ផងដែរ ម៉ាថាយ ១៦:១៣–១៩

  3. ម៉ូសេ ៧:៦១–៦២ ។

  4. សូមមើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Gift of Modern Revelation » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៧៨–៨០ ។

  5. Hugh B. Brown, « Joseph Smith among the Prophets » ( Sixteenth Annual Joseph Smith Memorial Sermon, Logan Institute of Religion, ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ១៩៥៨ ) ទំព័រ ៧ ។

  6. វិលហ្វូឌ វូឌដ្រុព្វ នៅក្នុង​Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ២៨៣ ។