សន្និសីទទូទៅ
ព្រះវិហារ​បរិសុទ្ធ ព្រះដំណាក់​នៃ​ព្រះអម្ចាស់​កសាង​ច្រើន​នៅ​ទូទាំង​ផែនដី
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


13:56

ព្រះវិហារ​បរិសុទ្ធ ព្រះដំណាក់​នៃ​ព្រះអម្ចាស់​កសាង​ច្រើន​នៅ​ទូទាំង​ផែនដី

នៅពេល​បងប្អូន​មក​កាន់​ដំណាក់ដ៏បរិសុទ្ធ​ដោយ​ភាពសក្ដិសម និង​ការ​អធិស្ឋាន នោះ​បងប្អូន​នឹង​បំពាក់​ដោយ​ព្រះចេស្ដា​ទ្រង់ ។

តើ​អ្នក​មិន​ស្រឡាញ់​ពាក្យ​ដែល​យើង​ទើបតែ​ច្រៀង​ទេ​ឬអី ? « យើងនឹង​ពង្រឹង​អ្នក យាងមកជួយ​និង​ចម្រើន​កម្លាំង ជួយគាំទ្រ​អ្នក​ឲ្យ​ឈរ​… យើង​លើក​អ្នក​ដោយ​ព្រះហស្ត​ដ៏​សុចរិត ដ៏អស្ចារ្យ » ។ ព្រះអម្ចាស់​កំពុង​តែ​ពង្រឹង​រាស្ត្របរិសុទ្ធ​របស់​ទ្រង់​គ្រប់​វ័យ នៅពេល​ពួកគេ​មកកាន់​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ពី គីនស្សាសា ទៅ ហ្សូលីខូហ្វីន ដល់ ហ្វូគូអូកា ដល់ អូកលែន យុវវ័យ​កំពុង​មក​កកកុញ​ពេញ​អាង​ជ្រមុជ​ទឹក ផ្តួចផ្តើមចេញ​មកពី​គំនិត​ផ្ទាល់ខ្លួន​ពួកគេ ។ កន្លង​មក អ្នកធ្វើ​ពិធីបរិសុទ្ធ​ជាទី​ស្រឡាញ់​ភាគច្រើន​សុទ្ធ​តែ​សក់​ល្បាយ​អាចម៍​ខ្លា—ប៉ុន្ដែ​ឥឡូវ​មិន​ដូច្នោះ​ទៀត​ទេ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនាពេញម៉ោង ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម និង​ពួក​អ្នក​ត្រឡប់​មកពី​បេសកកម្ម​វិញ គឺ​ឈរនៅ​គ្រប់​ជ្រុង ។ យើងមាន​អារម្មណ៍​ឲ្យ​ទៅកាន់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​កាន់តែ​ខ្លាំងនៅ​ទូទាំង​ពិភពលោក ។

មួយ​ឆ្នាំ​កន្លងទៅ មិត្ត​ដែល​មាន​វ័យ ៩៥ ឆ្នាំជាទី​ស្រឡាញ់​របស់​គ្រួសារ​យើង រស់នៅ​ឆ្នេរ​ខាងកើត​នៃ​សហរដ្ឋ​អាមេរិក ដែល​ធ្លាប់​បាន​បង្រៀន​ដោយ​អ្នកផ្សព្វផ្សាយ​សាសនា​កាល​ពី ៧០ ឆ្នាំមុន បាន​និយាយ​ទៅ​កូនស្រី​គាត់​ថា « ម៉ាក់​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​កូន » ។

កូនស្រី​គាត់​បាន​ឆ្លើយ​ថា « បើ​អ៊ីចឹង​មែន ម៉ាក់​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​មុនសិន » ។

បុណ្យ​ជ្រមុជទឹក​របស់​ស្ត្រី​ចំណាស់​ម្នាក់

គាត់តប​ថា « អូខេ អ៊ីចឹង ម៉ាក់​ចង់​ជ្រមុជ​ទឹក » ។ គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ពីរ​បី​ថ្ងៃ​ក្រោយមក គាត់​បានចូល​ក្នុង​អាង​ជ្រមុជ​ទឹក​នៃ​ព្រះវិហារ​បរិសុទ្ធ​ដោយ​គារវភាព ។ ហើយ​កាលពី​ជាង​មួយ​ខែ​មុន គាត់​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់​របស់​គាត់​ផ្ទាល់ ។ « តម្រិះ និង​ព្រះចេស្តា​នៃ​ព្រះ​រីកសាយ​វិសុទ្ធ ស្បៃ​គ្រប​ដណ្តប់​ផែនដី​ចាប់ផ្តើម​រសាត់​ទៅ » ។

