ការអធិប្បាយរបស់អែលឌើរ និង ស៊ីស្ទើរ ហ្គីលប៊ឺត
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃ អាទិត្យ ទី ៥ ខែ ឧសភា ឆ្នាំ ២០២៤
អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ សូមអរគុណ អែលឌើរ និង ស៊ីស្ទើរ ហ្គូដយ ។ កាលពីដើមសប្ដាហ៍នេះ ខ្ញុំបានប្រាប់ភរិយារបស់ខ្ញុំថា អែលឌើរ និង ស៊ីស្ទើរ ហ្គូដយ នឹងហៅយើងឲ្យនិយាយបន្តិចបន្តួច ។ ហើយគាត់បាននិយាយថា « តើនឹងមានអ្នកចូលរួមប៉ុន្មាននាក់ ? ។ ខ្ញុំបានតបថា « អូ មានមនុស្សពីរបីពាន់នាក់នៅឯរោងឧបោសថ និងមួយសែននាក់មកពីជុំវិញពិភពលោក ។ មិនមានសម្ភាធសោះ » ។
បងពិតជាបានណែនាំប្រកបដោយអានុភាពណាស់នៅយប់នេះ ។ អែលឌើរ និង ស៊ីស្ទើរ ហ្គូដយ អរគុណសម្រាប់ការបង្រៀនដ៏ល្អទៅកាន់យុវមជ្ឈិមវ័យ ។ គ្រីស្ទីន និងខ្ញុំមានអំណរគុណដែលមានឱកាសជាច្រើនដើម្បីរៀន និងចូលរួមជាមួយយុវមជ្ឈិមវ័យនៅទូទាំងសាសនាចក្រ ។ ពិតជាអស្ចារ្យណាស់ពេលបានស្ដាប់អែលឌើរ និង ស៊ីស្ទើរ ហ្គូដយ នៅល្ងាចនេះ ។ ពេលយើងចាស់ទៅ យើងចង់ក្លាយដូចជាអែលឌើរ និង ស៊ីស្ទើរ ហ្គូដយដែរ ។ ច្បាស់ណាស់ថា ពួកលោកដឹងពីតម្រូវការ និងកង្វល់របស់យុវមជ្ឈិមវ័យ ហើយស្រឡាញ់ពួកគេយ៉ាងខ្លាំង ។
អ្វីដែលអស្ចារ្យចំពោះខ្ញុំគឺថា សារលិខិតរបស់ពួកលោកគឺផ្តោតសំខាន់ទៅលើព្រះគ្រីស្ទ និងការបង្រៀនរបស់ព្យាការី ។ ពេលខ្ញុំបានស្តាប់លោកទាំងពីរនៅល្ងាចនេះ ខ្ញុំមានអារម្មណ៍ថាបានស្ដាប់នូវសារលិខិតរបស់ព្យាការី ដែលប្រធាន ណិលសុន ប្រធាន អូក និងសាវកផ្សេងទៀតបានផ្តល់ឲ្យនៅក្នុងការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកផ្សេងទៀតសម្រាប់យុវមជ្ឈិមវ័យ ។ ចូរផ្អាកមួយភ្លែតសិន ហើយជញ្ជឹងគិតទៅលើប្រធានបទដែលពួកលោកបានមានប្រសាសន៍នៅល្ងាចនេះ ។
-
ការមានចំណែកក្នុងព្រះគ្រីស្ទ និងសេចក្តីសញ្ញារបស់យើង
-
ការដើរលេងជាគូ
-
ការទទួលវិវរណៈផ្ទាល់ខ្លួន
-
គំរូនៃការបម្រើ
-
ព្រះវិហារបរិសុទ្ធ
-
បេសកកម្ម
-
-
ការធ្លាក់ក្នុងអន្លង់ស្នេហ៍ និងអាពាហ៍ពិពាហ៍
-
សារៈសំខាន់នៃការចូលរៀនថ្នាក់វិទ្យាស្ថាន
អែលឌើរ និង ស៊ីស្ទើរ ហ្គូដយ មិនត្រឹមតែបានចែកចាយនឹងក្មួយៗអំពីដំណើរជីវិតរបស់ពួកលោកនោះទេ គឺពួកលោកបានធ្វើដូច្នោះដោយផ្ទាល់ និងតាមរបៀបដ៏ស្និទ្ធស្នាលទៀតផង ។ ខ្ញុំសង្ឃឹមថាក្មួយៗនឹងមើលឃើញថា វាជាការបង្ហាញអំពីសេចក្តីស្រឡាញ់ និងការព្រួយបារម្ភរបស់ពួកលោកចំពោះក្មួយៗ ។ ពួកលោកក៏បានចែកចាយសារលិខិតតាមរបៀបដែលពង្រីកឱវាទរបស់ព្យាការី ហើយបានរំឭកយើងថា យើងធ្វើដូច្នេះនៅក្នុង និងតាមរយៈព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទរបស់យើង ។
ស៊ីស្ទើរ គ្រីស្ទីន ហ្គីលប៊ឺត ៖ រូបភាពមួយក្នុងចំណោមរូបភាពដែលខ្ញុំចូលចិត្តជាងគេ នៅល្ងាចនេះ គឺរូបភាពរបស់លោកទាំងពីរ កាលនៅជាគូស្វាមីភរិយាវ័យក្មេង ។ ម៉ូនីកា មើលទៅសុទិដ្ឋិនិយមណាស់ ខណៈ ខាឡូស មើលទៅហាក់ដូចជាភ័យបន្តិច !
