សេចក្ដីទៀងត្រង់ ៖ គុណលក្ខណៈដូចជាព្រះគ្រីស្ទ
ការរស់នៅក្នុងជីវិតដ៏ទៀងត្រង់ តម្រូវឲ្យយើងស្មោះត្រង់ចំពោះព្រះ ចំពោះគ្នាទៅវិញទៅមក និងចំពោះអត្តសញ្ញាណដ៏ទេវភាពរបស់យើង ។
នៅគ្រាចុងក្រោយនៃការងារបម្រើរបស់ព្រះអង្គសង្រ្គោះ ទ្រង់បានយាងទៅភ្នំអូលីវ ចូលទៅកាន់សួនច្បារមួយដែលហៅថា គែតសេម៉ានី ហើយបានអញ្ជើញពួកសិស្សទ្រង់ឲ្យរង់ចាំ ។ ពេលនៅតែអង្គឯង ទ្រង់បានទូលអង្វរព្រះវរបិតាថា « បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ » ។ ដោយឈឺចាប់ជាពន់ពេក នោះការរងទុក្ខបានបណ្ដាលឲ្យទ្រង់ « គឺជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស … ហើយដើម្បីកុំឲ្យ [ ទ្រង់ ] ត្រូវផឹកពែងល្វីង ហើយរួញខ្លាច »។ ប៉ុន្តែនៅក្នុងគ្រានៃការអស់សង្ឃឹមជាអនេកនេះ ព្រះអង្គសង្គ្រោះពុំរួញខ្លាចទេ ប៉ុន្តែ « បានទទួលទាន និងសម្រេចការរៀបចំ [ របស់ទ្រង់ ] ចំពោះកូនចៅមនុស្ស » ។
ក្នុងនាមជាបុត្រាបង្កើតតែមួយរបស់ព្រះវរបិតា នោះព្រះយេស៊ូវគ្រីស្ទមានអំណាចលើសេចក្ដីស្លាប់ ការឈឺចាប់ និងទុក្ខវេទនា ប៉ុន្តែពុំរួញខ្លាចឡើយ ។ ទ្រង់បានបំពេញសេចក្ដីសញ្ញាដែលទ្រង់បានធ្វើជាមួយព្រះវរបិតាទ្រង់ ហើយពេលធ្វើដូច្នេះ បានបង្ហាញនូវគុណលក្ខណៈដូចជាព្រះគ្រីស្ទ ដែលកាន់តែសំខាន់នៅក្នុងពិភពលោកដែលយើងរស់នៅនេះ—ពោលគឺជាគុណលក្ខណៈនៃសេចក្ដីទៀងត្រង់ ។ ទ្រង់នៅតែស្មោះត្រង់ចំពោះព្រះ ចំពោះយើងម្នាក់ៗ និងចំពោះអត្តសញ្ញាណដ៏ទេវភាពរបស់ទ្រង់ ។
សេចក្ដីទៀងត្រង់
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គគំរូរបស់យើង ។ ការរស់នៅក្នុងជីវិតដ៏ទៀងត្រង់ តម្រូវឲ្យយើងស្មោះត្រង់ចំពោះព្រះ ចំពោះគ្នាទៅវិញទៅមក និងចំពោះអត្តសញ្ញាណដ៏ទេវភាពរបស់យើង ។ សេចក្ដីទៀងត្រង់កើតចេញពីបទបញ្ញត្តិដ៏ធំទីមួយ គឺឲ្យស្រឡាញ់ព្រះ ។ ដោយសារបងប្អូនស្រឡាញ់ព្រះ នោះបងប្អូនស្មោះត្រង់ចំពោះទ្រង់គ្រប់ពេល ។ បងប្អូនយល់ដឹងថា មានភាពត្រឹមត្រូវ និងការខុសឆ្គង ហើយមានសេចក្ដីពិតទាំងស្រុង—គឺជាសេចក្ដីពិតរបស់ព្រះ ។ សេចក្ដីទៀងត្រង់មានន័យថា បងប្អូនមិនបន្ទាបបទដ្ឋាន ឬឥរិយាបថរបស់ខ្លួន ដើម្បីធ្វើឲ្យគេស្ងើចសរសើរ ឬទទួលយកនោះទេ ។ បងប្អូន « ធ្វើអ្វីដែលត្រឹមត្រូវ » ហើយ « ចូរឲ្យផលមកតាមក្រោយ » ។ កំណែថ្មីនៃសៀវភៅសិក្សាសម្រាប់អ្នកផ្សព្វផ្សាយសាសនា ប្រកាសដំណឹងល្អរបស់យើង បានបន្ថែមសេចក្ដីទៀងត្រង់ជាគុណលក្ខណៈដូចជាព្រះគ្រីស្ទ ។