ស្ត្រី​ចំណាស់​នៅខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ<nb/>។

តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​ព្រះអម្ចាស់​ដឹកនាំ​ព្យាការី​របស់​ទ្រង់​ឲ្យ​សង់​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ យ៉ាង​ច្រើន​នៅ​ពេញ​ផែនដី នាពេល​ឥឡូវ​នេះដូច្នេះ ? ហេតុអ្វី នៅពេល​ដ៏​ជាក់លាក់​នេះទ្រង់​ប្រទាន​នូវ​ភាពចម្រុង​ចម្រើន​ដែល​ចាំបាច់​ដល់​ប្រជាជននៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ ដើម្បីតាមរយៈ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដ៏​ពិសិដ្ឋ​របស់​ពួកគេ នោះ​យើង​អាច​សាងសង់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​បាន​រាប់​រយ​ដូច្នេះ ?

ព្រឹកនេះ ប្រធាន ដាល្លិន អេក អូក បាន​បង្ហាញ​នូវ​រូបភាព​ព្រះវិហារបរិសុទ្ធ​ដ៏​ស្រស់ស្អាត ដែលកំពុង​សាងសង់​នៅ​ទូទាំង​ពិភពលោក ។ ខេធី និង​ខ្ញុំ​បានទៅ​ប្រទេស​ហ្វីលីពីន​នាពេល​ថ្មីៗ​នេះ ។ សូម​គិត​អំពី​អព្ភូតហេតុ​នេះ ៖ ព្រះវិហារ​បរិសុទ្ធ​ម៉ានីល​ត្រូវបាន​ឧទ្ទិស​ឆ្លង​នៅ​ឆ្នាំ ១៩៨៤ ។ វា​មាន​រយៈពេល ២៦ ឆ្នាំ មុនពេល​ព្រះវិហារ​បរិសុទ្ធ​ទី​ពីរ​នៅ​ទីក្រុងសេប៊ូ បាន​សាងសង់​រួចរាល់​ក្នុង​ឆ្នាំ ២០១០ ។ ឥឡូវ​នេះ ១៤ ឆ្នាំ​ក្រោយ​មក ព្រះវិហារ​បរិសុទ្ធ​ចំនួន ១១ កំពុង​សាងសង់ រចនា​ឡើង ឬ​រៀបចំ​សម្រាប់​ការឧទ្ទិស​ឆ្លង ។ ពី​ទិស​ខាងជើង​ទៅ​ខាងត្បូង ៖ ឡៅអា ធូហ្គូហ្គារ៉ៅ សានទីអាហ្គោ អ៊ូដានេតា អាឡាបាង ណាហ្គា ថាក្លូបានស៊ីធី អ៊ីឡូអ៊ីឡូ បាខូឡូដ ខាហ្គាយ៉ានដឺអូរ៉ូ និង ដាវ៉ៅ ។ វា​អស្ចារ្យ​ណាស់​ដើម្បី​ឃើញ​កិច្ចការ​ដ៏​មហិមា​របស់​ព្រះ !

ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ នៅ​ប្រទេស​ហ្វីលីពីន<nb/>។

នៅ​ទូទាំង​ពិភពលោក ព្រះដំណាក់​របស់​ព្រះអម្ចាស់​កំពុង​ខិត​មក​កាន់តែ​ជិត​យើង ។ ហេតុអ្វី​នៅ​ជំនាន់យើង ?

ថ្ងៃ​ចុង​ក្រោយ

ព្រះអម្ចាស់​បាន​ព្រមាន​យើង​ថា នៅ​ថ្ងៃ​ចុងក្រោយ នឹង​មាន​ការទាស់ទែង​គ្នា​ក្នុង​ចំណោម​ប្រជាជាតិមនុស្ស​នឹង « ស្រឡាញ់​តែ​ខ្លួនឯង »គ្រប់​ទាំងអស់ [ នឹង ] នៅក្នុង​ស្ថានភាព​ចលាចល »ដួល​ក្នុង​ព្យុះ​នៃ​ការភាន់​ច្រឡំហើយ « មនុស្ស​លោក [ នឹង ] ស្រយុត​ចិត្ត » ។ យើង​ពិតជា​បាន​ឃើញ​ថា បុរស និង​ស្ត្រី​ស្រយុត​ចិត្ត​មែន ៖ ការទាក់ទាញ​ពី​ពិភពលោក ការរំខាន​នៃ​សំឡេង​ដ៏​ល្បួង ការធ្វេស​ប្រហែស​មិន​បាន​បីបាច់​ខាង​វិញ្ញាណ ភាពនឿយហត់​ពី​ការទាមទារ​នៃ​ភាពជា​សិស្ស ។ ប្រហែល​ជា​បងប្អូន​សោកសៅ នៅពេល​បងប្អូន​ឃើញ​នរណា​ម្នាក់​ដែល​បងប្អូន​ស្រឡាញ់ ធ្លាប់​បាន​និយាយ​ដោយ​ស្មោះត្រង់​អំពី​សេចក្ដី​ជំនឿ​របស់​គាត់​លើ​ព្រះយេស៊ូវ​គ្រីស្ទ ធ្លាប់​ធ្វើជា​សាក្សី​អំពី​ព្រះគម្ពីរ​មរមន ហើយអន្ទះសា​ចង់​ជួយ​កសាង​នគរ​នៃ​ព្រះ ដែល​ឥឡូវនេះ​ចាកចេញ​ពី​ជំនឿ​ខ្លួនមួយរំពេច ទៅរក​ភាពអសកម្ម​ក្នុង​សាសនាចក្រ ។ ដំបូន្មាន​របស់​ខ្ញុំ​ទៅកាន់​អ្នកគឺ កុំ​អស់​សង្ឃឹម​ឡើយ !​ គ្រប់យ៉ាង​គឺ​ស្រួល​ទាំងអស់ ។ គ្មាន​ការអ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​នោះទេ ។

