សន្និសីទទូទៅ
ព្រះរាជបំណង​របស់​ព្រះ​គឺ​ដើម្បី​នាំ​បងប្អូន​ទៅផ្ទះវិញ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


11:35

ព្រះរាជបំណង​របស់​ព្រះ​គឺ​ដើម្បី​នាំ​បងប្អូន​ទៅផ្ទះវិញ

អ្វីៗ​ទាំងអស់​អំពី​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​បុត្រាបុត្រី​ជា​ទីស្រឡាញ់​របស់​ទ្រង់​គឺ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​នាំ​មនុស្ស​គ្រប់រូប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការអធិស្ឋាន​របស់​បងប្អូន នៅពេល​ខ្ញុំ​បាន​ចាប់ផ្ដើម​សម្របខ្លួន​ទៅនឹង​ការហៅ តាមរយៈ​ប្រធាន ណិលសុន ដើម្បី​បម្រើ​ជា​សាវក​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​អាច​នឹងស្រមៃឃើញ​យ៉ាងច្បាស់​ថា​អារម្មណ៍​រាបទាប​យ៉ាង​ណា ហើយ​វា​ជា​គ្រា​មួយ​ដ៏​រំជើបរំជួល​ខ្លាំង និង​ជា​ពេល​ពិនិត្យ​មើល​ខ្លួន​ឯង​យ៉ាងហ្មត់ចត់ ។ ពិតណាស់ វា​ជា​កិត្តិយស​ដ៏​អស្ចារ្យ​ក្នុង​ការបម្រើ​ព្រះអង្គសង្រ្គោះ ក្នុង​គ្រប់​សមត្ថភាព​ដើម្បី​ចូលរួមនឹង​បងប្អូន​ក្នុង​ការចែកចាយ​ដំណឹងល្អ​នៃ​សេចក្ដីសង្ឃឹម​របស់​ទ្រង់ ។

លើស​ពី​នេះ មាន​ពាក្យស្លោក​មួយ​ចែងថា នៅ​ពី​ក្រោយ​សាវក​ថ្មី គឺ​មាន​ម្តាយក្មេក​ដ៏​ភ្ញាក់ផ្អើល​ម្នាក់ ។ ខ្ញុំ​មិន​ដឹង​ថា វា​ចែង​បែប​នេះ​ឬ​អត់​ទេ ប៉ុន្តែ​ក្នុង​ករណី​នេះ វាអាច​និយាយ​បែប​នេះ ។ ហើយ​ខ្ញុំ​គិត​ថា ម្ដាយ​ក្មេក​ខ្ញុំ​នៅតែ​ភ្ញាក់ផ្អើល ទោះ​ជា​គាត់​បាន​ចែកឋាន​ទៅហើយ​ក្ដី ។

ប៉ុន្មាន​ខែ​កន្លង​ទៅ ពេល​ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​លេង​ប្រទេស​មួយ​ផ្សេង​ទៀត​ដើម្បី​បំពេញ​កិច្ចការ​ផ្សេងៗ​ក្នុង​សាសនាចក្រ ខ្ញុំ​បានភ្ញាក់​ពី​ព្រលឹម ហើយ​មើល​ទៅ​ខាងក្រៅ​បង្អួច​សណ្ឋាគារ​ទាំង​ស្រពិច​ស្រពិល ។ នៅ​លើ​ផ្លូវ​ថ្នល់​ខាងក្រោម​ដ៏មមាញឹក ខ្ញុំ​បាន​ឃើញ​ថា​មាន​ប៉ូលិស​ម្នាក់​បិទ​ផ្លូវ ហើយ​បញ្ជា​ឲ្យ​រថយន្ត​បត់​ទៅក្រោយ​វិញ​ពេល​​មក​ដល់​របាំង​ការពារ ។ ដំបូងឡើយ មាន​តែ​រថយន្ត​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវនោះ ហើយ​បត់ថយក្រោយ​វិញ ។ ប៉ុន្តែ​យូរៗទៅ​មាន​រថយន្តជា​ច្រើន​នៅ​បន្ត​កន្ទុយគ្នា ។

