សន្និសីទទូទៅ
ក្រោក​ឡើង ! លោក​ហៅ​ឯង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


11:22

ក្រោក​ឡើង ! លោក​ហៅ​ឯង

ដំណឹងល្អ​ពុំ​មែនជា​ផ្លូវ​មួយ​ដើម្បី​ជៀសពី​ឧបសគ្គ និង​បញ្ហា​នោះទេ តែ​វាជា​ដំណោះស្រាយ​ដើម្បី​បង្កើន​សេចក្តី​ជំនឿ​យើង ហើយ​រៀន​ប្រឈម​មុខនឹង​វា ។

កាលពី​ពេលកន្លងទៅ ខ្ញុំ​បាន​សួរ​ភរិយា​ខ្ញុំថា « បើ​តាម​បងចាំ យើង​មិន​ដែល​មាន​បញ្ហា​អ្វី​ធំទេ​ក្នុង​ជីវិត តើ​អូន​អាច​ប្រាប់​បង​បាន​ទេថា​ហេតុអ្វី ? »

គាត់​បាន​មើល​មក​ខ្ញុំ ​ហើយ​និយាយ​ថា « ប្រាកដណាស់ ! អូន​នឹង​ប្រាប់​បង​ថា​ហេតុអ្វី​យើង​ពុំ​ដែល​មាន​បញ្ហា​ធំៗ គឺ​ដោយសារ​បង​ឆាប់​ភ្លេច ! »

ចម្លើយ​ដ៏​រហ័ស និង​ឈ្លាសវៃ​របស់​គាត់ ធ្វើ​ឲ្យ​ខ្ញុំ​ដឹងឡើងវិញ​ថា ការ​រស់​នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ពុំ​ដក​នូវ​ការ​ឈឺចាប់ និង​ការ​សាកល្បង ដែល​ចាំបាច់​សម្រាប់​ការរីក​ចម្រើន​នោះ​ទេ ។

ដំណឹងល្អ​ពុំ​មែនជា​ផ្លូវ​មួយ​ដើម្បី​ជៀសពី​ឧបសគ្គ និង​បញ្ហា​នោះទេ តែ​វាជា​ដំណោះស្រាយ​ដើម្បី​បង្កើន​សេចក្តី​ជំនឿ​យើង ហើយ​រៀន​ប្រឈម​មុខនឹង​វា ។

ខ្ញុំ​មានញាណ​មួយដឹងអំពី​សេចក្ដី​ពិត​នេះ​កាល​ពី​ប៉ុន្មាន​ខែ​មុន ពេល​ខ្ញុំ​កំពុង​ដើរនៅថ្ងៃមួយនោះ ភ្នែក​ខ្ញុំ​បាន​ចាប់ផ្តើម​ព្រិល ងងឹត និង​ស្រវាំងមួយ​រំពេច ។ ខ្ញុំ​ភ័យណាស់ ។ បន្ទាប់មក គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថា ៖ បើ​អ្នក​មិនឆាប់​ព្យាបាល​ភ្នែក​ភ្លាមៗ​ទេ នោះ​អ្នក​អាច​នឹងមើល​លែងឃើញ​ហើយក្នុង​ប៉ុន្មាន​សប្តាហ៍​ទៀត ។ ខ្ញុំ​កាន់តែ​ភ័យខ្លាំង​ឡើង ។

បន្ទាប់​មក គ្រូពេទ្យបាន​និយាយថា ៖ ពេញ​មួយ​ជីវិត​របស់​អ្នក អ្នក​ត្រូវចាក់​ថ្នាំ intravitreal—គឺចាក់ថ្នាំ​ទៅក្នុង​ភ្នែក—​ដោយ​បើក​ភ្នែក​ធំៗ—រៀងរាល់​បួន​សប្តាហ៍​ម្តង ។

