មេរៀនចេញមកពីជីវិតយុវមជ្ឈិមវ័យ
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃ អាទិត្យ ទី ៥ ខែ ឧសភា ឆ្នាំ ២០២៤
សេចក្ដីផ្ដើម
អែលឌើរ ខាឡូស អេ ហ្គូដយ ៖ អរគុណក្មួយៗសម្រាប់ការចូលរួមជាមួយពួកយើងនៅថ្ងៃនេះ នៅកន្លែងដ៏ស្រស់ស្អាត និងប្រវត្តិសាស្ត្រនេះ ។ វាគឺជាការដ៏ល្អណាស់ដែលជួបក្មួយៗនាថ្ងៃនេះ ។ សូមអរគុណដែលបានចូលរួមជាមួយយើងមកពីគ្រប់ទិសទីក្នុងពិភពលោក ។ ពួកយើងចូលចិត្តនៅជាមួយយុវមជ្ឈិមវ័យ ។ ក្មួយៗមានតួនាទីដ៏សំខាន់នៅក្នុងសាសនាចក្រ ហើយក្មួយៗកំពុងរស់នៅក្នុងគ្រាដ៏សំខាន់មួយក្នុងជីវិត ។ ការសម្រេចចិត្តរបស់ក្មួយៗនៅថ្ងៃនេះនឹងជះឥទ្ធិពលដល់អនាគតក្មួយៗយ៉ាងខ្លាំង ។ ដូច្នេះល្ងាចនេះយើងចង់ឲ្យអ្វីមួយដែលជាជំនួយបន្ថែមពីលើសារលិខិតដ៏អស្ចារ្យជាច្រើន ដែលបានទទួលនៅក្នុងការប្រជុំធម្មនិដ្ឋានផ្សេងៗទៀត ។
ខ្ញុំរីករាយដែលបានអមដំណើរជាមួយ បងប្រុស ឆាត វិប និងភរិយារបស់លោក គ្រីស្ទី និងអែលឌើរ ក្លាក ហ្គីលប៊ឺត និងភរិយារបស់លោក គ្រីស្ទីន ។ អរគុណចំពោះការចូលរួមជាមួយនឹងពួកយើងនាថ្ងៃនេះ ។
ខ្ញុំរំភើបចិត្តណាស់ដែលម៉ូនីកាបានអមដំណើរជាមួយខ្ញុំនៅក្នុងការប្រជុំធម្មនិដ្ឋាននេះ ។ យើងនឹងប្រើរបៀបបង្រៀនជាក្រុម ហើយខ្ញុំសង្ឃឹមថាក្មួយៗនឹងចូលចិត្ត ។
ក្នុងសារលិខិតរបស់យើង យើងនឹងចែកចាយវីដេអូគំនូរជីវចលខ្លីមួយ ដែលផលិតដោយសាសនាចក្រតំាងពីយើងនៅក្មេង ។ កាលនោះខ្ញុំ និងម៉ូនីកាមានអាយុស្របាលក្មួយៗ ។
តាមរយៈវីដេអូនេះ យើងសង្ឃឹមថានឹងបង្រៀនក្មួយៗអំពីគោលការណ៍មួយចំនួនដែលអាចអនុវត្តក្នុងជីវិតក្មួយៗនាពេលឥឡូវនេះ ។ វាគឺជាវីដេអូមួយដែលមានរយៈពេលប្រាំនាទី ដែលក្មួយៗនឹងមើលឃើញពីដំណាក់កាលផ្សេងៗនៃជីវិតរបស់យើង ។ សូមយកចិត្តទុកដាក់ ហើយព្យាយាមកត់សម្គាល់គោលការណ៍ទាំងនោះដែលក្មួយៗជឿថាវាអាចទាក់ទងទងនឹងក្មួយៗ ។ រួចយើងនឹងត្រឡប់មកវិញ ដើម្បីនិយាយអំពីចំណុចមួយចំនួន ។ យល់ព្រមទេ ?
[ វីដេអូ ]
ខ្ញុំពុំបានស្វែងរកដំណឹងល្អ ឬព្រះវិហារទាល់តែសោះ ។ កាលខ្ញុំអាយុ១៦ ឆ្នាំ មិត្តភក្តិបងប្រុសខ្ញុំបានមកលេងផ្ទះដើម្បីអញ្ជើញប្អូនស្រីពួកយើងទៅចូលរួមសកម្មភាពនៅព្រះវិហារ ព្រោះគាត់គិតថាបងប្រុសខ្ញុំ និងខ្ញុំមិនចាប់អារម្មណ៏នឹងព្រះវិហារទេ ។ ហើយពេលយើងទៅដល់ទីនោះ ពួកគេបានលេងសកម្មភាពសាមញ្ញៗ ហើយពួកគេបានចូលរួមយ៉ាងសកម្ម និងសើចយ៉ាងក្អាកក្អាយ ។ ខ្ញុំបានគិតថា « ហេតុអ្វីបានជាពួកគេសប្បាយចិត្តម៉េ្លះ ? »
ដូច្នេះពីរថ្ងៃក្រោយមក ខ្ញុំបានរៀនដំណឹងល្អជាមួយអ្នកផ្សព្វផ្សាយសាសនានៅក្នុងរោងជំនុំ ព្រោះគ្រួសារខ្ញុំមិនចាប់អារម្មណ៍នឹងរឿងនោះទេ ។ ខ្ញុំរីករាយនឹងដំណឹងល្អ ។ ខ្ញុំបានដឹងថាវាជាការពិត សមល្មមនឹងយល់ព្រមទទួលពិធីបុណ្យជ្រមុជទឹក ទោះជាគ្មានវត្តមានពីឪពុកម្ដាយរបស់ខ្ញុំក៏ដោយ ។ ប៉ុន្តែវាពិបាកនឹងសម្របខ្លួនណាស់ ។
ខ្ញុំគ្មានមិត្តភក្ដិទេ ដូច្នេះខ្ញុំឈរតែនៅខាងក្រោយរោងជំនុំ—សម្លឹងមើល ស្ដាប់ រួចហើយត្រឡប់ទៅផ្ទះវិញ ។ ក្មួយៗអាចធ្វើដូច្នេះមួយរយៈ ប៉ុន្តែបើក្មួយៗគ្មានមិត្តភក្តិ ទោះបីជាក្មួយៗដឹងថាវាជាការពិតក្ដី ក៏វាជាការពិបាកដែរ ជាពិសេសបើក្មួយៗមានមិត្តភក្តិនៅខាងក្រៅព្រះវិហារហៅក្មួយៗត្រឡប់ទៅវិញ ។
នៅថ្ងៃអាទិត្យមួយ ខ្ញុំបានទៅព្រះវិហារម្ដងទៀត ពេលនោះពួកគេកំពុងបំពេញទម្រង់បែបបទ ។ ហើយខ្ញុំបានសួរថា « តើវាជាអ្វី ? »
ពួកគេបាននិយាយថា « វាគឺជាសន្និសីទយុវវ័យ » ។ ឯងគួរតែទៅ » ។
ខ្ញុំបាននិយាយថា « អញ្ចឹងខ្ញុំចង់សាកល្បងទៅដែរ » ។ អ៊ីចឹងយើងបានទៅទីនោះ យុវវ័យទាំងអស់លេង ច្រៀង រាំកម្សាន្ដ តែរំពេចនោះក៏មានសំឡេងមេក្រូនិយាយថា « តោះយើងអធិស្ឋាន » ។