ខ្ញុំ​បាន​មើល​តាម​បង្អួចឃើញ​ប៉ូលិស​ម្នាក់​នោះ​ហាក់ដូច​ជារីករាយ​ក្នុង​ការ​ប្រើ​អំណាច​គាត់​ដើម្បី​បញ្ឈប់​រថយន្ត​ទាំងនោះ ហើយ​ប្រាប់​ឲ្យ​បត់​ទៅក្រោយ​វិញ ។ ពិតណាស់ គាត់​ហាក់​ដូច​ជា​មាន​កម្លាំង​ដើរ ហើយ​ក៏​ចាប់ផ្ដើម​រាំ​ខ្លះៗ​ផងដែរ នៅពេល​រថយន្ត​នីមួយៗ​បាន​មក​ដល់​របាំង​ការពារនោះ ។ បើ​អ្នកបើកបរ​ម្នាក់​មួរម៉ៅ​ចំពោះ​ការឃាំង​ផ្លូវ​នោះ ប៉ូសិស​ម្នាក់នោះ​ហាក់​ដូច​ជា​គ្មាន​ជួយ​អី​សោះ ឬពុំអាណិតអាសូរ​ឡើយ ។ គាត់​គ្រាន់តែ​ងក់​ក្បាលដដែលៗ ហើយ​ចង្អុល​ឲ្យ​បត់​ទៅក្រោយ​វិញ ។

មិត្ត​ខ្ញុំអើយ យើង​ជា​ពួកសិស្ស​ដើរ​នៅលើ​ផ្លូវ​នៃ​ជីវិត​រមែង​ស្លាប់ ផែនការ​របស់​ព្រះវរបិតា​យើង​ល្អណាស់ គឺជា​ផែនការ « ដ៏អស្ចារ្យ » ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​នាំ​បងប្អូន​ទៅផ្ទះវិញ ពុំមែន ឲ្យ​បងប្អូន​នៅ​ខាង​ក្រៅ​ផ្ទះ​នោះទេ ។ គ្មាន​នរណា​ម្នាក់​ដាក់​របាំង​បិទ​ផ្លូវ ហើយ​ឈរ​នៅ​ទីនោះ​ដើម្បី​ដេញ​បងប្អូន​ឲ្យ​ថយទៅ​ក្រោយ​វិញឡើយ ។ តាម​ពិត វា​ផ្ទុយ​ស្រឡះ ។ ព្រះ​ខិតខំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​បងប្អូន​ដោយ​ឥត​ឈប់​ឈរ ។ ទ្រង់ « ​សព្វ​ព្រះទ័យ​ចង់​ឲ្យ​បុត្រាបុត្រី​ទ្រង់​ជ្រើសរើស​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ » ហើយ​ទ្រង់​បង្កើត​គ្រប់​វិធានការ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​នាំ​បងប្អូន​ឲ្យ​ត្រឡប់​មក​វិញ ។

ព្រះវរបិតា​ជាទី​ស្រឡាញ់​បាន​ត្រួត​ពិនិត្យ​ការបង្កើត​ផែនដី​នេះ​សម្រាប់​គោលបំណង​ដ៏​ធំ​ក្នុង​ការផ្ដល់​ឱកាស​ដល់​បងប្អូន និង​ខ្ញុំ​ដើម្បី​ដកពិសោធន៍​ការលូតលាស់ និង​ការកែលម្អ​នៃ​ជីវិត​រមែង​ស្លាប់ ឱកាស​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង ដែលព្រះ​បាន​ប្រទាន​ឲ្យ​ដើម្បី​ជ្រើសរើស​ទ្រង់ ដើម្បី​រៀន រីកចម្រើន ធ្វើ​កំហុស ប្រែចិត្ត ស្រឡាញ់​ព្រះ និង​អ្នក​ជិតខាង​យើង ហើយ​នៅ​ថ្ងៃ​មួយ​ត្រឡប់​ទៅ​ជួប​ទ្រង់​វិញ ។

