ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ
តាមរយៈការគោរពសេចក្ដីសញ្ញារបស់យើង នោះយើងអាចឲ្យព្រះចាក់ស្រោចព្រះពរដែលបានសន្យាជាច្រើនទាក់ទងនឹងសេចក្ដីសញ្ញាទាំងនោះ ។
ពេលកូនពៅពីរនាក់របស់ខ្ញុំធំឡើង ខ្ញុំបានរកឃើញសៀវភៅដែលមានការកម្សាន្ត និងគួរឲ្យចាប់ចិត្ត ប៉ុន្តែក៏បានប្រើនិមិត្តសញ្ញានៅក្នុងដំណើររឿងផងដែរ ។ ពេលយើងអានសៀវភៅជាមួយគ្នានាពេលល្ងាចៗ ខ្ញុំចូលចិត្តជួយកូនៗឲ្យយល់ពីនិមិត្តសញ្ញាដែលអ្នកនិពន្ធកំពុងប្រើដើម្បីបង្រៀនគោលការណ៍ដ៏ស៊ីជម្រៅ រួមទាំងគោលការណ៍ដំណឹងល្អផងដែរ ។
ខ្ញុំបានដឹងថា ពួកគេយល់វាទាំងស្រុងនៅថ្ងៃមួយ ពេលដែលកូនប្រុសពៅខ្ញុំមានវ័យជំទង់ ។ គាត់បានចាប់ផ្តើមអានសៀវភៅថ្មីមួយ ហើយគ្រាន់តែចង់រីករាយនឹងរឿងនោះប៉ុណ្ណោះ ប៉ុន្តែគំនិតគាត់នៅតែព្យាយាមស្វែងយល់ពីអត្ថន័យស៊ីជម្រៅនៃអ្វីៗដែលគាត់កំពុងអាន ។ គាត់ស្មុគស្មាញ ប៉ុន្តែខ្ញុំញញឹមក្នុងចិត្ត ។
ព្រះយេស៊ូវបានបង្រៀនតាមរយៈដំណើររឿង និងនិមិត្តសញ្ញា —គ្រាប់ពូជមួយ ដើម្បីបង្រៀនពីអំណាចនៃសេចក្ដីជំនឿ ចៀមដែលវង្វេង បង្រៀនពីតម្លៃនៃព្រលឹង កូនប្រុសខ្ជះខ្ជាយ បង្រៀនពីចរិតលក្ខណៈរបស់ព្រះ ។ រឿងប្រៀបប្រដូចរបស់ទ្រង់គឺជានិមិត្តសញ្ញាដែលទ្រង់អាចបង្រៀនមេរៀនស៊ីជម្រៅដល់អ្នកដែលមាន « ត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ » ។ ប៉ុន្តែអ្នកដែលពុំស្វែងយល់អត្ថន័យស៊ីជម្រៅនឹងមិនយល់ឡើយ ដូចគ្នានឹងមនុស្សជាច្រើនដែលបានអានសៀវភៅដែលខ្ញុំបានអានឲ្យកូនៗស្តាប់ដែរ មិនដឹងថាវាមានអត្ថន័យស៊ីជម្រៅនិងមានអ្វីៗជាច្រើនក្នុងសាច់រឿងទាំងនោះទេ ។
នៅពេលព្រះប្រទានព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ពលិកម្មសម្រាប់យើង នោះព្រះយេស៊ូវគ្រីស្ទបានក្លាយជានិមិត្តសញ្ញាដ៏ខ្ពស់បំផុត នៃសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះវរបិតាសម្រាប់យើងម្នាក់ៗ ។ ព្រះយេស៊ូវគ្រីស្ទបានក្លាយជាកូនចៀមនៃព្រះ ។
យើងមានឯកសិទ្ធិ និងពរជ័យដែលបានអញ្ជើញឲ្យចូលរួមក្នុងទំនាក់ទំនងសេចក្ដីសញ្ញាជាមួយព្រះ ដែលជីវិតយើងផ្ទាល់អាចក្លាយជានិមិត្តសញ្ញានៃសេចក្ដីសញ្ញានោះ ។ សេចក្ដីសញ្ញាបង្កើតជាទំនាក់ទំនងដែលអនុញ្ញាតឲ្យព្រះសូន និងផ្លាស់ប្ដូរយើងតាមពេលវេលា ហើយណែនាំយើងឲ្យកាន់តែក្លាយដូចជាព្រះអង្គសង្រ្គោះ ដោយនាំឲ្យយើងខិតកាន់តែជិតទ្រង់ និងព្រះវរបិតា ហើយនៅទីបំផុតរៀបចំយើងឲ្យចូលទៅក្នុងទីវត្តមានរបស់ទ្រង់ ។
