សន្និសីទទូទៅ
បញ្ជី​មួយ​អំពី​ការណ៍​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ឮ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


11:49

បញ្ជី​មួយ​អំពី​ការណ៍​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ឮ

ពុំ​មាន​ពេល​ណា​ល្អ​ជាងគ្រា​នេះ​ឡើយ ដើម្បី​ធ្វើ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

បន្ទាប់​ពី​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​ច្បាប់ ភរិយា​ខ្ញុំ ម៉ាសៀ និង​ខ្ញុំ​បាន​ជ្រើសរើស​ចូលរួម​ក្នុង​ក្រុមហ៊ុន​ច្បាប់​មួយ​ដែលយក​ជំនាញ​ផ្នែក​ច្បាប់​ជំនុំ​ជម្រះ ។ នៅ​ពេល​ខ្ញុំ​ចាប់ផ្ដើម​ការហ្វឹកហ្វឺន​ការងារ ខ្ញុំ​បាន​ចំណាយ​ពេល​ភាគ​ច្រើន​រៀបចំ​សាក្សី ទៅធ្វើ​សាក្សី​នៅ​អង្គ​ជំនុំ​ជម្រះ ។ ខ្ញុំ​បាន​ដឹង​ភ្លាម​ថា សេចក្ដីពិតត្រូវ​បាន​កំណត់​នៅ​ក្នុង​បន្ទប់​សវនាការ ពេលដែល​សាក្សី​បាន​ថ្លែងបន្ទាល់​អំពី​ការពិត​ទាំងស្រុង​នៃ​អ្វី​ដែល​ពួកគេ​បាន​ឃើញ និង​ឮ នៅ​ក្រោម​សម្បថ ។ ពេល​សាក្សី​ថ្លែង​សក្ខីភាព ពាក្យ​សម្តី​របស់​ពួកគេ​ត្រូវ​បាន​កត់ត្រា និង​រក្សា​ទុក ។ សារសំខាន់​នៃ​សាក្សីគួរ​ឲ្យទុកចិត្ត គឺ​តែងតែជា​អាទិភាព​នៃ​ការ​រៀបចំ​របស់ខ្ញុំ ។

ខ្ញុំដឹង​ភ្លាមថាពាក្យ​ដែល​ខ្ញុំប្រើ​ជារៀងរាល់ថ្ងៃ​ក្នុង​នាម​ជា​មេធាវី ក៏​ជា​ពាក្យ​ដែល​ខ្ញុំ​ប្រើ​ក្នុង​ការ​សន្ទនា​អំពី​ដំណឹងល្អ​ផងដែរ ។ « សាក្សី » និង « សក្ខីភាព » គឺជា​ពាក្យ​ដែល​យើង​ប្រើ នៅពេល​យើង​ចែកចាយ​ចំណេះដឹង និង​អារម្មណ៍​យើង​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅ​ពេល​ខ្ញុំ​ត្រូវ​បាន​គាំទ្រ​ជា​ពួកចិតសិបនាក់​ប្រចាំតំបន់​ថ្មី ខ្ញុំ​បាន​បើក​ព្រះគម្ពីរ​ដើម្បី​រៀន​ពី​កាតព្វកិច្ច​របស់​ខ្ញុំ ហើយ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២៥ដែល​ចែង​ថា « ពួក ៧០ នាក់ ត្រូវ​បាន​ហៅ … ធ្វើ​ជា​ពួក​សាក្សី​ពិសេស​ដល់​ពួកសាសន៍​ដទៃ និង​នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក » ។ ដូច​ដែល​បងប្អូន​អាច​ស្រមៃ​ឃើញ ភ្នែក​ខ្ញុំផ្ដោតទៅនឹង​ពាក្យ « សាក្សី​ពិសេសៗ » ។ វា​ច្បាស់​ចំពោះ​ខ្ញុំ​ថា ខ្ញុំ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការធ្វើ​ជា​សាក្សី ដើម្បី​ថ្លែង​សក្ខីភាព​អំពី​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ នៅ​គ្រប់​កន្លែង​ណា​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ពិភពលោក​នេះ ។

មាន​ឧទាហរណ៍​ជា​ច្រើន​នៅ​ក្នុង​ព្រះគម្ពីរ​អំពី​ពួក​សាក្សី​ផ្ទាល់​ភ្នែក និង​អ្នក​ថ្លែង​សក្ខីភាព​អំពី​អ្វី​ដែល​ពួកគេ​បាន​ទាំង​ឃើញ និង​ឮ ។