ប៉ុន្មានឆ្នាំមុន អែលឌើរ អុជដូហ្វ ត្រូវបានចាត់តាំងឲ្យរៀបចំស្តេករបស់យើងឡើងវិញ ។ អំឡុងការសម្ភាសរបស់យើង លោកបានសួរខ្ញុំនូវសំណួរមួយដែលខ្ញុំចាំមិនភ្លេចថា ៖ « តើមានអ្វីនៅក្នុងជីវិតរបស់ប្អូន បើសាធារណជនបានដឹង នោះនឹងធ្វើឲ្យប្អូន ឬសាសនាចក្រអាម៉ាស់ដែរឬទេ ? » ដោយភ្ញាក់ផ្អើល ខ្ញុំបានគិតមើលឡើងវិញយ៉ាងឆាប់រហ័សនូវទង្វើពេញមួយជីវិតខ្ញុំ ទាំងព្យាយាមរំឭកពីគ្រាដែលខ្ញុំប្រហែលជាមានការខ្វះខាត ហើយសួរខ្លួនឯងថា « បើអ្នកដទៃបានដឹងពីអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើ តើពួកគេនឹងគិតយ៉ាងណាពីខ្ញុំ ឬពីសាសនាចក្រ ? »
នៅគ្រានោះ ខ្ញុំបានគិតថា អែលឌើរ អុជដូហ្វ គ្រាន់តែសួរអំពីភាពស័ក្តិសមប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានយល់ថា តាមពិតទៅវាជាសំណួរមួយអំពីសេចក្ដីទៀងត្រង់ ។ តើខ្ញុំស្មោះត្រង់ចំពោះអ្វីដែលខ្ញុំបានអះអាងឬទេ ? តើពិភពលោកនឹងឃើញភាពខ្ជាប់ខ្ជួនទាំងពាក្យសម្ដី និងទង្វើរបស់ខ្ញុំឬទេ ? តើអ្នកដទៃនឹងមើលឃើញព្រះតាមរយៈការប្រព្រឹត្តរបស់ខ្ញុំឬទេ ?
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា « សេចក្ដីទៀងត្រង់ » គឺជា « …ឆន្ទៈ និងសមត្ថភាពក្នុងការរស់នៅតាមជំនឿ និងការតាំងចិត្តរបស់យើង » ។
ស្មោះត្រង់ចំពោះព្រះ
ជាដំបូង និងដ៏សំខាន់បំផុត ជីវិតនៃសេចក្ដីទៀងត្រង់តម្រូវឲ្យយើងស្មោះត្រង់ចំពោះព្រះ ។
តាំងពីក្មេង យើងបានរៀនពីដំណើររឿងរបស់ដានីយ៉ែលនៅក្នុងរូងតោ ។ ដានីយ៉ែលតែងតែស្មោះត្រង់ចំពោះព្រះ ។ មិត្តភក្តិដែលច្រណែនគាត់ « ស្វែងរកហេតុពីដំណើររាជការផែនដី ឲ្យទាស់នឹង [ គាត់ ] »និងបានប្រឌិតក្រឹត្យវិន័យមួយឡើងដែលបង្គាប់ឲ្យមានការអធិស្ឋានទៅកាន់ព្រះរបស់ពួកគេតែប៉ុណ្ណោះ ។ ដានីយ៉ែល បានដឹងអំពីច្បាប់នេះ ប៉ុន្តែបានត្រឡប់ទៅផ្ទះវិញ —ដោយ « បង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហ »—បានលុតជង្គង់ ហើយអធិស្ឋានបីដងក្នុងមួយថ្ងៃទៅកាន់ព្រះនៃសាសន៍អ៊ីស្រាអែល ។ ជាលទ្ធផល ដានីយ៉ែលត្រូវបានគេបោះចូលទៅក្នុងរូងតោ ។ នៅពេលព្រឹក ស្ដេចបានឃើញថាព្រះរបស់ដានីយ៉ែលបានរំដោះលោក ហើយចេញច្បាប់ថ្មីមួយថា មនុស្សទាំងអស់គួរតែ « ញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះនៃដានីយ៉ែល ៖ ដ្បិតទ្រង់ ជាព្រះដ៏មានព្រះជន្មរស់នៅ » ។
