ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០២១
ចក្ខុវិស័យ និង តុល្យភាព


36:34

ចក្ខុវិស័យ និង តុល្យភាព

ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក• ថ្ងៃ​ទី ២ ខែ​ ឧសភា ឆ្នាំ​២០២១• មជ្ឈមណ្ឌល អ្នក​ត្រួសត្រាយ​ផ្លូវ

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ៖​ប្អូនៗ​ប្រុសស្រី​វ័យ​ក្មេង​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​ លីសា និង​ខ្ញុំ​មាន​ចិត្ត​សោមន្ស​ដើម្បី​ស្វាគមន៍ប្អូន មកកាន់​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ​នេះ ។ កាល​យើង​ចាប់ផ្តើម យើង​សូម​នាំមក​នូវ​ការផ្ដាំផ្ញើ​ដ៏​កក់ក្តៅ និង​ស្មោះសរ​របស់​ប្រធាន រ័សុល អិម ណិលសុន និង​គណៈប្រធាន​ទីមួយ​ចំពោះ​ប្អូនៗ ។ ពួកលោក​ស្រឡាញ់ប្អូនៗ ហើយ​យើង​ក៏​ស្រឡាញ់​ប្អូនៗ​ដែរ ហើយ​យើង​គោរព និង​គាំទ្រ​ដល់​ពួកលោក​ជាមួយ​គ្នា ។

ស៊ីស្ទើរ លីសា ស្ទីវ៉ែនសុន ៖ឥឡូវនេះ ពួក​យើង​ចូលរួម​ជាមួយ​ប្អូនៗ​មកពី​ទីកន្លែង​ដ៏​អស្ចារ្យ និង​ពិសេស​ខ្លាំងណាស់​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ពួក​យើង​ក្នុងនាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ ចុងក្រោយ ។ ហើយ​ខ្ញុំ​ពិតជា​មានន័យថា « ទីកន្លែង »ពិត​មែន ។

អែលឌើរ ស្ទីវ៉ែនសុន យើង​នៅ​ទីនេះ​នៅ​មជ្ឈមណ្ឌល​អ្នកត្រួសត្រាយផ្លូវ​ដែល​បាន​ឧទ្ទិសឆ្លង​ថ្មី​ក្បែរ​វិមាន​នេះ​ជា​ឧទ្យាន​បូជនីយដ្ឋាន ជា​ទីកន្លែង​នៅ​តាម​វាល​ទំនាប​ខាង​លើ ទីក្រុង សលត៍​លេក រដ្ឋ យូថាហ៍—ជា​ទីកន្លែង​ដែល​អបអរសាទរ​សេចក្តីប្រកាស​ដ៏​ឆ្ងាយ​ដោយ​ប្រធាន ព្រិកហាំ យ៉ង់​ថា« នេះ គឺ​ទីកន្លែង »​បន្ទាប់​ពី​ដំណើរ​ដ៏​លំបាក​ជា​មួយ​ក្រុម អ្នកត្រួសត្រាយផ្លវ​ដំបូងគេ​ជិត ១៧៥ ឆ្នាំ​ទៅ​ហើយ ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​នឿយហត់​ ខ្សោះកម្លាំង​ពីខ្លួន​ទាំងនេះ បាន​ភៀស​ខ្លួន​ចេញ​ពី​ការធ្វើ​ទុក្ខ​បុកម្នេញ​យ៉ាង​ខ្លាំង ដើម្បី​មក​រស់នៅ​ទីនេះ​នៅ​ជ្រលង​ភ្នំ​នេះ ។ សូម​ស្រមៃ​ពី​រូបភាព​នៃ​ជ្រលងភ្នំ​ សតល៍ លេក ដែល​បាន​រង់ចាំ​ពួកគេ ។ វាលខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ​ដែល​ជា​កន្លែង​​សម្បូរ​ទៅដោយ​ដើម​សាហ្គីប្រុះស៍ ដែល​ជា​ភស្តុតាង​ថា ការតាំង​ទីលំនៅ​នៅទីនេះ​ច្បាស់​ជា​មិនងាយស្រួល​ឡើយ ។

អែលឌើរ ស្ទីវ៉ែនសុន ៖ទោះជា​យ៉ាងណា​ក្តី ពួកគេ​មាន​ពរជ័យ​ដោយ​ចក្ខុវិស័យ​សួគ៌ា​ដែល​មិន​អាច​យល់​បាន ដែល​គាំទ្រ​ដល់​ការព្យាករ​នៅ​ក្នុង​គម្ពីរ​សញ្ញាចាស់​អេសាយ​ថា ព្រះអម្ចាស់​នឹង « លើក​ទង់ជ័យ​សម្រាប់​ពួក​សាសន៍​ដែល​នៅ​ទី​ឆ្ងាយ » ។ ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ទាំងនេះ​នឹង​ទទួល​បាន​សេចក្តីសុខសាន្ត និង​គោលបំណង​ជា​ថ្មី​ម្តង​ទៀត ដោយ​មាន​ចក្ខុវិស័យ​ខាង​ដំណឹងល្អ​កើនឡើង​ខ្ពស់​ជាង​កំពូល​ភ្នំ ដែល​ពួកគេ​បាន​ឡើង​ដល់​ជ្រលង​ភ្នំ​សលត៍ លេក​ ទៅទៀត ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ទាំងនេះ និង​អស់​អ្នក​ដែល​បាន​មកដល់​បន្ទាប់ពី​ពួកគេ បាន​បង្កើត​ជា​ប្រវត្តិសាស្រ្ត​ដោយ​ចារ​ទុក​កន្លែង​នេះ​នៅ​លើ​វាល​ខ្សាច់​នេះ ។ ព្រះ​បាន​ប្រទានពរ​ដល់​ពួកគេ កាល​ដែល​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​បាន​ចាប់​ផ្តើម​ឡើង ។

អែលឌើរ ស្ទីវ៉ែនសុន ៖សូម្បី​តែ​ថ្ងៃ​នេះ ស្មារតី និង​ចក្ខុវិស័យ​អ្នក​ត្រួសត្រាយ​ផ្លូវ​ដូចគ្នា​នោះ អាច​មើលឃើញ​នៅក្នុង​គ្រប់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​នេះ ។

កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ប្រធាន អិម រ័សុល បាឡឺដ ដែល​ជា​ប្រធាន​ស្តីទី​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ឧទ្ទិសឆ្លង​មជ្ឈមណ្ឌល​អ្នក​ត្រួសត្រាយ​ផ្លូវ​ថ្មី​នេះ ។

នៅ​ទីនេះ សមាជិក និង​ក្រុម​គ្រួសារ​អាច​មក ហើយ​ទទួល​យក​សមិទ្ធិផល​ដ៏​មហិមា​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ពេល​ខិតខំ​ពុះពារ​ប្រទល់​នឹង​ការលំបាក​យ៉ាង​ខ្លាំង ។ លទ្ធភាព​ដើម្បី​ទទួលបាន​ជោគជ័យ​គឺ​មាន​តិចតួច​ណាស់ ។ ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​បាន​អំពាវនាវ​រក​ព្រះអម្ចាស់​ទាំងថ្ងៃ​ទាំងយប់ កាល​ដែល​ពួកគេ​ចម្រើន​ទៅមុខ​ដើម្បី​ដាំដុះ​អាហារ យក​ទឹក​ពីអន្លង់​ភ្នំ សង់ផ្ទះ និង​ជម្រក សាលារៀន និង​សាលាប្រជុំ​នានា ហើយ​ព្រមទាំង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖អ្វី​ដែល​ពួកគេ​បាន​ធ្វើ វា​ស្ទើរតែ​មិន​អាច​ស្រមៃ​បាន​ទេ ។ ចក្ខុវិស័យ​ដ៏​ទេវភាព—ដែល​បាន​បំផុស​គំនិត​ដោយ​ព្រះអម្ចាស់​ដល់​ពួក​ព្យាការី​ដែល​នៅរស់—ដោយ​ការ​ប្រទាន​ពរជ័យ​ដល់​ជីវិត​នៃ​បុត្រាបុត្រី​ដ៏​ជម្រើស​របស់​ទ្រង់ ដើម្បី​នាំមក​នូវ​ព្រះរាជ​បំណង​របស់​ទ្រង់ ។

អែលឌើរ ស្ទីវ៉ែនសុន ៖ដូចដែល​ប្អូន​បាន​ឃើញ​នៅ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​កន្លែង ដែល​ខ្ញុំ​កំពុង​ឈរ​នៅ​មជ្ឈមណ្ឌល​អ្នក​ត្រួសត្រាយ​ផ្លូវនេះ គឺជា​ដំបូល​កញ្ចក់​ដែល​អាច​មើលឃើញ​បូជនីយដ្ឋាន នេះ​ជា​ទីកន្លែង​ដ៏​ត្រឹមត្រូវ ។ ហើយ​នៅ​ក្រោមនោះ យើង​មាន​ទីក្រុង​មួយ​ដែល​មាន​ភ្លើង​ភ្លឺចែងចាំ ដែល​ពួកគេ​បាន​ចាប់ផ្ដើម​សង់​យូរ​ឆ្នាំ​មកហើយ ។ ហើយ​លើស​ពីនោះ ប្អូនៗ​មាន​ទស្សនៈ​ដ៏​ទូលំទូលាយ​មួយ—ជា ចក្ខុវិស័យ​មួយ ប្រសិន​បើប្អូន​​មាន—ដែល​មើល​ទៅ​ទិស​ខាង​លិច និង​ជើងមេឃ​ដែល​មាន​ថ្ងៃលិច ។ ទស្សនៈ​ដ៏​ល្អ​នេះ រួម​នឹង​ការ​យល់ដឹង​របស់​យើង​អំពី​អតីតកាល វា​ពង្រីក និង​ប្រាប់​ពី ​ទស្សនវិស័យ​របស់​ពួក​យើង​អំពី​ចក្ខុវិស័យ​របស់​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ ។ វា​ក៏​អាច​ដើរ​តួ​ជា​ការ​ប្រៀបធៀប​មួយ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ចក្ខុវិស័យ​របស់​ពួក​យើង​ផ្ទាល់​ក្នុង​ដំណឹងល្អ​កាន់​តែ​ស៊ីជម្រៅ ហើយ​ដឹកនាំ​យើង នៅពេល​ពួក​យើង​ប្រឈម​នឹង​ការ​សម្រេច​ចិត្ត និង ​ឧសគ្គ​នៅ​ក្នុង​ជីវិត​យើង ។ នៅ​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ប្រកាស​របស់​ព្យាការី​ថា « នេះ​ជា​ទីកន្លែង​ដ៏​ត្រឹមត្រូវ »​នោះ​ចក្ខុវិស័យ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ទីស្នាក់ការ​កណ្តាល​សាសនាចក្រ និង​កន្លែង​មួយ​ដើម្បី​ក្លាយ​ជា​ទង់ជ័យ​សម្រាប់​ពួក​សាសន៍​នានា បាន​ចាប់ផ្ដើម​ជំហាន​ដំបូង​របស់​ខ្លួន​ទៅរក​ការពិត ។

