អ្នកនាំសារនៃដំណឹងល្អ
ការចាក់ផ្សាយប្រចាំឆ្នាំ ២០២៣ សម្រាប់ថ្នាក់ ស.&វ
ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣
បងប្រុស ឆាដ អេច វិប ៖ កាលពីបុរាណ គេចាត់ទុកថា ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានជ្រើសរើសធ្វើជាអ្នកនាំសារសម្រាប់ផ្តល់ដំណឹងល្អ ជាពិសេសធ្វើជាអ្នកនាំសារនៃដំណឹងល្អនៅក្នុងសមរភូមិសង្គ្រាម ។ នៅឆ្នាំ ៤៩០ មុន គ.ស. យុវជនម្នាក់ឈ្មោះថា ផៃឌីភីឌ ត្រូវបានជ្រើសរើសឲ្យនាំសារជាប្រញាប់ទៅកាន់ប្រជាពលរដ្ឋនៅប្រទេសក្រិក ពីជ័យជម្នះដែលបានវាយឈ្នះលើពួកឈ្លានពានសាសន៍ពើរស៊ី ។ រឿងព្រេងបុរាណតំណាលថា ផៃឌីភីឌ បានរត់តាំងពីជ្រលងភ្នំម៉ារ៉ាតុងរហូតដល់ទីក្រុងអាតែនដើម្បីប្រកាសពីដំណឹងល្អនេះ ។ ជាង ២៥០០ ឆ្នាំក្រោយមក មនុស្សដែលមានលក្ខខណ្ឌសុខភាពល្អជាងខ្ញុំ បានបន្ដរំឭកពីការរត់នោះដោយការរត់ម៉ារ៉ាតុង ។
អេសាយ បានយោងទៅគំនិតនៃការធ្វើជាអ្នកនាំសារពីដំណឹងល្អនេះ នៅពេលលោកបានថ្លែង ៖
« ហើយពួកគេនេះហើយដែលបានផ្សាយសេចក្ដីសុខសាន្ត ជាអ្នកដែលបាននាំដំណឹងល្អនៃការល្អ ជាអ្នកដែលបានផ្សាយសេចក្ដីសង្គ្រោះ ហើយបាននិយាយទៅក្រុងស៊ីយ៉ូនថា ៖ ព្រះរបស់អ្នក ទ្រង់សោយរាជ្យហើយ ! …
… ឱល្អណាស់ហ្ន៎ គឺជើងនៃពួកគេដែលដើរលើភ្នំ !
ហើយ … ល្អណាស់ហ្ន៎ គឺជើងនៃពួកអ្នកដែលដើរលើភ្នំ ជាអ្នកដែល [ នៅតែផ្សាយ ] សេចក្ដីសុខសាន្ត ! »១
ខគម្ពីរទាំងអស់នេះបានផ្លាស់ប្ដូរអ្វីៗទាំងអស់សម្រាប់ខ្ញុំ កាលខ្ញុំនៅជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងដែលនឹកដល់ផ្ទះ និងបាក់ទឹកចិត្តម្នាក់ ។ សារលិខិតនៃខគម្ពីរទាំងនេះបានបើកចិត្តគំនិតខ្ញុំឲ្យទទួលការពិតថា ព្រះបានទុកចិត្តឲ្យខ្ញុំធ្វើជាអ្នកនាំសារនៃដំណឹងដ៏ល្អបំផុត ដែលពិភពលោកនេះមិនធ្លាប់បានឮពីមុនមក ។ ការអស់សង្ឃឹម និងការស្រណោះខ្លួនត្រូវបានជំនួសដោយសេចក្ដីសង្ឃឹម និងការដឹងគុណ ហើយខ្ញុំមិនដែលភ្លេចនាពេលព្រឹកនោះ ពេលដែលខ្ញុំបានយល់ជាលើកដំបូងតាមរយៈព្រះវិញ្ញាណបរិសុទ្ធថា ខ្ញុំត្រូវធ្វើជាអ្នកតំណាងឲ្យព្រះអង្គសង្គ្រោះ ដើម្បីផ្សព្វផ្សាយដំណឹងល្អនៃសេចក្ដីស្រឡាញ់ដ៏គ្មានគូប្រៀបរបស់ទ្រង់ ពលិកម្មដ៏ធួនរបស់ទ្រង់ និងជោគជ័យរបស់ទ្រង់ឈ្នះលើអំពើបាប និងសេចក្ដីស្លាប់ ។
រាល់ថ្ងៃពេលបងប្អូនដើរចូលក្នុងថ្នាក់រៀន នោះបងប្អូនគឺជាអ្នកនាំសារនៃដំណឹងល្អនៃព្រះសិក្ខាបទរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមអរគុណសម្រាប់ការផ្សព្វផ្សាយភាពសុខសាន្ដនៅក្នុងពិភពលោកដែលមានការបែងចែក និងការមិនចុះសម្រុងគ្នា និងអរគុណសម្រាប់ការនាំពន្លឺ និងសេចក្ដីពិតមកក្នុងពិភពលោកដែលគិតថាងងឹត និងពេញដោយការភាន់ច្រឡំនេះ ។ នេះគឺជាសាសនាចក្រពិតនៃព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនត្រូវបានរៀបចំ និងជ្រើសរើសឲ្យធ្វើជាអ្នកនាំសារនៃភាពសុខសាន្ដទៅកាន់យុវវ័យ និងយុវមជ្ឈិមវ័យនៃសាសនាចក្ររបស់ព្រះអម្ចាស់ ។ ឱ ជាកិត្តិយសណាស់ដែលធ្វើជាអ្នកតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ បង្រៀនដំណឹងល្អរបស់ទ្រង់ ហើយខិតខំបង្រៀនដំណឹងល្អនោះតាមរបៀបរបស់ទ្រង់ !