នៅពេល​ដែល​ព្យាការី​មរមន​ពី​បុរាណ​ចាប់ផ្ដើម​បញ្ជី​របស់​លោក លោក​សរសេរ​ថា « ហើយ​ឥឡូវ​នេះ ខ្ញុំ មរមន​ធ្វើ​បញ្ជី​មួយ​អំពី​ការណ៍​ទាំងឡាយ ដែល​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ឮ ហើយ​បាន​ហៅ​ថា គម្ពីរ​មរមន » ។

សាវក​របស់​ព្រះអង្គ​សង្គ្រោះ ពេត្រុស និង​យ៉ូហាន បាន​ប្រោស​បុរស​ម្នាក់​ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ណាសារ៉ែត​ ។ កាល​ត្រូវបាន​បញ្ជា​មិន​ឲ្យ​និយាយ​នៅក្នុង​ព្រះនាម​ព្រះយេស៊ូវ នោះ​ពួកលោក​បាន​ឆ្លើយ​តប​ថា ៖

« បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះ ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នា ជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ ។

« ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ » ។

សក្ខីភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​មក​ពី​ពួកបរិសុទ្ធ​ក្នុង​ព្រះគម្ពីរ​មរមន ដែល​បាន​ឃើញ​ការយាងមក​របស់​ព្រះអង្គ​សង្រ្គោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ស្ដាប់​ការពិពណ៌នា​អំពី​សាក្សី​របស់​ពួកគេ ៖ « ហើយ​ពួកគេ​បាន​ធ្វើ​បន្ទាល់​តាម​របៀប​នេះ​ថា ៖ ភ្នែក​មិនដែល​ឃើញ​សោះ ឯ​ត្រចៀក​ក៏​មិនដែល​បាន​ឮ​រឿង​ដ៏​មហិមា និង​អស្ចារ្យ ដូច​យើង​បាន​ឃើញ ហើយ​បាន​ឮ​ព្រះ​យេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះវរបិតា​ឡើយ » ។

បងប្អូន​ប្រុស​ស្រី ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាស​​ទីបន្ទាល់​​ខ្ញុំ ហើយ​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ទាំង​ឃើញ និង​ឮ អំឡុង​ពេល​ធ្វើ​ការងារ​បម្រើ​ដ៏​ពិសិដ្ឋ​របស់​ខ្ញុំ ក្នុង​នាម​ជា​ពួក​ចិតសិប​នាក់​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្នុង​ការធ្វើ​ដូច្នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះរាជ​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​រងទុក្ខ សុគត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដើម្បី​ប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​បុត្រាបុត្រី​ព្រះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី « ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក » ហើយ​ថា​ព្រះអម្ចាស់​បាន​ដាក់​ព្រះហស្ដ​របស់​ទ្រង់​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ​នៅ​លើ​ផែនដី តាមរយៈ​ព្យាការី និង​សាវក​ដែល​នៅរស់​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​ផ្អែក​លើ​អ្វី​ដែល​ខ្ញុំ​បាន​ទាំង​ឃើញ និង​ឮ​ថា គ្មាន​ពេល​ណា​ល្អ​ជាងសព្វ​ថ្ងៃ​នេះ​ឡើយ ដើម្បី​ធ្វើ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នោះ ។ ខ្ញុំ​ដឹង​ការណ៍​នេះ​តាម​ចំណេះដឹង​ផ្ទាល់ខ្លួន ពុំ​មកពី​ប្រភព​ផ្សេងៗ​ឡើយ ដោយសារ​អ្វី​ដែល​ខ្ញុំ​បាន​ទាំង​ឃើញ និង​ឮ ។

