ការ ផ្សាយ ប្រចាំ ឆ្នាំ
ព្យាការី​នៅ​លើ​ដែនដី ៖ ការព្យាករ​បច្ចុប្បន្ន​សង្កត់​ធ្ងន់​ចំពោះ​យុវមជ្ឈិមវ័យ


ព្យាការី​នៅ​លើ​ដែនដី ៖ ការព្យាករ​បច្ចុប្បន្ន​សង្កត់​ធ្ងន់​ចំពោះ​យុវមជ្ឈិមវ័យ

ការចាក់​ផ្សាយ​ប្រចាំ​ឆ្នាំ ២០២៣ ​សម្រាប់​ថ្នាក់ ស.&វ

ថ្ងៃ​ទី ២៧ ខែ មករា ឆ្នាំ ២០២៣

សេចក្តីផ្ដើម

ខ្ញុំ​សូម​បង្ហាញ​ការដឹងគុណ​របស់​ខ្ញុំ​ចំពោះ​គ្រូបង្រៀន​ខាង​សាសនា​របស់​យើង សម្រាប់​អ្វីៗ​ទាំងអស់​ដែល​បងប្អូន​ធ្វើ ដើម្បី​លើក​ទឹកចិត្ត​ដល់​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៅ​ទូទាំង​សាសនាចក្រ ។ មែនហើយ អនាគត​របស់​សាសនាចក្រ​គឺ​មាន​នៅ​ក្នុង​ថ្នាក់​រៀន​របស់​បងប្អូន ហើយ​ខ្ញុំ​បន្ត​ទទួល​បាន​ការបំផុសគំនិត​តាម​របៀប​ដែល​បងប្អូន​បម្រើ និង​ការយកចិត្ត​ទុកដាក់​ដល់​សិស្ស​របស់​បងប្អូន ។

ខ្ញុំ​សូម​ចាប់ផ្ដើម​ដោយ​នាំ​បងប្អូន​ទៅកាន់​បទពិសោធន៍​មួយ​ជាមួយ​នឹង​ខ្ញុំ ជា​បទពិសោធន៍​ដែល​ខ្ញុំ​បាន​មាន​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ​នៅលើ​ចំណុច​កំពូល​ម៉ាឡាដ ជា​ចំណុច​ដ៏​ខ្ពស់​បំផុត​នៅ​តាម​ចន្លោះ​ផ្លូវ​ពី​ទីក្រុង​សលត៍លេក និង​ទីក្រុង​រ៉េចប៊ើក រដ្ឋ​អៃដាហូ ។ ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​កិច្ចការ​សាសនាចក្រ ខ្ញុំ​បាន​ទទួល​ការបំផុស​យ៉ាង​ច្បាស់​ឲ្យ​ស្ដាប់​ការប្រជុំ​ធម្មនិដ្ឋាន​យុវមជ្ឈិមវ័យ​របស់​ប្រធាន​រុស័ល អិម ណិលសុន ម្ដង​ទៀត ដែល​មាន​ចំណងជើង​ថា « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ។ ពេល​ខ្ញុំ​បាន​ទៅ​ដល់​ចំណុច​កំពូល​នោះ ខ្ញុំ​មាន​អារម្មណ៍​ពីរ​យ៉ាង ។ ទីមួយ ខ្ញុំ​ត្រូវ​បាន​សន្ធប់​ដោយ​ញាណ​នៃ​សេចក្ដី​ស្រឡាញ់​របស់​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ​នេះ ។ ទីពីរ ខ្ញុំ​បាន​មាន​អារម្មណ៍​ស្ញប់ស្ញែង​នៅ​ក្នុង​អព្ភូតហេតុ​នៃ​ការមាន​ព្យាការី​នៅ​រស់ ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បង្រៀន​ដល់​យុវមជ្ឈិមវ័យ​ទាំង​នេះ​នៅ​ក្នុង​គ្រា​ដ៏​លំបាកៗ ។ ខ្ញុំ​បាន​ឈប់​ឡាន​ដើម្បី​កត់ត្រា​ទុក​នូវ​ការបំផុស​ដែល​ខ្ញុំ​បាន​ទទួល​ពីមុន​នោះ ហើយ​ដែល​ជា​ការបំផុស​បាន​នាំ​ខ្ញុំ​ឲ្យ​ចែកចាយ​ជា​មួយ​នឹង​បងប្អូន​នៅ​ថ្ងៃ​នេះ ។

យើង​រស់​នៅ​ក្នុង​គ្រា​ដ៏​ចលាចល​នានា ប៉ុន្តែ​ព្រះអម្ចាស់​បាន​ប្រកាស​ថា « យើង​នឹង​ប្រទាន​គំរូ​ដល់​អ្នក អំពី​គ្រប់​ទាំង​អស់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ត្រូវ​គេ​បញ្ឆោត​បាន ត្បិត​សាតាំង​កំពុង​នៅ​ពាស​ពេញ​លើ​ដែនដី ហើយ​វា​ចេញ​ទៅ ដោយ​បញ្ឆោត​សាសន៍​នានា » ។ ប៉ុន្តែ​ដូច​ដែល​ស៊ីស្ទើរ វិនឌី ណិលសុន បាន​បង្រៀន​ថា ខណៈ​ដែល​សាតាំង​នៅ​លើ​ដែនដី​នេះ​ដោយ​សេរី នោះ​យើង​ក៏​មាន​ព្យាការី​ម្នាក់​នៅ​លើ​ដែនដី​នេះ​ផង​ដែរ ដែល​យើង​អាច​សម្លឹង​ទៅកាន់​លោក​ដើម្បី​បាន​សេចក្ដីពិត និង​សេចក្ដី​ច្បាស់លាស់​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។

នៅ​រាត្រី​នេះ ខ្ញុំ​នឹង​លើកឡើង​ពី​ប្រធានបទ​ដែល​ជា​ការព្យាករ​ចំនួន​ប្រាំ ដែល​ព្យាការី និង​ពួកសាវក​បាន​សង្កត់​ធ្ងន់ ពិសេស​ចំពោះ​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ ។ ប្រសិនបើ​ខ្ញុំ​កំពុង​ដឹកនាំ​វគ្គ​សិក្សា នៃ​ការបង្រៀន​របស់​ព្យាការី​នៅរស់ នៅ​ឆមាស​ក្រោយ នោះ​ប្រធានបទ​ទាំងនេះ​នឹង​ជា​ចំណុច​សំខាន់​នៃ​កម្មវិធី​សិក្សា​នោះ ។ មិន​ថា​វគ្គសិក្សា​ជាក់លាក់​ណា​មួយ​ទេ​ដែល​អ្នក​កំពុង​បង្រៀន ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​អនុញ្ញាត​ធ្វើ​ឲ្យ​សារ​ទាំងនេះ​ជះឥទ្ធិពល​ដល់​ទាំង​កម្មវិធី​សិក្សា​របស់​បងប្អូន​ផង និង​ដល់​របៀប​ដែល​បងប្អូន​បង្រៀន និង​ផ្ដល់​ការងារ​បម្រើ​ដល់​សិស្ស​របស់​បងប្អូន​ផង ។

ការព្យាករ​បច្ចុប្បន្ន​ចំនួន​ប្រាំ​ដែល​សង្កត់​ធ្ងន់​ហើយ យើង នឹង ឆ្លុះ បញ្ចាំង រួម មាន ៖

  1. ស្គាល់​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​បងប្អូន ។

  2. ទទួលយក​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​សញ្ញា​របស់​បងប្អូន ។