ស្ដេចបានចាប់ផ្ដើមស្គាល់ព្រះ តាមរយៈសេចក្ដីទៀងត្រង់របស់ដានីយ៉ែល ។ អ្នកដទៃមើលឃើញព្រះតាមរយៈពាក្យសម្ដី និងទង្វើរបស់យើង ។ ដូចជាដានីយ៉ែលដែរ ការស្មោះត្រង់ចំពោះព្រះនឹងធ្វើឲ្យយើងកាន់តែញែកខ្លួនយើងចេញពីលោកិយនេះ ។
ព្រះអង្គសង្គ្រោះបានរំឭកយើងថា « នៅលោកិយនេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ » ។ ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់ដំបូន្មានថា « [ ការយកឈ្នះលោកិយនេះ ] « មានន័យថា ការយកឈ្នះលើការល្បួងដែលនាំឲ្យខ្វល់ខ្វាយច្រើនចំពោះរបស់ផងលោកិយជាងការណ៍ទាំងឡាយនៃព្រះ ។ វាមានន័យថា ទុកចិត្តលើគោលលទ្ធិនៃព្រះគ្រីស្ទខ្លាំងជាងទៅលើទស្សនៈរបស់មនុស្ស » ។ ដូចគ្នានេះដែរ យើងត្រូវតែទប់ទល់នឹងការល្បួងដែលឲ្យដើរ « តាមផ្លូវ [ របស់ខ្លួនយើង ] ផ្ទាល់ ហើយតាមរូបភាពនៃព្រះ [ របស់យើង ] ផ្ទាល់ ដែលមានរូបភាពដូចជារូបរាងនៃលោកិយ » ។
ទំនាញផ្ទុយនៅក្នុងលោកិយនេះ គឺជាផ្នែកដ៏ចាំបាច់មួយនៃផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះ ។ របៀបដែលយើងឆ្លើយតបទៅនឹងទំនាញនេះគឺសារៈសំខាន់នៃខ្លួនយើងជានរណា—ជារង្វាស់នៃសេចក្ដីទៀងត្រង់របស់យើង ។ ទំនាញខាងលោកិយអាចមានចំៗ ដើម្បីបំផ្លាញភក្ដីភាពក្នុងចំណងអាពាហ៍ពិពាហ៍ ឬការរកលេសបង្ហោះមតិអនាមិករិះគន់គោលលទ្ធិ និងវប្បធម៌របស់សាសនាចក្រ ។ ការអនុវត្តសេចក្ដីទៀងត្រង់នៅក្នុងការជ្រើសរើសនានារបស់យើងគឺជាការបង្ហាញចេញមកខាងក្រៅនូវការតាំងចិត្តក្នុងខ្លួនដើម្បីធ្វើតាមព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
ស្មោះត្រង់ចំពោះអ្នកដទៃ
ក៏ដូចជាសេចក្ដីទៀងត្រង់ កើតចេញមកពីបទបញ្ញត្តិដ៏ធំទីមួយ ឲ្យស្រឡាញ់ព្រះ នោះការស្មោះត្រង់ចំពោះគ្នាកើតចេញមកពីបទបញ្ញត្តិទីពីរ ឲ្យស្រឡាញ់អ្នកជិតខាងយើងដូចខ្លួនយើងដែរ ។ ជីវិតនៃសេចក្ដីទៀងត្រង់ពុំមែនជាជីវិតដ៏ល្អឥតខ្ចោះនោះទេ វាគឺជាជីវិតដែលយើងខិតខំជារៀងរាល់ថ្ងៃ ដើម្បីស្មោះត្រង់បំផុតចំពោះព្រះហើយក្នុងន័យនោះគឺជាការស្មោះត្រង់ចំពោះអ្នកដទៃ ។ ប្រធាន អូក រំឭកយើងថា « ភាពខ្នះខ្នែងរបស់យើងដើម្បីគោរពតាមបទបញ្ញត្តិ[ ទីពីរ ]នេះមិនត្រូវធ្វើឲ្យយើងភ្លេចពីបទបញ្ញត្តិទីមួយ » ឡើយ ។
