សន្និសីទទូទៅ
ទីបន្ទាល់​ពី​ព្រះយេស៊ូវ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


14:21

ទីបន្ទាល់​ពី​ព្រះយេស៊ូវ

ការអញ្ជើញ​របស់​ខ្ញុំ​គឺ​សុំ​ធ្វើ​សកម្មភាព​ឥឡូវ​នេះ ដើម្បីចាប់​កន្លែង​របស់​បងប្អូន ជា​អ្នក​ដែល​មាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ។

នៅ​ឆ្នាំ ១៨៣២ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បាន​ទទួល​ការនិមិត្ត​ដ៏​អស្ចារ្យ​មួយ​អំពី​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​នៃ​បុត្រា​បុត្រី​របស់​ព្រះ ។ វិវរណៈ​នេះ​និយាយ​អំពី​នគរ​ស្ថានសួគ៌​ទាំង​បី ។ ប្រធាន ដាល្លិន អេក អូក បាន​ថ្លែងអំពី « នគរ​នៃ​សិរីល្អ » ទាំង​នេះ កាលពី​ខែ​តុលា​កន្លង​ទៅ ដោយ​កត់សម្គាល់​ថា « តាមរយៈ​ជ័យជម្នះ និង​សិរីល្អ​នៃ​កូនចៀម » មនុស្ស​ទាំងអស់ លើកលែង​តែ​បុគ្គល​មួយ​ចំនួន​តូច ត្រូវ​បាន​ប្រោសលោះ​ទៅ​ក្នុង​នគរ​មួយ​ក្នុង​ចំណោម​នគរ​ទាំង​នេះ​នៅ​ទី​បំផុត « ស្រប​តាម​បំណងប្រាថ្នា​ដែល​បង្ហាញ​តាមរយៈ​ការជ្រើសរើស​របស់​ពួកគេ » ។ ផែនការ​នៃ​ការប្រោសលោះ​របស់​ព្រះ​គឺ​ជា​ឱកាសជា​សកល​មួយ​សម្រាប់​បុត្រា​បុត្រី​ទ្រង់​ទាំងអស់ មិនថា​ពេលណា​និង​ទីកន្លែង​ណា​ដែល​ពួកគេ​អាច​នឹង​រស់នៅ​លើ​ផែនដី​នេះទេ ។

ខណៈ​ដែល​សិរីល្អ​នៃ​នគរ​ដែល​ទាប​បំផុត​ក្នុង​ចំណោម​នគរ​ទាំងបី គឺ​នគរ​ទេឡេស្ទាល ក៏ « ហួស​លើស​ពី​អស់​ទាំង​យោបល់ » ដែរសេចក្ដី​សង្ឃឹម​របស់​ព្រះវរបិតា​យើង​គឺ​ថា យើង​នឹង​ជ្រើសរើស—ហើយ​តាមរយៈ​ព្រះគុណ​នៃ​ព្រះរាជបុត្រា​ទ្រង់ មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់—នគរ​ដ៏​ខ្ពស់​បំផុត និង​មាន​សិរីល្អ​បំផុត​គឺ​នគរ​សេឡេស្ទាល ជា​កន្លែង​ដែល​យើង​អាច​រីករាយ​នឹង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ជា « អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ​ផង » ។ ប្រធាន រ័សុល អិម ណិលសុន បាន​ជំរុញ​យើង​ឲ្យ « គិត​ដល់​សេឡេស្ទាល » ធ្វើ​ឲ្យ​នគរ​សេឡេស្ទាល​ជា​គោលដៅ​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ហើយ​បន្ទាប់​មក « ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ថា តើ​ការសម្រេចចិត្ត​នីមួយៗ [ របស់​យើង ] ខណៈ​នៅលើ​ផែនដី​នេះ នឹង​នាំ [ យើង ] ទៅ​កន្លែង​ណា​នៅ​ពិភពលោក​បន្ទាប់​ទៀត » ។