  3. ទុក​ឲ្យ​ព្រះឈ្នះ ហើយ​ធ្វើ​តាម​ព្យាការី​របស់​ទ្រង់ ។

  4. បង្រៀន​សេចក្ដីពិត​ដោយ​សេចក្ដី​ស្រឡាញ់ ។

  5. ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​បងប្អូន ។

១. ស្គាល់​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​បងប្អូន

បើ​ខ្ញុំ​កំពុង​ព្យាយាម​យល់​ពី​ការសង្កត់​ធ្ងន់​ដែល​ជា​ការព្យាករ​មក​ពី​ព្យាការី​ទាក់ទង​នឹង​យុវមជ្ឈិមវ័យ នោះ​ខ្ញុំ​នឹង​ចាប់ផ្ដើម​ជាមួយ​នឹង​ការប្រជុំ​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក​ថ្មីៗ​នេះ និង​សារលិខិត​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ។ យុវមជ្ឈិមវ័យ​ជា​ច្រើន​សព្វថ្ងៃ​នេះ កំពុង​មាន​ការលំបាក ដោយសារ​ពួកគេ​មិន​យល់​ពី​អត្តសញ្ញាណ​ពិត​របស់​ខ្លួន ។ ប្រធាន ណិលសុន បាន​សួរ​ថា ៖

« តើ​ក្មួយៗ​ជា​នរណា ?

ដំបូង ហើយ​សំខាន់​បំផុត ក្មួយៗ​គឺ​ជា​បុត្រ​របស់​ព្រះ ។

ទីពីរ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ ក្មួយៗ​គឺ​ជា​បុត្រ​នៃ​សេចក្ដីសញ្ញា ។ និង​ទីបី ក្មួយៗ​គឺ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។​

សូម​កត់​ចំណាំ​ថា ប្រធាន ណិលសុន បង្រៀន​ដោយ​ការយល់ចិត្ត និង​ដោយ​សេចក្ដី​ស្រឡាញ់ ប៉ុន្តែ​លោក​នៅ​តែ​បង្រៀន​នូវ​សេចក្ដីពិត​ដ៏​សំខាន់​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព ។ សូម​ស្ដាប់​សេចក្ដីយោង​ខាង​ក្រោម​នេះ​ពី​សុន្ទរកថា​របស់​លោក ។

[ ចាប់ផ្ដើម​វីដេអូ ]

ប្រធាន រ័សុល អិម ណិលសុន ៖ « ពិតណាស់ វា​អាច​នឹង​មាន​ស្លាក​ផ្សេងៗ​ដែល​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​ក្មួយៗ ។ សូម​កុំ​យល់ច្រឡំ​ពី​ខ្ញុំ ។ ខ្ញុំ​ពុំ​មែន​និយាយ​ថា ងារ និង​អត្តសញ្ញាណ​ផ្សេង​ទៀត​មិន​សំខាន់​នោះ​ទេ ។ ខ្ញុំ​គ្រាន់​តែ​និយាយ​ថា ពុំ​គួរ​មាន​អត្តសញ្ញាណ​ណា​មួយ​ដែល​គួរ​មក ប្ដូរ, ជំនួសមាន​អាទិភាព​ខ្លាំង​ជាង ងារ​ដ៏​និរន្តរ៍​ទាំងបី​នេះឡើយ រួមមាន ៖ ‹ បុត្រ​នៃ​ព្រះ › ‹ បុត្រ​នៃ​សេចក្ដីសញ្ញា › និង ‹ សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ › ។

អត្តសញ្ញាណ​ណា​មួយ​ដែល​មិន​សមស្រប​ជាមួយ​នឹង​ងារ​ជា​គោល​ទាំង​បី​នេះ នឹង​ធ្វើ​ឲ្យ​ក្មួយ​អស់​សង្ឃឹម​នៅ​ទីបំផុត ។ ងារ​ផ្សេង​ទៀត​នឹង​ធ្វើ​ឲ្យ​ក្មួយ​ខកចិត្ត​នៅ​ពេល​ណា​មួយ ដោយសារ​វា​គ្មាន​អំណាច​ដឹកនាំ​ក្មួយ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​ក្នុង​នគរ​សេឡេស្ទាល​របស់​ព្រះ​បាន​ឡើយ » ។

[ បញ្ចប់​វីដេអូ ]

ការសង្កត់​ធ្ងន់​ដែល​ជា​ការព្យាករ​ទី​មួយ​សម្រាប់​យុវមជ្ឈិមវ័យ ដែល​យើង​លើក​ឡើង គឺ​ដើម្បី​ជួយ​ដល់​ពួកគេ​ឲ្យ​ស្គាល់​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ពួកគេ ។ ខ្ញុំ​សូម​ផ្ដល់​យោបល់​ឲ្យ​បងប្អូន​ស្ដាប់ ឬ​អាន​សុន្ទរកថា​ទាំងមូល​របស់​ប្រធាន ណិលសុន នៅ​ក្នុង « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ទុក​ជា​ធនធាន​ដ៏​សំខាន់​មួយ​សម្រាប់​បងប្អូន ក្នុង​នាម​ជា​គ្រូបង្រៀន​សាសនា​ម្នាក់​ដែល​ធ្វើ​កិច្ចការ​ជាមួយ​យុវមជ្ឈិមវ័យ និង​យុវវ័យ​របស់​សាសនាចក្រ ។

២. ទទួលយក​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​សញ្ញា​របស់​បងប្អូន

ទីពីរ ដើម្បី​រក្សា​អត្តសញ្ញាណ​ដ៏​ទេវភាព យើង​ត្រូវ​តែ​បង្រៀន​យុវមជ្ឃិមវ័យ​របស់​យើង​ឲ្យ​ទទួល​យក​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការ​រក្សា​នូវ​សេចក្តីសញ្ញា​របស់​ពួកគេ ។ ប្រធាន ណិលសុន បាន​បង្រៀន​ថា ៖ « អ្វី​គ្រប់​យ៉ាង​ដែល​បាន​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ តាមរយៈ​ការណែនាំ និង​តាមរយៈ​ព្រះវិញ្ញាណ នឹង​បង្កើន​ការយល់ដឹង​របស់​យើង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ​របស់​ទ្រង់​ចងភ្ជាប់​យើង​ទៅ​នឹង​ទ្រង់ តាមរយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ បន្ទាប់​មក នៅ​ពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃ​ការ​ព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹង របស់​ទ្រង់ មក​ដល់​យើង ។ ហើយ​យើង​នឹង​ត្រូវការ​ព្រះចេស្តា​របស់​ទ្រង់​សម្រាប់​ថ្ងៃ​ខាង​មុខ​កាន់​តែ​ខ្លាំង » ។​

កាល​ពី​ឆ្នាំ​មុន ខ្ញុំ​បាន​ថ្លែង​សុន្ទរកថា​នៅ​ការប្រជុំ​ធម្មនិដ្ឋាន ប៊ី.វ៉ាយ.យូ. ដែល​មាន​ចំណងជើង​ថា « Finding Christ’s Peace in Perilous Times ( ការស្វែងរក​ភាពសុខសាន្ត​របស់​ព្រះគ្រីស្ទ​នៅក្នុង​គ្រា​ដ៏​មាន​គ្រោះថ្នាក់ ) » ដែល​ខ្ញុំ​បាន​ដក​ស្រង់​ប្រសាសន៍​របស់​ប្រធាន ណិលសុន ជា​ច្រើន​ដង ។​ បន្ទាប់​ពី​ការប្រជុំ​ធម្មនិដ្ឋាន នាយក​ម្នាក់​របស់​យើង​បាន​និយាយ​ថា គាត់​ស្រឡាញ់​ការដកស្រង់ ដែល​ខ្ញុំ​បាន​ប្រើ​មក​ពី​ប្រធាន ណិលសុន ។ ខ្ញុំ​បាន​ពន្យល់​ថា តាម​ពិត​ទៅ​មាន​ការដកស្រង់​ចំនួន​បួន​ខុសៗ​គ្នា​ដែល​ខ្ញុំ​បាន​ដកស្រង់​ទាំងអស់​នោះ​មាន​រចនាសម្ព័ន្ធ​ស្រដៀង​គ្នា ។