មនុស្សម្នាក់ៗនៅលើផែនដីនេះ គឺជាបុត្រា ឬបុត្រីដ៏ពិសេសរបស់ព្រះ ។ ពេលយើងជ្រើសរើសចូលរួមក្នុងសេចក្ដីសញ្ញា វាពង្រឹង និងធ្វើឲ្យទំនាក់ទំនងយើងជាមួយទ្រង់កាន់តែស៊ីជម្រៅ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា នៅពេលយើងជ្រើសរើសធ្វើសេចក្តីសញ្ញាជាមួយព្រះ នោះទំនាក់ទំនងយើងជាមួយទ្រង់ អាចកាន់តែជិតស្និទ្ធជាងមុនពេលដែលយើងធ្វើសេចក្តីសញ្ញា ហើយទ្រង់អាចប្រទានពរយើងនូវសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏ច្រើនអនេកទៅទៀត ជាសេចក្ដីស្រឡាញ់នៃសេចក្ដីសញ្ញាដែលភាសាហេព្រើរ ហៅថា hesed ហេសិដ ផ្លូវនៃសេចក្តីសញ្ញា គឺអំពីទំនាក់ទំនងរបស់យើងជាមួយព្រះ—ជា hesed ហេសិដ របស់យើងជាមួយទ្រង់ ។
ព្រះវរបិតាយើងមានព្រះទ័យចង់មានទំនាក់ទំនងស៊ីជម្រៅជាមួយបុត្រាបុត្រីទ្រង់ទាំងអស់ប៉ុន្តែវាជាជម្រើសរបស់យើងទេ ។ ពេលយើងជ្រើសរើសខិតកាន់តែជិតទ្រង់តាមរយៈទំនាក់ទំនង សេចក្ដីសញ្ញា នោះវាអនុញ្ញាតឲ្យទ្រង់ខិតកាន់តែជិតយើងដែរហើយប្រទានពរយើងកាន់តែពេញលេញ ។
ព្រះកំណត់លក្ខខណ្ឌ និងកាតព្វកិច្ចនៃសេចក្ដីសញ្ញាដែលយើងធ្វើ ។ ពេលយើងជ្រើសរើសចូលទៅក្នុងទំនាក់ទំនងនោះ យើងធ្វើជាសាក្សីចំពោះទ្រង់តាមរយៈសកម្មភាពជានិមិត្តសញ្ញានៃសេចក្ដីសញ្ញានីមួយៗថា យើងមានឆន្ទៈអនុវត្តតាមលក្ខខណ្ឌដែលទ្រង់បានកំណត់ ។ តាមរយៈការគោរពសេចក្ដីសញ្ញារបស់យើង នោះយើងអាចឲ្យព្រះចាក់ស្រោចព្រះពរដែលបានសន្យាជាច្រើន ដែលទាក់ទងនឹងសេចក្ដីសញ្ញាទាំងនោះ រួមទាំងមានអំណាចកាន់តែខ្លាំងដើម្បីផ្លាស់ប្ដូរ និងប្រែក្លាយដូចជាព្រះអង្គសង្គ្រោះយើង ។ ព្រះយេស៊ូវគ្រីស្ទគឺ ជាស្នូលនៃសេចក្ដីសញ្ញាទាំងអស់ដែលយើងបានធ្វើ ហើយពរជ័យនៃសេចក្ដីសញ្ញាកើតមានមកដោយសារតែការពលិកម្មធួនរបស់ទ្រង់ ។
បុណ្យជ្រមុជទឹកដោយការពន្លិច គឺជានិមិត្តសញ្ញាច្រកទ្វារដែលយើងចូលទៅក្នុងទំនាក់ទំនងសេចក្ដីសញ្ញាជាមួយព្រះ ។ ការពន្លិចទៅក្នុងទឹក ហើយងើបឡើងមកវិញគឺជានិមិត្តសញ្ញានៃការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះទៅកាន់ជីវិតថ្មី ។ ពេលយើងជ្រមុជទឹកជានិមិត្តសញ្ញាថា យើងស្លាប់ ហើយកើតឡើងវិញក្នុងគ្រួសារនៃព្រះគ្រីស្ទ ហើយបង្ហាញថាយើងមានឆន្ទៈលើកដាក់ព្រះនាមទ្រង់មកលើខ្លួនយើង ។ យើងបង្កប់និមិត្តសញ្ញានៃសេចក្ដីសញ្ញានោះក្នុងខ្លួនយើងផ្ទាល់ ។ យើងអាននៅក្នុងព្រះគម្ពីរសញ្ញាថ្មីថា « ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ » ។ ជានិមិត្តសញ្ញា ពេលយើងជ្រមុជទឹក យើងបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ ។