ក្នុង​ការចលាចល និង​ការឥត​ជំនឿ​ដែល​បាន​ព្យាករ​ទុក​នៅក្នុង​ពិភពលោក​នេះ ព្រះអម្ចាស់​បាន​សន្យា​ថា នឹង​មានរាស្ត្រ​នៃ​សេចក្ដីសញ្ញា ជាមនុស្ស​ដែល​កំពុង​រង់ចាំ​ការយាង​ត្រឡប់​មក​វិញ​របស់​ទ្រង់ដោយ​អន្ទះសា មនុស្ស​ដែល​ឈរ​នៅក្នុង​ទីបរិសុទ្ធ ហើយ​មិន​បាន​រើ​ខ្លួន​ឡើយ ។ ទ្រង់​មាន​បន្ទូល​អំពី​ប្រជាជន​សុចរិត​មួយ ដែល​ទប់ទល់​នឹងការ​បញ្ឆោត​របស់​ពួក​មារសត្រូវ ដែល​មាន​វិន័យ​លើ​សេចក្ដី​ជំនឿ​របស់​ពួកគេ គិត​ដល់​សេឡេស្ទាល និង​ទុកចិត្ត​ទាំងស្រុង​លើ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ។

ហេតុអ្វី​ព្រះអម្ចាស់​កំពុង​នាំ​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​រាប់​រយ​មក​កាន់តែ​ជិត​យើង​នៅពេល​ឥឡូវ​នេះ ? មូលហេតុ​មួយគឺ​ថា នៅក្នុង​ចំណោម​ចលាចល និង​ការល្បួង​ក្នុង​លោកិយ ទ្រង់​បាន​សន្យា​ថា​នឹង​ពង្រឹង និង​ប្រទានពរ​ដល់​ពួកបរិសុទ្ធ​នៃ​សេចក្ដីសញ្ញា​របស់ទ្រង់ ហើយ​សេចក្ដី​សន្យា​របស់​ទ្រង់​កំពុង​តែ​ត្រូវបាន​បំពេញ ។

សេចក្តី​សន្យា​ទាំងឡាយ​មកពី​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

តើ​ព្រះដំណាក់​ដ៏​បរិសុទ្ធ​ទាំងនេះ​ពង្រឹង លួងលោម និង​ការពារ​យើង​យ៉ាង​ដូចម្តេច ? យើង​រកឃើញ​ចម្លើយ​មួយនៅក្នុង​ការអង្វរករ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុង​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ។ គឺ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នេះ​ឯង​ដែល​ពួកបរិសុទ្ធ​បាន​ច្រៀង​ជា​លើក​ដំបូង​ថា « យើង​ច្រៀង​ហើយ​យើង​នឹង​ស្រែក​ទ្រហោ​នឹង​ពល​ស្ថានសួគ៌ » ។ ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​ទ្រង់​បាន​បង្ហាញ​ព្រះកាយ ហើយ​ពួក​ព្យាការី​ជំនាន់​ដើម​បាន​ត្រឡប់​មក​វិញ ផ្ដល់​កូនសោ​នៃ​បព្វជិតភាព​បន្ថែម​មកកាន់​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

នៅក្នុង​ឱកាស​ដ៏​ពិសិដ្ឋ​នោះ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ព្យាការី​បាន​អធិស្ឋាន​ថា នៅក្នុង​ព្រះដំណាក់​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ពួកបរិសុទ្ធ​នឹង​ប្រដាប់​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ថា​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដាក់​នៅលើ​ពួកគេ ថា​ពួកទេវតា​របស់​ទ្រង់​ថែរក្សា​ពួកគេ ហើយ​ថា​ពួកគេ​អាច​បាន​ធំ​ឡើង​ក្នុង​ទ្រង់ ហើយ​« ទទួល​នូវ​ភាពពោរពេញ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ ការអង្វរករ​ដ៏​មាន​អានុភាព​ទាំងនេះ​ត្រូវបាន​បំពេញ​នៅក្នុង​ជីវិត​យើង នៅពេល​យើង​ថ្វាយ​បង្គំ​ដោយ​ស្មោះត្រង់​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។