ប្រធាន ណិលសុន បាន​ប្រើប្រាស់​បណ្ដុំ​ឃ្លា ដែល​នៅ​ខាង​ឆ្វេង​នៃ​សេចក្ដីថ្លែង​នីមួយៗ លោក​និយាយ​អំពី​ការលំបាក គ្រោះថ្នាក់ ការថប់បារម្ភ និង​ភាពចលាចល​នៃ​ថ្ងៃ​ចុងក្រោយ​នេះ ។ នៅ​ខាង​ស្ដាំ​នៃ​បណ្ដុំ​ឃ្លា​នោះ លោក​ប្រកាស​ដោយ​មាន​ទំនុកចិត្ត និង​សេចក្ដី​សង្ឈឹម​ថា តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ការរក្សា​សេចក្ដីសញ្ញា​របស់​យើង​ក្នុង​ទ្រង់ នោះ​យើង​អាច​យក​ឈ្នះ​ឧបសគ្គ​ទាំងនេះ​បាន ។ ខ្ញុំ​រាប់​មិន​តិច​ជាង​ប្រាំពីរ​បណ្ដុំ​ឃ្លា​ទាំងនេះ​នៅក្នុង​សារ​សន្និសីទ​ទូទៅ​របស់​ប្រធាន ណិលសុន តាំងពី​លោក​បាន​ក្លាយ​ជា​ព្យាការី ។ ចូរ​យើង​គ្រាន់​តែ​មើល​ទៅ​សុន្ទរកថា​ពីរ​របស់​លោក « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » ។

ការដកស្រង់​#​១ ៖ « បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់ សម័យ​នេះ​គឺ ជា សម័យ​ចុងក្រោយ​ហើយ ។ បើសិន​បងប្អូន និង​ខ្ញុំ​ត្រូវ​យក​ឈ្នះ​លើ​គ្រោះថ្នាក់ និង​សម្ពាធ​នានា​ក្នុង​ពេល​ខាង​មុខ នោះ​វា​ចាំបាច់​ណាស់​ដែល​យើង​ម្នាក់ៗ​ត្រូវ​មាន​គ្រឹះ ដ៏​រឹងមាំ ខាងវិញ្ញាណ​ដែល សង់​នៅ​លើ​គ្រឹះ​នៃ​ព្រះអង្គសង្រ្គោះ ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង ។

ការដកស្រង់​#​២ ៖ « ព្រះអម្ចាស់​បាន​ប្រកាស​ថា ទោះជា​មាន​ឧបសគ្គ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្តី ក៏​អស់​អ្នក​ដែល​សង់​គ្រឹះ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រៀន​ប្រើប្រាស់​ព្រះចេស្តា​របស់​ទ្រង់ ពុំ​ចាំបាច់​ចុះ​ចាញ់​នឹង​ការថប់បារម្ភ​ប្លែកៗ​នៅ​យុគសម័យ​នេះ​ដែរ » ។​

ជា​ថ្មី​ម្ដង​ទៀត នៅ​ក្នុង​សេចក្ដីថ្លែង​ទាំង​ពីរ​នេះ ព្យាការី​ចាប់ផ្ដើម​ដោយ​ការទទួលស្គាល់​ពី​ឧបសគ្គ​ដែល​យើង​នឹង​ប្រឈម​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។ បន្ទាប់​មក លោក​បន្ត​ជា​មួយ​នឹង​ការសន្យា​មួយ​ថា យើង​អាច​យកឈ្នះ​ឧបសគ្គ​ទាំងនោះ និង​ការថប់បារម្ភ​ដែល​ទាក់ទង​នឹង​ឧបសគ្គ​ទាំងនេះ​បាន ពេល​ដែល​យើង​បែរ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ហើយ​រៀន​ទទួល​យក​អំណាច​របស់​ទ្រង់ ។

ដំបូង​ឡើយ ពេល​ដែល​ខ្ញុំ​បាន​ស្គាល់​ពី​លំនាំ​នេះ ខ្ញុំ​បាន​គិត​ថា សេចក្ដីយោង​អំពី​ព្រះយេស៊ូវគ្រីស្ទ​មានន័យ​ថា បើសិន​ជា​ខ្ញុំ​ចាក់គ្រឹះ ទីបន្ទាល់ របស់​ខ្ញុំ​លើ​ព្រះអង្គ​សង្គ្រោះ នោះ​ខ្ញុំ​អាច​អត់ធន់​នឹង​ការសាកល្បង​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ​បាន ។ ប៉ុន្តែ ខ្ញុំ​ក៏​បង្កើន​ការជឿ​ថា ប្រធាន ណិលសុន កំពុង​ហៅ​យើង​ឲ្យ​ក្លាយ ដូច​ជា​ព្រះអង្គ​សង្គ្រោះ ។

ប្រហែល​នេះ​ជា​អ្វី​ដែល​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ចង់មានន័យ កាល​លោក​ឲ្យ​យើង « ប្រែក្លាយ​ជា​ពួក​បរិសុទ្ធ​ម្នាក់​តាមរយៈ​‘ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ » នៅក្នុង​សារ​របស់​លោក​ទៅកាន់​យុវមជ្ឈិមវ័យ​នៅ ប៊ី.វៃ.យូ. កាលពី​ដើម​ឆ្នាំ​នេះ ។

[ ចាប់ផ្ដើម​វីដេអូ ]

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ៖ « ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា គោលបំណង​ជា​មូលដ្ឋាន​នៃ​ជីវិត​រមែង​ស្លាប់ —ប្រហែល​ជា​គោលបំណង ជា មូលដ្ឋាន​នៃ​ជីវិត​រមែង​ស្លាប់ គឺ​ដើម្បី « ក្លាយ​ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ ដែល​នឹង​តម្រូវពី​យើង—កាលទ្រង់​បន្ត​មាន​បន្ទូល​ថា—ក្លាយ​ទៅ​‹ ដូច​ជា​កូន​ក្មេង ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទទួល​នូវ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ ដូច​ជា​កូន​ក្មេង​ព្រម​ធ្វើ​តាម​ឪពុក​ខ្លួន​ដូច្នោះ › [ ម៉ូសាយ ៣:១៩ ការ​គូស​បញ្ជាក់​បាន​បន្ថែម ] » ។

[ បញ្ចប់​វីដេអូ ]

៣.​ ទុក​ឲ្យ​ព្រះឈ្នះ ហើយ​ធ្វើ​តាម​ព្យាការី​របស់​ទ្រង់

ដើម្បី​ជួយ​យុវមជ្ឈិមវ័យ​ស្គាល់​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ពួកគេ ហើយ​ទទួល​យក​ព្រះចេស្តា​មក​ពី​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ត្រូវ​តែ​បង្រៀន​ពួកគេ​ឲ្យ​ទុក​ព្រះ​ជា​ទីមួយ និង​ធ្វើ​តាម​ព្យាការី​របស់​ទ្រង់​ផងដែរ ។ គ្មាន​នរណា​បង្រៀន​ពី​សារ​នេះ​ប្រកប​ដោយ​ឥទ្ធិពល​ជាង​ការបង្រៀន​របស់​ប្រធាន ណិលសុន « ទុក​ឲ្យ​ព្រះ​ឈ្នះ » នោះ​ទេ ។ ដូច​ជា​ការសម្ភាស​សាសនាចក្រ​ទាំងមូល ព្យាការី​សុំ​យើង​ឲ្យ​ធ្វើតាម​សំណួរ​ចំនួន​ប្រាំ​មួយ ៖

  • « តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ?

  • តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ?

  • តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះបន្ទូលទ្រង់ បទបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្តីសញ្ញា​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​អ្វី​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ​ដែរ​ឬទេ ?

  • តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះសូរសៀង​របស់​ទ្រង់​មាន​អាទិភាព​លើស​សំឡេង​ដទៃ​ទៀតដែរ​ឬ​ទេ ?

  • តើ​បងប្អូន ស្ម័គ្រចិត្ត ទុកឲ្យ​អ្វី​ក៏​ដោយ​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ធ្វើ មាន​អាទិភាព​ជាង​មហិច្ឆិតា​ផ្សេង​ទៀត​ដែរ​ឬ​ទេ ?

  • តើ​បងប្អូន ស្ម័គ្រចិត្ត ដើម្បី​ដាក់​ឆន្ទៈខ្លួន​ទៅ​ក្នុង​ព្រះទ័យ​ទ្រង់​ដែរ​ឬ​ទេ ? »១០

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​មាន​បទពិសោធន៍​ដែល​ធ្វើ​ឲ្យ​អត្ថន័យ​នៃ​ឃ្លា​ថា ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​ខ្ញុំ មាន​ន័យ​ចំពោះ​ខ្ញុំ ។ បន្ទាប់​ពី​អាជីព​ទាក់ទង​នឹង​ការសិក្សា​ដំបូង​នៅ​ឆ្នេរ​ខាង​កើត វា​ច្បាស់​ណាស់​ថា ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​ផ្សេង​មួយ​សម្រាប់​គ្រួសារ​ខ្ញុំ​និង​ខ្ញុំ​ទៅ​កាន់​ទីក្រុង​រ៉េចប៊ើក រដ្ឋ​អៃដាហូ ។ នៅ​ពេល​នោះ​ខ្ញុំ​ត្អូញត្អែរ​ដាក់​ភរិយា​របស់​ខ្ញុំ​ថា ​« បង​មាន​អារម្មណ៍​ដូច​ជា​កំឡោះ​អ្នក​មាន​ម្នាក់ ហើយ​មាន​តែ​បង​ប៉ុណ្ណោះ​ដែល​ដឹង​ពី​ចុង​បញ្ចប់​នៃ​រឿង​ប្រៀបធៀប​នោះ ដូច្នេះ​បង​នឹង​ដើរ​តាម​ផ្លូវ​ដែល​យើង​កំពុង​ត្រូវ​បាន​នាំ​ទៅ » ។

នេះ​ប្រហែល​មិន​មែន​ជា​អាកប្បកិរិយា​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ជ្រើសរើស​ទេ ។ ព្រឹក​បន្ទាប់​នោះ​នៅ​ឯ​ការប្រជុំ​ថ្នាក់​ដឹកនាំ​ស្តេក អ្នក​ឡើង​និយាយ​ម្នាក់​បាន​ពិភាក្សា​ពី​រឿង​ប្រៀបធៀប​ដដែល ដែល​ខ្ញុំ​បាន​ត្អូញត្អែរ​ដាក់​ភរិយា​ខ្ញុំ​កាល​ពី​យប់ ។ គាត់​បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​អាណិត​កំឡោះ​អ្នក​មាន​នោះ ដែល​រៀបរាប់​នៅ​ក្នុង​គំនូរ​ប្រៀបធៀប​របស់ ហ៊ិនរីច ហុហ្វមែន ។ គាត់​បាន​ពិពណ៌នា​ពី​របៀប​ដែល​កំឡោះ​អ្នក​មាន ហាក់​ដូច​ជា​ងាកមុខ​ចេញ​ដើម្បី​គិត​ពី​អ្វីៗ​គ្រប់​យ៉ាង​ដែល​គាត់​នឹង​បោះបង់​ចោល ។ ទង្វើ​នៃ​ការងាក​ចេញ​នេះ បាន​រារាំង​គាត់​ពី​ការមើល​ឃើញ​ផ្លូវ​ដែល​ប្រសើរ​ជាង​នោះ ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​ដឹកនាំ​គាត់​ទៅ ។ គ្រប់​ពេល ដែល​យើង​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​យើង នោះ​យើង​កំពុង​លះបង់​ខ្លួនឯង ដើម្បី​អ្វី​ដែល​ល្អប្រសើរ​ជាង​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ ។

លំនាំ​នៃ​ការទុក​ឲ្យ​ព្រះឈ្នះ ក៏​តម្រូវ​យើង​ឲ្យ​ស្វែងរក និង​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​ផងដែរ ។ ប្រធាន ណិលសុន បាន​បង្រៀន​ការណ៍​នេះ​នៅ​ក្នុង​សារ​របស់​លោក​ក្នុង « Revelation for the Church, Revelation for Our Lives ( វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង ) » ។​១១ ការណែនាំ​ពី​ស្ថានសួគ៌​មិន​ត្រឹម​តែ​មាន​នៅ​ក្នុង​ការបម្រើ​ក្នុង​សាសនាចក្រ​របស់​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ការជ្រើសរើស​ក្នុង​ជីវិត​របស់​លោក​ផងដែរ កន្លែង​រស់នៅ ការអប់រំ​របស់​លោក អ្នក​ដែល​ត្រូវ​រៀបការ​ជាមួយ ការងារ​អាជីព​របស់​លោក នៅ​ក្នុង​ការចិញ្ចឹម​កូន​របស់​លោក ។ ការរៀន​តាម​លំនាំ​នៃ​ការទទួល​វិវរណៈ​ផ្ទាល់ខ្លួន​នេះ គឺ​ជា​ជំហាន​ទីមួយ​ក្នុង​ការទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង ។ វា​ក៏​នឹង​ជួយ​ដល់​យុវមជ្ឈិមវ័យ​របស់​យើង​ឲ្យ​ស្វែងរក និង​ទទួល​វិវរណៈ​ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​ពួកគេ​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ក្នុង​រដូវកាល​ដ៏​សំខាន់​នេះ ។

