អំណរខ្ពស់ជាងនេះ
សូមឲ្យយើងទាំងអស់គ្នាស្វែងរក និងរកឃើញអំណរដ៏ខ្ពស់ជាងនេះ ដែលកើតចេញមកពីការឧទ្ទិសជីវិតរបស់យើងទៅកាន់ព្រះវរបិតាសួគ៌និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ ។
ខ្ញុំមានពរជ័យដ៏ធំដែលបាននិយាយនៅសន្និសីទទូទៅអស់រយៈពេលបីទសវត្សរ៍ហើយ ។ អំឡុងពេលនោះ មានមនុស្សជាច្រើននៅជុំវិញពិភពលោកសួរខ្ញុំទាក់ទងនឹងសារលិខិតទាំងនេះ ។ ថ្មីៗនេះ សំណួរជាក់លាក់មួយបានសួរដដែលៗ ។ ជាធម្មតា សំណួរសួរដូចនេះ ៖ « អែលឌើរ អុជដូហ្វ ខ្ញុំស្តាប់សុន្ទរកថាលើកមុនរបស់លោកយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែ … ខ្ញុំមិនបានឮអ្វីសោះអំពីអាកាសចរណ៍ ? »
អ៊ីចឹង បន្ទាប់ពីថ្ងៃនេះទៅ ប្រហែលខ្ញុំលែងឮសំណួរនោះមួយរយៈហើយ ។
កាល « ពពករសាត់រេរាំ ចាំងឆ្លុះដោយរស្មីសូរិយា »
ស្ទើរមិនគួរឲ្យជឿថា វាទើបតែ ១២០ ឆ្នាំមុនប៉ុណ្ណោះ នៅពេលដែល វីលបឺរ និង អ័រវីល រ៉ាយថ៍ បានហោះហើរជាលើកដំបូង ហើយហោះលើឆ្នេរខ្សាច់ ឃីតធី ហក នៅរដ្ឋឃែរ៉ូឡាយណាខាងជើង ។ ការហោះហើរខ្លីៗបួនជើងនាថ្ងៃមួយនៃខែធ្នូនោះ បានផ្លាស់ប្តូរពិភពលោកនិងបានបើកច្រកឲ្យមានការច្នៃប្រឌិតដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោក ។
ការហោះហើរជំនាន់មុនមានហានិភ័យណាស់ ។ បងប្អូនប្រុសទាំងនេះបានដឹងរឿងនេះ ។ ហើយឪពុករបស់ពួកគេ លោក មីលថុន ក៏ដឹងដែរ ។ តាមពិតគាត់ខ្លាចបាត់បង់កូនប្រុសទាំងពីរនៅក្នុងគ្រោះថ្នាក់ហោះហើរណាស់ រហូតដល់ពួកគេបានសន្យាថា ពួកគេនឹងមិនហោះហើរជាមួយគ្នាឡើយ ។
ហើយពួកគេមិនដែលហោះជាមួយគ្នាទេ—មានតែម្ដងប៉ុណ្ណោះ ។ ប្រាំពីរឆ្នាំបន្ទាប់ពីថ្ងៃប្រវត្តិសាស្ត្រនៅ ឃីតធី ហក នោះមក នៅទីបំផុត លោកមីលថុន រ៉ាយថ៍ បានយល់ព្រម ហើយលោកបានមើលវីលបឺរ និង អ័រវីល ធ្វើការហោះហើរជាមួយគ្នាជាលើកដំបូង ។ បន្ទាប់ពីបានចុះចត អ័រវីល បានបញ្ចុះបញ្ចូលឪពុកគាត់ឲ្យជិះយន្ដហោះជាលើកដំបូង និងតែម្ដងគត់ ដើម្បីមើលដោយខ្លួនគាត់ថា តើការហោះហើរមានសភាពយ៉ាងណាដែរ ។
នៅពេលយន្តហោះបានហោះផុតពីដី លោកមីលថុនដែលមានអាយុ ៨២ ឆ្នាំ បានលង់អារម្មណ៍ក្នុងការហោះហើរយ៉ាងខ្លាំង រហូតបាត់ការភ័យខ្លាចអស់ ។ អ័រវីល សប្បាយចិត្ត កាលឪពុកគាត់ស្រែកដោយរីករាយខ្លាំងថា « ខ្ពស់ជាងនេះ អ័រវីល ខ្ពស់ជាងនេះ ! »
បុរសម្នាក់នេះមានប្រតិកម្មដូចខ្ញុំដែរ !