អស់​អ្នក​ដែល​នៅ​ក្នុង​នគរ​សេឡេស្ទាល​គឺ « ពួកគេ​នេះ​ហើយ​ដែល​បាន​ទទួល​ទីបន្ទាល់​ពី​ព្រះយេស៊ូវ … ពួកគេ​នេះ​ហើយ ដែលជា​មនុស្ស​សុចរិត ដែល​បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​តាម​រយៈ​ព្រះយេស៊ូវ​ដ៏​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​ថ្មី » ។ បណ្ដាជន​នៃ​នគរ​ទីពីរ ឬ​នគរ​ទេរេស្ទ្រាល ត្រូវបាន​ពិពណ៌នា​ថា​ល្អ​ខ្លាំង​ណាស់ រួមទាំង « មនុស្ស​មាន​កិត្តិយស​នៅ​លើ​ផែនដី ដែល​ខ្វាក់​ដោយ​សារ​ឧបាយកល​នៃ​មនុស្ស »។ ចរិត​លក្ខណៈ​កំណត់​ចម្បង​របស់​ពួកគេ គឺ​ថា​ពួកគេ « ពុំ​ក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ទេ ។ ផ្ទុយ​ទៅ​វិញ ពួកអ្នក​ដែល​ស្ថិត​នៅ​ក្នុង​នគរ​ដែល​ទាបជាង គឺ​នគរ​ទេឡេស្ទាល ជា​អ្នក​ដែល « ពុំ​បាន​ទទួល​ដំណឹងល្អ ឬ​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ឡើយ ។

សូម​កត់សម្គាល់​ថា លក្ខណៈ​ញែកដាច់​សម្រាប់​បណ្ដាជន​នៃនគរ​នីមួយៗ គឺ​ទាក់ទង​ទៅ​នឹង « ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ដែល​មាន​តាំង​ពី (១) ការលះបង់​អស់​ពី​ចិត្ត រហូតដល់ (២) គ្មាន​ភាពក្លាហាន ហើយ (៣) វបដិសេធ​ដាច់ខាត​តែម្ដង ។ អនាគត​ដ៏​អស់កល្ប​ជានិច្ច​របស់​មនុស្ស​ម្នាក់​គឺ​ផ្អែក​លើ​ប្រតិកម្ម​របស់​គាត់​ចំពោះ​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​នោះ​ឯង ។

I.

តើ​អ្វី​ទៅ​ជា​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ?

វា​គឺ​ជា​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ទ្រង់​ជា​ព្រះរាជ​បុត្រា​ដ៏​ទេវភាព​នៃ​ព្រះ ជា​ព្រះមែស៊ី និង​ព្រះប្រោសលោះ ។ វា​ជា​ទីបន្ទាល់​របស់​យ៉ូហានដែល​ថា ព្រះយេស៊ូវ​នៅ​ជាមួយ​ព្រះ​តាំងពី​ដើម​ដំបូង ហើយថា​ទ្រង់​ជា​អង្គ​បង្កបង្កើត​ស្ថានសួគ៌ និង​ផែនដី ហើយថា « នៅ​ក្នុង​ទ្រង់​មាន​ដំណឹងល្អ ហើយ​ដំណឹងល្អ​គឺជា​ជីវិត ហើយ​ជីវិត​នោះ​គឺជា​ពន្លឺ​នៃ​មនុស្ស​លោក » ។ វា​គឺ​ជា « ទីបន្ទាល់​របស់​ពួក​សាវក​និង​ព្យាការី … ថា​ទ្រង់​បានសុគត បាន​បញ្ចុះ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​ម្តងទៀត​នៅថ្ងៃ​ទី​បី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌ » ។ វា​គឺ​ជា​ចំណេះដឹង​ថា « គ្មាន​នាម​ឯណា​ផ្សេង​ទៀត​ទេ ដែល​អាច​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ » ។ វា​គឺ​ជា « ទីបន្ទាល់​ចុង​ក្រោយ​បង្អស់ » ដែលព្យាការី យ៉ូសែប ស្ម៊ីធ បាន​ផ្ដល់​ឲ្យ « ថា​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ! … ថា​ទ្រង់​គឺជា​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះវរបិតា—ថា​ដោយសារ​ព្រះអង្គ និង​តាមរយៈ​ព្រះអង្គ ហើយ​ពី​ព្រះអង្គ នោះ​ពិភពលោក ទាំងឡាយ​មាន​ឡើង ហើយ​បាន​បង្កើត​មក ហើយ​បណ្ដាជន​នៅ​ទី​នោះ​គឺជា​បុត្រា​បុត្រី​បង្កើត​ចំពោះ​ព្រះ » ។

II.

