សន្និសីទទូទៅ
រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


19:3

រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព

កូនសោ​បព្វជិតភាព​គ្រប់គ្រង​របៀប​ដែល​បព្វជិតភាព​នៃ​ព្រះ​អាច​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ធ្វើ​ឲ្យ​គោលបំណង​របស់​ព្រះអម្ចាស់​បាន​សម្រេច ហើយ​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​ទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​នេះ ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រធាន ដាល្លិន អេក អូក និង​ខ្ញុំ ។ កាល​ពី ៤០ ឆ្នាំ​មុន នៅ​ថ្ងៃ​ទី ៧ ខែ មេសា ឆ្នាំ ១៩៨៤ ជា​ពេល​ដែល​យើង​ត្រូវបាន​គាំទ្រ​ឲ្យ​បម្រើ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ។ យើង​បាន​រីករាយ​នៅ​អំឡុង​សន្និសីទ​ទូទៅ​នីមួយៗ ចាប់​តាំង​ពី​ពេល​នោះ​មក រួមទាំង​សន្និសីទ​នេះ​ផងដែរ ។ យើង​បាន​ទទួល​ពរជ័យ​ជា​ថ្មី​ម្តង​ទៀត​ដោយ​មាន​នូវ​ព្រះវិញ្ញាណ​ដ៏​ពិសិដ្ឋ​យ៉ាង​បរិបូរ ។ ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​សិក្សា​សារលិខិត​ពី​សន្និសីទ​នេះ​ម្តង​ហើយ​ម្តង​ទៀត​នៅ​ខែ​ក្រោយៗ​នេះ ។

ពេល​ខ្ញុំ​កើត មាន​ព្រះវិហារ​បរិសុទ្ធ​ដែល​ដំណើរការ​ចំនួន​ប្រាំមួយ​នៅក្នុង​សាសនាចក្រ—ព្រះវិហារ​បរិសុទ្ធ​មាន​នៅ​កន្លែង​ដូច​តទៅ​នេះ សេន ចច, ឡូហ្គិន, ម៉ានតៃ និង​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ក៏ដូច​ជា​នៅ ខាតស្តុន អាល់ប៊ើរតា ប្រទេស​កាណាដា និង ឡាអ៊ីអេ រដ្ឋ​ហាវ៉ៃ ។ ព្រះវិហារ​បរិសុទ្ធ​ពីរកាលពីជំនាន់​មុន​នេះ បាន​ដំណើរការ​មួយ​រយៈ​ខ្លី​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ និង​នៅ​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ។ កាលដែល​សមាជិក​សាសនាចក្រ​ភាគ​ច្រើន​បាន​ផ្លាស់លំនៅ​ទៅ​ទិស​ខាងលិច នោះ​ពួកបរិសុទ្ធ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចោល​ព្រះវិហារ​បរិសុទ្ធ​ទាំង​ពីរ​នោះ ។

ព្រះវិហារបរិសុទ្ធ​ណៅវូ​ត្រូវបាន​បំផ្លាញចោល​ដោយ​អ្នក​បង្កអភ្គីភ័យ​ម្នាក់ ។ ព្រះវិហារ​បរិសុទ្ធ​នេះ​ត្រូវបាន​សាងសង់​ឡើង​វិញ រួចហើយ​បាន​ឧទ្ទិស​ឆ្លង​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ ពួកសត្រូវ​នៃ​សាសនាចក្រ​បាន​បង្ខូច​ភាពស័ក្ដិសិទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។ ក្រោយ​មក Community of Christ ទទួល​បាន​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ហើយ​បាន​កាន់កាប់​ព្រះវិហារ​បរិសុទ្ធ​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ។

កាល​ពី​ខែ​មុន យើង​បាន​ប្រកាស​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ទិញ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ រួម​ជាមួយ​នឹង​ទីតាំង​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ជាច្រើន​នៅ​ទីក្រុង​ណៅវូ ។ យើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការពិភាក្សា​ដ៏​ជិតស្និទ្ធ និង​មាន​ប្រយោជន៍​ជាមួយគ្នា ដែល​យើង​បានមាន​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​មក​ពី Community of Christ ដែល​បាន​នាំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​នេះ​ឡើង ។

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់<nb/>។

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​មាន​សារៈសំខាន់​មិន​ធម្មតា​ទេ​ក្នុង​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​នៅ​ទីនោះ ត្រូវបាន​ព្យាករ​សម្រាប់​សហស្សវត្ស ហើយ​ចាំបាច់​សម្រាប់​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអម្ចាស់ ដើម្បី​បំពេញ​បេសកកម្ម​នៅ​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្លួន ។