ប្រហែលមូលហេតុដែលខ្ញុំនិយាយអំពីអាកាសចរណ៍ម្ដងម្កាលគឺថា ខ្ញុំយល់អារម្មណ៍របស់គ្រួសារ រ៉ាយថ៍ ។ ខ្ញុំក៏បាន « ហោះគេចពីទំនាញផែនដី រេរាំកាត់វេហា នៅលើបក្សីស្លាបដែកពេញដោយអំណរ » ផងដែរ ។
ការហោះហើរលើកដំបូងរបស់បងប្អូន រ៉ាយថ៍ ដែលកើតឡើង ៣៧ ឆ្នាំមុនថ្ងៃកំណើតរបស់ខ្ញុំ បានបើកទ្វារឲ្យមានដំណើរផ្សងព្រេង អព្ភូតហេតុ និងអំណរដ៏បរិសុទ្ធក្នុងជីវិតខ្ញុំ ។
ប៉ុន្តែ យើងមានអំណរកាន់តែខ្ពស់ជាង អំណរប្រភេទនោះ ។ នៅថ្ងៃនេះ ក្នុងស្មារតីនៃការស្រែកដ៏រីករាយខ្លាំងរបស់ មីលថុន រ៉ាយថ៍ ថា « ខ្ពស់ជាងនេះ អ័រវីល ខ្ពស់ជាងនេះ » នោះខ្ញុំសូមនិយាយអំពីអំណរដ៏ខ្ពស់ជាងនេះ—ប្រភពនៃអំណររបៀបដែលវាចូលក្នុងដួងចិត្តយើង និងរបៀបដែលយើងអាចដកពិសោធន៍អំណរនោះកាន់តែខ្លាំង ។
គោលបំណងទាំងស្រុងនៃជីវិតមនុស្ស
ទោះជាមិននិយាយ ក៏ដឹងដែរថា មនុស្សគ្រប់គ្នាចង់សប្បាយរីករាយ ។ ទោះដូច្នោះក្ដី ពុំមែនមនុស្សគ្រប់រូបសប្បាយចិត្តនោះទេ ។ គួរឲ្យសោកស្តាយ ដែលមនុស្សជាច្រើន ហាក់ដូចជា ពួកគេពិបាករកឃើញសុភមង្គល ។
ហេតុអ្វីបានអ៊ីចឹង ? បើសុភមង្គលគឺជាអ្វីដែលយើងជាមនុស្សចង់បានបំផុត ហេតុអ្វីយើងបរាជ័យក្នុងការស្វែងរកវា ? បើបកស្រាយតាមចម្រៀងជនបទ ប្រហែលជាយើងកំពុងស្វែងរកអំណរខុសកន្លែង ។
តើយើងអាចស្វែងរកសុភមង្គលនៅឯណា ?
មុនពេលយើងពិភាក្សាអំពីរបៀបស្វែងរកអំណរ ខ្ញុំទទួលស្គាល់ថា ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្ត និងផ្លូវសតិអារម្មណ៍ដ៏លំបាកផ្សេងៗទៀតគឺមានពិតមែន ហើយចម្លើយពុំមែនគ្រាន់តែថា « ខំធ្វើចិត្តឲ្យរីករាយឡើង » នោះទេ ។ គោលបំណងរបស់ខ្ញុំនៅថ្ងៃនេះ គឺពុំមែនលុបបំបាត់ ឬមិនឲ្យតម្លៃបញ្ហាសុខភាពផ្លូវចិត្តនោះទេ ។ បើបងប្អូនប្រឈមមុខនឹងបញ្ហា នោះខ្ញុំទួញយំជាមួយបងប្អូន ហើយឈរនៅក្បែរបងប្អូន ។ សម្រាប់មនុស្សមួយចំនួន ការស្វែងរកអំណរអាចរួមមានទាំង ការស្វែងរកជំនួយពីអ្នកជំនាញសុខភាពផ្លូវចិត្តមានវិជ្ជាជីវៈ ដែលលះបង់ជីវិតខ្លួនដើម្បីអនុវត្តជំនាញដ៏សំខាន់របស់ពួកគេ ។ យើងគួរតែមានអំណរគុណចំពោះជំនួយបែបនេះ ។
