នៅក្នុងការគាំទ្រនៃជំនាន់ដែលកំពុងពេញវ័យ
វាគឺជាទំនាក់ទំនងក្នុងជីវិតរបស់យុវវ័យនោះឯង ដែលមានឥទ្ធិពលខ្លាំងបំផុតទៅលើការជ្រើសរើសរបស់ពួកគេ ។
ពេលត្រៀមខ្លួនដើម្បីថ្លែងទៅកាន់បងប្អូន ខ្ញុំចាប់អារម្មណ៍ទៅលើដំណើររឿងរបស់ ហេលេមិន និងពួកកូនកំលោះរបស់ប្រជាជនអាំម៉ូន ។ ខ្ញុំទទួលអារម្មណ៍ពីអានុភាពនៃព្យាការីក្នុងព្រះគម្ពីរមរមនដែលបង្រៀនឪពុកម្ដាយ ប៊ីស្សព និងសមាជិកវួដតាមរយៈការសិក្សាអំពីដំណើររឿងនេះ ។
ហេលេមិនគឺជាបុរសម្នាក់ដែលពួកសាសន៍អាំម៉ូនវ័យក្មេងអាចទុកចិត្តបាន ។ លោកបានជួយពួកគេឲ្យអភិវឌ្ឍ និងមានភាពចាស់ទុំក្នុងសេចក្តីសុចរិត ។ ពួកគេបានស្គាល់ និងស្រឡាញ់លោក ហើយ « ចង់ឲ្យ [ លោក ] ធ្វើជាមេដឹកនាំរបស់គេ » ។
ហេលេមិន ស្រឡាញ់យុវជនទាំងនេះដូចជាកូនប្រុស ហើយបានមើលឃើញសក្តានុពលរបស់ពួកគេ ។ អែលឌើរ ឌែល ជី រិនឡាន់ បានបង្រៀនថា « ដើម្បីបម្រើមនុស្សដទៃឲ្យមានប្រសិទ្ធភាព យើងត្រូវមើលពួកគេ … តាមរយៈព្រះនេត្ររបស់ព្រះវរបិតាសួគ៌ ។ ពេលនោះហើយទើបយើងអាចចាប់ផ្ដើមយល់ពីតម្លៃដ៏ពិតនៃព្រលឹងមួយ ។ មានតែពេលនោះហើយ ទើបយើងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌មានចំពោះ … បុត្រាបុត្រីទ្រង់ទាំងអស់ » ។ សព្វថ្ងៃនេះ ប៊ីស្សពត្រូវបានប្រទានពរឲ្យចេះសង្កេតស្គាល់ ដើម្បីមើលឃើញអត្តសញ្ញាណដ៏ទេវភាពរបស់យុវវ័យដែលនៅក្នុងការមើលថែទាំរបស់ពួកលោក ។
ហេលេមិន « បានរាប់ » ចំនួនកំលោះដែលនៅក្នុងការថែទាំរបស់លោក ។ លោកបានដាក់អាទិភាពក្នុងការស្ថាបនាទំនាក់ទំនងដ៏រឹងមាំជាមួយនឹងពួកគេ ។
នៅគ្រាដ៏សំខាន់មួយ ពេលមានការសម្រេចចិត្តទាក់ទងនឹងការស្លាប់រស់ ហេលេមិន និងទាហានវ័យក្មេងរបស់លោកបានបាត់ដានកងទ័ពដែលដេញតាមពួកគេ ។ ហេលេមិនបានទូន្មានដល់យុវវ័យថា ៖
« មើលចុះ យើងមិនដឹងទេថា តើពួកគេបានឈប់ក្នុងគោលបំណងចង់ឲ្យយើងមកវាយប្រហារគេឬយ៉ាងណាទេ ។ …
« តើអ្នករាល់គ្នាថាដូចម្ដេច កូនប្រុសទាំងឡាយរបស់ឪពុកអើយ … ? »