សំឡេងអ៊ូអរទាំងនោះ ប្រែជាមានគារវភាពមួយរំពេច ។ ហើយខ្ញុំបានគិតថា « កើតអីហ្នឹង ? » តើមានរឿងអ្វីកំពុងកើតឡើង ? តើក្រុមយុវវ័យដែលកំពុងឡូឡាទាំងនេះ មានគារវភាពមួយរំពេចព្រោះតែការអធិស្ឋានដោយរបៀបណា ? អស្ចារ្យណាស់ ពួកគេប្លែកខ្លាំងណាស់ ។ ខ្ញុំចង់ដូចជាពួកគេ ។ សម្រាប់ខ្ញុំ វាហាក់ដូចជាព្រះអម្ចាស់កំពុងបញ្ជូនសារលិខិតថ្មីថា « ខាឡូស កុំចុះចាញ់ ។ នេះគឺជាកន្លែងរបស់កូនហើយ » ។
ហើយនៅថ្ងៃបន្ទាប់ កាលខ្ញុំដើរចុះឡើង ខ្ញុំបានឃើញនារីម្នាក់កំពុងផ្លុំខ្លុយតែម្នាក់ឯង ។ ពេលខ្ញុំឃើញនាង ខ្ញុំបាននិយាយថា « អស្ចារ្យណាស់ ! » ហើយបេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតញាប់ជាងមុន ។ ខ្ញុំចង់និយាយជាមួយនាង ។ នាងជាមនុស្សសាមញ្ញ និងរួសរាយរាក់ទាក់ណាស់ ។ ហើយនាងបានចាប់ផ្ដើមនិយាយនឹងខ្ញុំតាមធម្មតា ។ នាងបានក្លាយជាមិត្តខ្ញុំ ជាមិត្តតែម្នាក់គត់របស់ខ្ញុំ ។ ហើយតាមរយៈនាង ខ្ញុំអាចជួបមិត្តភក្តិផ្សេងៗទៀត ។
បន្ទាប់ពីសន្និសីទយុវវ័យនេះ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងបន្តទៅមុខទៀត ។ គ្រួសារខ្ញុំបានផ្លាស់លំនៅទៅឯម្ខាងទៀតនៃទីក្រុង ។ ខ្ញុំបានទៅរោងជំនុំជិតផ្ទះខ្ញុំ តែទាយមើលថានរណានៅទីនោះ—គឺ ម៉ូនីកា ! នោះគឺជាវួដរបស់នាង ។ ពេលចប់ការប្រជុំ បងស្រីម្នាក់បានមករកខ្ញុំ ហើយនិយាយថា « តើប្អូនជាសមាជិកនៃសាសនាចក្រដែរឬ ?»
ខ្ញុំធ្លាប់នឹងសួរសំណួរនោះហើយ ។ ខ្ញុំបាននិយាយថា « បាទ ខ្ញុំគិតថាខ្ញុំជាសមាជិក ពិតណាស់ខ្ញុំជាសមាជិក » ។
គាត់បាននិយាយថា « អូ៎! ប្អូនគួរចូលរួមថ្នាក់សិក្ខាសាលា » ។
ហើយខ្ញុំបានគិតថា បងស្រីដឹងទេ កន្លែងដែលខ្ញុំធ្លាប់រស់នៅនោះ ថ្នាក់សិក្ខាសាលាគឺជាកន្លែងដើម្បីរៀនក្លាយជាសង្ឃ និងជាលោកឪពុក ។
ដូច្នេះខ្ញុំបាននិយាយថា « ទេ ទេ បងស្រីដឹងទេ ខ្ញុំចង់រៀបការ ហើយមានកូន » ។
ហើយគាត់បាននិយាយថា « ប្អូនដឹងទេ ថ្នាក់សិក្ខាសាលាគឺសម្រាប់យុវវ័យ រៀនអំពីដំណឹងល្អ ។ យើងពុំមានយុវវ័យច្រើននៅក្នុងវួដរបស់យើងទេ ។ តាមពិតមានគ្នាតែបីនាក់ប៉ុណ្ណោះ ៖ មាន អាទ្រីអាណូ រីវើ ,ខាឡូស មេនស៊ីនី និង ម៉ូនីកា ប្រេនដូ ។
ហើយខ្ញុំបានគិតថា « អស្ចារ្យណាស់ ។ តែខ្ញុំមិនដឹងថាជាថ្នាក់អ្វីទេ តែខ្ញុំចង់ទៅទីនោះ » ។
ហើយរាល់ព្រឹកខ្ញុំបានទទួលព្រះបន្ទូលល្អនោះអំពីព្រះ ។ វាបានផ្តល់ចំណេះដឹងដល់ខ្ញុំ ថាខ្ញុំជានរណា ហើយផ្ដល់ភាពរឹងមាំដើម្បីបន្តតស៊ូ និងធ្វើការប្រែចិត្ត ។
បន្ទាប់មកខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើជាដៃគូបង្រៀនតាមផ្ទះជាមួយប្រធានយុវជន ។ ហើយទោះបីជាខ្ញុំមិនចេះច្រើនអំពីដំណឹងល្អក្ដី ក៏គាត់តែងតែចាត់តាំងឲ្យខ្ញុំដើម្បីបង្រៀនដែរ ។ ខ្ញុំគិតថាគាត់ទុកចិត្តខ្ញុំច្រើនជាងខ្ញុំទុកចិត្តលើខ្លួនឯងនៅពេលនោះ ។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ៖ គាត់ជាឪពុករបស់ម៉ូនីកា ។ ហើយតាមពិតទៅ ទេពធីតាម៉ូនីកាដែលខ្ញុំបានរៀបរាប់នោះគឺតែងជួយខ្ញុំ—ក្រោយមកនាងបានក្លាយជាភរិយាខ្ញុំ ។ បន្ទាប់ពីយើងទាំងពីរនាក់បានបម្រើបេសកកម្ម យើងបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ហើយឥឡូវនេះនាងជាម្តាយនៃកូនបួននាក់ និងជាជីដូននៃចៅប្រាំពីរនាក់ ។ គាត់នៅតែជាទេពធីតានៅក្នុងជីវិតខ្ញុំ ។
បើក្មួយៗក្រឡេកមើលជុំវិញខ្លួន ខ្ញុំជឿជាក់ថាក្មួយៗនឹងរកឃើញ អស់អ្នកដែលត្រូវការជំនួយពីពួកទេវតា ។ ព្រះអម្ចាស់ត្រូវការក្មួយៗ ។ ដូច្នេះនៅពេលក្មួយៗឆ្លុះកញ្ចក់ សូមកុំភ្លេចថា ៖ នៅក្នុងខ្លួនក្មួយៗគឺមានវិញ្ញាណដ៏ស្រស់ស្អាត ដែលជាបុត្រា ឬបុត្រីរបស់ព្រះវរបិតាសួគ៌ ដែលមានគុណលក្ខណៈ និងសក្តានុពលទាំងអស់នោះនៅក្នុងខ្លួន ។
[ ចប់វីដេអូ ]
អែលឌើរ ហ្គូដយ ៖ ខ្ញុំនឹកម៉ូតសក់នោះ ។ បាទ ។ ឥឡូវយើងនឹងនិយាយអំពីប្រធានបទមួយចំនួន ។ ហើយភាពឯកោគឺជាប្រធានបទដំបូង ។
ក្មួយៗពុំនៅតែឯងឡើយ !