អំឡុង​ឆ្នាំ​ចុងក្រោយ​នៅ​វិទ្យាល័យ ដើម្បី​បញ្ចប់​ការសិក្សា​ពី​ថ្នាក់​សិក្ខាសាលា ខ្ញុំ​ត្រូវតែ​ស្គាល់​ព្រះវិហារ​បរិសុទ្ធ​ទាំង ១៥ របស់​សាសនាចក្រ ។ រូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​គឺ​ដាក់នៅខាងមុខ​ថ្នាក់​យើង ហើយ​ខ្ញុំ​ត្រូវតែ​ដឹង​ពី​ទីតាំង​នៃ​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ ។ ឥឡូវ​នេះ អស់​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក វា​​លំបាក​ខ្លាំង​ណាស់—ដើម្បី​ស្គាល់​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ—ព្រោះ​ព្រះវិហារ​បរិសុទ្ធ​មាន​ចំនួន ៣៣៥ ដែល​កំពុង​ប្រតិបត្តិការ ឬ​ត្រូវបាន​ប្រកាស ។ ខ្ញុំ​បាន​ឃើញ​ដំណាក់​របស់​ព្រះអម្ចាស់​ជា​ច្រើន​ដោយ​ផ្ទាល់ ហើយ​សូម​ថ្លែង​ទីបន្ទាល់ថា ព្រះអម្ចាស់​កំពុង​ប្រទាន​ពរជ័យ និង​ពិធី​បរិសុទ្ធ​របស់​ទ្រង់​ដល់​បុត្រាបុត្រី​ទ្រង់​កាន់​តែ​ច្រើន​នៅ​ទូទាំង​ពិភពលោក ។

មិត្តភក្តិ​ខ្ញុំ​នៅ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ បាន​បង្រៀន​ខ្ញុំ​ថា ពួកគេ​បន្ថែម​ឈ្មោះ​ថ្មី​ជាង​មួយ​លាន​ឈ្មោះ​ទៅ​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ជា​រៀង​រាល់​ថ្ងៃ ។ ប្រសិន​បើ​បងប្អូន​មិន​បាន​រកឃើញ​ជីដូន​ជីតា​កាល​ពី​ម្សិល​មិញ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មើល​ម្តង​ទៀត​នៅ​ថ្ងៃ​ស្អែក ។ នៅ​ពេល​និយាយ​ដល់​ការប្រមូល​សាសន៍​អ៊ីស្រាអែល​នៅឯ​ម្ខាង​ទៀត​នៃ​វាំងនន គ្មាន​ពេល​ណា​ល្អ​ជាងសព្វ​ថ្ងៃ​នេះ​ឡើយ ដើម្បី​ធ្វើ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នោះ ។

ដោយបាន​ចិញ្ចឹម​កូនៗ​នៅ​ទីក្រុង​ធ្វីនហ្វល រដ្ឋ​អៃដាហូ នោះទស្សនៈ​របស់​យើង​អំពី​សាសនាចក្រ​ទូទាំង​ពិភពលោក​គឺ​មាន​កម្រិត ។ នៅ​ពេល​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ម៉ាសៀ និង​ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​បម្រើ​នៅ​តំបន់​ប៉ាស៊ីហ្វិក ជា​កន្លែង​មួយ​ដែល​យើង​មិន​ធ្លាប់​បាន​ទៅ​ពី​មុន​ទេ ។ យើង​សប្បាយ​ចិត្ត​ដែល​រក​ឃើញស្តេក​តាំងពី​ផ្នែក​ខាងលើ​ទៅ​ដល់​ផ្នែក​ខាងក្រោម​នៃ​ប្រទេស​នូវែលសេឡង់ ដែល​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​បាន​ឧទ្ទិសឆ្លង​នៅ​ឆ្នាំ ១៩៥៨ ។ វា​ជា​ព្រះវិហារ​បរិសុទ្ធ​មួយ​ក្នុង​ចំណោម​ព្រះវិហារ​បរិសុទ្ធ​ទាំង ១៥ ដែល​ខ្ញុំ​ត្រូវ​ទន្ទេញចាំ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា ។ យើង​បាន​រកឃើញ​ព្រះវិហារ​បរិសុទ្ធ​នៅ​គ្រប់​ទីក្រុង​ធំៗ​នៃ​ប្រទេស​អូស្ត្រាលី ដែល​មាន​ស្តេក​នៅ​ទូទាំង​ទ្វីប​នោះ ។ យើង​មាន​ការចាត់​តាំង​ឲ្យ​ទៅកោះ​សាម័រ ជា​កន្លែង​ដែល​មាន​ស្តេក​ចំនួន ២៥ និង​តុងហ្គា ដែល​មាន​ចំនួនប្រជាជន​ជិត​ពាក់​កណ្តាល​គឺជា​សមាជិក​នៃ​សាសនាចក្រ ។ យើង​មាន​ការចាត់តាំង​មួយ​ឲ្យ​ទៅកោះ​គីរីបាទី ដែល​ទីនោះមាន​ស្តេក​ចំនួន​ពីរ ។ យើង​មាន​ការចាត់តាំង​ឲ្យទៅ​ទស្សនកិច្ច​ស្តេក​ទាំងឡាយ​នៅ​អ៊ីបេ​នៅ​កោះ​ម៉ាស្សែល និង​ដារូ​នៅឯ ប៉ាពួ ញូវ ហ្គីណេ ។