យុវជនដ៏ស្មោះត្រង់ទាំងនេះបានតបថា « ឪពុកអើយ មើលចុះ ព្រះរបស់យើងទ្រង់គង់នៅជាមួយនឹងយើង ហើយទ្រង់នឹងពុំទុកឲ្យយើងត្រូវដួលចុះទេ ខណៈនោះ ចូរឲ្យយើងទៅ » ។ ការប្រយុទ្ធទទួលបានជ័យជំនះ ខណៈដែលហេលេមិនបានគាំទ្រការតាំងចិត្តរបស់យុវជនទាំងនេះ ដើម្បីធ្វើសកម្មភាព ។
ពួកសាសន៍អាំម៉ូនវ័យក្មេងមានមូលហេតុដ៏អស្ចារ្យ និងមានភាពក្លាហាននៅក្នុង « ការគាំទ្រដល់ប្រជាជន » ។ « កងទ័ពដ៏តូចនេះ » ដែលដឹកនាំដោយហេលេមិនបានពង្រីក « សេចក្ដីសង្ឃឹមដ៏ធំ និងអំណរជាច្រើន » ក្នុងចិត្តរបស់កងទ័ពសាសន៍នីហ្វៃដ៏មានបទពិសោធន៍ ។ នៅថ្ងៃនេះ ប៊ីស្សពអាចដឹកនាំយុវវ័យដែលមានអំណោយទានដ៏ពិសេសនេះ ដើម្បីប្រទានពរដល់វួដ និងការប្រមូលផ្តុំអ៊ីស្រាអែលបាន ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា នេះគឺជា « បេសកកម្មដែល [ ពួកគេ ] ត្រូវបានបញ្ជូនមកផែនដី » ។
ដូចពួកសាសន៍អាំម៉ូនវ័យក្មេងទាំងនេះដែរ « ពួកគេជាមនុស្សស្មោះត្រង់គ្រប់ពេលវេលា ទោះនៅក្នុងកិច្ចការណាក៏ដោយ ដែលពួកគេទទួលផ្ទុក » ហេលេមិនបានដើរតាមមេដឹកនាំរបស់លោកយ៉ាងស្មោះត្រង់ ។ មិនថាមានបញ្ហា ឬឧបសគ្គអ្វីក៏ដោយ ក៏ហេលេមិននៅតែ « ប្ដេជ្ញាថា នឹងយកជ័យជម្នះ » ដើម្បីពង្រីកគោលបំណងរបស់ពួកគេ ។ នៅពេលដែលលោកត្រូវបានគេបញ្ជាឲ្យ « ដឹកនាំកូនប្រុសតូចទាំងឡាយ [ របស់លោក ]» នោះលោកបានគោរពតាម ។
យុវវ័យសព្វថ្ងៃនេះមានពរជ័យនៅពេលប៊ីស្សពធ្វើតាមការណែនាំរបស់ថ្នាក់ដឹកនាំយើងដើម្បី « ប្រឹក្សាជាមួយប្រធានយុវនារីវួដ [ ទាំងឡាយ ] » ។ ប្រធានស្ដេកត្រូវប្រាកដថា ប៊ីស្សព និងប្រធានយុវនារីត្រូវបានបង្រៀនឲ្យបំពេញទំនួលខុសត្រូវរបស់ពួកគេចំពោះយុវវ័យ ។
ហេលេមិនបានគោរពតាមសេចក្តីសញ្ញា ។ នៅពេលអាំម៉ូនបានបង្រៀនដំណឹងល្អទៅដល់ឪពុកម្ដាយរបស់ពួកកងទ័ពកំលោះ នោះឪពុកម្ដាយទាំងនេះបានបើកចិត្តទទួលយកវា ។ ពួកគេបានប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះជីវិតថ្មីនៃភាពជាសិស្សដ៏សុចរិត ដែលពួកគេបានធ្វើសេចក្តីសញ្ញាមួយដើម្បី « ដាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់គេចុះ » ។ រឿងតែមួយគត់ដែលជំរុញឲ្យពួកគេគិតបំពានសេចក្ដីសញ្ញានេះ ហើយត្រលប់ទៅរកការប្រយុទ្ធពីមុនវិញ គឺមកពីឃើញពួកសាសន៍នីហ្វៃស្ថិតក្នុងគ្រោះថ្នាក់ ។