ជីវិតពុំមែនមានអារម្មណ៍ផ្លូវចិត្ដរីករាយរហូតនោះទេ ។ « ដ្បិតជាការចាំបាច់ ត្រូវតែមានការផ្ទុយចំពោះរឿងសព្វសារពើ » ។ បើព្រះទ្រង់ព្រះកន្សែង ដូចដែលជាព្រះគម្ពីរប្រាប់មែននោះ នោះបងប្អូន និងខ្ញុំគឺពិតជានឹងយំដែរហើយ ។ អារម្មណ៍សោកសៅពុំមែនជាសញ្ញានៃបរាជ័យនោះទេ ។ យ៉ាងហោចណាស់ នៅក្នុងជីវិតនេះ អំណរ និងទុក្ខសោកគឺពុំអាចបំបែកពីគ្នាឡើយ ។ ខ្ញុំក៏ដូចជាបងប្អូនដែរ ខ្ញុំមានអារម្មណ៍ខកចិត្ត សោកសៅ ក្រៀមក្រំ និងស្តាយក្រោយ ។
ប៉ុន្ដែ ខ្ញុំក៏ឃើញថាខ្លួនឯងបានដកពិសោធន៍រស្មីដ៏រុងរឿង ដែលបំពេញព្រលឹងខ្ញុំដោយអំណរដ៏ខ្លាំង ដែលខ្ញុំពុំអាចទុកក្នុងចិត្តបានផងដែរ ។ ខ្ញុំបានដឹងដោយផ្ទាល់ថា ទំនុកចិត្តដ៏សុខសាន្ដនេះបានមកពីការធ្វើតាមព្រះអង្គសង្រ្គោះ និងការដើរតាមផ្លូវរបស់ទ្រង់ ។
ភាពសុខសាន្ដដែលទ្រង់ប្រទានឲ្យយើង គឺមិនដូចជាអ្វីដែលពិភពលោកនេះផ្ដល់ឲ្យនោះទេ ។ វាប្រសើរជាង ។ វាខ្ពស់ជាង និងបរិសុទ្ធជាង ។ ព្រះយេស៊ូវមានបន្ទូលថា « ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង » ។
ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺជា « ដំណឹងល្អពីសេចក្តីអំណរយ៉ាងអស្ចារ្យ » ពិតមែន ! វាគឺជាសារលិខិតអំពីសេចក្តីសង្ឃឹមដែលមិនអាចប្រៀបផ្ទឹមបាន ! សារលិខិតអំពីការទទួលនឹម និងការសម្រាលបន្ទុក ។ អំពីការប្រមូលពន្លឺ ។ អំពីកិច្ចការនៃស្ថានសួគ៌ ការយល់ដឹងកាន់តែច្បាស់ សេចក្ដីសញ្ញាកាន់តែបរិសុទ្ធ សុវត្ថិភាពដ៏អស់កល្បជានិច្ច និងសិរីល្អដ៏អស់កល្បអស់កាលជានិច្ច !
អំណរគឺជាគោលបំណងដ៏សំខាន់នៃផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ វាជាមូលហេតុដែលបងប្អូនត្រូវបានបង្កើតឡើង—« ដើម្បីឲ្យ [ បងប្អូន ] អាចមានអំណរ ! » បងប្អូនត្រូវបានបង្កើតឡើងសម្រាប់ការណ៍នេះ !
ព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ពុំលាក់កំបាំងផ្លូវទៅរកសុភមង្គលនោះទេ ។ វាពុំមែនជាការសម្ងាត់នោះទេ ។ វាមានដល់មនុស្សគ្រប់គ្នា !
វាបានសន្យាដល់អស់អ្នកដែលដើរតាមផ្លូវនៃភាពជាសិស្ស ធ្វើតាមការបង្រៀន និងគំរូរបស់ព្រះអង្គសង្រ្គោះ កាន់តាមព្រះបញ្ញត្តិ ហើយគោរពសេចក្ដីសញ្ញាដែលពួកគេបានធ្វើជាមួយព្រះ ។ ឱ ! នេះជាការសន្យាដ៏អស្ចារ្យអ្វីម្ល៉េះ !