ស៊ីស្ទើរ ម៉ូនីកា ហ្គូដយ ៖ ខ្ញុំជឿថានេះគឺជាគ្រាដ៏ល្អមួយដើម្បីផ្អាក ហើយពិភាក្សាគ្នាអំពីអ្វីដែលបានកើតឡើង ។ កាលខាឡូសនៅក្មេង គាត់មានអារម្មណ៍ឯកោ និងបាក់ទឹកចិត្ត ។
ប្រហែលជាក្មួយៗខ្លះក៏មានអារម្មណ៍ឯកោ ហើយត្រូវបានគេភ្លេច ដូចអ្វីដែលបានកើតឡើងនៅទីនេះដែរ ។ វាពុំស្រួលទេដែលមានអារម្មណ៍ថា យើងត្រូវគេមើលមិនឃើញ ឬគ្មានតម្លៃនោះ ។ សម្រាប់ក្មួយៗដែលមានស្ថានភាពស្រដៀងគ្នានេះ សូមកុំឲ្យអារម្មណ៍នេះសន្ទប់លើក្មួយៗឡើយ ។ ក្មួយៗមិននៅឯកោឡើយ ។ ប្រហែលមនុស្សដទៃមិនទាក់ទង ឬឱបក្រសោបក្មួយៗតាមដែលក្មួយៗចង់បានទេ ។ វាជាស្ថានភាពដ៏សោកសៅមួយ ។ ប៉ុន្តែសូមចាំថា ក្មួយៗពុំនៅតែឯងទេ ពីព្រោះព្រះអង្គសង្គ្រោះតែងតែនៅក្បែរក្មួយៗ ។ ទ្រង់ស្គាល់ក្មួយៗ ទ្រង់ជ្រាបដឹងអំពីអ្វីដែលកំពុងកើតឡើងក្នុងជីវិតក្មួយៗ ទ្រង់ស្រឡាញ់ក្មួយៗ ហើយទ្រង់ឈោងទៅរកក្មួយៗ នៅពេលណាដែលក្មួយៗត្រូវការ ។ សូមកុំបោះបង់ការព្យាយាមចូលរួមចំណែកឡើយ ។ ទ្រង់នឹងបញ្ជូនទេវតាឲ្យជួយដល់ក្មួយៗ ។
អែលឌើរ ហ្គូដយ ៖ ឥឡូវ នេះជាសារលិខិតមួយទៅកាន់យើងទាំងអស់គ្នា ដែលនៅជិតនឹងអ្នកទាំងឡាយដែលមានអារម្មណ៍ឯកោ ឬត្រូវគេបំភ្លេចចោល ។ យើងត្រូវបានចាត់ទុកថាជាពួកទេវតាទាំងនោះ ។ សូមមើលជុំវិញខ្លួន ហើយមើលក្រៅពីមិត្តភក្តិធម្មតារបស់ក្មួយៗ ។ ពួកគេនៅទីនោះ តែងតែនៅទីនោះ ប្រហែលជាក្មួយៗមិនទាន់បានសម្គាល់ឃើញពួកគេទេ ។ ក្មួយៗរវល់នឹងជីវិតដោយមានមិត្តភក្តិ និងដៃគូល្អៗ ដែលធ្វើឲ្យក្មួយៗពុំបានមើលទៅអស់អ្នកដែលសង្ឃឹមថានឹងទទួលបានអារម្មណ៍នៃក្តីស្រឡាញ់ និងការទទួលស្គាល់នោះទេ ។ ប៉ុន្តែពួកគេនៅទីនោះកំពុងតែស្វែងរកមិត្តភាព ទាំងសង្ឃឹមថានឹងមានចំណែកនឹងគេ ។ ពួកគេប្រហែលជានៅខាងក្រោយរោងជំនុំ ឬនៅជ្រុងថ្នាក់រៀន ។ ពួកគេភាគច្រើននឹងមិនពាក់អាវពណ៌ស និងក្រវាត់ក ឬសម្លៀកបំពាក់ថ្ងៃអាទិត្យដ៏ស្រស់ស្អាតនោះទេ ។ ប៉ុន្តែពួកគេកំពុងខិតខំអស់ពីសមត្ថភាពដើម្បីសម្របខ្លួននឹងគេ ។ សូមផ្តល់ឱកាសដល់ពួកគេ ។ ពួកគេត្រូវការស្នាមញញឹម ការចាប់ដៃ និងមិត្តភាពរបស់ក្មួយ ។ នេះជាពាក្យដកស្រង់ចេញមកពីប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល អំពីរឿងនេះ ៖
« ព្រះទ្រង់ពិតជាទតឃើញយើង ហើយទ្រង់ឃ្លាំមើលយើង ។ ប៉ុន្ដែជាធម្មតាទ្រង់ធ្វើដូចនោះតាមរយៈអ្នកដទៃឲ្យមកបំពេញតម្រូវការរបស់យើង » ។
បាទ ។ ការដើរលេងជាគូ ។ ការធ្លាក់ក្នុងអន្លង់ស្នេហ៍ ។
ការធ្លាក់ក្នុងអន្លង់ស្នេហ៍ ។
ស៊ីស្ទើរ ហ្គូដយ ៖ ចា៎ស អញ្ចឹងនេះជាចំណុចល្អមួយទៀតដែលត្រូវនិយាយ ។
អែលឌើរ ហ្គូដយ ៖ បងដឹងថាអូននឹងជ្រើសរើសយករឿងហ្នឹង ។
ស៊ីស្ទើរ ហ្គូដយ ៖ ចា៎ ប្រាកដជាអញ្ចឹងហើយ ! វាជាគ្រាដ៏ល្អមួយ ហើយនេះជាមេរៀនមួយដើម្បីចែកចាយ ។ ក្មួយៗមួយចំនួននឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយងាយដឹងថានរណា ជាមនុស្សជាទីស្រឡាញ់នៅក្នុងជីវិត ។ វាជាការឃើញភ្លាមស្រឡាញ់ភ្លែត ។
អែលឌើរ ហ្គូដយ ៖ បងគិតថានោះគឺជាករណីរបស់បង ។ មើលមុខបង ។
ស៊ីស្ទើរ ហ្គូដយ ៖ ប៉ុន្តែសម្រាប់ខ្ញុំវាខុសគ្នា ។
អែលឌើរ ហ្គូដយ ៖ បងដឹង ។
ស៊ីស្ទើរ ហ្គូដយ ៖ យើងមិនគួររំពឹងថានឹងស្វែងរកដៃគូដ៏អស់កល្បជានិច្ចរបស់យើងដូចរបៀបដែលអ្នកដទៃស្វែងរកនោះទេ ។ សម្រាប់មនុស្សមួយចំនួន វាច្បាស់ និងខ្លាំង ។ សម្រាប់អ្នកដទៃទៀត វាអាចត្រូវចំណាយពេល ការខិតខំ និងការអត់ធ្មត់ច្រើន ។ វានឹងកាន់តែច្បាស់ នៅពេលដែលក្មួយៗបន្តមានទំនាក់ទំនងនេះ ។ សូមកុំចុះចាញ់ឆាប់ពេក ពេលក្មួយៗគ្មានចំណាប់អារម្មណ៍ខ្លាំងពីដំបូងនោះ ។ បទពិសោធន៍បង្រៀនពួកយើងថា អាពាហ៍ពិពាហ៍ដ៏អស្ចារ្យមួយចំនួនបានចាប់ផ្ដើមតាមរបៀបតូចៗ មួយជំហានម្តងៗ មួយថ្ងៃម្តងៗ ។