ពួកសាសន៍អាំម៉ូនចង់ជួយប្រជាជនទាំងនេះ ដែលបានឲ្យពួកគេនូវទីលំនៅដែលមានសុវត្ថិភាព ។ ហេលេមិនរួមជាមួយអ្នកដទៃបានបញ្ចុះបញ្ចូលពួកគេឲ្យរក្សាសេចក្តីសញ្ញាកុំឲ្យប្រយុទ្ធឡើយ ។ លោកបានជឿជាក់លើកម្លាំងដែលព្រះនឹងប្រទានឲ្យ ច្រើនជាងកម្លាំងដែលពួកសាសន៍អាំម៉ូនទាំងនេះអាចផ្ដល់ឲ្យដោយដាវ និងព្រួញរបស់ពួកគេទៅទៀត ។
នៅពេលហេលេមិន និងទាហានវ័យក្មេងបានប្រឈមមុខនឹងឧបសគ្គដ៏គួរឲ្យខ្លាច ហេលេមិនបានតាំងចិត្តយ៉ាងមុតមាំ ។ « មើលចុះ ការណ៍នេះមិនជាអ្វីទេ—យើងជឿថា ព្រះទ្រង់នឹងដោះលែងយើងឲ្យរួច » ។ ក្នុងករណីមួយ នៅក្នុងគ្រានៃការអត់ឃ្លានដល់ស្លាប់ ការឆ្លើយតបរបស់ពួកគេគឺ « បានខិតខំអស់ពីដួងចិត្ត [ របស់គេ ] នៅក្នុងការអធិស្ឋានដល់ព្រះ សូមឲ្យទ្រង់ចម្រើនកម្លាំងដល់ [ ពួកគេ ] ហើយដោះលែង [ ពួកគេ ] … [ ហើយ ] ព្រះអម្ចាស់ … បានយាងមកជួប [ ពួកគេ ] ដោយនូវការអះអាងទាំងឡាយថា ទ្រង់នឹងដោះលែង [ ពួកគេ ] » ដោយសារសេចក្ដីជំនឿដ៏លើសលប់របស់គេនៅក្នុងអ្វីៗ ដែលពួកគេត្រូវបានបង្រៀនឲ្យជឿ » ។
យើងរៀនមកពីហេលេមិនថា យុវជនទាំងនេះត្រូវបានគាំទ្រដោយឪពុកម្ដាយរបស់ពួកគេ ។ ឪពុកម្ដាយដ៏ស្មោះត្រង់ទាំងនេះបានដឹងថាពួកគេមានទំនួលខុសត្រូវចម្បងចំពោះការបង្រៀនកូនៗរបស់ពួកគេ ។ ពួកគេបានបង្រៀនកូនៗពួកគេឲ្យធ្វើតាមព្រះបញ្ញត្តិ និង « ឲ្យដើរដោយស្មោះត្រង់ » នៅចំពោះមុខព្រះ ។ ម្តាយពួកគេបានបង្រៀនថា « បើសិនជាពួកគេពុំសង្ស័យទេ នោះព្រះទ្រង់នឹងដោះលែងពួកគេឲ្យរួច » ។ ពួកអយ្យកោរបស់ពួកគេបានធ្វើជាគំរូដ៏មានឥទ្ធិពលមួយក្នុងការចុះសេចក្តីសញ្ញា ។ អតីតកងទ័ពទាំងនេះបានដឹងពីភាពសាហាវព្រៃផ្សៃនៃចម្បាំង ។ ពួកគេបានប្រគល់កូនប្រុសដែលគ្មានបទពិសោធន៍ទៅឲ្យហេលេមិនមើលថែ ហើយបានគាំទ្រពួកគេដោយបានផ្ញើ « ស្បៀងជាច្រើន » ។
ហេលេមិនពុំបានបម្រើទាហានកាលពីវ័យក្មេងតែម្នាក់ឯងទេ ។ លោកមានមនុស្សនៅជុំវិញដែលលោកបែរទៅរកការគាំទ្រ និងការណែនាំ ។ លោកបានទាក់ទងទៅមេទ័ពមរ៉ូណៃដើម្បីសូមជំនួយ ហើយជំនួយក៏បានមកដល់ ។
