សន្និសីទទូទៅ
ការតភ្ជាប់​គ្នា​នូវ​បទបញ្ញត្តិ​ធំ​ទាំងពីរ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


14:14

ការតភ្ជាប់​គ្នា​នូវ​បទបញ្ញត្តិ​ធំ​ទាំងពីរ

សមត្ថភាព​របស់​យើង​ក្នុង​ការ​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ គឺ​អាស្រ័យ​ទៅ​លើ​កម្លាំង និងអំណាច​របស់​យើង ដើម្បី​រស់​នៅ​តាម​ព្រះបញ្ញត្តិ​ទី​មួយ និង​ទី​ពីរ​ដោយ​មាន​តុល្យភាព និង​មានការ​លះបង់​ស្មើ​គ្នា ។

សេចក្ដីផ្ដើម

ពេល​ដែល​ភរិយាខ្ញុំ លីសា និង​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ភារកិច្ច​នៅ​ទូទាំង​ពិភព​លោក យើង​រីករាយ​យ៉ាងខ្លាំង​នឹង​ឯកសិទ្ធិ​នៃ​ការ​ជួបជាមួយ​បងប្អូន ក្រុម​ជំនុំ​ធំ និង​តូច​ទាំងឡាយ ។ ការ​លះបង់​របស់​បងប្អូន​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់​លើកទឹកចិត្ត​ពួកយើង ហើយ​ឈរ​ជា​ទីបន្ទាល់​មួយ​ចំពោះ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ត្រឡប់​មក​ផ្ទះ​វិញ​បន្ទាប់ពីការ​ធ្វើ​ដំណើរ​នីមួយៗ​ទាំងងឿងឆ្ងល់​ថា តើ​យើង​អាច​ផ្តល់​ឲ្យ​ច្រើន​ដូច​ដែល​យើង​បាន​ទទួល​ដែរ​ឬ​ទេ ។

ស្ពាន​ឥន្ទធនូ
ស្ពាន ស៊ីង ម៉ា
ស្ពាន ថោវើរ

នៅពេល​ធ្វើ​ដំណើរ ​យើង​មាន​ពេល​វេលា​តិចតួចដើម្បី​​ដើរទស្សនា ។ ទោះជាយ៉ាងណា ខ្ញុំ​បាន​ចំណាយ​ពេល​ខ្លះៗ​ធ្វើ​តាម​ក្ដីស្រឡាញ់​ជាក់លាក់​មួយ ពេល​ដែល​អាច​ធ្វើទៅបាន ។ ខ្ញុំ​ចាប់អារម្មណ៍​លើ​ស្ថាបត្យកម្ម និង​រចនាបទ ហើយ​ចាប់​អារម្មណ៍​ជា​ពិសេស​ទៅលើ​ស្ពាន ។ ស្ពាន​ខ្សែកាប​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង ។ មិន​ថា​វា​ជា​ស្ពាន​ឥន្ទធនូ​ទីក្រុង​តូក្យូ ស្ពាន Tsing Ma ( ស៊ីង ម៉ា ) ទីក្រុង​ហុងកុង ស្ពាន Tower ( ថោវើរ ) ទីក្រុង​ឡុងដ៍ ឬ​ក៏​ស្ពាន​ផ្សេង​ទៀត​ដែល​ខ្ញុំ​បាន​ឃើញ​នោះទេ ខ្ញុំ​ស្ញប់ស្ញែង​ចំពោះ​ទេពកោសល្យ​វិស្វកម្ម​ដែល​បាន​សាងសង់​នៅ​ក្នុង​រចនាសម្ព័ន្ធ​ដ៏​ស្មុគស្មាញ​ទាំងនេះ​ណាស់ ។​ ស្ពាន​នាំ​យើង​ទៅ​កន្លែង​ដែល​យើង​មិន​អាច​ទៅដល់ ។ ( ពីមុន​ខ្ញុំ​បន្ដ ខ្ញុំ​កត់សម្គាល់​ថា តាំង​ពី​រៀបចំ​សារលិខិត​នេះ មានគ្រោះ​សោកនាដកម្ម​បាក់ស្ពាន​ដែល​បាន​កើត​ឡើង​នៅ Baltimore ។ ពួកយើង​សោកស្ដាយ​ចំពោះ​ការ​បាត់បង់ជីវិត ហើយ​សូម​ចូលរួម​រំលែកទុក្ខ​ចំពោះ​គ្រួសារ​ដែល​ទទួលរងគ្រោះទាំងឡាយ​ផង ) ។