ពិធីបរិសុទ្ធនៃសាក្រាម៉ង់ក៏ចង្អុលនាំទៅកាន់ព្រះអង្គសង្រ្គោះផងដែរ ។ នំប៉័ង និងទឹកជានិមិត្តសញ្ញានៃសាច់ និងព្រះលោហិតរបស់ព្រះគ្រីស្ទដែលបានច្រួចជំនួសយើង ។ អំណោយទាននៃដង្វាយធួនរបស់ទ្រង់ត្រូវបានផ្ដល់ជានិមិត្តសញ្ញាដល់យើងរាល់សប្ដាហ៍ ពេលដែលអ្នកកាន់បព្វជិតភាពចែកនំប៉័ង និងទឹកដល់យើង ជាតំណាងឲ្យព្រះអង្គសង្គ្រោះផ្ទាល់ ។ ពេលយើងធ្វើសកម្មភាពនៃការទទួលទាន និងផឹកនិមិត្តរូបនៃសាច់ និងព្រះលោហិតរបស់ទ្រង់ ជានិមិត្តសញ្ញាថា ព្រះគ្រីស្ទក្លាយជាផ្នែកមួយនៃយើង ។ យើងប្រដាប់កាយដោយព្រះគ្រីស្ទម្ដងទៀត នៅពេលយើងធ្វើសេចក្តីសញ្ញាថ្មីមួយជារៀងរាល់សប្តាហ៍ ។
ពេលយើងធ្វើសេចក្ដីសញ្ញាជាមួយព្រះនៅក្នុងដំណាក់នៃព្រះអម្ចាស់ នោះយើងពង្រឹងទំនាក់ទំនងយើងជាមួយទ្រង់កាន់តែខ្លាំង ។ អ្វីគ្រប់យ៉ាងដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ នាំទៅរកផែនការរបស់ព្រះវរបិតាសម្រាប់យើង ដែលព្រះអង្គសង្រ្គោះ និងពលិកម្មធួនរបស់ទ្រង់ គឺជាស្នូល ។ ព្រះអម្ចាស់នឹងបង្រៀនយើងមួយបន្ទាត់ម្ដងៗ តាមរយៈនិមិត្តសញ្ញានៃពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានានា នៅពេលយើងបើកដួងចិត្ត ហើយព្យាយាមយល់ពីអត្ថន័យដ៏ជ្រាលជ្រៅនេះ ប្រកបដោយការអធិស្ឋាន ។
ជាចំណែកនៃអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ យើងត្រូវបាន អនុញ្ញាតឲ្យ ពាក់សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពដ៏បរិសុទ្ធ ។ វាជាកាតព្វកិច្ចដ៏ពិសិដ្ឋនិងជាឯកសិទ្ធិដ៏ពិសិដ្ឋ ។
នៅក្នុងទំនៀមទម្លាប់សាសនាជាច្រើន សម្លៀកបំពាក់ពិសេសៗត្រូវបានពាក់ជានិមិត្តសញ្ញានៃជំនឿ និងការតាំងចិត្តរបស់បុគ្គលម្នាក់ចំពោះព្រះ ជាញឹកញាប់សម្លៀកបំពាក់សម្រាប់ពិធីត្រូវបានពាក់ដោយអ្នកដែលដឹកនាំពិធីថ្វាយបង្គំនានា ។ សម្លៀកបំពាក់ពិសិដ្ឋទាំងនោះមានអត្ថន័យជ្រាលជ្រៅសម្រាប់អ្នកដែលពាក់វា ។ យើងបានអានក្នុងព្រះគម្ពីរថា នៅសម័យបុរាណ សម្លៀកបំពាក់សម្រាប់ពិធីពិសិដ្ឋក៏ត្រូវបានពាក់តាមក្បួនរីត៍ក្នុងព្រះវិហារបរិសុទ្ធផងដែរ ។
ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពួកយើងដែលបានជ្រើសរើសធ្វើសេចក្ដីសញ្ញាជាមួយព្រះក្នុងដំណាក់នៃព្រះអម្ចាស់ពាក់សម្លៀកបំពាក់សម្រាប់ពិធីពិសិដ្ឋ អំឡុងពេលថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ ជានិមិត្តសញ្ញានៃសម្លៀកបំពាក់ដែលពាក់តាម ក្បួនរីត៍ក្នុង ព្រះវិហារបិរសុទ្ធពីបុរាណ ។ យើងក៏ពាក់សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពដ៏បរិសុទ្ធ ទាំងអំឡុងពេលថ្វាយបង្គំក្នុងព្រះវិហារ បរិសុទ្ធ និង នៅក្នុងជីវិតរបស់យើងរាល់ថ្ងៃ ។
សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពដ៏បរិសុទ្ធជានិមិត្តសញ្ញាដ៏ជ្រាលជ្រៅ និងនាំទៅព្រះអង្គសង្រ្គោះផងដែរ ។ ពេលលោកអ័ដាម និងនាងអេវ៉ាបានទទួលទានផ្លែដឹងខុសត្រូវ ហើយចាកចេញពីសួនច្បារអេដែន នោះពួកលោកទទួលបានអាវស្បែកដើម្បីគ្របដណ្តប់ខ្លួន ។ វាទំនងជាបានមកពីការបូជាសត្វ ដើម្បីធ្វើអាវស្បែក—ជានិមិត្តសញ្ញានៃការពលិកម្មផ្ទាល់របស់ព្រះអង្គសង្គ្រោះសម្រាប់យើង ។ Kaphar ( កាផារ ) គឺជាពាក្យគ្រឹះជាភាសាហេព្រើរសម្រាប់ដង្វាយធួន ហើយមានអត្ថន័យមួយថា « ដើម្បីគ្របដណ្តប់ » ។ សម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធរំឭកយើងថា ព្រះអង្គសង្រ្គោះ និងពរជ័យនៃដង្វាយធួនទ្រង់គ្របដណ្តប់យើងពេញមួយជីវិត ។ កាលយើងពាក់សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពដ៏បរិសុទ្ធជារៀងរាល់ថ្ងៃ នោះនិមិត្តសញ្ញាដ៏ស្រស់ស្អាតនេះបានក្លាយជាផ្នែកមួយនៃខ្លួនយើង ។
ក្នុងគម្ពីររ៉ូមនៃព្រះគម្ពីរសញ្ញាថ្មី យើងអានថា « យប់យូរណាស់ហើយ ថ្ងៃក៏ជិតរះ ដូច្នេះ យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ ។ … គឺត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ » ។
ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះឯកសិទ្ធិក្នុងការពាក់សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពដ៏បរិសុទ្ធដើម្បីរំឭកខ្ញុំថា ព្រះអង្គសង្រ្គោះ និងពរជ័យនៃដង្វាយធួនដ៏និរន្តររបស់ទ្រង់តែងតែគ្របដណ្តប់ខ្ញុំពេញមួយជីវិត ។ វាក៏រំឭកខ្ញុំថា នៅពេលខ្ញុំរក្សាសេចក្ដីសញ្ញា ដែលខ្ញុំធ្វើជាមួយព្រះនៅក្នុងដំណាក់របស់ទ្រង់ ជានិមិត្តរូបគឺខ្ញុំបានលើកដាក់ព្រះគ្រីស្ទ ដែលទ្រង់ផ្ទាល់គឺជាអាវក្រោះនៃពន្លឺ ។ ទ្រង់នឹងការពារខ្ញុំពីសេចក្ដីអាក្រក់ ។ប្រទានអំណាច និងចម្រើនសមត្ថភាពខ្ញុំ ហើយធ្វើជាពន្លឺនិងដឹកនាំខ្ញុំ ឆ្លងកាត់ភាពងងឹត និងការលំបាកនៃលោកិយនេះ ។
វាមានអត្ថន័យជានិមិត្តរូបដ៏ជ្រាលជ្រៅ និងស្រស់ស្អាតនៅក្នុងសម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពដ៏បរិសុទ្ធ និងទំនាក់ទំនងវាទៅនឹងព្រះគ្រីស្ទ ។ ខ្ញុំជឿថា ឆន្ទៈរបស់ខ្ញុំដើម្បីពាក់សម្លៀកបំពាក់ពិសិដ្ឋក្លាយជានិមិត្តរូបរបស់ខ្ញុំ ចំពោះទ្រង់ ។ វាគឺជាទីសម្គាល់ផ្ទាល់ខ្លួនខ្ញុំចំពោះព្រះ ពុំមែនចំពោះអ្នកដទៃទេ ។
ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះព្រះអង្គសង្គ្រោះយើងគឺព្រះយេស៊ូវគ្រីស្ទ ។ ការពលិកម្មដ៏ធួនរបស់ទ្រង់បានក្លាយជានិមិត្តសញ្ញាដ៏អស្ចារ្យបំផុតនៃសេចក្ដីស្រឡាញ់ដ៏និរន្តររបស់ទ្រង់ និងព្រះវរបិតាចំពោះយើងម្នាក់ៗដោយមាននិមិត្តសញ្ញាជាក់ស្តែងនៃសេចក្ដីស្រឡាញ់ និងការពលិកម្មនោះ—ព្រះពាហុ ព្រះបាទា និងចំហៀងរបស់ព្រះអង្គសង្គ្រោះ—នៅតែមានស្នាម ទោះជាទ្រង់មានព្រះជន្មរស់ឡើងវិញក៏ដោយ ។
