សន្និសីទទូទៅ
គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្ដីល្អ​ដល់​យើង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


14:14

គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្ដីល្អ​ដល់​យើង

នៅក្នុង​ពេលវេលា និង​ភាពអស់កល្ប​ជានិច្ច គោលបំណង​នៃ​ការបង្ក​បង្កើត និង​និស្ស័យ​នៃ​ព្រះ​ផ្ទាល់ គឺ​ដើម្បី​នាំឲ្យ​គ្រប់​ការណ៍​ទាំងអស់​ផ្សំគ្នា​សម្រាប់​សេចក្ដីល្អ​ដល់​យើង ។

ថ្ងៃនេះ​គឺជា​ថ្ងៃទី ៦ ខែ មេសា ជា​ខួប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ស្ដារ​សាសនាចក្រ​ថ្ងៃ​ចុងក្រោយ​របស់​ទ្រង់​ឡើងវិញ និង​ជា​ចំណែក​នៃ​បុណ្យ​អ៊ីស្ទើរ ជាពេល​ដែល​យើង​ថ្លែង​ទីបន្ទាល់​ដោយ​អំណរ​អំពី​ព្រះជន្ម​ដ៏ល្អ​ឥតខ្ចោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពលិកម្ម​ដ៏ធួន និង​ការរស់​ឡើងវិញ​ដ៏​រុងរឿង ។

រឿងព្រេង​ចិន​មួយ​ចែងថា កូនប្រុស​របស់​បុរស​ម្នាក់​រកឃើញ​សេះ​ដ៏ស្រស់ស្អាត​មួយ​ក្បាល ។

អ្នកជិតខាង​និយាយ​ថា « សំណាង​ណាស់​ណ៎ » ។

បុរស​នោះ​តប​ថា « ចាំ​មើល​សិន » ។

បន្ទាប់​មក កូនប្រុស​នោះ​បាន​ធ្លាក់ពី​លើ​សេះ ហើយ​រង​របួស​អស់​មួយ​ជីវិត ។

អ្នកជិតខាង​និយាយ​ថា « អភ័ព្វ​ណាស់​ណ៎ » ។

បុរស​នោះ​តប​ថា « ចាំ​មើល​សិន » ។

កងទ័ព​ដើរ​កេណ្ឌ​ទាហាន​បាន​មក​ដល់ ប៉ុន្តែពុំ​យក​កូនប្រុស​ដែល​រង​របួស​នោះ​ទៅ​ទេ ។

អ្នកជិតខាង​និយាយ​ថា « សំណាង​ណាស់​ណ៎ » ។

បុរស​នោះ​តប​ថា « ចាំ​មើល​សិន » ។

ជារឿយៗ ពិភពលោក​ដែល​ក្រឡាប់ចាក់​នេះ មាន​អារម្មណ៍​ថា ព្យុះភ្លៀងបោកបក់​ មិន​ប្រាកដ​ប្រជា ពេលខ្លះ​មាន​សំណាង ហើយ—ជារឿយៗ—អភ័ព្វខ្លាំង ។ ប៉ុន្តែ​នៅ​លោកិយនៃក្ដី​វេទនា​នេះ « យើង​ដឹង​ថា គ្រប់​ការទាំងអស់​ផ្សំគ្នា សម្រាប់​សេចក្តីល្អ​ដល់​ពួកអ្នក​ដែល​ស្រឡាញ់​ព្រះ » ។ ពិត​ណាស់ ពេល​យើង​ដើរ​ដោយ​ទៀងត្រង់ ហើយ​ចងចាំ​សេចក្ដីសញ្ញា​យើង នោះ « គ្រប់​ការណ៍​ទាំងអស់​ផ្សំគ្នា​សម្រាប់​សេចក្ដីល្អ​ដល់​អ្នក » ។

គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្ដីល្អ​ដល់​យើង ។

ជា​ការសន្យា​ដ៏អស្ចារ្យ ! ជា​ការធានា​ដ៏លួងលោម​មកពី​ព្រះ​ផ្ទាល់ ! តាម​របៀបដ៏​អព្ភូតហេតុ គោលបំណង​នៃ​ការបង្ក​បង្កើត និង​និស្ស័យ​នៃ​ព្រះ​គឺ​ដើម្បីដឹងពី​ដើម​ដល់​ទីបញ្ចប់ ដើម្បី​ឲ្យ​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្ដីល្អ​ដល់​យើង ហើយ​ដើម្បី​ជួយ​យើង​បាន​ញែកចេញ​ជា​បរិសុទ្ធ តាមរយៈ​ព្រះគុណ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​រំដោះ និង​ប្រោសលោះ​យើង​ពី​អំពើបាប ។ ប៉ុន្ដែ​ព្រះយេស៊ូវ​គ្រីស្ទ​ក៏​យល់​យ៉ាង​ច្បាស់​រាល់​ការឈឺចាប់ ទុក្ខ​វេទនា ជំងឺ ការសោកសៅ និង​ការបែក​បាក់​គ្នា​របស់​យើង​ផងដែរ ។ ជ័យជម្នះ​របស់​ទ្រង់​លើ​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក​អាច​ធ្វើឲ្យ​អ្វីៗ​គ្រប់យ៉ាង​មកត្រឹមត្រូវ​ក្នុងវេលា​កាល និង​ភាពអស់កល្ប​ជានិច្ច ។ ទ្រង់​ជួយ​ព្យាបាល​អ្នក​ខូចចិត្ត និង​ត្រូវ​គេ​បង្អាប់ ផ្សះផ្សា​អ្នក​ខឹង​ និង​បែកបាក់ លួងលោម​អ្នក​ឯកា និង​កណ្ដោច​កណ្ដែង លើក​ទឹកចិត្ត​អ្នកស្រពិចស្រពិល និង​មិន​ល្អ​ឥតខ្ចោះ ហើយ​ធ្វើ​អព្ភូតហេតុ​ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ទើប​អាច​ធ្វើបាន ។