ស្ពានខ្សែកាប​ដ៏​អស្ចារ្យ

ថ្មីៗ​នេះ ខ្ញុំត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ចូលរួម​សន្និសីទ​មួយ​នៅរដ្ឋ​កាលីហ្វូញ៉ា ជាកន្លែង​ដែល​ខ្ញុំ​បាន​ជិះ​ឆ្លង​ស្ពានហ្គូលឌិន ហ្គេត ជា​វិស្វកម្ម​ដ៏អស្ចារ្យ​ក្នុង​ពិភពលោក​ម្ដងទៀត ។ សំណង់​ដ៏​ឆ្នើម​នេះ មាន​ទម្រង់​យ៉ាង​ស្រស់​ស្អាត ងាយស្រួល​ប្រើប្រាស់ និង​ជា​វិស្វកម្ម​ដ៏​អស្ចារ្យ ។ វា​គឺ​ជា​ស្ពាន​ខ្សែកាប​បុរាណ​មួយ​ដែល​មាន​ប៉ម​នៅ​សងខាង ហើយ​បាន​ទ្រ​ដោយ​កំពង់ផែ​ធំៗ ។ ប៉ម​ភ្លោះ​ដ៏ធំ​ធ្ងន់​មហិមា ដែល​លាត​សន្ធឹង​លើ​ផ្ទៃមហាសមុទ្រ គឺជា​ធាតុ​ដំបូងគេ​ដែល​ត្រូវ​បាន​សាងសង់ ។​ ប៉ម​ទាំងពីរ​នោះ​ជួយ​រែក​ខ្សែកាប​មេ​ដែល​លាតសន្ធឹង រួមទាំង​ខ្សែកាប​បញ្ឈរ​ដែល​ព្យួរ​ចេញពី​ខ្សែកាប​មេ ដើម្បី​ទ្រ​ផ្លូវ​ដែល​នៅ​ខាងក្រោម ។ សមត្ថភាព​រក្សា​លំនឹង​ដ៏ខ្លាំង— កម្លាំង​នៃ​ប៉ម— គឺ​អស្ចារ្យ​ណាស់​នៅពី​ក្រោយ​វិស្វកម្ម​ស្ពាន​នោះ ។

ស្ពានហ្គូលឌិន ហ្គេត ក្នុងពេល​សាងសង់

ស្រុក​ហ្គូលឌិន ហ្គេត​ប្រ៊ីដ

រូបភាព​សំណង់​ដំបូង​នៃ​ស្ពាន​នេះ​ធ្វើ​ទីបន្ទាល់​ពី​គោលការណ៍​នៃ​វិស្វកម្ម​នេះ ។ ធាតុ​របស់​ស្ពាន​នីមួយៗ​ត្រូវបាន​ទ្រ​ទម្ងន់​ដោយ​ប៉ម​ស៊ីមេទ្រី​ពីរ ដែល​វា​ភ្ជាប់គ្នា​ពី​មួយ​ទៅមួយ​ដោយ​ពឹងទៅលើគ្នា​ទៅវិញ​ទៅមក ។

ស្ពានហ្គូលឌិន ហ្គេត ក្នុងពេល​សាងសង់

Getty Images/Underwood Archives

នៅពេល​ការសាងសង់​បញ្ចប់ ប៉ម​ទាំង​ពីរ​នេះ​មាន​ភាព​រឹង​មាំ ហើយ​កំពង់ផែ​ដែល​មាន​យុថ្កា​ភ្ជាប់​ទៅនឹង​គ្រឹះ​នៃ​ផ្ទាំងថ្ម គឺ​បង្ហាញ​នូវ​ភាព​រឹង​មាំ និង​ភាពស្រស់​ស្អាត ។​

ស្ពានហ្គូលឌិន ហ្គេត

ថ្ងៃនេះ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មើល​ស្ពាន​ដ៏​អស្ចារ្យ​នេះ— ដែល​មាន​ប៉ម​ភ្លោះ​ត្រូវ​បាន​សាងសង់​ឡើង​នៅលើ​គ្រឹះ​ដ៏​រឹងមាំ— តាមរយៈ​ទស្សនៈ​វិស្ស័យនៃ​ដំណឹងល្អ ។

នៅ​ជិតចុង​បញ្ចប់​នៃ​ការ​បម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែលឥឡូវ​យើង​ហៅ​ថា​សប្តាហ៍​ដ៏​បរិសុទ្ធ ពួកផារិស៊ី ជា​អ្នក​ច្បាប់ម្នាក់បានសួរ​ព្រះអង្គ​សង្គ្រោះ​នូវ​សំណួរ​មួយ​ដែលគាត់​បាន​ដឹង​ថា​នឹង​មិន​អាច​ឆ្លើយ​បាន ៖លោក​គ្រូ ក្នុង​បណ្តា​ក្រឹត្យវិន័យ តើ​បញ្ញត្តិ​ណា​ដែល​យ៉ាង​សំខាន់​បំផុត ? »៣ អ្នក​ច្បាប់​ដែល « ល្បង​សួរ​ទ្រង់ » និង​ស្វែងរក​ចម្លើយ​ស្រប​ច្បាប់​ដែល​ហាក់​ដូច​ជា​ចង់​បញ្ឆោត​ក្នុ​ង​ការសួរ​សំណួរ​របស់​គាត់​ក៏ បានទទួលការ​ឆ្លើយ​តប​ដ៏​ពិត​ប្រាកដ ពិសិដ្ឋ និង​ដ៏​ទេវភាព ។

« នោះ​ព្រះយេស៊ូវ​មាន​បន្ទូល​ទៅកាន់​គាត់​ថា ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

« នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១ » ។ បើប្រៀប​ប្រដូច​ទៅ​នឹង​ស្ពាន​របស់​យើង ស្ដាប់ទៅ​គឺ​ប៉ម​ទីមួយ !

