បានតែងតាំងពីមុនកំណើតលោកិយដើម្បីបម្រើ
ព្រះវរបិតាសួគ៌យើងមានព្រះទ័យចង់បើកសម្តែងទៅកាន់ក្មួយៗនូវការតែងតាំងពីមុនកំណើតលោកិយ៍របស់ក្មួយៗ ហើយទ្រង់នឹងធ្វើការណ៍នេះនៅពេលក្មួយៗស្វែងយល់ និងធ្វើតាមព្រះហឫទ័យទ្រង់ ។
ល្ងាចនេះខ្ញុំនិយាយទៅកាន់យុវវ័យនៃសាសនាចក្រ ដែលជាយុវជន និងយុវនារីនៃជំនាន់កំពុងពេញវ័យ ជាអ្នកកាន់បទដ្ឋានមនុស្សជំនាន់ក្រោយ ។
នៅខែ តុលា ឆ្នាំ ២០២៣ ព្យាការីជាទីស្រឡាញ់យើង ប្រធាន រ័សុល អិម ណិលសុន បានប្រកាស ៖ « ព្រះវរបិតាសួគ៌របស់ក្មួយៗ ស្គាល់ក្មួយៗជាយូរមកហើយ ។ ក្មួយៗជាបុត្រា ឬបុត្រីទ្រង់ត្រូវបានរើសតាំងដោយទ្រង់ឲ្យមកផែនដី នៅក្នុងជំនាន់ដ៏អស្ចារ្យនេះ ដើម្បីធ្វើជាអ្នកដឹកនាំក្នុងកិច្ចការដ៏មហិមារបស់ទ្រង់លើផែនដី » ។
កាលពីពីរឆ្នាំមុន ប្រធាន ណិលសុន បានបន្តថ្លែង ៖
« ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីដោយមោះមុតថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យយុវជន គ្រប់រូប ដែលមានភាពស័ក្ដិសម និងមានសមត្ថភាពឲ្យរៀបចំខ្លួនបម្រើបេសកកម្ម ។ សម្រាប់យុវជនពួកបរិសុទ្ធថ្ងៃចុងក្រោយ ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា គឺជាការទទួលខុសត្រូវមួយនៃបព្វជិតភាព ។ ក្មួយៗជាយុវជនត្រូវបានបម្រុងទុកសម្រាប់ជំនាន់នេះ ជាពេលដែលត្រូវប្រមូលផ្ដុំអ៊ីស្រាអែលដូចដែលបានសន្យា ។…
« សម្រាប់ក្មួយៗយុវនារីដែលមានលទ្ធភាព បេសកកម្មគឺជាឱកាសដ៏មានអានុភាពមួយផងដែរ តែវាជាជម្រើស ទេ ។ … សូមអធិស្ឋានដើម្បីដឹងថា តើព្រះអម្ចាស់នឹងឲ្យក្មួយៗបម្រើបេសកកម្មដែរឬទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងឆ្លើយតបក្នុងដួងចិត្ត និងគំនិតក្មួយៗ » ។
សេចក្តីយោងរបស់ព្យាការីយើងថា ព្រះអម្ចាស់បម្រុងទុកយុវវ័យនៃជំនាន់យើងសម្រាប់គ្រានេះដើម្បីប្រមូលផ្ដុំអ៊ីស្រាអែល ហើយលោកក៏អញ្ជើញឲ្យអធិស្ឋានដើម្បីដឹងពីអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យក្មួយៗធ្វើ ដែលសេចក្ដីយោងនោះគឺសំដៅលើជីវិតដែលក្មួយៗបានរស់នៅ និងពរជ័យ ដែលក្មួយៗបានទទួលពីព្រះ មុនពេលក្មួយៗកើតមកលើផែនដីនេះ ។ យើងទាំងអស់គ្នាបានរស់នៅជាមួយព្រះវរបិតាសួគ៌ក្នុងនាមជាកូនវិញ្ញាណរបស់ទ្រង់ពីមុនកើតមកលើផែនដីនេះ ។ ព្រះអម្ចាស់ បានប្រកាសទៅកាន់ម៉ូសេថា « ត្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានបង្កើតគ្រប់របស់ទាំងអស់… ខាងវិញ្ញាណ មុនមានរបស់ទាំងនោះនៅលើផែនដីតាមធម្មជាតិ » ។