ដូច្នេះ​នៅ​ល្ងាច​នេះ យើង​នឹង​ប្រើ​អតីតកាល ជា​ចក្ខុវិស័យ​នៃ​បុព្វ​បុរស​ត្រួសត្រាយ​ផ្លូវ​របស់​ពួក​យើង ដើម្បី​ជួយ​យើង​ឲ្យ​ទទួល​បាន​ចក្ខុវិស័យ​ដ៏​ច្បាស់​មួយ​សម្រាប់​អនាគត​របស់​យើង ។ ពាក្យ​ពេចន៍​ដ៏​បំផុស​គំនិត​របស់​វីនស្ដុន ឆឺតឈីល ទំនង​ជា​មាន​ទំនាក់ទំនង​ជា​ពិសេស​សម្រាប់​ការសន្ទនា​របស់​យើង​នា​ល្ងាច​នេះ ៖ កាលណា​យើង​ក្រឡេក​មើល​ទៅ​ក្រោយ​កាន់​តែ​ឆ្ងាយ នោះ​យើង​ក៏​អាច​មើល​ទៅ​មុខ​កាន់​តែ​ឆ្ងាយ​ដែរ ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖ពិតណាស់ យើង​កំពុង​ប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ក្នុង​ពិភពលោក​នេះ ។ បន្ទាប់ពី​ជួប​ជំងឺ​រាតត្បាត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ជិត​មួយ​ឆ្នាំ​កន្លះ​មក​នេះ តើ​មាន​អ្វី​ខ្លះទៀតនាពេល​អនាគត ? ពួកយើង​ម្នាក់ៗ​តម្រូវ​ឲ្យ​មាន​នូវ​ចក្ខុវិស័យ​ដ៏​ទេវភាព និង​ការ​ដឹកនាំ​ពី​សួគ៌ា​ដូចគ្នា ដែល​ពួក​បរិសុទ្ធ​ពី​ជំនាន់​មុន​បាន​ដក​ពិសោធន៍ នៅពេល​យើង​មើល​ឆ្ពោះ​ទៅ​រក​អនាគត​របស់​យើង ។

អែលឌើរ ស្ទីវ៉ែនសុន ៖ប្អូន​អាច​មាន​អារម្មណ៍​មិន​ប្រាកដ​ថា តើ​ប្អូន​គួរ​ត្រូវទៅ​ផ្លូវ​មួយ​ណា ។ ប្អូន​អាច​ឱបក្រសោប​ឲ្យ​ជាប់​ទៅ​នឹង​ក្ដីស្រមៃ​នៃ​ការ​បម្រើ​បេសកកម្ម ការ​ទទួល​បាន​ការអប់រំ និង​ការ​មាន​អាជីព​មួយ ។ ឬ ប្អូន​អាច​គិត​អំពី​ការ​ស្រឡាញ់​មនុស្ស​ម្នាក់ ការរៀបការ និង​មាន​គ្រួសារ​មួយ ព្រមទាំង​ការមើលឃើញ​ពី​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​កើត​មាន​ចំពោះ​ប្អូន និង​ មនុស្ស​ដែលប្អូន​ស្រឡាញ់ ។ ឬ ប្រហែល​ជាប្អូន​មាន​គ្រួសារ​ដ៏​អស់កល្ប​របស់​ប្អូន ហើយ​ឥឡូវ​នេះកំពុង​ដក​ពិសោធន៍​នូវ​ឧបសគ្គ​នៃ​ការ​ចិញ្ចឹម​បីបាច់​កូនតូចៗ ។

គោលដៅ​ចុងក្រោយ​បង្អស់​របស់​យើង​គឺដូចគ្នា ៖ គឺ​ដើម្បី​រីកចម្រើន​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ដោយ​រៀបចំខ្លួន​យ៉ាង​ស្មោះត្រង់​សម្រាប់​ភាព​តម្កើង​ឡើង ។ ទស្សនវិស័យ​មួយ​ក្នុង​ដំណឹងល្អ​ផ្ដល់​ជា​ចក្ខុវិស័យ​នានា​ដល់​ប្អូន និង​ខ្ញុំ​ឲ្យ​មើល​ឃើញ​ផ្លូវ​នោះ​យ៉ាង​ច្បាស់ ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖នៅពេល​និយាយ​អំពី​ការបន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា « គន្លឹះ​គឺ​ការធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ ។ យើង ជ្រើស​រើស រស់​នៅតាម និង​រកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ ហើយ​បន្ត​នៅ​លើ​ផ្លូវ​នោះ ។ វា​ពុំ​មែន​ជា​ផ្លូវ​លំបាក​ទេ ។ វា​គឺជា ផ្លូវទៅ​រក​អំណរ​ពិត​នៅ​ក្នុង​ជីវិត​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ចបន្ទាប់​ពី​ជីវិត​នេះ » ។

អែលឌើរ ស្ទីវ៉ែនសុន ៖​ហេតុដូច្នេះហើយ​ក្តីសង្ឃឹម​របស់​យើង​គឺ ដើម្បី​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ចំនួន​របស់​ពួក​យើង ដែល​អាច​ផ្តល់​ជា​ការណែនាំ​កាល​ប្អូន​ស្វែងរក​តម្រូវការ​ទាំងអស់​នៅក្នុង​ជីវិត​របស់​ប្អូន ដើម្បី​ជួយប្អូន​ឲ្យ​ឆ្ពោះ​ទៅមុខ​ដោយ​មាន​ចក្ខុវិស័យ និង ​តុល្យភាព ។

« មក​មក​ពួក​បរិសុទ្ធ »—ដែល​សម្តែង​ដោយ​គ្រួសារ បឺនណឺ ៖

មក​មក​ពួក​បរិសុទ្ធ​កុំ​ខ្លាច​ឡើយ​ណា

តែ​ខិតខំ​ដោយ​សារទរ ។

ថ្វី​បើ​ដំណើរ​នេះ​លំបាក​របៀប​ណា

ព្រះគុណនឹង​ជួយ​លើក​ទ្រ ។

គ្រាន់​បើ​ជាង​បើ​យើង​ខំ​ឧស្សាហ៍

កម្ចាត់​ចោល​កង្វល់​យើង​នៅ​រុញ​រា

ធ្វើ​បែប​នេះ​ទើប​ចិត្ត​នឹង​រីករាយ—

ស្រួល​ទាំងអស់ ! ស្រួល​ទាំងអស់ !

ម្ដេច​ក៏​យើង​ទួញ​នឹង​ថា​ជីវិត​ពិបាក ?

មិន​មែន​ទេ ត្រូវ​ទាំង​អស់ 

ម្ដេច​ក៏​យើង​គិត​ចង់​បាន​រង្វាន់​ដ៏​ធំ 

បើ​យើង​នៅ​គេច​ចម្បាំង ?

ចូរ​ពាក់​គ្រឿង​សឹក​មាន​ចិត្ត​ក្លាហាន

ព្រះ​យើង​មិន​ដែលបោះបង់​ចោល​យើង​ឡើយ

បន្តិច​ទៀត​យើង​នឹង​មាន​រឿង​ប្រាប់ —

ស្រួល​ទាំងអស់ ! ស្រួល​ទាំងអស់ !

យើង​នឹង​រក​ឃើញ​កន្លែង​ដែល​ព្រះ​រៀប​ទុក

នៅ​ទិស​ខាង​លិច​ដ៏​ឆ្ងាយ

គឺ​ជា​កន្លែង​ដែល​គ្មាន​អ្នក​ណា​បញ្ឈឺ ឬ​កំហែង

ពួក​បរិសុទ្ធ​បាន​ពរ ។

ចូយើងរ​បន្លឺ​សំឡេង​សរសើរ

តម្កើងថ្វាយ​ដល់​ព្រះ​នឹង​រាជា​យើង

យើង​នឹង​បន្លឺពាក្យនេះ​ឲ្យ​ខ្លាំង —

ស្រួល​ទាំងអស់ ! ស្រួល​ទាំងអស់ !

ហើយ​បើ​យើង​ស្លាប់​មុន​ពេល​ដំណើរ​យើង​ចប់

ថ្ងៃ​សប្បាយ ! ស្រួល​ទាំងអស់ !

អែលឌើរ ស្ទីវ៉ែនសុន ៖ថ្ងៃ​សប្បាយ ! ស្រួល​ទាំងអស់ ! »តាម​ការពិត​នោះ វា​គឺជា​សេចក្តី​ថ្លែងការណ៍ ពី ចក្ខុវិស័យ​ដ៏​អស្ចារ្យ​មកពី​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​សម័យ​មុន ។ ចក្ខុវិស័យ​របស់​ពួកគេ​ដែលថា « ស្រួល​ទាំងអស់ » ខណៈដែល​ជួប​ឧបសគ្គ និង​ទុក្ខលំបាក​គឺពិត​ជា​អាច​ធ្វើ​ទៅបាន ដោយសារ​តែ​ទស្សនវិស័យ​របស់​ពួកគេ​នៅ​ក្នុង​ដំណឹងល្អ ។

យើង​អាច​ចំណាយពេល​មួយ​ម៉ោង​ដើម្បី​និយាយ​អំពី ទស្សនវិស័យដែល​មនុស្ស​មួយ​ចំនួន​ហៅ​ថា​ជា « សិល្បៈ​នៃការ​មើលឃើញ​រឿង​ដែល​មនុស្ស​ដទៃ​មើល​មិន​ឃើញ » ។ វា​ដឹកនាំ​ទៅ​រក​សំណួរ​មួយ ដែល​ប្អូន​គ្រប់​រូប​សួរ​ខ្លួន​ឯង​នៅ​ពេល​ខ្លះ​ថា « តើ​នៅ​បច្ចុប្បន្ននេះ ខ្ញុំ​មើល​ឃើញ​អ្វីខ្លះ​សម្រាប់​ខ្លួន​ឯង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ? តើ​ខ្ញុំ បានទៅ​ដល់​ទី​ណា​ខ្លះ ? ហើយ​តើ​ខ្ញុំ នឹងទៅទីណា ? »