៤. បង្រៀន​សេចក្ដីពិត​ដោយ​សេចក្ដី​ស្រឡាញ់ ។

ប្រសិន​បើ​បងប្អូន​បាន​មើល​ពី​របៀប​ដែល​ព្យាការី និង​សាវក​បង្រៀន បងប្អូន​នឹង​កត់សម្គាល់​ពី​លំនាំ​នៃ​ការបង្រៀន​សេចក្ដីពិត សូម្បី​តែ​ពេល​ប្រឈម​មុខ​នឹង​ការរិះគន់​ក្តី ។ ពួកលោក​ធ្វើ​ការណ៍​នេះ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការបារម្ភ​ដូចជា​ព្រះគ្រីស្ទ​ចំពោះ​មនុស្ស​ដទៃ​ទៀត ប៉ុន្តែ​ពួកលោក​នៅ​តែ​បង្រៀន​សេចក្តីពិត​ដែល​ពួកគេ​ត្រូវ​បាន​បញ្ជា​ឲ្យ​បង្រៀន ។ ប្រធាន ណិលសុន បាន​បង្ហាញ​ពី​លំនាំ​នៃ​ការបង្រៀន​សេចក្ដីពិត​ដោយ​សេចក្ដី​ស្រឡាញ់​នេះ នៅ​ពេល​លោក​បាន​បង្រៀន​ពី​ភាពសំខាន់​នៃ​អត្តសញ្ញាណ​ដ៏​អស់កល្ប​នៅ​ក្នុង​សារ​លិខិត​ទូទាំង​ពិភពលោក​ដល់​យុវមជ្ឈិមវ័យ​របស់​លោក ។​១២ លោក​បាន​ធ្វើ​ដូច្នេះ នៅ​ពេល​លោក​បាន​បង្រៀន​អំពី​ទំនាក់ទំនង​រវាង​សេចក្ដី​ស្រឡាញ់ និង​ក្រឹត្យវិន័យ​របស់​ព្រះ ។​១៣ ប្រធាន ដាល្លិន អេក អូក បាន​មាន​ប្រសាសន៍​អំពី​ការទទួល​ខុស​ត្រូវ​នេះ​នៅក្នុង​សុន្ទរកថា​របស់​លោក​ទៅកាន់​យុវមជ្ឈិមវ័យ នៅ​មហាវិទ្យាល័យ​អិនសាញ​កាលពី​ឆ្នាំ​មុន ។

[ ចាប់ផ្ដើម​វីដេអូ ]

ប្រធាន ដាល្លិន អេក អូក ៖ « ការបង្ហាញ​ការគោរព​មិន​មែន​មានន័យ​ថា យើង​ដើរចេញ​ពី​ការជឿ និង​គោលលទ្ធិ​គ្រឹះ​របស់​យើង​អំពី​គ្រួសារ និង​សារៈសំខាន់​របស់​វា ចំពោះ​ផែនការ​របស់​ព្រះ​សម្រាប់​ជោគវាសនា​ដ៏​អស់កល្ប​របស់​បុត្រា​បុត្រី​ទ្រង់ ដូច​ដែល​បាន​បើក​សម្ដែង​នៅក្នុង​សេចក្ដី​ប្រកាស​ក្រុមគ្រួសារ​នោះ​ទេ ។

សូម​ចងចាំ​ពី​ការទទួល​ខុសត្រូវ ដែល​យើង​ជា​សមាជិក​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​មាន ក្នុង​នាម​ជា​សាវក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ត្រូវតែ​ប្រកាស​ពី​សេចក្ដីពិត​តាម​ដែល​ព្រះ​បាន​បើក​សម្ដែង ។ យើង​មិន​មែន​ជ្រើសរើស​ដោយ​សេរី​នូវ​សេចក្ដីពិត​ដែល​យើង​នឹង​ផ្សព្វផ្សាយ និង​ការពារ​នោះ​ទេ » ។​១៤

[ បញ្ចប់​វីដេអូ ]

នៅ​ក្នុង​សុន្ទរកថា​ដដែល​នោះ ប្រធាន អូក បាន​ពិពណ៌នា​របៀប​ប្រាំ​យ៉ាង ដែល​យើង​អាច​បង្រៀន​សេចក្ដីពិត​ដោយ​សេចក្ដី​ស្រឡាញ់ ៖

  1. ជៀសវាង​មជ្ឈដ្ឋាន​ដែល​មាន​ជម្លោះ​ច្រើន

  2. ស្រឡាញ់​អ្នក​ដទៃ ស្វែងរក​ចំណុច​រួម សូម្បី​តែ​នៅ​ពេល​យើង​មិន​យល់ស្រប​គ្នាក្តី ។

  3. កាន់ខ្ជាប់​នូវ​សេចក្ដីពិត សូម្បី​តែ​ក្នុង​ការឈោង​ទៅ​ជួយ​អ្នក​ដទៃ​ក៏​ដោយ ។

  4. ធ្វើ​ជា​ពន្លឺ​ដល់​ពិភពលោក ។

  5. បន្ត​ចាក់គ្រឹះ​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ ។

មនុស្ស​ខ្លះ​នឹង​ប្រកែក​ថា ដើម្បី​ស្រឡាញ់​មនុស្ស​ដទៃ​គឺ​តម្រូវ​ឲ្យ​យើង​ទម្លាក់​តម្លៃ​សេចក្ដីពិត​នៃ​ព្រះ ។ ប៉ុន្តែ​ចូរ​កត់សម្គាល់​ពី​ដំបូន្មាន​របស់​ប្រធាន អូក ឲ្យ​តោងជាប់​នឹង​សេចក្ដីពិត​សូម្បី​តែ​នៅពេល​យើង​ឈោង​ទៅ​ជួយ​អ្នក​ដទៃក៏ដោយ ។ និយាយ​ម្យ៉ាងទៀត ទាំងនេះ​មិន​មែន​ប្រកួត​ប្រជែង​ជម្រើស​នោះ​ទេ ។ សូម​ស្ដាប់​ដំបូន្មាន​របស់​អែលឌើរ ហូឡិន អំពី​ការណ៍​នេះ ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​ទៅកាន់​ក្រុមប្រឹក្សា និង​បុគ្គលិក ប៊ី.វ៉ាយ.យូ. នៃ​សារៈសំខាន់​ពី​ការទទួល​តុល្យភាព​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ។

[ ចាប់ផ្ដើម​វីដេអូ ]

អែលឌើរ ហូឡិន ៖ « យើង​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ថា សេចក្ដី​ស្រឡាញ់ និង​ការយល់ចិត្ត​មិន​ត្រូវបាន​កាត់យល់​ថា ជា​ការលើកលែងទោស និង​ការតស៊ូមតិ ។ ឬ​ថា ការជឿ​សាសនា និង​ភាពស្មោះត្រង់​ចំពោះ​គោលការណ៍ មិន​ត្រូវបាន​កាត់យល់​ថា ជា​អសប្បុរស ឬ​មិន​ស្មោះត្រង់​ចំពោះ​មនុស្ស​នោះ​ទេ ។ ដូច​ដែល​ខ្ញុំ​អាច​ប្រាប់​បាន​ថា មិន​ធ្លាប់​មាន គ្រា ណា​ឡើយ ដែល​ព្រះគ្រីស្ទ​ដក​យក​ការស្រឡាញ់​របស់​ទ្រង់​ពី​បុគ្គល​ណា​ម្នាក់​ ប៉ុន្តែ​ទ្រង់​ក៏​មិន​ដែល​មាន​ព្រះបន្ទូល​ទៅកាន់​នរណា​ម្នាក់​ដែរ​ថា ‹ ដោយសារ​ខ្ញុំ​ស្រឡាញ់​អ្នក អ្នក​ត្រូវ​បាន​លើកលែង​ពី​ការ​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ខ្ញុំ › ម្ដង​ណា​ដែរ ។ យើង​ត្រូវ​បាន​ផ្ដល់​ភារកិច្ច​ឲ្យ​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​ដែល​ជា​តម្រូវការ​ដូច​គ្នា​នេះ​ក្នុង​ជីវិត​របស់​យើង » ។​១៥

[ បញ្ចប់​វីដេអូ ]