នោះ​គឺ​ជា​ការ​ដាស់​ស្មារតី​ដ៏​ពិបាក​មួយ ។

រួចហើយ​ក៏​សញ្ជឹងគិត​ជា​សំណួរ ។ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង ៖ អូខេ ! ចក្ខុវិស័យ​ខាង​សាច់ឈាម​ខ្ញុំ​មិន​ល្អ​ទេ ចុះចំណែកឯ​ចក្ខុវិស័យ​ខាង​វិញ្ញាណ​របស់​ខ្ញុំ​វិញ​នោះ ? តើ​ខ្ញុំ​ត្រូវការ​ព្យាបាល​វា​ដែរ​ឬ​ទេ ? ហើយ​តើ​ការ​មាន​ចក្ខុវិស័យ​ខាង​វិញ្ញាណ​ភ្លឺ​ច្បាស់​មានន័យយ៉ាងណា ? »

ខ្ញុំ​បាន​ពិចារណា​អំពី​រឿង​បុរស​ខ្វាក់​ម្នាក់ ឈ្មោះ បារទីមេ ដែល​បាន​ពិពណ៍នា​នៅ​ក្នុង​ដំណឹង​ល្អនៃ​គម្ពីរ​ម៉ាកុស ។ ព្រះគម្ពីរ​បាន​និយាយថា « កាល​គាត់​បាន​ឮ​ថា ជា​ព្រះយេស៊ូវពី​ណាសារ៉ែត នោះ​ក៏​តាំង​ស្រែក​ឡើង​ថា ឱ​ព្រះយេស៊ូវ ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង » ។

តាមធាតុពិត មនុស្ស​ជា​ច្រើនមើល​មក ព្រះយេស៊ូវ​គ្រាន់​តែ​ជា​កូន​យ៉ូសែប​ប៉ុណ្ណោះ ចុះហេតុ​អ្វី​បាន​ជា​បារទីមេ ហៅ​ទ្រង់​ថា « ព្រះវង្ស​ហ្លួង​ដាវីឌ » ទៅវិញ ? នោះគឺ​ដោយ​សារ​តែ​គាត់​បាន​ស្គាល់​ថា ព្រះយេស៊ូវ​ ពិត​ជា​ព្រះ​មែស៊ី ដែល​បាន​ព្យាករ​ថា​នឹង​ប្រសូត្រ​មក​ជា​ព្រះវង្ស​ហ្លួង​ដាវីឌ ។

វា​គួរឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែល​បុរស​ខ្វាក់​ម្នាក់​នេះ មើលមិន​ឃើញ​ខាង​សាច់ឈាម តែ​ស្គាល់​ព្រះយេស៊ូវ ។ គាត់​បាន​មើល​ឃើញ​ខាង​វិញ្ញាណ​នូវ​អ្វី​ដែល​គាត់​មើលមិន​ឃើញ​ដោយភ្នែក ខណៈ​ដែល​មនុស្ស​ជា​ច្រើន​ទៀត​អាច​មើល​ឃើញ​ព្រះយេស៊ូវ​នឹងភ្នែក ប៉ុន្តែ​ខ្វាក់​ខាង​វិញ្ញាណ​ទាំង​ស្រុង ។

យើង​រៀន​បន្ថែម​ទៀត​អំពី​ចក្ខុវិស័យ​ភ្លឺ​ច្បាស់​ខាង​វិញ្ញាណ​ចេញ​ពី​ដំណើររឿង​នេះ ។

យើងបាន​អានថា « មាន​មនុស្ស​ជា​ច្រើន​កំហែង​ឲ្យ​គាត់​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះអង្គ ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង » ។

មនុស្ស​នៅ​ជុំវិញ​គាត់​បាន​ប្រាប់​ឲ្យ​គាត់​នៅ​ស្ងៀម ប៉ុន្តែ​គាត់​កាន់​តែ​ស្រែក​ខ្លាំងឡើង ដោយសារ​គាត់​ដឹង​ថា​ព្រះយេស៊ូវ​ជា​នរណាពិត​ ។ គាត់​ពុំ​អើពើ​នឹង​សំឡេង​ទាំង​នោះទេ តែ​បាន​ស្រែក​កាន់​តែ​ខ្លាំង​ឡើង ។

