បង្គោល និងកាំរស្មី
យើងក៏អាចមានបង្គោលពន្លឺដោយខ្លួនឯងដែរ—រស្មីមួយកាំម្តងៗ ។
សារលិខិតរបស់ខ្ញុំគឺសម្រាប់អ្នកដែលព្រួយបារម្ភអំពីទីបន្ទាល់របស់ខ្លួន ពីព្រោះពួកគេគ្មានបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យ ។ ខ្ញុំអធិស្ឋានថា ខ្ញុំអាចនឹងផ្តល់នូវភាពសុខសាន្ត និងការធានាខ្លះៗបាន ។
ការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ បានចាប់ផ្តើមដោយការលេចចេញនូវពន្លឺ និងសេចក្តីពិត ! ក្មេងប្រុសជំទង់ម្នាក់នៅរដ្ឋញូវយ៉ក ដែលមានឈ្មោះថា យ៉ូសែប ស្ម៊ីធ បានចូលទៅក្នុងព្រៃអធិស្ឋាន ។ គាត់ព្រួយបារម្ភអំពីព្រលឹង និងជំហររបស់គាត់នៅចំពោះព្រះភ័ក្រ្តព្រះ ។ គាត់បានស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់គាត់ ។ ហើយគាត់បានច្របូកច្របល់មិនដឹងចូលព្រះវិហារមួយណា ។ គាត់ត្រូវការភាពច្បាស់លាស់ និងភាពសុខសាន្ត—គាត់ត្រូវការពន្លឺ និងចំណេះដឹង ។
នៅពេល យ៉ូសែប លុតជង្គង់អធិស្ឋាន និង « បានចាប់ផ្ដើមបួងសួងដល់ព្រះទូលប្រាប់ពីបំណងនៃដួងចិត្ត [ របស់គាត់ ] ស្រាប់តែភាពងងឹតមួយបានគ្របសង្កត់លើលោក ។ អ្វីមួយអាក្រក់ គ្របសង្កត់ និងព្យាយាមបញ្ឈប់គាត់—គឺចងអណ្តាតគាត់ទុកដើម្បីមិនឲ្យគាត់និយាយឡើយ ។ កម្លាំងនៃភាពងងឹតមានកាន់តែខ្លាំងឡើងដែល យ៉ូសែប គិតថាគាត់នឹងស្លាប់ហើយ ។ ប៉ុន្តែគាត់ « ខំប្រឹងប្រែងអស់ពីសមត្ថភាពដែល [ គាត់ ] មាន ដើម្បីអំពាវនាវដល់ព្រះ សូមឲ្យដោះលែង [ គាត់ ] រួចពីអំណាចនៃខ្មាំងសត្រូវនេះ [ ដែលបាន ] គ្របសង្កត់មកលើ [ គាត់] » ។ ហើយបន្ទាប់មក « កាល [ គាត់ ] ហៀបនឹងលិចលង់ក្នុងការអស់សង្ឃឹម ហើយបោះបង់ [ ខ្លួនគាត់ ] ទៅក្នុងការបំផ្លិចបំផ្លាញ » នៅពេលគាត់មិនដឹងថាតើគាត់អាចស៊ូទ្រាំបានទៀតឬអត់ នោះពន្លឺដ៏ភ្លឺចែងចាំងពេញក្នុងព្រៃ ធ្វើឲ្យភាពងងឹត និងសត្រូវនៃព្រលឹងគាត់រសាត់បាត់ទៅ ។
« បង្គោលពន្លឺ » មានភ្លឺចែងចាំងលើសជាងសុរិយាបានចុះសន្សឹមៗមកលើរូបលោក ។ តួអង្គមួយបានលេចឡើង ហើយបន្ទាប់មក តួអង្គមួយអង្គទៀត ។ « រស្មី និងសិរីរុងរឿងរបស់ទ្រង់ទាំងទ្វេពុំអាចពណ៌នាបានឡើយ » ។ តួអង្គដំបូង ជាព្រះវរបិតាសួគ៌ មានព្រះបន្ទូលហៅឈ្មោះគាត់ រួច « ចង្អុលទៅតួអង្គមួយទៀត —[ យ៉ូសែប ! ] នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្ដាប់តាមទ្រង់ចុះ ! »