ឆ្នាំមុនយើងមានឱកាសរៀនមកពីអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ កាលលោកបានណែនាំសៀវភៅក្បួនខ្នាតថ្មី ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ ខ្ញុំពេញចិត្តដែលថា ក្បួនខ្នាតថ្មីនេះផ្ដោតទៅលើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាគ្រូបង្រៀនដ៏ឆ្នើម ។ អែលឌើរ អុជដូហ្វ បានមានប្រសាសន៍ « របៀបដ៏ល្អបំផុតដើម្បីប្រែក្លាយជាគ្រូបង្រៀនកាន់តែល្អប្រសើរ គឺត្រូវធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទឲ្យកាន់តែល្អប្រសើរ » ។២
ដោយសារយើងមានសៀវភៅ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ដូច្នេះយើងនឹងឈប់ប្រើសៀវភៅ Gospel Teaching and Learning Handbook ( ក្បួនខ្នាតការបង្រៀន និងការរៀនសូត្រដំណឹងល្អ ) ទៀតហើយ ។ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ពុំមានបំណងធ្វើជាធនធានបំពាក់បំប៉ននោះទេ គោលបំណងគឺផ្ដល់និយមន័យ និងការពន្យល់អំពីការរៀនសូត្រ និងការបង្រៀនដ៏មានប្រសិទ្ធភាពវិញ ។ ធនធានបំពាក់បំប៉នត្រូវបាន ហើយនឹងបន្ដផលិតឡើងដើម្បីជួយបងប្អូនឲ្យអនុវត្តតាមគោលការណ៍នានា ដែលបានបង្រៀននៅក្នុងសៀវភៅ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ ធនធានទាំងនេះរួមមានធាតុមួយចំនួនមកពី ក្បួនខ្នាតការបង្រៀន និងការរៀនសូត្រដំណឹងល្អ ដែលបានផ្ដល់ពរជ័យដល់សិស្សជាច្រើនរាប់ឆ្នាំមកហើយ ។
ខ្ញុំដឹងថា បងប្អូនជាច្រើនបានចំណាយពេលច្រើនសិក្សា ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ រួចហើយ ហើយកំពុងឆ្ងល់ពីសំណួរវាយតម្លៃផ្ទាល់ខ្លួន ។ សូមអរគុណចំពោះរាល់កិច្ចការដែលបងប្អូនកំពុងធ្វើ ដើម្បីធ្វើជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទអំពីដំណឹងល្អដែលបានស្ដារឡើងវិញ ។
ដើម្បីកែលម្អឯកសារបំពាក់បំប៉នរបស់យើងបន្ថែមទៀត ខ្ញុំក៏សូមប្រកាសពីការកែតម្រូវមួយទៅលើសេចក្ដីថ្លែងការណ៍អំពីគោលបំណងជាផ្លូវការនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានផងដែរ ។ មុនពេលខ្ញុំចែកចាយជាមួយបងប្អូនអំពីភាសាថ្មីនៃសេចក្ដីថ្លែងការណ៍អំពីគោលបំណងរបស់យើង ខ្ញុំសូមផ្ដល់បរិបទមួយចំនួនសិន ។ ជាងពីរឆ្នាំកន្លងមកនេះ យើងបានផ្ដោតលើការផ្ដល់បទពិសោនធ៍ដល់អ្នករៀនសូត្រ ដែលនាំទៅរកការប្រែចិត្តជឿ ភាពទាក់ទង និងការមានចំណែក ហើយធ្វើឲ្យយុវវ័យ និងយុវមជ្ឈិមវ័យជាច្រើនទៀតទទួលបានបទពិសោធន៍ទាំងនោះ ។ វាចាំបាច់ដែលយើងទទួលស្គាល់ថា គោលការណ៍ទាំងនេះមិនមានគុណតម្លៃស្មើគ្នានោះទេ ។ គោលបំណងដ៏ធំនោះគឺដើម្បីផ្ដល់បទពិសោធន៍ ដែលអញ្ជើញសិស្សរបស់យើងឲ្យរៀនដំណឹងល្អ ហើយធ្វើឲ្យការប្រែចិត្តជឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅថែមទៀត ។