ប្រដាប់​ដោយ​ព្រះចេស្តា

នៅក្នុង​ដំណាក់​របស់​ទ្រង់ យើង​ពិតជា​ទទួល​បាន​អំណាច​សួគ៌ា​មែន ។ សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ត្រូវ​បាន​បញ្ជាក់ និង​ការពារ ។ យើង​ទទួល​បាន​ការធានា​ខាង​វិញ្ញាណ​អំពី​អត្តសញ្ញាណ​ដ៏​ពិត​របស់​យើង និង​គោលបំណង​នៃ​ជីវិត​នេះ ។ កាល​យើង​មាន​ចិត្ត​ស្មោះត្រង់ នោះ​យើង​ទទួល​បាន​ពរជ័យ​នៃ​ការការពារ​ពី​ការល្បួង និង​ការរំខាន​ទាំងឡាយ ។ យើង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ​នៅពេល​ទ្រង់​លើក​យើង​ចេញពី​ការលំបាក​របស់​យើង ។ យើង​ប្រដាប់​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ។

ព្រះនាម​របស់​ទ្រង់​នៅ​ក្នុង​ពួក​យើង

នៅក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ យើង​លើក​ដាក់​មកលើ​ខ្លួន​យើងនូវ​ព្រះនាម​របស់​ទ្រង់​កាន់តែ​ពេញលេញ ។ នៅពេល​យើង​ជ្រមុជ​ទឹក យើង​បង្ហាញពី​ជំនឿ​របស់​យើងទៅ​លើ​ទ្រង់ និង​ឆន្ទៈ​របស់​យើង​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ធ្វើ​ការសន្យា​ដ៏​ពិសិដ្ឋ​តាមរយៈ​សេចក្ដី​សញ្ញា​របស់​យើង​ដើម្បី​ធ្វើតាម​ទ្រង់​ជា​រៀង​រហូត ។

រូបភាព​ព្រះវិហារ​បរិសុទ្ធ ហ៊ីប៊ើរ វ៉ាលី យូថាហ៍

យុវវ័យ​នៃ​សាសនាចក្រ​នេះ​គឺ​អស្ចារ្យ​ណាស់ ។ នៅក្នុង​ពិភពលោក​ដ៏​ពិបាក​មួយ ពួកគេ​លើក​ដាក់​មកលើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ។ នៅ​ទីក្រុង​ហ៊ីបើរ រដ្ឋ​យូថាហ៍ ការប្រជុំ​ជា​សាធារណៈ​មួយ​បាន​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​អំពី​ព័ត៌មាន​លម្អិត​នៃ​ព្រះវិហារ​បរិសុទ្ធ ដែល​គ្រោង​នឹង​សាងសង់ ។ យុវវ័យ​ចំនួន​បី​រយ​នាក់​បាន​ឈរ​ពេញ​សួន​នៅ​ក្បែរ​នោះ ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ស្នើ​ឡើង​នេះ ។ យុវជន​ម្នាក់ ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​លើ​វេទិកា​បើក​ចំហ​មួយ ​ដោយ​ពន្យល់​យ៉ាង​ក្លាហាន​ថា « ខ្ញុំ​សង្ឃឹម​ថា​នឹង​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នេះ ។ [ ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ ] ខ្ញុំ​ឲ្យ​រក្សា​ខ្លួន​បាន​ស្អាតបាត និង​បរិសុទ្ធ » ។ យុវជន​ម្នាក់​ទៀត​បាន​រៀបរាប់​ថា ព្រះវិហារ​បរិសុទ្ធ​ជា​និមិត្តរូប​នៃ​ពន្លឺ និង​សេចក្តី​សង្ឃឹម ។ យុវជន និង​យុវនារី​នៃ​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក​កំពុង​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការឱប​ក្រសោប​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យុវវ័យ​កំពុងឈរ​ពាសពេញ​ឧទ្យាន នៅទីក្រុង ហ៊ីប៊ើរ

ទេវតា​នៅជាមួយ​នឹង​ពួកយើង

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ព្យាការី យ៉ូសែប បាន​អធិស្ឋាន​ថា « ពួកទេវតា [ នឹង ] ថែរក្សា [ ពួកបរិសុទ្ធ ] » ។វា​គឺជា​ជំនឿ​ដ៏​រឹងមាំ​របស់​ខ្ញុំ​ថា ពេលវេលា​ជា​បន្ត​បន្ទាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​យើង នឹង​នាំមក​នូវ​ការបញ្ជាក់​ដ៏​ផ្អែមល្ហែម និង​ប្រាកដ​ប្រជា​ថា ជីវិត​នៅតែ​បន្ត​ហួសពី​សេចក្ដី​ស្លាប់ ។