គ្មាននរណាម្នាក់បម្រើនៅក្នុងនគររបស់ព្រះអម្ចាស់តែម្នាក់ឯងឡើយ ។ ព្រះអម្ចាស់បានប្រទានពរដល់យើងឲ្យមានវួដ និងស្តេក ។ តាមរយៈអង្គការដែលបានស្ដារឡើងវិញ នោះយើងមានធនធាន ប្រាជ្ញា និងការបំផុសគំនិតដើម្បីប្រឈមការលំបាកនានា ។
ប៊ីស្សព ផ្ដល់ការណែនាំដល់រួដតាមរយៈក្រុមប្រឹក្សា ។ លោកលើកទឹកចិត្តឲ្យមានការសម្ភាសការងារបម្រើរៀងរាល់បីខែម្ដង ហើយក្រោយមកលើកទឹកចិត្តដល់កូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះឲ្យបំពេញទំនួលខុសត្រូវរបស់ពួកគេនៅក្នុងការងារបម្រើដល់ក្រុមគ្រួសារទាំងឡាយ ។ គណៈប្រធានទាំងនេះនាំមុខគេក្នុងការវាយតម្លៃពីសេចក្ដីត្រូវការ ហើយស្វែងរកដំណោះស្រាយដ៏បំផុសគំនិត ។ ប្រធានស្តេកផ្តល់នូវការគាំទ្រដោយធ្វើការណែនាំដល់គណៈប្រធានសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរអំពីទំនួលខុសត្រូវទាំងនេះ ។
ការណែនាំដែលចាំបាច់សម្រាប់ថ្នាក់ដឹកនាំ និងឪពុកម្ដាយអាចរកឃើញនៅក្នុងបណ្ណាល័យដំណឹងល្អ និង Gospel Living apps ។ នៅក្នុងធនធានដ៏បំផុសគំនិតទាំងនេះ យើងអាចរកឃើញបទគម្ពីរ ការបង្រៀនរបស់ព្យាការីសម័យទំនើប និង ក្បួនខ្នាតទូទៅ ។ ផ្ទាំងយុវវ័យនៅក្នុងបណ្ណាល័យដំណឹងល្អមានធនធានជាច្រើនសម្រាប់កូរ៉ុម និងគណៈប្រធានថ្នាក់ និងមាន ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ។ ពេលសមាជិកក្នុងវួដសិក្សាធនធានដ៏បំផុសគំនិតទាំងនេះ និងស្វែងរកការណែនាំមកពីព្រះវិញ្ញាណ នោះគ្រប់គ្នាអាចត្រូវបានដឹកនាំដោយព្រះអម្ចាស់ក្នុងការពង្រឹងដល់យុវវ័យ ។
វួដទាំងមូលនឹងទទួលបានពរជ័យ និងបានពង្រឹងនៅពេលដែលសមាជិកផ្តោតលើជំនាន់ដែលកំពុងពេញវ័យនេះ ។ ទោះជាយើងមិនល្អឥតខ្ចោះ និងមានចំណុចខ្វះខាតក្តី ក៏ព្រះវរបិតាសួគ៌អញ្ជើញយើងម្នាក់ៗតាមរយៈភាពជាដៃគូនៃព្រះវិញ្ញាណរបស់ទ្រង់ ឲ្យជួយដល់អ្នកដទៃ ។ ទ្រង់ដឹងថាយើងរីកចម្រើន ហើយត្រូវបានញែកជាបរិសុទ្ធ នៅពេលយើងធ្វើតាមការបំផុសគំនិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ វាមិនអីទេដែលការខិតខំរបស់យើងពុំល្អឥតខ្ចោះនោះ ។ នៅពេលយើងធ្វើជាដៃគូជាមួយនឹងព្រះអម្ចាស់ នោះយើងអាចទុកចិត្តថាការខិតខំរបស់យើងនឹងស្របទៅតាមអ្វីដែលទ្រង់នឹងធ្វើសម្រាប់យុវវ័យ ។
តាមរយៈការធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយដល់យុវវ័យ នោះយើងក្លាយជាសាក្សីនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌នៅក្នុងជីវិតរបស់ពួកគេ ។ ការធ្វើសកម្មភាពតាមការបំផុសគំនិតមកពីព្រះអម្ចាស់ ស្ថាបនានូវទំនាក់ទំនងនៃសេចក្ដីស្រឡាញ់ និងការទុកចិត្ត ។ វាគឺជាទំនាក់ទំនងក្នុងជីវិតរបស់យុវវ័យនោះឯង ដែលមានឥទ្ធិពលខ្លាំងបំផុតទៅលើការជ្រើសរើសរបស់ពួកគេ ។
យុវវ័យនឹងរៀនពីលំនាំនៃវិវរណៈ នៅពេលពួកគេចូលរួមជាមួយយើងក្នុងដំណើរការស្វែងរក និងធ្វើសកម្មភាពតាមការបំផុសគំនិតដើម្បីបម្រើអ្នកដទៃ ។ នៅពេលយុវវ័យបែរទៅរកព្រះអម្ចាស់សូមការណែនាំដ៏បំផុសគំនិតនេះ នោះទំនាក់ទំនងពួកគេជាមួយនឹងទ្រង់ និងការទុកចិត្តទៅលើទ្រង់នឹងកាន់តែរឹងមាំឡើង ។
យើងបង្ហាញទំនុកចិត្តចំពោះយុវវ័យដោយការផ្តល់នូវការគាំទ្រ និងការណែនាំ ដោយមិនព្យាយាមគ្រប់គ្រងពួកគេឡើយ ។ ពេលយើងដកខ្លួន ទុកឲ្យយុវវ័យរៀនសូត្រតាមរយៈការប្រឹក្សារួមគ្នា ជ្រើសរើសវគ្គសិក្សាដ៏បំផុសគំនិតមួយ ហើយដាក់ផែនការដើម្បីធ្វើសកម្មភាព នោះពួកគេនឹងដកពិសោធន៍នូវអំណរ និងការរីកចម្រើនដ៏ពិតប្រាកដ ។
ប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀនថា « អ្វីដែលសំខាន់បំផុតគឺជាអ្វីដែលពួកគេនឹងរៀនមកពី [ បងប្អូន ] ថាពួកគេជានរណា និងអ្វីដែលពួកគេអាចប្រែក្លាយឲ្យពិតប្រាកដ ។ ខ្ញុំគិតថា ពួកគេនឹងមិនរៀនច្រើនពីការស្ដីប្រដៅនោះទេ ។ ពួកគេនឹងរៀនតាមអារម្មណ៍ថា បងប្អូនជានរណា តើបងប្អូនគិតថាពួកគេជានរណា ហើយបងប្អូនគិតថាពួកគេអាចប្រែក្លាយជាអ្វី » ។
យុវវ័យរបស់យើងធ្វើឲ្យយើងភ្ញាក់ផ្អើលដោយភាពក្លាហាន សេចក្តីជំនឿ និងសមត្ថភាពរបស់ពួកគេ ។ នៅពេលពួកគេជ្រើសរើសចូលរួមយ៉ាងពេញលេញធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ នោះដំណឹងល្អរបស់ទ្រង់នឹងត្រូវបានឆ្លាក់ក្នុងបេះដូងរបស់ពួកគេ ។ ការធ្វើតាមទ្រង់នឹងក្លាយជាចំណែកមួយនៃខ្លួនពួកគេ ពុំមែនជាអ្វីដែលពួកគេគ្រាន់តែធ្វើនោះទេ ។