គាត់​បាន​ប្រព្រឹត្តិ​ដោយ​ខ្លួន​ឯង​ពុំមែន​ដោយសារ​ទទួល​ឥទ្ធិពល​ពី​នរណា​នោះ​ទេ ។ ទោះ​ជា​ស្ថានភាពគាត់​មាន​ដែនកំណត់ក្ដី ក៏​គាត់​បាន​ប្រើ​សេចក្តី​ជំនឿ​ដើម្បី​ចេញ​ពី​ដែនកំណត់​គាត់នោះ ។

ដូច្នេះ គោល​ការណ៍​ដំបូង ដែល​យើង​រៀន​គឺថា យើង​រក្សា​ចក្ខុវិស័យ​ខាង​វិញ្ញាណយើង​ឲ្យ​ភ្លឺ​ច្បាស់ ពេល​យើង​ផ្តោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ស្មោះ​ត្រង់​ចំពោះ​អ្វី​ដែល​យើង​ដឹង​ថា​ជា​ការ​ពិត ។

បងប្អូន​ប្រុស​ស្រី ដើម្បី​រក្សា​ចក្ខុវិស័យ​ខាង​វិញ្ញាណឲ្យនៅ​ច្បាស់ យើង​ត្រូវ​សម្រេច​ចិត្ត​ថាមិន​ស្ដាប់​សំឡេង​លោកិយ​ដែលនៅ​ជុំវិញ​យើង ។ នៅ​ក្នុង​ពិភព​លោក​ដែល​ច្របូកច្របល់ និង​វិលវល់​នេះ យើង​ត្រូវ​តែ​បន្ដស្មោះ​ត្រង់​ចំពោះ​អ្វី​ដែល​យើង​ដឹង ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា​យើង ស្មោះ​ត្រង់​ក្នុង​ការ​កាន់តាមបញ្ញត្តិ​ទាំងឡាយ ហើយ​អះអាង​ជំនឿ​យើង​ឡើង​វិញ​ឲ្យ​កាន់​តែ​រឹង​មាំ ដូចជា​បុរស​នេះ​បាន​ធ្វើ ។ យើង​ត្រូវ​តែ​ស្រែកថ្លែងទីបន្ទាល់​យើង​អំពី​ព្រះអម្ចាស់​ទៅកាន់​លោកិយឲ្យ​កាន់តែ​ខ្លាំង ។ បុរស​ម្នាក់​នេះ​បាន​ស្គាល់​ព្រះយេស៊ូវ នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​អ្វី​ដែល​គាត់​បាន​ជឿ ហើយ​ពុំ​បាន​បង្អាក់​ដោយ​សំឡេង​នៅ​ជុំវិញ​គាត់​ឡើយ ។

នាសព្វ​ថ្ងៃ​នេះ មាន​សំឡេង​ជា​ច្រើន​ដែល​ព្យាយាម​បន្ថយ​សំឡេង​របស់​យើង​ក្នុង​នាម​ជា​សិស្សនៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សំឡេង​លោកិយ​កំពុង​ព្យាយាម​បំបិទ​មាត់​យើង ប៉ុន្តែ​នេះ​ជា​ហេតុ​ដែល​យើង​ត្រូវ​តែ​ប្រកាស​ទីបន្ទាល់​របស់​យើង​អំពី​ព្រះអង្គ​សង្គ្រោះ​ឲ្យកាន់​តែ​ខ្លាំង​ឡើង ។ ក្នុង​ចំណោម​សំឡេង​ទាំង​អស់​នៃ​លោកិយ​នេះ ព្រះអម្ចាស់​កំពុង​ពឹង​លើ​ខ្ញុំ ហើយ​នឹង​បងប្អូន​ឲ្យ​ប្រកាស​ទីបន្ទាល់ ​បន្លឺ​សំឡេង​យើងឡើង ​ឲ្យវាក្លាយ​ទៅជា​សំឡេង​របស់​ទ្រង់ ។ បើ​យើង​មិន​ធ្វើ​ តើ​នរណា​នឹង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ ? តើ​នរណា​នឹង​និយាយពី​ព្រះនាម​ទ្រង់ ហើយ​ប្រកាស​ពី​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ?