« ហើយ​បញ្ញត្តិទីពីរ​ក៏​បែប​ដូចគ្នា​គឺថា ត្រូវឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង » ។ នេះ​ជា​ប៉ម​ទី​២ !

« បណ្តា​ក្រឹត្យវិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សម្រេច​នៅ​បទ​បញ្ញត្តិ​ទាំងពីរ​ប្រការ​នេះ​ឯង » ។ ធាតុ​ដែល​ផ្សេងៗទាំង​ប៉ុន្មាន​នៃ​ស្ពាន !

ប្រហែល​ជា​យើង​អាច​ពិនិត្យ​មើល​បទបញ្ញត្តិ​ធំ​ទាំង​ពីរ​នេះ ដែល​បាន​បង្ហាញ និង​លើក​ឡើង​នៅ​ក្នុង​ការ​ឆ្លើយ​តប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។​ ពេល​បងប្អូន​ធ្វើ​ដូច្នេះ សូម​ស្រមៃ​អំពី​ស្ពាន​ខ្សែកាប​ដ៏​អស្ចារ្យ​នេះ​ដក់ជាប់​នៅក្នុង​គំនិត​របស់​បងប្អូន ។​

ស្រឡាញ់​ព្រះអម្ចាស់

ដំបូង ស្រឡាញ់​ព្រះអម្ចាស់​ដោយ​អស់​អំពី​ចិត្ត ព្រលឹង និង​គំនិត​របស់​បងប្អូន​ទាំង​អស់​គ្នា។

នៅ​ក្នុង​ចម្លើយ​នេះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​សង្ខេប​ខ្លឹមសារ​នៃ​ក្រឹត្យវិន័យ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ការ​បង្រៀន​ដ៏​ពិសិដ្ឋ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ ដើម្បី​ស្រឡាញ់​ព្រះអម្ចាស់​គឺ​ផ្ដើម​ចេញ​ពី​ចិត្ត​របស់​បងប្អូន—គឺ​និស្ស័យ​របស់​បងប្អូន​តែម្ដង ។ បន្ទាប់​មក ព្រះអម្ចាស់​បាន​សុំ​ឲ្យ​បងប្អូន​ស្រឡាញ់​អស់ពី​ព្រលឹង​របស់​បងប្អូន—ឧទ្ទិសថ្វាយ​ពេញ​មួយជីវិត​បងប្អូន ហើយ​នៅ​ទីបំផុត ត្រូវ​ស្រឡាញ់​ឲ្យអស់ពី​គំនិត​បងប្អូន—គឺ​អស់​ពី​ភាពវៃឆ្លាត និង​បញ្ញា​របស់​បងប្អូន ។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​គឺ​គ្មាន​កម្រិត ឬ​ដែន​កំណត់​នោះ​ទេ ។ ដង្វាយ​ធួន​របស់​ព្រះគ្រីស្ទ​គឺ​និរន្ដរ៍ និង​អស់កល្ប​ជានិច្ច ។

សម្រាប់​ខ្ញុំ ការ​អនុវត្ត​បទបញ្ញត្តិ​ធំ​ទីមួយ ពេល​ខ្លះ​អាច​មាន​អារម្មណ៍ថា​ពិបាក​អនុវត្ត ថែមទាំង​គួរឲ្យ​ភ័យខ្លាច​ទៀតផង ។ ជាសំណាង​ល្អ ពេល​ខ្ញុំ​ជញ្ជឹងគិត​នូវ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​យល់​ច្បាស់​អំពី​បទបញ្ញត្តិ​នេះ ៖ « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ។ ការណ៍​នេះ​ខ្ញុំ​អាច​ធ្វើ​បាន ។ ខ្ញុំ​អាច​ស្រឡាញ់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែលបន្ទាប់​មកឈានដល់​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​ស្រឡាញ់​ព្រះបិតា និង​ព្រះរាជបុត្រា​តាមរយៈ​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ ការរក្សា​ថ្ងៃឈប់​សម្រាក​ជា​បរិសុទ្ធ ការរស់នៅ​ប្រកប​ដោយ​គុណធម៌ និងបរិសុទ្ធ ហើយ​ដោយ​ការគោរព​ប្រតិបត្តិ ។

ជា​ញឹកញាប់ ការស្រឡាញ់​ព្រះអម្ចាស់​ត្រូវ​បាន​វាស់វែង​តាមរយៈ​ទង្វើ​តូចៗ​ប្រចាំ​ថ្ងៃ ការខិតខំ​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ៖ សម្រាប់​យុវវ័យ​គឺ​ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​គាំទ្រគ្នា​ជាជាង​ការជាន់​ពន្លិច ការចាកចេញពី​ពិធីជប់លៀង រោងភាពយន្ត ឬ​សកម្មភាព​ដែល​ផ្ទុយ​ពី​បទដ្ឋាន ការបង្ហាញ​ការ​គោរព​ចំពោះ​អ្វី​ដែល​ពិសិដ្ឋ ។​