ពេល​យើង​មិន​អើពើ​នឹង​សេចក្ដីពិត​របស់​ព្រះ នោះ​តាម​ពិត​ទៅ​យើង​អាច​នឹង​ដាក់​កំហិត​សមត្ថភាព​របស់​យើង ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំធេង​បំផុត​ទៅកាន់​បុត្រា​បុត្រី​ទ្រង់ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ការណ៍​នេះ​ទៅកាន់​យុវមជ្ឈិមវ័យ​នៅ ប៊ី.វ៉ាយ.យូ. ៖

« ការ​ដាក់​បទបញ្ញត្តិ​ទីមួយ​ជា​ចម្បង គឺ​មិន​បន្ថយ ឬ​កំណត់​ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការរក្សា​បទបញ្ញត្តិ​ទីពីរ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​បង្កើន និង​ពង្រឹង​ដល់​បទបញ្ញត្តិ​នោះ​ទៅ​វិញទេ ។ វា​មាន​ន័យ​ថា យើង​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​យើង​ដោយ​ការចាក់គ្រឹះ​វា​ក្នុង គោលបំណង និង​អំណាច​ដ៏​ទេវភាព ។ … សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​បង្កើន​សមត្ថភាព​របស់យើង​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ​កាន់តែ​ពេញលេញ និង​ឥតខ្ចោះ ដោយសារ​យើង​ជា​ដៃគូ​ជាមួយ​ព្រះ​នៅក្នុង​ការថែរក្សា​បុត្រា​បុត្រី​របស់​ទ្រង់ » ។​១៦

៥.​ ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​បងប្អូន

ការសង្កត់​ធ្ងន់​ដែល​ជា​ការព្យាករ​ចុងក្រោយ​ចំពោះ​យុវមជ្ឈិមវ័យ​ដែល​ខ្ញុំ​នឹង​លើក​ឡើង ទាក់ទង​នឹង​ការទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​បងប្អូន ។ បើ​បងប្អូន​ចង់​ធ្វើតាម​ព្យាការី សូម​រកមើល​អ្វី​ដែល​លោក​បង្រៀន​ម្ដង​ហើយ​ម្ដង​ទៀត យកចិត្ត​ទុកដាក់​នៅពេល​លោក​ប្រើ​វាក្យសព្ទ​ដូចជា « ខ្ញុំ សូម​អង្វរ បងប្អូន » ។ នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​របស់​លោក​ដែល​មាន​ចំណងជើង​ថា « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » ប្រធាន ណិលសុន បាន​ថ្លែង​ថា « ខ្ញុំ​សូម​អញ្ជើញ​សមាជិក​ទូទាំង​សាសនាចក្រ​ឲ្យ​ទទួល​យក​ការទទួល​ខុស​ត្រូវ​ដូចគ្នា ដែល​ខ្ញុំ​បាន​ផ្តល់​ឲ្យ​ពួក​យុវមជ្ឈិមវ័យ​របស់​យើង កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ។ កាល​នោះ​ខ្ញុំ​ជំរុញ​ពួកគេ—ហើយ​ឥឡូវ​នេះ​ខ្ញុំ អង្វរករ ដល់​បងប្អូន—ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ » ។​១៧

ចូរ​យើង​ស្ដាប់​ការអញ្ជើញ​ឲ្យ​ទទួល​ខុសត្រូវ​ដូច​គ្នា​នោះ ដូច​ដែល​បាន​ផ្ដល់​ឲ្យ​ដល់​យុវមជ្ឈិមវ័យ​នៅក្នុង​សុន្ទរកថា​របស់​លោក​នៅក្នុង « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ។

[ ចាប់ផ្ដើម​វីដេអូ ]

ប្រធាន ណិលសុន ៖ « ខ្ញុំ​សូម​អង្វរ​ក្មួយ​ឲ្យ​ចេះ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ក្មួយៗ ។ សូម​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​មាន​វា​ផ្ទាល់ខ្លួន ។ សូម​ខ្វល់ខ្វាយ​ពី​វា ។ សូម​ចិញ្ចឹម​បីបាច់​វា ដើម្បី​ឲ្យ​វា​លូតលាស់ ។ សូម​ពង្រឹង​វា​ដោយ​សេចក្ដីពិត ។ សូម​កុំ​បំពុល​ទីបន្ទាល់​ដោយ​ទស្សនវិជ្ជា​ខុសឆ្គង​របស់​បុរស និង​ស្រ្តី​ដែល​មិន​ជឿ ហើយ​ក្រោយ​មក​ងឿងឆ្ងល់​ថា​ហេតុអ្វី​បានជា​ទីបន្ទាល់​របស់​ក្មួយ​មាន​ភាពសោះ​កក្រោះ​នោះឡើយ » ។​១៨

[ បញ្ចប់​វីដេអូ ]

ការទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​បងប្អូន​មានន័យ​ថា យើង​លើក​ទឹកចិត្ត​យុវមជ្ឈិមវ័យ​ឲ្យ​ដោះស្រាយ​ចម្ងល់​របស់​ពួកគេ​ដោយ​ស្មោះត្រង់ ។ លំនាំ​នៃ​ការសួរ​សំណួរ​ទាំងឡាយ​គឺ​មាន​ពន្យល់​នៅក្នុង​ទំព័រ​ធនធាន​ចំណេះចំណាន​ខាង​គោលលទ្ធិ ស.&វ. ដែល​មាន​ចំណងជើង​ថា « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ។ អែលឌើរ ឡរ៉េន អ៊ី ខូប្រ៊ីជ បាន​ពិភាក្សា​អំពី​ប្រធានបទ​នេះ​ដោយ​លើក​ឡើង​ពី​ភាព​ខុស​គ្នា​រវាង​សំណួរ​ចម្បង និង​សំណួរ​បន្ទាប់​បន្សំ ។ ១៩ សំណួរ​ចម្បង គឺ​ជា​សំណួរ​ស្នូល​នៃ​ទីបន្ទាល់​មួយ ។ សំណួរ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ការដឹង​ថា ព្រះ​ជា​ព្រះវរបិតា​របស់​យើង ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ហើយ​ព្រះគម្ពីរមរមន​ពិត ។ សំណួរ​បន្ទាប់​បន្សំ​រួម​មាន​សំណួរ​អំពី​សេចក្ដី​ពិស្ដារ​នៃ​ប្រវត្តិ​សាសនាចក្រ ពហុ​អាពាហ៍ពិពាហ៍ និង​សិទ្ធិអំណាច​បព្វជិតភាព ។ សំណួរ​បន្ទាប់​បន្សំ​អាច និង​គួរ​តែ​ត្រូវ​បាន​ឆ្លើយ​តប ប៉ុន្តែ​វា​មិន​ចេះ​ចប់​ទេ ហើយ​វា​កម្រ​ដឹកនាំ​ទៅ​រក​ទីបន្ទាល់​មួយ ដោយ​គ្មាន​ការជឿ​យ៉ាង​ប្រាកដ និង​សំណួរ​ចម្បង​ជា​មុន​សិន​នោះ​ទេ ។