យើង​ច្រៀង​ហាលេលូយ៉ា ហើយ​ស្រែក​ហូសាណា ! នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ ដោយ​អំណាច​ដ៏អស់កល្ប និង​សេចក្ដីល្អ​ជានិរន្ដរ៍ នោះអ្វីៗ​ទាំងអស់​អាច​ធ្វើការ​រួមគ្នា​សម្រាប់ជាការណ៍ល្អ​របស់​យើង ។ យើង​អាច​ប្រឈម​មុខ​នឹង​ជីវិត​ដោយ​ទំនុកចិត្ត និង​ពុំភ័យខ្លាចឡើយ ។

បើ​ទុក​ឲ្យ​យើង​ធ្វើ​ខ្លួនឯង នោះ​យើង​អាច​នឹង​មិន​ដឹងពី​សេចក្ដីល្អ​របស់​ខ្លួនយើង​ទេ ។ នៅពេល​« ខ្ញុំ​ជ្រើសរើសខ្លួនឯង » នោះ​ខ្ញុំ​ក៏​កំពុង​ជ្រើសរើស​យក​ដែន​កំណត់ ភាពទន់ខ្សោយ និង​កង្វះខាត​ខ្លួនខ្ញុំ​ដែរ ។ នៅ​ទី​បំផុត​យើង​ត្រូវតែ​ជា​មនុស្ស​ល្អ ដើម្បី​ធ្វើ​ល្អ ។ ព្រោះ​គ្មាន​នរណាល្អ​ក្រៅពី​ព្រះ​ នោះ​យើង​ស្វែងរក​ភាពល្អ​ឥតខ្ចោះ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ក្លាយ​ជា​ខ្លួន​យើងដ៏ពិត និង​ល្អ​បំផុត​នៅពេល​យើង​សម្រាត​ភាពខាង​សាច់ឈាម​ចេញ ហើយ​ក្លាយជា​កូនក្មេង​នៅ​ចំពោះ​ព្រះភ័ក្ដ្រ​ព្រះ ។

តាម​ការទុកចិត្ត និង​ក្ដី​ជំនឿ​របស់យើង​ទៅលើ​ព្រះ នោះ​ការសាកល្បង និង​ទុក្ខ​វេទនា​អាច​ត្រូវបាន​ញែកចេញ​សម្រាប់​សេចក្ដីល្អ​ដល់​យើង ។ យ៉ូសែបដែល​លក់​ជា​ទាសករ​នៅ​ស្រុក​អេស៊ីព្ទ ក្រោយមក​បាន​សង្គ្រោះ​គ្រួសារ និង​ប្រជាជន​លោក ។ ការជាប់​គុក​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុង​គុក​លិបើធី បាន​បង្រៀន​លោក​ថា រឿង​ទាំងនេះ « នឹង​ផ្ដល់​ការពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅជា​ការល្អ​ដល់​អ្នក​ទៅ​វិញ » ។ ពេល​រស់នៅ​ដោយ​សេចក្ដី​ជំនឿ នោះ​ការសាកល្បង និង​ពលិកម្ម​ដែល​យើង​មិន​បាន​ជ្រើសរើស អាច​ផ្ដល់​ពរជ័យ​ដល់​យើង និង​អ្នកដទៃ​តាម​របៀបនឹក​ស្មាន​មិនដល់ ។

យើង​បង្កើន​ក្ដី​ជំនឿ និង​ការទុកចិត្ត​លើ​ព្រះអម្ចាស់​ថា គ្រប់​ការណ៍​ផ្សំគ្នា​សម្រាប់​សេចក្ដីល្អ​ដល់​យើង នៅពេល​យើង​ទទួល​បាន​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច ដោយយល់​ដឹងថា ការសាកល្បង​យើង​អាច « គ្រាន់តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ » ហើយទទួល​ស្គាល់​ថា ទុក្ខ​វេទនា​អាច​ត្រូវបាន​ញែកចេញ​ជា​ប្រយោជន៍​ដល់​យើង​វិញ ទាំង​ទទួល​ស្គាល់​ថា គ្រោះថ្នាក់ ការស្លាប់​មុន​កំណត់ ជំងឺ និង​ជំងឺដែលធ្វើឲ្យ​ទន់ខ្សោយ គឺជា​ជីវិត​រមែង​ស្លាប់ ហើយ​ទុកចិត្ត​ថា ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់​​មិន​សាកល្បង​ដើម្បី​ដាក់​ទណ្ឌកម្ម ឬ​កាត់​សេចក្ដីដល់យើង​ឡើយ ។ ទ្រង់​នឹង​មិន​ប្រទាន​ថ្ម​ទៅឲ្យ​នរណា​ម្នាក់​ដែល​សូម​នំបុ័ង ឬ​ប្រទាន​ពស់​ទៅឲ្យ​អ្នក​ដែល​សូម​ត្រី​នោះ​ទេ ។

ពេល​ការសាកល្បង​មក​ដល់ ជា​ញឹកញាប់​យើង​ចង់​បាន​បំផុត គឺ​​អ្នក​​ស្តាប់ ហើយ​នៅ​ជាមួយ​យើង ។ គ្រា​បែបនេះ ចម្លើយ​ទូទៅ​អាច​ជា​ចម្លើយ​គ្មាន​ប្រយោជន៍ ទោះជា​វា​មាន​ចេតនា​លួងលោមចិត្តក្ដី ។ ជួនកាល យើង​ចង់​មាន​មនុស្សមក​សោក​សង្រេង ឈឺចាប់ និង​យំ​​ជាមួយ​យើង ឲ្យ​យើង​បង្ហាញ​ពី​ការឈឺចាប់ ការមួរម៉ៅ ឬ​ពេលខ្លះ​សូម្បីតែ​កំហឹង​ក្ដី ហើយ​ទទួល​ស្គាល់​ជាមួយ​យើង​ថា​មាន​អ្វី​ជាច្រើន​ដែល​យើង​មិន​ដឹង ។