អែលឌើរ ហ្គូដយ ៖ ម៉ូនីកានិយាយត្រូវណាស់ ។ សម្រាប់យើង វាកើតឡើងតាមរបៀបនោះ ។ ខ្ញុំរំជើបរំជួលក្នុងចិត្តណាស់ ពេលខ្ញុំឃើញនាងភ្លាម ។ សម្រាប់ខ្ញុំវាហាក់ដូចជា ខ្ញុំបានឃើញបង្គោលភ្លើងមួយ ។ រីឯនាងវិញ នាងគ្មានអារម្មណ៍អ្វីពិសេសពីដំបូងឡើយ។ ខ្ញុំចំណាយពេលខិតខំពីរបីខែរហូតដល់នាងបានដឹងថា ខ្ញុំអាចជាជម្រើសល្អមួយ។ ដំបូងយើងបានក្លាយជាមិត្តភក្តិល្អ ហើយបន្ទាប់ពីណាត់ដើរលេងជាគូរបានច្រើនដងមក នៅទីបំផុត នាងបានទទួលស្គាល់ថា នាងបានស្រឡាញ់យុវជន « ដ៏សង្ហារ » នោះ ។ តិច ឬច្រើន ។
បទពិសោធន៍នេះបង្រៀនយើងនូវគោលការណ៍មួយទៀត ៖ របៀបដែលយើងទទួលវិវរណៈ ។ ដំណើរការនៃការស្វែងរកវិវរណៈគឺស្រដៀងគ្នាទៅនឹងដំណើរការនៃការទទួលបានវិវរណៈដែរ ។
ខ្ញុំចូលចិត្តការបង្រៀនរបស់អែលឌើរ បែដណាអំពីវិវរណៈ ។ លោកប្រើគំរូនៃបទពិសោធន៍ពីរដែលពួកយើងភាគច្រើនមានពន្លឺដើម្បីបង្រៀនអំពីបទពិសោធន៍នោះ ។
លោកលើកឡើងអំពីបទពិសោធន៍នៅពេល « យើងចូលទៅក្នុងបន្ទប់ងងឹតមួយ ហើយចុចបើកភ្លើង ។ … ក្នុងមួយរំពេចនោះពន្លឺបានបំភ្លឺពេញបន្ទប់នោះហើយធ្វើឲ្យបាត់ភាពងងឹត ។ … អំពូលភ្លើងបើកនៅក្នុងបន្ទប់ងងឹតគឺដូចជាការទទួលសារលិខិតមកពីព្រះយ៉ាងឆាប់រហ័ស … ហើយតែម្ដងក្នុងពេលតែមួយដែរ » ។ នោះគឺជាករណីដែលខ្ញុំមានអារម្មណ៍អំពីម៉ូនីកា ។
បទពិសោធន៍មួយផ្សេងទៀតគឺនៅពេល « យើងមើលពេលមេឃភ្លឺឡើង ។ … វាផ្ទុយពីការបើកភ្លើងនៅក្នុងបន្ទប់ងងឹត ពន្លឺព្រះអាទិត្យដែលរះឡើង ពុំធ្វើឲ្យភ្លឺភ្លាមៗនោះទេ ។ [ ផ្ទុយទៅវិញ ] វាភ្លឺសន្សឹមៗ និងបន្តិចម្តងៗ ពន្លឺភ្លឺឡើង ហើយ … នៅទីបំផុត ព្រះអាទិត្យបានរះលើជ្រលងភ្នំ ។ …
« ពន្លឺដែលបំភ្លឺបន្ដិចម្ដងៗនៅពេលព្រះអាទិត្យរះគឺប្រៀបដូចជាការទទួលសារមកពីព្រះ ‹ មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ › ( នីហ្វៃទី២ ២៨:៣០ ) » នោះគឺជាករណីរបស់ម៉ូនីកា ពេលរកឃើញថាខ្ញុំជាមនុស្សដែលត្រឹមត្រូវសម្រាប់នាង ។ វាចំណាយពេលយូរបន្តិច ។
អែលឌើរ បែដណាបានបញ្ចប់ថា ៖ « ជានិច្ចជាកាល វិវរណៈកើតឡើងនៅក្នុងកម្រិតដ៏តូច បន្តិចម្ដងៗទៅតាមពេលវេលា ហើយត្រូវបានផ្ដល់ឲ្យស្របតាមបំណងប្រាថ្នា ភាពស័ក្ដិសម និងការរៀបចំខ្លួនរបស់យើង » ។
ស៊ីស្ទើរ ហ្គូដយ ៖ យើងក៏អាចនិយាយដូចគ្នាអំពីការទទួលបានការបញ្ជាក់ខាងវិញ្ញាណអំពីដៃគូដ៏អស់កល្បជានិច្ចរបស់យើង ។ ជាញឹកញាប់ វានឹងកើតឡើងបន្តិចម្តងៗ នៅពេលយើងជួបមនុស្ស ហើយចំណាយពេលជាមួយគ្នានោះ ។
កម្លាំងខាងវិញ្ញាណ
អែលឌើរ ហ្គូដយ ៖ ខ្ញុំសូមនិយាយអំពីរឿងនេះ ។ ដូចដែលក្មួយៗបានឃើញនៅក្នុងវីដេអូ ការចូលរួមថ្នាក់សិក្ខាសាលាគឺជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់ខ្ញុំ ។ ទោះបីជាមូលហេតុដំបូងនៃការចូលរួមនោះ គឺជាស្រីស្អាតពុំមែនជាមេរៀនដំណឹងល្អក៏ដោយ ក៏វាបានជះឥទ្ធិពលខ្លាំងដល់ការផ្លាស់ប្រែចិត្តជឿ និងដំណើរខាងវិញ្ញាណរបស់ខ្ញុំដែរ ។
ព្រោះតែការបង្រៀនដំណឹងល្អជាប្រចាំថ្ងៃទាំងនោះ ទើបខ្ញុំអាចពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួន ហើយអាចទប់ទលនឹងការល្បួងពេញមួយថ្ងៃរបស់ខ្ញុំបាន ។ វាបានជួយខ្ញុំឲ្យយល់ថា ខ្ញុំគឺជាកូនរបស់ព្រះ ហើយថាទ្រង់មានផែនការសម្រាប់ខ្ញុំក្នុងជីវិតនេះ ។
ស៊ីស្ទើរ ហ្គូដយ ៖ គោលការណ៍ដូចគ្នានេះអនុវត្តបានចំពោះថ្នាក់វិទ្យាស្ថានផងដែរ ។ វាក៏មានចំណែកក្នុងថ្ងៃណាត់ជួបរបស់យើងផងដែរ ។ ខ្ញុំសង្ឃឹមថាក្មួយៗទទួលប្រយោជន៍ពីធនធានដ៏អស្ចារ្យនេះ ។ នៅទីនោះក្មួយៗនឹងមិនត្រឹមតែរកឃើញសេចក្ដីពិតនៃដំណឹងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរកបានមិត្តពិតផងដែរ ។ សូមមើលអ្វីដែលប្រធាន ណិលសុន បានថ្លែងអំពីថ្នាក់វិទ្យាស្ថាន ៖