ទោះបីជា​បទពិសោធន៍ជាច្រើនរបស់​យើង​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​មាន​លក្ខណៈ​ពិសិដ្ឋ​ខ្លាំង ហើយ​មិន​អាច​ចែកចាយ​ជា​សាធារណៈ​ក្ដី ក៏​មាន​បទពិសោធន៍​មួយ​ចំនួន ដែល​យើង​អាច​ចែកចាយ​បាន​ដែរ ។ កាលពី​សែសិប​ឆ្នាំ​មុន ខណៈ​រស់នៅ​រដ្ឋ​ផ្លរីដា ខេធី និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង​អាត្លង់តា រដ្ឋ​ចចចា ។ នៅ​យប់​ថ្ងៃ ពុធ ទី ៩ ខែ ឧសភា ឆ្នាំ ១៩៨៤ នៅពេល​យើង​បាន​បញ្ចប់​សម័យ​ប្រជុំ​មួយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ មាន​អ្នកធ្វើ​ពិធីបរិសុទ្ធ​ម្នាក់​ដើរ​មក​រក​ខ្ញុំ ហើយ​សួរ​ថា តើ​ខ្ញុំ​មាន​ពេល​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​លាង​ជម្រះ​មួយ​បាន​ដែរ​ឬ​ទេ ។ ឈ្មោះ​របស់​បុគ្គល​ដែល​ខ្ញុំ​តំណាង​នោះ​គឺ​មិន​ធម្មតា​ទេ ។ ឈ្មោះ​របស់​គាត់​គឺ អេលីហ្សឺ សឺស៊ី ។

នៅ​ថ្ងៃ​បន្ទាប់ ព្រះវិហារ​បរិសុទ្ធ​មាន​ពេញ​ទៅ​ដោយ​ពួកបរិសុទ្ធ ។ កាល​ខ្ញុំ​ត្រៀមខ្លួន​ដើម្បី​ធ្វើ​អំណោយទាន​ពិសិដ្ឋ​លើក​ទី​ពីរ​នៅ​ថ្ងៃ​នោះ ខ្ញុំ​ទទួល​បាន​ឈ្មោះ​របស់​បុគ្គល​ដែល​ខ្ញុំ​នឹង​តំណាង​ឲ្យ ។ វា​គួរឲ្យ​ភ្ញាក់ផ្អើល ឈ្មោះ​នេះ​គឺជា​បុគ្គល​កាល​យប់​មិញ​គឺ​លោក អេលីហ្សឺ សឺស៊ី ។ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ កាល​អំណោយទាន​ពិសិដ្ឋ​នេះ​បាន​បញ្ចប់​ទៅ ។ ក្រោយមក​នៅ​រសៀល​នោះ ពេល​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខេធី បាន​ឃើញ​មិត្ត​វ័យ​ចំណាស់​ម្នាក់​នៃ​គ្រួសារ​របស់​យើង ឈ្មោះ​ថា បងស្រី ដូលី ហ្វែណានដេស ដែល​បច្ចុប្បន្ន​រស់នៅ​ទីក្រុង​អាត្លង់តា ។ ព្រោះ​គាត់​គ្មាន​សមាជិក​បុរស​ក្នុង​គ្រួសារ​​មក​ជាមួយ​នោះគាត់​បាន​សួរ​ថា តើ​ខ្ញុំ​អាច​ជួយ​ក្នុង​ការផ្សារភ្ជាប់​ឪពុក​របស់​គាត់ ទៅនឹង​ឪពុក​ម្តាយ​របស់​ឪពុក​គាត់​បាន​ដែរ​ឬ​ទេ ។ ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់ ។

នៅពេល​ខ្ញុំ​លុត​ជង្គង់​ចុះ​នៅ​ចុងទី​អាសនា​សម្រាប់​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ ខ្ញុំ​បាន​ឮ​ឈ្មោះ​នេះ​ម្តងទៀត ដែល​ឥឡូវ​នេះ បាន​ឆ្លាក់​ជាប់​នៅក្នុង​ចិត្ត​ខ្ញុំ គឺ​ឪពុក​របស់​គាត់ លោក អេលីហ្សឺ សឺស៊ី ។ ខ្ញុំ​ជឿ​ទាំងស្រុង​ថា បន្ទាប់ពី​ជីវិត​នេះ ខ្ញុំ​នឹង​ជួប ហើយ​ឱប​បុរស​ម្នាក់​នេះ ដែល​គេ​ស្គាល់​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​គាត់​ថា​ជា​លោក អេលីហ្សឺ សឺស៊ី ។

បទពិសោធន៍​របស់​យើង​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ភាគច្រើន នាំ​មកនូវ​ភាពសុខសាន្ដ​ដ៏​អំណរ និង​វិវរណៈដ៏ស្ងប់ស្ងាត់ ច្រើនជាង​ការអន្តរាគមន៍ ។ ប៉ុន្តែ​ត្រូវបាន​អះអាង​ថា ៖ ពួកទេវតា​ឃុំគ្រង​លើ​យើង !

