វាគឺជាប្រាជ្ញានៃព្រះអម្ចាស់ ថាយើងគប្បីមានព្រះគម្ពីរមរមន
វាជាការអធិស្ឋានរបស់ខ្ញុំថា ការអានព្រះគម្ពីរមរមននៅក្នុងឆ្នាំនេះនឹងជាអំណរ ហើយជាពរជ័យសម្រាប់យើងម្នាក់ៗ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ យើងមានអំណរគុណចំពោះការខិតខំរបស់បងប្អូនក្នុងការអានព្រះគម្ពីរជាមួយសៀវភៅ ចូរមកតាមខ្ញុំ ។ សូមអរគុណចំពោះអ្វីៗដែលបងប្អូនកំពុងធ្វើ ។ ទំនាក់ទំនងប្រចាំថ្ងៃរបស់បងប្អូនជាមួយនឹងព្រះ និងព្រះបន្ទូលរបស់ទ្រង់មានសារៈសំខាន់ដ៏ណាស់ ។ « អ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ ។ ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » ។
ការអានការបង្រៀនរបស់ព្រះអង្គសង្រ្គោះនៅក្នុងព្រះគម្ពីរ ជួយយើងឲ្យផ្លាស់ប្រែគេហដ្ឋានយើងទៅជាទីដ៏បរិសុទ្ធនៃសេចក្ដីជំនឿ និងមជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ ។ ការណ៍នេះយាងព្រះវិញ្ញាណចូលទៅក្នុងគេហដ្ឋានរបស់យើង ។ ព្រះវិញ្ញាណបរិសុទ្ធបំពេញព្រលឹងយើងដោយអំណរ ហើយផ្លាស់ប្រែយើងឲ្យទៅជាសិស្សព្រះយេស៊ូវគ្រីស្ទពេញមួយជីវិត ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលកំពុងអានគម្ពីរក្នុងព្រះគម្ពីរបរិសុទ្ធ យើងបានសង្កេតឃើញទិដ្ឋភាពដ៏ធំនៃការបង្រៀនរបស់ព្រះចំពោះបុត្រាបុត្រីទ្រង់ នៅគ្រប់គ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អសំខាន់ៗទាំងអស់ ។
នៅគ្រប់គ្រាកាន់កាប់ត្រួតត្រា យើងមើលឃើញលំនាំស្រដៀងគ្នាមួយ ។ ព្រះស្តារឡើងវិញ ឬបើកបង្ហាញដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទតាមរយៈព្យាការីរបស់ទ្រង់ ។ មនុស្សដើរតាមព្យាការី ហើយមានពរយ៉ាងខ្លាំង ។ ទោះជាយ៉ាងណា យូរៗទៅមនុស្សមួយចំនួនបានឈប់ស្តាប់តាមពាក្យរបស់ព្យាការី ហើយឃ្លាតឆ្ងាយពីព្រះអម្ចាស់ និងដំណឹងល្អទ្រង់ ។ នេះគឺជាអ្វីដែលយើងហៅថាការក្បាត់សាសនា ។ ដំណឹងល្អត្រូវបានបើកបង្ហាញជាលើកដំបូងទៅដល់លោកអ័ដាម ប៉ុន្ដែកូនៗមួយចំនួនរបស់លោកអ័ដាម និងនាងអេវ៉ាបានងាកចេញពីព្រះអម្ចាស់ដោយការក្បត់សាសនា ។ យើងមើលឃើញលំនាំនៃការស្ដារឡើងវិញ និងការក្បត់សាសនាកើតឡើងដដែលៗនៅក្នុងគ្រាកាន់កាប់ត្រួបត្រារបស់ អេណុក ណូអេ អ័ប្រាហាំ ម៉ូសេ និងអ្នកដទៃទៀតផងដែរ ។
សព្វថ្ងៃនេះ យើងរស់នៅក្នុងគ្រាកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់ ។ វាគឺជាគ្រាកាន់កាប់ត្រួតត្រាតែមួយគត់ដែលនឹងពុំបញ្ចប់ដោយការក្បត់សាសនាឡើយ ។ វាគឺជាគ្រាកាន់កាប់ត្រួតត្រានេះហើយដែលនឹងនាំមកនូវការយាងមកជាលើកទីពីរនៃព្រះអង្គសង្រ្គោះ ព្រះយេស៊ូវគ្រីស្ទ និងការសោយរាជ្យសហស្សវត្សរបស់ទ្រង់ ។
ដូច្នេះ តើមានអ្វីដែលខុសប្លែកអំពីគ្រាកាន់កាប់ត្រួតត្រានេះ ? តើព្រះអម្ចាស់បានប្រទានអ្វីខ្លះដល់យើងនាសព្វថ្ងៃនេះ ជាពិសេសសម្រាប់ជំនាន់យើងដែលវានឹងជួយយើងឲ្យខិតទៅជិតព្រះអង្គសង្គ្រោះ ហើយមិនចាកចេញពីទ្រង់នោះ ?