នៅពេល​យើង​ទុកចិត្ត​លើ​ព្រះ និង​សេចក្ដី​ស្រឡាញ់​ទ្រង់​ទោះ​ជា​យើងឈឺចិត្ត​ខ្លាំង​បំផុតក្ដី ​ក៏វា​អាចផ្សំ​គ្នា​សម្រាប់​សេចក្ដីល្អ​ដល់​យើង​នៅ​ទីបំផុត​បានដែរ ។

ខ្ញុំ​នៅចាំ​ថ្ងៃ​ដែល​ខ្ញុំ​បាន​ទទួល​ដំណឹង​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​មាន​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់នៅ​ក្នុងនោះ ។ គ្រា​នោះ មាន​ទាំង​ការ​ឈឺចាប់ និង​សេចក្ដី​ជំនឿ យើង​អាច​ត្រឹមតែនិយាយ​ដូច យ៉ូប ថា « ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅ​វិញ សូម​ឲ្យ​ព្រះនាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ » ។

សាសនាចក្រ​ទូទាំង​ពិភពលោក មានស្តេក និង​មណ្ឌល​ចំនួន​ប្រហែល ៣,៥០០ កន្លែង ព្រមទាំង​វួដ និង​សាខា​ចំនួន​ប្រហែល ៣០,០០០ ផ្តល់​ជា​ជម្រក និង​សុវត្ថិភាព​ពី​ព្យុះភ្លៀង​ទាំងឡាយ ។ ប៉ុន្តែ​នៅក្នុង​ស្តេក និង​វួដ​របស់​យើង ក្រុមគ្រួសារ និង​បុគ្គល​ស្មោះត្រង់​ជាច្រើន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដ៏​លំបាក ទោះបីជា​បានដឹង ( មិន​ទាន់ដឹង​ច្បាស់​ពី​របៀប ) ថា រឿង​នានា​នឹង​ផ្សំគ្នា​សម្រាប់​សេចក្ដីល្អ​ដល់​យើង​យ៉ាងណាក្តី ។

នៅ ហាតឌឺហ្វៀល ប្រទេស​អង់គ្លេស បងប្រុស សាំយូអែល ប្រ៊ីដស្តុក ទទួល​បាន​ការវិនិច្ឆ័យ​រោគ​ថា​មាន​ជំងឺ​មហារីក​ដំណាក់កាល​ទី​បួន មិន​យូរ​ប៉ុន្មាន​មុនពេល​ការហៅ​ជា​ប្រធាន​ស្ដេក​ថ្មី ។ ដោយ​បាន​ដឹងវិនិច្ឆ័យ​រោគ​ដ៏​ធ្ងន់ធ្ងរ​គាត់​បាន​សួរ​ភរិយា​របស់​គាត់​អានណា ថា​ហេតុអ្វី​គាត់​ត្រូវ​ទៅ​សម្ភាសន៍ ។

បងស្រី ប្រ៊ីដស្តុក បាន​តប​ថា « ដោយសារ​បង​នឹង​ត្រូវបាន​ហៅ​ជា​ប្រធាន​ស្ដេក » ។

គ្រួសារ ប្រ៊ីដស្តុក<nb/>។

ជាដំបូង ពេទ្យប្រាប់​ថា គាត់​រស់​តែ​មួយ ឬ​ពីរ​ឆ្នាំទេ តែ​ប្រធាន ប្រ៊ីដស្តុក ( ដែល​នៅ​ទីនេះ​ក្នុង​ថ្ងៃនេះ ) ស្ថិត​ក្នុង​ឆ្នាំ​ទី​បួន​នៃ​ការបម្រើ​របស់​គាត់​ហើយឥឡូវនេះ ។ គាត់​មាន​ថ្ងៃ​ល្អ និងមិនល្អ ។ ស្តេក​របស់​គាត់​កំពុង​ប្រមូល​ផ្តុំគ្នា​ដោយ​ជំនឿ ការបម្រើ និង​សេចក្ដី​សប្បុរស​កាន់តែ​ខ្លាំង ។ វា​មិនងាយស្រួល​ទេ ប៉ុន្តែ​ភរិយា និង​គ្រួសារ​គាត់​រស់នៅ​ដោយ​សេចក្ដី​ជំនឿ ការដឹងគុណ និង​ភាពសោកសៅ​ដែល​ពួកគេ​ជឿ​ថា​នឹង​ក្លាយជា​អំណរ​ដ៏​អស់កល្ប​ជានិច្ច តាមរយៈ​ដង្វាយធួន​ដែល​បានស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ពេល​យើងនៅ​ឲ្យ​នឹងនរ បើក​ចិត្ត​ឲ្យ​ទូលាយ និង​មាន​គារវភាព នោះ​យើង​អាច​ទទួល​អារម្មណ៍​នៃ​ភាពស្រស់ស្អាត គោលបំណង និង​ភាពស្ងប់សុខពេល​មាន​ចំណែក​នៃ​សេចក្ដីសញ្ញា​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ ។ នៅ​គ្រា​ដ៏​ពិសិដ្ឋ ទ្រង់​អាច​នឹង​អនុញ្ញាត​ឲ្យ​យើង​មើលឃើញ​នូវ​ភាពពិត​ដ៏ធំ​ជាង​​អស់កល្ប​ជានិច្ច ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ដែល​រឿង​តូចតាច និង​សាមញ្ញ​នានា​នឹង​ផ្សំគ្នា​សម្រាប់​សេចក្ដីល្អ​ដល់​អ្នកផ្តល់ និង​អ្នកទទួល ។