ក្រៅ​ពី​ទីបន្ទាល់​នេះ​គឺ​ជា​សំណួរ​ថា ៖ តើ​យើង​ធ្វើ​អ្វី​ខ្លះ​អំពី​ទីបន្ទាល់​នោះ ?

អ្នក​ទទួល​មរតក​នៃ​នគរ​សេឡេស្ទាល « ទទួល » ទីបន្ទាល់អំ​ពី​ព្រះយេស៊ូវ​ក្នុង​ន័យ​ពេញលេញ​បំផុត ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការយកឈ្នះ​ដោយ​សេចក្ដី​ជំនឿ ។ គោលការណ៍ និង​សេចក្ដីពិត​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គ្រប់គ្រងលើ​អាទិភាព និង​ជម្រើស​របស់​ពួកគេ ។ ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គឺ​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​អ្វី​ដែល​ពួកគេ​មាន និង​អ្វី​ដែល​ពួកគេ​កំពុង​ប្រែ​ក្លាយ ។ ការជំរុញទឹកចិត្ត​របស់​ពួកគេ​គឺ​ជា​សេចក្ដី​សប្បុរស ជា « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។ ការផ្តោត​របស់​ពួកគេ​គឺ​ទៅលើ​ការស្វែងរក « ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ » ។

យ៉ាង​ហោច​ណាស់ មាន​អ្នក​ខ្លះ​ដែល​នឹង​នៅ​ក្នុង​នគរ​ទេរេសទ្រាល​ក៏​ទទួល​យក​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​ដែរ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​សម្គាល់​ដោយ​អ្វី​ដែល​ពួកគេ មិន បាន​ធ្វើអ្វី​អំពី​ទីបន្ទាល់​នោះ ។ ការគ្មាន​ភាពក្លាហាន​ជា​សាក្សី​អំពី​ព្រះអង្គ​សង្រ្គោះ​ប្រាប់​ពី​កម្រិត​នៃ​ស្មារតី​ស្ពឹក​ស្រពន់ ឬ​ភាពមិនអើពើ—គឺ « ស្ទើរៗ »—ជា​ឧទាហរណ៍ គឺ​ផ្ទុយពី​ប្រជាជន​អាំម៉ូន​ក្នុង​ព្រះគម្ពីរ​មរមន​ដែល « ត្រូវ​បាន​ញែកចេញ ដោយ​ព្រោះ​គេ​មាន​ចិត្ត​ឧស្សាហ៍​ដល់​ព្រះ » ។

បណ្ដាជន​នៃ​នគរ​ទេឡេស្ទាល​ជា​អ្នក​ដែល​បដិសេធ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ព្រម​ជាមួយ​ដំណឹងល្អ សេចក្ដីសញ្ញា និង​ព្យាការី​របស់​ទ្រង់​ផង ។ ពួកគេ​ត្រូវបាន​ពិពណ៌នា​ដោយ​អ័ប៊ីណាដៃ​ថា « បាន​ធ្វើ​តាម​ចំណង់ និង​ការប៉ង​ប្រាថ្នា​ខាង​រូបកាយ​របស់​គេ​ផ្ទាល់ ដោយ​ពុំ​ដែល​អំពាវនាវ​ដល់​ព្រះអម្ចាស់ នៅ​ពេល​ដែល​ព្រះពាហុ​ដ៏​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា លូក​មក​រក​គេ ដ្បិត​ព្រះពាហុ​ដ៏​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា​បាន​លូក​មក​រក​គេ តែ​គេ​ពុំ​ចង់​បាន​ឡើយ » ។

III.

តើ​ភាព​ក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​មាន​ន័យ​ដូចម្តេច ?