អែលឌើរ រ៉ូប៊ឺត អេស វូដ បាន​ចែកចាយ​ពី​ដំណើរ​របស់​លោក​ផ្ទាល់​អំពី​ការចាក់គ្រឹះ​លើ​ការឆ្លើយ​សំណួរ​ចម្បង កាល​ដែល​លោក​បាន​ឆ្លើយតប​ចំពោះ​សំណួរ​បន្ទាប់​បន្សំ​ទាំងឡាយ ។២០ នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ជាមួយ​នឹង​និសិត្ស​នៅ ប៊ី.វ៉ាយ.យូ.–អៃដាហូ អែលឌើរ វូដ បាន​ពិពណ៌នា​ពី​ការអត់​សម្រាន្ត​ពេញ​មួយ​យប់​ដើម្បី​អាន​ព្រះគម្ពីរ​មរមន និង​ការទទួល​បាន​ទីបន្ទាល់​ដ៏​ច្បាស់លាស់​ជា​លើក​ទីមួយ​របស់​លោក អំពី​ភាពពេញលេញ​របស់​ព្រះគម្ពី​រនេះ ។ នៅ​សប្ដាហ៍​បន្ទាប់ មិត្ត​ម្នាក់​ពី​សាលា​បាន​ប្រាប់​លោក​ថា គាត់​មាន​ភស្ដុតាង​ថា​ព្រះគម្ពីរ​មរមន​មិន​ពិត​នោះ​ទេ ដោយ​អះអាង​ថា​មាន​បញ្ជី​នៃ​ការនិយាយ​ខុស​នៅក្នុង​គម្ពីរ​នោះ ។ អែលឌើរ វូដ បាន​ប្រាប់​មិត្ត​របស់​គាត់​ថា គាត់​យឺត​ពេក​ហើយ ហើយ​ថា​គាត់​មាន​ទីបន្ទាល់​រួច​ទៅ​ហើយ ។ និយាយ​ម្យ៉ាងទៀត​ថា លោក​បាន​មាន​ចម្លើយ​ចំពោះ​សំណួរ​ចម្បង​របស់​លោក​រួច​ហើយ ។ ប៉ុន្តែ​លោក​បាន​ស្នើ​ទទួល​យក​បញ្ជី​នោះ ហើយ​ឆ្លើយ​ទៅនឹង​សំណួរ​ទាំងនោះ ។ សំណួរ​មួយ​ចំនួន​ត្រូវ​បាន​ឆ្លើយតប​ភ្លាមៗ ហើយ​សំណួរ​ផ្សេង​ទៀត​ត្រូវការ​ពេលវេលា ។

ក្នុង​អំឡុង​ពេល​នោះ អែលឌើរ វូដ បាន​បម្រើ​នៅ​ក្នុង​សាសនាចក្រ បាន​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ បាន​រៀន​ចប់ ហើយ​បាន​ចិញ្ចឹម​បីបាច់​គ្រួសារ​លោក​នៅក្នុង​ដំណឹងល្អ ។ ពីរបី​ឆ្នាំ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ហៅ​ជា​ពួក​ចិតសិប​នាក់​មាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់​នៅ​ទីបំផុត ដែល​វា​ត្រូវ​បាន​ឆ្លើយតប​ដោយ​សាស្ត្រាចារ្យ​មួយ​រូប​នៅ​សាកលវិទ្យាល័យ ខនណែល ។ តើ​បងប្អូន​អាច​ស្រមៃ​ឃើញ​ទេ បើ​អែលឌើរ វូដ រង់ចាំ​រហូត​ដល់​ឆ្លើយ​សំណួរ​បន្ទាប់​បន្សំ​គ្រប់​ទាំងអស់ ទើប​លោក​បន្ត​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​សេចក្ដី​ជំនឿ ?

ប្រធាន ណិលសុន បាន​ពន្យល់​ទៅ​យុវមជ្ឈិមវ័យ​ពី​របៀប​ដើម្បី​ឆ្លើយតប​ចំពោះ​សំណួរ​របស់​ពួកគេ ។

[ ចាប់ផ្ដើម​វីដេអូ ]

ប្រធាន ណិលសុន ៖ « បើ​ក្មួយមាន​សំណួរ—ខ្ញុំ​សង្ឃឹមថា​ក្មួយ​នឹង​មាន—សូម​ស្វែងរក​ចម្លើយ​ដោយមាន​បំណងប្រាថ្នា​ដ៏ក្លៀវក្លា​ដើម្បី​ជឿ ។ សូម​រៀន​អំពី​ដំណឹងល្អ​តាម​ដែលក្មួយ​អាចរៀន​បាន ហើយ​ត្រូវ​ប្រាកដ​ថា បាន​ងាក​ទៅរក​ប្រភព​ដែល​ពោរពេញ​ដោយ​សេចក្ដីពិត ដើម្បី​សូម​ការណែនាំ ។ យើង​រស់នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ដែល « គ្មាន​អ្វី​ណា​មួយ​ដែល​ត្រូវ​រក្សាទុក​នោះ​ឡើយ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:២៨ ] ។ ដូច្នេះហើយ លុះ​ពេលវេលា​មកដល់ នោះ​ព្រះអម្ចាស់​នឹង​ឆ្លើយ​រាល់​សំណួរ​របស់​យើង » ។២១

[ បញ្ចប់​វីដេអូ ]

សេចក្ដី​បញ្ចប់

បងប្អូន​ប្រុស​ស្រី មិត្ត​ជា​ទីស្រឡាញ់ យើង​រស់នៅ​ក្នុងគ្រា​ដ៏​ពិបាក ។២២ ប៉ុន្តែ​ព្រះអម្ចាស់​បាន​រៀបចំ​លំនាំ​មួយ​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​បោក​បញ្ឆោត ។ ផ្នែក​នៃ​លំនាំ​នោះ​គឺ​វត្តមាន​របស់​ព្យាការី​នៅក្នុង​ផែនដី ដើម្បី​បង្រៀន​សេចក្ដីពិត​ដល់​យើង ។ តើ​យើង​កំពុង​ស្តាប់​ដែរ​ឬ​ទេ ហើយ​តើ​វា​កំពុង​ជះឥទ្ធិពល​លើ​របៀប​ដែល​យើង​បង្រៀន និង​ផ្ដល់​ការងារ​បម្រើ​ដល់​សិស្ស​របស់​យើង​ដែរ​ឬ​ទេ ?

រាត្រី​នេះ ខ្ញុំ​បាន​ពន្យល់​ពី​ការសង្កត់​ធ្ងន់​ដែល​ជា​ការព្យាករ​ទាំង​ប្រាំ​នា​ពេល​បច្ចុប្បន្ន ដែល​យើង​សូម​ឲ្យ​បងប្អូន​ជញ្ជឹង​គិត​ដល់ ក្នុង​តួនាទី​របស់​យើង​ក្នុង​នាម​ជា​គ្រូបង្រៀន​ខាង​សាសនា ។ ប្រធានបទ​ទាំង​នេះ និង​ដំណោះស្រាយ​ជា​មូលដ្ឋាន​របស់​វា​ត្រូវ​បាន​សង្ខេប​នៅ​ក្នុង​តារាង​ខាង​ក្រោម​នេះ ។

ការព្យាករ​បច្ចុប្បន្ន​សង្កត់​ធ្ងន់​ចំពោះ​យុវមជ្ឈិមវ័យ

សុន្ទរកថា​ជា​មូលដ្ឋាន

១. ស្គាល់​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​បងប្អូន ។

រ័សុល អិម ណិលសុន « Choices for Eternity » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org

២. ទទួល​យក​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​សញ្ញា​របស់​បងប្អូន ។

រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៣–៩៤ ។

ជែហ្វ្រី អ័រ ហូឡិន « A Saint Through the Atonement of Christ the Lord » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅថ្ងៃ​ទី ១៨ ខែ មករា ឆ្នាំ ២០២២ ) នៅ​លើ​គេហទំព័រ speeches.byu.edu