ពិភពលោកកាន់តែគ្មានសេចក្ដីទៀងត្រង់ ដោយត្រូវបង្ខំឲ្យមានគោលនយោបាយ ឬច្បាប់សីលធម៌ដើម្បីគ្រប់គ្រងទំនាក់ទំនងរវាងមនុស្ស និងស្ថាប័នទាំងឡាយ ។ ទោះវាល្អក៏ដោយ ច្បាប់ទាំងនេះ ជាទូទៅមិនត្រូវបានចាក់គ្រឹះក្នុងសេចក្ដីពិតទាំងស្រុងទេ ហើយវាមានទំនោរផ្អែកទៅលើការទទួលយកខាងវប្បធម៌វិញ ។ ស្រដៀងគ្នាទៅនឹងសំណួរដែលអែលឌើរ អុជដូហ្វ បានលើកឡើងថា ស្ថាប័នមួយចំនួនបណ្ដុះបណ្ដាលនិយោជិតឲ្យគិតថាតើការសម្រេចចិត្ត ឬដំណើរការធ្វើការសម្រេចចិត្តរបស់ពួកគេនឹងមានរូបរាងបែបណា ប្រសិនបើវាបានផ្សាយតាមអនឡាញ ឬនៅទំព័រមុខនៃសារព័ត៌មានធំមួយនោះ ។ នៅពេលដែលសាសនាចក្រចេញពីភាពអាប់អួ និងភាពងងឹត យើងក៏ដូចជា ដានីយ៉ែលដែរ ត្រូវតែក្រោកឡើងឲ្យខ្ពស់ជាងការរំពឹងទុករបស់លោកិយ ហើយឈរតំណាងឲ្យព្រះដ៏ពិត និងមានព្រះជន្មរស់ នៅគ្រប់ពេល និងគ្រប់ទីកន្លែង ។
ការនិយាយថា យើងមានសេចក្ដីទៀងត្រង់គឺមិនគ្រប់គ្រាន់ទេ ប្រសិនបើទង្វើរបស់យើងមិនស្របនឹងពាក្យសម្តីនោះ ។ ដូចគ្នានេះដែរ សេចក្ដីសប្បុរសរបស់ពួកគ្រីស្ទានពុំមែនជាការជំនួសឲ្យសេចក្ដីទៀងត្រង់នោះទេ ។ ក្នុងនាមជារាស្ត្រក្នុងសេចក្ដីសញ្ញា និងជាអ្នកដឹកនាំក្នុងសាសនាចក្ររបស់ទ្រង់ យើងត្រូវតែមានបទដ្ឋានខ្ពស់ឲ្យហួសពីការរិះគន់ ហើយនៅស្របតាមបទដ្ឋានដែលព្រះអម្ចាស់បានកំណត់ ។
ការប្រព្រឹត្តដោយសេចក្ដីទៀងត្រង់ស្ថាបនាសេចក្ដីជំនឿ និងការទុកចិត្ត ហើយធានាដល់អ្នកដទៃថា យើងព្យាយាមធ្វើតាមតែព្រះឆន្ទៈរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ។ នៅក្នុងក្រុមប្រឹក្សារបស់យើង យើងទប់ទល់នឹងឥទ្ធិពលខាងក្រៅ ហើយធ្វើតាមដំណើរការដែលព្រះអម្ចាស់បានបើកសម្តែង ដើម្បីស្វែងរកការយល់ដឹងពីស្ត្រី និងបុរសម្នាក់ៗ ហើយប្រព្រឹត្តស្របទៅនឹងដំបូន្មានដ៏បំផុសគំនិតដែលបានទទួល ។
យើងផ្តោតទៅលើព្រះអង្គសង្គ្រោះ ហើយយើងប្រុងប្រយ័ត្ន ដើម្បីចៀសវាងពីសកម្មភាពនានាដែលអាចយល់ឃើញថាជាការបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនផ្ដល់ប្រយោជន៍ដល់គ្រួសារយើង ឬគាំទ្រដល់នរណាម្នាក់ ហើយធ្វើឲ្យប៉ះពាល់ដល់មនុស្សម្នាក់ទៀត ។ យើងខិតខំជាពិសេស ដើម្បីចៀសវាងពីគំនិតដែលថា ទង្វើរបស់យើងអាចទទួលឥទ្ធិពលមកពីការគោរពពីមនុស្សដើម្បីទទួលបានការទទួលស្គាល់ផ្ទាល់ខ្លួន បង្កើតការចូលចិត្តបន្ថែមដើម្បីត្រូវបានដកស្រង់ ឬបោះពុម្ពផ្សាយ ។