ព្រឹត្តិការណ៍​សំខាន់​បំផុត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ទាំងនេះ បាន​កើត​ឡើង​នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ថ្ងៃ អាទិត្យ ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ។ នៅ​ថ្ងៃ​នោះ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បាន​ដក​ពិសោធន៍​នូវ​ការយាង​មក​ជួប​ដ៏​អស្ចារ្យ​ជា បន្ត​បន្ទាប់ ។ ដំបូង ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់ ។ ព្យាការី​បាន​កត់ត្រា​ថា « ព្រះនេត្រ​របស់​ទ្រង់​ដូច​ជា​អណ្ដាត​ភ្លើង ព្រះកេសា​របស់​ទ្រង់​ស ដូច​ជា​ហិមៈ​សុទ្ធ ព្រះភក្ត្រ​របស់​ទ្រង់​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ ហើយ​សំឡេង​របស់​ទ្រង់ ដូច​ជា​សូរ​នៃ​ទឹក​ច្រើន » ។

អំឡុង​ពេល​ការយាង​មក​ជួប​នេះ ព្រះអម្ចាស់​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ទ្រង់ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « យើង​ជា​ដើម ហើយ​ជា​ចុង យើង​ជា​អង្គ​ដែល​មាន​ព្រះជន្ម​រស់នៅ យើង​ជា​អង្គ​ដែល​ត្រូវ​បាន​ស្លាប់ យើង​ជា​ព្រះ​គាំទ្រ​របស់​អ្នក​ជាមួយ​ព្រះវរបិតា » ។

បន្ទាប់​មក ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រកាស​ថា ទ្រង់​បាន​ទទួល​យក​ព្រះវិហារ​បរិសុទ្ធ​នេះ​ជា​ដំណាក់ របស់​ទ្រង់ ហើយ​បាន​ធ្វើ​ការសន្យា​ដ៏​អស្ចារ្យ​នេះ​ថា ៖ « យើង​នឹង​សម្ដែង​កាយ​យើង​ដល់​រាស្ត្រ​របស់​យើង​នៅ​ក្នុង​ដំណាក់​នេះ​ដោយ​សេចក្ដី​មេត្តាករុណា » ។

ការសន្យា​ដ៏​សំខាន់​នេះ​អនុវត្ត​ចំពោះ គ្រប់ ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ឧទ្ទិស​ឆ្លង​សព្វ​ថ្ងៃ​នេះ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ពី​អត្ថន័យ​នៃ​ការសន្យា​របស់​ព្រះអម្ចាស់​សម្រាប់​ខ្លួន​បងប្អូន​ផ្ទាល់ ។

បន្ទាប់​ពី​ការយាង​មក​ជួប​របស់​ព្រះអង្គ​សង្គ្រោះ លោក​ម៉ូសេ​បាន​បង្ហាញ​ខ្លួន ។ លោក​ម៉ូសេ​បាន​ប្រគល់​ទៅ​ឲ្យ យ៉ូសែប ស្ម៊ីធ នូវ​កូនសោ​សម្រាប់​ការប្រមូល​សាសន៍​អ៊ីស្រាអែល និង​ការវិល​ត្រឡប់​នៃ​ពូជអំបូរ​ទាំង​ដប់ ។

នៅ​ពេល​ដែល​ការនិមិត្ត​នេះ​បាន​បញ្ចប់ « លោក​អេលីយ៉ាស​បាន​លេច​មក ហើយ​បាន​ប្រគល់​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​របស់​លោក​អ័ប្រាហាំ » ទៅ យ៉ូសែប ស្ម៊ីធ ។

បន្ទាប់​មក លោក​អេលីយ៉ា ជា​ព្យាការី​បាន​លេច​មក ។ ការបង្ហាញ​ខ្លួន​របស់​លោក​បាន​បំពេញ​តាម​ការសន្យា​របស់​ម៉ាឡាគី​ដែល​ថា មុន​ពេល​ការយាង​មក​ជា​លើក​ទីពីរ ព្រះអម្ចាស់​នឹង​បញ្ជូន​អេលីយ៉ា​ទៅ « បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​យើង​មក​វាយ​ផែនដី​ដោយ​សេចក្តី​បណ្តាសា » ។ លោក​អេលីយ៉ា​បាន​ប្រគល់​កូនសោ​នៃ​អំណាច​ផ្សារភ្ជាប់​ទៅ យ៉ូសែប ស្ម៊ីធ ។