នៅពេលទ្រង់បង្កើតវិញ្ញាណក្មួយៗ នោះទ្រង់ស្រឡាញ់ក្មួយៗជាបុត្រាបុត្រីខាងវិញ្ញាណរបស់ទ្រង់ ហើយបានបង្កប់នៅក្នុងខ្លួនក្មួយៗនូវនិស្ស័យដ៏ទេវភាព និងជោគវាសនាដ៏អស់កល្បជានិច្ច ។
ក្នុងអំឡុងជីវិតមុនផែនដីនេះ ក្មួយៗ« បានអភិវឌ្ឍអត្តសញ្ញាណ[របស់ក្មួយៗ] និងបង្កើនសមត្ថភាពខាងវិញ្ញាណ[របស់ក្មួយៗ] » ។ ក្មួយៗត្រូវបានប្រទានពរនូវអំណោយនៃសិទ្ធិជ្រើសរើស លទ្ធភាពជ្រើសរើសសម្រាប់ខ្លួនឯង ហើយក្មួយៗបានធ្វើការសម្រេចចិត្តសំខាន់ៗ ដូចជាការសម្រេចចិត្តធ្វើតាមផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ដែល « ទទួលបានរូបកាយ និងបទពិសោធន៍លើផែនដីដើម្បីរីកចម្រើន … ហើយទីបំផុតសម្រេចបានជោគវាសនាដ៏ទេវភាព [ របស់ក្មួយៗ ] ក្នុងនាមជាអ្នកស្នងមរតកជីវិតដ៏នៅអស់កល្បជានិច្ច » ។ ការសម្រេចចិត្ដនេះមានឥទ្ធិពលដល់ជីវិតក្មួយៗនាពេលនោះនៅក្នុងជីវិតមុនផែនដី ហើយវាបន្តមានឥទ្ធិពលដល់ជីវិតរបស់ក្មួយៗនាពេលនេះ ។ ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះដែលរស់នៅក្នុងជីវិតមុនផែនដីក្មួយៗ « ចម្រើនបញ្ញា ហើយរៀនស្រឡាញ់សេចក្ដីពិត » ។
មុនពេលក្មួយៗកើតមក ព្រះបានតែងតាំងក្មួយម្នាក់ៗឲ្យបំពេញបេសកកម្មជាក់លាក់ក្នុងជីវិតរមែងស្លាប់នៅលើផែនដី ។ បើក្មួយៗបន្តមានភាពស័ក្តិសម នោះពរជ័យក្នុងជីវិតមុនផែនដីនោះអាចធ្វើឲ្យក្មួយ មានឱកាសគ្រប់យ៉ាងក្នុងជីវិតនេះ រួមទាំងឱកាសដើម្បីបម្រើក្នុងសាសនាចក្រ និងចូលរួមក្នុងកិច្ចការដ៏សំខាន់បំផុតដែលកើតឡើងនៅលើផែនដីសព្វថ្ងៃនេះគឺ ៖ ការប្រមូលផ្ដុំនៃអ៊ីស្រាអែល ។ ការសន្យាក្នុងជីវិតមុនផែនដីនេះ និងពរជ័យនានាគឺត្រូវបានហៅថាការតែងតាំងពីមុនកំំណើតលោកិយ ។ « គោលលទ្ធិនៃការតែងតាំងពីមុនកំណើតលោកិយ អនុវត្តចំពោះសមាជិកគ្រប់រូបនៃសាសនាចក្រ » ។ ការតែងតាំងពីមុនកំណើតលោកិយមិនបានធានាថា ក្មួយៗនឹងទទួលបាននូវការហៅបម្រើឬការទទួលខុសត្រូវជាក់លាក់ណាមួយឡើយ ។ ពរជ័យ និងឱកាសនានាកើតមានក្នុងជីវិតនេះ គឺជាលទ្ធផលនៃការអនុវត្តសិទ្ធិជ្រើសរើសដ៏សុចរិតរបស់ក្មួយៗ ក៏ដូចជាការតែងតាំងពីមុនជីវិតមុនផែនដីរបស់ក្មួយៗ ដែលជាលទ្ធផលនៃសេចក្តីសុចរិតផងដែរ ។ នៅពេលក្មួយៗបង្ហាញថាមានភាពស័ក្តិសម ហើយរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញា នោះក្មួយៗនឹងទទួលបានឱកាសដើម្បីបម្រើនៅក្នុងថ្នាក់យុវនារី ឬកូរ៉ុមបព្វជិតភាព។ ក្មួយៗនឹងទទួលបានពរជ័យបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីក្លាយជាបងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើ ហើយបម្រើបេសកកម្មក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
ហេតុអ្វីក៏ការស្វែងយល់ និងការស្គាល់អំពីការតែងតាំងពីមុនកំណើតលោកិយរបស់ក្មួយៗជារឿងសំខាន់ ? នៅថ្ងៃដែលមានសំណួរច្រើន ហើយនៅពេលដែលមនុស្សជាច្រើនស្វែងស្គាល់អត្តសញ្ញាណពិតរបស់ពួកគេ នោះវានាំមកនូវភាពសុខសាន្ត និងការអះអាងក្នុងដួងចិត្ត និងគំនិតរបស់យើង ពេលដឹងថាថាព្រះទ្រង់ជ្រាប និងប្រទានពរដល់យើងម្នាក់ៗមុនពេលយើងម្នាក់ៗបានកើតមកលើផែនដីនេះនូវ « លក្ខណៈពិសេស [ នានា ] នៃ … អត្តសញ្ញាណ និងគោលបំណងនៃជីវិតមុនផែនដី ជីវិតរមែងស្លាប់ និងជីវិតដ៏នៅអស់កល្បជានិច្ច » ។ ការដឹងថាក្មួយៗជានរណា ចាប់ផ្តើមពីចំណេះដឹងអំពីពរជ័យនៃការតែងតាំងពីមុនកំណើតលោកិយ៍ ដែលព្រះបានប្រគល់ដល់ក្មួយៗមុនពេលក្មួយៗកើតនៅលើផែនដីនេះ ។ ព្រះវរបិតាសួគ៌យើងមានព្រះទ័យចង់បើកសម្តែងទៅកាន់ក្មួយៗនូវការតែងតាំងពីមុនកំណើតលោកិយ៍របស់ក្មួយៗ ហើយទ្រង់នឹងធ្វើការណ៍នេះនៅពេលក្មួយៗស្វែងយល់ និងធ្វើតាមព្រះហឫទ័យទ្រង់ ។
ខ្ញុំចូលចិត្តអានការចុះផ្សាយនៅក្នុង Instagram របស់ប្រធាន ណិលសុន ។ ការចុះផ្សាយមួយដែលខ្ញុំពេញចិត្តជាងគេ គឺនៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ ។ លោកបានសរសេរថា ៖
« ខ្ញុំជឿថា បើព្រះអម្ចាស់មានបន្ទូលទៅកាន់ក្មួយៗដោយផ្ទាល់នៅរាត្រីនេះ រឿងដំបូងដែលទ្រង់សព្វព្រះទ័យឲ្យក្មួយៗយល់នោះគឺ អត្តសញ្ញាណពិតរបស់ក្មួយៗ ។ ឱ ! ក្មួយៗជាទីស្រឡាញ់ ក្មួយៗគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះដ៏ពិត ។…
« … ចូរកុំយល់ខុសពីវាឡើយ ៖ សក្ដានុពលរបស់ក្មួយៗគឺទេវភាពណាស់ ។ ព្រះនឹងបំភ្លឺគំនិតក្មួយអំពីបុគ្គលដែលក្មួយនឹងប្រែក្លាយ តាមការខិតខំដ៏ឧស្សាហ៍របស់ក្មួយ » ។
តើខ្ញុំអាចចែកចាយនឹងក្មួយៗពីរបៀបដែលឪពុកលើផែនដីរបស់ខ្ញុំបានបង្រៀនខ្ញុំឲ្យរកឃើញអត្តសញ្ញាណនិងផែនការរបស់ព្រះនៅក្នុងជីវិតរបស់ខ្ញុំបានទេ ?