យើង​មាន​ការទទួល​ខុសត្រូវ​ខាង​វិញ្ញាណ ព្រោះតែយើង​មាន​ចំណេះ​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ប៉ុន្ដែ​តើ​បារទីមេ​បាន​ធ្វើ​អ្វី​ខ្លះ​បន្ទាប់​ពី​នោះ ?

តាម​បង្គាប់របស់​ព្រះអម្ចាស់​ឲ្យ ក្រោក​ឡើង គាត់​បាន​ធ្វើ​តាម​ម្តង​ទៀត​ដោយ​សេចក្ដី​ជំនឿ ។

ព្រះគម្ពីរចែងថា « គាត់​បោះ​អាវ​ចោល រួច​ស្ទុះ​ក្រោក​ឡើង ទៅ​ឯ​ព្រះយេស៊ូវ » ។

បុរស​ដ៏​រាបសា និង​ស្មោះ​ត្រង់​ម្នាក់​នេះ​បាន​យល់​ថា គាត់​អាច​នឹង​ក្រោក​ឡើង​ទៅកាន់​ជីវិត​ដ៏​ល្អ​ប្រសើរ​មួយ​តាម​ការ​បង្គាប់របស់​ព្រះយេស៊ូវ ។ គាត់​បាន​ដឹង​ថា គាត់​បាន​ល្អប្រសើរ​ជាង​ស្ថានភាព​គាត់ ហើយ​អ្វី​ដែល​គាត់​បាន​ធ្វើ​ដំបូងគេ ​នៅ​ពេល​គាត់​បាន​ឮ​ព្រះយេស៊ូវ​ហៅ​គាត់​នោះ​គឺ បោះ​អាវ​អ្នក​សុំ​ទាន​របស់​គាត់​ចោល ។

ជា​ថ្មី​ម្តង​ទៀត គាត់​បាន​ប្រព្រឹត្តិ ដោយ​ខ្លួនឯង​ពុំមែន​ដោយសារ​ទទួល​ឥទ្ធិពល​ពី​នរណា​នោះទេ ។

គាត់​អាច​នឹង​គិត​ថា « ខ្ញុំ​មិន​ត្រូវការ​អាវ​នេះ​ទៀត​ទេ ឥឡូវ​នេះ​ព្រះយេស៊ូវ​បាន​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ​ហើយ ។ នេះ​គឺជា​ថ្ងៃ​ថ្មី​មួយ ។ ខ្ញុំ​បាន​រួច​ផុត​ពី​ជីវិត​វេទនា​នេះ​ហើយ ។ ដោយព្រោះ​ព្រះយេស៊ូវ ខ្ញុំ​អាច​ចាប់ផ្ដើម​ជីវិត​ថ្មី ដែលមាន​សុភមង្គល និង​អំណរ​នៅក្នុង​ទ្រង់ ជាមួយនឹង​ទ្រង់ និង​តាមរយៈ​ទ្រង់ ។ ហើយ​ខ្ញុំ​មិន​ខ្វល់​ពី​អ្វី​ដែលលោកិយ​គិត​ពី​ខ្ញុំនោះ​ទេ ។ ព្រះយេស៊ូវ​កំពុង​ហៅ​ខ្ញុំ ហើយ​ទ្រង់​នឹង​ជួយ​ខ្ញុំ​ឲ្យរស់​ក្នុង​ជីវិត​ថ្មី​មួយ » ។

ឱ នោះ​ជា​ការ​ផ្លាស់ប្តូរ​ដ៏​អស្ចារ្យ​បំផុត !