ចម្លើយមួយផុសក្នុងគំនិតខ្ញុំថា ព្រះគម្ពីរ—ហើយជាពិសេស ព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។
ខណៈដែលព្រះបានសន្យាថានឹងគ្មានការក្បត់សាសនា ទូទៅ ណាផ្សេងទៀត នោះយើងត្រូវតែមានស្មារតីប្រុងប្រយ័ត្ន ដើម្បីចៀសពីការក្បត់សាសនា ផ្ទាល់ខ្លួន— ដូចដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ចូរចងចាំថា « យើងម្នាក់ៗទទួលខុសត្រូវចំពោះការរីកចម្រើនខាងវិញ្ញាណយើងផ្ទាល់ » ។ ការសិក្សាព្រះគម្ពីរមរមនដូចដែលយើងកំពុងធ្វើនៅឆ្នាំនេះ តែងតែនាំយើងឲ្យខិតទៅជិតព្រះអង្គសង្រ្គោះ—ហើយជួយយើងឲ្យនៅជិតទ្រង់ ។
យើងហៅថា « ការសិក្សា »វាជាការល្អ ព្រោះវាបញ្ជាក់ពីការខិតខំ ។ ប៉ុន្តែយើងមិនចាំបាច់រៀនពីកត្តាថ្មីៗជានិច្ចនោះទេ ។ ជួនកាល ការអានព្រះគម្ពីរមរមន គឺគ្រាន់តែជាអារម្មណ៍ភ្ជាប់ទៅនឹងព្រះថ្ងៃនេះ—ដើម្បីចិញ្ចឹមបីបាច់ព្រលឹង ទទួលកម្លាំងខាងវិញ្ញាណមុនពេលចេញទៅប្រឈមនឹងលោកិយ ឬស្វែងរកការព្យាបាល ក្រោយពី មានថ្ងៃដ៏លំបាកមួយ ។
យើងសិក្សាព្រះគម្ពីរដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធដែលជាគ្រូបង្រៀនដ៏អស្ចារ្យ អាចឲ្យយើងផ្លាស់ប្រែចិត្តជឿកាន់តែខ្លាំងទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយជួយយើងឲ្យប្រែក្លាយកាន់តែដូចជាទ្រង់ទាំងទ្វេ ។
ដោយចាំរឿងទាំងនេះក្នុងចិត្ត យើងអាចពិចារណាថា « អំឡុងពេលសិក្សាព្រះគម្ពីរមរមនសប្ដាហ៍នេះ តើព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនអ្វីខ្លះដល់យើង ? ហើយ « តើវានាំយើងខិតកាន់តែជិតព្រះអង្គសង្គ្រោះដោយរបៀបណា ? »
ទាំងនេះគឺជាសំណួរល្អៗសម្រាប់ការសិក្សាព្រះគម្ពីរនៅតាមគេហដ្ឋានរបស់យើង ។ សំណួរទាំងនេះក៏ល្អដើម្បីរៀនក្នុងថ្នាក់សាលាថ្ងៃអាទិត្យនៅព្រះវិហារផងដែរ ។ យើងកែលម្អការបង្រៀននៅព្រះវិហារនាថ្ងៃអាទិត្យ តាមរយៈការកែលម្អការរៀនសូត្រនៅក្នុងគេហដ្ឋានអំឡុងសប្តាហ៍ ។ ដូចនេះ នៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យ « អ្នកដែលផ្សាយ ហើយអ្នកដែលទទួល យល់គ្នាទៅវិញទៅមក ហើយទាំងពីរនាក់ត្រូវបានស្អាងឡើង ហើយត្រេកអរជាមួយគ្នា » ។