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖​ពេល​ខ្លះ យើង​គ្រាន់​តែ​ដឹង​ថា ជា​មួយ​នឹង​ទស្សនវិស័យ​នៃ​ដំណឹងល្អ និង អំណោយទាន នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​មាន​នូវ​ចក្ខុវិស័យ កាន់​តែ​ប្រសើរឡើង​អំពី​អ្វី​ដែល​អាច​កើត​មាន ។ រឿង​បែបនេះ​នឹង​កើត​ឡើង នៅ​ពេល​ប្អូន​ខិតខំ​នៅ​ក្នុង​កិច្ចការ​ផ្នែកអប់រំ ឬ អាជីព​បច្ចុប្បន្ន​របស់​ប្អូន ទោះបី​ជា​ប្អូន​ប្រហែល​ជា​កំពុង​តែ​គិត​ពី​អ្វី​ដែល​ប្អូន​ចង់​ធ្វើ​ក៏​ដោយ ។

អែលឌើរ ស្ទីវ៉ែនសុន ៖​ឥឡូវនេះ ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ នៅ​ពេល​ខ្ញុំ​ចាប់ផ្ដើម​អាជីព​ការងារ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​ជីវិត​អាជីពការងារ​ខ្ញុំ​ជាមួយ​នឹង​មិត្តភក្ដិ​ម្នាក់​កាល​ពី​ក្មេង ដោយ​ចាប់ផ្ដើម​មុខរបរ​មួយ​កាល​នៅ​រៀន​នៅ​សាកល​វិទ្យាល័យ ដោយ​នាំ​ចូល​គ្រឿង​ធ្វើ​អំណោយ​មក​ពី​អាស៊ី ។ លុះ ៣០ ឆ្នាំ​ក្រោយ​មក ក្រុមហ៊ុន​របស់​យើង​បាន​ផ្លាស់ប្តូរ​ទាំងស្រុង និង ពង្រីក​ខ្លួន​យ៉ាងធំ ។ ជារឿយៗ មាន​គេ​តែង​តែ​សួរ​យើង​នូវ​សំណួរ​មួយ​ថា « នៅពេល​លោក​ចាប់ផ្ដើម​អាជីវកម្ម​របស់​លោក តើ​នេះ​គឺ​ជា​ចក្ខុវិស័យ​របស់​លោក​មែន​ទេ ? » ពិតណាស់​ចម្លើយ​ដ៏​ខ្លី​គឺ​ថា វា​មិន​មែន​ទាំង​ស្រុង​នោះទេ ។

ចក្ខុវិស័យ​ត្រូវការ ​ការកែតម្រូវ​ជា​ទៀងទាត់​ម្ដង​ហើយ​ម្ដងទៀត ។ ការចាប់ផ្ដើម​អាជីវកម្ម​ជា​ក្រុមហ៊ុន​តូច​មួយ ដែល​នាំ​ចូល​គ្រឿង​អំណោយ​ស្ពាន់ ហើយ​បន្ទាប់​មក​បាន​ពង្រីក​ខ្លួន​ទៅ​ជា​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​សម្ភារ​ហាត់ប្រាណ​ដ៏​ធំ​មួយ តម្រូវ​ឲ្យ​មាន​សំណាង​ខ្លាំង និង​ការកែតម្រូវ​យ៉ាង​ច្រើន​ចំពោះ​ចក្ខុវិស័យ​របស់​យើង​នៅ​ចន្លោះ​ពេល​នោះ ។ ហើយ​ដូច្នេះ ការបោះបង់ចោល និង​ការដាក់ផែនការ​ថ្មី ការបង្កើតថ្មី និង​ការកែតម្រូវ​គឺ​ជា​ភាពរឹងមាំ​មួយ ពុំ​មែន​ជា​ភាពទន់ខ្សោយ​នោះ​ទេ ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖ទោះជា​យ៉ាង​ក្ដី នេះ​គឺជា​ចំណុច​ដែល​យើង​ចង់​ចង្អុល​បង្ហាញ​ពី​អត្ថប្រយោជន៍​ដ៏សំខាន់ ដែល​យើង​ចែកចាយ​នៅ​ក្នុង​ការ​ស្វែង​រក​ចក្ខុវិស័យ​របស់​យើង ។ ដោយសារប្អូន​មាន​ចំណេះដឹង​អំពី​ដំណឹងល្អ ដូចជា​ពួក​អ្នកត្រួសត្រាយ​ផ្លូវ​ដែរ នោះប្អូន​មានពរ​ដោយ​មាន​ទស្សនវិស័យ​នៃ​ដំណឹងល្អ ។ អត្ថប្រយោជន៍​របស់​ប្អូន​គឺ ការ​មើល​ឃើញ​ដំណើរ​របស់​ប្អូន​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​មក​ពី​ទស្សនៈ សួគ៌ាផ្ទាល់ ។

អែលឌើរ ស្ទីវ៉ែនសុន ៖ទស្សនវិស័យ​ដ៏​អស់កល្ប ឬ​ដំណឹងល្អ​ផ្ដល់​ភាព​ច្បាស់​លាស់​ដ៏​មាន​ប្រយោជន៍ ដែល​មនុស្ស​ដទៃ​មិន​ចូល​ចិត្ត—សូម្បីតែ​នៅ​ក្នុង​បញ្ហា​ខាង​សាច់ឈាម​អំពី​ការអប់រំ និង​អាជីព​ក្ដី ។ យើង​សូម​បង្ហាញ​ពី​បញ្ហា​នេះ​ដោយ​ការប្រើ​រូបភាព ជា​ជាង​ការប្រើ​ពាក្យ​សម្ដី ។

ដូច្នេះ យើង​សូម​ស្មើ​ប្អូន​ឲ្យ​មើល​រូបភាពនេះ ។ ឥឡូវ តើ​ប្អូន​មើល​ឃើញ​អ្វី ? តើ​ប្អូន​អាច​ដឹង​ថា រូបភាព​នេះ​ពិពណ៌នា​ពី​អ្វី​ដែរ​ឬ​ទេ ?

ឥឡូវនេះ តើ​ទស្សនវិស័យ​ថ្មី​នេះ​ជួយ​ផ្ដល់​ភាព​ច្បាស់​លាស់​ដល់​ប្អូន​ដែរឬទេ ? តើ​មើល​ឃើញ​តែ​ប៉ុណ្ណឹង​ទេ មែន​ទេ ? តើ​ប្អូន​គិត​យ៉ាងណា​ដែរ ? សូម​មើល​ទៅ​តាម​លំដាប់លំ​ដោយ នៅ​ពេល​រូបភាព​នេះ​លាត​ត្រដាង​ឡើង ដូច្នេះ សូម​មើល​ឲ្យ​ជិត ។

អែលឌើរ ស្ទីវ៉ែនសុន ៖ឥឡូវ​តាមរយៈ​លំហាត់​ដ៏​សាមញ្ញ​នេះ ប្អូន​អាច​មើល​ឃើញ—យ៉ាង​ច្បាស់—លើស​ពី​អ្វី​ដែល​នៅ​ពី​មុខ​ប្អូន​នៅ​ពេល​នេះ ។ ចក្ខុវិស័យ​របស់​ប្អូន​ត្រូវ​បាន​ពង្រីក​កាន់តែ​ធំ នៅ​ពេល​ប្អូន​ទៅ​កាន់​តែ​ឆ្ងាយ ។

ពាក្យចាស់​ដ៏​ប្រពៃ​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​គម្ពីរ​សុភាសិត​ចែង​ថា « គ្រា​ណា​ដែល​ឥត​មាន​ការ​បើក​សម្តែង នោះ​បណ្តាជន​រមែង​លែង​ទប់​ចិត្ត » ។

គោលការណ៍​ពិត​នេះ​ត្រូវបាន​ពិពណ៌នា​បន្ថែម​ទៀត​នៅ​ក្នុង​ជំនាន់​របស់​យើង​ដោយ​ប្រធាន អិម រ័សុល បាឡឺដ នៅ​ពេល​លោក​បាន​ថ្លែង​ថា « អស់​អ្នក​ដែល​សម្រេច​បាន​កិច្ចការ​ច្រើន​បំផុត​ក្នុង​ពិភពលោក​នេះ គឺ​ជា​អ្នកដែល​មាន​ចក្ខុវិស័យ​សម្រាប់​ជីវិត​ខ្លួន » ។ ឱ វា​ជា​ការពិត​ម៉្លេះ !

ចក្ខុនវិស័យ​ខាងវិញ្ញាណ​ដែល​បាន​មកពី​ទស្សនវិស័យ​របស់​យើង​នៃ​ដំណឹងល្អ ផ្តល់​ឲ្យ​នូវ​ការយល់ដឹង​អំពី​អាទិភាព​ទាំងអស់​នៃ​ជីវិត ។ ចក្ខុវិស័យ​នេះ​វា​ជួយ​យើង​ឲ្យ​សម្រប​តាម​អាទិភាព​ទាំងនោះ ហើយ​រក្សា​វា​ឲ្យ​មាន​មាន​តុល្យភាព​ត្រឹមត្រូវ ។ នេះ​ហើយ​ជា​ហេតុផល​ដែល​យើង​មើលឃើញ​ទំនាក់ទំនង​ដ៏​ស្អិត​រមួត​មួយ​រវាង​ចក្ខុវិស័យ និង ​តុល្យភាព ។

ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​ប្អូន​នូវ​គោលការណ៍​នៃ​តុល្យភាព​នេះ ដោយ​ភ្ជាប់​ទៅ​នឹង​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែលខ្ញុំ​មាន ។

មិត្ត​ខ្ញុំ​ម្នាក់​ដែល មាន​នូវ​ជំនាញ់ និង​បទពិសោធន៍​ល្បីល្បាញ​នៅ​ក្នុង​អាជីព​របស់​គាត់ ក៏​ធ្លាប់​ជា​អ្នក​បើក​ឧទ្ធម្ភាគចក្រ​ដែរ ។ នៅ​ថ្ងៃ​ដ៏​ក្ដៅ​មួយ​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ គាត់​បាន​ទូរសព្ទ​មក ហើយ​ប្រាប់​យើង​ថា​គាត់​នឹង​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ទៅ កាន់​ទីក្រុង ​សលត៍ លេក ហើយ​បានសួរ​ថាតើ​ដៃគូ​អាជីវកម្ម​ខ្ញុំ និង​ខ្ញុំ​ចង់​ឲ្យ​គាត់​ដឹក​យើង​ទៅ​ចង់ចុះចតនៅដីរបស់យើងលើភ្នំដែរឬទេ ។

ដើម្បី​ទៅ​ដល់​ទីនោះ បើ​ជិះ​ឡាន​ត្រូវ​ចំណាយ​ពេល​ជាង​ពីរ​ម៉ោង ។ ប៉ុន្ដែ បើ​គាត់​ដឹក​យើង​តាម​ឧទ្ធម្ភាគចក្រ​ទៅ​ទីនោះ វា​ចំណាយ​ពេល​តែ ១៥ នាទី​ប៉ុណ្ណោះ ។ ដូច្នេះ យើង​បាន​សម្រេច​ចិត្ត​ថា​ទៅ ។