ទ្រង់​បាន​ចាត់​បុត្រា​សំណព្វ​ដ៏​ស្ងួន​ភ្ងា​របស់​ទ្រង់​មក​កាន់​ពិភព​ធ្លាក់ចុះ​នេះ ដើម្បី​រស់នៅ​ក្នុង​បទពិសោធន៍​ដ៏​ពេញលេញ​នៃ​ជីវិត​មនុស្សលោក ដើម្បី​ផ្ដល់​គំរូ​មួយ​ដល់​បុត្រាបុត្រី​ទ្រង់​ផ្សេងទៀត ព្រមទាំង​ធ្វើ​ដង្វាយធួន និង​ប្រោសលោះ ។ អំណោយទាន​នៃ​ដង្វាយធួន​ដ៏​អស្ចារ្យ​របស់​ព្រះ​គ្រីស្ទ​បាន​ដក​រាល់​ឧបសគ្គ​នៃ​សេចក្ដីស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​ដែល​នឹង​បំបែក​យើង​មិន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ដ៏​អស់កល្បជានិច្ច​របស់​យើង ។

អ្វីៗ​ទាំងអស់​អំពី​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​បុត្រាបុត្រី​ជា​ទីស្រឡាញ់​របស់​ទ្រង់​គឺ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​នាំ​មនុស្ស​គ្រប់រូប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

តើ​សារទូត​របស់​ព្រះ ដែលជា​ព្យាការី​របស់​ទ្រង់ ហៅ​ផែនការ​នេះ​ក្នុង​បទគម្ពីរ​ដែល​បានស្ដារ​ឡើងវិញ​ថា​ជា​អ្វី​ទៅ? ពួកលោក​ហៅ​វា​ថា ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ផែនការ​នៃ​សេចក្តី​មេត្តាករុណា ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស « តាម​រយៈ​ព្រះ​លោហិត​នៃ​ព្រះ​រាជបុត្រា​បង្កើត​តែ​មួយ​របស់​យើង » ។

គោលបំណង​នៃ​ផែនការនៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតា​គឺជា សុភមង្គលរបស់បងប្អូន​នៅ​ទីនេះ ​នា​ពេល​នេះ និង​ក្នុង​ភាពអស់កល្ប ។ វា​ពុំ​មែន​ដើម្បី​រារាំង​សុភមង្គលបងប្អូន ហើយ​ធ្វើ​ឲ្យបងប្អូន​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​នោះឡើយ ។

គោលបំណង​នៃ​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​របស់​ព្រះវរបិតា​គឺ​ដើម្បី សេចក្ដីប្រោសលោះរបស់​បងប្អូន ហើយ​បងប្អូន​ត្រូវ​បាន​សង្គ្រោះ​តាមរយៈ​ការរងទុក្ខ និង​ការសុគត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​រំដោះ​យើង​ពី​ការជាប់​ឃុំឃាំង​នៃ​អំពើ​បាប និង​សេចក្ដីស្លាប់ ។ គឺពុំ​មែន​ដើម្បី​ទុក​ឲ្យ​បងប្អូន​នៅ​ដដែល​នោះ​ទេ ។

គោលបំណង​នៃ​ផែនការ​នៃ​សេចក្ដីមេត្តា​ករុណា​របស់​ព្រះវរបិតា​គឺ​ដើម្បី ផ្ដល់​សេចក្ដី​មេត្តាករុណា នៅពេល​បងប្អូន​ត្រឡប់​ទៅរក​ទ្រង់​វិញ ហើយ​គោរព​សេចក្ដីសញ្ញា​នៃ​ភាពស្មោះត្រង់​របស់​បងប្អូន​ចំពោះ​ទ្រង់ ។ វា​ពុំ​មែនបដិសេធ​សេចក្តីមេត្តា​ករុណា ហើយ​ធ្វើ​ឲ្យ​មាន​ការឈឺចាប់ និង​ទុក្ខសោក​នោះឡើយ ។