ភាពទាក់ទង និងការមានចំណែកគឺសំខាន់ ប៉ុន្ដែវាមិនមែនជាលទ្ធផលដោយផ្ទាល់នោះទេ ។ វាគឺជាមធ្យោបាយមួយដើម្បីសម្រេចបានជោគជ័យ ហើយនៅពេលប្រើដោយមានប្រសិទ្ធភាព នោះវាអាចនាំទៅរកគោលដៅដោយផ្ទាល់របស់យើងគឺ ការប្រែចិត្តជឿ ។ ភាពទាក់ទងដែលនាំទៅរកការប្រែចិត្តជឿគឺលើសពីការគ្រាន់តែនិយាយអំពីរឿងដែលគួរឲ្យចាប់អារម្មណ៍ជាមួយនឹងសិស្សរបស់យើង ។ គ្មានអ្វីទាក់ទងនឹងការរីកចម្រើនដ៏អស់កល្ប និងសុភមង្គលរបស់យើង ខ្លាំងជាងព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់នោះទេ ។ ផែនការនៃសេចក្តីសង្គ្រោះគឺជាផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីទាំងអស់របស់ទ្រង់ ។ វាមានភាពទាក់ទង និងសារៈសំខាន់ដ៏អស់កល្បជានិច្ចដោយផ្ទាល់ទៅនឹងបុត្រគ្រប់រូបរបស់ព្រះ ។
ភាពទាក់ទងដែលដឹកនាំទៅរកការប្រែចិត្តជឿនឹងត្រូវបានស្ថាបនាឡើង នៅពេលព្រះវិញ្ញាណបរិសុទ្ធជួយសិស្សឲ្យយល់ពីផែនការរបស់ព្រះ តួនាទីដ៏សំខាន់របស់ព្រះយេស៊ូវនៅក្នុងផែនការនោះ និងសារៈសំខាន់នៃដំណឹងល្អនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ភាពទាក់ទងដែលដឹកនាំទៅរកការប្រែចិត្តជឿជួយសិស្សឲ្យមើលឃើញពីរបៀបដែលព្រះគម្ពីរ និងការបង្រៀនរបស់ព្យាការីសម័យទំនើប ទាក់ទងនឹងកាលៈទេសៈ និងសេចក្ដីត្រូវការរបស់ពួកគេ ។ វាជួយពួកគេឲ្យស្គាល់ពីរបៀបដែលដំណឹងល្អឆ្លើយតបនឹងសំណួរនៃព្រលឹងរបស់ពួកគេ ។ វាកើតឡើងនៅពេលពួកគេមានអារម្មណ៍បំផុសគំនិតឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយដកពិសោធពីការបំពេញតាមពរជ័យដែលបានសន្យារបស់ព្រះវរបិតាសួគ៌ ។ នោះគឺជាភាពទាក់ទងដែលដឹកនាំទៅរកការប្រែចិត្តជឿ ។
វាក៏ពិតផងដែរថា ការមានចំណែកតែមួយមុខគឺមិនមែនជាគោលដៅចុងក្រោយនោះទេ ។ តាមពិតទៅ ដោយសារពាក្យ ការមានចំណែក ត្រូវបានគេប្រើតាមរបៀបជាច្រើន ពេលខ្លះ វាអាចត្រូវបានគេយល់ខុសលើអត្ថន័យដែលយើងចង់ផ្តោតលើតាមរយៈការមានចំណែកនៅក្នុងបរិបទដំណឹងល្អ ។ ពួកយើងជាច្រើនមានអារម្មណ៍ថាមានចំណែកតាមមជ្ឈដ្ឋានជាច្រើនផ្សេងគ្នា ។ នៅពេលខ្ញុំធំដឹងក្ដីឡើង រឿងនោះបានកើតឡើងចំពោះខ្ញុំនៅក្នុងក្រុមអត្តពលកម្ម ។ សមាជិកក្រុមរបស់ខ្ញុំគឺជាមិត្តជិតដិតរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាមានចំណែកក្នុងគោលដៅដើម្បីឲ្យក្រុមរបស់យើងទទួលបានជោគជ័យ ។ ការមានចំណែកប្រភេទនោះគឺជាវិធីដ៏ល្អ ហើយថែមទាំងសំខាន់ទៀតផង ។ ប៉ុន្ដែមានអ្វីជាច្រើនជាងនេះទៅទៀតទាក់ទងនឹងការមានចំណែក ដែលដឹកនាំទៅរកការប្រែចិត្តជឿ ។