មាន​លទ្ធភាព​មួយ​ចំនួន​ដែល​អាច​ពិចារណា​ក្នុង​ការឆ្លើយ​សំណួរ​នេះ ។ ខ្ញុំ​នឹង​លើក​ឡើង​ពីរបី​ចំណុច ។ ការមាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់អំ​ពី​ព្រះយេស៊ូវ​ រួមមាន​ទាំង​ការចិញ្ចឹម​បីបាច់ និង​ការពង្រឹង​ទីបន្ទាល់​នោះ​យ៉ាង​ពិតប្រាកដ ។ សិស្ស​ពិត​ប្រាកដ យកចិត្ត ទុកដាក់​នឹង​រឿង​តូចតាច​ដែល​គាំទ្រ និង​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ ដូចជា​ការអធិស្ឋាន ការសិក្សា​ពី​ព្រះគម្ពីរ ការគោរព​ថ្ងៃ​ឈប់​សម្រាក ការទទួលទាន​សាក្រាម៉ង់ ការប្រែចិត្ត ការងារបម្រើ និង​ការថ្វាយបង្គំ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ ប្រធាន ណិលសុន រំឭក​យើង​ថា « ដោយ​ល្បឿន​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នេះ បើ​មិន​បីបាច់​ទីបន្ទាល់ ‹ ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ › ជារៀង​រាល់​ថ្ងៃ​ទេ [ មរ៉ូណៃ ៦:៤ ] វា​អាច​វិនាស​បាន ។ ដូច្នេះ … យើង​ត្រូវការ​បទពិសោធន៍​នៃ​ការថ្វាយ​បង្គំ​ព្រះអម្ចាស់ និង​ការសិក្សា​ដំណឹងល្អ​របស់​ទ្រង់​ជារៀង​រាល់ថ្ងៃ » ។ លោក​បានបន្ត​ទៀតថា « ខ្ញុំសូម​អង្វរ​បងប្អូន​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​បងប្អូន ។ សូម​ថ្វាយ​ពេលវេលា​របស់​បងប្អូន​ទៅ​ទ្រង់​ឲ្យ​បាន​សមរម្យ ។ កាល​បងប្អូន​ធ្វើ​ដូច្នោះ សូម​កត់សម្គាល់​អំពី​អ្វី​ដែល​នឹង​កើតឡើង​ដល់​សន្ទុះ​វិជ្ជមាន​ខាង​វិញ្ញាណ​របស់​បងប្អូន » ។

ការមាន​ភាពក្លាហាន​ក៏​បាន​បង្ហាញ​ពី​ការបើក​ចំហ ជា​សាធារណៈ​អំពី​ការធ្វើ​ជា​សាក្សី​របស់​មនុស្ស​ម្នាក់​ផងដែរ ។ នៅ​ក្នុង​ពិធី​បុណ្យ​ជ្រមុជទឹក យើង​បញ្ជាក់​ពី​ឆន្ទៈ​របស់​យើង​ដើម្បី « ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទីកន្លែង ដែល [ យើង ] រាល់​គ្នា​បាន​នៅ រហូត​ដល់​ពេល​ស្លាប់ » ។ ជា​ពិសេស នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ យើង​ប្រកាស​ដោយ​អំណរ ជា​សាធារណៈ និង​ដោយ​មិន​សំចៃ​ទុក​នូវ​សាក្សី​របស់​យើង អំពី​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

ទិដ្ឋភាព​មួយ​នៃ​ការមាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ គឺ​ការស្តាប់​តាម​ពួកសារទូត​របស់​ទ្រង់ ។ ព្រះ​មិន​បង្ខំ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ផ្លូវ​ដ៏​ល្អប្រសើរ គឺ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នោះ​ទេ ប៉ុន្តែ​ទ្រង់​បង្គាប់​ពួកព្យាការី​របស់​ទ្រង់​ឲ្យ​ប្រាប់​យើង​ឲ្យ​បាន​ដឹង​យ៉ាង​ពេញលេញ​ពី​លទ្ធផល​នៃ​ជម្រើស​របស់​យើង ។ ហើយ​វា​មិនមែន​សម្រាប់​តែ​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់​នោះ​ទេ ។ តាម​រយៈ​ពួកព្យាការី និង​សាវក​របស់​ទ្រង់ ទ្រង់​បាន​អង្វរ​ដោយ​ក្ដី​ស្រឡាញ់​ដល់​មនុស្ស​ទាំងអស់​ក្នុង​ពិភពលោក​ឲ្យ​ស្តាប់​តាម​សេចក្ដីពិត​ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​សេរីភាព ដែល​នឹង​ការពារ​ពួកគេ​រួច​ពី​ទុក្ខ​លំបាក​ដែល​មិន​ចាំបាច់ ហើយ​នាំ​ឲ្យ​ពួកគេ​មាន​អំណរ​ជានិច្ច ។

ការមាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​មាន​ន័យ​ថា ជា​ការលើក​ទឹកចិត្ត​ដល់​អ្នក​ដទៃ ទាំង​តាម​ពាក្យ​សម្ដី និង​គំរូ ឲ្យ​មាន​ភាពក្លាហាន​ដូចគ្នានេះដែរ ជាពិសេស​ចំពោះ​អ្នក​នៅក្នុង​ក្រុម​គ្រួសារ​យើង​ផ្ទាល់ ។ អែលឌើរ នែល អេ ម៉ាកស្វែល ធ្លាប់​បាន​ថ្លែង​ទៅកាន់ « សមាជិក ‹ ដ៏​មាន​កិត្តិយស › [ នៃ​សាសនាចក្រ ] ដែល​អណ្តែត​ខ្លួនតែនៅ​លើ​ផ្ទៃ​ខាងលើ ពុំ​ព្រម ជ្រមុជ​ខ្លួន​ក្នុង ភាពជាសិស្ស ឲ្យកាន់តែ​ស៊ីជម្រៅ ហើយជា​អ្នក​ដែល​ចូលរួម​ធម្មតាៗ ជាជាង ‹ ឧស្សាហ៍ក្នុងការ​ចូលរួម › [ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦:៧៥៥៨:២៧ ]ដោយ​កត់សម្គាល់​ថា មនុស្ស​ទាំងអស់​មាន​សេរីភាព​ក្នុង​ការជ្រើសរើស អែលឌើរ ម៉ាកស្វែល បាន​ទួញសោក​ថា ៖​« ជា​អកុសល ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​អ្នក​ខ្លះ​ជ្រើសរើស​យក​ភាពខ្ជិល​ច្រអូស នោះ​ពួកគេពុំមែន​កំពុង​ជ្រើសរើស សម្រាប់តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ជំនាន់​ក្រោយៗ​ទៀត​ផងដែរ ។ ការប្រើប្រាស់​ភាសា​មិន​ច្បាស់​បន្ដិចបន្ដួច របស់​ឪពុក​ម្ដាយ​អាច​នាំ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​ខ្លាំង​ចំពោះ​កូនៗ​របស់​ពួកគេ ! មនុស្ស​ជំនាន់​មុន នៅក្នុង​គ្រួសារ​អាច​បាន​គិត​ដល់​ការឧទ្ទិស​ថ្វាយ ខណៈ​មនុស្ស​មួយ​ចំនួន​នៅ​ជំនាន់​បច្ចុប្បន្ន​បង្ហាញ​ពី​ការមិន​យល់​ច្បាស់ ។ ជា​ការណ៍​គួរ​ឲ្យ​សោកស្ដាយ នៅក្នុង​ជំនាន់​ក្រោយ​ទៀត មនុស្ស​មួយ​ចំនួន​អាច​រើស​យក​ការទាស់​ទែង​គ្នា​ដោយសារ​វា​ត្រូវ​ច្រេះ​ស៊ី​ខ្លាំង » ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ អែលឌើរ ចន អេច ហ្គ្រូប៊ើក បាន​ប្រាប់​ពី​ដំណើររឿង​របស់​គ្រួសារ​វ័យ​ក្មេង​មួយ ដែល​រស់នៅ​ក្នុង​សាខា​តូច​មួយ​ក្នុង​រដ្ឋ​ហាវ៉ៃ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩០០ ។ ពួកគេ​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ​អស់​រយៈពេល​ប្រហែល​ពីរ​ឆ្នាំ នៅ​ពេល​កូនស្រី​ម្នាក់​របស់​ពួកគេ​ធ្លាក់​ខ្លួន​ឈឺ​ដោយ​ជំងឺ​ដែល​មិន​ដឹង​រោគសញ្ញា​មួយ ហើយ​ត្រូវ​ដេក​នៅ​មន្ទីរពេទ្យ ។ នា​ថ្ងៃ​អាទិត្យ​មួយ​នៅ​ព្រះវិហារ ឪពុក និង​កូនប្រុស គាត់​បាន​រៀបចំ​ពិធី​សាក្រាម៉ង់​ដូច​សព្វមួយដង ប៉ុន្តែ​កាល​ដែល​ឪពុក​វ័យ​ក្មេង​រូប​នោះ​បាន​លុត​ជង្គង់​ដើម្បី​ប្រសិទ្ធពរ​ដល់​នំប៉័ង នោះ​ប្រធាន​សាខា​បាន​ដឹង​ភ្លាម​ថា​ជា​នរណា​នៅឯ​តុ​សាក្រាម៉ង់​នោះ ក៏​បាន​ក្រោក​ឡើង​ភ្លាម ហើយ​ស្រែក​ថា « ឈប់ ។ ប្អូន​មិន​អាច​ប៉ះ​សាក្រាម៉ង់​នេះ​បាន​ទេ ។ កូនស្រី​របស់​ប្អូន​មាន​ជំងឺ​ដែល​មិន​ដឹង​រោគសញ្ញា ។ សូម​ចេញ​ទៅ​ភ្លាម ទុក​ឲ្យ​អ្នក​ផ្សេងទៀត​រៀបចំ​សាក្រាម៉ង់​សារជាថ្មី ។ យើង​មិន​អាច​ឲ្យ​ប្អូន​នៅ​ទីនេះ​បាន​ទេ ។ ទៅចុះ ! » ដោយ​ស្រឡាំងកាំង ឪពុក​រូបនោះបាន​សម្លឹង​មើល​ទៅ​ប្រធានសាខា និងក្រុមជំនុំ ទាំងទទួល​អារម្មណ៏​ថប់ព្រួយ និង​ភាពអាម៉ាស់​យ៉ាងខ្លាំង​ពី​មនុស្ស​ទាំងអស់ ក៏បាន​ធ្វើ​សញ្ញា​ទៅ​គ្រួសារ​គាត់ ហើយ​ពួកគេ​បាន​ចាកចេញ​ពី​រោងជំនុំ​ដោយ​ស្ងៀមស្ងាត់​ម្ដង​ម្នាក់ៗ ។