នៅ​ពេល​គាត់​បោះ​អាវ​សុំ​ទានគាត់ចោល នោះ​គាត់​បាន​កម្ចាត់​ចោល​នូវ​រាល់ការ​ដោះសា​ទាំង​អស់ ។

នេះ​ជា គោលការណ៍​ទី​ពីរ ៖ យើង​រក្សា​ចក្ខុវិស័យ​ខាង​វិញ្ញាណ​ឲ្យ​ភ្លឺ​ច្បាស់​នៅ​ពេល​យើង​សម្រាតភាព​ជាមនុស្ស​ខាង​សាច់ឈាម​ចោល ប្រែ​ចិត្ត ហើយ​ចាប់​ផ្ដើម​ជីវិត​ថ្មី​នៅ​ក្នុង​ព្រះគ្រីស្ទ ។

របៀប​ធ្វើ​វានោះ​គឺ​បង្កើត និង​រក្សា​សេចក្ដី​សញ្ញា​ដើម្បី​ក្រោក​ឡើង​ទៅកាន់​ជីវិត​ប្រសើរ​មួយ​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

ដរាប​ណា​យើង​ដោះសា​ថា យើងអាណិត​ខ្លួនឯង​សោកស្ដាយ​ចំពោះ​ស្ថានភាព និង​បញ្ហាយើង និងរឿង​អាក្រក់​ទាំង​អស់​ដែល​កើត​ឡើង​ក្នុង​ជីវិត​យើង និង​មនុស្ស​អាក្រក់​ទាំង​អស់​ដែល យើង​គិត​ថា ធ្វើ​ឲ្យ​យើង​មិន​រីករាយ នោះគឺ​យើងកំពុងទុក​អាវ​អ្នក​សុំ​ទាន​នៅ​លើ​ស្មា​យើងនៅឡើយទេ ។ វា​ជា​ការ​ពិត​ដែល​ពេល​ខ្លះ​មនុស្សធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ដោយ​ចេតនា ឬ​អចេតនា ។ ប៉ុន្ដែ​យើង​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​សកម្មភាព​ដោយ​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ ដកចេញនូវ​អាវ​ខាង​ផ្លូវ​ចិត្ត និង​ផ្លូវ​អារម្មណ៍​ដែល​យើង​អាចនឹង​បន្ដ​ទ្រាំ​ពាក់​វាដើម្បី​លាក់ការដោះសា ឬ​លាក់បាំងអំពើ​បាប ហើយ​បោះវា​ចោល​ដោយ​ដឹង​ថា​ទ្រង់​អាច ហើយ​នឹង​ព្យាបាល​យើង​បាន ។

វា​ពុំ​មែនជា​លេស​ល្អ​ទេ​ដើម្បី​និយាយ​ថា « ខ្ញុំ​បែបនេះ​គឺ​ដោយសារ​តែ​ស្ថានភាពអកុសល និង​មិន​រីករាយ​មួយ​ចំនួន ។ ហើយ​ខ្ញុំ​មិន​អាច​ផ្លាស់​ប្ដូរ​បាន​ទេ ខ្ញុំទទួល​យក​វាបាន​ » ។

នៅ​ពេល​យើង​គិត​បែប​នេះ យើង​សម្រេច​ចិត្តថា​យើង​បណ្ដោយ​តាម​វាសនា ។

យើង​បន្ដ​ទុកអាវ​អ្នក​សុំ​ទាននោះ ។

ការ​ប្រព្រឹត្ត​ដោយ​ជំនឿ​មាន​ន័យ​ថា​ជា​ការពឹង​ផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ ដោយ​ជឿ​ថា​តាម​រយៈ​ដង្វាយធួន​ទ្រង់ យើង​អាច ក្រោក​ឡើង លើ​គ្រប់អ្វីៗ​តាម​ការ​បង្គាប់​របស់​ទ្រង់ ។

គោលការណ៍​ទី​បី​គឺមាន​នៅក្នុង​ពាក្យ​បួន​ម៉ាត់​ចុង​ក្រោយ​ថា « [ គាត់ ] ទៅ​ឯ​ព្រះយេស៊ូវ » ។