នៅក្នុងសន្និសីទទូទៅចុងក្រោយនេះ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា គោលលទ្ធិនៃការមានចំណែកមានបីផ្នែក ៖ ការប្រមូលផ្ដុំរាស្ដ្រនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ការបម្រើ និងពលិកម្ម ព្រមទាំងសារៈសំខាន់នៃព្រះយេស៊ូវគ្រីស្ទនៅក្នុងការមានចំណែក ។៣ គោលគំនិតទាំងនេះគឺជាផ្នែកដ៏សំខាន់បំផុតនៃអ្វីដែលយើងចង់មានន័យ នៅពេលយើងនិយាយពីការមានចំណែក ដែលដឹកនាំទៅរកការប្រែចិត្តជឿ ។ ច្បាស់ណាស់ ការមានចំណែករួមមានការស្រឡាញ់ និងការគោរពគ្នាទៅវិញទៅមក ។ វាក៏រួមមានគោលការណ៍ដែលនាំយើងឲ្យទៅរកព្រះអង្គសង្គ្រោះ ហើយជួយយើងឲ្យចូលរួមក្នុងបុព្វហេតុរបស់ទ្រង់ កាលយើងជួយគ្នាឲ្យដើរនៅលើផ្លូវនៃសេចក្ដីសញ្ញាដើម្បីត្រឡប់ទៅរកទ្រង់វិញផងដែរ ។
ពរជ័យនៃការមានចំណែកដ៏ពិតដែលផ្ដោតលើដំណឹងល្អ ក៏រួមមាននូវទំនាក់ទំនងខាងសេចក្ដីសញ្ញាផងដែរ ។ ការមានចំណែក ដូចនិយមន័យតាមរយៈទស្សនវិស័យនៃដំណឹងល្អដែលបានស្ដារឡើងវិញ ជួយយើងឲ្យដឹងពីអត្តសញ្ញាណដ៏ពិតប្រាកដរបស់យើង និងទំនាក់ទំនងដ៏អស់កល្បរបស់យើងជាមួយនឹងព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ ។ សេចក្ដីសញ្ញារបស់យើងអាចមានបាន ដោយសារតែសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង ហើយភ្ជាប់យើងជាមួយទ្រង់ ជាមួយក្រុមគ្រួសាររបស់យើង ហើយជាមួយសហគមន៍អ្នកជឿទាំងឡាយ ដែលបានសន្យាថានឹងជួយរែកបន្ទុករបស់គ្នាទៅវិញទៅមក ។ ការមានចំណែកប្រភេទនេះនាំទៅរកការប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់ ។
ឥឡូវនេះ ខ្ញុំសូមត្រឡប់ទៅការផ្លាស់ប្ដូរលើសេចក្ដីថ្លែងការណ៍អំពីគោលបំណងរបស់យើង ដែលអភិបាលអប់រំរបស់សាសនាចក្របានអនុម័តរួចមកហើយ ។ នៅក្នុងការខិតខំដើម្បីដាក់ការប្រែចិត្តជឿជាកម្មវត្ថុដោយផ្ទាល់នៃបទពិសោធន៍បង្រៀន និងរៀនសូត្ររបស់យើងទាំងអស់ នោះសេចក្ដីថ្លែងការណ៍អំពីគោលបំណងរបស់យើងនឹងអានដូច្នេះថា « គោលបំណងរបស់យើង គឺដើម្បីជួយយុវវ័យ និងយុវមជ្ឈិមវ័យឲ្យមានការប្រែចិត្តជឿកាន់តែខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ មានភាពស័ក្តិសមដើម្បីទទួលពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនពួកគេ ក្រុមគ្រួសាររបស់ពួកគេ និងអ្នកដទៃទៀត សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅស្ថានសួគ៌ » ។ ការកែសម្រួលនេះនឹងជួយយើងឲ្យរៀបចំការបំពាក់បំប៉នរបស់យើង និងការខិតខំរបស់យើង ដើម្បីបង្កើតបទពិសោធន៍រៀនសូត្រ ដោយសង្ឃឹមថា យើងអាចជួយសិស្សទាំងឡាយឲ្យក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិត ។ តួនាទីរបស់គ្រូបង្រៀនដូចដែលបានកំណត់មកនៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ នឹងបន្ដជួយយើងឲ្យយល់បានកាន់តែច្បាស់អំពីតួនាទីរបស់គ្រូបង្រៀន ក្នុងការជួយសិស្សធ្វើឲ្យការប្រែចិត្តជឿរបស់ពួកគេមានកាន់តែស៊ីជម្រៅ ។ យើងក៏បានធ្វើបច្ចុប្បន្នភាពលើគេហទំព័រ រស់នៅ បង្រៀន និងបម្រើ ដែលទាក់ទងនឹងសេចក្ដីថ្លែងការណ៍អំពីគោលបំណងរបស់យើងផងដែរ ដែលបងប្អូនអាចរកបាននៅលើគេហទំព័រ ស&វ ។
យើងអាចផ្លាស់ប្ដូរអ្វីក៏បាន ឬខិតខំប្រឹងប្រែងយ៉ាងណាក៏បានដើម្បីបង្រៀនដំណឹងល្អប្រកបដោយប្រសិទ្ធភាព ប៉ុន្ដែអ្វីដែលនឹងមិនផ្លាស់ប្ដូរនោះគឺថា យើងនឹងផ្ដោតលើព្រះគ្រីស្ទ យើងផ្ដោតលើអ្នករៀនសូត្រ និងផ្អែកលើព្រះគម្ពីររហូត ។ ហើយយើងនឹងព្យាយាមដាក់បញ្ចូលគ្នានូវបទពិសោធន៍បង្រៀន និងរៀនសូត្ររបស់យើង ជាមួយនឹងការបំផុសគំនិត និងសាក្សីមកពីព្រះវិញ្ញាណបរិសុទ្ធជានិច្ច ។ អ្វីទាំងអស់ដែលយើងធ្វើ គួរតែពង្រឹងការប្រែចិត្តជឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ឲ្យបានកាន់តែជ្រៅជ្រះ ដោយសារទ្រង់គឺជាចម្លើយចំពោះឧបសគ្គ និងសំណួរទាំងឡាយរបស់ពួកគេ ។ ទ្រង់គឺជាព្រះនៃការរំដោះ និងការប្រោសលោះរបស់ពួកគេ ។
ឥឡូវនេះ ខ្ញុំចង់ធ្វើការប្រកាសមួយផ្សេងទៀត ដែលអភិបាលអប់រំរបស់សាសនាចក្របានអនុម័តរួចហើយ ។ ជាថ្មីម្ដងទៀត ខ្ញុំសូមចាប់ផ្ដើមការប្រកាសនោះដោយប្រាប់ពីបរិបទមួយចំនួនសិន ហើយលើកនេះដោយប្រើគោលការណ៍មួយដែលបានបង្រៀនដោយព្រះអង្គសង្គ្រោះ ។ ថ្មីៗនេះ ខ្ញុំបានកត់សម្គាល់ឃើញថា នៅក្នុងរឿងប្រៀបប្រដូចអំពីអ្នកព្រោះពូជ ព្រះយេស៊ូវបានមានបន្ទូលថា គ្រាប់ពូជមួយចំនួនបង្កើតផលបានមួយជាមួយរយ មួយទៀតបានហុកសិប ហើយមួយទៀតបានសាមសិប ។ អ្វីដែលសំខាន់ចំពោះខ្ញុំនៅក្នុងការអាននេះគឺថា គ្រាប់ពូជមួយគ្រាប់ៗដុះឡើងចេញពីអ្វីដែលព្រះអង្គសង្គ្រោះបានហៅថាដីល្អ ។ នេះមិនមែនជាគ្រាប់ពូជដែលធ្លាក់ចុះតាមផ្លូវ ក្នុងកន្លែងថ្ម ឬគ្រាប់ពូជដែលធ្លាក់ទៅកណ្ដាលបន្លានោះទេ គឺវាដុះនៅលើដីល្អ ។