ពេលខ្ញុំកំពុងកាត់ស្មៅតាមធម្មតា នៅព្រឹកថ្ងៃសៅរ៍មួយ កាលអាយុ ១៣ ឆ្នាំ ។ ពេលខ្ញុំកាត់ស្មៅ ខ្ញុំឮទ្វារបិទនៅខាងក្រោយផ្ទះ ពេលក្រឡេកមើលទៅឃើញឪពុកខ្ញុំហៅខ្ញុំឲ្យទៅ ។ ខ្ញុំបានដើរទៅរានហាលខាងក្រោយ គាត់បានហៅខ្ញុំឲ្យអង្គុយលើកាំជណ្ដើរជាមួយគាត់ ។ វាជាព្រឹកព្រលឹមដ៏ស្រស់ស្រាយ ។ ខ្ញុំនៅតែចាំកាលគាត់អង្គុយកៀកខ្ញុំស្មាយើងប៉ះគ្នា ។ គាត់បានចាប់ផ្តើមដោយប្រាប់ខ្ញុំថាគាត់ស្រឡាញ់ខ្ញុំ ។ គាត់បានសួរខ្ញុំថា អ្វីជាគោលដៅនៅក្នុងជីវិតខ្ញុំ ។ ខ្ញុំបានគិតថា « វាជាការងាយស្រួលទេ » ។ ខ្ញុំដឹងច្បាស់ថាមានរឿងពីរយ៉ាងគឺ ៖ ខ្ញុំចង់មានកម្ពស់ខ្ពស់ និងចង់ទៅបោះជំរំឲ្យបានកាន់តែញឹកញាប់ ។ ខ្ញុំជាមនុស្សសាមញ្ញ ។ គាត់ញញឹម រួចឈប់មួយសន្ទុះ ហើយមានប្រសាសន៍ថា ៖ « ស្ទីវ ប៉ាចង់ចែកចាយរឿងមួយ ដែលមានសារៈសំខាន់សម្រាប់ប៉ា ។ ប៉ាបានអធិស្ឋានសូមឲ្យព្រះវរបិតាសួគ៌យើងនឹងបណ្ដាលឲ្យអ្វីដែលប៉ានិយាយថ្ងៃនេះបានដក់ជាប់ក្នុងចិត្ត និងព្រលឹងរបស់កូនជានិច្ចភ្លេចមិនបាន » ។
គ្រានោះខ្ញុំបានផ្តោតការយកចិត្តទុកដាក់ទៅលើឪពុកខ្ញុំទាំងស្រុង ។ គាត់ងាកមកសម្លឹងមើលកែវភ្នែកខ្ញុំ ហើយមានប្រសាសន៍ថា « កូនប្រុសចូរការពារពេលវេលាផ្ទាល់ខ្លួនក្នុងជីវិតរបស់កូន » ។ គាត់បានឈប់មួយសន្ទុះ ទុកពេលឲ្យអត្ថន័យនោះជ្រួតជ្រាបទៅក្នុងដួងចិត្តខ្ញុំ ។
បន្ទាប់មក គាត់បានបន្តទៀតថា « កូនដឹងទេ នៅគ្រាដែលកូននៅម្នាក់ឯង គ្មាននរណាម្នាក់ដឹងថាកូនកំពុងធ្វើអ្វីទេ ? គ្រានោះ ជាពេលដែលកូនគិតថា ‹ តើអ្វីដែលខ្ញុំធ្វើឥឡូវនេះមិនប៉ះពាល់ដល់អ្នកដទៃទេ វាប៉ះពាល់តែខ្ញុំប៉ុណ្ណោះ › ? »