វីដេអូ ៖ « ក្មួយប្រុសស្រីជាទីស្រឡាញ់ ខ្ញុំស្រឡាញ់ក្មួយៗ ។ ខ្ញុំគិតដល់ក្មួយ ហើយអធិស្ឋានឲ្យក្មួយៗជាញឹកញាប់ ។ ក្មួយៗកំពុងរស់នៅក្នុងសម័យមួយដែលមិនដូចសម័យផ្សេងទេ ។ ក្មួយៗស្ថិតក្នុងជំនាន់មួយដែលក្មួយៗធ្វើការសម្រេចចិត្តសំខាន់ៗ—ជាការសម្រេចចិត្តដែលនឹងមានឥទ្ធិពលលើជីវិតក្មួយអស់មួយជីវិតនេះ និងជីវិតអស់កល្បជានិច្ច ។ ការធ្វើការសម្រេចចិត្តទាំងនេះអាចមើលទៅដូចជាលើសលុបហួស ឬគួរឲ្យខ្លាចពេលខ្លះ ។ ប៉ុន្តែវាក៏គួរឲ្យរំភើបផងដែរព្រោះយើងកំពុងរស់នៅក្នុងគ្រាដ៏សំខាន់មួយ ។
« តើខ្ញុំអាចអញ្ជើញឲ្យក្មួយៗធ្វើអ្វីមួយដែលនឹងជួយក្មួយៗតាមរបៀបមួយដែលសឹងតែគ្មានអ្វីផ្សេងទៀតអាចជួយបានដែរទេ ? ចូលរៀនថ្នាក់វិទ្យាស្ថាន ! ឥឡូវនេះខ្ញុំបានឃើញកូនៗចៅៗ និងចៅទួតជាច្រើនរបស់ខ្ញុំចូលរៀនថ្នាក់វិទ្យាស្ថាន ។ ការចូលរៀនថ្នាក់វិទ្យាស្ថានបានផ្លាស់ប្ដូរជីវិតរបស់ពួកគេ ។
« ថ្នាក់វិទ្យាស្ថានបានជួយពួកគេ ហើយវានឹងជួយក្មួយៗធ្វើឲ្យការប្រែចិត្តជឿរបស់ក្មួយទៅលើព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ ។ ការចូលរៀនថ្នាក់វិទ្យាស្ថាននឹងជួយក្មួយឲ្យទទួលអារម្មណ៍កាន់តែខ្លាំងពីក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះវរបិតាសួគ៌ចំពោះក្មួយៗ ។ ថ្នាក់វិទ្យាស្ថាននឹងផ្ដល់ឲ្យក្មួយនូវគ្រូបង្រៀនដ៏បំផុសគំនិត មិត្តភក្តិស្មោះត្រង់ និងអារម្មណ៍នៃការមានចំណែក ។ ថ្នាក់វិទ្យាស្ថាននឹងជួយក្មួយឲ្យយល់ពីមូលហេតុដែលការរស់នៅតាមដំណឹងល្អនាំឲ្យមានសុភមង្គលដ៏មិនចេះចប់មិនចេះហើយ ។ ការចូលរៀនថ្នាក់វិទ្យាស្ថាននឹងជួយក្មួយៗឲ្យរស់នៅតាមដំណឹងល្អនិងមានអំណរកាន់តែខ្លាំងឡើង—នាពេលឥឡូវនេះ ។
-
បើក្មួយៗចង់ដឹងសេចក្ដីពិតថាក្មួយៗជានរណាឲ្យប្រាកដ នោះសូមចូលរៀនថ្នាក់វិទ្យាស្ថាន ។
-
បើក្មួយៗចង់ដឹងពីគោលបំណងនៃជីវិត សូមចូលរៀនថ្នាក់វិទ្យាស្ថាន ។
-
បើក្មួយៗចង់បន្ដនៅលើផ្លូវនៃសេចក្ដីសញ្ញា សូមចូលរៀនថ្នាក់វិទ្យាស្ថាន ។
-
បើក្មួយៗចង់រៀនពីរបៀបទុកឲ្យព្រះឈ្នះក្នុងជីវិតក្មួយ សូមចូលរៀនថ្នាក់វិទ្យាស្ថាន ។
-
បើក្មួយៗចង់ធ្វើជាអ្នកផ្សះផ្សាគេ សូមចូលរៀនថ្នាក់វិទ្យាស្ថាន ។
ខ្ញុំសន្យាពរជ័យទាំងនេះដល់ក្មួយៗ ហើយបង្ហាញសេចក្តីស្រឡាញ់របស់ខ្ញុំទៅកាន់ក្មួយៗនៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។
អែលឌើរ ហ្គូដយ ៖ ខណៈពេលដែលយើងស្ថិតក្នុងផ្នែកនៃកម្លាំងខាងវិញ្ញាណនេះនៅឡើយ ខ្ញុំសូមនិយាយអំពីបទពិសោធន៍របស់ខ្ញុំជាមួយនឹងការបង្រៀនតាមផ្ទះ ។
ដូចដែលក្មួយៗបានឃើញនៅក្នុងវីដេអូគំនូរជីវចលនោះ ខ្ញុំត្រូវបានចាត់ឲ្យបម្រើ ទោះបីជាខ្ញុំពុំមានអ្វីផ្តល់ឲ្យច្រើនក៏ដោយ ។ ការបម្រើធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានតម្លៃ ។ វាបានរៀបចំខ្ញុំដើម្បីជួយអ្នកដទៃ ហើយជាលទ្ធផល វាបានពង្រឹងទីបន្ទាល់ខ្ញុំ ។ វិធីដ៏ល្អបំផុតមួយដើម្បីបង្កើនទីបន្ទាល់របស់នរណាម្នាក់ គឺដោយការចែកចាយវា ។ ខ្ញុំសង្ឃឹមថាក្មួយៗនឹងចូលរួមយ៉ាងសកម្មក្នុងឱកាសបម្រើទាំងឡាយ ។ វាអាចជាការផ្ដល់ការងារបម្រើ ពង្សប្រវត្តិ ការបម្រើក្នុងព្រះវិហារបរិសុទ្ធ ឬកិច្ចការសាសនាចក្រផ្សេងទៀត ដែលក្មួយអាចបំភ្លេចពីខ្លួនឯង ហើយជួយដល់អ្នកដទៃ ។ វានឹងប្រទានពរដល់ក្មួយ ពង្រឹងនិងការពារក្មួយៗ ។
ខ្ញុំចូលចិត្តបទគម្ពីរក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញាដែលគូសបញ្ជាក់អំពីគោលការណ៍នេះ ៖
« យើងប្រាប់ជាប្រាកដថា មនុស្សលោកត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្តរបស់ខ្លួន ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន » ។