ឥឡូវនេះមើលទៅរូបភាពគ្រួសារធំរបស់គ្រួសារហ្គូដយវិញ ។
ខ្ញុំឆ្ងល់ថាតើ ខាឡូស និង ម៉ូនីកា កាលពីក្មេងនោះ ធ្លាប់បានស្រមៃមើលពីអនាគតកូនៗ គ្រួសារសាច់ថ្លៃថ្មីៗ និងចៅៗក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះដែរឬទេ ។ តើពួកលោកអាចស្រមៃដល់ការបញ្ចប់ការសិក្សា អាជីពការងារ ការចាប់ផ្តើម និងការបីបាច់គ្រួសារ ការបម្រើក្នុងសាសនាចក្រ ការរស់នៅជុំវិញពិភពលោក ហើយឥឡូវនេះការហៅរបស់ពួកលោកជាថ្នាក់ដឹកនាំដ៏លេចធ្លោនៅក្នុងសាសនាចក្រដែរឬទេ ? ពួកយើងស្រឡាញ់ អែលឌើរ និង ស៊ីស្ទើរ ហ្គូដយ ។ យើងឃើញថាពួកលោកជាមិត្តភក្តិ និងជាគំរូនៃអ្វីដែលក្មួយៗអាចធ្វើបាន នៅពេលក្មួយៗរក្សាសេចក្តីសញ្ញា រស់នៅតាមដំណឹងល្អ និងមានព្រះអម្ចាស់នៅក្នុងដំណើរជីវិតនោះ ។ ខ្ញុំសូមឈរជាសាក្សីថា នៅពេលយើងដាក់ឲ្យព្រះអម្ចាស់មានចំណែក នោះទ្រង់នឹងដឹកនាំបំណងប្រាថ្នារបស់យើង ហើយលើកតម្កើងការខិតខំដ៏អស់ពីសមត្ថភាពរបស់យើង ។
អែលឌើរ ហ្គីលប៊ឺត ៖ ការគិតពិចារណាអំពីដំណើររបស់អែលឌើរ និង ស៊ីស្ទើរ ហ្គូដយ និងលំនាំនៃការដាក់ព្រះអម្ចាស់ឲ្យមានចំណែកក្នុងជីវិតយើង បានរំឭកខ្ញុំអំពីបទពិសោធន៍ផ្ទាល់ខ្លួនដែលខ្ញុំមានជាមួយអែលឌើរ ហ្គូដយ កាលពីប្រាំមួយឆ្នាំមុន ។
កាលណោះខ្ញុំកំពុងបម្រើជា ប្រធាន BYU–Pathway Worldwid ហើយអែលឌើរ ហ្គូដយ ជាប្រធានតំបន់នៃអាមេរិកខាងត្បូង ភាគពាយ័ព្យ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង លីម៉ា ប្រទេសប៉េរូ ។
ប្រទេសប៉េរូ គឺជាតំបន់ដ៏អស្ចារ្យមួយរបស់សាសនាចក្រ ដែលមានស្តេកជាង ៤០ ហើយឥឡូវនេះមានព្រះវិហារបរិសុទ្ធចំនួនពីរ ។ យើងមាននិស្សិត BYU–Pathway រាប់ពាន់នាក់នៅក្នុងប្រទេសប៉េរូ ។ នៅយប់នោះ ក៏ដូចជាយប់នេះដែរ យើងបានសូម អែលឌើរ ហ្គូដយ ឲ្យថ្លែងទៅកាន់យុវមជ្ឈិមវ័យអំពីដំណើរនៃការអប់រំរបស់ពួកលោក ។