គាត់​ខ្វាក់​ភ្នែក តើ​គាត់​អាច​ទៅ​ឯ​ព្រះយេស៊ូវ​បាន​យ៉ាង​ដូចម្ដេច ? មានរបៀប​តែ​មួយ​គត់គឺដើរ​ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូវ​ដោយ​ការស្តាប់​តាម​សំឡេង​របស់​ទ្រង់ ។

ហើយ​នេះ​គឺជា គោល​ការណ៍​ទី​បី—គឺ​យើង​រក្សា​ចក្ខុវិស័យ​ខាង​វិញ្ញាណ​ឲ្យ​ភ្លឺច្បាស់ នៅ​ពេល​យើង​ឮ​សំឡេង​របស់​ព្រះអម្ចាស់ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​ដឹកនាំ​យើង ។

ដូច​ជាបុរស​រូប​នេះ ពេល​ដែល​គាត់​បាន​បន្លឺសំឡេង​គាត់ខ្លាំង​ជាង​សំឡេង​នៅ​ជុំវិញ​ខ្លួន នោះ​គាត់​អាច​ស្ដាប់​ឮសំឡេង​របស់​ព្រះអម្ចាស់​ជាង​សំឡេង​ផ្សេងៗ​ទៀត​ទាំង​អស់ ។

នេះ​គឺ​ជា​សេចក្ដី​ជំនឿ​ដូច​គ្នា​ដែល​អនុញ្ញាត​ឲ្យ​ពេត្រុស​ដើរ​លើ​ទឹក ដរាប​ណា​គាត់​រក្សា​ការ​ផ្ដោត​អារម្មណ៍​ខាង​វិញ្ញាណ​ទៅ​លើ​ព្រះអម្ចាស់ ហើយ​មិនឲ្យ​ខ្យល់​នៅ​ជុំវិញ​មក​រំខានគាត់ ។

បន្ទាប់​មក រឿង​របស់​បុរស​ខ្វាក់​ម្នាក់​នេះ​បញ្ចប់​ដោយ​ពាក្យ​ថា « ភ្នែក​ក៏​ភ្លឺ​ឡើង​ភ្លាម រួច​គាត់​ដើរ​តាម​ទ្រង់​ទៅ » ។

មេរៀន​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ដំណើរ​រឿង​នេះ គឺ​ថា​បុរស​ម្នាក់​នេះ​បាន​អនុវត្ត​សេចក្តី​ជំនឿ​ពិតទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ទទួល​អព្ភូតហេតុ​មួយ​ដោយសារ​គាត់​បាន​ទូលសុំ​ដោយ ចេតនា​ពិតគឺ ស្មោះ​អស់​ពី​ចិត្ត ដើម្បី​ដើរ​តាម​ទ្រង់ ។

ហើយ​នេះ​ជា​មូលហេតុ​ដ៏​ចម្បងដែល​យើង​ទទួលពរជ័យ​ក្នុង​ជីវិត គឺ​ជា​ការ​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​គឺ​អំពី​ការ​ស្គាល់ ទ្រង់ ការ​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយនឹង​ព្រះ ដោយសារ​តែ​ទ្រង់ ការផ្លាស់​ប្ដូរ​និស្ស័យ​យើង តាម​រយៈ​ទ្រង់ ហើយ​ស៊ូទ្រាំ​ដល់ទី​បញ្ចប់​ដោយ​ការដើរ​តាម ទ្រង់ ។

សម្រាប់​ខ្ញុំ ការ​រក្សា​ចក្ខុវិស័យ​ខាង​វិញ្ញាណ​ឲ្យ​ភ្លឺ​ច្បាស់​គឺជា​ការ​ផ្តោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ដូច្នេះ​តើ​ចក្ខុវិស័យ​ខាង​វិញ្ញាណ​ខ្ញុំ​ភ្លឺច្បាស់​ដែរ​ឬ​ទេ ពេល​ខ្ញុំ​ចាក់​ថ្នាំ​ភ្នែក​នោះ ? តើ​ខ្ញុំ​ជា​នរណា​ដែល​និយាយ​បែប​នោះ ? ប៉ុន្តែ​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ ។