សារៈសំខាន់​នៃ​ការប្រគល់​កូនសោ​ទាំង​នេះ​មក​ផែនដី​វិញ ដោយ​សារទូត​សួគ៌ា​បី​អង្គ​នៅ​ក្រោម​ការដឹកនាំ​របស់​ព្រះអម្ចាស់ គឺមិន​អាច​បំផ្លើស​បាន​ទេ ។ កូនសោ​បព្វជិតភាព​បង្កើត​ជា​សិទ្ធិអំណាច និង​អំណាច​នៃ​គណៈប្រធាន ។ កូនសោ​បព្វជិតភាព​គ្រប់គ្រង​របៀប​ដែល​បព្វជិតភាព​នៃ​ព្រះ​អាច​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ធ្វើ​ឲ្យ​គោលបំណង​របស់​ព្រះអម្ចាស់​បាន​សម្រេច ហើយ​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​ទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

វា​សំខាន់ណាស់ដើម្បីកត់​សម្គាល់​ថា មុន​ពេល​ការរៀបចំ​សាសនាចក្រ សារទូត​សួគ៌ា​បាន​ប្រគល់​បព្វជិតភាព​អើរ៉ុន និង​ម៉ិលគីស្សាដែក​ទៅ​ឲ្យ​ព្យាការី យ៉ូសែប ហើយ​បាន​ប្រគល់​កូនសោ​នៃ​បព្វជិតភាព​ទាំង​ពីរ​នេះ​ដល់​លោក ។ កូនសោ​ទាំងនេះ​បាន​ផ្តល់​សិទ្ធិអំណាច​ដល់ យ៉ូសែប ស្ម៊ីធ ដើម្បី​រៀបចំ​សាសនាចក្រ​នៅ​ឆ្នាំ ១៨៣០ ។

បន្ទាប់​មក នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ក្នុង​ឆ្នាំ ១៨៣៦ ក៏​មាន​ការប្រគល់ កូនសោ​បព្វជិតភាព​ទាំង​បី​នេះ​បន្ថែម​ទៀត—ពោលគឺ​កូនសោ​នៃ​ការប្រមូល​សាសន៍​អ៊ីស្រាអែល កូនសោ​នៃ​ដំណឹងល្អ​របស់​អ័ប្រាហាំ និង​កូនសោ​នៃ​អំណាច​ផ្សារភ្ជាប់—គឺចាំបាច់​ណាស់ ។ កូនសោ​ទាំងនេះ​បាន​អនុញ្ញាត​ឲ្យ យ៉ូសែប ស្ម៊ីធ—និង​ប្រធាន​សាសនាចក្រ​របស់​ព្រះអម្ចាស់​បន្តបន្ទាប់​ទាំងអស់—ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅទាំង​សង​ខាង​នៃ​វាំងនន ដើម្បី​ផ្ដល់​ពរ​របស់​អ័ប្រាហាំ​ដល់​កូនចៅ​ក្នុង​សេចក្ដី​សញ្ញា​ទាំងអស់ ដើម្បី​បញ្ជាក់​តាមរយៈ​ពិធីបរិសុទ្ធ​និង​សេចក្ដីសញ្ញា​បព្វជិតភាព ហើយ​ដើម្បី​ផ្សារភ្ជាប់​ក្រុមគ្រួសារ​ជា​រៀង​រហូត ។ អំណាច​នៃ​កូនសោ​បព្វជិតភាព​ទាំងនេះ​គឺ​និរន្តរ ហើយ​អស្ចារ្យ​ណាស់ ។

សូម​ពិចារណា​ពី​របៀប​ដែល​ជីវិត របស់​បងប្អូន នឹង​មាន​ភាពខុសគ្នា​យ៉ាងណា ប្រសិន​បើ​កូនសោ​បព្វជិតភាព​មិន​បាន​ស្តារ​ឡើង​វិញ​នៅ​លើ​ផែនដី​នេះ​ទេ ។ បើ​គ្មាន​កូនសោ​បព្វជិតភាព​ទេ បងប្អូន​មិន​អាច​ទទួល​អំណោយទាន​ពិសិដ្ឋ​ដោយ​ព្រះចេស្ដា​ពី​ស្ថានលើ​បាន​ឡើយ ។ បើ​គ្មាន​កូនសោ​បព្វជិតភាព​ទេ សាសនាចក្រ​អាច​បម្រើ​ត្រឹមតែ​ជា​អង្គការ​បង្រៀន និង​អង្គការ​មនុស្សធម៌​ដ៏​សំខាន់​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​អ្វី​លើសពី​នេះ​នោះ​ទេ ។ បើ​គ្មាន​កូនសោ​បព្វជិតភាព​ទេ នោះ​គ្មាន​នរណា​ម្នាក់​អាច​ទទួល​បាន​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដ៏​ចាំបាច់ ដែល​ភ្ជាប់​យើង​ទៅ​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​អនុញ្ញាត​ឲ្យ​យើង​រស់នៅ​ជាមួយ​ព្រះ​នៅ​ទីបំផុត​ឡើយ ។