វា​គឺជា​ថ្ងៃ​ដ៏​ស្រស់ស្អាត​ដើម្បី​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ ។ យើង​អាច​មើលឃើញ​ពណ៌​ចម្រុះ​នៃ​ស្លឹក​ឈើ​ដែល​ជ្រុះ កាល​យើង​ចាប់ផ្ដើម​ចុះ​ចត ។ មិន​ដល់​មួយនាទី​ទៀត​ទេ យើង​នឹង​ចុះ​ដល់​ដី ស្រាប់​តែ​ស្លាបចក្រ​នៅ​កន្ទុយ​ឧទ្ធម្ភាគចក្រ​បាន​ដំណើរការ​ខុសប្រក្រតី ។ វា​ធ្វើ​ឲ្យ​ឧទ្ធម្ភាគចក្រវិល ដែល​លែង​គ្រប់គ្រង​បាន ។ នេះ​គឺ​ជា​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ ។

ជា​សំណាង​ល្អ​សម្រាប់​ពួកយើង ការបណ្តុះបណ្តាល​របស់​អ្នកបើក​ឧទ្ធម្ភាគចក្រ​ក្នុង​ការចុះចត​បន្ទាន់​គឺ​ស្ទើរ​តែ​ជា​រឿង​ធម្មតា​ចំពោះ​គាត់ ។ គាត់​បាន​ដឹង​ថា បើ​យើង​ចុះចត​ដោយ​ប្រើ​ផ្នែក​ខាង​មុខ ឬ​ដោយ​ប្រើ​ផ្នែក​ខាងក្រោម​នៃ​ឧទ្ធម្ភាគចក្រ​ទៅ​មុន នោះ​យើង​អាច​ស្លាប់​បាន ។

ក្នុង​ស្ថានភាព​ដែល​ឧទ្ធម្ភាគចក្រ​វិលខ្ញាល់​ដោយ​មិន​អាច​គ្រប់​គ្រង​បាន នោះ​ភ្លាមៗ​នោះ គាត់​បាន​បង្វែរ​ឧទ្ធម្ភាគចក្រ​យ៉ាង​ប៉ិន​ប្រសប់​ទៅ​ចំហៀង​ ហើយ​វា​បាន​ធ្លាក់​ចុះ​ទៅ​ដល់​ដី ។

ប្រេង​ក៏​ហៀរ ហើយ​ភ្លើង​ក៏​ឆេះ​ចេញ​ពី​ម៉ាស៊ីន​មក ។ គាត់​អាច​បិទ​ម៉ាស៊ីន ហើយ​យើង​ចេញ​ពី​ឧទ្ធម្ភាគចក្រ​មុន​ពេល​វា​ផ្ទុះ ។ តាមរយៈ​សកម្មភាព​របស់​អ្នក​បើក​ឧទ្ធម្ភាគចក្រ និង​ព្រះហស្ត​របស់​ព្រះអម្ចាស់​នោះ​យើង​ត្រូវ​បាន​ប្រទានពរ​ឲ្យ​រួច​ផុត​គ្រោះថ្នាក់​ពី​ការធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ ។

ខ្ញុំ​បាន​រៀន​ច្រើន​អំពី​ឧទ្ធម្ភាគចក្រ​ចាប់តាំង​ពី​ថ្ងៃ​នោះ​មក ។ បទពិសោធន៍ របស់ យើង នៅ ក្នុង ការធ្លាក់ឧទ្ធម្ភាគ ចក្រ នោះ គឺ ជា លទ្ធផល នៃ អតុល្យភាព មួយ រវាង ធាតុ ដ៏ សំខាន់ ដែល ធ្វើ ឲ្យ ឧទ្ធម្ភាគចក្រ នោះ ហោះហើរ នៅ លើ អាកាស បាន ។ នៅពេល​សម្រេច​បាន​តុល្យភាព​ចំណោម​ល្បឿន​នៃ​ស្លាបចក្រ​ធំ ស្លាបចក្រ​កន្ទុយ និង​ទំហំ​មុំ នោះ​ការ​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ជា​រឿង​ដ៏​គួរ​ឲ្យ​រីករាយ ។ បើ​មិន​ដូច្នោះ​ទេ វា​គឺជា​រឿង​គួរ​ឲ្យ​រន្ធត់​ណាស់ ! ខ្ញុំ​អាច​ថ្លែងទីបន្ទាល់ផ្ទាល់​ខ្លួន​អំពី​ការណ៍​នោះ​បាន ។

សូម​យើង​ចំណាយ​ពេល​មួយ​ភ្លែត ដើម្បី​បំបែក​ធាតុ​សំខាន់ៗ​ទាំង​ទាំនេះ​ឲ្យ​កាន់​តែ​លម្អិត ។

ធាតុទីមួយ​គឺជា​ស្លាបចក្រ​ធំ ។ ការវិល និង​ប្រវែង​ស្លាប​ចក្រ​បង្កើត​ជា​កម្លាំង​លើក​ឡើង និង​កម្លាំង​បង្វិល ។ ទោះ​យ៉ាង​ណា កម្លាំង​បង្វិល​ដែល​បង្កើត​ដោយ​ស្លាប​ចក្រ​ធំ​ត្រូវ​តែ ត្រូវ​គ្នា​មាន​តុល្យភាព ឬ​ បើ​មិន​ដូច្នោះទេ ឧទ្ធម្ភាគចក្រ​នឹង​វិល​ដោយ​មិន​អាច​គ្រប់​គ្រង​បាន​ឡើយ ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖នេះ​ជា​មូលហេតុ​ដែល​ឧទ្ធម្ភាគ​ចក្រ​មាន​ស្លាប​ចក្រកន្ទុយ ។ វា បង្កើត ជា ការផ្ទុយ នឹង កម្លាំង បង្វិល ស្លាប ចក្រ ធំ ។ ល្បឿន ស្លាបចក្រ ធំ ត្រូវ បាន គ្រប់គ្រង ដោយ អ្នក បើក ឧទ្ធម្ភាគចក្រ តាម រយៈ ការគ្រប់គ្រង ល្បឿន ដោយ ប្រើ ជើង ម្ខាង ។ ល្បឿន ស្លាប ចក្រ កន្ទុយ ត្រូវ បាន គ្រប់គ្រង ដោយ ជើង ម្ខាង ទៀត ។ ការកែតម្រូវ​ជា​ទៀតទាត់​ចំពោះ​ល្បឿន​ស្លាប​ចក្រ​ទាំង​ពីរ​គឺជា​រឿង​ចាំបាច់​បំផុត ។

ជាថ្មី​ម្ដងទៀត បើ​មិន​ធ្វើ​ដូច្នេះ​ទេ នោះ​វា​នឹង​គ្មាន​លទ្ធផល​ល្អ​ទេ ។

អែលឌើរ ស្ទីវ៉ែនសុន ៖៖ ពិតហើយ ឥឡូវ បន្ទាប់ទៀត គឹ ចង្កឹះលេខ ។ ចង្កឹះលេខ គ្រប់គ្រង មុំ របស់ ឧទ្ធម្ភាគចក្រ ដែល ជា ថ្នូរ មក វិញ វា គ្រប់គ្រង ទិសដៅ លទ្ធភាព បត់បែន និង លំនឹង របស់ ឧទ្ធម្ភាគចក្រ វា ដំណើរការ យ៉ាង ស៊ីសង្វាក់ ជា មួយ នឹង ស្លាបចក្រ ធំ និង ស្លាបចក្រ កន្ទុយ ។ អ្នក​បើក​ឧទ្ធម្ភាគចក្រ​ប្រើ​ចង្កឹះ​លេខ​នោះ​ដោយ​ដៃ​ស្ដាំ​របស់​គាត់ ។

ជាចុងបញ្ចប់ ទម្ងន់​ផ្ទុក និង​ទំហំ​មុំ​របស់​ឧទ្ធម្ភាគចក្រ​កំណត់​នូវ​ល្បឿន និង​ថាមពល​ដែល​តម្រូវ​ឲ្យ​មាន​សម្រាប់​ស្លាបចក្រ​ធំ និង​ស្លាប​ចក្រ​កន្ទុយ ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖នៅ ពេល​ធាតុ​ទាំងអស់​នេះ​មាន​ភាព​ស៊ីសង្វាក់​គ្នា នោះ​តុល្យភាព​មាន​ភាព​ត្រឹមត្រូវ ។ ស្លាបចក្រ​ធំ ស្លាបចក្រ​កន្ទុយ ចង្កឹះ​លេខ ទម្ងន់ និង​ទំហំ​មុំ—វា​ទប់ទល់​នឹង​កម្លាំង​ទំនាញ​ផែនដី ។

តើ​ប្អូន​អាច​ភ្ជាប់​ការធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ដ៏​ស្រស់ ស្អាត តែ​ស្មុគស្មាញ នេះ ទៅ នឹង ជំពូក ថ្មី នៃ ជីវិត ផ្ទាល់ ខ្លួន និង​អាជីព​របស់ប្អូន​ដោយ​របៀប ណា ?

អែលឌើរ ស្ទីវ៉ែនសុន ៖ខ្ញុំ​សូម ណែនាំ នូវ គំនិត មួយ ចំនួន ដែល បាន បំផុស ដោយ សារលិខិត ដែល ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន ថ្លែង នៅ ក្នុង សន្នសីទ សម្រាប់ ថ្នាក់ដឹកនាំ ដែល ខ្ញុំ បាន ចូលរួម កាល ពី ច្រើន​ឆ្នាំ កន្លង ទៀត ។ វា​នឹង​បង្កើត ទំនាក់ទំនង​នេះ​សម្រាប់​ប្អូន ។

លោក​បាន​រៀបរាប់​ថា « យើង​ម្នាក់ៗ​មាន​ការ​ទទួលខុស​ត្រូវ​បួន​យ៉ាង ។ ទីមួយ យើង​មាន​ការទទួលខុសត្រូវ​ចំពោះ​គ្រួសារ​យើង ។ ទីពីរ យើង​មាន​ការទទួលខុសត្រូវ​ចំពោះ​និយោជក​យើង ។ ទីបី យើង​មាន​ការទទួលខុសត្រូវ​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ទីបួន យើង​មាន​ការទទួលខុសត្រូវ​លើ​ខ្លួន​យើង » ។១០