ខ្ញុំ​មើល​ឃើញ​ព្រះហស្ដ​ទ្រង់ច្បាស់​នៅក្នុង​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ និង​ក្នុង​ជីវិត​របស់​ខ្ញុំ ។

ខ្ញុំ​មើល​ឃើញ​ជំនឿ​របស់​មនុស្ស​ជា​ច្រើន​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​ទៅ វា​ពង្រឹងដល់​ជំនឿ​ខ្ញុំ ។

ខ្ញុំ​មើល​ឃើញ​ទេវតា​នៅ​ជុំវិញ​ខ្ញុំ ។

ខ្ញុំ​ឃើញ​សេចក្តី​ជំនឿ​របស់​មនុស្ស​ជា​ច្រើន​ដែលពុំ​បានឃើញ​ព្រះអម្ចាស់​ខាង​សាច់ឈាម ប៉ុន្តែ​ទទួលស្គាល់​ទ្រង់​ខាង​វិញ្ញាណ ព្រោះ​ពួក​គេ​ស្គាល់​ទ្រង់​យ៉ាង​ជិត​ស្និទ្ធ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដំណឹងល្អ​នេះ​គឺ​ជា​ចម្លើយ​ចំពោះរឿង​គ្រប់​យ៉ាង ពីព្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ចម្លើយ​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ខ្ញុំ​ដឹងគុណ​ចំពោះ​អ្វី​ដែល​ខ្ញុំ​អាច​មើល​ឃើញ នៅ​ពេល​ខ្ញុំ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​​ខ្ញុំ ។

ខ្ញុំ​សន្យា​ថា នៅពេល​យើង​ស្ដាប់​ឮ​សំឡេង​នៃ​ព្រះអម្ចាស់ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​ដឹកនាំ​យើង​នៅលើ​ផ្លូវ​សេចក្ដីសញ្ញា​របស់​ព្រះអង្គសង្គ្រោះ នោះ​យើង​នឹង​ប្រទានពរ​ឲ្យ​មាន​ទស្សនវិស័យ​ច្បាស់លាស់ យល់ដឹង​ខាងវិញ្ញាណ និងភាព​សុខសាន្ដ​ក្នុងចិត្ត និងគំនិត​នៅពេញ​មួយជីវិត​យើង ។

សូម​ឲ្យ​យើង​ប្រកាស​ទីបន្ទាល់​អំពី​ទ្រង់​ឲ្យ​ខ្លាំង​ជាង​សំឡេង​នៅ​ជុំវិញ​យើង នៅ​ក្នុង​ពិភព​មួយ​ដែល​ត្រូវការ​ស្តាប់ឮ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្រើន​ឡើង ហើយ​មិនមែន​តិចៗ​នោះទេ ។ សូម​យើង​ដោះ​អាវ​អ្នក​សុំ​ទាន​ចេញ​ដែល​ប្រហែលជា​យើង​កំពុង​តែ​ពាក់នៅឡើយនោះ​ចោលចេញ ហើយ​ក្រោកចេញ​ពីលោកិយ​នេះ​ទៅកាន់​ជីវិត​ដ៏​ល្អ​ប្រសើរ​មួយ​នៅក្នុង និង​តាមរយៈ​ព្រះគ្រីស្ទ ។ សូម​ឲ្យយើង​កម្ចាត់​រាល់​ការ​ដោះសា​ក្នុង​ការមិន​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ចោលចេញ ហើយ​រក​ហេតុផល​ល្អៗ​ដើម្បី​ធ្វើ​តាម​ទ្រង់ នៅពេល​យើង​បាន​ស្ដាប់ឮ​សំឡេង​ទ្រង់ ។ នេះជា​ការអធិស្ឋាន​របស់​ខ្ញុំ ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