នេះជាខគម្ពីរមួយចំនួនដែលព្រះវិញ្ញាណបានបំផុសក្នុងចិត្តខ្ញុំ ពេលសិក្សាព្រះគម្ពីរមរមននៅសប្តាហ៍នេះ ៖
-
នីហ្វៃបានណែនាំយ៉ាកុបឲ្យ « រក្សាផ្ទាំងទាំងនេះទុកឲ្យគង់វង្ស ហើយប្រគល់ផ្ទាំងទាំងនេះ … ពីតំណមួយទៅតំណមួយ ។ ហើយបើសិនជាមានការផ្សាយណាដែលពិសិដ្ឋ ឬវិវរណៈ … ឬការព្យាករណ៍ » យ៉ាកុបគប្បី « ឆ្លាក់ … កិច្ចការទាំងនោះនៅលើផ្ទាំងទាំងនេះ … ដើម្បីប្រយោជន៍ដល់ប្រជាជន [ របស់ពួកគេ ] » ។
-
ក្រោយមក យ៉ាកុបបានថ្លែងទីបន្ទាល់ថា « យើងពិចារណាមើល [ ព្រះគម្ពីរ ] … ហើយដោយមានទីបន្ទាល់អស់ទាំងនេះ ទើបយើងមានសេចក្ដីសង្ឃឹម សេចក្ដីជំនឿរបស់យើងក៏ឥតញាប់ញ័រដែរ » ។
ឥឡូវនេះ ខគម្ពីរទាំងនេះបានធ្វើឲ្យខ្ញុំចាំអំពីអ្វីដែលនីហ្វៃបាននិយាយអំពីផ្ទាំងលង្ហិន ៖
« យើងបានបញ្ជីទាំងឡាយ … ហើយបានពិចារណាមើល ហើយរកឃើញថា បញ្ជីប្រវត្តិទាំងនេះ … មានប្រយោជន៍ជាអតិបរមាចំពោះយើង ដរាបដល់យើងនឹងអាចថែរក្សានូវព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ទុកដល់កូនចៅយើង ។
« ហេតុដូច្នោះហើយ គឺជាប្រាជ្ញានៃព្រះអម្ចាស់ ថាយើងគប្បីយកបញ្ជីប្រវត្តិនេះទៅជាមួយនឹងយើង នៅពេលដែលយើងធ្វើដំណើរក្នុងទីរហោស្ថានទៅឯដែនដីសន្យា » ។
ឥឡូវនេះ បើវាជាប្រាជ្ញាសម្រាប់លីហៃ និងគ្រួសារគាត់ដើម្បីមានព្រះគម្ពីរ នោះវាក៏ជាប្រាជ្ញាសម្រាប់យើងក្នុងការមានព្រះគម្ពីរនោះផងដែរ ។ តម្លៃដ៏អស្ចារ្យ និងអំណាចខាងវិញ្ញាណមកពីព្រះគម្ពីរនៅតែបន្តឥតឈប់ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ ។
គ្មានមនុស្សណាក្នុងប្រវត្តិសាស្ត្រទទួលបានទាំងព្រះគម្ពីរមរមន និងព្រះគម្ពីរផ្សេងទៀតដែលយើងមានសព្វថ្ងៃនេះទេ ។ មែនហើយ ! លីហៃ និងគ្រួសារលោក មានពរឲ្យកាន់ផ្ទាំងលង្ហិនទៅជាមួយពួកគេ ប៉ុន្តែគ្មានសំណៅសម្រាប់គ្រប់ត្រសាលនោះទេ ! សំណៅដ៏សំខាន់នៃព្រះគម្ពីរមរមនគឺជាសំណៅផ្ទាល់ខ្លួនរបស់យើង ។ វាគឺជាសំណៅដែលយើងអាន ។