ជាមួយនឹងការផុសពន្លឺ និងសេចក្តីពិតដ៏អស្ចារ្យនោះការស្តារឡើងវិញក៏បានចាប់ផ្ដើម ។ វិវរណៈ និងពរជ័យដ៏ទេវភាពជាច្រើនសន្ធឹកនឹងកើតឡើងបន្ទាប់ពីនោះ ៖ ព្រះគម្ពីរថ្មី ការស្ដារសិទ្ធិអំណាចបព្វជិតភាពឡើងវិញ ពួកសាវក និងពួកព្យាការី ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញា និងការស្ថាបនាសាសនាចក្រពិត និងសកម្មរបស់ព្រះអម្ចាស់ឡើងវិញ ដែលនៅថ្ងៃណាមួយនឹងបំពេញផែនដីដោយពន្លឺ និងសាក្សីអំពីព្រះយេស៊ូវព្រះគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។
អ្វីៗទាំងអស់នោះ និងច្រើនទៀត បានចាប់ផ្តើមឡើងដោយសារតែការអធិស្ឋានដ៏ខ្លាំងក្លារបស់ក្មេងប្រុសម្នាក់ និងបង្គោលពន្លឺ ។
យើងក៏មានតម្រូវការដ៏ខ្លាំងក្លាផងដែរ ។ យើងក៏ត្រូវការសេរីភាពពីភាពច្របូកច្របល់ខាងវិញ្ញាណ និងភាពងងឹតនៃលោកិយផងដែរ ។ យើងក៏ត្រូវដឹងដោយខ្លួនឯងផងដែរ ។ នោះគឺជាហេតុផលមួយដែលប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើងឲ្យ « សូមជ្រមុជខ្លួន [ របស់យើង ] ទៅក្នុងពន្លឺដ៏រុងរឿងនៃការស្ដារឡើងវិញ » ។
សេចក្ដីពិតដ៏អស្ចារ្យមួយនៃការស្ដារឡើងវិញគឺថាស្ថានសួគ៌បើកចំហ —ថាយើងក៏អាចទទួលបានពន្លឺ និងចំណេះដឹងពីស្ថានលើផងដែរ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា នេះគឺជាការពិត ។
ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នចំពោះអន្ទាក់ខាងវិញ្ញាណ ។ ពេលខ្លះសមាជិកសាសនាចក្រដ៏ស្មោះត្រង់បានបាក់ទឹកចិត្ត ហើយថែមទាំងរសាត់បាត់ទៅ ព្រោះពួកគេមិនទាន់មានបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យនោះ—ព្រោះពួកគេមិនទាន់បានដកពិសោធន៍បង្គោលពន្លឺផ្ទាល់ខ្លួនរបស់ពួកគេ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានព្រមានថា « មនុស្សតែងតែរំពឹងថានឹងមានភាពអស្ចារ្យ ហេតុនោះទើបមើលរំលងទាំងស្រុងនូវទំនាក់ទំនងដែលបានបង្ហាញជាហូរហែរឥតឈប់ឈរនោះ » ។