រួចគាត់បានមានប្រសាសន៍ថា « ពេលវេលាភាគច្រើននៅក្នុងជីវិតកូន អ្វីដែលកូនធ្វើអំឡុងពេលឯកជនរបស់កូននឹងមានឥទ្ធិពលខ្លាំងបំផុតទៅលើរបៀបដែលកូនប្រឈមមុខនឹងបញ្ហានានា និងការឈឺចាប់ដែលកូននឹងជួប ហើយអ្វីដែលកូនធ្វើអំឡុងពេលឯកជនរបស់កូន ក៏នឹងមានឥទ្ធិពលខ្លាំងទៅលើរបៀបដែលកូនប្រឈមមុខនឹងជោគជ័យ និងភាពរីករាយដែលកូននឹងជួបជាងពេលណាៗទាំងអស់នៅក្នុងជីវិតរបស់កូន » ។
ឪពុកខ្ញុំបានប្រាប់ពីបំណងប្រាថ្នានៃដួងចិត្តគាត់ ។ សំឡេង និងចង្វាក់នៃសម្តីគាត់ និងសេចក្តីស្រឡាញ់ដែលខ្ញុំបានទទួលអារម្មណ៍តាមពាក្យសម្តីគាត់ បានដក់ជាប់ក្នុងចិត្ត និងព្រលឹងខ្ញុំនៅថ្ងៃនោះ ។
ខ្ញុំបានរៀនជាច្រើនឆ្នាំមកថា អព្ភូតហេតុដ៏អស្ចារ្យនៃថ្ងៃអង្គុយនៅលើកាំជណ្តើរក្នុងគេហដ្ឋានកាលពីកុមារភាពនោះគឺ ជាពេលវេលាផ្ទាល់ខ្លួនក្នុងជីវិតខ្ញុំ ដែលខ្ញុំអាចទៅរកព្រះដោយអធិស្ឋានដើម្បីទទួលវិវរណៈ ។ ឪពុករបស់ខ្ញុំបានបង្រៀនខ្ញុំអំពីរបៀបដែលខ្ញុំអាចរៀនអំពីពរជ័យដែលបានតែងតាំងពីមុនកំណើតលោកិយរបស់ព្រះ ។ ពេលវេលាផ្ទាល់ខ្លួនទាំងនោះ ខ្ញុំបានរៀនព្រះគម្ពីរមរមន ដែលជាព្រះបន្ទូលរបស់ព្រះ ។ ខ្ញុំបានរៀនថា ព្រះបានតែងតាំងខ្ញុំពីមុនកំំណើតលោកិយ៍ដើម្បីបម្រើបេសកកម្ម ។ ខ្ញុំបានរៀនថាព្រះស្គាល់ខ្ញុំ ឮ ហើយឆ្លើយតបការអធិស្ឋានខ្ញុំ ។ ខ្ញុំបានរៀនថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះយើង ។
ទោះខ្ញុំបានធ្វើខុសច្រើនតាំងពីថ្ងៃដ៏គួរឲ្យចងចាំជាមួយឪពុកខ្ញុំក្ដី ក៏ការខិតខំការពារពេលវេលាផ្ទាល់ខ្លួននៃជីវិតខ្ញុំ នៅតែបន្តជាយុថ្កានៅកណ្តាលព្យុះជីវិត ហើយបានអនុញ្ញាតឲ្យខ្ញុំរកបានទីជម្រកសុវត្ថិភាព និងការព្យាបាល ពរជ័យនៃសេចក្តីស្រឡាញ់និងពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះរបស់យើងកាន់តែរឹងមាំ ។