ព្រះមានអ្វីច្រើនទៀតដើម្បីប្រទានឲ្យ
យើងគ្រប់គ្នាស្គាល់មនុស្សដែលនិយាយថា ពួកគេមិនត្រូវការព្រះដើម្បីរីករាយនោះទេ ពួកគេសប្បាយចិត្តល្មមដោយគ្មានសាសនា ។
ខ្ញុំទទួលស្គាល់ និងគោរពអារម្មណ៍ទាំងនេះ ។ ព្រះវរបិតាជាទីស្រឡាញ់របស់យើងដែលគង់នៅស្ថានសួគ៌ សព្វព្រះទ័យឲ្យបុត្រាបុត្រីទ្រង់ទាំងអស់មានសុភមង្គលខ្លាំងតាមដែលអាចធ្វើទៅបាន ដូច្នេះទ្រង់បានបំពេញពិភពលោកនេះដោយការកម្សាន្ដ និងភាពរីករាយ និងអ្វីល្អៗជាច្រើន « ទាំងដើម្បីផ្គាប់ភ្នែក និង … ធ្វើឲ្យចិត្តអរសប្បាយផង » ។ សម្រាប់ខ្ញុំ ការហោះហើរធ្វើឲ្យខ្ញុំរីករាយយ៉ាងខ្លាំង ។ អ្នកខ្លះទៀតរកឃើញភាពរីករាយនៅក្នុងតន្ត្រី សិល្បៈ ចំណង់ចំណូលចិត្ត ឬធម្មជាតិ ។
តាមរយៈការអញ្ជើញមនុស្សគ្រប់រូប និងការចែកចាយដំណឹងដ៏ល្អរបស់ព្រះអង្គសង្គ្រោះអំពីអំណរដ៏អស្ចារ្យ យើងពុំបានបន្ទាបតម្លៃប្រភពនៃអំណរទាំងនេះណាមួយឡើយ ។ យើងគ្រាន់តែនិយាយថា ព្រះមានអ្វីច្រើនទៀតដើម្បីប្រទានឲ្យ ។ អំណរដ៏ខ្ពស់ជាង និងជ្រាលជ្រៅជាងនេះ—ជាអំណរដែលលើសអស់អ្វីៗដែលពិភពលោកនេះផ្ដល់ឲ្យ ។ វាគឺជាអំណរដែលទ្រាំទ្រនឹងការឈឺចិត្តចាក់ទម្លុះទុក្ខសោក និងកាត់បន្ថយភាពឯកោ ។
ផ្ទុយទៅវិញ សុភមង្គលខាងលោកិយពុំយូរអង្វែងទេ ។ វាមិនអាចទេ ។ វាជាធម្មជាតិនៃអ្វីៗគ្រប់យ៉ាងនៅលើផែនដី ដែលត្រូវចាស់ រោយ ពុកផុយ សឹក ឬខូច ។ ប៉ុន្តែអំណរមកពីព្រះគឺអស់កល្បជានិច្ច ពីព្រោះព្រះគឺអស់កល្បជានិច្ច ។ ព្រះយេស៊ូវគ្រីស្ទបានយាងមកដើម្បីលើកយើងចេញពីភាពខាងសាច់ឈាម ហើយជំនួសការពុកផុយដោយការមិនពុកផុយ ។ មានតែទ្រង់ប៉ុណ្ណោះ ដែលមានអំណាចនោះ ហើយមានតែអំណររបស់ទ្រង់ប៉ុណ្ណោះ ដែលនៅមានជានិរន្ដរ៍ ។
បើបងប្អូនមានអារម្មណ៍ថា អាចមានអំណរប្រភេទនេះកាន់តែច្រើនក្នុងជីវិតនោះខ្ញុំសូមអញ្ជើញបងប្អូនឲ្យចាប់ផ្ដើមដើរតាមព្រះយេស៊ូវគ្រីស្ទ និងផ្លូវរបស់ទ្រង់ ។ វាគឺជាដំណើរពេញមួយជីវិត—និងទៅបរលោកនាយ ។ ខ្ញុំសូមណែនាំជំហានចាប់ផ្ដើមមួយចំនួន ដើម្បីធ្វើដំណើរដ៏ស័ក្ដិសមស្វែងរកអំណរដ៏បរិសុទ្ធនេះ ។
ចូរចូលមកជិតព្រះ