វាបានញ៉ាំងឲ្យខ្ញុំឆ្ងល់ថាតើវិធីសាស្ដ្របច្ចុប្បន្នរបស់យើងដែលតម្រូវឲ្យមានគុណសម្បត្តិវគ្គសិក្សានេះ ស្រដៀងនឹងការទទួលស្គាល់តែសិស្សណាដែលបង្កើតផលបានមួយរយ ហើយខកខានមិនទទួលស្គាល់ និងមានអំណរគុណចំពោះការខិតខំ និងការរួមចំណែករបស់សិស្សដែលបង្កើតផលបានហុកសិប និងសាមសិបឬ ។ សិស្សគ្រប់រូបមានការគាំទ្រពីគ្រួសារ ការយល់ដឹងអំពីដំណឹងល្អ និងការតាំងចិត្តផ្ទាល់ខ្លួនក្នុងកម្រិតខុសៗគ្នា ។ ប្រាកដណាស់ យើងគួរតែមានការរំពឹងទុកខ្ពស់ ប៉ុន្ដែយើងក៏គួរតែប្រយ័ត្នប្រយែងកុំបំបាក់ទឹកចិត្តសិស្ស ដែលកំពុងខិតខំអស់ពីសមត្ថភាពរបស់ពួកគេ កាលនៅក្នុងស្ថានភាពរបស់ពួកគេនោះដែរ ។
ខគម្ពីរទាំងនេះធ្វើឲ្យយើងឆ្ងល់ថាតើវាអាចទៅរួចទេ ដើម្បីបន្ដមានបទដ្ឋានខ្ពស់ ហើយស្វែងរករបៀបដើម្បីកំណត់វិធីសាស្ដ្ររបស់យើងឲ្យមានលក្ខណៈផ្ទាល់ខ្លួន ។ តើយើងអាចរកឃើញរបៀបដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ការរីកចម្រើន និងការលូតលាស់នៅគ្រប់កម្រិតទាំងអស់នៅលើផ្លូវនៃសេចក្ដីសញ្ញា ហើយជួយសិស្សទាំងអស់របស់យើងឲ្យទទួលបានជោគជ័យដែរឬទេ ? តើយើងអាចគាំទ្រពួកគេក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីសិក្សាព្រះគម្ពីរ និងរៀនសូត្រដំណឹងល្អ ដោយមានគោលដៅដែលបានជំរុញចេញពីក្នុងចិត្តបានដែរឬទេ ដើម្បីឲ្យសិស្សទាំងនោះបង្កើតបានជាទម្លាប់ និងគន្លងមួយ ដែលនឹងបន្ដនៅជាមួយពួកគេរហូតក្រោយពីពេលដែលពួកគេបញ្ចប់ការរៀនសូត្រជាមួយយើងទៅទៀត ?
ដោយមានមូលហេតុនេះហើយ ខ្ញុំសូមប្រកាសដូចតទៅនេះសម្រាប់ថ្នាក់សិក្ខាសាសា ៖ ការវាយតម្លៃការរៀនសូត្រនឹងប្ដូរពីការវាយតម្លៃជាលក្ខណៈបុគ្គល ទៅជាការរំឭកជាក្រុមឡើងវិញ ដែលនឹងធានាថា សិស្សបានរៀនសូត្រខ្លឹមសារដែលបានបង្ហាញ ។ អស់អ្នកដែលបានចេះចាំខ្លឹមសារស្ទាត់អាចជួយដល់អ្នកដទៃ ដើម្បីឲ្យសិស្សទាំងអស់មានឱកាសពង្រីកការយល់ដឹងរបស់ពួកគេ ។ ផ្នែកមួយនៃការវាយតម្លៃនេះ ដែលទាក់ទងនឹងជំនឿ និងការអនុវត្ត នឹងនៅតែជាកិច្ចការបុគ្គលដដែល ដែលមានបំណងបង្កើតជាឱកាសឲ្យមានការពិចារណាអំពីខ្លួនឯង ។ កិច្ចតម្រូវឲ្យអានក៏ផ្លាស់ប្ដូរផងដែរ ហើយលែងតម្រូវឲ្យអាន ៧៥ ភាគរយនៃឆមាសនីមួយៗទៀតហើយ ។