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ក៏បានរំឭកថា « ព្រះអម្ចាស់បានដកយកនូវភាពអស្ចារ្យពីខ្ញុំ [ កាលខ្ញុំនៅក្មេង ] ហើយបានបង្ហាញសេចក្តីពិតដល់ខ្ញុំ មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ ឯណេះបន្តិច ឯណោះបន្តិច » ។
បងប្អូនប្រុសស្រី នោះគឺជាលំនាំតាមធម្មតារបស់ព្រះអម្ចាស់ ។ ព្រះអម្ចាស់បញ្ជូនពន្លឺមួយដល់យើង ម្ដងបន្ដិចៗ ជំនួសឲ្យការបញ្ជូនបង្គោលពន្លឺមួយដល់យើង ។
រស្មីពន្លឺទាំងនោះត្រូវបានចាក់ស្រោចមកលើយើងជាបន្តបន្ទាប់ ។ ព្រះគម្ពីរបង្រៀនថា ព្រះយេស៊ូវគ្រីស្ទគឺជា « ពន្លឺ ហើយ … ជីវិតនៃពិភពលោក »ដែលថា « ព្រះវិញ្ញាណប្រទានពន្លឺដល់មនុស្សគ្រប់រូប [ បុរសនិងស្រ្តី ] ណាដែលមកក្នុងលោកិយ » ហើយថាពន្លឺរបស់ទ្រង់ « [បំពេញ]ភាពល្ហល្ហេវ » ផ្ដល់ « ជីវិតដល់គ្រប់ទាំងអស់ » ពន្លឺនៃព្រះគ្រីស្ទគឺនៅជុំវិញយើងយ៉ាងពិតប្រាកដ ។
ប្រសិនបើយើងបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយកំពុងខិតខំអនុវត្តសេចក្ដីជំនឿ ប្រែចិត្ត និងគោរពសេចក្ដីសញ្ញារបស់យើង នោះយើងមានភាពស័ក្ដិសមនឹងទទួលបានរស្មីដ៏ទេវភាពទាំងនេះជានិច្ច ។ នៅក្នុងឃ្លាដ៏គួរឲ្យចងចាំរបស់អែលឌើរ ដេវីឌ អេ បែដណា ថា « យើង ‹ រស់នៅក្នុងវិវរណៈ › » ។
ប៉ុន្តែយើងម្នាក់ៗគឺខុសគ្នា ។ មនុស្សពីរនាក់ពុំមានបទពិសោធន៍ពន្លឺ និងសេចក្ដីពិតរបស់ព្រះដូចគ្នានោះទេ ។ សូមចំណាយពេលខ្លះដើម្បីគិតអំពីរបៀបដែលបងប្អូនមានបទពិសោធន៍ជាមួយនឹងពន្លឺ និងព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ។
បងប្អូនប្រហែលជាធ្លាប់ជួបការផុសចេញនៃពន្លឺ និងទីបន្ទាល់ទាំងនេះដែលជា « ភាពសុខសាន្ត [ និយាយ ] ដល់គំនិតរបស់អ្នក អំពីការណ៍ [ មួយ ] នោះ » ដែលធ្វើឲ្យបងប្អូនព្រួយបារម្ភ
ឬជាចំណាប់អារម្មណ៍—សំឡេងតូចរហៀង—ដែលស្ថិត « នៅក្នុងគំនិត និងចិត្តរបស់អ្នក »ហើយបានជំរុញបងប្អូនឲ្យធ្វើអ្វីមួយល្អ ដូចជាការជួយដល់នរណាម្នាក់ ។