ដោយ​ការ​ប្រើ​ការ​ប្រៀបធៀប​ដូចគ្នា​អំពី​តុល្យភាព តាមរយៈ​អន្ដរកម្ម​នៃ​កត្តា​សំខាន់ៗ​នៃ​ឧទ្ធម្ភាគចក្រ ចូរ​យើង​ក្រឡេក​មើល​ទៅ​ការទទួល​ខុសត្រូវ​ទាំង​បួន​យ៉ាង​តាម​របៀប​ដូចគ្នា​នេះ ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖យើង​ចាប់ផ្ដើម​ជាមួយ​នឹង​គេហដ្ឋាន និង​គ្រួសារ ដែល​ជា​កត្តា​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើង ។ វា​គឺ​ជា​រឿង​ដ៏​សំខាន់​ដែល​ប្អូន​មិន​ត្រូវ​ព្រងើយ​កន្តើយ​នឹង​គ្រួសារ​របស់​ប្អូន​ឡើយ ។ « គ្មាន​អ្វី​ដែល​មាន​តម្លៃ​ជាង​គ្រួសារ​របស់​ប្អូន​ទេ ។… វា​គឺ​ជា​ទំនាក់ទំនង​គ្រួសារ ដែល​ប្អូន​នឹង​នាំ​យក​ទៅ​ក្នុង​ជីវិត​ក្រោយ​ទៀត » ។១១ នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​បាន​សង្កត់ធ្ងន់​យ៉ាង​ខ្លាំង​លើ​សារៈសំខាន់​នៃ​គេហដ្ឋាន និង​ក្រុម​គ្រួសារ ។

ការ​ណែនាំ​នាពេល​ថ្មីៗ​នេះ​ទាក់ទង​នឹង​តុល្យភាព​ថ្មី​រវាង​ការ​បង្រៀន​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ ព្រមទាំង​កាលវិភាគ​ការ​ប្រជុំ​ដែល​បាន​កែតម្រូវ គឺជា​ការបង្ហាញ​ដ៏​ធំ​មួយ​ថា គេហដ្ឋាន និង គ្រួសារ​គួរតែ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ស្លាបចក្រ​ធំ​នៅ​ក្នុង​ជីវិត​របស់​យើង ។

ប្រធាន ណិលសុន​បាន​សំណូមពរ​យើង​ឲ្យ « ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​រៀបចំ​គេហដ្ឋាន​របស់ [ យើង ] ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការរៀនសូត្រ​ដំណឹងល្អ » ។ នៅពេល​យើង​ធ្វើ​ដូច្នេះ លោក​បាន​សន្យា​ថា « យូរៗ​ទៅ​ថ្ងៃ​ឈប់​សម្រាក របស់​បងប្អូននឹង​បាន​ជា​ទីរីករាយ​ចិត្ត​យ៉ាង​ពិតប្រាកដ ។ កូនចៅរបស់​បងប្អូននឹង​មាន​ចិត្ត​រំភើប​ក្នុងការ​រៀន និង​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ហើយ​ឥទ្ធិពល​របស់​មារ​សត្រូវ​នៅក្នុង​ជីវិត របស់​បងប្អូននិង​គេហដ្ឋាន របស់​បងប្អូនននឹង​ត្រូវ​សាបរលាប ។ ការ​ផ្លាស់ប្ដូរ​នៅក្នុង​គ្រួសារ​របស់​បងប្អូន​នឹង​មាន​យ៉ាង​ខ្លាំង និង​រឹងមាំ » ។១២

អែលឌើរ ស្ទីវ៉ែនសុន ៖បន្ទាប់​ទៀត ចូរ​យើង​ពិចារណា​ពី​ការងារ ឬ ជីវិត​អាជីព​របស់​ប្អូន—ជា​មុខ​របរ​របស់​ប្អូន ឬ បើ​ជា​សិស្ស គឺ​ជា​ការអប់រំ​ដែល​ប្អូន​កំពុងស្វែងរក​ដែល​វា​នឹង​ដឹកនាំ​ទៅ​រក​អាជីព ឬ ការងារ​ពេញ​ម៉ោង​របស់​ប្អូន ។ ពិតណាស់ ការអប់រំ​ពង្រីក​លទ្ធភាព​មាន​ការ​ងារ​ធ្វើ​របស់​ប្អូន ។ ការងារ​អនុញ្ញាត​ឲ្យ​ប្អូន​មើល​ថែ​ខ្លួន​ឯង គ្រួសារ​របស់​ប្អូន និង​មនុស្ស​ដទៃ ។ ការងារ​ដឹកនាំ​ទៅ​រក​ភាព​ខ្លួន​ទីពឹង​ខ្លួន ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ នៅ​ក្នុង​បរិយាកាស​ការងារ​របស់​ប្អូន ប្អូន​មាន​កាតព្វកិច្ច​មួយ​ចំពោះ​និយោជក​របស់​ប្អូន ប្អូន​ត្រូវ​ស្មោះត្រង់ និង មាន​ភក្តីភាព​ដើម្បី​ផ្តល់​នូវ​លទ្ធផល​ដែល​រំពឹងទុក​ដែល​ប្អូន​ទទួល​បាន​នូវ​ភាពតបស្នង​វិញ ។ ប្អូន​ត្រូវ​ខិតខំ​ឲ្យ​អស់​ពីលទ្ធភាព​នៅ​ក្នុង​ការងារ ឬ​អាជីព​របស់​ប្អូន ។

ចំពោះ​ការ​បង្ហាញ​របស់​យើង សូម​ចាត់ទុក​ថា ការងារ​ដូចជា​ស្លាបចក្រ​កន្ទុយ​នៃ​ឧទ្ធម្ភាគចក្រ ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖ដើម្បី​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​សម្រាប់​ខ្លួន​ឯង និង​គ្រួសារ​របស់ប្អូន នោះ​ប្អូន​ត្រូវ​តែ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​សម្រាប់​ការងារ​របស់ប្អូន​ដែរ ។ រឿង​ទាំងពីរ​នេះ​ចងភ្ជាប់​គ្នា​យ៉ាង​ខ្លាំង ហើយ​តុល្យភាព​រវាងរឿង​ទាំងពីរ​គឺ​ជា​រឿងដ៏ចាំបាច់ ។ មាន​និយោជក សង្គមវិទូ និង​អ្នកប្រឹក្សា អាជីវកម្ម កាន់​តែ​ច្រើន​ឡើងៗ កំពុង​ប្រកាន់​យក​អត្ថប្រយោជន៍​នៃ​តុល្យភាព​រវាង ការងារ និង ជីវិត ។

អែលឌើរ ស្ទីវ៉ែនសុន ៖ធាតុទីបី​នៃ​តុល្យភាព​ដ៏​ចាំបាច់​ក្នុង​ជីវិត​គឺ​ចំពោះ​ព្រះអម្ចាស់ និង​កិច្ចការ​របស់​ទ្រង់ ។ នេះ​គឺជា​គោលបំណង​ដ៏​សំខាន់​មួយ​នៃ​ហេតុផល ដែល​យើង​ម្នាក់ៗ​មកកាន់​ផែនដី​នេះ ។ យើង​រស់នៅ​លើ​ផែនដី​នេះ​ដើម្បី​ស្រឡាញ់ គោរព ប្រតិបត្តិ និង​បម្រើ​ទ្រង់ និង​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌​យើង ដែល​ជា​បងប្អូនប្រុសស្រី​របស់​យើង​នៅ​ជុំវិញ​ពិភពលោក ។ ព្រះអម្ចាស់​ត្រូវការ ការខិតខំ និង​ទេពកោសល្យ​របស់​យើង​ដើម្បី​ស្ថាបនានគរ​ទ្រង់ ។

« សូម​បែងចែក​ពេលវេលា​របស់​បងប្អូន​ដើម្បី​បំពេញ​ការទទួលខុសត្រូវ​របស់​បងប្អូន​ក្នុង​សាសនាចក្រ » ។១៣ ខ្ញុំ​យល់​ដឹង​ថា ពាក្យ បែង​ចែកគឺជា​ពាក្យ​ណែនាំ​សំខាន់ ។ វា​តម្រូវ​ឲ្យ​យើង​ធ្វើ​ការជ្រើសរើស​ដែល​មាន​សតិសម្បជញ្ញៈ​ដើម្បី « មានពេលវេលា » សម្រាប់​ការបម្រើ​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់​នៅ​ក្នុង​ជីវិតប្រចាំថ្ងៃ​របស់​យើង ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖ភាព​ជា​អ្នកដឹកនាំ និង​ការបម្រើ​​គឺ​ជា​ធាតុ​សម្គាល់​ពីរ ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ប្អូន​ម្នាក់ៗ​នឹង​ត្រូវ​បាន​សុំ​ឲ្យ​រួម​ចំណែក​ចំពោះ​នគរ​ព្រះ​តាម​របៀប​ខុសៗ​គ្នា ។ ការហៅ​ដែល​កើត​មាន​ចំពោះ​ប្អូន និង​មនុស្សដទៃ​ទៀត​នៅ​ក្នុង​គ្រួសារ​របស់ប្អូន អាច​កើតឡើង​នៅ​គ្រា​ដែល​មើលទៅ​មាន​ការលំបាក ។ ទោះ​ជា​យ៉ាង​នេះក្ដី « បើសិនជា​អ្នករាល់គ្នា​មាន​បំណង​ចង់​បម្រើ​ដល់​ព្រះ នោះ​អ្នករាល់គ្នា​បាន​ហៅ​ឲ្យធ្វើ​កិច្ចការ​នោះ​ហើយ » ។១៤

លើស​ពី​នេះ ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង ប្រធាន ណិលសុន បាន​បង្រៀន​យើង​ថា ពិភពលោក​របស់​យើង​ផ្លាស់ប្ដូរ​ឥត​ឈប់ឈរ គឺ​ដូច​ជា​ការបម្រើ​របស់​យើង​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដែរ ។ លោក​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ឱបក្រសោប « ស្ថានភាព​ធម្មតា​ជា​ថ្មី » ។ លោក​បាន​សំណូម​ពរ​យើង​ឲ្យ « ផ្ដល់​ការងារ​បម្រើ​ដល់​អ្នកដទៃ ។ រក្សា​ទស្សនវិស័យ​អស់​កល្បជានិច្ច ។ [ ហើយ ] តម្កើង​ការហៅ [ របស់​យើង ] » ។១៥

អែលឌើរ ស្ទីវ៉ែនសុន ៖ការ​លើកទឹកចិត្ត​នេះ​ផ្ដល់​ចក្ខុវិស័យ​ដល់​យើង​ម្នាក់ៗ​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​ត្រូវបានហៅ​ឲ្យ​ធ្វើ ប៉ុន្តែ​ក៏​ណែនាំ​យើង​ឲ្យ​រក្សា​ទស្សនវិស័យ​អស់កល្ប​ជានិច្ច​របស់​យើង​ផងដែរ ឬ​និយាយ​ម្យ៉ាង​ទៀត​គឺ ធ្វើ​ឲ្យ​វា​មាន​​តុល្យភាព​ជាមួយ​នឹង​ការទទួលខុសត្រូវ​សំខាន់ៗ​ផ្សេង​ទៀត​របស់​យើង ។ ខ្ញុំ​គិត​អំពី​ការ​បម្រើ​ក្នុង​សាសនាចក្រ​ដូចជា​ចង្កឹះ​លេខ​នៃ​ឧទ្ធម្ភាគចក្រ ដែល​វា​ធ្វើ​ឲ្យ​យើង​មាន​លំនឹង ហើយ​តម្រង់​ទិស​យើង ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖ធាតុ​ចុង​ក្រោយ​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​គឺជា​កាតព្វកិច្ច​មួយ​ចំពោះ​ខ្លួន​យើង ។