រេបិកា ដែល​ជា​កូនស្រី​ប្រធាន​បេសកកម្ម​ដំបូង​របស់​ខ្ញុំ បាន​ចែកចាយ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ឆ្លើយតបការអធិស្ឋាន​របស់​នាង​ ដែលសូម​ឲ្យ​មាន​ការលួងលោម ក្នុង​គ្រា​ដែល​ពុំ​បាន​រំពឹង​ទុក ដើម្បី​ឆ្លើយនឹង​ការអធិស្ឋាន​របស់អ្នក​ផ្សេងទៀត ។

រេបិកា បាន​ឲ្យ​ម៉ាស៊ីន​អុកស៊ីសែន​របស់​ម្តាយ​នាង​ទៅ​ស្រី្ដ​រូប​នេះ<nb/>។

នា​ល្ងាច​មួយ កាល​កំពុង​កាន់ទុក្ខ​មរណភាព​របស់​ម្ដាយ​នាង​ដែល​ទើប​លាចាក​លោក​ថ្មីៗ​រេបិកា បានទទួលអារម្មណ៍​យ៉ាង​ច្បាស់​មួយ​ថា​ឲ្យ​ទៅ​ចាក់​សាំង​ឡាន​របស់​នាង ។ ពេល​ទៅដល់​ស្ថានីយ​នោះ នាង​បាន​ជួប​ស្ត្រី​ចំណាស់​ម្នាក់​កំពុង​ដង្ហក់​ពិបាក​ដក​ដង្ហើម​នឹង​ធុង​អុកស៊ីសែន​ដ៏ធំ​មួយ ។ ក្រោយមក រេបិកា បាន​ឲ្យ​ម៉ាស៊ីន​អុកស៊ីសែន​ចល័ត​របស់​ម្តាយ​នាង​ទៅ​ស្រី្ដ​រូប​នេះ ។ បងស្រី​រូប​នេះ​បាន​ថ្លែង​ដោយ​ការដឹងគុណ​ថា « ក្មួយ​បាន​ឲ្យ​សេរីភាព​មក​ខ្ញុំ​វិញ » ។ គ្រប់​ការណ៍​ទាំងអស់​ផ្សំគ្នា​សម្រាប់​សេចក្តីល្អ នៅពេល​យើង​ផ្ដល់​ការងារ​បម្រើ​ដូចដែល​ព្រះយេស៊ូវគ្រីស្ទ​នឹង​ធ្វើ ។

ឪពុក​ម្នាក់​ដែល​ធ្វើជា​ដៃគូ​ការងារ​បម្រើ​ជាមួយ​កូនប្រុស​គាត់ក្នុង​កូរ៉ុម​គ្រូ បាន​ពន្យល់​ថា « ការងារ​បម្រើ​គឺ​ជាពេល​យើង​ប្ដូរពី​អ្នកជិតខាង​ដែល​យក​នំ​ទៅ​ផ្ញើ ក្លាយជា​មិត្ត​ដែល​ទុកចិត្ត​ជា​អ្នកឆ្លើយតប​ដំបូង​ខាង​វិញ្ញាណ » ។ ការមាន​ចំណែក​ក្នុង​សេចក្ដីសញ្ញា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជួយ​លួងលោម ភ្ជាប់​ទំនាក់ទំនង និង​ញែកចេញ ។

ទោះជា​មាន​សោកនាដកម្ម​ក្ដី ក៏​ការរៀបចំ​ខ្លួន​ខាង​វិញ្ញាណ​អាច​រំឭក​យើង​ថា ព្រះវរបិតា​សួគ៌​ទ្រង់​ជ្រាបថា​នៅពេល​យើង​មាន​អារម្មណ៍​ឈឺចាប់ និង​ឯកោ​ខ្លាំង​បំផុត ។ ឧទាហរណ៍ គ្រួសារ​មួយ​ដែលមាន​កូន​ដឹក​​ទៅកាន់​មន្ទីរពេទ្យ ក្រោយមក រកបានការលួងលោម​ចិត្ត ពេល​ចងចាំ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ខ្សឹប​ប្រាប់​ជាមុន​អំពី​អ្វី​ដែល​ត្រូវ​រំពឹង​ទុក ។

ពេល​ខ្លះ ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​យើង​ទទួល​អារម្មណ៍ ពី​គ្រួសារ​ដែល​នៅ​ម្ខាងទៀត​នៃ​វាំងនន តាមភាពពិត​ដ៏​អស់កល្ប​កាន់តែ​ខ្លាំង ។ បងស្រី​ម្នាក់​បាន​រកឃើញ​អំណរ​ក្នុង​ការប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ ព្រឹត្តិការណ៍​ពីរ​ដែល​បាន​ធ្វើឲ្យ​ជីវិត​គាត់​ស្លុត​យ៉ាងខ្លាំងគឺ—ពេល​មើលឃើញ​គ្រោះថ្នាក់​ទូក និងការបាត់បង់​ម្តាយ​យ៉ាង​អណោចអធ័ម​ដោយសារ​ការធ្វើ​អត្តឃាត ។