គោលបំណង​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា​គឺ​ដើម្បី​ឲ្យ​បងប្អូន​បាន សេចក្ដីសង្គ្រោះ នៅក្នុង​នគរ​សិរីល្អ​សេឡេស្ទាល​នៅពេល​បងប្អូន​ទទួល​បាន « ​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ហើយ​ថ្វាយ​ព្រលឹង​បងប្អូន​ទាំងមូល​ចំពោះ​ទ្រង់ ។ គោលបំណង​នោះ​គឺ​ពុំ​មែន​ដើម្បី​បង្ខាំង​បងប្អូន​ពី​នគរ​សិរីល្អ​សេឡេស្ទាល​នោះ​ទេ ។

តើ​នេះ​មាន​ន័យ​ថា​អ្វី​គ្រប់យ៉ាង​ទៅស្រប​នឹង​របៀប​ដែល​យើង​រស់​នៅ​ក្នុង​ជីវិត​របស់​យើង​ឬ ? របៀប​ដែល​យើង​ជ្រើសរើស​ប្រើ​សិទ្ធិជ្រើសរើស​របស់​យើង​មិន​សំខាន់​ទេ​ឬ​អី ? យើង​អាច​យក ឬ​ចាកចេញ​ពី​បទបញ្ញត្តិ​របស់​ព្រះ​ឬ ? អត់ទេ គឺ​អត់​ទេ ។ ពិតណាស់ ការអញ្ជើញ និង​ការអង្វរ​ដ៏​ខ្ជាប់ខ្ជួន​បំផុត​មួយ​អំឡុង​ការងារបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះ​យេស៊ូវ គឺ​ថាឲ្យ​យើង​ផ្លាស់ប្ដូរ និង​ប្រែចិត្ត ហើយ​មក​រក​ទ្រង់ ។ ជាមូលដ្ឋាននៃការបង្រៀន​ទាំងអស់របស់​ទ្រង់ គឺ​ឲ្យ​រស់​នៅ​តាម​ក្រម​សីលធម៌​ខ្ពស់ គឺ​ជា​ការ​អំពាវនាវ​ឲ្យ​មាន​ការរីកចម្រើន​ផ្ទាល់​ខ្លួន ឲ្យ​ផ្លាស់​មកជឿលើ​ព្រះ​គ្រីស្ទ ឆ្ពោះទៅកាន់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នៅ​ក្នុង​ដួងចិត្ត ។

ព្រះ​ចង់​ឲ្យ​យើង​តម្រង់ទិស​នៃ​ភាពអត្មានិយម និង​សេចក្តី​ឆ្មើងឆ្មៃ សម្រាតភាព​ខាង​សាច់ឈាម ចេញ ឲ្យ​យើង « ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ។

បើ​យើង​ជឿ​លើ​បំណង​នៃ​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​មនុស្ស​ទាំងអស់ គឺ​ដើម្បី​សង្គ្រោះ​យើង ប្រោសលោះ​យើង ផ្ដល់​សេចក្តី​មេត្តាករុណា​ដល់​យើង និង​​នាំ​ឲ្យ​យើង​មាន​សុភមង្គល តើ​ព្រះរាជបុត្រា​មាន​ព្រះរាជ​បំណង​អ្វីខ្លះ​តាមរយៈ​ផែនការ​ដ៏​ធំ​នេះ ?