កូនសោ​បព្វជិតភាព​ញែក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចេញពី​អង្គការ​ផ្សេងទៀត​នៅ​លើ​ផែនដី ។ អង្គការ​ជាច្រើន​ទៀត អាច និង ធ្វើ ឲ្យ​ជីវិត​របស់​បងប្អូន​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ប៉ុន្តែ គ្មាន​អង្គការ​ណា​ផ្សេង​ទៀត អាច ហើយ នឹង មាន​ឥទ្ធិពល​លើ​ជីវិត​របស់​បងប្អូន​បន្ទាប់​ពី​ស្លាប់​នោះ​ទេ ។

កូនសោ​បព្វជិតភាព​ផ្ដល់​សិទ្ធិអំណាច​ដល់​យើង​ក្នុង​ការផ្ដល់​ពរជ័យទាំងអស់​ដែល​បាន​សន្យា​ដល់​អ័ប្រាហាំ​ទៅឲ្យ​បុរស និង​ស្ត្រី​គ្រប់​រូប​ដែល​គោរពតាម​សេចក្ដី​សញ្ញា ។ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ធ្វើ​ឲ្យ​ពរជ័យ​ដ៏​ថ្លៃថ្លា​ទាំងនេះ​មាន​ដល់​បុត្រាបុត្រី​របស់​ព្រះ ទាំងអស់ ដោយ​មិន​គិត​ពី កន្លែងពេល ណា​ដែល​ពួកគេ​បាន​រស់នៅ ឬ​កំពុង​រស់នៅ​ឥឡូវ​នេះ​ទេ ។ ចូរ​យើង​រីករាយ​ដែល​កូនសោ​បព្វជិតភាព​មាន​នៅ​លើ​ផែនដី​ម្ដង​ទៀត !

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​សេចក្ដី​ថ្លែងការណ៍​ទាំង​បី​ខាង​ក្រោម​នេះ ៖

  1. ការប្រមូល​សាសន៍​អ៊ីស្រាអែល​គឺ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ថា ព្រះ​ស្រឡាញ់​បុត្រាបុត្រី ទាំងអស់ របស់​ទ្រង់​នៅ​គ្រប់​ទី​កន្លែង ។

  2. ដំណឹងល្អ​របស់​អ័ប្រាហាំ​គឺជា​ភស្តុតាង បន្ថែម​ទៀត ដែល​បញ្ជាក់​ថា ព្រះ​ស្រឡាញ់​បុត្រាបុត្រី ទាំងអស់ របស់​ទ្រង់​នៅ​គ្រប់​ទី​កន្លែង ។ ទ្រង់​អញ្ជើញ​បងប្អូន ទាំងអស់ គ្នា​ឲ្យ​មក​រក​ទ្រង់—« គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី … មនុស្ស​ទាំងអស់ គឺ​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ » ។

  3. អំណាច​នៃ​ការផ្សារភ្ជាប់​គឺ​ជា​ភស្តុតាង ដ៏​អស្ចារ្យ មួយ​ថា ព្រះ​ស្រឡាញ់​បុត្រាបុត្រី ទាំងអស់ របស់​ទ្រង់ខ្លាំង​ប៉ុនណា ហើយ​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ ម្នាក់ៗ ជ្រើសរើស​ត្រឡប់​ទៅ​ផ្ទះ​ទៅ​កាន់​ទ្រង់​វិញ ។

កូនសោ​បព្វជិតភាព​ដែល​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ធ្វើ​ឲ្យ​បុរស និង​ស្ត្រី គ្រប់​រូប ដែល​គោរពតាម​សេចក្ដី​សញ្ញា​ រីករាយ​នឹង​ឯកសិទ្ធិ​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​ដោយ ផ្ទាល់ខ្លួន ។ ជា​ថ្មី​ម្តង​ទៀត មាន​អ្វីៗ​ជា​ច្រើន​ដែល​យើង​អាច​រៀន​ពី​ប្រវត្តិ​ដ៏​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។