អូ៎ ម្យ៉ាងវិញទៀត ដូចខ្ញុំបាននិយាយនៅក្នុងវីដេអូ ខ្ញុំចូលចិត្តដៃគូបង្រៀនតាមផ្ទះខ្ញុំខ្លាំងណាស់ ដូច្នេះខ្ញុំបានរៀបការជាមួយកូនស្រីរបស់គាត់ ។ គាត់បានក្លាយជាឪពុកក្មេករបស់ខ្ញុំ ។ គាត់គឺជាឳពុករបស់ម៉ូនីកា ។ ខ្ញុំសកម្មយ៉ាងខ្លាំងក្នុងកិច្ចការបង្រៀនតាមផ្ទះរបស់ខ្ញុំ ។ រៀងរាល់ខែ ខ្ញុំនៅទីនោះ នៅផ្ទះគាត់ដើម្បីធ្វើការបង្រៀនតាមផ្ទះ ។
ស៊ីស្ទើរ ហ្គូដយ ៖ ពរជ័យមួយដែលជំនាន់នេះមាន គឺជាការមានព្រះវិហារបរិសុទ្ធនៅក្បែរ ។ ព្រះវិហារបរិសុទ្ធតែមួយគត់នៅប្រទេសប្រេស៊ីលក្នុងជំនាន់ពួកយើង គឺនៅទីក្រុងសៅ ប៉ូឡូ ដែលនៅយ៉ាងឆ្ងាយពីយើង ។ នៅពេលនោះ យុវមជ្ឈិមវ័យបានទៅព្រះវិហារបរិសុទ្ធនៅពេលដែលពួកគេចាកចេញទៅបម្រើបេសកកម្ម ឬដើម្បីរៀបការប៉ុណ្ណោះ ។ ជាសំណាងល្អ ប្រធាន ណិលសុន ឥឡូវនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលអំណោយទានពិសិដ្ឋរបស់ក្មួយៗ ដោយពុំអាស្រ័យទៅលើបេសកកម្ម ឬ អាពាហ៍ពិពាហ៍ ។ វាទាក់ទងនឹងការរៀបចំខ្លួនច្រើនជាងអ្វីទាំងអស់ ។ ខ្ញុំសង្ឃឹមថាក្មួយៗនឹងពិចារណាអំពីរឿងនេះ ។
ការចូលរួមក្នុងដំណាក់របស់ព្រះអម្ចាស់ជាញឹកញាប់ក៏នាំមកនូវពរជ័យផងដែរ ។ នៅក្នុងព្រះវិហារបរិសុទ្ធយើងទទួលមេរៀនដើម្បីជួយយើងឲ្យយកឈ្នះលោកិយនេះ ។ ខ្ញុំស្រឡាញ់អ្វីដែលប្រធាន ណិលលសុន បានថ្លែងនៅក្នុងសន្និសីទចុងក្រោយនេះ ៖
វីដេអូ ៖ « គ្មានអ្វីនឹងជួយបងប្អូន ច្រើនជាង ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់តាមដែលកាលៈទេសៈរបស់បងប្អូនអនុញ្ញាតឲ្យ ដើម្បីកាន់ដំបងដែកយ៉ាងខ្ជាប់ខ្ជួនជានិច្ចនោះទេ » ។ គ្មានអ្វីដែលនឹងការពារបងប្អូន ពេលដែលបងប្អូនជួបនឹងភាពងងឹតនៃពិភពលោក ជាង នេះនោះទេ ។ គ្មានអ្វីដែលនឹងពង្រឹងទីបន្ទាល់បងប្អូនអំពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ឬជួយបងប្អូនឲ្យយល់ពីផែនការដ៏អស្ចារ្យរបស់ព្រះ ជាងនេះនោះទេ ។ គ្មានអ្វីដែលនឹងធ្វើឲ្យវិញ្ញាណរបស់បងប្អូនធូរស្រាលក្នុងអំឡុងពេលឈឺចាប់ ជាង នេះនោះទេ ។ គ្មានអ្វីដែលនឹងបើកស្ថានសួគ៌ ជាងនេះនោះទេ ។ គ្មានសោះឡើយ ! »!
អែលឌើរ ហ្គូដយ ៖ សូមអរគុណ ប្រធាន ណិលសុន សម្រាប់ការបង្រៀនរបស់លោក ។ ពួកយើងស្រឡាញ់លោកខ្លាំងណាស់ ។ ប្រធានបទបន្ទាប់ ៖ ការបម្រើបេសកកម្ម ។
ការបម្រើបេសកកម្ម
ស៊ីស្ទើរ ហ្គូដយ ៖ ច៎ាស ឥឡូវដល់ពេលនិយាយអំពីបេសកកម្មម្តង ។ រយៈពេលប្រាំមួយខែបន្ទាប់ពីខាឡូសបានចេញទៅបេសកកម្មរបស់គាត់ ខ្ញុំបានទៅបេសកកម្មរបស់ខ្ញុំ ។
អែលឌើរ ហ្គូដយ ៖ ចៃដន្យអីយ៉ាងនេះ ។
ស៊ីស្ទើរ ហ្គូដយ ៖ វាពុំមែនជាការចៃដន្យនោះទេ ។ យើងទាំងពីរនាក់ចង់បម្រើព្រះអម្ចាស់ ហើយយើងទាំងពីរនាក់ចង់បានអនាគតមួយជាមួយគ្នា ។ ដូច្នេះយើងបានឃើញបេសកកម្មជាវិធីដ៏ល្អមួយ ដើម្បីធ្វើឲ្យព្រះអង្គសង្គ្រោះសព្វព្រះទ័យ ហើយរៀបចំខ្លួនយើងសម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់យើងផងដែរ ។ យើងបានដឹងថា វាក៏នឹងនាំមកនូវពរជ័យដ៏ចាំបាច់ដល់គូស្វាមីភរិយាវ័យក្មេងនាពេលអនាគតផងដែរ ។
អែលឌើរ ហ្គូដយ ៖ បេសកកម្មរបស់យើងពិតជាបាននាំមកនូវពរជ័យដល់ជីវិតយើងពិតប្រាកដមែន ។ ដោយសារបេសកកម្មរបស់យើង នោះទីបន្ទាល់របស់យើងអំពីព្រះអង្គសង្គ្រោះត្រូវបានពង្រឹង ចំណេះដឹងរបស់យើងអំពីដំណឹងល្អបានកើនឡើង ហើយជំនាញទំនាក់ទំនង និងភាពជាអ្នកដឹកនាំដែលបានរៀននៅទីនោះបានជួយយើងក្នុងអាជីពរបស់យើងផងដែរ ។ លើសពីនោះទៀត យើងមានអារម្មណ៍ល្អដែលយើងអាចបំពេញបេសកកម្មដែលព្រះអម្ចាស់បានរំពឹងឲ្យយើងធ្វើ ។
ស៊ីស្ទើរ ហ្គូដយ ៖ ប៉ុន្តែខ្ញុំមានសំណួរមួយសម្រាប់ក្មួយៗ ។ ចុះចំណែកអ្នកដែលមិនអាចទៅ ឬមិនបញ្ចប់បេសកកម្មដោយហេតុផលផ្សេងៗនោះវិញ ? តើពួកគេនៅតែអាចសង្ឃឹមថានឹងមានអនាគតដ៏ភ្លឺស្វាងដែរឬទេ ?