ជីវិត​អាច​មាន​ភាពមមាញឹក ខ្លាំង ។ វា​សំខាន់​ដែល​យើង​ត្រូវ​បន្ថយ​ល្បឿន​នៅ​ពេល​ខ្លះ ដើម្បី​ទទួល​បាន​កម្លាំង​ជាថ្មី ហើយ​មើល​ឲ្យ​បាន​ដិតដល់​ចំពោះ​សេចក្ដី​ត្រូវការ​របស់​ខ្លួនយើង​ផ្ទាល់ ដូចជា​ការ​សម្រាក លំហាត់​ប្រាណ សកម្មភាព​កម្សាន្ត និង​ការ​អភិវឌ្ឍផ្ទាល់​ខ្លួន​ខាង​វិញ្ញាណ ។ ថ្មីៗ​នេះ ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ​បាន​ផ្ដល់​យោបល់​ជាក់​ស្ដែង​ដ៏​មាន​តម្លៃ ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ចការ​នេះ ។

អែលឌើរ ស្ទីវ៉ែនសុន ៖ពិតណាស់ លីសា ពួកលោក​បាន​ធ្វើ​បែប​នោះ​មែន ។ ថ្មីៗ​នេះ ប្រធាន​បាឡឺដ​បាន​ណែនាំ​ពី​សារៈសំខាន់​នៃ​ការ​ស្វែង​រក​ពេលវេលា​ដ៏ស្ងប់ស្ងាត់ ។ លោក​មាន​ប្រសាសន៍​ថា ៖

« ខណៈ​ដែល​បច្ចេកវិទ្យា​តែង​តែ​ជា​ពរជ័យ​មួយ​នៅ​ក្នុង​ជីវិត​ខ្ញុំ វា​ក៏​អាច​ជា​ការ​រំខាន​មួយ​ដែល​ដាក់​ជា​របាំង​រវាង​យើង និង​សមត្ថភាព​របស់​យើង ដើម្បី​ស្ដាប់ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​ដែរ ។ ខ្ញុំ​ប្រាប់ចៅៗ​របស់​ខ្ញុំ​ថា ពួកគេ​គួរ​តែ​ញែក​ពេល​ដ៏​ស្ងប់ស្ងាត់​រៀងរាល់ថ្ងៃ​ដើម្បី​គិត​ពី​ជីវិត​របស់​ពួកគេ ហើយ​សញ្ជឹង​គិត​ពីអ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ។ …

« …ខ្ញុំ​មិន​អាច​ភ្ជាប់​នឹង​ស្ថានសួគ៌​នៅ​ក្នុង​ភាព​រញ៉េរញ៉ៃ​បាន​ទេ ។… នៅពេល​ខ្ញុំ​នៅ​ក្នុង​ភាព​[ស្ងៀម​ស្ងាត់] នោះ​ជា​ពេល​ដែល​ខ្ញុំ​ទទួល​បាន​ការ​បំផុស​គំនិត » ។១៦

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន មាន​ប្រសាសន៍​អំពី​ការអធិស្ឋាន​ដ៏​ម៉ឺងម៉ាត់ ។ លោក​មាន​ប្រសាសន៍​ថា ៖​« មាន​មេរៀន​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​… ការអធិស្ឋាន​ដ៏​ម៉ឺងម៉ាត់ និង​បន្ទាន់ ដើម្បី​យក​ឈ្នះ … ភាព​ផ្ទុយ​របស់​មារសត្រូវ ការមើលថែ​ក្នុង​ថ្ងៃ​នោះ ឬ​ការរំខាន​ក្នុង​គំនិត​របស់​យើង » ។១៧

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​រៀបរាប់​ពី​កត្តា​បីយ៉ាង​ដើម្បី​ជួយ​ខ្លួនយើង ហើយ​កត្តា​នីមួយៗ​មាន​តម្លៃ​យ៉ាង​ខ្លាំង ។

ទីមួយ គាត់​អញ្ជើញ​ព្រះវិញ្ញាណ​តាម​រយៈ​បទគម្ពីរ​ទាំងឡាយ ។ គាត់​មាន​ប្រសាសន៍​ថា​« រឿង​ដំបូង​មួយ​ដែល​ខ្ញុំ​ធ្វើ​នៅពេល​ព្រឹក​ដើម្បី​មាន​ព្រះវិញ្ញាណ គឺ​ការអាន​ព្រះគម្ពីរ ។ វា​ជួយ​ខ្ញុំ​ឲ្យ​មាន​គំនិត​ត្រឹមត្រូវ ដើម្បី​ខ្ញុំ​អាច​ទទួល​បាន​វិវរណៈ » ។

ធាតុ​ទីពីរ របស់​គាត់​គឺ​ថ្វាយបង្គំ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ « វិធី​ដ៏អស្ចារ្យ​មួយ​ទៀត ដើម្បី​អាច​ស្ដាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​កាន់​តែ​ច្បាស់​គឺជា​ការ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពេលខ្លះ កាល​ខ្ញុំ​កំពុង​អង្គុយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​នឹង​ទទួល​បាន​ចម្លើយ​មួយ​ចំពោះ​ការអធិស្ឋាន ឬ​ ខ្ញុំ​មាន​គំនិត​មួយ​ខណៈ​ដែល​ខ្ញុំ​នៅ​ស្ងៀម​ស្ដាប់​ព្រះវិញ្ញាណ » ។

ទីបី គាត់​មាន​ប្រសាសន៍​ថា​« តន្ត្រី … ជួយ​ខ្ញុំ​ឲ្យ​ស្ដាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​ទំនុកតម្កើង ទោះ​ជា​ស្ដាប់​តែ​ទំនុក​ភ្លេង​សុទ្ធ​ក្ដី ។ ខ្ញុំ​ចេះ​ទំនុកបទ​ទាំងនោះ ដោយសារ​ខ្ញុំ​ធ្លាប់​ច្រៀង​វា​យូរ​មក​ហើយ ដូច្នេះ​វា​ដក់​ជាប់​នៅ​ក្នុង​គំនិត​ខ្ញុំ » ។១៨

អែលឌើរ ស្ទីវ៉ែនសុន ៖វា​ហាក់​ដូចថា ជារឿយៗ ការចំណាយ​ពេល​សម្រាប់​ខ្លួន​យើង​គឺជា​រឿង​ដ៏​លំបាក​បំផុត ប៉ុន្តែ​វា​ក៏ជា​រឿង​ដ៏​សំខាន់​បំផុត​ដែរ ។ ខ្ញុំ​ធ្លាប់ឮ​គេ​រៀបរាប់​វា​ដូចជា ការ​ផ្អាក​ឲ្យ​មាន​ពេល​គ្រប់គ្រាន់​ពី​ការងារ​ដ៏​មមាញឹក​នៃ​ការ​អារឈើ ដើម្បី​សំលៀង​ផ្លែ​រណារ ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖ការ​ចងចាំ​ថា​យើង​មាន​ការទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួនយើង និង​ការ​ដាក់​បញ្ចូល​ការណ៍​នោះ​មួយ​ជំហាន​ម្ដងៗ​ទៅ​ក្នុង​ជីវិត​របស់​យើង នោះ​វា​នឹង​ក្លាយ​ជា​ពរជ័យ​មួយ ។ ខ្ញុំ​បាន​ឃើញ​ថា នៅពេលខ្ញុំ​អភិវឌ្ឍខ្លួន​ខាង​សាច់​ឈាម ខាង​ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ វា​មិន​គ្រាន់តែ​នាំ​មក​នូវ​អត្ថប្រយោជន៍​ដ៏​ធំ​មួយ​ចំពោះ​ខ្ញុំ​ផ្ទាល់​នោះទេ ប៉ុន្តែ​វា​អនុញ្ញាត​ឲ្យ​ខ្ញុំ​បីបាច់​គ្រួសារ និង​មិត្តភក្ដិ​ខ្ញុំ​ផង​ដែរ ។

សូម​ក្រឡេក​មើល​ថាតើ​ផ្នែក​ទាំងបួន​នៃ​ជីវិត​របស់​យើង​មាន​ភាព​រលូន​យ៉ាងណា បើបាន​ប្រតិបត្តិ​ដោយ​ចក្ខុវិស័យនិង ​តុល្យភាព​នោះ ! ពួកវា​ដំណើរការ​រួមគ្នា​បាន​ល្អ​ណាស់​មែន​ទេ ?

អែលឌើរ ស្ទីវ៉ែនសុន ៖ពិត​ជា​បែប​នោះ​មែន ។ ឥឡូវ​ទោះ​ជា​នៅពេល​យើង​និយាយ​ពី​តុល្យភាព​នៅ​ក្នុង​ទិដ្ឋភាព​ខុសៗ​គ្នា​ក្នុង​ជីវិត​របស់​យើង​ក្ដី ក៏​យើង​ត្រូវ​ដាក់​រឿង​នេះ​នៅ​ក្នុង​ទស្សនវិស័យ​ត្រឹមត្រូវ​ដែរ ។

អែលឌើរ បែដណា បាន​សង្ខេប​រឿង​នេះ​នៅ​ក្នុង​ការចុះផ្សាយ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ថ្មីៗ​នេះ ។ លោក​បាន​មាន​ប្រសាសន៍​ថា​« ពេលខ្លះ យើង​សញ្ជឹង​គិត​រាល់​ការទទួលខុសត្រូវ​របស់​យើង​នៅ​ផ្ទះ សាលា​រៀន ការងារ និង​ព្រះវិហារ ហើយ​ងឿងឆ្ងល់​ថាតើ​យើង​អាច​សម្រេច​បាន​នូវ​តុល្យភាព​មួយ​នៅ​ក្នុង​ការទាមទារ​ដ៏​ច្រើន​ពី​ពេលវេលា​របស់​យើង​យ៉ាង​ដូចម្ដេច ។ ជំនួស​ឲ្យ​ការធ្វើ​ខ្លួន​យើង​មាន​ការ​ថប់បារម្ភ ដោយ​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ពេល​តែ​មួយ នោះ​យើង​គួរ​តែ​កំណត់​ពី​រឿង​សំខាន់ៗ​មួយ​ចំនួន​ដែល​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​យើង ។ បន្ទាប់មក យើង​អាច​ខិតខំ​ផ្ដល់​ពេលវេលា​ដល់​កិច្ចការ​នីមួយៗ​តាម​សេចក្ដីត្រូវការ​របស់វា—ម្ដង​មួយៗ » ។១៩