សូម​ពិចារណា​អំពី​ឧទាហរណ៍​ដ៏​ទន់​ភ្លន់​នេះ ៖ វាគឺជា​ថ្ងៃ​អាទិត្យ​តមអាហារ ដែល វាននិង​ខ្ញុំ បាន​គោះ​ទ្វារ​ផ្ទះ​តូច​ស្រគត់ស្រគំ​មួយ ។ ពួកយើង និង​ឌីកុន​ដទៃទៀតនៅ​ក្នុង​កូរ៉ុម​បាន​មកទីនោះ ដោយ​រំពឹង​ថា​នឹង​ឭពាក្យ « សូម​ចូល​មក » ស្រែក​ស្វាគមន៍​នៅក្នុង​សំឡេង​កាត់អាឡឺម៉ង់ តាម​ច្រក​ទ្វារ ។ បងស្រី ម៉ូល័រ គឺជា​ស្ត្រី​មេម៉ាយ​អន្តោប្រវេសន៍​ម្នាក់នៅ​ក្នុង​វួដ ។ គាត់​ពុំ​អាច​បើក​ទ្វា​បាន​លឿនទេ ព្រោះ​គាត់​ងងឹតភ្នែក ។ ពេល​បោះជំហាន​ចូល​ក្នុងផ្ទះ គាត់បាន​ជម្រាបសួរ​ដោយសំណួរ​ល្អថា ៖ តើ​អ្នក​មាន​ឈ្មោះ​អ្វី​ដែរ ? តើ​អ្នក​សុខ​សប្បាយ​ជា​ទេ ? តើ​អ្នក​ស្រឡាញ់​ព្រះអម្ចាស់​ទេ ? យើង​បាន​តប ហើយ​ចែកចាយ​ថា ពួកយើង​មក​ទទួល​ដង្វាយ​តមអាហារ​របស់គាត់ ។ ទោះជា​ពួកយើង​នៅក្មេង ស្ថានភាព​តូចទាប​របស់គាត់ បាន​បង្ហាញច្បាស់ ហើយជំនឿ​ដ៏ពោរពេញ​របស់គាត់ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដួងចិត្ត​យើង​យ៉ាងខ្លាំង គាត់ថា ៖ « ខ្ញុំ​ដាក់​ប្រាក់​នៅលើ​តុ​កាលពី​ព្រឹកមិញ ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​ដើម្បី​ថ្វាយ​ដង្វាយ​តមអាហារ​របស់ខ្ញុំ ។ តើ​ប្អូន​អាច​ជួយ​ដាក់វា​ទៅក្នុង​ស្រោម​សំបុត្រ ហើយ​បំពេញ​វិក្ក័យបត្រ​តមអាហារ​ឲ្យ​ខ្ញុំ​បាន​ឬទេ ? ពួកយើង​តែងតែ​ទទួល​អារម្មណ៍​ដក់ជាប់​ក្នុងចិត្ត ពេល​យើង​ចាកចេញ​ពីផ្ទះ​គាត់ ។

ស្តេច​បេនយ៉ាមីន​បាន​សន្យា​ថា អស់អ្នក​ដែល​ធ្វើ​តាម​បទបញ្ញត្តិ​ដ៏​អស្ចារ្យ​ទីមួយ​នេះ​នឹង​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យ ។​ « ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​គិតពិចារណា អំពី​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ។ … ពួក​គេ​បាន​ពរ​គ្រប់​យ៉ាង​… ហើយ​បើ​សិន​ជា​ពួក​គេ​រក្សា​ការ​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត នោះ​ពួក​គេ​នឹង​ត្រូវ​បាន​ទទួល​នៅ​ស្ថានសួគ៌ … ក្នុង​ស្ថាន​ភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។

ការស្រឡាញ់​ព្រះអម្ចាស់​នាំ​មកនូវ​សុភមង្គល​អស់កល្ប​ជានិច្ច !

ចូរ​ស្រឡាញ់​អ្នក​ជិតខាង​របស់​បងប្អូន

រួច​ព្រះយេស៊ូវ​មាន​បន្ទូលថា « ហើយ​បញ្ញត្តិទី​ពីរ​ក៏​បែប​ដូច​គ្នា គឺ​ថា « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ។ នេះ​គឺជា​ប៉ម​ទី​ពីរ​របស់​ស្ពាន ។