ប្រហែលជាបងប្អូនបានរៀននៅក្នុងថ្នាក់មួយនៅឯព្រះវិហារ—ឬនៅឯជំរំយុវវ័យ—ហើយមានបំណងចង់ដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយបន្តស្មោះត្រង់ ។ ប្រហែលជាបងប្អូនបានឈរ ហើយចែកចាយទីបន្ទាល់មួយដែលបងប្អូនសង្ឃឹមថា ជាការពិត ហើយក៏មានអារម្មណ៍ថាវាជាការពិត ។
ឬប្រហែលជាបងប្អូនបានអធិស្ឋាន ហើយមានអារម្មណ៍ថា មានអំណរដែលព្រះស្រឡាញ់បងប្អូន ។
បងប្អូនប្រហែលជាបានឮនរណាម្នាក់ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយវាបានជ្រួតជ្រាបដល់ដួងចិត្តបងប្អូន ហើយបានបំពេញសេចក្ដីសង្ឃឹមដល់បងប្អូន ។
ប្រហែលជាបងប្អូនកំពុងអាននៅក្នុងព្រះគម្ពីរមរមន ហើយខគម្ពីរមួយបាននិយាយទៅកាន់ព្រលឹងបងប្អូន ហាក់ដូចជាព្រះបានដាក់វានៅទីនោះសម្រាប់តែបងប្អូន—ហើយ ក្រោយមក អ្នក បានដឹង ថា ទ្រង់ បានធ្វើ ។
បងប្អូនប្រហែលជាទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នកដទៃ នៅពេលបងប្អូនបម្រើពួកគេ ។
ឬប្រហែលជាបងប្អូនពិបាកទទួលអារម្មណ៍ពីព្រះវិញ្ញាណនាពេលនេះ ដោយសារតែការធ្លាក់ទឹកចិត្ដ ឬការថប់បារម្ភ ប៉ុន្តែមានអំណោយទានដ៏មានតម្លៃ និងសេចក្តីជំនឿដើម្បីក្រឡេកមើលក្រោយវិញ ហើយទទួលស្គាល់ « សេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ » ពីអតីតកាល ។
គំនិតរបស់ខ្ញុំគឺថា មានវិធីជាច្រើនដើម្បីទទួលបានរស្មីនៃទីបន្ទាល់ដែលមកពីស្ថានសួគ៌ ។ ទាំងនេះគ្រាន់តែលើកឡើងមួយចំនួនតែប៉ុណ្ណោះ ។ វាអាចនឹងមិនគួរឲ្យរំភើបទេ ប៉ុន្តែវាបង្កើតជាផ្នែកមួយនៃទីបន្ទាល់របស់យើង ។
បងប្អូនប្រុសស្រី ខ្ញុំមិនធ្លាប់ឃើញបង្គោលពន្លឺទេ ប៉ុន្តែខ្ញុំដកពិសោធន៍នូវរស្មីដ៏ទេវភាពជាច្រើនដូចជាបងប្អូនដែរ ។ ជាច្រើនឆ្នាំមកនេះ ខ្ញុំបានព្យាយាមឲ្យតម្លៃចំពោះបទពិសោធន៍បែបនេះ ។ ខ្ញុំក៏បានរកឃើញ នៅពេលខ្ញុំស្វែងរក ខ្ញុំស្គាល់ ហើយចងចាំវាកាន់តែច្រើន ។ នេះជាគំរូមួយចំនួនពីជីវិតខ្ញុំផ្ទាល់ ។ វាអាចនឹងមិនគួរឲ្យចាប់អារម្មណ៍ចំពោះមនុស្សមួយចំនួនទេ ប៉ុន្តែវាមានតម្លៃចំពោះខ្ញុំ ។
ខ្ញុំចាំថា ខ្ញុំជាក្មេងជំទង់រញ៉េរញ៉ៃម្នាក់នៅឯពិធីបុណ្យជ្រមុជទឹក ។ នៅពេលការប្រជុំហៀបនឹងចាប់ផ្តើម ខ្ញុំមានអារម្មណ៍ថា ព្រះវិញ្ញាណជំរុញខ្ញុំឲ្យអង្គុយចុះ ហើយមានគាវរភាព ។ ខ្ញុំអង្គុយចុះ ហើយនៅស្ងៀមនៅក្នុងការប្រជុំរហូតដល់ចប់ ។