លីសា រឿង​នេះ​រំឭក​បង​អំពី​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ចងចាំ​មួយ​ជាមួយ​នឹង​ឪពុក​បង ។ ខ្ញុំ​គឺ​ជា​ឪពុក​វ័យ​ក្មេង​ម្នាក់ ហើយ​ខ្ញុំ​មាន​អាជីវកម្ម​មួយ​ដ៏​មមា​ញឹក ។ យប់មួយ ខ្ញុំ​បាន​ដើរ​ចូល​ទៅ​ក្នុង​ពិធី​ជប់លៀង​ថ្ងៃ​ខួប​កំណើត​គ្រួសារ​យឺត ។ កូនៗ​យើង និង​បងប្អូនជីដូន​មួយ​របស់​ពួកគេ​មក​ពេញ​ផ្ទះ ។ ប៉ុន្តែ​ខ្ញុំ​បាន​ដើរចូល​ទៅ​ក្នុង​ផ្ទះ​ដោយ​មិន​ខ្វល់ ហើយ​អង្គុយ​នៅ​កាច់​ជ្រុង​បន្ទប់ ដោយ​បារម្ភ​ពី​អាជីវកម្ម និង​វួដ​របស់ខ្ញុំ ។

ឪពុក​ខ្ញុំ​បាន​ដើរ​មក​រក​ខ្ញុំ ហើយ​ពោល​ពាក្យ​ខ្លាំងៗ​ថា « ហ្គារី តើ​កូន​កំពុង​ធ្វើ​អី​ហ្នឹង ? » នៅពេល​ខ្ញុំ​ប្រាប់​គាត់​ពី​ការ​បារម្ភ​អំពី​ការទទួល​ខុសត្រូវ​នៅ​ព្រះវិហារ និង​ការងារ ខ្ញុំ​ស្មាន​ថា​គាត់​អាណិត​ខ្ញុំ​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ផ្ទុយ ទៅ​វិញ គាត់​បាន​អង្គុយ​ក្បែរ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា​គាត់​ព្រួយ​ពី​ខ្ញុំ ហើយ​ថា​ខ្ញុំ​ត្រូវ​ធ្វើ​ការ​កែតម្រូវ​មួយ​ចំនួន ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ដាច់​ឆ្ងាយពី​គ្រួសារ​ខ្ញុំ នៅ​ពេល​ខ្ញុំ​នៅ​ជាមួយ​ពួកគេ ។ តើ​អូន​នៅ​ចាំ​រឿង​នេះ​ទេ លីសា ?

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖ អូន​ចាំ​បាន​ល្អ​ណាស់ !

អែលឌើរ ស្ទីវ៉ែនសុន ៖គាត់​បាន​ពោល​ថា « នៅ​ពេល​កូន​នៅ​ផ្ទះ សូម​ចាត់​ទុក​ផ្ទះ​ជា​អាទិភាព មិនមែន​ព្រះវិហារ និង​ការងារ​ទេ ។ នៅពេលកូន​ទៅ​ធ្វើ​ការ សូម​ជ្រើសរើស​យក​វា​ជា​អាទិភាព មិនមែន​ផ្ទះ និង​ព្រះវិហារ​នោះទេ ។ នៅ​ពេល​កូន​នៅ​ព្រះវិហារ សូម​ជ្រើស​យក​វា​ជា​អាទិភាព មិនមែន​ការងារ និង​ផ្ទះ​ទេ » ។

ឥឡូវ​ទោះបី​ជា​ឱវាទ​នេះ​មាន​ការលំបាក​ក្នុង​ការធ្វើ​សមាហរណកម្ម​ក្តី ហើយ​សូម្បី​ពេល​នេះ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ភាពឥតខ្ចោះ​ក៏​ដោយ​ក៏​វា​បាន​ជួយ​ខ្ញុំ ។ វា​សម្រាល​បន្ទុក​ខ្ញុំ ហើយ​បាន​មាន​ពេល​ដ៏​ល្អ​យ៉ាង​ច្រើន​ក្នុង​ជីវិត​ខ្ញុំ ។ ដូច​នេះ ខ្ញុំ​ចង់​សូម​អញ្ជើញ​ប្អូន​ឲ្យ​គិត​អំពី​រឿង​នេះ​ហើយ សាកល្បង អនុវត្ត​ដោយ​ខ្លួន​ឯង ។

គួរ​ឲ្យ​ចាប់​អារម្មណ៍ នេះ​ស្ទើរ​តែ​ដូច​គ្នា​នឹង​អ្វី​ដែល​អែលឌើរ បែដណា​បាន​ប្រឹក្សា​នៅ​ក្នុង​ការចុះផ្សាយ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​របស់​លោក​ថ្មីៗ​នេះ ។ លោក​បាន​ចែកចាយ​ថា « វា​អាច​ស្ដាប់​ទៅ​សាមញ្ញ ប៉ុន្តែ​យើង​មិន​គួរ​ធុញថប់ ហើយ​ខ្ជះខ្ជាយ​ការ​ខិតខំ និង​ពេលវេលា ដើម្បី​ព្យាយាម​សម្រេច​ឲ្យ​បាន​នូវ​លំនឹង​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ចំណោម​រាល់​កិច្ចការ​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ​នោះ​ទេ ។ នៅ​ពេល​យើង​អធិស្ឋាន​ដោយ​ស្មោះ សូម​ជំនួយ​ពី​ព្រះ​ដើម្បី​កំណត់​ពី​អ្វី​ដែល​សំខាន់​បំផុត នោះ​ទ្រង់​នឹង​ដឹកនាំ ហើយ​ជួយ​យើង​ឲ្យ​ផ្ដោត​លើ​ការ​ខិតខំ​របស់​យើង​ពី​មួយ​ថ្ងៃ​ទី​មួយ​ថ្ងៃ » ។២០

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖ឥឡូវនេះ ខ្ញុំ​មាន​ដំណឹង​អាក្រក់​តូច​មួយ​ចង់​ចែកចាយ ។ បើ​ប្អូន​ធ្វើ​តាម​ការប្រឹក្សា​នេះ ហើយ​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​មាន តុល្យភាព និង ចក្ខុវិស័យ នោះ​ប្អូន​នឹង​នៅ​តែ​មាន​ភាពបរាជ័យ​មួយ​ចំនួន​ដដែល ។ ប្អូន​នឹង​មាន​របួស ហើយ ជាំ​មួយ​ចំនួន ។

មាន​ពេល​ខ្លះ ទស្សនវិស័យ​របស់​ប្អូន​ទំនង​ជា​មាន​ភាពស្រអាប់​ដោយ ផ្លូវ​មានអ័ព្ទ ឬ ប្អូនអាច បាត់បង់​តុល្យភាព​របស់ប្អូន ។ ប៉ុន្ដែ នេះ​ជា​ដំណឹងល្អ​មួយ ៖ ប្អូន​គឺ​ជា​បុត្រា និង​បុត្រី​របស់​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ។

បទគម្ពីរ​បង្រៀន​យើង​ថា « ដ្បិត​ព្រះទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច … និង​ប្រាជ្ញា​នឹង​ធឹង​វិញ » ។២១ ហើយ​សូម​កុំ​ភ្លេច​ពី​ការប្រឹក្សា​ដ៏​សំខាន់​នេះ​មក​ពី​ព្រះអម្ចាស់​ផ្ទាល់​ថា « ហេតុដូច្នោះហើយ ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ដ្បិត​យើង​ជា​ព្រះអម្ចាស់ គង់​នៅ​ជា​មួយ​នឹង​អ្នក ហើយ​នឹង​ឈរ​នៅ​ក្បែរ​អ្នក » ។២២ ដូច្នេះ​ហើយ ប្អូន​មាន​ប្រភព​កម្លាំង​ដ៏​ស្ថិតស្ថេ​ដែល​មិន​ចេះអស់ នៅ​ក្នុង​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង—គឺ​ព្រះយេស៊ូវគ្រីស្ទ ។

អែលឌើរ ស្ទីវ៉ែនសុន ៖ឥឡូវនេះ សូម​ស្ដាប់​ការ​លើក​ទឹក​ចិត្ត​ដ៏​បំផុស​គំនិត​សម្រាប់​ប្អូន​ម្នាក់ៗ នៅ​ទី​នេះ​នា​ថ្ងៃ​នេះ​មក​ពី​ប្រធាន​ណិលសុន លោក​បាន​មាន​ប្រសាសន៍​ថា « ព្រះ​ទ្រង់​បាន​ជ្រាប​ថា … ផ្លូវ​នៃ​សេចក្ដីសញ្ញា​មិន​ងាយ​នឹង​រក​ឃើញ ឬ​បន្ត​ដើរ​នោះ​ឡើយ ។ ដូច្នេះ ទ្រង់​បាន​បញ្ជូន​ព្រះរាជ​បុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​មក​ធ្វើ​ដង្វាយធួន​សម្រាប់​យើង ហើយ​បង្ហាញ​ផ្លូវ​ដល់​យើង ។ អំណាច​របស់​ព្រះ​ដែល​មាន​ចំពោះ​មនុស្ស​គ្រប់រូប​ដែល​ស្រឡាញ់ ហើយ​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​អំណាច​ដើម្បី​ព្យាបាល​យើង ពង្រឹង​យើង លាង​សម្អាត​យើង​ពី​អំពើ​បាប ហើយ​តម្កើង​យើង​ឲ្យ​ធ្វើ​កិច្ចការ​ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន » ។២៣

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖​ចូរ​ឲ្យ​ចំណេះដឹង​អំពី​អត្តសញ្ញាពិត​របស់ប្អូន និង​បុគ្គល​ដែល​នៅ​ខាង​ប្អូន ជួយ​ប្អូន​ឲ្យ​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​ទស្សនវិស័យ​ច្បាស់​លាស់ និង​តុល្យភាព​នឹង​នរ ។ ព្រះអម្ចាស់ « នឹង​ពង្រីក​ឱកាស​របស់​អ្នក បន្ថែម​ចក្ខុវិស័យ​របស់​ប្អូន និង​ចម្រើន​កម្លាំង​ដល់​ប្អូន » ។២៤