ភាពពេញលេញ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវបាន​ប្រទាន​ដល់​យើង កាល​យើង​ត្រូវបាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ ។ ជារៀង​រាល់​សប្តាហ៍ នៅពេល​យើង​ទទួលទាន​នំប៉័ង និង​ទឹក​ដោយ​មាន​ភាពស័ក្ដិសម ហើយ​ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ​នោះយើង​ទទួល​បាន​ការសន្យា​ថា ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​គង់នៅ​ជាមួយ​យើង​ជានិច្ច ។ នៅពេល​យើង​មក​ដោយ​មាន​ដួងចិត្ត​ស្មោះស្ម័គ្រ​ចំពោះ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ជា​ទី​ដ៏​បរិសុទ្ធ​បំផុត​នៅលើ​ផែនដី​នេះ នោះ​យើង​បាន​ធំ​ឡើង​នៅក្នុង​ព្រះអម្ចាស់ ហើយ « ទទួល​នូវ​ភាពពោរពេញ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធនោះ​យើង​បាន​ពោរពេញ​ទៅ​ដោយភាព​សុខសាន្ដ និង​អំណរ និង​សេចក្ដី​សង្ឃឹម​ដែល​ពុំអាច​ពិពណ៌នា​បាន ។ យើង​ទទួល​បាន​កម្លាំង​ដើម្បី​បន្ដ​នៅ​ជា​ពួកសិស្ស​របស់​ទ្រង់ នៅពេល​យើង​នៅ​ខាង​ក្រៅ​កន្លែង​បរិសុទ្ធ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា « ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ដ៏​ប្រោសលោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ នឹង​ធ្វើកិច្ចការ​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​មួយ​ចំនួន​នៅ​ចន្លោះ​ពេល​នេះ និង​ពេល​ដែល​ទ្រង់​យាង​មក​ម្ដងទៀត ។ យើង​នឹង​ឃើញ​ការបង្ហាញ​ដ៏​អស្ចារ្យ​ថា ព្រះ​ជា​ព្រះវរបិតា និង​ …​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ធ្វើជា​អធិបតី​លើ​សាសនាចក្រ​នេះ​ដោយ​ភាពរុងរឿង និង​សិរីល្អ » ។ ការសង់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ជាច្រើន​នៅ​ពេញ​ផែនដី​នេះ គឺជា​កិច្ចការ​ដ៏​អស្ចារ្យ និង​ជា​សូចនាករ​ប្រកប​ដោយ​អព្ភូតហេតុ​មួយ ។

មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ បើ​យើង​អាច និង​មិន​ទាន់​បាន​ចូលរួម​ច្រើន​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ សូម​ឲ្យ​យើង​រក​ពេល​​បន្ថែម​ទៀត ដើម្បី​ថ្វាយបង្គំ​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​ឲ្យបាន​ទៀងទាត់ ។ សូម​យើង​អធិស្ឋាន​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​ដែល​ត្រូវបាន​ប្រកាស​ឲ្យយើង​អាច​ទិញ​បាន​អចលនទ្រព្យ​ទាំងនោះ ឲ្យ​រាជរដ្ឋាភិបាល​នឹង​អនុម័ត​លើ​ផែនការ ឲ្យ​អ្នកធ្វើការ​ដ៏​មាន​ទេពកោសល្យ​នឹង​ឃើញ​អំណោយទាន​របស់​ពួកគេ​រីកចម្រើន​ឡើង ហើយឲ្យ​ការឧទ្ទិស​ឆ្លង​ដ៏​ពិសិដ្ឋ​ទាំងនេះ​នឹង​នាំមក​នូវ​ការអនុម័ត​ពី​ស្ថានសួគ៌ និង​ការយាង​មក​របស់​ពួកទេវតា ។