ការអធិស្ឋាន​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​របស់ យ៉ូសែប ស្ម៊ីធ គឺ​ជា​ការបង្រៀន​អំពី​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​ផ្តល់​អំណាច​ខាង​វិញ្ញាណ​ដល់​បងប្អូន និង​ខ្ញុំ ដើម្បី​ប្រឈម​នឹង​ឧបសគ្គ​នៃ​ជីវិត​នា​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​សិក្សា​អំពី​ការអធិស្ឋាន​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា កណ្ឌទី ១០៩ ។ ការអធិស្ឋាន​ឧទ្ទិសឆ្លង ដែល បាន​ទទួល​ដោយ​វិវរណៈ បង្រៀន​ថា ព្រះវិហារ​បរិសុទ្ធ​នេះ​ជា « ដំណាក់​នៃ​ការអធិស្ថាន ដំណាក់​នៃ​ការតមអាហារ ដំណាក់​នៃ​សេចក្តីជំនឿ ដំណាក់​នៃ​ការរៀនសូត្រ ដំណាក់​នៃ​សិរីល្អ ដំណាក់​នៃ​របៀបរៀបរយ ដំណាក់​នៃ​ព្រះ » ។

បញ្ជី​នៃ​គុណលក្ខណៈ​នេះ​គឺ​មានលើស​ពី​ការពិពណ៌នា​អំពី​ព្រះវិហារ​បរិសុទ្ធ​មួយ​ទៅ​ទៀត ។ វា​ជា​ការសន្យា​មួយ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​អ្នក​ដែល​បម្រើ និង​ថ្វាយបង្គំ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ ពួក​គេ​អាច រំពឹង ថា​នឹង​ទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន វិវរណៈ​ផ្ទាល់​ខ្លួន មានសេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង មាន​ភាពរឹងមាំ មាន​ការលួងលោមចិត្ត បង្កើន​ចំណេះដឹង និង​បង្កើន​អំណាច ។

ពេលវេលា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ​បងប្អូន​ឲ្យ គិត​ដល់​សេឡេស្ទាល និង​ចាប់​យក​ចក្ខុវិស័យ​ថា​បងប្អូន​ជា​នរណា​ពិត​ប្រាកដ បងប្អូន​អាចប្រែ​ក្លាយ​ជា​យ៉ាងណា និង​ប្រភេទ​នៃ​ជីវិត​ដែល​បងប្អូន​អាច​មាន​ជារៀង​រហូត ។ ការថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​នឹង​អភិវឌ្ឍ​របៀប​ដែល​បងប្អូន​មើល​មក​ខ្លួន​ឯង និង​របៀប​ដែល​បងប្អូន​ចុះចូល​ក្នុង​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ដូច្នោះ ។

យើង​ក៏​បាន​ទទួល​ការសន្យា​ផងដែរ​ថា នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​យើង​អាច​នឹង « ទទួល​នូវ​ភាព​ពោរពេញ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ សូម​ស្រមៃ​ពី​អត្ថន័យ​នៃ​ការសន្យា នោះ ក្នុង​ន័យ​ថា​ស្ថានសួគ៌​បើក​ចំហ​សម្រាប់​អ្នក​ស្វែង​រក​សេចក្ដីពិត​អស់កល្ប​ជានិច្ច​ដោយ​ស្មោះ ។

យើង​ក៏​ត្រូវ​បាន​ណែនាំ​ថា អស់​អ្នក​ដែល​ថ្វាយបង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នឹងប្រដាប់​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ហើយ​ពួកទេវតា​តាម « ថែរក្សា​ពួកគេ » ។ តើ​វា​បង្កើន​ទំនុកចិត្ត​របស់​បងប្អូន​ប៉ុនណា ក្នុង​ការដឹង​ថា ក្នុង​នាម​ជា​ស្ត្រី ឬ​បុរស​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ប្រដាប់​ដោយ​ព្រះចេស្ដា​របស់​ព្រះ ដែល​បងប្អូន​មិន​ចាំបាច់​ប្រឈម​មុខ​នឹង​ជីវិត​នេះ​តែ​ម្នាក់​ឯង​នោះ​​ ? តើ​វា​ផ្ដល់​ភាពក្លាហាន​អ្វី​ខ្លះ​ដល់​បងប្អូន ក្នុង​ការដឹង​ថា​ទេវតា​ពិត​ជា​នឹង​ជួយ​បងប្អូន​មែន​នោះ ?

