អព្ភូតហេតុទាំងឡាយ ពួកទេវតា និងអំណាចបព្វជិតភាព
ប្រសិនបើបងប្អូនមានបំណងចង់បានពរជ័យបព្វជិតភាព រួមទាំងអព្ភូតហេតុ និងការងារបម្រើរបស់ពួកទេវតា សូមដើរតាមផ្លូវនៃសេចក្ដីសញ្ញាដែលព្រះបានប្រទានឲ្យ ។
មនុស្សជាច្រើននៅសព្វថ្ងៃនេះនិយាយថា គ្មានអព្ភូតហេតុទេ ថាពួកទេវតាគឺជារឿងប្រឌិត ហើយថាស្ថានសួគ៌ត្រូវបានបិទហើយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា អព្ភូតហេតុទាំងឡាយពុំឈប់មានឡើយ ពួកទេវតាស្ថិតក្នុងចំណោមពួកយើង ហើយស្ថានសួគ៌បើកពិតប្រាកដ ។
នៅពេលព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទ បានគង់នៅលើផែនដី ទ្រង់បានប្រទានកូនសោបព្វជិតភាពទៅដល់សាវករបស់ទ្រង់គឺ ពេត្រុស តាមរយៈកូនសោទាំងនេះ ពេត្រុស និងសាវកឯទៀតបានដឹកនាំសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ។ ប៉ុន្តែនៅពេលសាវកទាំងនោះបានស្លាប់ទៅ នោះកូនសោបព្វជិតភាពត្រូវបានដកចេញពីផែនដី ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា កូនសោបព្វជិតភាពពីបុរាណត្រូវបានស្ដារឡើងវិញ ។ ពេត្រុស យ៉ាកុប និង យ៉ូហាន និងព្យាការីពីបុរាណផ្សេងទៀតបានបង្ហាញកាយជាតួអង្គរស់ឡើងវិញ បានប្រទានដល់ព្យាការី យ៉ូសែប ស្ម៊ីធ នូវអ្វីដែលព្រះអម្ចាស់បានចែងថា« កូនសោទាំងឡាយនៃនគររបស់យើង និងនៃការកាន់កាប់ត្រួតត្រានៃដំណឹងល្អ » ។
កូនសោដដែលនោះត្រូវបានផ្ទេរពីព្យាការីម្នាក់ទៅព្យាការីម្នាក់ទៀតរហូតមកដល់សព្វថ្ងៃនេះ ។ បុរសទាំង ១៥ រូប ដែលយើងគាំទ្រជាព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ប្រើកូនសោទាំងនោះដើម្បីដឹកនាំសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ ដូចនៅសម័យបុរាណដែរ មានសាវកជាន់ខ្ពស់ម្នាក់ដែលកាន់ និងមានសិទ្ធិអំណាចដើម្បីអនុវត្តកូនសោបព្វជិតភាពទាំងអស់នេះ ។ លោកគឺជាប្រធាន រ័សុល អិម ណិលសុន ជាព្យាការី និងជាប្រធានសាសនាចក្រដែលបានស្ដារឡើងវិញនៃព្រះគ្រីស្ទនៅជំនាន់យើង ៖ គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
តាមរយៈសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ នោះយើងទទួលបានពរជ័យនៃបព្វជិតភាព—រួមទាំងអំណាចនៃព្រះដើម្បីជួយដល់យើងក្នុងជីវិតផងដែរ ។ នៅក្រោមកូនសោបព្វជិតភាពដែលមានសិទ្ធិអំណាច យើងធ្វើការសន្យាដ៏ពិសិដ្ឋចំពោះព្រះ ហើយទទួលបានពិធីបរិសុទ្ធដ៏ពិសិដ្ឋដែលរៀបចំឲ្យយើងរស់នៅក្នុងវត្តមានទ្រង់ ។ វាចាប់ផ្តើមជាមួយនឹងពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ បន្ទាប់មកនៅក្នុងព្រះវិហារបរិសុទ្ធ យើងបន្តឆ្ពោះទៅមុខនៅលើផ្លូវនៃសេចក្តីសញ្ញាដែលនាំយើងត្រឡប់ទៅឯទ្រង់វិញ ។