៣. ទុក​ឲ្យ​ព្រះឈ្នះ ហើយ​ធ្វើ​តាម​ព្យាការី​របស់​ទ្រង់ ។

រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះ​ឈ្នះ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៣ ។

រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៦ ។

៤. បង្រៀន​សេចក្ដីពិត​ដោយ​សេចក្ដី​ស្រឡាញ់ ។

Dallin H. Oaks and Clark G. Gilbert, « Stand Fast with Love in Proclaiming Truth » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​មហាវិទ្យាល័យអីនសាញ ថ្ងៃ​ទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ ) នៅ​លើ​គេហទំព័រ ensign.edu

ឌី ថត គ្រីស្តូហ្វឺសិន « A Message at Christmas » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំយ៉ង់ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ speeches.byu.edu

៥. ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​បងប្អូន ។

រ័សុល អិម ណិលសុន « Choices for Eternity » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org

សូមមើល លរ៉េនស៍ អ៊ី ឃរប្រ៊ីជ « Stand Forever » ( ការប្រជុំ​ធម្មនិដ្ឋាន​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ២២ ខែ មករា ឆ្នាំ ២០១៩ ) នៅលើ​គេហទំព័រ speeches.byu.edu

សូមមើល រ៉ូប៊ឺត អេស វូដ « Be Ye Transformed by the Renewal of Your Mind » ( Brigham Young University–Idaho devotional, ថ្ងៃទី ១៣ ខែ​ឧសភា ឆ្នាំ ២០០៣ ) byui.edu/devotionals

« ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ », ចំណេះចំណាន​ខាង​គោលលទ្ធិ ស.&វ.

នៅក្នុង​ការកំណត់​ពី​ប្រធានបទ​ទាំងនេះ យើង​បាន​ផ្ដោត​លើ​សារលិខិត​គ្រឹះ​របស់​ព្យាការី « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ។ សារលិខិត​ជា​ច្រើន​ទៀត​ត្រូវបានដោយ​ព្យាការី និង​សាវក​មាន​ប្រសាសន៍​ដោយ​ផ្ទាល់​ទៅកាន់​យុវមជ្ឈិមវ័យ​នៅ​ទូទាំង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ។ ប្រធានបទ​នីមួយៗ​ទាំងនេះ​ត្រូវបាន​កំណត់​ដោយ​ការពិនិត្យ​មើល​យ៉ាង​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​ប្រធាន​សាកលវិទ្យាល័យ ស៊ី.អី.អេស. ដែល​រួមមាន អ្នកគ្រប់គ្រង ស.&វ. បងប្រុស ឆាដ វិប ក៏ដូចជា​ថ្នាក់​ដឹកនាំ​នៃ​គណៈកម្មការ​ប្រតិបត្តិ​របស់​ក្រុមប្រឹក្សា​អប់រំ​នៃ​សាសនាចក្រ​ផងដែរ ។ យើង​សូម​លើក​ទឹកចិត្ត​ឲ្យ​បងប្អូន​សិក្សា​សុន្ទរកថា​ជា​មូលដ្ឋាន​ដែល​បាន​យោង​ទាំង​នេះ ។ ស្គាល់​អត្ថបទ​នោះ ។ សូម​បញ្ចូល​វា​ទៅ​ក្នុង​ការបង្រៀន​របស់​បងប្អូន និង​កម្មវិធីសិក្សា​របស់​បងប្អូន ។ សំខាន់​ជាង​នេះ​ទៀត សូម​បញ្ចូល​វា​ទៅ​ក្នុង​របៀប​ដែល​បងប្អូន​ឆ្លើយតប​ទៅ​នឹង​សំណួរ ព្រម​ទាំង​ការងារ​បម្រើ​ចំពោះ​តម្រូវការ​របស់​សិស្ស​បងប្អូន ។

ខ្ញុំ​ដឹង​ថា ព្យការី​របស់​ព្រះ​ដឹកនាំ​យើង​នៅ​ក្នុង​គ្រា​ដ៏​គ្រោះថ្នាក់​នេះ ។ សូម​ឲ្យ​យើង​ធ្វើ​តាម​ដំបូន្មាន​នេះ និង​ការទូន្មាន​ប្រកប​ដោយ​ការព្យាករ​ផ្សេងៗ​ទៀត ដែល​យើង​បន្ត​ទទួល​បាន នេះ​គឺ​ជា​ការអធិស្ឋាន​របស់​ខ្ញុំ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤ ។

  2. សូមមើល សារ៉ា ជេន វីវើរ « Episode 12: Sister Wendy Nelson Joins Sister Sheri Dew to Talk about President Nelson’s 3 Years as Prophet » Church News ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២១ នៅលើ​គេហទំព័រ​thechurchnews.com ។

  3. រ័សុល អិម ណិលសុន « Choices for Eternity » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  4. រ័សុល អិម ណិលសុន « Choices for Eternity » គេហទំព័រ ChurchofJesusChrist.org ។

  5. ( រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៣–៩៤ ។

  6. សូមមើល ក្លាក ជី. ហ្គីលប៊ឺត ​« Christ’s Peace in Perilous Times » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ) គេហទំព័រ speeches.byu.edu ។

  7. រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » ទំព័រ ៩៣ ។

  8. រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » ទំព័រ ៩៤ ។

  9. ជែហ្វ្រី អ័រ ហូឡិន « A Saint Through the Atonement of Christ the Lord » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅថ្ងៃ​ទី ១៨ ខែ មករា ឆ្នាំ ២០២២ ) នៅ​លើ​គេហទំព័រ speeches.byu.edu ។

  10. រ័សុល អិម ណិលសុន « Let God Prevail » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤ ។

  11. រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៦ ។

  12. រ័សុល អិម ណិលសុន « Choices for Eternity » គេហទំព័រ ChurchofJesusChrist.org ។

  13. រ័សុល អិម ណិលសុន​ « The Love and Laws of God » ( Brigham Young University devotional ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ) គេហទំព័រ​speeches.byu.edu ។

  14. ដាល្លិន អេក អូក « Stand Fast with Love in Proclaiming Truth » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​មហាវិទ្យាល័យអ៊ីនសាញ ថ្ងៃ​ទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ ) ensign.edu ។

  15. ជែហ្វ្រី អ័រ​ ហូឡិន « The Second Half of the Second Century of Brigham Young University » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ២៣ ខែ សីហា ឆ្នាំ ២០២១ ), speeches.byu.edu ។

  16. ឌី ថត គ្រីស្តូហ្វឺសិន « The First Commandment First » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ២២ ខែ មីនា ឆ្នាំ ២០២២ ), speeches.byu.edu ។

  17. រ័សុល អិម ណិលសិន « Overcome the World and Find Rest » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៧ ។

  18. រ័សុល អិម ណិលសុន « Choices for Eternityគេហទំព័រ ChurchofJesusChrist.org ។

  19. សូមមើល លរ៉េនស៍ អ៊ី ឃរប្រ៊ីជ « Stand Forever » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ២២ ខែ មករា ឆ្នាំ ២០១៩ ), speeches.byu.edu ។

  20. សូមមើល រ៉ូប៊ឺត អេស វូដ « Be Ye Transformed by the Renewal of Your Mind » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ខែ ឧសភា ឆ្នាំ ២០០៣ ឆ្នាំ ២០១៩ ), byui.edu/devotionals ។

  21. រ័សុល អិម ណិលសុន « Choices for Eternity » គេហទំព័រ ChurchofJesusChrist.org ។

  22. សូមមើល ធីម៉ូថេទី ២ ៣:១ ។

បោះពុម្ព