ពួកគេ​ពុំ​និយាយ​អ្វី​ឡើយ ដោយ​ទឹកមុខ​ស្រពាប់ស្រពោន គ្រួសារ​នោះ​បាន​ដើរ​តាម​ផ្លូវ​ទៅ​ផ្ទះ​តូច​របស់​ពួកគេ​វិញ ។ នៅ​ទីនោះ ពួកគេ​អង្គុយ​ជា​រង្វង់ ហើយ​ឪពុក​បាន​និយាយ​ថា « សូម​ស្ងាត់​រហូត​ដល់​ប៉ា​ត្រៀម​ខ្លួន​និយាយ​បាន » ។ កូនប្រុស​តូច​ឆ្ងល់​ថា​តើ​ពួកគេ​នឹង​ធ្វើ​អ្វី​ដើម្បី​សងសឹក​ចំពោះ​ភាពអាម៉ាស់​ដែល​ពួកគេ​បាន​ទទួល​នោះ ៖ តើ​ពួកគេ​នឹង​សម្លាប់​ជ្រូក​របស់​ប្រធាន​សាខា ឬ​ដុត​ផ្ទះ​របស់គាត់ ឬ​ក៏​ចូលរួម​ជាមួយ​ព្រះវិហារ​មួយទៀត ? ប្រាំ ដប់ ដប់ប្រាំ ម្ភៃប្រាំ​នាទី​បាន​កន្លង​ផុត​ទៅ​ដោយ​ស្ងៀមស្ងាត់ ។