នៅ​ចំណុច​នេះ ព្រះយេស៊ូវ​បាន​តភ្ជាប់​ការសម្លឹង​មើល​ទៅលើ​ស្ថានសួគ៌ ឲ្យស្រឡាញ់​ព្រះអម្ចាស់ ទៅនឹង​ការ​សម្លឹង​មើលទៅ​ផែនដី​របស់​យើង​ឲ្យស្រឡាញ់​អ្នកដទៃ ទាំងប្រុស​ទាំងស្រី ។ រឿង​ទាំងពីរ​នេះ​គឺពាក់ព័ន្ធ​គ្នា ។ ការស្រឡាញ់​ព្រះអម្ចាស់​មិន​ពេញលេញ​ទេ បើ​យើង​មិន​អើពើរ​នឹង​អ្នក​ជិតខាង​យើង ។ សេចក្ដី​ស្រឡាញ់​ដែល​បង្ហាញ​ចេញទៅ​នេះ​គឺ​មានរួម​បញ្ចូល​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ​ដោយ​មិន​គិត​ពី​ភេទ វណ្ណៈ​សង្គម ជាតិ​សាសន៍ ចំណូល អាយុ ឬ​ជនជាតិ​ណាឡើយ ។ យើង​ស្វែង​រក​អ្នក​ដែល​ឈឺចាប់ និង​ខូច​ចិត្ត អ្នកដែល​មាន​ភាពខ្វះខាត ព្រោះ « មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។ យើង « ជួយ​អ្នក​ទន់ខ្សោយ លើក​ដៃ​ដែល​រោយ ហើយ​ចម្រើន​កម្លាំង​ដល់​ក្បាលជង្គង់​ដែល​ញ័រ​ផង » ។

សូម​ពិចារណា​អំពី​ឧទាហរណ៍​នេះ ៖ បងប្រុស អេវែន បាន​ភ្ញាក់​ផ្អើល​ពេល​គាត់​បាន​ទទួល​ការបំផុសគំនិត​ឲ្យ​ឈប់​ឡាន​ហើយ​គោះ​ទ្វារផ្ទះ​របស់​គ្រួសារ​មួយ​ដែល​គាត់​មិន​ស្គាល់ ។ នៅពេល​ស្រ្តី​មេម៉ាយ​ដែល​មាន​កូនជាង ១០ នាក់​បាន​បើក​ទ្វារ គាត់​បាន​ឃើញ​ស្ថានភាពដ៏​លំបាក និង​សេចក្តី​ត្រូវការ​ដ៏ខ្លាំងរបស់​ពួកគេ​ ។ រឿង​ទី​មួយ​គឺ​សាមញ្ញ ផ្ទះរបស់​ពួកគេ​ត្រូវ​បាន​លាបថ្នាំ​ហើយ​មាន​ផ្ដល់​ការងារបម្រើ​ទាំងខាង​សាច់ឈាម និង​ខាង​វិញ្ញាណអស់​ជា​ច្រើន​ឆ្នាំ​ដល់​ក្រុមគ្រួសារ​នេះ ។

ក្រោយ​មក អ្នកម្តាយ​ដ៏​មាន​អំណរ​គុណ​នេះ​បាន​សរសេរ​អំពី​មិត្ត​ដែល​បាន​បញ្ជូន​មក​ពី​ស្ថាន​សួគ៌​របស់គាត់​ថា « បងប្រុស​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ដើម្បី​ជួយ​ពួកយើង​ដែល​ជាអ្នក​តូចទាប​បំផុត ។ ខ្ញុំ​ចង់​ស្តាប់​នូវ​រឿងដែល​ព្រះអម្ចាស់​ត្រូវ​មាន​បន្ទូល​ទៅកាន់​បង នៅពេល​ទ្រង់​សម្តែង​ការដឹង​គុណ​ចំពោះ​អំពើល្អ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ខាង​វិញ្ញាណដែល​បង​បាន​ធ្វើ សម្រាប់​មនុស្ស​ដែលមានតែ​បង និង​ទ្រង់​ប៉ុណ្ណោះដែល​ស្គាល់ ។​ សូម​អរគុណ​បង​ដែល​បាន​ផ្តល់​ពរ​ដល់​យើង​តាម​វិធី​ជាច្រើន … សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ដែល​បង​បាន​បញ្ជូន​មក ។ … ជាញឹកញាប់​ខ្ញុំ​តែងតែ​ឆ្ងល់ថា តើ​ព្រះអម្ចាស់​បាន​រើស​បង​ជា​ពិសេស ឬ​ក៏​មានតែ​បង​ដែល​ស្តាប់ឮ » ។​