ក្នុងការនិមិត្ដរបស់លីហៃអំពីដើមឈើនៃជីវិត លីហៃបានបង្រៀនយើងអំពីសារៈសំខាន់នៃបទពិសោធន៍ផ្ទាល់ខ្លួនជាមួយនឹងសេចក្ដីស្រឡាញ់របស់ព្រះ ។ បន្ទាប់ពីលោកបានទទួលទានផ្លែឈើលីហៃបានឃើញភរិយារបស់លោក សារ៉ាយ និងកូនប្រុសលោក គឺនីហ្វៃ និងសាំ នៅមិនឆ្ងាយប៉ុន្មាន ។
« ពួកគេឈរ ហាក់បីដូចជាគេមិនដឹងជានឹងទៅផ្លូវណាឡើយ ។
លីហៃថ្លែងថា « … ឪពុកបានបោយដៃហៅពួកគេ ហើយឪពុកព្រមទាំងបាន ស្រែកហៅពួកគេយ៉ាងខ្លាំង ឲ្យមករកឪពុក ហើយទទួលទានផ្លែឈើ គឺផ្លែឈើដ៏គួរឲ្យប្រាថ្នាជាងផ្លែឈើណាៗទាំងអស់ ។
« ហើយ … ពួកគេបានមករកឪពុក ហើយបានទទួលទានផ្លែឈើនោះដែរ » ។
ខ្ញុំស្រឡាញ់គំរូរបស់លីហៃអំពីការចិញ្ចឹមកូនដោយសតិសម្បជញ្ញៈ ។ សារ៉ាយ នីហ្វៃ និង សាំ បានប្រើជីវិតរស់នៅល្អដោយសុចរិត ។ ប៉ុន្តែព្រះអម្ចាស់មានអ្វីមួយកាន់តែប្រសើរ កាន់តែផ្អែមល្ហែមសម្រាប់ពួកគេ ។ ពួកគេមិនដឹងថាត្រូវទៅរកនៅកន្លែងណាប៉ុន្តែលីហៃដឹង ។ ដូច្នេះគាត់បានស្រែកហៅពួកគេ « យ៉ាងខ្លាំង »ឲ្យមកដល់ដើមឈើនៃជីវិត និងទទួលទានផ្លែឈើដោយផ្ទាល់ ។ ការណែនាំរបស់លោកគឺច្បាស់លាស់ ។ ពុំមានការយល់ច្រឡំទេ ។
ខ្លួនខ្ញុំផ្ទាល់ជាលទ្ធផលនៃការចិញ្ចឹមបីបាច់ដោយសតិសម្បជញ្ញៈស្រដៀងគ្នានេះ ។ កាលខ្ញុំនៅក្មេងអាយុប្រហែលជា ១១ ឬ ១២ ឆ្នាំ ម្ដាយខ្ញុំបានសួរខ្ញុំថា « ម៉ាក តើកូនដឹងផ្ទាល់ខ្លួន ដោយព្រះវិញ្ញាណបរិសុទ្ធថា ដំណឹងល្អពិតដែរឬទេ ? »
សំណួររបស់គាត់បានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ។ ខ្ញុំតែងតែព្យាយាមធ្វើជា « ក្មេងល្អ » ហើយខ្ញុំបានគិតថា នោះវាគ្រប់គ្រាន់ហើយ ។ ប៉ុន្តែម្តាយខ្ញុំគឺដូចជាលីហៃដែរ បានដឹងថាត្រូវមានអ្វីបន្ថែមទៀត ។ ខ្ញុំចាំបាច់ត្រូវធ្វើសកម្មភាព ហើយដឹងដោយខ្លួនឯង ។
ខ្ញុំតបថា ខ្ញុំមិនទាន់មានបទពិសោធន៍នោះទេ ។ គាត់ហាក់ដូចជាមិនភ្ញាក់ផ្អើលចំពោះចម្លើយខ្ញុំទេ ។