កណ្ដាប់​ដៃ​ដែល​ពេញ​ដោយ​កំហឹង​របស់​ឪពុក​បាន​ចាប់ផ្តើម​រលា ហើយ​ទឹកភ្នែក​ចាប់ផ្ដើម​រលីង​រលោង ។ ម្ដាយ​ចាប់ផ្តើម​យំ ហើយ​មិនយូរ​ប៉ុន្មាន​កូន​ម្នាក់ៗ​បាន​យំ​ខ្សឹកខ្សួល ។ ឪពុក​បែរ​ទៅ​ភរិយា​គាត់ ហើយ​និយាយ​ថា « បង​ស្រឡាញ់​អូន » រួច​មក​និយាយ​ពាក្យ​ទាំង​នោះ​ឡើងវិញ​ទៅ​កាន់​កូន​ម្នាក់ៗ​របស់​ពួកគាត់ ។ « ប៉ា​ស្រឡាញ់​កូន​ទាំងអស់​គ្នា ហើយ​ប៉ា​ចង់​ឲ្យ​យើង​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត​ជា​គ្រួសារ​មួយ ។ ហើយ​វិធី​តែ​មួយ​គត់ ដែល​អាច​ធ្វើ​បាន គឺ​យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើ​ជា​សមាជិក​ដ៏​ល្អ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​ផ្សារភ្ជាប់​ដោយ​បព្វជិតភាព​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នេះ​ពុំមែន​ជា​សាសនាចក្រ​របស់​ប្រធាន​សាខា​ទេ ។ វា​គឺ​ជា​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ ។ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​បុរស ឬ​ការឈឺចាប់ ឬ​ការអាម៉ាស់ ឬ​ភាពឆ្មើងឆ្មៃ​ណា​មក​រារាំង​យើង​ពី​ការនៅ​ជាមួយ​គ្នា​ជា​រៀង​រហូត​ឡើយ ។ ថ្ងៃ​អាទិត្យ​ក្រោយ យើង​នឹង​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ។ យើង​នឹង​អង្គុយ​តែ​យើង រហូត​ដល់​យើង​ដឹង​ពី​ជំងឺ​កូនស្រី​យើង ប៉ុន្តែ​យើង​នឹង​ត្រឡប់​ទៅ​វិញ » ។

ពួកគេ​ពិតជា​បាន​ត្រឡប់​ទៅ​ព្រះវិហារ​វិញ​មែន កូនស្រី​របស់​ពួកគេ​បាន​ជា​សះ​ស្បើយ ហើយ​គ្រួសារ​ពួកគេ​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ នៅ​ពេល​ដែល​ព្រះវិហារ​បរិសុទ្ធ​នេះ​សាងសង់​រួចរាល់ ។ សព្វថ្ងៃ​នេះ ព្រលឹង​ជាង ១០០ នាក់ បាន​ហៅ​ឪពុក លោកតា និង​លោកតា​ទួត​របស់​ពួកគេ​ថា មានពរ ព្រោះ​គាត់​ផ្ដោត​លើ​ភាពអស់កល្ប​ជានិច្ច ។

ទិដ្ឋភាព​ចុងក្រោយ​នៃ​ការមាន​ភាពក្លាហាន​នៅក្នុង​ទីបន្ទាល់អំ​ពី​ព្រះយេស៊ូវ ដែល​ខ្ញុំ​នឹង​លើក​ឡើង គឺ​ការស្វែងរក​ភាពបរិសុទ្ធ​ផ្ទាល់ខ្លួន​របស់​យើង ។ ព្រះយេស៊ូវ​គឺជា​ព្រះអង្គ​ប្រោសលោះ​ដ៏សំខាន់​របស់​យើង ហើយ​ទ្រង់​អង្វរ​ថា « ចូរ​ប្រែចិត្ត​ចុះ ឱ​អ្នក​រាល់​គ្នា​នៅ​ចុង​ផែនដី​អើយ ហើយ​ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង​ចុះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា អាច​ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ​យើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ។

ព្យាការី​មរមន​ពិពណ៌នា​អំពី​ពួកបរិសុទ្ធ​មួយ​ក្រុម ដែល​បាន​ខិតខំ​ព្យាយាម​តាម​របៀប​នេះ ទោះបី​ជា « ត្រូវ​លុយ​កាត់​សេចក្ដី​ទុក្ខ​វេទនា​ជា​ច្រើន » ក្ដី

« ទោះ​ជា​យ៉ាង​ណា​គង់តែ​ពួកគេ​បាន​តម​អាហារ ហើយ​បាន​អធិស្ឋាន​ជា​ញឹកញាប់​ដែរ ហើយ​បាន​មុតមាំ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ភាពរាបសា​របស់​គេ ហើយ​បាន​រឹងប៉ឹង​ឡើងៗ​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នាំ​ឲ្យ​ចិត្ត​គេ​បាន​ពោរពេញ​ទៅ​ដោយ​អំណរ និង​ការលួងលោម​ចិត្ត មែន​ហើយ គឺ​រហូត​ដល់​ធ្វើ​ឲ្យ​ចិត្ត​គេ​បរិសុទ្ធ ហើយ​ញែក​ចិត្ត​គេ​ចេញ​ជា​បរិសុទ្ធ រីឯ​ការញែក​ចិត្ត​ចេញ​បរិសុទ្ធ​បាន​មក ដោយសារ​ពួកគេ​បាន​ថ្វាយ​ចិត្ត​ដល់​ព្រះ » ។ គឺ​ជា​ការផ្លាស់ប្ដូរ​ដ៏​ធំ​នៃ​ដួងចិត្ត​នេះ—ដែល​បន្ទន់​ដួងចិត្ត​យើង​ទៅតាម​ព្រះ ហើយ​បាន​កើត​ឡើង​វិញ​ខាង​វិញ្ញាណ​តាមរយៈ​ព្រះគុណ​របស់​ព្រះអង្គ​សង្រ្គោះ—ដែល​យើង​ស្វែងរក ។