នៅពេលខ្ញុំគោរពតាមសេចក្ដីសញ្ញា និងកាតព្វកិច្ចរបស់ខ្ញុំជាមួយព្រះ រួមទាំងការពាក់សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពដ៏បរិសុទ្ធ នោះជីវិតខ្ញុំអាចក្លាយជានិមិត្តសញ្ញាផ្ទាល់ខ្លួននៃសេចក្ដីស្រឡាញ់ និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះព្រះអង្គសង្រ្គោះ គឺព្រះយេស៊ូវគ្រីស្ទ ហើយប្រាថ្នាចង់ឲ្យទ្រង់គង់នៅជាមួយខ្ញុំជានិច្ច ។
បើបងប្អូនពុំទាន់ធ្វើទេ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យជ្រើសរើសមានទំនាក់ទំនងដ៏ជ្រាលជ្រៅជាមួយព្រះ ដោយធ្វើសេចក្ដីសញ្ញាជាមួយទ្រង់នៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ សូមសិក្សាប្រសាសន៍របស់ព្យាការីយើង ( រួមទាំងការបង្រៀនដ៏ល្អនៅក្នុងលេខយោងនៃប្រសាសន៍របស់លោក ដែលមានស្ទើរតែគ្រប់សន្និសីទ ) ។ លោកបានថ្លែងដដែលៗអំពីសេចក្ដីសញ្ញាជាច្រើនឆ្នាំហើយ ជាពិសេសចាប់តាំងពីលោកក្លាយជាប្រធាននៃសាសនាចក្រ ។ សូមរៀននូវការបង្រៀនរបស់លោកអំពីពរជ័យដ៏អស្ចារ្យ ហើយបងប្អូនអាចមានអំណាច និងសមត្ថភាពកាន់តែខ្លាំង តាមរយៈការធ្វើ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះ ។
ក្បួនខ្នាតទូទៅ ចែងថា វាមិនតម្រូវឲ្យមានការហៅបម្រើបេសកកម្ម ឬត្រូវរៀបការ ដើម្បីចុះសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធបាននោះទេ ។ បុគ្គលម្នាក់ត្រូវតែមានអាយុយ៉ាងតិច ១៨ ឆ្នាំ ឈប់រៀននៅវិទ្យាល័យ ឬតម្លៃស្មើ ហើយជាសមាជិកនៃសាសនាចក្ររយៈពេលយ៉ាងតិចមួយឆ្នាំ ។ ក៏តម្រូវឲ្យមានបទដ្ឋាននៃភាពបរិសុទ្ធផ្ទាល់ខ្លួនផងដែរ ។ បើបងប្អូនមានបំណងប្រាថ្នាពង្រឹងទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរយៈការចុះសេចក្ដីសញ្ញាពិសិដ្ឋនៅក្នុងដំណាក់នៃព្រះអម្ចាស់ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យនិយាយនឹងប៊ីស្សព ឬប្រធានសាខាហើយប្រាប់ឲ្យពួកគាត់ដឹងពីបំណងប្រាថ្នារបស់បងប្អូន ។ គាត់នឹងជួយបងប្អូនឲ្យដឹងរបៀបដើម្បីរៀបចំខ្លួនទទួលយក និងគោរពសេចក្ដីសញ្ញាទាំងនោះ ។
តាមរយៈទំនាក់ទំនងសេចក្ដីសញ្ញាជាមួយព្រះ ជីវិតយើងផ្ទាល់អាចក្លាយទៅជានិមិត្តសញ្ញារស់នៃការតាំងចិត្ត និងក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ ជា hesed ហេសិដរបស់យើងសម្រាប់ទ្រង់និងបំណងប្រាថ្នារបស់យើងដើម្បីរីកចម្រើន ហើយប្រែក្លាយដូចជាព្រះអង្គសង្គ្រោះរបស់យើងនៅទីបំផុត ដោយរៀបចំខ្លួនដើម្បីចូលទៅក្នុងទីវត្តមានទ្រង់ទាំងទ្វេថ្ងៃណាមួយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពរជ័យដ៏អស្ចារ្យនៃទំនាក់ទំនងសេចក្ដីសញ្ញានោះគឺសមនឹងតម្លៃណាស់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