ស្មោះត្រង់ចំពោះអត្តសញ្ញាណដ៏ទេវភាពរបស់យើង
ជាចុងក្រោយ ជីវិតនៃសេចក្ដីទៀងត្រង់តម្រូវឲ្យយើងស្មោះត្រង់ចំពោះអត្តសញ្ញាណដ៏ទេវភាពរបស់យើង ។
យើងស្គាល់មនុស្សខ្លះដែលពុំមែនជាមនុស្សបែបនោះ ។ ជាពិសេសនោះគឺកូរីហូរ ដែលប្រឆាំងនឹងព្រះគ្រីស្ទ ជាអ្នកដែលបានដឹកនាំដួងចិត្តនៃមនុស្សជាច្រើនឲ្យចេញឆ្ងាយ ដោយសារវាធ្វើឲ្យស្ដប់ស្កល់ដល់ « គំនិតខាងរូបកាយ » របស់ពួកគេ ។ ប៉ុន្តែ នៅគ្រាចុងក្រោយនៃជីវិតគាត់បានសារភាពថា « ខ្ញុំបានដឹងជារហូតមកថា មានព្រះមួយអង្គមែន » ។ ប្រធាន ហែនរី ប៊ី អាវរិង បានបង្រៀនថា ការកុហក « គឺផ្ទុយពីធម្មជាតិនៃវិញ្ញាណរបស់យើង »អត្តសញ្ញាណដ៏ទេវភាពរបស់យើង ។ កូរីហូរបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងគាត់នោះទេ ។
ផ្ទុយទៅវិញ ព្យាការី យ៉ូសែប ស្ម៊ីធ បានប្រកាសដោយទំនុកចិត្តថា « ខ្ញុំដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំដឹងថា ព្រះទ្រង់ក៏ដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំពុំអាចបដិសេធរឿងនេះ » ទេ ។
ព្រះអម្ចាស់ស្រឡាញ់បងប្រុសរបស់យ៉ូសែប គឺហៃរុម « មកពីសេចក្ដីស្មោះនៃចិត្តរបស់គាត់ » ។ គាត់ និងយ៉ូសែបនៅតែស្មោះត្រង់ដល់ទីបញ្ចប់—ស្មោះត្រង់ចំពោះអត្តសញ្ញាណដ៏ទេវភាពរបស់ពួកលោក ពន្លឺ និងចំណេះដឹងដែលពួកលោកបានទទួល ហើយស្មោះត្រង់ចំពោះបុគ្គលដែលពួកលោកបានដឹងថាពួកលោកអាចប្រែក្លាយ ។
សេចក្ដីបញ្ចប់
សូមឲ្យយើងផ្សះផ្សាខ្លួនឯង « ទៅតាមបំណងនៃព្រះ » ហើយអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទគឺសេចក្ដីទៀងត្រង់ ។ សូមឲ្យយើងធ្វើតាមអង្គគំរូរបស់យើង គឺជាព្រះអង្គសង្រ្គោះនៃពិភពលោក ហើយមិនរួញខ្លាចទេ ប៉ុន្តែរស់នៅក្នុងជីវិតដែលស្មោះត្រង់ចំពោះព្រះ ស្មោះត្រង់ចំពោះគ្នា និងស្មោះត្រង់ចំពោះអត្តសញ្ញាណដ៏ទេវភាពរបស់យើង ។
ដូច យ៉ូប បានមានប្រសាសន៍ថា « នោះសូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យទ្រង់បានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ » ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