ជា​ចុង​ក្រោយ យើង​បាន​ទទួល​ការសន្យា​ថា « កុំ​ឲ្យ​បក្ស​ពួក​មនុស្ស​ទុច្ចរិត » នឹង​ឈ្នះ​លើ​អ្នក​ដែល​ថ្វាយ​បង្គំ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​ឡើយ ។

ការយល់ដឹង​ពី​ឯកសិទ្ធិ​ខាង​វិញ្ញាណ​ដែល​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​សំខាន់​ចំពោះ​យើង​ម្នាក់ៗ​សព្វ​ថ្ងៃ​នេះ ។

បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​នេះ​ជា​ការ​សន្យា​របស់​ខ្ញុំ ។ គ្មាន​អ្វី​នឹង​ជួយ​បងប្អូន ច្រើនជាង ការថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​តាម​ដែល​កាលៈទេសៈ​របស់​បងប្អូន​អនុញ្ញាត​ឲ្យ​ដើម្បី​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច នោះទេ ។ គ្មាន​អ្វី​ដែល​នឹង​ការពារ​បងប្អូន ពេល​ដែល​បងប្អូន​ជួប​នឹង​ភាពងងឹត​នៃ​ពិភពលោក ជាង នេះនោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ឬ​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ ជាង.នេះ​នោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​បងប្អូន​ធូរស្រាល​ក្នុង​អំឡុង​ពេល​ឈឺចាប់ ជាង នេះនោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​បើក​ស្ថានសួគ៌ ជាង.នេះនោះ​ទេ ។ គ្មាន​ទាល់តែ​សោះ !

ព្រះវិហារបរិសុទ្ធ គឺជា ច្រកទ្វារ​នាំ​ទៅកាន់​ពរជ័យ​ដ៏​មហិមា​បំផុត​ដែល​ព្រះ​មាន​សម្រាប់​យើង​ម្នាក់ៗ ។ ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​តែ​មួយ​គត់​នៅលើ​ផែនដី​ដែល​យើង​អាច​ទទួល​ពរជ័យ ទាំងអស់ ដែល​បាន​សន្យា​ដល់​អ័ប្រាហាំ ។ នោះ​ជា​មូលហេតុ​ដែល​យើង​កំពុង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​អំណាច​យើង ក្រោម​ការដឹកនាំ​របស់​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ឲ្យ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​កាន់​តែ​ច្រើន​ដល់​សមាជិក​សាសនាចក្រ ។ ដូច្នេះ យើង​រីករាយ​នឹង​ប្រកាស​ថា យើង​មាន​គម្រោង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នៅ​ទីតាំង​នីមួយៗ​ទាំង ១៥ នេះ ៖

  • យូធូរ៉ូ ប៉ូលីនេស៊ី បារាំង

  • ឈីហួរហួរ ម៉ិចស៊ិច

  • ហ្វ្លរៀនណូពូលីស ប្រេស៊ីល

  • រ៉ូសារីយ៉ូ អាហ្សង់ទីន

  • អេឌីនបឺក ស្កុតឡែន

  • រិសបាន អូស្ត្រាលី តំបន់​ខាងត្បូង

  • វីកតូរៀ ប្រេធីស កូឡុំប៊ី

  • យូម៉ា អារីហ្សូណា

  • ហោស្តុន តិចសាស តំបន់​ខាងត្បូង

  • ដេស ម៉ីនស៍ អាយអូវ៉ា

  • ស៊ីនស៊ីណាទី អូហៃអូ

  • ហូណូលូលូ ហាវ៉ៃ

  • យ័រដាន់ យូថាហ៍ ខាងលិច

  • លីហៃ យូថាហ៍

  • ម៉ារ៉ាកាបូ វ៉េណេស៊ុយអេឡា

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នេះ ជា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ទ្រង់​គង់​ជា​ព្រះសិរសា​នៃ​សាសនាចក្រ​នេះ ។ ពួក​យើង​គឺ​ជា​សិស្ស​របស់​ទ្រង់ ។

ចូរ​យើង រីករាយ ក្នុង​ការស្តារ​ឡើងវិញ​នូវ​កូនសោ​បព្វជិតភាព ដែល​ធ្វើ​ឲ្យ​បងប្អូន និង​ខ្ញុំ​រីករាយ​នឹង រាល់ ពរជ័យ​ខាង​វិញ្ញាណ ពេល​យើង មាន​ឆន្ទៈ និង​ស័ក្ដិសម​ដើម្បី​ទទួលនោះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