បងស្រី​បាន​យកឈ្នះ​ភាព​ភយ័ខ្លាច​របស់​គាត់ ហើយបាន​ទទួល​បុណ្យជ្រមុជទឹក<nb/>។

ប៉ុន្តែ​បងស្រី​ម្នាក់​នេះ​បាន​យកឈ្នះ​លើ​ការខ្លាច​ទឹក​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការពន្លិចបាន ។ ហើយ​នៅ​ថ្ងៃ​ដែល​រីករាយបំផុត គឺគាត់​បាន​ធ្វើជា​សាក្សី​ឲ្យ​អ្នក​ដែល​ធ្វើពិធី​ជំនួស​ឲ្យ​ម្ដាយ​គាត់​ដែល​បាន​ស្លាប់ទៅនោះ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។​ បងស្រី​នេះ​បាន​ថ្លែង​ថា « ពិធី​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ព្យាបាល​ម្តាយ​ខ្ញុំ ហើយ​វា​បាន​រំដោះ​ខ្ញុំ​ឲ្យ​មាន​សេរីភាព ។ វា​ជា​លើក​ដំបូង ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​មានភាព​សុខសាន្ដ តាំងពី​ម្តាយ​ខ្ញុំ​ស្លាប់​ទៅ » ។

តន្ត្រី​ដ៏​ពិសិដ្ឋ​របស់​យើង​បន្ទរនូវ​ការអះអាង​របស់​ទ្រង់​ថា អ្វីៗ​គ្រប់យ៉ាង​នឹង​ផ្សំគ្នា​សម្រាប់​សេចក្ដីល្អ​ដល់​យើង ។

សូម​ទុកចិត្ត​ទ្រង់ ព្រះ​អ្នក​ទ្រង់​បាន​យល់ព្រម

ដឹកនាំ​អនាគត​ដូច​ទ្រង់​ធ្វើ​ពីមុន ។

ចូរ​កុំ​ឲ្យ​ក្តីសង្ឃឹម និង​ការទុកចិត្ត​អ្នក​ងាករេ​ឡើយ

រឿង​កំបាំង​នឹង​ស្តែង​ឡើង ។

មក មក​ពួក​បរិសុទ្ធ​កុំ​ខ្លាច​ឡើយ​ណា

តែ​ខិតខំ​ដោយ​សាទរ ។

ថ្វីបើ​ដំណើរ​នេះ​លំបាក​របៀប​ណា

ព្រះគុណ​នឹង​ជួយ​លើក​ទ្រ ។ …

ហើយ​បើ​យើង​ស្លាប់​មុន​ពេល​ដំណើរ​យើង​ចប់

ថ្ងៃ​សប្បាយ ! ស្រួល​ទាំងអស់ !

ព្រះគម្ពីរ​មរមន​គឺជា​ភស្តុតាង ដែល​យើង​អាច​កាន់​នៅក្នុង​ដៃ​យើង​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ហើយ​ព្រះ​បំពេញ​តាម​ការព្យាករ​របស់​ទ្រង់ ។ ដោយ​បាន​សរសេរ​ដោយ​ព្យាការី​ដ៏​បំផុស​គំនិត ដែល​បាន​មើលឃើញ​ជំនាន់​យើង នោះ​ព្រះគម្ពីរ​មរមន​ចាប់ផ្ដើម​ដោយ​រឿងរ៉ាវ​មួយ—គឺ​គ្រួសារ​មួយ​ដែល​មាន​ការខ្វែង​គំនិត​គ្នា​យ៉ាងខ្លាំង ។ ប៉ុន្ដែ​នៅពេល​យើង​សិក្សា និង​ជញ្ជឹង​គិត​អំពី នីហ្វៃ​ទី​១ ១ រហូត​ដល់ មរ៉ូណៃ ១០ យើង​បាន​ខិតជិត​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​មាន​ទីបន្ទាល់​ដ៏រឹងមាំ​ថា អ្វី​ដែល​បាន​កើតឡើង​នៅ​ទីនោះ និងពេល​នោះ អាច​ផ្ដល់​ពរជ័យ​ដល់​យើង​នៅ​ទីនេះ និង​ពេល​នេះ​បាន ។

កាល​ព្រះអម្ចាស់​នាំ​ព្រះដំណាក់​របស់​ទ្រង់​មក​កាន់តែ​ជិត​នៅ​កន្លែង​ជាច្រើន​ទៀត តាមរយៈ​ព្យាការី​ដែល​នៅរស់​របស់​ទ្រង់ នោះ​យើង​ឃើញ​ថា ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​នឹង​ផ្សំគ្នា​សម្រាប់​សេចក្ដីល្អ​ដល់​យើង ។ យើង​បាន​មករក​ព្រះ​ជា​ព្រះវរបិតា​និង​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ ហើយ​ទទួល​បាន​ទស្សនវិស្ស័យ​ដ៏​អស់កល្ប​ជានិច្ច​អំពី​ជីវិត​រមែង​ស្លាប់ ។ យើង​ផ្ដល់​ដល់​សមាជិក​គ្រួសារ​ជាទីស្រឡាញ់​—គឺ​ជីដូនជីតា—​នូវ​ពិធីបរិសុទ្ធ​ពិសិដ្ឋ​ម្ដង​មួយៗ មួយឈ្មោះម្ដងៗ និង​ពរជ័យ​នៃ​សេចក្ដីសញ្ញា​នៅក្នុង​លំនាំ​របស់​ព្រះអម្ចាស់​នៃ​អ្នក​សង្គ្រោះ​នៅលើ​ភ្នំ​នៃ​ស៊ីយ៉ូន ។