ដើម្បី​ស្រឡាញ់​អ្នក​ជិត​ខាង​បងប្អូន រួមមាន​នូវ​ទង្វើ​សប្បុរស និង​ការ​បម្រើ​ដូចជា​គ្រីស្ទ ។ តើ​បងប្អូន​អាចលះ​បង់​កំហឹង អភ័យទោស​ដល់​សត្រូវ ស្វាគមន៍ និង​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ជិតខាង និង​ជួយ​មនុស្ស​ចាស់​ដែរ​ឬ​ទេ ? បងប្អូន​ម្នាក់ៗ​នឹង​ត្រូវ​បាន​បំផុស​គំនិត​ នៅ​ពេល​បងប្អូន​សាងសង់​ប៉ម​នៃ​សេចក្ដី​ស្រឡាញ់ សម្រាប់​អ្នក​ជិត​ខាង ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀនថា « ការ​ផ្ដល់​ជំនួយ​ដល់​មនុស្ស​ដទៃ—ការ​ខិតខំ​ដោយ​មនសិកា​ដើម្បី​មើលថែ​អ្នកដទៃ​ឲ្យ​បាន​ច្រើន ឬ​ច្រើន​ជាង​ដែល​យើង​អាច​មើលថែ​ខ្លួនឯង—គឺ​ជា​អំណរ​របស់​យើង ។ ជាពិសេស … នៅពេល​វា​ពុំ​ងាយស្រួល ហើយ​នៅ​ពេល​យើង​ត្រូវ​ចេញ​ពី​ភាពសុខស្រួល​របស់​យើង ។ ការរស់នៅ​តាម​ព្រះបញ្ញត្តិ​ធំ​ទីពីរ គឺជា​គន្លឹះ ដើម្បីប្រែ​ក្លាយ​ទៅជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

ការពឹង​អាស្រ័យ​គ្នា

ព្រះយេស៊ូវ​បាន​បន្ត​បង្រៀន​ទៀត​ថា « បណ្តា​ក្រឹត្យវិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន​ក៏​សម្រេច​នៅ​បទ​បញ្ញត្តិ​ទាំង​ពីរ​ប្រការ​នេះ​ឯង » ។ ការបង្រៀន​នេះ​គឺ​ជាការ​ណែនាំ​ដ៏​សំខាន់ ។ មាន​ការ​ពាក់ព័ន្ធដ៏​សំខាន់​មួយ​រវាង​ការ​ស្រឡាញ់​ព្រះអម្ចាស់ និង​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។ ដើម្បី​ឲ្យ​ស្ពាន​ហ្គោលដិន​ហ្គេត​អនុវត្ត​មុខងារ​ដែល​បាន​រចនាឡើង​របស់​វា នោះ​ប៉ម​ទាំង​ពីរ​ត្រូវតែរឹងមាំ​ស្មើគ្នា និងអានុភាពស្មើគ្នា​ដើម្បី​ទ្រ​ទម្ងន់​នៃ​ខ្សែ​កាប ផ្លូវ និង​ចរាចរណ៍​ឆ្លង​កាត់​ស្ពាន​ដូចគ្នា ។ បើ​គ្មាន​ស៊ីម៉េទ្រី​នៃ​វិស្វកម្ម​នេះ​ទេ ស្ពាន​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ អាច​នាំឲ្យ​ដួល​រលំ​បាន ។ ដើម្បី​ឲ្យ​ស្ពាន​ខ្សែកាប​ណា​មួយ​បើក​ដំណើរការ​បាន ប៉ម​របស់​វា​ត្រូវ​តែ​ដំណើរការ​ស្រុះគ្នា​ទាំង​ស្រុង ។ ដូច​គ្នា​នេះ​ដែរ​សមត្ថភាព​របស់​យើង​ក្នុង​ការ​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ គឺ​អាស្រ័យ​ទៅ​លើ​កម្លាំង និងអំណាច​របស់​យើង ដើម្បី​រស់​នៅ​តាម​ព្រះបញ្ញត្តិ​ទី​មួយ និង​ទី​ពីរ​ដោយ​មាន​តុល្យភាព និង​មានការ​លះបង់​ស្មើ​គ្នា​ចំពោះ​ព្រះបញ្ញត្តិ​ទាំងពីរ ។

ស្ពានហ្គូលឌិន ហ្គេត

ការ​ឈ្លោះ​ទាស់ទែងមាន​កំណើន​ឡើង​នៅ​ក្នុង​ពិភព​លោក​ដែល​ជួន​កាលយើង​មើល​រំលង ឬ​មិនចង​ចាំ​ ។​ អ្នក​ខ្លះ​បាន​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​រក្សា​បទបញ្ញត្តិ ដែល​ធ្វើឲ្យ​ពួក​គេ​មិនសូវ​ចេះ​អត់ឱន​ចំពោះ​អ្នក​ដែល​ពួក​គេ​មើល​ឃើញ​ថា​មិន​សូវ​សុចរិត ។ អ្នក​ខ្លះ​ពិបាក​ក្នុង​ការ​ស្រឡាញ់​អ្នក​ដែល​ជ្រើសរើស​រស់នៅ​ក្រៅ​សេចក្ដី​សញ្ញា ឬ​មិន​ចូលរួម​ខាង​សាសនា​ណា​មួយ ។