តើបងប្អូននៅចាំពីស្ត្រីម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលបានរងទុក្ខជំងឺធ្លាក់ឈាមអស់រយៈពេល ១២ ឆ្នាំដែរឬទេ ? គាត់បានចំណាយអ្វីទាំងអស់ដែលគាត់មានឲ្យគ្រូពេទ្យ ប៉ុន្តែជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ។ គាត់បានឮអំពីព្រះយេស៊ូវ ហើយអំណាចព្យាបាលរបស់ទ្រង់បានល្បីខ្ទរខ្ទារ ។ ប៉ុន្ដែ តើទ្រង់អាចព្យាបាលគាត់បានដែរឬទេ ? ហើយតើគាត់អាចចូលទៅជិតទ្រង់យ៉ាងម៉េចទៅ ? ជំងឺរបស់គាត់បានធ្វើឲ្យគាត់ « មិនស្អាត » ស្របតាមច្បាប់របស់ម៉ូសេ ដូច្នេះគាត់ត្រូវនៅឆ្ងាយពីអ្នកដទៃ ។
ការទៅជិតទ្រង់ជាសាធារណៈ ហើយសូមឲ្យទ្រង់ព្យាបាល ហាក់ដូចជាមិនកើតទេ ។
ប៉ុន្ដែ គាត់នៅតែគិតថា « បើគ្រាន់តែពាល់ព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ » ។
ជាចុងក្រោយ សេចក្ដីជំនឿរបស់គាត់បានឈ្នះលើការភ័យខ្លាចរបស់គាត់ ។ គាត់បានស៊ូនឹងការថ្កោលទោសរបស់អ្នកដទៃ ហើយបានសំដៅទៅរកព្រះអង្គសង្គ្រោះ ។
នៅទីបំផុត គាត់បានទៅដល់ ។ គាត់បានលូកដៃទៅ ។
ហើយគាត់បានជាសះស្បើយ ។
តើពួកយើងមិនដូចជាស្ត្រីនេះទេឬអី ?
ប្រហែលជាមានហេតុផលជាច្រើន ដែលយើងស្ទាក់ស្ទើរក្នុងការចូលមកជិតព្រះអង្គសង្រ្គោះ ។ យើងអាចប្រឈមមុខនឹងការសើចចំអក ឬការថ្កោលទោសពីអ្នកដទៃ ។ ព្រោះតែអំនួតយើង យើងអាចច្រានចោលលទ្ធភាពដ៏សាមញ្ញតែមានតម្លៃធំធេង ។ យើងអាចគិតថា ស្ថានភាពរបស់យើងមិនស័ក្ដិសមឲ្យយើងទទួលបានការព្យាបាលពីទ្រង់ទេ—ថាទ្រង់គង់នៅឆ្ងាយពេក ឬអំពើបាបរបស់យើងច្រើនពេក ។
ដូចស្ត្រីម្នាក់នេះដែរ ខ្ញុំបានរៀនថា បើយើងចូលទៅជិតព្រះ ហើយឈោងទៅពាល់ទ្រង់ នោះយើងពិតជាអាចបានការព្យាបាល ភាពសុខសាន្ដ និងអំណរ ។
ស្វែងរកអំណរ
ព្រះយេស៊ូវបានបង្រៀនថា « ចូររក នោះតែងនឹងឃើញ » ។
ខ្ញុំជឿថា ឃ្លាដ៏សាមញ្ញនេះមិនគ្រាន់តែជាការសន្យាខាងវិញ្ញាណនោះទេ តែវាជាសេចក្តីថ្លែងអំពីការពិតផងដែរ ។
បើយើងស្វែងរកហេតុផលដើម្បីខឹង សង្ស័យ ល្វីងជូរចត់ ឬនៅឯកោ នោះយើងនឹងរកឃើញវាផងដែរ ។
ប៉ុន្ដែបើយើងស្វែងរកអំណរ—បើយើងស្វែងរកហេតុផលដើម្បីអររីករាយ និងធ្វើតាមព្រះអង្គសង្រ្គោះដោយក្ដីរីករាយ នោះយើងនឹងរកឃើញវា ។
យើងកម្រនឹងរកឃើញអ្វីដែលយើងមិនស្វែងរកណាស់ ។
តើបងប្អូនកំពុងស្វែងរកអំណរឬទេ ?
ចូររក នោះតែងនឹងឃើញ ។
ចូរយកអាសាគ្នាទៅវិញទៅមក
ព្រះយេស៊ូវបានបង្រៀនថា « ដែលឲ្យ នោះបានពរជាជាងទទួល » ។
នៅក្នុងការស្វែងរកអំណររបស់យើង តើវាអាចទេថា របៀបដ៏ល្អបំផុតដើម្បីរកបានអំណរគឺត្រូវនាំអំណរទៅកាន់មនុស្សដទៃនោះ ?