កាលដែល​ព្រះវិហារ​បរិសុទ្ធ​មក​កាន់តែ​ជិត​យើង​នៅ​កន្លែង​ជាច្រើន នោះ​ការលះបង់របស់​យើង​នៅ​ព្រះវិហារ​បរិសុទ្ធ គឺ​ជាការស្វែងរក​បរិសុទ្ធភាព​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ឲ្យបាន​កាន់តែ​ញឹកញាប់ ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ យើង​បាន​សន្សំ​ប្រាក់ ដាក់​ផែនការ និង​លះបង់​ដើម្បី​មកកាន់​ព្រះវិហារ​បរិសុទ្ធ ។ ឥឡូវ​នេះ កាល​ដែល​ស្ថានភាព​អនុញ្ញាត​ឲ្យ សូម​មករក​ព្រះអម្ចាស់​នៅក្នុង​ព្រះដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​បាន​កាន់តែ​ញឹកញាប់ ។ សូម​ឲ្យ​ការថ្វាយ​បង្គំ និង​ការបម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ ផ្ដល់​ពរជ័យ ការការពារ និង​បំផុស​គំនិត​ដល់​បងប្អូន និង​គ្រួសារ​បងប្អូន—ជាគ្រួសារផ្ទាល់ខ្លួន ឬ​គ្រួសារ​ដែល​បងប្អូន​នឹង​មាន​នា​ពេល​ខាងមុខ ។

លោកយាយ​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ<nb/>។

ពេលដែល​ស្ថានភាព​របស់​បងប្អូន​អនុញ្ញាត សូម​ពិចារណា​អំពី​ពរជ័យ​នៃ​ការមាន​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់ខ្លួនផងដែរ ។ លោកយាយ​ម្នាក់​មកពី​គ្រួសារ​ដ៏​រាបសា​មួយ​បាន​និយាយ​ថា ក្នុង​ចំណោម​អ្វីៗ​ទាំងអស់​ក្នុង​ពិភពលោក​នេះ អ្វី​ដែល​គាត់​ចង់​បាន​បំផុត​នោះ​គឺ សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​របស់​គាត់​ផ្ទាល់ ។ ចៅប្រុស​គាត់​បាន​និយាយ​ថា « លោកយាយ​បាន​ខ្សឹប​ថា ‹ យាយ​នឹង​បម្រើ​ក្នុង​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​របស់​យាយ​ផ្ទាល់ ហើយ​បន្ទាប់ពី​យាយ​ស្លាប់​ទៅ យាយ​នឹង​ត្រូវ​បញ្ចុះ​នៅក្នុង​សម្លៀក​បំពាក់​នេះ › » ។ លុះពេលវេលា​មក​ដល់ គាត់​បាន​ធ្វើ​ដូច្នោះ​មែន ។

ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « អ្វីៗ ដែល​យើង​ជឿ និង រាល់ សេចក្តី​សន្យា​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ កើត​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

នៅក្នុង​ពេលវេលា និង​ភាពអស់កល្ប​ជានិច្ច គោលបំណង​នៃ​ការបង្ក​បង្កើត និង​និស្ស័យ​នៃ​ព្រះ​ផ្ទាល់ គឺ​ដើម្បី​នាំឲ្យ​គ្រប់​ការណ៍​ទាំងអស់​ផ្សំគ្នា​សម្រាប់​សេចក្ដីល្អ​ដល់​យើង ។

នេះ​គឺជា​ព្រះរាជបំណង​ដ៏អស់កល្ប​ជានិច្ច​របស់​ព្រះអម្ចាស់ ។ វា​គឺជា​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។ វា​គឺជា​ការសន្យា​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។

នៅពេល​ជីវិត​ជួប​ចលាចល ហើយ​គោលបំណង​មិន​ច្បាស់ នៅពេល​អ្នក​ចង់​រស់នៅ​ឲ្យ​បាន​ល្អ​ប្រសើរ តែ​មិន​ដឹង​ពី​របៀប ​សូម​មក​រក​ព្រះ​ជា​ព្រះវរបិតា​យើង និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ទុកចិត្ត​ថា ទ្រង់​ទាំងទ្វេ​មាន​ព្រះជន្ម​រស់ ស្រឡាញ់​បងប្អូន ហើយ​សព្វ​ព្រះទ័យ​ឲ្យ​គ្រប់​អ្វីៗ​ទាំងអស់​ជា​សេចក្ដីល្អ​ដល់​បងប្អូន ។ ខ្ញុំ​ធ្វើជា​សាក្សី​ថា វា​ជា​ការពិត​ដ៏​និរន្ដរ និង​អស់កល្ប​ជានិច្ច នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល យ៉ូហាន ១៦:៣៣ ។

  2. រ៉ូម ៨:២៨ ។

  3. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩០:២៤ ។ ឃ្លា​ដ៏​ពេញ​និយម​ថា « អ្វីៗ​នឹង​ល្អ » ជារឿយៗ​បញ្ជាក់​ថា រឿង​ទាំងនោះ​នឹង​មិន​អីទេ និង​តាម​លំដាប់​លំដោយ ដោយ​មិន​ចាំបាច់​មាន​ន័យ​ថា វា​ពិតជា​ល្អ​សម្រាប់​យើង​ឡើយ ។

  4. សូមមើល ម៉ូសេ ១:៣ ។

  5. សូមមើល អាលម៉ា ៧:១១ ។

  6. សូមមើល នីហ្វៃ​ទី​២ ៩:១០–១២ ។ ព្រះ​គោរព​ដល់​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ដែល​ជួនកាល​ទ្រង់​អនុញ្ញាត​ឲ្យ​សូម្បីតែ​អំពើ​មិន​សុចរិត​របស់​អ្នកដទៃ មក​ប៉ះពាល់​លើ​យើង​ផងដែរ ។ ប៉ុន្ដែ​នៅពេល​យើង​ស្ម័គ្រចិត្ត​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន នោះ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះចេស្ដា​ដែល​អាច​ធ្វើ​បាន និង​ដ៏ធួន​របស់​ទ្រង់​អាច​សម្អាត ព្យាបាល ចងភ្ជាប់ និង​ផ្សះផ្សា​យើង​ជាមួយ​នឹង​ខ្លួនយើង និង​ជាមួយ​គ្នា​ទៅវិញ​ទៅមក នៅ​ទាំង​សងខាង​វាំងនន ។