ចាប់ពីពេលនេះទៅដើម្បីទទួលបានគុណសម្បត្តិវគ្គសិក្សាដើម្បីបញ្ចប់ការសិក្សា នោះសិស្សថ្នាក់សិក្ខាសាលានឹងត្រូវអានវគ្គបទគម្ពីរជម្រើសមកពីព្រះគម្ពីរនៅក្នុងឆមាសនីមួយៗ ។ ឧទាហរណ៍ អំឡុងឆមាសទីមួយនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា—ប្រវត្តិសាសនាចក្រ សិស្សនឹងអាន យ៉ូសែប ស៊្មីធ—ប្រវត្តិ ។ បន្ទាប់មក ពួកគេនឹងត្រូវបានសុំឲ្យដាក់គោលដៅអានផ្ទាល់ខ្លួនបន្ថែមមួយ ដែលបានជំរុញចេញពីចិត្តគេ ដោយមានការរំពឹងទុកខ្ពស់ដើម្បីមានការរីកចម្រើនទៅមុខ ។ គោលដៅផ្ទាល់ខ្លួនទាំងនេះគួរតែឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សិស្ស ហើយទទួលស្គាល់ការខិតខំ និងការរីកចម្រើនរបស់ពួកគេជាលក្ខណៈបុគ្គល ។
គ្រូបង្រៀនក៏នឹងលើកទឹកចិត្តសិស្សឲ្យតាមដានការរីកចម្រើនលើគោលដៅផ្ទាល់ខ្លួនរបស់គេផងដែរ ហើយលើកទឹកចិត្តពួកគេឲ្យធ្វើតាមគោលដៅដល់ចប់ ។ ពួកគាត់នឹងលើកទឹកចិត្តសិស្សឲ្យអានវគ្គបទគម្ពីរដែលចាត់តាំងសម្រាប់ ចូរមកតាមខ្ញុំ នៅអាទិត្យថ្នាក់សិក្ខាសាលា មិនថាជាលក្ខណៈបុគ្គល ឬជាមួយក្រុមគ្រួសាររបស់ពួកគេនោះទេ ។ ពួកគាត់ក៏លើកទឹកចិត្តឲ្យសិស្សសិក្សាព្រះគម្ពីរមរមនដោយផ្ទាល់ខ្លួន និងជាមួយក្រុមគ្រួសាររបស់ពួកគេឲ្យបានខ្ជាប់ខ្ជួនផងដែរ ។ នៅពេលខាងមុខនេះ យើងនឹងផ្ញើព័ត៌មានបន្ថែមទៀតទៅកាន់បងប្អូន ទាក់ទងនឹងការផ្លាស់ប្ដូរទាំងនេះ រួមមានព័ត៌មានលម្អិត និងតារាងពេលវេលានៃការអនុវត្ត និងអត្ថន័យនៃការណ៍នេះសម្រាប់ឆមាសមុនផងដែរ នៅពេលមិនបានបំពេញតាមតម្រូវការទាំងឡាយ ។
ឥឡូវនេះ ខ្ញុំសូមចែកចាយជាមួយនឹងបងប្អូននូវអ្វីមួយដែលប្រធាន ហិនរី ប៊ី អាវរិង បានមានប្រសាសន៍ នៅពេលយើងបានពិភាក្សាអំពីការផ្លាស់ប្ដូរនេះ ។ លោកបានថ្លែងថា « ដើម្បីធ្វើការណ៍នេះឲ្យបានល្អ វានឹងតម្រូវឲ្យមានការយកចិត្តទុកដាក់ផ្ទាល់ខ្លួន និងជាលក្ខណៈបុគ្គលកាន់តែខ្លាំងថែមទៀតមកពីគ្រូបង្រៀន ។ វានឹងបន្ថែមបន្ទុក ប៉ុន្ដែវាគឺជាបន្ទុកមួយដែលគ្រូបង្រៀនគួរតែរីករាយនឹងទទួល ដោយសារការងារបម្រើផ្ទាល់ខ្លួនរបស់ពួកគាត់គឺសំខាន់ដូចជាការណែនាំនៅក្នុងថ្នាក់រៀនរបស់ពួកគាត់ដែរ ។ ប្រសិនបើអ្នកណាអាចធ្វើរឿងនេះបាន គ្រូបង្រៀនរបស់អ្នកក៏អាចធ្វើបានដែរ ។ ពួកគាត់អស្ចារ្យណាស់ » ។
ខ្ញុំយល់ស្របតាមប្រធាន អាវរិង បងប្អូនគឺអស្ចារ្យណាស់ ។ ខ្ញុំក៏ដឹងផងដែរថា ការផ្លាស់ប្ដូរពីបទដ្ឋានតឹងរឹងមកជាគោលដៅលក្ខណៈបុគ្គល នឹងតម្រូវឲ្យចំណាយពេលវេលា និងមានការយកចិត្តទុកដាក់បន្ថែមទៀតមកពីបងប្អូន ។ ប៉ុន្ដែតើយើងអាចធ្វើអ្វីបាន ដែលអាចផ្ដល់ពរជ័យដល់សិស្សរបស់យើង ខ្លាំងជាងការជួយពួកគេឲ្យបង្កើតបានទម្លាប់សិក្សាព្រះគម្ពីរប្រចាំថ្ងៃផ្ទាល់ខ្លួនមួយ ដែលត្រូវបានជំរុញដោយបុព្វហេតុដ៏សុចរិតនោះ ?