ការអញ្ជើញ​របស់​ខ្ញុំ​គឺ​សុំ​ធ្វើ​សកម្មភាព​ឥឡូវ​នេះ ដើម្បីចាប់​កន្លែង​របស់​បងប្អូន ជា​អ្នក​ដែល​មាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ។ នៅពេល​ត្រូវការ​ការប្រែចិត្ដ ចូរ « កុំ​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការប្រែចិត្ត » ឡើយ ក្រែងលោ « វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត នោះ​រដូវ​ក្ដៅ​នឹង​កន្លង ហើយ​រដូវ​ច្រូតកាត់​បាន​ផុត​ទៅ ហើយ​ព្រលឹង​របស់​អ្នក​រាល់​គ្នា​មិនទាន់​បាន​សង្គ្រោះ​ឡើយ » ។ ចូរ​ខ្នះខ្នែង​ក្នុង​ការរក្សា​សេចក្ដី​សញ្ញា​របស់​បងប្អូន​ជាមួយ​ព្រះ ។ ចូរកុំ « អាក់អន់​ចិត្ត [ ដោយសារ ] ភាពតឹងរឹង​នៃ​ព្រះបន្ទូល » ឡើយ ។ ចូរ « ចងចាំ​ថា គួរតែ​រក្សា​ឈ្មោះ [ នៃ​ព្រះគ្រីស្ទ ] នេះ ចារិក​នៅ​ក្នុង​ដួងចិត្ត​របស់​អ្នក​ជានិច្ច …​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​[ អាច ]​ឮ ហើយ​ស្គាល់ សំឡេងដែល​នឹង​ហៅ​អ្នក​រាល់​គ្នា ព្រម​ទាំង ឈ្មោះដែល​ទ្រង់​នឹង​ហៅ​អ្នក​ដែរ » ។ ហើយ​នៅ​ទីបំផុត « តាំង​វា​នៅក្នុង​ដួងចិត្ត​របស់​អ្នក ដើម្បី​អ្នក​នឹង​ធ្វើ​នូវ​រឿង​ទាំងឡាយ​ដែល [ ព្រះយេស៊ូវ ] នឹង​បង្រៀន ហើយ​បញ្ជា​ដល់​អ្នក » ។

ព្រះវរបិតា​​យើង​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រ​របស់​ទ្រង់​ទាំងអស់ រីករាយ​នឹង​ជីវិត​អស់កល្ប​ជានិច្ច​ជាមួយ​ទ្រង់​នៅក្នុង​នគរ​សេឡេស្ទាល​របស់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​រងទុក្ខ បាន​សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ឲ្យ​វា​អាច​កើត​មានឡើង ។ ទ្រង់ « បាន​យាង​ឡើង​ទៅ​ឯ​ស្ថានសួគ៌ ហើយ​បាន​គង់នៅ​ខាង​ស្ដាំ​នៃ​ព្រះ ដើម្បី​សូម​ដល់​ព្រះវរបិតា​នូវ​សិទ្ធិ​នៃ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​ចំពោះ​កូន​ចៅ​មនុស្ស​លោក » ។ ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​ទាំងអស់​គ្នា​អាច​នឹង​ទទួល​បាន​ពរ ឲ្យ​មាន​ទីបន្ទាល់​ដ៏​សន្ធោសន្ធៅ​អំពី​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ចូររីករាយ និង​មាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​នោះ ហើយ​រីករាយ​នឹង​ផល​នៃ​ព្រះគុណ​របស់​ទ្រង់​ក្នុង​ជីវិត​យើង​ជា​បន្ត​បន្ទាប់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។