ហេលេមិនបានជួយយុវវ័យសាសន៍អាំម៉ូនឲ្យមើលឃើញថា សិស្សដ៏ក្លាហានម្នាក់របស់ព្រះយេស៊ូវគ្រីស្ទរស់នៅរបៀបណា ។ យើងអាចធ្វើជាគំរូដ៏មានឥទ្ធិពលទៅដល់យុវវ័យថា សិស្សរបស់ព្រះគ្រីស្ទរស់នៅរបៀបណាសព្វថ្ងៃនេះ ។ ឪពុកម្ដាយដ៏ស្មោះត្រង់កំពុងអធិស្ឋានសូមគំរូទាំងនេះមាននៅក្នុងជីវិតកូនៗពួកគេ ។ គ្មានកម្មវិធីណាអាចមកជំនួសឥទ្ធិពលរបស់មជ្ឈិមវ័យដែលពេញដោយក្ដីស្រឡាញ់ ហើយរក្សាសេចក្ដីសញ្ញាបានឡើយ ។
ក្នុងនាមជាប្រធានកូរ៉ុមសង្ឃ ប៊ីស្សពអាចធ្វើជាគំរូមួយដល់យុវវ័យអំពីរបៀបធ្វើជាស្វាមីដ៏ស្មោះត្រង់ និងជាឪពុកដែលពេញទៅដោយក្ដីស្រឡាញ់ បាន តាមរយៈការការពារ ការផ្គត់ផ្គង់ និងការដឹកនាំ តាមរបៀបសុចរិត ។ ប៊ីស្សពដែលមានការផ្ដោតខ្លាំងទៅលើយុវវ័យ នឹងមានឥទ្ធិពលយូរអង្វែងរាប់ជំនាន់ ។
យុវវ័យសព្វថ្ងៃនេះគឺស្ថិតក្នុងចំណោមវិញ្ញាណដ៏វិសេសបំផុតរបស់ ព្រះវរបិតាសួគ៌ ។ ពួកគេស្ថិតក្នុងចំណោមអ្នកការពារសេចក្ដីពិត និងសិទ្ធិជ្រើសរើសដ៏រឹងមាំនៅក្នុងជីវិតមុនផែនដី ។ ពួកគេបានកើតនៅក្នុងជំនាន់នេះ ដើម្បីប្រមូលផ្ដុំអ៊ីស្រាអែលតាមរយៈទីបន្ទាល់ដ៏មានឥទ្ធិពលរបស់ពួកគេអំពីព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ស្គាល់ពួកគេម្នាក់ៗ ហើយស្គាល់សក្តានុពលដ៏អស្ចារ្យរបស់ពួកគេ ។ ទ្រង់រង់ចាំយ៉ាងអត់ធ្មត់មើលពួកគេរីកចម្រើន ។ ទ្រង់នឹងប្រោសលោះ ហើយការពារពួកគេ ។ ទ្រង់នឹងព្យាបាល និងដឹកនាំពួកគេ ។ ទ្រង់នឹងបំផុសគំនិតពួកគេ ។ យើងជាឪពុកម្ដាយ និងថ្នាក់ដឹកនាំរបស់ពួកគេ បានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រពួកគេ ។ យើងមានសាសនាចក្ររបស់ព្រះអង្គសង្គ្រោះដើម្បីជួយយើង នៅពេលយើងចិញ្ចឹមបីបាច់មនុស្សជំនាន់ក្រោយនេះ ។
ខ្ញុំសូមធ្វើជាសាក្សីថា សាសនាចក្ររបស់ព្រះគ្រីស្ទបានស្ដារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ហើយបានដឹកនាំនាសព្វថ្ងៃនេះដោយប្រធាន រ័សុល អិម ណិលសុន គឺត្រូវបានរៀបចំឡើងដើម្បីជួយយុវវ័យឲ្យបំពេញគោលបំណងដ៏អស្ចារ្យរបស់ពួកគេនៅថ្ងៃចុងក្រោយនេះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