បន្ទាប់​ពី​ការបម្រើរបស់​យើង​នៅ​កោះ​ប៉ាស៊ីហ្វិក យើង​ត្រូវ​បាន​ចាត់តាំង​ឲ្យ​បម្រើ​នៅ​ប្រទេស​ហ្វីលីពីន ។ ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ប្រទេស​ហ្វីលីពីន​កំពុង​រីកចម្រើន​ខ្លាំង​ជាង​អ្វី​ដែល​ខ្ញុំ​បាន​ដឹង ។ បច្ចុប្បន្ន​មាន​ស្តេក​ចំនួន ១២៥ បេសកកម្ម​ចំនួន ២៣ និង​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៣ ដែល​កំពុង​ដំណើរការ ឬ​ត្រូវបាន​ប្រកាស ។ ខ្ញុំ​បាន​ឃើញ​ព្រះវិហារ​មួយ​ដែល​មាន​សមាជិក​ជាង ៨៥០,០០០ នាក់​នៅក្នុង​ប្រទេស​នោះ ។ តើ​ខ្ញុំ​ខកខាន​ចំពោះ​ការស្ថាបនា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​នៅទូទាំង​ពិភពលោក​ដូចម្ដេច​ទៅ ?

បន្ទាប់ពី​រយៈពេល​បីឆ្នាំ​នៅក្នុង​ប្រទេសហ្វីលីពិន ខ្ញុំ​បាន​សុំ​ឲ្យបម្រើ​នៅក្នុង​ការិយាល័យ​អ្នក​ផ្សព្វផ្សាយសាសនា ? ការចាត់តាំង​របស់​ខ្ញុំ​បាន​នាំ​យើង​ឲ្យទៅកាន់​បេសកកម្ម​នៅ​ទូទាំង​ពិភពលោក ។ ទស្សនៈ​របស់​ខ្ញុំ​អំពី​សាសនាចក្រ​នៃ​ព្រះអង្គ​សង្គ្រោះ​ទូទាំង​ពិភពលោក​បាន​ពង្រីក​យ៉ាង​ទូលំទូលាយ ។ ម៉ាសៀ និង​ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​បេសកកម្ម​ទាំងឡាយ​នៅ​ទ្វីប​អាស៊ី ។ យើង​បាន​រក​ឃើញ​មជ្ឈមណ្ឌល​ស្តេក​ដ៏​ស្រស់​ស្អាត​មួយ​នៅ​កណ្ដាល​ប្រទេស​សិង្ហបុរី ដែល​មាន​សមាជិក​ស្មោះត្រង់​ដ៏​អស្ចារ្យ ។ យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​សាលាប្រជុំ​មួយ​នៅ​កូតា​គីណាបាលូ ប្រទេស​ម៉ាឡេស៊ី ។ យើង​បាន​ជួប​នឹង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ទីក្រុង​ហុងកុង ហើយ​ចូលរួម​ក្នុង​សន្និសីទ​ស្តេក​ដ៏​អស្ចារ្យ​មួយ​ជាមួយ​ពួក​បរិសុទ្ធ​ដ៏​​លះបង់ និង​ដ៏ស្មោះត្រង់ ។

បទពិសោធន៍​នេះ​បាន​កើត​ឡើង​ម្តង​ហើយ​ម្ដង​ទៀត នៅ​ពេល​ដែល​យើង​បាន​ជួប​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប នៅ​អាមេរិក​ឡាទីន នៅការ៉ាបៀន និង​នៅអាហ្វ្រិក ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​តែ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ទ្វីប​អាហ្វ្រិក ។