  7. សូមមើល មរ៉ូណៃ ៧:៦, ១០–១២ ។ លោក​សាស្ត្រាចារ្យ ធែរី វ៉ននើ បាន​សរសេរ​យ៉ាង​ឈ្លាសវៃ​អំពី​ប្រធានបទ​នេះ ។

  8. សូមមើល រ៉ូម ៣:១០; មរ៉ូណៃ ១០:២៥ ។

  9. សូមមើល មរ៉ូណៃ ១០:៣២ ។

  10. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២២:៤, ៧ ។

  11. យើង​រៀន​តាមរយៈ​បទពិសោធន៍ ដែល​យើង​មិន​ដែល​បាន​ជ្រើសរើស​ឡើយ ។ ពេលខ្លះ ការរែក​បន្ទុក​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់​អាច​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការរែកពុន​បន្ទុក​ទាំងនោះ; ម៉ូសាយ ២៤:១០–១៥ បង្ហាញ​ពី​ការសន្យា​របស់​ព្រះអម្ចាស់​ថា​នឹង « មក​រក​រាស្ត្រ​យើង​ក្នុង​ពេល​គេ​ស្ថិត​ក្នុង​សេចក្ដី​វេទនា » និង « ចម្រើន​កម្លាំង​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​អាច​ទ្រ​បន្ទុក​ទាំងឡាយ​របស់​គេ​បាន » ។ អាលម៉ា ៣៣:២៣ បង្រៀន​ថា « ព្រះ​ទ្រង់​សម្រាល​បន្ទុក​របស់​យើង តាមរយៈ​សេចក្ដី​អំណរ​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ » ។ ម៉ូសាយ ១៨:៨ រំឭក​យើង​ថា នៅពេល​ដែល​យើង « យល់ព្រម​ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក » នោះ​បន្ទុក​នោះ… « បាន​ស្រាល » ។

  12. ព្យាការី​អេសាយ​ថ្លែង​អំពី​ព្រះមែស៊ី ៖ « ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​យេហូវ៉ា ទ្រង់​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹងល្អ​ដល់​មនុស្ស​ទ័លក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង … ឲ្យ​កម្សាន្ដ​ចិត្ត​នៃ​អស់​អ្នកណា​ដែល​សោយសោក នឹង​ចែក​ឲ្យ​ដល់​ពួកអ្នក​ដែល​សោយសោក​នៅក្រុង​ស៊ីយ៉ូន​បាន​ភួង​លម្អ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ជំនួស​សេចក្តី​សោកសៅ ព្រមទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ » ( អេសាយ ៦១:១–៣ ) ។ ដូចគ្នា​នេះ​ដែរ អ្នកសរសេរ​ទំនុក​ដំកើង​ផ្ដល់​ទស្សនវិស័យ​ដែល​បាន​សន្យា​របស់​ទ្រង់ ៖ « ទឹកភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន តែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្តី​អំណរ​ឡើង​ដែរ » ( ទំនុក​តម្កើង ៣០:៥ ) ។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​ការសន្យា​ដ៏​រុងរឿង​សម្រាប់​មនុស្ស​សុចរិត​នៅ​ព្រឹក​នៃ​ការរស់​ឡើងវិញ​ដំបូង​ផងដែរ ។

  13. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២២:៤ ។ ការជឿ​ថា ការសាកល្បង​អាច​ជា​អ្វី​ដែល​នៅក្នុង​ភាពអស់កល្ប​ជានិច្ច​ហៅ​ថា « គ្រាន់តែ​មួយ​ភ្លែត​ប៉ុណ្ណោះ » មិន​មាន​ន័យ​ថា វា​បន្ថយ ឬ​បន្ទាប​ការព្យាយាម ឬ​ការប្រឈម​មុខ​នឹង​ការឈឺចាប់ ឬ​ការរងទុក្ខ​ដ៏ខ្លោចផ្សា ដែល​យើង​អាច​ជួប​ប្រទះ​ជា​រៀងរាល់​ថ្ងៃ​នៅក្នុង​ជីវិត​នេះ យប់​ដែល​គ្មាន​ការសម្រាន្ដ​លក់​ស្រួល​ស្ទើរ​មិន​អាច​ទ្រាំ​បាន ឬ​ភាពមិន​ប្រាកដប្រជា​ដ៏​ឈឺផ្សា​នៃ​ថ្ងៃ​ថ្មី​នីមួយៗ​នោះ​ទេ ។ ប្រហែល​ការសន្យា​ថា​នឹង​អាច​ក្រឡេក​មើល​ក្រោយ​នេះ ហើយ​មើលឃើញ​ការរងទុក្ខ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ដោយ​មាន​សេចក្ដី​អាណិត​អាសូរ និង​ទស្សនៈ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះ បន្ថែម​ទស្សនវិស័យ​មួយ​ចំនួន​ទៅលើ​ការយល់ដឹង​របស់​យើង​អំពី​ជីវិត​រមែង​ស្លាប់ និង​សេចក្ដី​សង្ឃឹម​របស់​យើង​ដើម្បី​ស៊ូទ្រាំ​ដោយ​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​លើ​ទ្រង់​រហូត​ដល់​ទីបញ្ចប់ ។ ម្យ៉ាងទៀត នៅពេល​យើង​មាន​ភ្នែក​មើល​ឃើញ ជារឿយៗ​មាន​សេចក្ដីល្អ​នៅពេល​នេះ ហើយ​យើង​មិន​ចាំបាច់​រង់ចាំ​ពេល​អនាគត​ដើម្បី​មើល​ឃើញ​សេចក្ដីល្អ​នោះ​ទេ ។

