ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៤
សេចក្តីជំនឿ​នៅ​លើ​អនាគត


5:36

សេចក្តីជំនឿ​នៅ​លើ​អនាគត

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃ អាទិត្យ ទី ៥ ខែ ឧសភា ឆ្នាំ ២០២៤

សូម​អរគុណ​អែលឌើរ និង ស៊ីស្ទើរ ហ្គីលប៊ឺត សម្រាប់​មតិយោបល់ និង​ទីបន្ទាល់​របស់​ប្អូន​ទាំងពីរ ។ ខ្ញុំ​ពិត​ជា​ចងចាំ​បទពិសោធន៍​នោះ​នៅ​ប្រទេស​ប៉េរូ និង​ការបង្រៀន​របស់​ប្អូន​ផងដែរ ហើយ​ពួកខ្ញុំ​និង​ពួកគេ​មាន​ពរណាស់​ដែល​បាន​ស្ដាប់​ការបង្រៀន​របស់​ប្អូន​នៅ​ថ្ងៃ​នោះ ។

ខ្ញុំ​ចង់​បញ្ចប់មតិ​​របស់​ខ្ញុំ​ដោយ​ពាក្យ​ពីរ​ម៉ាត់គឺ ៖ ក្តីសង្ឃឹម ។

ខ្ញុំ​ជឿ​ថា វា​ងាយសម្រាប់​យើង​ដែល​ជា​មនុស្ស​ចាស់​ដើម្បី​ស្គាល់​ព្រះហស្ដ​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​យើង​ជាជាង​ក្មេងៗ ។ ព្រោះ​យើង​បាន​រស់នៅ​ច្រើន​ឆ្នាំ ហើយ​មាន​បទពិសោធន៍​ច្រើន​ក្នុង​អតីតកាល​របស់​យើង នោះ​យើង​អាច​ក្រឡេក​មើល​ឃើញ​ព្រះហស្ត​របស់​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់​ កំពុងដឹកនាំ​ និង​ការពារ​យើង​នៅ​ក្នុង​ជីវិត ។

ឥឡូវ​នេះ ពេល​ខ្ញុំ​ក្រឡេក​មើលទៅ​អតីតកាល ខ្ញុំ​ដឹង​ថា ​ខ្ញុំធ្លាប់​​គិត​ថា ខ្ញុំ​នៅ​ឯកាជាច្រើនលើក​ច្រើន​គ្រា​តែតាមពិត ខ្ញុំ​ពុំ​នៅ​តែ​ម្នាក់​ឯង​ទេ ។ ពេលនេះ ខ្ញុំ​អាច​មើលឃើញ​ថា កាល​ដែល​ឱកាស​មួយចំនួន​ត្រូវ​បានបិទ ហើយ​ខ្ញុំ​ងឿងឆ្ងល់​ពី មូលហេតុ និង​ត្អូញត្អែរ​អំពីវា កាល​ដែល​ខ្ញុំ​គិត​ថា ការអធិស្ឋាន​របស់​ខ្ញុំពុំ​ទទួល​ចម្លើយ តាម​ពិតទៅ​ឱកាស​ផ្សេង​ទៀត​ក្នុងពេល​មួយ​ផ្សេង​ទៀត ឬ​នៅ​កន្លែង​ផ្សេង​ទៀត កំពុងតែ​បើកឡើង​នាំទៅកាន់​ផ្លូវ​ដែល​ល្អ​ប្រសើរជាង ។ ប៉ុន្តែពេលនោះ ខ្ញុំ​មើលមិនឃើញ​ដូច្នេះ​ទេ ។ តែខ្ញុំ​អាច​មើល​ឃើញ​វា​ឥឡូវ​នេះ ពេល​ក្រឡេក​មើល​ទៅ​ក្រោយ​វិញ ។

មាន​ពេល​ជាច្រើន ខ្ញុំ​បានគិត​ថា ខ្ញុំ​ជា​ម្នាក់់​ដែល​ធ្វើការ​សម្រេចចិត្ត​ដ៏​ឈ្លាសវៃ​ដោយ​ខ្លុន​ឯង ឬ​ជាមួយ​ម៉ូនីកា ដោយ​ជឿថា​ខ្ញុំ​ឆ្លាត​ក្នុងការ​កសាង​អនាគត​ដ៏​ភ្លឺស្វាង​របស់​ខ្ញុំ ។ ឥឡូវនេះ​ខ្ញុំ​អាច​មើលឃើញ​ព្រះហស្ដ​លាក់កំបាំង​នៅ​ពីក្រោយ កំពុង​ដឹកនាំ និង​ការពារ​ខ្ញុំ​ពី​កំហុស​ដែល​អាច​កើត​មាន ។ ខ្ញុំ​អាច​មើលឃើញ​ថា ទ្រង់​តែងតែ​គង់​នៅក្បែរ​ខ្ញុំ​ជានិច្ច ។

នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​ថា យើង​មាន​ព្រះវរបិតាសួគ៌​ដែល​ស្គាល់​យើង ហើយ​យកព្រះទ័យ​ទុកដាក់​ចំពោះ​យើង ។ ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​ថា យើង​មាន​ព្រះអង្គ​សង្គ្រោះ​ដែល​ស្រឡាញ់​យើង ហើយ​ត្រៀម​ជួយយើង ជាស្រេច​ក្នុង​កាលៈទេសៈ​ណា​មួយ​នៃ​ជីវិត​របស់​យើង ។