ខ្ញុំគឺ​ជា​សាក្សី​ផ្ទាល់​ភ្នែក​នៃ​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទជាបន្ដបន្ទាប់ និង​ការបំពេញ​តាមការព្យាករ​របស់​ព្យាការី​យ៉ូសែប​ស្ម៊ីធ​ថា « សេចក្ដីពិត​នៃ​ព្រះ​នឹង​ឆ្ពោះ​ទៅមុខ​ដោយ​ក្លៀវក្លា ថ្លៃថ្នូរ និង​ឯករាជ្យ រហូត​ទាល់តែ​វា​បាន​ដល់​គ្រប់​ទាំងទ្វីប គ្រប់តំបន់ គ្រប់​ប្រទេស និង​បាន​ឮ​ដល់​គ្រប់​ត្រចៀក រហូតដល់​គោលបំណង​នៃ​ព្រះ​នឹង​បាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​អស្ចារ្យ​នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​ហើយ » ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​​ដ៏​អស្ចារ្យ​របស់​យើង​នៅទូទាំង​ពិភពលោក​ឥឡូវ​នេះ​មាន​ចំនួន ៧៤,០០០ នាក់ ។ ពេល​ធ្វើការ​ជាមួយ​សមាជិក ពួកគេ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​មនុស្ស​ជាង ២០,០០០ នាក់​ជា​រៀង​រាល់​ខែ ។ ថ្មីៗ​នេះ​មាន​យុវជន និង​យុវនារី​អាយុ ១៨- ១៩- ២០- ឆ្នាំ ដែល​មាន​ជំនួយ​ពី​ព្រះអម្ចាស់​បាន​បង្កើត​នូវ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ក្នុងការប្រមូល​ផ្ដុំ​នេះ ។ យើង​រកឃើញ​យុវនារី និង​យុវជន​ទាំងនេះ​នៅ​ក្នុង​ភូមិ​តូចៗ​ដូចជា​ភូមិ​វ៉ានូអាទូ និង​​ទីក្រុង​ធំៗ​ដូចជា​ទីក្រុង​ញ៉ូវយ៉ក ប៉ារីស និង​ទីក្រុង​ឡុងដ៍ ។ ខ្ញុំ​បាន​មើល​ពួកគេ​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ នៅ​ក្នុង​ក្រុមជំនុំ​ដាច់​ស្រយាល​ក្នុង​ប្រទេស​ហ្វីជី និង​ការប្រមូល​ផ្តុំ​ដែល​ធំ​ជាង​នៅ​កន្លែង​នានា​ដូច​ជា​រដ្ឋ​តិចសាស រដ្ឋ​កាលីហ្វ័រញ៉ា និង​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិច ។

បងប្អូន​នឹង​រក​ឃើញ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​គ្រប់​ជ្រុង​នៃ​ផែនដី និយាយ ៦០ ភាសា​ផ្សេងៗ​គ្នា និង​កំពុង​បំពេញ​បេសសកម្ម​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង ម៉ាថាយ ២៨ ៖ « ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ។ ខ្ញុំ​គោរព​ដល់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ តាំងអតីតកាល និង​បច្ចុប្បន្នកាល ហើយ​សូម​រំឭក​ដល់​ជំនាន់​ដែល​កំពុង​ពេញវ័យ អំពី​ការអញ្ជើញ​របស់​ប្រធាន រ័សុល អិម ណិលសុន ឲ្យ​មក ហើយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នៅ​ថ្ងៃ​នេះ​ថា ខ្ញុំ​បាន​សង្កេត​មើល​ការស្តារ​ឡើង​វិញនៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ដ៏​ស៊ីជម្រៅ​ ដោយ​ភ្នែក​ខ្ញុំ​ផ្ទាល់ ហើយ​បាន​ឮ​វា​ដោយ​ត្រចៀក​ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​ជា​សាក្សី​នៃ​កិច្ចការ​របស់​ព្រះ​នៅ​ទូទាំង​ពិភពលោក ។ គ្មាន​ពេល​ណា​ល្អ​ជាងសព្វ​ថ្ងៃ​នេះ​ ដើម្បី​ធ្វើ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយឡើយ ។