ព្រះរាជបុត្រា​ទ្រង់​បាន​ប្រាប់​យើង​ដោយ​ផ្ទាល់​ថា ៖ « ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក » ។

ព្រះទ័យ​របស់​ព្រះយេស៊ូវ គឺជា​ព្រះទ័យ​ដ៏​សប្បុរស​របស់​ព្រះវរបិតា ! ទ្រង់​ចង់​ធ្វើ​ឲ្យ​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌​គ្រប់​រូប​ទទួល​បាន​គោលបំណង​ដ៏​ខ្ពង់ខ្ពស់​នៃ​ផែនការ​នេះ —គឺ​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នៅ​ជាមួយ​ទ្រង់​ទាំងទ្វេ ។ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ដក​ចេញពី​សក្តានុពល​នៃ​ព្រះ​នេះ​ឡើយ ។

បើ​សិន​បងប្អូន​ឆាប់បារម្ភ​ថា បងប្អូន​នឹង​ពុំ​ស័ក្ដិសម ឬ​ថា​ដង្វាយធួនជានិរន្ដរ៍​របស់​ព្រះគ្រីស្ទ​ប្រកប​ដោយ​ព្រះគុណមាន​សម្រាប់​តែ​អ្នកដទៃ តែពុំមែនសម្រាប់​បងប្អូ​ន នោះ​បងប្អូន​យល់​ខុស​ហើយ ។ និរន្ដរ៍ មានន័យ​ថា គ្មានទីបំផុត ។ និរន្ដរ៍ មានចំពោះ​បងប្អូន និង​អស់អ្នក​ដែល​បងប្អូន​ស្រឡាញ់ ។

នីហ្វៃ​បាន​ពន្យល់​សេចក្តីពិត​ដ៏​ស្រស់ស្អាត​នេះ​ថា ៖ « ទ្រង់​មិន​ធ្វើ​ការណ៍​ណា​ឡើយ លើក​លែង​តែ​ការណ៍​នោះ​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក ដ្បិត​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្ដូរ​ព្រះជន្មទ្រង់​ផ្ទាល់ ដើម្បី​ទ្រង់​អាច​ទាញ​មនុស្ស​ទាំង​អស់​មក​រក​ទ្រង់ ។ ហេតុដូច្នោះ​ហើយ ទ្រង់​មិន​ដែល​បញ្ជា​ដល់​អ្នកណា​ម្នាក់​ថា គេ​នឹង​មិន​គួរ​ទទួល​យក​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​នោះ​ឡើយ » ។

ព្រះអង្គសង្រ្គោះ​ជា​អ្នកគង្វាល​ល្អ​បាន​ទៅ​ស្វែងរក​ចៀម​ដែល​បាត់​របស់​ទ្រង់​រហូត​ដល់​ទ្រង់​រកឃើញ​ចៀម​ទាំងនោះ ។ ទ្រង់ « មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ » ។

« ដៃ​នៃ​សេចក្ដី​មេត្តាករុណា​របស់​យើង​សន្ធឹង​ទៅ​រក​អ្នក ហើយ​អស់​អ្នក​ណា​ដែល​មក អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល » ។

« តើ​នៅក្នុង​ចំណោម​អ្នករាល់គ្នា​មាន​អ្នកណា​ឈឺ​ទេ ? ចូរ​នាំ​អ្នក​ទាំង​នោះ​មក​ទីនេះ​ចុះ ។ តើ​មាន​នរណា​ខ្វិន ឬ​ខ្វាក់ ឬ​គ ឬ​បាក់ដៃ​បាក់ជើង ឬ​ឃ្លង់ ឬ​ស្ពឹក​ស្រពន់ ឬ​ថ្លង់ ឬ​ក៏​ត្រូវ​រងទុក្ខ ដោយ​ហេតុណាផ្សេង​ទៀត ? ចូរ​នាំ​ពួកគេ​មក​ទីនេះ​ចុះ ហើយ​យើង​នឹង​ប្រោស​ឲ្យ​ពួកគេ​បានជា ដ្បិត​យើង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក​រាល់​គ្នា » ។