មុនបេសកកម្មរបស់ខ្ញុំ ខ្ញុំភ័យខ្លាចថា ទីបន្ទាល់របស់ខ្ញុំមិនរឹងមាំគ្រប់គ្រាន់ ។ គ្មាននរណាម្នាក់ក្នុងគ្រួសាររបស់ខ្ញុំធ្លាប់បម្រើបេសកកម្មទេ ហើយខ្ញុំមិនដឹងថាខ្ញុំអាចធ្វើវាបានឬអត់ ។ ខ្ញុំចាំពីការសិក្សា និងការអធិស្ឋានដ៏ខ្លាំងក្លាដើម្បីទទួលបានសាក្សីជាក់លាក់បន្ថែមអំពីព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មកនៅថ្ងៃនោះ នៅពេលខ្ញុំបានទូលអង្វរព្រះវរបិតាសួគ៌ ខ្ញុំទទួលអារម្មណ៍ថាមានពន្លឺ និងភាពកក់ក្ដៅដ៏ខ្លាំងក្លា ។ ហើយខ្ញុំដឹង ។ ខ្ញុំដឹងយ៉ាងប្រាកដ ។
ខ្ញុំចាំថា ខ្ញុំដេកមិនលក់នៅមួយយប់ ទទួលអារម្មណ៍ពី « បញ្ញាដ៏បរិសុទ្ធ » មួយ ប្រាប់ខ្ញុំថា ខ្ញុំនឹងទទួលបានការហៅឲ្យបម្រើនៅក្នុងកូរ៉ុមអែលឌើរ ។ ពីរសប្តាហ៍ក្រោយមក ខ្ញុំក៏ទទួលបានការហៅនោះ ។
ខ្ញុំចាំថានៅសន្និសីទទូទៅមួយ មានសមាជិកជាទីស្រលាញ់ម្នាក់ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងនូវទីបន្ទាល់ដូចគ្នានឹងពាក្យដែលខ្ញុំបានប្រាប់មិត្តម្នាក់ ដែលខ្ញុំសង្ឃឹមថានឹងបានឮ ។
ខ្ញុំចាំថាខ្ញុំបានលុតជង្គង់ចុះជាមួយបងប្អូនប្រុសរាប់រយនាក់ ដើម្បីអធិស្ឋានទូលសុំឲ្យមិត្តសម្លាញ់ដែលដេកសន្លប់បញ្ចូលខ្យល់អុកស៊ីសែនក្នុងមន្ទីរពេទ្យតូចមួយដែលនៅឆ្ងាយ បន្ទាប់ពីបេះដូងរបស់គាត់បានឈប់ដើរ ។ ពេលយើងរួបរួមចិត្តទូលអង្វរសុំជីវិតរបស់គាត់ គាត់ក៏បានភ្ញាក់ឡើង ហើយបំពង់ខ្យល់ក៏បានដកចេញពីបំពង់ករបស់គាត់ ។ សព្វថ្ងៃនេះ គាត់បម្រើជាប្រធានស្តេក ។
ហើយខ្ញុំចាំថាខ្ញុំភ្ញាក់ឡើងដោយមាននូវអារម្មណ៍ខាងវិញ្ញាណដ៏ខ្លាំងមួយ បន្ទាប់ពីសុបិនឃើញស្ដែងៗអំពីមិត្តសម្លាញ់ និងអ្នកផ្ដល់ការណែនាំ បានទទួលមរណភាពលឿនពេក ធ្វើឲ្យជីវិតខ្ញុំបាត់បង់អ្វីដ៏ធំ ។ គាត់ញញឹម និងរីករាយ ។ ខ្ញុំដឹងថា គាត់នឹងមិនអីទេ ។