បងប្អូនប្រុសស្រី បងប្អូនដឹង ហើយខ្ញុំក៏ដឹង ថាគឺពិតមែន ! អំណរគឺដូចជាម្សៅមួយខាប់ ឬប្រេងមួយក្រឡដែលមិនចេះអស់ដែរ ។ អំណរដ៏ពិតកើនឡើង នៅពេលយើងចែកចាយវា ។
វាពុំចាំបាច់ជាអ្វីមួយដែលធំ ឬស្មុគស្មាញនោះទេ ។
យើងអាចធ្វើរឿងសាមញ្ញៗ ។
ដូចជា ការអធិស្ឋានសម្រាប់អ្នកណាម្នាក់ដោយអស់ពីដួងចិត្តរបស់យើង ។
ការផ្ដល់ការសរសើរដ៏ស្មោះសរ ។
ការជួយនរណាម្នាក់ឲ្យទទួលអារម្មណ៍ស្វាគមន៍ ការគោរព ការឲ្យតម្លៃ និងក្ដីស្រឡាញ់ ។
ការចែកចាយបទគម្ពីរដែលយើងចូលចិត្ត ហើយតើវាមានន័យយ៉ាងណាចំពោះយើង ។
ឬគ្រាន់តែស្តាប់ប៉ុណ្ណោះ ។
« កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ហើយព្រះនឹងសងសេចក្ដីសប្បុរសរបស់អ្នកវិញដោយព្រះទ័យសប្បុរស ។ អំណរដែលបងប្អូនផ្តល់ឲ្យអ្នកដទៃនឹងត្រឡប់មកកាន់បងប្អូនវិញ « យ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ » ។
អ៊ីចឹង តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្តេចវិញ ?
នៅអំឡុងថ្ងៃ សប្តាហ៍ និងខែខាងមុខនេះ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យ ៖
-
ចំណាយពេលចូលមករកព្រះ ដោយការខិតខំដ៏ស្មោះសរ ពេញដោយបំណងចិត្ត ។
-
ព្យាយាមស្វែងរកគ្រាដែលមានសង្ឃឹម ភាពសុខសាន្ដ និងអំណរជារៀងរាល់ថ្ងៃ ។
-
នាំអំណរទៅកាន់អ្នកដទៃដែលនៅជុំវិញបងប្អូន ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ មិត្តជាទីស្រឡាញ់ កាលបងប្អូនស្រាវជ្រាវព្រះបន្ទូលនៃព្រះដើម្បីយល់ដឹងកាន់តែខ្លាំងអំពីផែនការដ៏អស់កល្បជានិច្ចរបស់ព្រះ ទទួលយកការអញ្ជើញទាំងនេះ និងខិតខំដើរនៅលើផ្លូវរបស់ទ្រង់ នោះបងប្អូននឹងដកពិសោធន៍ « ភាពសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត » សូម្បីតែនៅកណ្ដាលទុក្ខសោកក៏ដោយ ។ បងប្អូននឹងទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះដែលមិនអាចប្រៀបផ្ទឹមកាន់តែខ្លាំងក្នុងចិត្តបងប្អូន ។ ពន្លឺសេឡេស្ទាលដែលរះឡើងនឹងចាក់ចូលទៅក្នុងស្រមោលនៃការសាកល្បងរបស់បងប្អូន ហើយបងប្អូននឹងចាប់ផ្ដើមភ្លក់សិរីល្អរុងរឿងដែលមិនអាចថ្លែងបាននេះ និងអព្ភូតហេតុនៃពិភពសួគ៌ាដែលមើលពុំឃើញ និងដ៏ល្អឥតខ្ចោះ ។ បងប្អូននឹងមានអារម្មណ៍ថា វិញ្ញាណរបស់បងប្អូនត្រូវបានលើកចេញពីទំនាញនៃលោកិយនេះ ។
ហើយដូចជា មីលថុន រ៉ាយថ៍ ដ៏ល្អដែរ បងប្អូនប្រហែលជានឹងបន្លឺសំឡេងដោយចិត្តអររីករាយ ស្រែកឡើងថា « ខ្ពស់ជាងនេះ ព្រះបិតា ខ្ពស់ជាងនេះ ! »
សូមឲ្យយើងទាំងអស់គ្នាស្វែងរក និងរកឃើញអំណរដ៏ខ្ពស់ជាងនេះ ដែលកើតចេញមកពីការឧទ្ទិសជីវិតរបស់យើងទៅកាន់ព្រះវរបិតាសួគ៌និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ ។ នេះគឺជាការអធិស្ឋាន និង ពរជ័យដ៏ស្មោះអស់ពីចិត្តខ្ញុំ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។