ទ្រង់​ពុំ​បណ្តេញ​ស្ត្រី​ដែល​មាន​បញ្ហា​ធ្លាក់​ឈាម​ចេញទេ ទ្រង់​ពុំ​ដក​ព្រះកាយ​ចេញពី​បុរស​កើតឃ្លង់ ទ្រង់​ពុំ​បដិសេធ​ស្ត្រី​ដែល​ធ្វើ​អំពើ​ផិតក្បត់ ទ្រង់ពុំ​បដិសេធ​អ្នក​ដែល​ប្រែចិត្ត —មិន​ថា​ពួកគេ​មាន​អំពើបាប​ប៉ុនណា​ទេ ។ ហើយ​ទ្រង់​នឹង​មិន​បដិសេធ​បងប្អូន ឬ​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់​ឡើយ នៅ​ពេល​បងប្អូន​នាំ​យកដួង​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​មក​ថ្វាយទ្រង់ ។ នោះ ពុំមែន ជា​ព្រះរាជ​បំណង ឬ​ការរៀបចំឡើង​របស់​ទ្រង់ ក៏​ពុំមែនជា​ផែនការ បំណង​ប្រាថ្នា ឬ​ក្តី​សង្ឃឹម​របស់ទ្រង់​ទេ ។

ទេ ! ទ្រង់​មិន​ដាក់​របាំង​ផ្លូវ​ទេ ប៉ុន្តែ​ទ្រង់​នឹង​ដក​យក​វា​ចេញ​វិញ ។ ទ្រង់​មិន​បណ្ដេញ​បងប្អូន​ចេញ​ឡើយ ប៉ុន្តែ​ទ្រង់​ស្វាគមន៍​បងប្អូន​ឲ្យ​ចូល​មកវិញ ។ ការងារបម្រើ​ទាំងស្រុង​របស់​ទ្រង់​គឺជា​ការ​ប្រកាស​ដ៏​រស់រវើក​មួយ​អំពី​ព្រះរាជ​បំណង​នេះ ។

ពិត​ណាស់ យើង​ពិបាក​យល់​ពី​ពលិកម្ម​ធួន​របស់​ទ្រង់ខ្លាំងណាស់ ព្រោះ​វា​ហួស​ពីការ​យល់ដឹង​របស់​យើង​ក្នុង​ជីវិត​រមែង​ស្លាប់នេះ ។ នេះ​គឺជា​រឿង​សំខាន់ « ប៉ុន្តែ » យើង​យល់ដឹងបាន យើងអាច​យល់ដឹង​អំពី​ព្រះរាជបំណង​ជួយ​សង្គ្រោះ​ដ៏​បរិសុទ្ធ​នៃ​ពលិកម្ម​ធួន​របស់​ទ្រង់ ។

វាំង​នន​នៃ​ព្រះ​វិហារ​បរិសុទ្ធ​បាន​រហែក​ជា​ពីរ ពេល​ព្រះយេស៊ូវ​បាន​សុគត​នៅលើ​ឈើឆ្កាង ដែលជា​និមិត្តសញ្ញា​ថា​ការចូល​ទៅ​កាន់​ទីវត្តមាន​របស់​ព្រះ​វរបិតា​វិញ​ត្រូវ​បាន​បើក​ទូលំទូលាយ—ដល់​មនុស្ស​ទាំងអស់​ដែល​នឹង​បែរ​មក​រកទ្រង់ ទុកចិត្ត​ទ្រង់ ដាក់បន្ទុក​របស់​ពួកគេ​មក​លើ​ទ្រង់ ហើយ​ទទួល​យក​នឹម​របស់​ទ្រង់​ដាក់​លើខ្លួន​នៅក្នុង​ចំណង​នៃ​សេចក្ដីសញ្ញា ។