ម្យ៉ាង​វិញទៀត មាន​អ្នកខ្លះ​ផ្ដោត​លើ​សារៈសំខាន់​នៃ​ការ​ស្រឡាញ់​អ្នក​ដទៃ​ដោយ​មិន​ទទួល​ស្គាល់​ថា យើងគ្រប់​រូប​នឹង​ត្រូវ​ទទួល​ខុសត្រូវ​នៅចំពោះ​ព្រះ​នោះទេ ។ អ្នក​ខ្លះ​បដិសេធ​ទាំង​ស្រុង​នូវ​គំនិត​ដែល​ថា មាន​រឿងមួយ​ដែល​ជា​សេចក្ដី​ពិត​ទាំង​ស្រុង ឬ​ត្រូវ និង​ខុស ហើយ​តម្រូវ​ឲ្យ​យើង​មាន​ការ​អត់​ឱន​ទោសតែម្យ៉ាង និង​ការ​ទទួល​យក​ទាំង​ស្រុង​នូវ​ជម្រើស​របស់​អ្នក​ដទៃ ។​ អតុល្យភាព​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ​ស្ពាន​ខាង​វិញ្ញាណ​របស់​បងប្អូន​ស្រុត​ចុះ ឬ​រលំ​ផងដែរ ។

ប្រធាន ដាល្លិន អេក អូក បាន​រៀបរាប់​អំពី​រឿង​នេះ​នៅ​ពេល​លោក​ថ្លែងថា ៖ « យើង​ត្រូវ​បាន​បង្គាប់​ឲ្យ​ស្រឡាញ់​មនុស្ស​គ្រប់​គ្នា ពីព្រោះ​រឿងប្រៀប​ប្រដូច​របស់​ព្រះយេស៊ូវ​អំពី​សាសន៍​សាម៉ារី​ល្អ​បង្រៀន​ថា មនុស្ស​គ្រប់​គ្នា​គឺជា​អ្នក​ជិត​ខាង​របស់​យើង ។ ប៉ុន្តែ​ភាព​ខ្នះខ្នែង​របស់​យើង​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​ទីពីរ​នេះ​មិន​ត្រូវ​ធ្វើ​ឲ្យ​យើង​ភ្លេច​ពី​បទបញ្ញត្តិ​ទី​មួយ ឲ្យ​ស្រឡាញ់​ព្រះ ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​របស់​យើង​នោះ​ឡើយ » ។

សរុប​សេចក្តី

ដូច្នេះ​សំណួរ​សម្រាប់​យើង​ម្នាក់ៗ​គឺថា តើ​យើង​កសាង​ស្ពាន​នៃ​សេចក្តី​ជំនឿ និង​ការ​លះបង់​របស់​យើង—ដែល​ជា​ការសាងសង់​ប៉ម​ស្ពាន​ដ៏​ខ្ពស់​នៃ​ការ​ស្រឡាញ់​ព្រះ និង​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង​ដោយ​របៀបណា ?​ មែនហើយ យើង​គ្រាន់តែ​ចាប់ផ្ដើម​ប៉ុណ្ណោះ ។ កិច្ច​ខិតខំ​ដំបូង​របស់​យើង អាច​មើល​ទៅ​ដូច​ជាគូស​ផែនការសង់​ស្ពានដែល​យើង​ចង់បាន​នៅ​លើ​ក្រដាស​ជូតមាត់ ឬ​ពង្រាង​ប្លង់​មេដំបូង​អ៊ីចឹង​ ។ វា​អាច​នឹង​មាន​គោលដៅ​ច្បាស់មួយ​ចំនួន​ដើម្បី​យល់​បន្ថែម​ទៀតអំពី​ដំណឹងល្អ​របស់​ព្រះអម្ចាស់ ឬ​ប្តេជ្ញា​ថា​នឹង​វិនិច្ឆ័យ​អ្នក​ដទៃ​ឲ្យ​តិច​ជាង​នេះ ។ គ្មាន​នរណា​ម្នាក់​ក្មេង​ពេក ឬ​ចាស់​ពេក​ដើម្បី​ចាប់​ផ្តើម​ឡើយ ។

គំនូស​រចនា​ប្លង់ស្ពាន

យូរៗទៅ ដោយ​មាន​ការផែនការ​ល្អិតល្អន់ និង​ប្រកប​ដោយ​ការ​អធិស្ឋាន នោះគំនិត​ព្រាងៗ​ត្រូវ​បានសម្រិតសម្រាំងឡើង ។ សកម្មភាព​ថ្មី​ក្លាយ​ទៅជា​ទម្លាប់ ។ សេចក្តី​ព្រាង​ដំបូង​ក្លាយ​ជា​ប្លង់​មេ ។ យើង​កសាង​ស្ពាន​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​ដោយ​មាន​ដួងចិត្ត និង​គំនិត​ស្មោះស្ម័គ្រ​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះរាជ​បុត្រា​តែ​មួយ​គត់​របស់​ទ្រង់ ព្រម​ទាំង​ចំពោះ​បងប្អូន​ប្រុស​ស្រី​យើង​ដែល​យើង​ធ្វើ​ការ លេង និង​រស់​នៅ​ជាមួយ​ផងដែរ ។