សេចក្ដី​សន្យា​ទាំងឡាយ

ព្រះវិហារ​បរិសុទ្ធ​គឺ​មាន​ន័យ​ថា ដំណាក់​នៃ​ព្រះអម្ចាស់ ។ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា កាល​ដែល​បងប្អូន​មកកាន់​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ដោយ​ភាពស័ក្ដិសម និង​ប្រកប​ដោយ​ការអធិស្ឋាន នោះ​បងប្អូន​នឹង​ប្រដាប់​ដោយ​ព្រះចេស្ដា​ទ្រង់ ព្រះនាម​ទ្រង់​នឹង​លើកដាក់​មកលើ​បងប្អូន ពួកទេវតា​របស់​ទ្រង់​នឹង​ថែរក្សា​បងប្អូន ហើយ​បងប្អូន​នឹង​ធំ​ឡើងក្នុង​ពរជ័យ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះអម្ចាស់​បាន​សន្យា​ថា « មនុស្ស​គ្រប់រូប​ដែល​លះបង់​ចោល​អំពើបាប​ទាំងឡាយ​របស់​ខ្លួន ហើយ​មករក​យើង ហើយ​អំពាវនាវ​ដល់​ព្រះនាម​របស់​យើង ហើយ​គោរព​តាម​សំឡេង​របស់​យើង ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​យើង នោះ​នឹង​បាន​ឃើញ​ព្រះភ័ក្រ្ត​របស់​យើង ហើយ​ស្គាល់​ថា​យើង​ជា​ព្រះ » ។ មាន​របៀប​ផ្សេងៗ​ជាច្រើន​ដើម្បី​បាន​ឃើញ​ព្រះភ័ក្រ្ដ​របស់​ព្រះគ្រីស្ទ ហើយ​គ្មាន​កន្លែង​ណា​ប្រសើរ​ជាង​ការនៅក្នុង​ព្រះដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ឡើយ ។

នៅ​ជំនាន់​នៃ​ការច្របូក​ច្របល់ និង​ការចលាចល​នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវិហារ​បរិសុទ្ធ​គឺជា​ព្រះដំណាក់​ដ៏​បរិសុទ្ធរបស់​ទ្រង់ ហើយ​នឹង​ជួយ​ថែរក្សា​យើង ការពារ​យើង ហើយ​រៀបចំ​យើង​សម្រាប់​ថ្ងៃ​ដ៏​រុងរឿង​នោះ នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​យាង​ត្រឡប់​មក​វិញ​ដោយ​មហិទ្ធិឬទ្ធិ ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏​អស្ចារ្យ ដោយ​មាន​ទេវតា​ដ៏​បរិសុទ្ធ​ទាំងអស់​​មក​ជាមួយ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. « គ្រឹះដ៏មាំមួន » ទំនុកតម្កើងលេខ ៣៧ ។​

  2. « ព្រះវិញ្ញាណ​នៃព្រះ » ទំនុក​តម្កើងល.រ. ២ ។

  3. បច្ចុប្បន្ន​នេះ មាន​ព្រះវិហារ​បរិសុទ្ធ​ដែល​កំពុង​ប្រតិបត្តិការ​ចំនួន ១៨២ ។ ព្រះវិហារ​បរិសុទ្ធ​ចំនួន​ប្រាំ​មួយ​កំពុង​ស្ថិត​ក្រោម​ការជួសជុល​ឡើងវិញ ។ ព្រះវិហារ​បរិសុទ្ធ​ចំនួន​​ប្រាំ​ពីរ​កំពុង​រង់ចាំ​ការឧទ្ទិស​ឆ្លង ហើយ​មាន​មួយ​ទៀត​កំពុង​រង់ចាំ​ការឧទ្ទិស​ឆ្លង​ឡើងវិញ ។ មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ៤៥ ដែល​កំពុង​សាងសង់ និង ៩៤ ទៀត​ដែល​បាន​ប្រកាស ឬ​នៅក្នុង​ដំណាក់កាល​រៀបចំ​ផែនការ និង​ការរចនា ។

  4. សូមមើល លូកា ២១:១០ ។

  5. ធីម៉ូថេ ទី២ ៣:២ ។

  6. គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:៩១ ។

  7. អែលឌើរ ដេវីឌ អេ បែដណា មាន​ប្រសាសន៍ ៖ « សម្រាប់​ខ្ញុំ និង​បងប្អូន គោលការណ៍​នៃ​ដំណឹងល្អ​គឺ​ដូចជា​ចង្កូត​សម្រាប់​សំពៅ ។ គោលការណ៍​ត្រឹមត្រូវ​ធ្វើឲ្យ​យើង​រកឃើញ​ផ្លូវ​របស់​យើង ហើយ​ឈរ​យ៉ាង​រឹងមាំ ខ្ជាប់ខ្ជួន និង​មិន​រង្គោះ​រង្គើ ដើម្បី​កុំ​ឲ្យ​យើង​បាត់បង់​លំនឹង​យើង ហើយ​ដួល​ក្នុង​ព្យុះ​នៃ​ភាពងងឹត និង​ការភាន់​ច្រឡំ​នៅ​ថ្ងៃ​ចុងក្រោយ​ដ៏​ឃោរឃៅ​នេះ » ( « The Principles of My Gospel » Liahonaខែ ឧសភា ឆ្នាំ ២០២១ ) ។

  8. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:២៦ ។

  9. « បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួនឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ » ( ម៉ាថាយ ១៦:២៤ ) ។