ជាចុងក្រោយ កិច្ចតម្រូវរឿងវត្តមាននឹងបន្ដនៅដដែល ។ សូមជួយសិស្សឲ្យមើលឃើញថា បទពិសោធន៍ដែលពួកគេមាននៅក្នុងថ្នាក់រៀនបង្កើនដល់ការយល់ដឹងរបស់ពួកគេអំពីដំណឹងល្អ និងពង្រឹងដល់សេចក្ដីជំនឿរបស់ពួកគេ ។ នោះហើយជាមូលហេតុដែលពួកគេចង់ចូលរួម មិនមែនគ្រាន់តែដើម្បីទទួលបានគុណសម្បត្តិនោះទេ ។ សិស្សដែលយល់ពីការណ៍នេះ នឹងចង់មករៀនពេញ ១០០ ភាគរយតែម្ដង ។
នៅក្នុងថ្នាក់វិទ្យាស្ថាន យើងនឹងបន្ដជាមួយបទដ្ឋានទទួលបានគុណសម្បត្តិដដែល ប៉ុន្ដែយើងនឹងសង្កត់ធ្ងន់លើបុព្វហេតុជំរុញពីក្នុងចិត្តដើម្បីមករៀន និងចូលរួមក្នុងដំណើរការរៀនសូត្រ ។ ហេតុផលដូចជាការធ្វើឲ្យសេចក្តីជំនឿកាន់តែស៊ីជម្រៅ ការចូលទៅកាន់តែជិតព្រះអង្គសង្គ្រោះ និងការរៀនពីគោលលទ្ធិរបស់ទ្រង់ជួយសិស្សឲ្យយល់ពីមូលហេតុនេះ សូមជួយពួកគេឲ្យដាក់គោលដៅដែលនាំពួកគេឲ្យខិតទៅកាន់តែជិតទ្រង់ ហើយលើកទឹកចិត្តពួកគេឲ្យទទួលខុសត្រូវចំពោះទ្រង់ ។
សិស្សរបស់យើងជាច្រើនទើបតែចាប់ផ្ដើមដំណើររបស់ពួកគេប៉ុណ្ណោះ ហើយប្រហែលជាទទួលបានការអញ្ជើញលើកទីមួយក្នុងការអនុញ្ញាតឲ្យគ្រាប់ពូជនៃសេចក្ដីជំនឿដុះឡើងក្នុងជីវិតរបស់ពួកគេ ។ ជំនួសឲ្យការខ្វាយខ្វល់ថា ពួកគេមិនទាន់បានដកពិសោធអ្វីទាំងអស់នៅឡើយ ដូចអ្នករៀនសូត្របានជ្រៅជ្រះម្នាក់បានដកពិសោធ នោះយើងគួរតែមានអំណរគុណចំពោះបំណងប្រាថ្នាដើម្បីជឿរបស់ពួកគេ ។ នៅពេលពួកគេឃើញថា ផ្លែនេះល្អ នោះយើងគួរតែអររីករាយជាមួយនឹងពួកគេ ហើយអបអរសាទរនឹងអំណោយទាននោះមកពីព្រះវរបិតារបស់យើងដែលគង់នៅឯស្ថានសួគ៌ ។ បន្ទាប់មក យើងអាចរង់ចាំដោយចិត្តអំណត់រួមគ្នា ចាំដល់ថ្ងៃដែលគ្រាប់ពូជនោះដុះពន្លកឡើងជាជីវិតដ៏អស់កល្បជានិច្ច ។
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យបន្ដយកចិត្តទុកដាក់ក្នុងការសិក្សា ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ហើយពិចារណាពីអ្វីបន្ថែមទៀតដែលព្រះអម្ចាស់នឹងបង្រៀនបងប្អូនអំពីការប្រែចិត្តជឿ ភាពទាក់ទង និងការមានចំណែក ។ សូមពិចារណាដោយប្រុងប្រយ័ត្នផងដែរ អំពីគោលការណ៍នៅពីក្រោយការផ្លាស់ប្ដូរទាំងឡាយចំពោះសេចក្ដីថ្លែងការណ៍អំពីគោលបំណង និងកិច្ចតម្រូវវគ្គសិក្សារបស់យើង ។ សូមគិតគូរពិចារណាដាក់បញ្ចូលការផ្លាស់ប្ដូរទាំងនេះតាមរបៀបដែលបំផុសគំនិត និងផ្ដល់ពរជ័យដល់សិស្សរបស់បងប្អូនទាំងអស់ ។
ជាចុងបញ្ចប់ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យបន្ដផ្តោតលើព្រះយេស៊ូវគ្រីស្ទនៅក្នុងកិច្ចខិតខំរបស់បងប្អូនទាំងអស់ ។ សូមពិចារណាប្រកបដោយការអធិស្ឋានអំពីរបៀបដែលបងប្អូនអាចរៀនមកពីទ្រង់ រៀនធ្វើតាមគំរូរបស់ទ្រង់ដែលជាគ្រូបង្រៀនដ៏ឆ្នើម ហើយរៀនពឹងផ្អែកកាន់តែខ្លាំងឡើងទៅលើព្រះគុណរបស់ទ្រង់ និងសេចក្ដីស្រឡាញ់របស់ទ្រង់ កាលបងប្អូនខិតខំផ្ដល់ពរជ័យដល់មនុស្សទាំងអស់ដែលបងប្អូនស្រឡាញ់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់គឺជាផ្លូវ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