ទាំងនេះជារស្មីមួយចំនួនរបស់ខ្ញុំ ។ បងប្អូនធ្លាប់មានបទពិសោធន៍ផ្ទាល់ខ្លួនអំពី—ទីបន្ទាល់ដែលពោរពេញដោយពន្លឺ ។ នៅពេលយើងស្គាល់ ចងចាំ និងប្រមូលផ្តុំរស្មីទាំងនេះ « បំព្រួមគ្រប់ទាំងអស់ »អ្វីមួយដែលអស្ចារ្យចាប់ផ្ដើមកើតឡើង ។ « ពន្លឺនៅជាប់នឹងពន្លឺ »—« សេចក្ដីពិតឱបក្រសោបសេចក្ដីពិត »។ ភាពពិត និងអំណាចនៃរស្មីមួយនៃទីបន្ទាល់ ពង្រឹង និងរួមបញ្ចូលគ្នាពីមួយទៅមួយ ។ មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ រស្មីឯណេះបន្តិច ឯណោះបន្តិច—គ្រាខាងវិញ្ញាណដ៏មានតម្លៃតូចៗម្តងមួយៗ—រីកធំឡើងនៅក្នុងខ្លួនយើងនូវបទពិសោធន៍ខាងវិញ្ញាណ ដែកពេញដោយពន្លឺដ៏សំខាន់ ។ ប្រហែលជាគ្មានរស្មីណាមួយខ្លាំងគ្រប់គ្រាន់ ឬភ្លឺគ្រប់គ្រាន់ដើម្បីបង្កើតទីបន្ទាល់ពេញលេញនោះទេ ប៉ុន្តែវាអាចក្លាយជាពន្លឺដែលកុំឲ្យភាពងងឹតនៃការសង្ស័យយកឈ្នះបាន ។
អាលម៉ា សួរថា « ឱ ! បើដូច្នោះ តើការណ៍នេះ ពុំមែនពិតទេឬអី? » « ខ្ញុំសូមប្រាប់អ្នកថា មែនហើយ ពីព្រោះនេះជាពន្លឺ » ។
« អ្វីដែលមកពីព្រះ ជាពន្លឺ » ព្រះអម្ចាស់បង្រៀនយើងថា « ហើយអ្នកណាដែលទទួលពន្លឺ ហើយនៅជាប់ក្នុងព្រះ នោះទទួលពន្លឺថែមទៀត ហើយពន្លឺនោះភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះ » ។
នេះមានន័យថា បងប្អូនប្រុសស្រី នៅទីបំផុត និងតាមរយៈ « សេចក្ដីព្យាយាមដ៏ខ្លាំងក្លា »យើងក៏អាចមានបង្គោលពន្លឺដោយខ្លួនឯងដែរ—គឺរស្មីមួយម្តងៗ ។ ហើយនៅក្នុងបង្គោលនោះ យើងក៏នឹងរកឃើញព្រះវរបិតាសួគ៌ដ៏ពេញដោយក្តីស្រឡាញ់ ដែលហៅយើងតាមឈ្មោះ ដោយចង្អុលបង្ហាញយើងទៅកាន់ព្រះសង្រ្គោះព្រះយេស៊ូវគ្រីស្ទរបស់យើង ហើយអញ្ជើញយើងឲ្យ « ស្តាប់តាមទ្រង់ចុះ ! »
ខ្ញុំសូមធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទថា ទ្រង់គឺជាពន្លឺ និងជាជីវិតនៃពិភពលោកទាំងមូល—ហើយជាពិភពលោកផ្ទាល់ខ្លួនរបស់បងប្អូន និងខ្ញុំ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់គឺជាសេចក្ដីពិត និងជាព្រះរាជបុត្រាដ៏មានព្រះជន្មរស់នៃព្រះដ៏ពិត និងមានព្រះជន្មរស់ ហើយថា ទ្រង់ជាព្រះសិរសានៃសាសនាចក្រដ៏ពិតនិងសកម្មនេះ ដែលណែនាំ និងដឹកនាំដោយសាវក និងព្យាការីនៅរស់ដ៏ពិតរបស់ទ្រង់ ។
សូមយើងទទួលស្គាល់ និងទទួលពន្លឺដ៏រុងរឿងរបស់ទ្រង់ រួចហើយជ្រើសរើសយកទ្រង់ជំនួសឲ្យភាពងងឹតនៃពិភពលោក—ជានិច្ច និងរៀងដរាបរហូតទៅ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។