និយាយ​ម្យ៉ាង​ទៀតថា ផែនការ​របស់​ព្រះវរបិតា​ពុំ​មែន​អំពី​ការបិទ​ផ្លូវ​នោះ​ទេ ។ រឿង​បែប​នេះពុំបាន ហើយ​នឹង​មិនដែល​កើត​ឡើង​ឡើយ ។ តើ​មាន​អ្វី​ដែល​យើង​ត្រូវ​ធ្វើ បទបញ្ញត្តិ​ដែល​ត្រូវ​គោរពតាម លក្ខណៈ​ធម្មជាតិ​របស់​យើង​ត្រូវ​ផ្លាស់​ប្ដូរ​ដែរ​ឬ​ទេ ? ប្រាកដ​ណាស់ ។ ប៉ុន្តែ​ដោយ​ព្រះ​គុណ​របស់​ទ្រង់ យើង​មាន​សមត្ថភាព​អាច​ធ្វើ​រឿងទាំង​នោះ​បាន ។

នេះ​ជា​ដំណឹងល្អ ! ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​ពិត​ដ៏​សាមញ្ញ​ទាំង​នេះ ។ ការរៀបចំ​ឡើង​របស់​ព្រះវរបិតា ផែនការ​របស់​ទ្រង់ ព្រះរាជបំណង​បំណងប្រាថ្នា និង​សេចក្ដីសង្ឃឹម​របស់​ទ្រង់​គឺ​ដើម្បី​ព្យាបាល​បងប្អូន ប្រទាន​ភាព​សុខសាន្ត​ដល់​បងប្អូន នាំ​បងប្អូន និង​មនុស្ស​ជាទីស្រឡាញ់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ខ្ញុំសូម​ថ្លែង​ជា​សាក្សី​អំពី​ការណ៍នេះ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « គិត​ដល់​សេឡេស្ទាល ! » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១១៧, ១១៨ ។

  2. សូមមើល នីហ្វៃទី២ ២៦:២៥, ២៧ ។

  3. ក្បួនខ្នាត​ទូទៅ ៖ ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ១.១នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  4. សូម​មើល ម៉ូសេ ៧:៣៣ ។

  5. សូមមើល យ៉ាកុប ៦:៨; អាលម៉ា ១២:៣០ ។

  6. សូមមើល អាលម៉ា ៤២:១៥ ។

  7. សូមមើល អាលម៉ា ៤២:៨, ១៦ ។

  8. ម៉ូសេ ៦:៦២ ។

  9. សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៤ ។

  10. គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:៥០–៧០ ។

  11. សូមមើល អោមណៃ ១:២៦ ។

  12. សូមមើល ម៉ាថាយ ៤:១៧ ។

  13. សូម​មើល ម៉ាថាយ ៥–៧ ។ ឧទាហរណ៍​នៅក្នុង ម៉ាថាយ ៥:៤៣–៤៤ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ថា វា​មិន​គ្រប់​គ្រាន់​ទេ​ក្នុង​ការ « ស្រឡាញ់​អ្នក​ជិតខាង​ឯង តែ​ស្អប់​ខ្មាំងសត្រូវ​ឯង​វិញ » នោះ ។ ដើម្បី​ធ្វើតាម​ទ្រង់​ពួកគេ​ក៏ត្រូវ​« ស្រឡាញ់ខ្មាំង​សត្រូវ [ គេ ] ដែរ » ។

  14. សូមមើល ម៉ូសាយ ៥:២ ។ ដើម្បី​ឲ្យ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ចូល​ក្នុង​ជីវិត​របស់​យើង យើង​ត្រូវ​តែ​ងាក​ទៅ​រក​ទ្រង់​វិញ ។ អាលម៉ា​ជា​កូន​បង្រៀនថា ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​ដ៏​រុងរឿង​នេះ « ពុំ​អាច​នឹង​អនុវត្ត​បាន​ឡើយ លើកលែង​តែ​លក្ខខណ្ឌ​ទាំងឡាយ​នៃ​ការប្រែចិត្ត … ដ្បិត​លើកលែង​តែ​មាន​លក្ខខណ្ឌ​ទាំង​នេះ បើ​ពុំ​នោះ​សោត​ទេ សេចក្ដី​មេត្តាករុណា​ពុំ​អាច​មាន​ប្រសិទ្ធិភាព​ឡើយ » ( អាលម៉ា ៤២:១៣ ) ។