អព្ភូតហេតុ​ដ៏​បំផុស​គំនិត​បំផុត​នៃ​ការស្តារ​ឡើង​វិញ​ដែល​ខ្ញុំ​បាន​ឃើញ​គឺជា​បងប្អូន ដែលជា​សមាជិក​ដ៏​ស្មោះត្រង់​របស់​សាសនាចក្រ​នៅ​គ្រប់​ដែនដី ។ បងប្អូន ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​ត្រូវបាន​ពិពណ៌នា​នៅក្នុង​គម្ពីរ​នីហ្វៃនៃ​ព្រះគម្ពីរ​មរមន កាលដែល​លោក​បាន​ឃើញ​ជំនាន់​របស់​យើង ហើយ​បាន​ថ្លែង​ទីបន្ទាល់​ថា « ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​នីហ្វៃ​បាន​ឃើញ​ថា ព្រះ​ចេស្ដា​នៃ​កូន​ចៀម​នៃ​ព្រះ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​បរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូន​ចៀម ហើយ​លើ​រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​អម្ចាស់ ដែល​បាន​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី ហើយ​ពួក​គេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ខ្ញុំ​បាន​ឃើញ​ដោយផ្ទាល់​ភ្នែក​​នូវ​អ្វី​ដែល​នីហ្វៃ​បាន​ឃើញ—គឺជា​បងប្អូន​ពួកបរិសុទ្ធ​ក្នុង​សេចក្ដី​សញ្ញា​នៅ​គ្រប់​ដែនដី ប្រដាប់​ដោយ​សេចក្ដី​សុចរិត និង​ព្រះចេស្ដា​នៃ​ព្រះ ។ កាល​ខ្ញុំ​នៅ​លើ​វេទិកា​នៅ​ក្នុង​ប្រទេស​ដ៏​អស្ចារ្យ​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំងនេះ​នៅក្នុង​ពិភពលោក នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ចំណាប់​អារម្មណ៍​ក្នុង​គំនិត​​ខ្ញុំ​នូវ​អ្វី​ដែល​ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​នៅក្នុង ម៉ូសាយ ២ ក្នុង​ព្រះគម្ពីរ​មរមន ។ ប្រ៊ែន « ខ្ញុំ​ចង់​ឲ្យ​អ្នក​គិត​ពិចារណា​អំពី​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ ដ្បិត​មើល​ចុះ​ពួកគេ​បានពរ​គ្រប់​យ៉ាង​ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ផង » ។

ខ្ញុំ​ធ្វើ​ជា​សាក្សី​ចំពោះ​បងប្អូន​ថា ខ្ញុំ​បាន​ឃើញ​រឿង​នេះ​ដោយ​ភ្នែក​ខ្ញុំ​ផ្ទាល់ ហើយ​បាន​ឮ​វា​ដោយ​ត្រចៀក​ខ្ញុំ​ផ្ទាល់ ដូច​ដែល​ខ្ញុំ​បាន​ជួប​បងប្អូន ជា​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​នៃ​ព្រះ​នៅ​ទូទាំង​ផែនដី​ដែល​គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ ។ បងប្អូន​ជា​បុត្រាបុត្រី​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះវរបិតា ។ យើង​គឺ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​ក៏​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ដឹង​ដែរ ព្រោះ​បងប្អូន​បាន​ទទួល​សាក្សី​ផ្ទាល់​ខ្លួន​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្តាប់​ឮ » ។

ក្រោម​ការដឹកនាំ​របស់​ព្រះអម្ចាស់ ព្រមទាំង​ព្យាការី និង​សាវក​របស់​ទ្រង់ យើង​នឹង​បន្ត​រៀបចំ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ធ្វើ និង​គោរពតាម​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ស្ថាបនា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​នៅ​ទូទាំង​ពិភពលោក ហើយ​ទទួល​ពរជ័យ​នៅ​ពេល​យើង​រក្សា​បទបញ្ញត្តិ​របស់​ព្រះ ។ ពួកយើង​រួបរួម​គ្នា ។ យើង​ជា​បុត្រាបុត្រី​របស់​ព្រះ ។ យើង​ស្គាល់​ទ្រង់ ហើយ​យើង​ស្រឡាញ់​ទ្រង់ ។

ខ្ញុំ​សូម​ចូលរួម​ជាមួយ​បងប្អូន​ មិត្ត​របស់​ខ្ញុំ​អើយ កាលដែល​យើង​ថ្លែង​ទីបន្ទាល់​រួមគ្នាថា រឿង​ទាំង​នេះ​ពិត ។ យើង​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ និង​បាន​ឮ ។ បងប្អូន និង​ខ្ញុំ​ជា​សាក្សី​ដែល​ថ្លែង​ទីបន្ទាល់ ។ ដោយសារ​អំណាច​នៃ​សាក្សី​​រួមគ្នា​នេះ​ហើយ ដែល​យើង​បន្ត​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ទ្រង់ ។ ខ្ញុំ​សូម​ប្រកាស​ជា​សាក្សី​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ទ្រង់​គឺជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