អែលឌើរ ហ្គូដយ ៖ ពិតណាស់ពួកគេអាចទទួលបាន ! ព្រះវរបិតាសួគ៌ដ៏ជាទីស្រឡាញ់នឹងនៅគង់ក្បែរពួកគេជានិច្ច ។ យើងមិនគួរវិនិច្ឆ័យអ្នកដែលមានបទពិសោធន៍បេសកកម្មផ្សេង ឬគ្មានបទពិសោធន៍បេសកកម្មទាល់តែសោះនោះទេ ។ ទោះបីជាការបំពេញបេសកកម្មអាចជាបទពិសោធន៍រៀនសូត្រដ៏សំខាន់ក្នុងជីវិតរបស់យើង ហើយវាជាការទទួលខុសត្រូវរបស់បព្វជិតភាពសម្រាប់យុវជនក្តី ក៏វាពុំមែនជាការពិធីបរិសុទ្ធនៃដំណឹងល្អទេ ដូច្នេះគ្មានអ្នកណាម្នាក់នឹងត្រូវគ្មានការរីកចម្រើនក្នុងជីវិតនេះ ឬបាត់បង់ពរជ័យក្នុងភាពអស់កល្បជានិច្ចដោយសារតែវាឡើយ ។
ស៊ីស្ទើរ ហ្គូដយ ៖ ខ្ញុំរីករាយដែលខ្ញុំមានឱកាសបម្រើ ហើយខ្ញុំសូមធានាដល់មនុស្សទាំងអស់ ។ ប៉ុន្តែដូចយើងបានដឹងហើយថា យុវនារីត្រូវបានស្វាគមន៍ និងត្រូវការច្រើន ប៉ុន្តែការបម្រើគឺជាជម្រើស ។
អែលឌើរ ហ្គូដយ ៖ ខ្ញុំក៏មានអំណរគុណចំពោះបទពិសោធន៍បេសកកម្មរបស់ខ្ញុំផងដែរ ។ ខ្ញុំជឿថា រយៈពេលពីរឆ្នាំ ខ្ញុំបានត្រឡប់មកវិញកាន់តែបានរៀបចំខ្លួនសម្រាប់ជីវិត ។ ហើយមកវិញជាមួយម៉ូតសក់ស្អាតជាងមុន ។
ស៊ីស្ទើរ ហ្គូដយ ៖ និយាយអំពីការវិលត្រឡប់មកពីបេសកកម្ម ចុះបើយើងនិយាយពីរឿងអាពាហ៍ពិពាហ៍ឥឡូវនេះម៉េចដែរ ?
អែលឌើរ ហ្គូដយ ៖ បាទ ។ តោះនិយាយ អំពី ប្រធានបទនេះ ។
ការចិញ្ចឹមបីបាច់គ្រួសារ
ស៊ីស្ទើរ ហ្គូដយ ៖ នៅពេលនោះយើងទាំងពីរនាក់ជាអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនា ដែលមានក្តីស្រឡាញ់ច្រើន ផែនការជាច្រើន តែគ្មានប្រាក់ទេ ។
អែលឌើរ ហ្គូដយ៖ ពិតណាស់ ! បងចាំបាន ។
ស៊ីស្ទើរ ហ្គូដយ ៖ ឥឡូវនេះ ពេលក្រឡេកមើលក្រោយវិញ ខ្ញុំដឹងថាវាល្អប៉ុនណាដែលចាប់ផ្ដើមជីវិតអាពាហ៍ពិពាហ៍ដូចដែលយើងបានធ្វើ ហើយសម្រេចគោលដៅអប់រំ វិជ្ជាជីវៈ និងគោលដៅជាដំណាក់កាលរួមគ្នានោះ ។ យើងបានធ្វើវាជាមួយគ្នា ហើយបទពិសោធន៍ និងឧបសគ្គទាំងនោះបានធ្វើឲ្យយើងកាន់តែជិតស្និតនឹងគ្នា ។
អែលឌើរ ហ្គូដយ ៖ បងចាំ ហើយបងឯកភាព ។ ជាច្រើនឆ្នាំនៃការកសាងជីវិត និងការសម្រេចគោលដៅរបស់យើង វាបានក្លាយជាកម្រងអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់យើង ។ វាពុំមានន័យថា ការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ពេលមានភាពរឹងមាំខាងផ្នែកហិរញ្ញវត្ថុជារឿងខុសឆ្គងនោះទេ ។ យើងគ្រាន់តែចង់ចែកចាយសារមួយជាមួយក្មួយៗដែលរងចាំទាល់តែក្មួយៗមានអ្វីៗគ្រប់យ៉ាង ទើបបានបន្ដទំនាក់ទំនងទៅមុខ ។ ក្មួយៗត្រូវការរបស់ចាំបាច់ ត្រូវការគ្នា និងត្រូវការព្រះអម្ចាស់នៅក្បែរក្មួយ—អ្វីៗផ្សេងទៀតដែលក្មួយៗអាចសម្រេចបានជាមួយគ្នា នឹងពង្រឹងអាពាហ៍ពិពាហ៍ក្មួយៗ ។ ហើយខ្ញុំកំពុងស្វែងរកអ្នកដែលកំពុងរង់ចាំមួយចំនួននៅក្នុងចំណោមក្មួយៗនៅទីនេះ ។
ស៊ីស្ទើរ ហ្គូដយ ៖ ផ្លាស់ប្តូររូបភាព ប៉ុន្តែមិនផ្លាស់ប្តូរប្រធានបទនោះទេ—មតិមួយទៀតអំពីជីវិតអាពាហ៍ពិពាហ៍ ៖ នៅពេលក្មួយៗ យុវមជ្ឈិមវ័យ មើលមកយើងដែលជាគូស្វាមីភរិយា និងក្រុមគ្រួសារ ក្មួយៗអាចគិតថា វាតែងតែបែបនេះ គឺគ្រប់យ៉ាងតែងតែមើលទៅល្អ ហើយជីវិតគឺមានភាពងាយស្រួលជានិច្ច ។ វាអាចនឹងដូច្នោះសម្រាប់មនុស្សមួយចំនួន ប៉ុន្តែពុំមែនសម្រាប់មនុស្សភាគច្រើននោះទេ ។
អែលឌើរ ហ្គូដយ៖ យ៉ាងហោចណាស់ វាពុំមែនសម្រាប់ពួកយើងនោះទេ ។
ស៊ីស្ទើរ ហ្គូដយ ៖ ជីវិតអាពាហ៍ពិពាហ៍គឺជាបទពិសោធន៍នៃការរៀនសូត្រដែលសង្ឃឹមថានឹងបានកាន់តែល្អប្រសើរនៅពេលយើងចម្រើនទៅមុខ ។ ក្ដីស្រឡាញ់បានមានតាំងពេលចាប់ផ្ដើម ប៉ុន្តែការចុះសម្រុងគ្នាជារៀងរាល់ថ្ងៃគឺបង្កើតឡើងមួយជំហានម្តងៗ ។ យើងត្រូវសម្របខ្លួនទៅនឹងគ្នា សើចខ្លះ យំខ្លះ កូនៗនឹងនាំមកនូវអំណរ និងការឈឺក្បាល ជួនកាលយើងមានជំងឺ ហើយពេលខ្លះខ្វះខាតលុយ ។ ប៉ុន្តែក្មួយៗដឹងទេ ? ជីវិតគឺវាដូច្នោះ ។
អែលឌើរ ហ្គូដយ ៖ ប៉ុន្តែមានរឿងដ៏ប្រាកដមួយ ។ ប្រសិនបើយើងនាំយកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមកក្នុងសមីការនេះ នោះជីវិតអាពាហ៍ពិពាហ៍នឹងមានភាពកាន់តែងាយស្រួល និងរីករាយជាងមុន ។
ស៊ីស្ទើរ ហ្គូដយ ៖ សំណួរទីពីរ ។ ចុះអស់អ្នកដែលគ្មានឱកាសរៀបការក្នុងជីវិតនេះវិញ ? តើបងមានពាក្យអ្វីសម្រាប់ពួកគេទេ ?