នៅ​ថ្ងៃ​ខាង​មុខ​នៅ​ពេល​ដែល​បងប្អូន​ឆ្លង​កាត់​ស្ពាន​ខ្សែកាប​ដ៏​អស្ចារ្យ ឬ​សូម្បី​តែ​ពេល​បងប្អូន​ឃើញ​រូបភាព​មួយ​ដែល​មាន​ប៉ម​ដ៏​ខ្ពស់​សន្លឹម ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចងចាំ​នូវព្រះបញ្ញត្តិ​ធំ​ទាំង​ពីរ ដែល​បាន​ពិពណ៌នា​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។​ សូម​ឲ្យ​ការបង្រៀន​របស់​ព្រះអម្ចាស់​បំផុស​គំនិត​យើង ។ សូម​ឲ្យ​ចិត្ត និង​គំនិត​របស់​យើង​ត្រូវ​បាន​លើក​ឡើង ដើម្បី​ស្រឡាញ់​ព្រះអម្ចាស់ ហើយងាកទៅ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ។​

ខ្ញុំ​ថ្លែង​ទីបន្ទាល់ សូម​ឲ្យ​សេចក្ដី​ជំនឿ​របស់​យើង​កាន់​តែ​រឹង​មាំ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ នៅក្នុង​នាម​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕​

កំណត់​ចំណាំ

  1. « នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី [ ពាក្យ អ្នកប្រាជ្ញ​ខាងច្បាប់ ] ស្មើ​នឹង ពួក​អាចារ្យ និង​ពួក​ផារិស៊ី បុគ្គល​ដែល​មាន​វិជ្ជាជីវៈ​ជា​សិស្ស និង​ជា​គ្រូ​បង្រៀន​ច្បាប់ រួម​ទាំង​ច្បាប់​សរសេរ​របស់​សៀវភៅ​ប្រាំក្បាល​ដំបូង​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ហើយ​ក៏​ជា ‹ ទំនៀម​ទម្លាប់​របស់​ពួក​អែលឌើរ​ផង​ដែរ » ( ម៉ាថាយ ២២:៣៥; ម៉ាកុស ១២:២៨; លូកា ១០:២៥ ) » ( Bible Dictionary « Lawyer ) ។

  2. ពី​បុរាណ​អ្នក​ប្រាជ្ញ​ជន​ជាតិ​យូដា​បាន​រាប់​បញ្ជូល​បទ​បញ្ញត្តិ​ចំនួន ៦១៣ នៅ​ក្នុង​តូរ៉ា ( សៀវភៅ​ប្រាំក្បាល​ដំបូង​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ) និង​បាន​ជជែក​ពិភាក្សា​យ៉ាង​សកម្ម​អំពី​សារៈ​សំខាន់​ដែល​ទាក់​ទង​នឹង​បទ​បញ្ញត្តិ​មួយ​ផ្ទុយ​នឹង​បទ​បញ្ញត្តិ​មួយ​ទៀត ។ ប្រហែល​អ្នកប្រាជ្ញ​ខាងច្បាប់​មាន​បំណង​ប្រើ​ចម្លើយ​របស់​ព្រះយេស៊ូវ​ដើម្បី​ប្រឆាំង​នឹង​ទ្រង់ ។ ប្រសិន​បើ​ទ្រង់​មាន​បន្ទូល​ថា​បទបញ្ញត្តិ​មួយ​គឺ​សំខាន់​បំផុត នោះ​វា​អាច​នឹង​អនុញ្ញាត​ឲ្យ​មាន​ការចោទ​ប្រកាន់​ព្រះយេស៊ូវ​ថា​មិន​អើពើ​នឹង​ទិដ្ឋភាព​មួយ​ផ្សេង​ទៀត​នៃ​ច្បាប់ ។ ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់​ព្រះអង្គ​សង្រ្គោះ​បាន​បំបិទ​មាត់​អស់​អ្នក​ដែល​ចូល​មក​ចាប់​ទ្រង់​ដោយ​សេចក្តី​ថ្លែង​ការណ៍គ្រឹះ​ថា ថ្ងៃ​នេះ​បន្ទូល​របស់​ព្រះយេស៊ូវ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អ្វី​ដែល​យើង​ធ្វើ​ក្នុង​សាសនាចក្រ ។​

  3. ម៉ាថាយ ២២:៣៦–៤០

  4. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១៥

  5. យ៉ូហាន ១៤:១៥

  6. ឈ្មោះ​ទាំងពីរបាន​ផ្លាស់ប្ដូរនៅ​ក្នុង​រឿងនេះ​ដើម្បី​ការពារឯកជនភាព ។

  7. ម៉ូសាយ ២:៤១។

  8. ម៉ាថាយ ២២:៣៩

  9. នីហ្វៃទី២ ២៦:៣៣

  10. គោលលទ្ធិ និងសេចក្តីសញ្ញា ៨១:៥

  11. ឈ្មោះ​បាន​ផ្លាស់ប្ដូរ​ដើម្បី​ការពារ​ឯកជនភាព ។

  12. រ័សុល អិម ណិលសុន​« The Second Great CommandmentLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៧ ។

  13. ម៉ាថាយ ២២:៤០

  14. ដាល្លិន អេក អូក « TwoGreat CommandmentsLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៤ ។