  10. សូមមើល លូកា ១:៣៧ ។

  11. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៧:៨ ។

  12. ទំនុក​តម្កើងល.រ. ២ ។

  13. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១១០ ពីមុន​គ្រានេះ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​បព្វជិតភាព​អើរ៉ុន​ ហើយ​កូនសោ​មកពី​យ៉ូហាន​បាទីស្ទ ហើយ​លោក​បាន​ទទួល​បព្វជិតភាព​មិលគីស្សាដែកនិង​ទទួល​កូនសោ​មកពី សាវក ពេត្រុស យ៉ាកុប និង​យ៉ូហាន​ ( សូមមើល Doctrine and Covenants ១៣:១; ២៧:១២–១៣) ។

  14. គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១៥ សូមមើលផងដែរ ខទី ២២ ។

  15. ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែងថា « ព្រះវិហារ​បរិសុទ្ធ​អាច​ជួយ​ក្នុង​ការខិតខំ​របស់​យើង​បាន ។ នៅ​ទីនោះ យើង​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ ដែល​ប្រទាន​សមត្ថភាព​ឲ្យ​យើង​អាច​យកឈ្នះ​លើ​សាតាំង ដែល​ជា​បិតា​នៃ​ការទាស់ទែង​គ្នា​ទាំងអស់​បាន » ( « ត្រូវការ​អ្នក​ដែល​ផ្សះផ្សា​គេ » លីអាហូណាខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ១០១ ) ។

  16. សូមមើល រ័សុល អិម ណិលសុន « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  17. អែលឌើរ Colin Stauffer, personal correspondence, ថ្ងៃទី ៣០ ខែ​មករា ឆ្នាំ ២០២៤ ។

  18. គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:២២

  19. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៧៧, ៧៩

  20. គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១៥ ។

  21. សូមមើល រ៉ូម ១៥:១៣

  22. រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our LivesLiahonaខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ។

  23. ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍​ថា « យើង​នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​រាប់រយ និង​បុរស​ស្ដ្រី​រាប់ពាន់​នាក់​ដែល​ធ្វើការ​នៅ​ទីនោះ សម្រាប់​អស់​អ្នក​ដែល​បាន​ដេក​លក់ ដែល​មិន​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ការស្តាប់ និង​គោរព​តាម​ដំណឹងល្អ » ( Teaching of the Presidents of the Church: Brigham Young [ ឆ្នាំ ១៩៧៧ ] ទំព័រ ៣១២ ) ។ ហើយ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ថ្លែង ៖ « បុព្វការីជន​របស់​យើង​បាន​ព្យាករ​ថា ព្រះវិហារ​បរិសុទ្ធ​នឹង​ដាក់​ពង្រាយ​នៅ​អាមេរិក​ខាងជើង និង​ខាងត្បូង តាម​បណ្តា​កោះ​នៅ​ប៉ាស៊ីភិច អឺរ៉ុប និង​កន្លែង​ផ្សេងៗ​ទៀត ។​​ ប្រសិនបើ​កិច្ចការ​នៃ​ការប្រោសលោះ​នេះ​ត្រូវ​ធ្វើ​ឡើង​ដាច់ខាត នោះ​នឹង​ត្រូវការ​ព្រះវិហារ​បរិសុទ្ធ​រាប់រយ » ( The Teaching of Ezra Taft Benson [ឆ្នាំ ១៩៨៨ ] ទំព័រ ២៤៧ ) ។

  24. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១

  25. អែលឌើរ ដេវីឌ ប៊ី ហេត បាន​មាន​ប្រសាសន៍ ៖

    « វា​ជាការ​ពិត​ថា មាន​មនុស្ស​មួយចំនួន​ពិត​ជា​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ ប៉ុន្តែ​នៅពេល​មើល​ពាក្យ​នៅក្នុង​វចនានុក្រម គាត់បាន​រៀន​ថា​មាន​អត្ថន័យ​ច្រើន​ផ្សេងទៀត ចំពោះ​ពាក្យ ឃើញនេះ ដូចជា​ការមក​ស្គាល់​ទ្រង់ ការញែក​ដឹងពី​ទ្រង់ ការទទួល​ស្គាល់​ទ្រង់ និង​កិច្ចការ​របស់​ទ្រង់ ការយល់ដឹង​អំពី​សារៈសំខាន់​របស់​ទ្រង់ ឬ​ការបាន​យល់ដឹង​អំពី​ទ្រង់ ។

    ការបំភ្លឺ និង​ពរជ័យ​ពី​សួគ៌ា​បែបនោះ​មាន​សម្រាប់​យើង​ម្នាក់ៗ » ( « Temples and Work ThereinEnsignខែ វិច្ឆិកា ឆ្នាំ ១៩៩០ ទំព័រ ៦១ ) ។