អែលឌើរ ហ្គូដយ ៖ បាទ ។ ខ្ញុំចូលចិត្តការប្រឹក្សារបស់ប្រធាន ហ៊ីងគ្លី ទៅកាន់បងប្អូនស្រីៗដែលខ្ញុំជឿថាអាចអនុវត្តបានសម្រាបគ្រប់គ្នា ។ តោះយើងស្ដាប់ប្រសាសន៍របស់លោក ៖
វីដេអូ ៖ « ជាអកុសល ក្មួយៗខ្លះនឹងពុំបានរៀបការក្នុងជីវិតនេះទេ ។ ពេលខ្លះវាកើតឡើង ។ បើរឿងនោះកើតឡើង សូមកុំចំណាយពេលពេញមួយជីវិតសោកសៅនឹងរឿងនោះឡើយ ។ ពិភពលោកនៅតែត្រូវការទេពកោសល្យរបស់ក្មួយៗ ។ វាត្រូវការការរួមចំណែករបស់ក្មួយៗ ។ សាសនាចក្រត្រូវការសេចក្តីជំនឿរបស់ក្មួយៗ ។ វាត្រូវការកម្លាំង និងដៃជំនួយរបស់ក្មួយៗ ។ ជីវិតពុំបរាជ័យទេ លើកលែងតែយើងថាវាបរាជ័យ ។ មានមនុស្សជាច្រើនដែលត្រូវការជំនួយស្នាមញញឹមជាទីស្រឡាញ់ និងការយល់ចិត្តដ៏ទន់ភ្លន់របស់ក្មួយៗ ។ ខ្ញុំឃើញស្ត្រីដ៏មានសមត្ថភាព និងគួរឲ្យស្រឡាញ់ជាច្រើន ដែលសេ្នហាបានកន្លងផុតទៅ ។ ខ្ញុំមិនយល់ទេ ប៉ុន្តែខ្ញុំដឹងថាក្នុងផែនការរបស់ព្រះដ៏មានមហិទ្ធិឫទ្ធិ ជាផែនការដ៏អស់កល្បជានិច្ចដែលយើងហៅថា ផែនការនៃសុភមង្គលរបស់ព្រះនឹងមាននូវឱកាស និងរង្វាន់សម្រាប់អស់អ្នកដែលស្វែងរកវា » ។
អែលឌើរ ហ្គូដយ ៖ ខគម្ពីរដែលបង្ហាញនូវការសន្យាដូចគ្នានោះ គឺមាននៅក្នុង ម៉ូសាយ ២:៤១ ។
« ហើយថែមទៀតខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតពិចារណាអំពីស្ថានភាពដ៏មានពរ និងរីករាយនៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ ដ្បិតមើលចុះពួកគេបានពរគ្រប់យ៉ាងទាំងខាងសាច់ឈាម និងខាងវិញ្ញាណផង ហើយបើសិនជាពួកគេរក្សាការស្មោះត្រង់ដរាបដល់ចុងបំផុត នោះពួកគេនឹងត្រូវបានទទួលនៅស្ថានសួគ៌ដើម្បីឲ្យពួកគេអាចរស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ ។ ឱសូមចាំសូមចាំថារឿងទាំងនេះពិត ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ ។
សរុបសេចក្ដីមក ដោយប្រើពាក្យរបស់អែលឌើរ បែដណា សារលិខិតនេះគឺប្រាប់ថា ក្មួយៗគ្រាន់តែធ្វើជាស្ត្រីល្អ ឬបុរសល្អ រក្សាបញ្ញត្តិ នោះព្រះអម្ចាស់នឹងរាប់រងអ្វីៗគ្រប់យ៉ាង ។ នៅទីបញ្ចប់ពរជ័យទាំងអស់នឹងត្រូវបានប្រទានដល់អ្នកស្មោះត្រង់ ។
ម៉ូនី តើអូនមានមតិបញ្ចប់ដែរឬទេ ?
ស៊ីស្ទើរ ហ្គូដយ ៖ ច៎ាស។ ខ្ញុំចង់បញ្ចប់ជាមួយនឹងទីបន្ទាល់របស់ខ្ញុំ ។
ខ្ញុំដឹងថាយើងជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។ ខ្ញុំដឹងថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយទ្រង់មានព្រះជន្មរស់ ។ ខ្ញុំដឹងថាជីវិតនេះគឺជាពេលវេលាដើម្បីរៀបចំខ្លួនទៅជួបនឹងព្រះ ។ ខ្ញុំដឹងថាទ្រង់ដឹកនាំ ហើយរៀបចំផ្លូវយើង ។ យើងពុំនៅតែឯងទេ ។ ខ្ញុំដឹងថាព្រះវិហារបរិសុទ្ធគឺជាព្រះដំណាក់របស់ព្រះអម្ចាស់នៅលើផែនដី ។ មានកន្លែងមួយដែលយើងអាចទទួលចំណេះដឹង និងការបំផុសគំនិតក្នុងជីវិត ។ ខ្ញុំដឹងថា យើងមានព្យាការីម្នាក់ក្នុងជំនាន់របស់យើង ដែលលោកបង្រៀននិងដឹកនាំយើង ។
នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
អែលឌើរ ហ្គូដយ ៖ អរគុណច្រើន ។ បងចូលចិត្តបង្រៀនជាមួយអូន ។ ហើយបងស្រឡាញ់អូន ។
ចុះគ្រួសារ ហ្គីលប៊ឺត វិញ ? តើមានមតិយោបល់ ឬការបង្រៀនណាមួយសម្រាប់អ្នកចូលរួមដ៏អស្ចារ្យនេះទេ ?