  14. សូមមើល នីហ្វៃ​ទី​២ ២:២ ។

  15. សូមមើល ម៉ាថាយ ៧:៩–១០ ។ ការទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង គឺ​មិន​មែន​ជា​ការចេះតែ​ទទួល​យក​នូវ​អ្វី​ដែល​នឹង​កើតឡើង​នោះ​ទេ ។ វា​គឺជា​ការជឿ​យ៉ាង​សកម្ម​ថា ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្រ្គោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​បាន​អ្វី​ដែល​ល្អ​បំផុត​តែប៉ុណ្ណោះ និង​ជានិច្ច​តទៅ ។ នៅពេល​មាន​សោកនាដកម្ម​កើតឡើង យើង​អាច​សួរ​ដោយ​សេចក្តី​ជំនឿ​បាន មិន​មែន​សួរ​ថា « ហេតុអ្វី​ខ្ញុំ ? » នោះ​ទេ ប៉ុន្ដែ​សួរ​ថា « តើ​ខ្ញុំ​អាច​រៀន​អ្វី​បាន​ខ្លះ ? » ហើយ​យើង​អាច​ទួញសោក​ដោយ​ចិត្ត​សោក​សង្រេង និង​វិញ្ញាណ​ទន់ទាប ដោយ​ដឹង​ថា តាម​ពេលវេលា និង​របៀប​របស់​ទ្រង់ នោះ​ការសង​ពរជ័យ និង​ឱកាស​ទាំងឡាយ​មកវិញ​នឹង​កើតឡើង ។

  16. យើង​បាន​ចុះ​សេចក្ដីសញ្ញា​ថា​នឹង​ទួញយំ​នឹង​អស់​អ្នក​ណា​ដែល​ទួញ​យំ ហើយ​កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នកណា​ដែល​កំពុង​ត្រូវការ​ការកម្សាន្ត​ទុក្ខ ( សូមមើល ម៉ូសាយ ១៨:៩ ) ។

  17. យ៉ូប ១:២១ ។

  18. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៥:៦ ។

  19. សេចក្ដី​ជំនឿ​ដើម្បី​ប្រឈម​មុខ​នឹង​ការលំបាក គឺ​ផ្ទុយពី​ទុក្ខ​វេទនា និង​សេចក្តី​អស់​សង្ឃឹម​ក្នុង​ជីវិត​ដែល​ព្រះគម្ពីរ​មរមន​ពិពណ៌នា​អំពី​អ្នក​ដែល « បាន​ប្រទេច​ផ្ដាសា​ដល់​ព្រះ ហើយ​ចង់​ស្លាប់​ទៅវិញ » ប៉ុន្ដែ​គឺជា​អ្នក​ដែល « ទោះជា​យ៉ាងណា​ក៏ដោយ គង់តែ … ប្រយុទ្ធ​ដោយ​ដាវ​ដើម្បី​ជីវិត​ពួកគេ​ដែរ » ( មរមន ២:១៤ ) ។

  20. « សូម​ទុកចិត្ត​ទ្រង់ » ទំនុក​តម្កើងល.រ. ៦៧ ។

  21. « មក មក ពួកបរិសុទ្ធ » ទំនុក​តម្កើង ល.រ. ១៨ ។ សូម​ពិចារណា​ផងដែរ ៖

    ឱ ! ប្រាជ្ញា និង​ក្តីស្នេហ៍​អស្ចារ្យ ។ …

    នោះ​រុងរឿង​សព្វ​ហើយ​ណា

    នោះ​រុងរឿង​សព្វ​ហើយ​ណា​មាន​ទាំង​យុត្តិធម៌​មេត្តា​ធម៌

    ក្នុង​ភាពសុខសាន្ត​អស្ចារ្យ !

    ( « ឱ! ប្រាជ្ញា និង​ក្តីស្នេហ៍​ដ៏អស្ចារ្យ » ទំនុក​តម្កើងល.រ. ១១៧ ) ។

    នៅ​កណ្ដាល​ភាពមិន​ប្រាកដប្រជា​នៃ​ជីវិត យើង​ដឹង​ថា ការរចនា​ដ៏ធំ​នៃ​ការប្រោសលោះ​នឹង​នាំមក​នូវ​សេចក្ដី​យុត្តិធម៌ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា ដែល​រួមផ្សំគ្នា​សម្រាប់​សេចក្ដីល្អ​ដល់​យើង ។

  22. សូមមើល អូបាឌា ១:២១ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន ៖ « តើ​ពួកគេ [ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ] បាន​ក្លាយជា​អ្នកសង្គ្រោះ​នៅលើ​ភ្នំ​ស៊ីយ៉ូន​យ៉ាង​ដូចម្ដេច ? ដោយសារ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ការសាងសង់​អាង​ជ្រមុជ​ទឹក​របស់​ពួកគេ ហើយ​ទៅមុខ និង​ទទួល​បាន​ពិធីបរិសុទ្ធ​ទាំងអស់ … ជំនួស​ឲ្យ​ជីដូន​ជីតា​របស់​ពួកគេ​ទាំងអស់ ដែល​បាន​ស្លាប់​ទៅ​ហើយ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៧៣ ) ។

  23. សមាជិក​ដែល​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង អាច​ទិញ​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​ក្នុង​តម្លៃ​ថោក​គួរឲ្យ​កត់​សម្គាល់ ។

  24. រ័សុល អិម ណិលសុន « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៤ ។