ក្រោយមក គាត់បាននិយាយអ្វីមួយដែលខ្ញុំចាំមិនភ្លេចឡើយ ។ ខ្ញុំចងចាំពាក្យពេចន៏របស់គាត់រហូតមកទល់ពេលនេះថា « ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យកូនដឹងដោយខ្លួនឯង ។ ប៉ុន្តែកូនត្រូវតែខិតខំប្រឹងប្រែង ។ កូនត្រូវតែអានព្រះគម្ពីរមរមន ហើយអធិស្ឋានដើម្បីដឹងដោយព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវរបិតាសួគ៌នឹងឆ្លើយតបការអធិស្ឋានរបស់កូន » ។
ខ្ញុំពុំបានអានព្រះគម្ពីរមរមនពីមុនមកទេ ។ ខ្ញុំពុំគិតថាខ្ញុំធំល្មមដើម្បីធ្វើបែបនោះទេ ។ ប៉ុន្តែម្ដាយខ្ញុំបានដឹងច្រើនជាង ។
សំណួររបស់គាត់បានធ្វើឲ្យខ្ញុំមានបំណងចង់ដឹងដោយខ្លួនឯង ។
ដូច្នេះរាល់យប់ នៅក្នុងបន្ទប់គេងដែលខ្ញុំគេងជាមួយបងប្អូនប្រុសពីរនាក់ទៀត ខ្ញុំបានបើកភ្លើងនៅពីលើគ្រែអានមួយជំពូកនៅក្នុងព្រះគម្ពីរមរមន ។ រួចមកខ្ញុំបានបិទភ្លើង ខ្ញុំចុះពីលើគ្រែលុតជង្គង់អធិស្ឋាន ។ ខ្ញុំបានអធិស្ឋានដោយស្មោះ ដោយមានបំណងប្រាថ្នាយ៉ាងខ្លាំង ដែលពុំធ្លាប់មានពីមុនមកទេ ។ ខ្ញុំបានទូលសូមព្រះវរបិតាសួគ៌ដើម្បីដឹងអំពីសេចក្ដីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមន ។
ចាប់តាំងពីខ្ញុំបានចាប់ផ្ដើមអានព្រះគម្ពីរមរមនមក ខ្ញុំមានអារម្មណ៍ថាព្រះវរបិតាសួគ៌បានជ្រាបពីការខិតខំរបស់ខ្ញុំ ។ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំសំខាន់ចំពោះទ្រង់ ។ ពេលខ្ញុំអាន និងអធិស្ឋាន អារម្មណ៍ស្ងប់ ភាពសុខសាន្តកើតមានមកលើខ្ញុំ ។ មួយជំពូកម្តងៗពន្លឺនៃសេចក្ដីជំនឿបានបំភ្លឺកាន់តែភ្លឺឡើងក្នុងព្រលឹងខ្ញុំ ។ ក្រោយមក ខ្ញុំបានដឹងថាអារម្មណ៍ទាំងនេះគឺជាការបញ្ជាក់អំពីសេចក្ដីពិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំបានដឹងដោយខ្លួនឯងថា ព្រះគម្ពីរមរមនពិត ហើយថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះនៃពិភពលោកនេះ ។ ខ្ញុំពិតជាមានអំណរគុណយ៉ាងខ្លាំងចំពោះការអញ្ជើញដ៏បំផុសគំនិតរបស់ម្តាយខ្ញុំ ។
បទពិសោធន៍ក្នុងការអានព្រះគម្ពីរមរមននេះកាលពីក្មេង បានបង្កើតលំនាំនៃការសិក្សាគម្ពីរ ដែលបន្តប្រទានពរដល់ខ្ញុំមកដល់ពេលនេះ ។ ខ្ញុំនៅតែអានព្រះគម្ពីរមរមន និងលុតជង្គង់អធិស្ឋាន ។ ហើយព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់អំពីសេចក្ដីពិតរបស់ព្រះគម្ពីរមរមនដដែលៗ ។