ក្មួយប្រុសស្រីរបស់ខ្ញុំអើយ នៅពេលក្មួយៗការពារពេលវេលាផ្ទាល់ខ្លួនក្នុងជីវិតដោយការកម្សាន្ដដ៏ត្រឹមត្រូវ ការស្តាប់តន្ត្រីលើកតម្កើង អានព្រះគម្ពីរ អធិស្ឋានជាទៀងទាត់ និងដ៏មានអត្ថន័យ ហើយខិតខំទទួលនិងជញ្ជឹងគិតអំពីពរលោកអយ្យកោនោះក្មួយៗនឹងទទួលបានវិវរណៈ ។ នៅក្នុងប្រសាសន៍របស់ប្រធាន ណិលសុន ក្មួយៗនឹង « យល់ច្បាស់អំពីសេចក្ដីពិតដែលថាជីវិតនេះ គឺ ពិតជាពេលវេលាដែលក្មួយៗត្រូវសម្រេចចិត្តថា តើជីវិតបែបណាដែល ក្មួយៗ ចង់រស់នៅជារៀងរហូតនោះ » ។
ព្រះវរបិតាយើងដែលគង់នៅឋានសួគ៌ នឹងឆ្លើយតបការអធិស្ឋានរបស់ក្មួយៗ ជាពិសេសការអធិស្ឋានដែលបានទូលសូមក្នុងអំឡុងពេលវេលាផ្ទាល់ខ្លួនក្នុងជីវិតរបស់ក្មួយៗ ។ ទ្រង់នឹងបើកសម្តែងអំណោយទាននិងទេពកោសល្យរបស់ក្មួយៗដែលបានតែងតាំងពីមុនកំំណើតលោកិយហើយក្មួយៗនឹងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ទ្រង់ បើក្មួយៗទូលសូមដោយបំណងស្មោះ និងចង់ដឹងពិតប្រាកដ ។ ពេលក្មួយៗការពារពេលវេលាផ្ទាល់ខ្លួននោះការចូលរួមនៅក្នុងពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយនៃដំណឹងល្អរបស់ក្មួយៗ នឹងកាន់តែមានអត្ថន័យ ។ ក្មួយៗនឹងចងភ្ជាប់ខ្លួនកាន់តែខ្លាំងទៅនឹងព្រះនៅក្នុងសេចក្ដីសញ្ញាដែលក្មួយៗធ្វើ ហើយក្មួយៗនឹងត្រូវបានលើកឡើង ឲ្យមានសេចក្ដីសង្ឃឹម សេចក្ដីជំនឿ និងការធានាអះអាងកាន់តែខ្លាំងទៅលើការសន្យាដែលទ្រង់បានធ្វើជាមួយនឹងក្មួយៗ ។ តើក្មួយៗចង់ដឹងអំពីផែនការរបស់ព្រះសម្រាប់ក្មួយៗដែរឬទេ ? ខ្ញុំថ្លែងជាសាក្សីថា ទ្រង់ចង់ឲ្យក្មួយៗដឹងថា ទ្រង់បានបំផុសគំនិតព្យាការីឲ្យអញ្ជើញយើងម្នាក់ៗនៅទូទាំងពិភពលោក ឲ្យអធិស្ឋាន ហើយទទួលបទពិសោធន៍នៃចំណេះដឹងថ្មីៗសម្រាប់ខ្លួនយើង ។ ខ្ញុំថ្លែងជាសាក្សីអំពីភាពពិត និងព្រះចេស្តានៃពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះយើង ដែលធ្វើឲ្យយើងអាចរស់នៅតាម ហើយរីករាយនឹងពរជ័យទាំងអស់របស់ព្រះដែលបានតែងតាំងពីមុនកំណើតលោកិយ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។