អែលឌើរ ហ្គូដយ បានរៀបចំសុន្ទរកថាសម្រាប់ឡើងនិយាយ ប៉ុន្តែពេលយើងអង្គុយជាមួយគ្នានៅលើវេទិកា ដោយសម្លឹងមើលទៅនិស្សិតទាំងអស់ លោកចាប់ផ្តើមមានអារម្មណ៍ជ្រួលច្របល់ចំពោះអ្វីដែលយើងកំពុងស្នើសុំឲ្យពួកនិស្សិតធ្វើ ។ លោកមានអារម្មណ៍រំជួលចិត្ត នៅពេលដែលលោកគិតអំពីយុវមជ្ឈិមវ័យទាំងនេះកំពុងរៀនភាសាអង់គ្លេស ចូលរៀនវគ្គសិក្សាមហាវិទ្យាល័យ ហើយនិស្សិតទាំងអស់នោះធ្វើការពេញម៉ោង និងកំពុងសិក្សាភាសាទីពីរ ។ ដោយយកឈ្នះលើអារម្មណ៍នោះ អែលឌើរ ហ្គូដយ បានទុកសុន្ទរកថាដែលបានត្រៀមទុកមួយអន្លើ រួចក្រោកឈរប្រកាសដោយចិត្តក្លាហានថា ៖ « អ្វីដែលយើងកំពុងសុំឲ្យក្មួយៗធ្វើគឺពិបាក—ជាពិសេសបើក្មួយៗកំពុងព្យាយាមធ្វើវាដោយខ្លួនឯង ។ មធ្យោបាយតែមួយគត់ដើម្បីធ្វើបែបនេះបានគឺ ការដាក់ព្រះអម្ចាស់ឲ្យមានចំណែកនៅក្នុងការសិក្សារបស់ក្មួយៗ ។ ចូរយកព្រះអម្ចាស់ជាដៃគូរបស់ក្មួយៗ ហើយអ្វីៗដែលល្អនឹងមករកក្មួយៗមិនឲ្យហួសពេលនោះទេ » ។
ពេលនោះ អែលឌើរ ហ្គូដយ បានដឹងអំពីអ្វីដែលលោកអាចនឹងមិនទាន់យល់ច្បាស់នាពេលនោះ កាលលោកនៅជាយុវមជ្ឈិមវ័យស្លៀកខោជើងប៉ាត់មួយរូប រស់នៅប្រទេសប្រេស៊ីលថា ៖ មធ្យោបាយតែមួយគត់សម្រាប់ក្មួយៗដើម្បីក្លាយជាបុគ្គលដែលក្មួយៗចង់ប្រែក្លាយ និងដើម្បីស្វែងរកអំណរក្នុងដំណើរនេះ គឺការយាងព្រះអម្ចាស់ឲ្យមានចំណែក ។ យប់នេះ យើងបានមើលឃើញសាក្សីនៃគោលការណ៍នោះ ។ ខាឡូស និង ម៉ូនីកា ហ្គូដយ គឺជាគំរូរស់រវើកអំពីអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាននៅពេលយើងដាក់ទីទុកចិត្តលើព្រះអម្ចាស់ និងយកទ្រង់ជាគូកនរបស់យើង ។
យើងស្រឡាញ់គូស្វាមីភរិយានេះ ហើយសូមណែនាំសារលិខិតរបស់ពួកលោកទៅកាន់ក្មួយៗនៅយប់នេះ ។ គ្រីស្ទីន និងខ្ញុំ សូមចែកចាយទីបន្ទាល់របស់យើងថា នៅពេលក្មួយៗដាក់ព្រះអម្ចាស់ឲ្យមានចំណែកនៅក្នុងការខិតខំរបស់ក្មួយៗ នោះទ្រង់នឹងធ្វើឲ្យមានអព្ភូតហេតុនៅក្នុងជីវិតរបស់ក្មួយៗ ។ ខ្ញុំសូមពោលពាក្យទាំងនេះក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។