អែលឌើរ​ស្ទីវ៉ែនសុន ៖អស្ចារ្យណាស់ ដែល​បាន​នៅ​ជា​មួយ​ប្អូនៗ​នា​រាត្រី​នេះ ។ ហើយ​យើង​សូម​បញ្ចប់​ឥឡូវនេះ​ដោយ​ការបង្ហាញ​ពី​ការដឹងគុណ​របស់​យើង​និង​ការអញ្ជើញ​ដល់​ប្អូន រាល់​គ្នា​និង​ធ្វើ​នូវ​ទីបន្ទាល់​របស់​យើង ។ សូម​អញ្ជើញ​ប្អូន​ម្នាក់ៗ​ឲ្យ​ពិចារណា ទីមួយ សូម​ពិចារណា អំពី ចក្ខុវិស័យ​ដំណឹងល្អ​របស់​ប្អូន​ដើម្បី​ធានា​និង​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ប្អូន​ដែល​ជា​បុត្រី​និង​បុត្រា​នៃ​ព្រះ ។

ទីពីរ សូម​ពិចារណា​ពី​របៀប​ដែល​ប្អូន​ដោះស្រាយ​ទំនួលខុសត្រូវ បួន​យ៉ាង​របស់​ប្អូន​ចំពោះ គេហដ្ឋាន និង គ្រួសារ ការអប់រំ និង ការងារ ចំពោះ​សាសនាចក្រ និង ខ្លួន​ប្អូន ។

ឥឡូវ ទីបី ខ្ញុំ​សូម​អញ្ជើញ​ឲ្យ​ប្អូន​រក​កន្លែង​ស្ងប់ស្ងាត់​ហើយ​សរសេរ​ចំណាប់​អារម្មណ៍​មួយ​ចំនួន​ដែល​ប្អូន​បាន​ទទួល​ក្នុង​អំឡុងពេល​នៃ​ការប្រជុំធម្មនិដ្ឋាន​នេះ ។ សូម​ចាំ​ថា​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្អូន​ម្នាក់ៗ​មាន​នូវ​អំណោយ​ទាន​ជា​មួយ​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

ស៊ីស្ទើរ​ស្ទីវ៉ែនសុននៅ​ពេល​ប្អូន​ធ្វើ​តាម​ការអញ្ជើញ​របស់​អែលឌើរ ស្ទីវ៉ែនសុន សូម​កុំ​ភ្លេច​អំពី​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ដែល​បាន​មក​មុន​យើង ដែល​យើង​បាន​និយាយ​អំពី​អ្នក​ដែល បាន តាំង ទីលំ នៅ​ជ្រលងភ្នំ​នេះ ក៏ ដូច ជា​អស់​អ្នក​ដែល​រស់នៅ​ក្នុង​គ្រួសារ​នីមួយៗ​និង​ប្រទេស​កំណើត​របស់​ប្អូន ។ ស្មារតី ជា អ្នកត្រួសត្រាយផ្លូវ និង គំរូ នៃ ការ ធ្វើ អ្វី ដែល ពិបាក ក៏ អាច ផ្តល់ ឲ្យ ប្អូន នូវ ទំនុកចិត្ត ក្នុង ការធ្វើ អ្វី ដែល លំបាក ផងដែរ ។

អែលឌើរ​ស្ទីវ៉ែនសុន ៖ដូច្នេះ​ដូច ជា​ពួកបរិសុទ្ធ ពី​មុនដែរ យើង​ត្រូវ​សម្លឹង​ទៅមុខ ។ យើង​សម្លឹង​មើល​ទៅលើ ។ និង យើងសម្លឹងមើលក្នុង ចក្ខុវិស័យ និង តុល្យភាព ដំណឹងល្អ ។

ស៊ីស្ទើរ ស្ទីវ៉ែនសុន ៖សូម​ថ្លែងទីបន្ទាល់​របស់​ខ្ញុំ​ថា ប្អូន​អាច​ទទួល​បាន« ការភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥតខ្ចោះ »២៥ គឺ​ថា​ព្រះវរបិតាសួគ៌​ស្គាល់​ប្អូន​ម្នាក់ៗ តាម​ឈ្មោះ​ហើយ​ថា​ទ្រង់​ស្រឡាញ់​ប្អូន ។ សូម​ថ្លែង​ជា​សាក្សី​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ថា ជា​ព្រះរាជបុត្រា តែ​មួយ​គត់​នៃ​ព្រះ​ដ៏​មាន​ព្រះជន្មរស់ ។ ហើយ​ខ្ញុំ​ធ្វើ​កិច្ចការនេះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន៕

អែលឌើរ​ស្ទីវ៉ែនសុន ៖អាម៉ែន៕ អរគុណ លីសា ។ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​និង​សាក្សី​របស់​ខ្ញុំ​ដល់​ប្អូនប្រុសស្រី​ដ៏​ស្រស់ស្អាត​របស់​យើង ។ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​របស់​ខ្ញុំ​ថា យើង​ជា​កូន​របស់​ឪពុកម្ដាយ​សួគ៌ា​ជា​ទីស្រឡាញ់ ព្រះវរបិតាសួគ៌ ស្រឡាញ់ប្អូន ហើយ គោលលទ្ធិ របស់​ព្រះវរបិតា គឺ ថា​ទ្រង់​សព្វព្រះទ័យ ឲ្យ​កូនចៅ​ទាំងអស់​របស់​ទ្រង់​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។

ឥឡូវនេះ គោលលទ្ធិ​នេះ​ត្រូវ​បាន​បើកដំណើរការ​ដោយ​ព្រះរាជបុត្រា​របស់ទ្រង់ គឺ​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​អាច​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​របស់​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង​វិញ​បាន ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​របស់​ខ្ញុំ​ចំពោះ​ប្អូន ។ ខ្ញុំ សូម ថ្លែងទីបន្ទាល់ របស់ ខ្ញុំ អំពី ព្រះយេស៊ូវគ្រីស្ទ និង តួនាទី ដ៏ ពិសិដ្ឋ របស់ ទ្រង់ ជា ព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះ របស់ យើង ។ ហើយ ខ្ញុំ សូម ធ្វើ កិច្ចការ នេះ ក្នុង ព្រះនាម ទ្រង់ គឺ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. នៅ​ឆ្នាំ ១៨៨០ វិលហ្វួឌ វូឌដ្រុព្វ បាន​រំឭក​ថា នៅ​ពេល​ទៅ​ដល់​ជ្រលង​ភ្នំ សលត៍ លេក​នៅ​ឆ្នាំ ១៨៤៧ ព្រិកហាំ យ៉ង់​បាន​ថ្លែង​ថា « នេះ​ជា​ទីកន្លែង​ដ៏​ត្រឹមត្រូវ ។ ចូរ​បន្ដ​ទៅ​មុខ​ទៀត » ។ ច្រើន​ឆ្នាំ​ក្រោយ​មក មាន​មនុស្ស​ជាច្រើន​បាន​ចាប់​ផ្ដើម​ប្រើ​ឃ្លា​ខ្លីៗ​ថា « នេះ​ជា​ទីកន្លែង​ដ៏​ត្រឹមត្រូវ » ។ សូមមើល « Pioneers’ Day » Deseret Evening Newsថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៨៨០ ទំព័រ ២ ។

  2. អេសាយ ៥:២៦ ។

  3. សូមមើល « Pioneers’ Day » ។

  4. ពាក្យ​ពេចន៍​ដើម​របស់​វីនស្ដុន ឆឺតឈីល​គឺ « កាលណា​យើង​ក្រឡេក​មើល​ទៅ​ក្រោយ​កាន់​តែ​ឆ្ងាយ នោះ​យើង​ក៏​អាច​មើល​ទៅ​​មុខ​កាន់​តែ​ឆ្ងាយ​ដែរ » ( Winston Churchill [ សុន្ទរកថា ខែ មីនា ឆ្នាំ ១៩៤៤ ] នៅ​ក្នុង Susan Ratcliffe, ed., Oxford Essential Quotationsកំណែ​ទី ៤ [ Oxford University Press ឆ្នាំ ២០១៦ ], s.v. « Winston Churchill, » បាន​ចូល​ប្រើ ថ្ងៃ​ទី ២៧ ខែ មេសា ឆ្នាំ ២០២១ ) ។

  5. រ័សុល អិម ណិលសុន, « Four Gifts from the Savior » Ensignខែ ធ្នូ ឆ្នាំ ២០១៩ ទំព័រ ១៥ ។

  6. « មក មក ពួកបរិសុទ្ធ » ទំនុកតម្កើងល.រ.​១៨ ។

  7. Jonathan Swift, in N. Raghuraman 101 Positive ThoughtsNew Delhi: Prabhat Prakashan ឆ្នាំ ២០១៧ ) ។

  8. សុភាសិត ២៩:១៨ ។

  9. អិម រ័សុល បាឡឺដ « Return and Receive »​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៧ ។

  10. ហ្គរដុន ប៊ី ហ៊ិងគ្លី « Rejoicing in the Privilege to Serve » ទំព័រ ២២ ។

  11. ហ្គរដុន ប៊ី ហ៊ិងគ្លី «Rejoicing in the Privilege to Serve » ទំព័រ ២២ ។

  12. រ័សុល អិម ណិលសុន « Becoming Exemplary Latter-day Saints » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៨ ដកចេញ​បញ្ជាក់​បន្ថែម ។

  13. ហ្គរដុន ប៊ី ហ៊ិងគ្លី « Rejoicing in the Privilege to Serve » Worldwide Leadership Training Meetingថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ២០០៣ ទំព័រ ២៣ ។

  14. គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៣ ។

  15. រ័សុល អិម ណិលសុន « A New Normal » សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០២០ ។

  16. អិម រ័សុល បាឡឺដ « How I Hear Him in Still and Quiet Moments » ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  17. ជែហ្វ្រី អ័រ ហូឡិន « To ‘Hear Him’ Is the Essence of the Restoration » ថ្ងៃ​ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  18. ជីន ប៊ី ប៊ីងហាំ « The More I ‘Hear Him,’ the More I Understand Him » ថ្ងៃ​ទី ១៤ ខែ ឧសភា ឆ្នាំ ២០២០ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  19. ដេវីឌ អេ បែដណា, Facebook, ថ្ងៃ​ទី ១៩ ខែ មេសា ឆ្នាំ ២០២១ នៅលើ​គេហទំព័រ facebook.com/davida.bednar

  20. ដេវីឌ អេ បែដណា, Facebook, ថ្ងៃ​ទី ១៩ ខែ មេសា ឆ្នាំ ២០២១ នៅលើ​គេហទំព័រ facebook.com/davida.bednar

  21. ធីម៉ូថេទី២ ១:៧ ។

  22. គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:៦ ។

  23. រ័សុល អិម ណិលសុន « The Love and Laws of God » ( Brigham Young University devotional ) ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ នៅលើ​គេហទំព័រ speeches.byu.edu

  24. ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Where Are the Keys and Authority of the Priesthood? » សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៦ ។

  25. នីហ្វៃ ទី​២ ៣១:២០ ។