នីហ្វៃនិយាយត្រឹមត្រូវណាស់ ។ វាគឺជាប្រាជ្ញានៃព្រះអម្ចាស់ថាយើងគប្បីយកព្រះគម្ពីរទៅជាមួយនឹងយើងពេញមួយជីវិត ។ ព្រះគម្ពីរមរមនគឺជា « មូលដ្ឋានគ្រឺះ » ដែលធ្វើឲ្យគ្រាកាន់កាប់ត្រួតត្រានេះខុសប្លែកពីគ្រប់គ្រាកាន់កាប់ត្រួតត្រាមុនៗទាំងអស់ ។ ពេលយើងសិក្សាព្រះគម្ពីរមរមន ហើយធ្វើតាមព្យាការីដែលនៅរស់ នោះនឹងគ្មានការក្បត់សាសនាផ្ទាល់ខ្លួនក្នុងជីវិតយើងឡើយ ។
ការអញ្ជើញឲ្យមកកាន់ដើមឈើនៃជីវិតតាមរយៈការកាន់ខ្ជាប់នូវព្រះបន្ទូលរបស់ព្រះ គឺពុំមែនតែពីលីហៃទៅកាន់គ្រួសារគាត់ក៏ពុំមែនតែពីម្តាយខ្ញុំមកកាន់ខ្ញុំ ដើម្បីអាន និងអធិស្ឋានអំពីព្រះគម្ពីរមរមននោះទេ ។ វាក៏ជាការអញ្ជើញមួយមកពីព្យាការីរបស់យើង គឺប្រធានរ័សុល អិម ណិលសុន មកកាន់យើងម្នាក់ៗផងដែរ ។
លោកបានមានប្រសាសន៏ថា « ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន នោះបងប្អូននឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ ខ្ញុំសូមសន្យាថា ពេលបងប្អូនសញ្ជឹងគិតនូវអ្វីដែលបងប្អូនសិក្សា នោះបង្អួចស្ថានសួគ៌នឹងបើកឡើង បងប្អូននឹងទទួលចម្លើយចំពោះសំណួរផ្ទាល់ខ្លួន និងការដឹកនាំសម្រាប់ជីវិតបងប្អូនផ្ទាល់ » ។
វាជាការអធិស្ឋានរបស់ខ្ញុំថា ការអានព្រះគម្ពីរមរមននៅក្នុងឆ្នាំនេះនឹងជាអំណរ និងជាពរជ័យសម្រាប់យើងម្នាក់ៗ ហើយវានឹងនាំយើងឲ្យខិតទៅជិតព្រះអង្គសង្គ្រោះ ។
ព្រះវរបិតាសួគ៌មានព្រជន្មនៅរស់ ។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ ព្រះគម្ពីរមរមនមាននូវព្រះបន្ទូលរបស់ទ្រង់ ហើយបង្ហាញអំពីសេចក្តីស្រឡាញ់របស់ទ្រង់ ។ ប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីនៃព្រះអម្ចាស់នៅលើផែនដីសព្វថ្ងៃនេះ ។ ខ្ញុំដឹងរឿងទាំងនេះជារឿងពិតតាមរយៈសាក្សីបញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធ ជាសាក្សីដែលខ្ញុំបានទទួលជាលើកដំបូងនៅពេលអានព្រះគម្ពីរមរមនកាលពីក្មេង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទអាម៉ែន ។