  15. សូម​មើល ម៉ូសាយ ៣:១៩ ។

  16. យ៉ូហាន ៨:១១ ។

  17. យ៉ូហាន ៦:៣៨ ។

  18. សូមមើល រ័សុល អិម ណិលសុន « ដង្វាយធួន » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ ៖ « ដង្វាយធួន​របស់​ទ្រង់​គឺ​និរន្ដរ៍—គ្មាន​ទី​បញ្ចប់ ។ វា​ក៏​ជា​និរន្ដរ៍​ដែល​មនុស្ស​លោក​ទាំងអស់​នឹង​ត្រូវ​បាន​សង្គ្រោះ​ពី​សេចក្ដី​ស្លាប់​ដែល​មិន​ចេះចប់​ដែរ ។ វា​ជា​និរន្ដរ៍​ក្នុងន័យ​ការ​រងទុក្ខ​ដ៏​ខ្លាំង​មហិមា​របស់​ទ្រង់ ។ វា​ជា​និរន្ដរ៍​ក្នុង​ពេលវេលា ដោយ​ការ​បញ្ចប់​គំរូ​ដើម​នៃ​យញ្ញបូជា​សត្វ ។ វា​ជា​វិសាលភាព​ដ៏​និរន្តរ៍—វា​ត្រូវ​ធ្វើ​តែម្ដង​សម្រាប់​មនុស្ស​ទាំងអស់ ។ ហើយ​សេចក្ដី​មេត្តា​ករុណា​នៃ​ដង្វាយ​ធួន​មិន​ត្រឹមតែ​ផ្តល់​ឲ្យ​ដល់​មនុស្សជា​ច្រើន​មហិមា​នោះ​ទេ ប៉ុន្ដែ​វា​ថែម​ទាំង​ដល់​ចំនួន​ដ៏​និរន្តរ៍​នៃ​ពិភពលោក​ដែល​បាន​បង្កើតឡើង​ដោយ​ទ្រង់​ផងដែរ ។ វា​ជា​និរន្តរ៍​លើស​ពី​ទំហំ​នៃ​រង្វាស់ ឬ​ការ​យល់ដឹង​ខាង​សាច់ឈាម​ណា​មួយ​របស់​មនុស្ស​ទៅ​ទៀត » ។

  19. នីហ្វៃទី២ ២៦:២៤ ។

  20. សូមមើល លូកា ១៥:៤ ។

  21. ពេត្រុស ទី២ ៣:៩សូម​មើលផងដែរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១១–១២ ។

  22. នីហ្វៃទី៣ ៩:១៤ ។

  23. សូមមើលនីហ្វៃទី៣ ១៧:៧សូមមើលខ ផងដែរ ។

  24. នៅក្នុង​ការបង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​បង្ហាញ​ថា បុគ្គល​មួយ​ចំនួន​នឹង​មិន​ទទួល​មរតក​ពី​នគរ​នៃ​ស្ថាន​សួគ៌​នោះ ទ្រង់​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លទ្ធផល​នេះ​មិន​មែន​ជា​បំណង​ប្រាថ្នា​របស់​ទ្រង់​សម្រាប់​ពួកគេ​ទេ ប៉ុន្តែ​ជា​លទ្ធផល​នៃ​ជម្រើស​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​វិញ​ទេតើ ( សូមមើល ម៉ាថាយ ៧:១៣–១៤, ២១–២៥ ) ។

  25. សូមមើល ម៉ាថាយ ២៧:៥០–៥១; ហេព្រើរ ៩:៧–១២ ។