ពេល​ខ្លះ អ្នក​ខ្លះ​អាច​គិត​ថា គ្មាន​នរណា​ម្នាក់​ដឹង​អំពី​អ្វី​ដែល​អ្នក​កំពុង​ឆ្លងកាត់​ក្នុង​ជីវិត​ទេ អ្នក​អាច​និយាយ​ត្រូវ យើង​មិន​ដឹង​ទេ ។ ប៉ុន្តែ​ព្រះអង្គសង្គ្រោះ​ទ្រង់​ជ្រាបដឹង ។ អែលឌើរ បែដណា បង្រៀន​យើង​ថា ៖

« គ្មាន​ការឈឺចាប់​ខាង​រូបកាយ គ្មាន​ការឈឺចាប់​ខាង​ព្រលឹង គ្មាន​ការរងទុក្ខ​ខាងវិញ្ញាណ គ្មាន​គុណវិបត្តិ ឬ​ភាពទន់ខ្សោយ​ណា​ដែល​អ្នក ឬ​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ក្នុង​ដំណើរ​ជីវិត​រមែង​ស្លាប់នេះ​ ដែល​ព្រះអង្គ​សង្គ្រោះ​មិនធ្លាប់​ដកពិសោធន៍​ជាមុន​នោះ​ទេ ។ ក្នុងគ្រា​នៃសភាពទន់ខ្សោយ អ្នក និង​ខ្ញុំ​អាច​ស្រែកយំ​ថា ‹ គ្មាន​នរណាម្នាក់​យល់​ទេ ។ គ្មាន​នរណាម្នាក់​ដឹង​ទេ › ។ ប្រហែល​ជា​គ្មាន​មនុស្ស​ណា​ម្នាក់​ដឹង​ទេ ។ ប៉ុន្ដែ ព្រះរាជបុត្រា​នៃ​ព្រះ​ដឹង​យ៉ាង​ឥតខ្ចោះ ហើយ​យល់​ច្បាស់ ដោយសារ​ទ្រង់​បាន​ធ្លាប់ជួបប្រទះ និង​ទ្រាំទ្រ​បន្ទុក​នោះ មុន​យើង​ទៅទៀត ។ ហើយ​ដោយសារ​ទ្រង់​បាន​បង់​ថ្លៃ និងរែក​បន្ទុក​នោះ នោះទ្រង់​យល់យ៉ាង​ឥត​ខ្ចោះ ហើយ​អាច​លាត​ព្រះហស្ត​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​មកក្នុង [ ជីវិត ] យើងជា​ច្រើនលើក​ច្រើនគ្រា » ។

នៅក្នុង អាលម៉ា ៧ យើង​រៀន​ពី​របៀប និង​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​អាចប្រទាន​ជំនួយបែ​ប​នេះ​ឲ្យ ៖

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការឈឺចាប់ និងទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង ហើយ​ទ្រង់​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំង​ឡាយ ដែល​បាន​ចែង​ទុក​មក​ថា ទ្រង់​នឹង​លើកដាក់​លើ​ខ្លួន​ទ្រង់​នូវ​ការ​ឈឺ​ចាប់ និង​ជំងឺ​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់ » ។

ដូច្នេះ​ហើយ ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​ មិន​គ្រាន់តែ​ដោយសារ​អំពើ​ទុច្ចរិត​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​បាន​រងទុក្ខ​នូវភាពអយុត្តិធម៌ ការឈឺចាប់ ការខូចចិត្ត និង​ទុក្ខព្រួយ​ផ្លូវចិត្ត​ទាំងអស់​ដែល​យើង​អាច​ឆ្លងកាត់​ក្នុង​ជីវិត​របស់​យើង​ផងដែរ ។

បន្ទាប់មក អាលម៉ា បាន​បញ្ចប់​ថា ៖

« ហើយ​ទ្រង់​នឹង​ដាក់លើ​រូបអង្គ​ទ្រង់​នូវ​សេចក្តី​ស្លាប់ ដើម្បី​ទ្រង់​អាច​ស្រាយ​ចំណង​ទាំងឡាយ​នៃ​សេចក្តី​ស្លាប់​ដែល​ចង​រាស្ត្រ​ទ្រង់ ហើយ​ទ្រង់​នឹងដាក់មក​លើ​រូបអង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់​របស់​ពួកគេ ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្តី​មេត្តា​ករុណា ស្របតាម​សាច់ឈាម​ដើម្បី​ទ្រង់​អាច​ដឹង ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់គេ » ។

ខ្ញុំ​មាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​អំពី​ជំនួយ​ពី​ស្ថានសួគ៌​នេះ ។ ខ្ញុំ​បាន​ដកពិសោធន៍​វា​ពេញ​ក្នុង​យុវ​វ័យ​របស់​ខ្ញុំ អាពាហ៍ពិពាហ៍​របស់​ខ្ញុំ ភាព​ជា​ឪពុករបស់​ខ្ញុំ និង​ជីវិត​ជា​អ្នកដឹកនាំ​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ព្រះប្រោសលោះ​ខ្ញុំ​មាន​ព្រះជន្ម​រស់ និង​តាមរយៈ​ព្រះគុណ និង​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​អាច​មានសេច​ក្តីសង្ឃឹម និង​អំណរ​នៅក្នុង​ជីវិត​នេះ និង​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ​នា​ពេល​អនាគត ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​អស់​ពី​ចិត្ត​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ដេវីឌ អេ បែដណា « In the Strength of the Lord » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០០១ ) ទំព័រ ៧ នៅលើ​គេហទំព័រ speeches.byu.edu ។

  2. អាលម៉ា ៧:១១ ។

  3. អាលម៉ា ៧:១២