យើងក៏ទទួលបានពរជ័យបព្វជិតភាពដោយការដៃដាក់លើក្បាលរួមមានការណែនាំ ការលួងលោម ការប្រឹក្សា ការព្យាបាល និងអំណាចដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងជីវិតខ្ញុំ ខ្ញុំទទួលបានពរជ័យដោយសារអំណាចដ៏អស្ចារ្យនេះ ។ ដូចបានបង្ហាញនៅក្នុងព្រះគម្ពីរ យើងសំដៅទៅលើពរជ័យនេះថាជាអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែកដ៏បរិសុទ្ធ ។
កាលនៅជាយុវវ័យ ខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះអំណាចនេះ ជាពិសេសនៅពេលដែលវាបង្ហាញនៅក្នុងការប្រសិទ្ធពរបព្វជិតភាព ។ ខណៈដែលកំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងនៅប្រទេសស៊ីលី ដៃគូខ្ញុំ និងខ្ញុំត្រូវបានគេចាប់ខ្លួន និងបានបែកចេញពីគ្នា ។ យើងមិនបានដឹងពីមូលហេតុអ្វីនោះទេ ។ វាជាគ្រានៃភាពចលាចលខាងនយោបាយដ៏ធំមួយ ។ មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួនដោយប៉ូលីសយោធា ក៏លែងបានឮដំណឹងអ្វីពីពួកគេទៀត ។
បន្ទាប់ពីបានសាកសួរចម្លើយរួចហើយ ខ្ញុំអង្គុយតែម្នាក់ឯងនៅក្នុងមន្ទីរឃុំឃាំងដោយមិនដឹងថាខ្ញុំនឹងជួបមនុស្សជាទីស្រឡាញ់របស់ខ្ញុំម្ដងទៀតឬអត់នោះទេ ? ខ្ញុំបានបែរទៅរកព្រះវរបិតាសួគ៌ទូលអង្វរយ៉ាងខ្លាំង ៖ « ព្រះវរបិតាអើយ ទូលបង្គំបានរៀនថា ទ្រង់តែងតែមើលថែពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ។ ឱ ព្រះវរបិតាអើយ ទូលបង្គំមិនពិសេសអីទេ ប៉ុន្តែទូលបង្គំបានគោរពប្រតិបត្តិ ហើយត្រូវការជំនួយរបស់ទ្រង់នៅយប់នេះ » ។
គ្រាប់ពូជនៃជំនួយនេះត្រូវបានដាំជាច្រើនឆ្នាំមុនមកហើយ ។ ក្រោយពីពិធីបុណ្យជ្រមុជទឹកខ្ញុំត្រូវបានបញ្ជាក់ថាជាសមាជិកនៃសាសនាចក្រ ហើយទទួលបានអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ ។ ពេលខ្ញុំអធិស្ឋានតែម្នាក់ឯងនៅក្នុងគុក រំពេចនោះព្រះវិញ្ញាណបរិសុទ្ធបានយាងមករកខ្ញុំហើយលួងលោមខ្ញុំ ។ ទ្រង់បានបំផុសប្រយោគដ៏ពិសេសមួយក្នុងគំនិតខ្ញុំមកពីពរលោកអយ្យកោរបស់ខ្ញុំ ដែលជាពរជ័យមួយទៀតនៃបព្វជិតភាព ។ ក្នុងពរលោកអយ្យកោនោះ ព្រះបានសន្យានឹងខ្ញុំថា តាមរយៈភាពស្មោះត្រង់ នោះខ្ញុំនឹងអាចបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធសម្រាប់ពេលវេលា និងភាពអស់កល្បជានិច្ចជាមួយស្ត្រីម្នាក់ដ៏ស្រស់ស្អាត និងប្រកបដោយគុណធម៌ និងសេចក្ដីស្រឡាញ់ ថាយើងនឹងក្លាយជាឪពុកម្ដាយនៃកូនប្រុសស្រីដ៏មានតម្លៃ ហើយថាខ្ញុំនឹងត្រូវបានប្រទានពរ និងតម្កើងឡើងជាឪពុកនៅក្នុងវង្សអ៊ីស្រាអែល ។
ពាក្យដ៏បំផុសគំនិតអំពីអនាគតរបស់ខ្ញុំទាំងនោះ បានធ្វើឲ្យព្រលឹងខ្ញុំបំពេញដោយភាពសុខសាន្ត ។ ខ្ញុំបានដឹងថា ពាក្យទាំងនោះបានមកពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់ដែលទ្រង់តែងតែរក្សាការសន្យាជានិច្ច ។ នៅគ្រានោះ ខ្ញុំទទួលបានការបញ្ជាក់មួយថា ខ្ញុំនឹងត្រូវបានដោះលែង ហើយនឹងរស់នៅដើម្បីមើលឃើញការសន្យាទាំងនោះបំពេញ ។
ប្រហែលមួយឆ្នាំក្រោយមក ព្រះវរបិតាសួគ៌បានប្រទានដល់ខ្ញុំនូវភរិយាដ៏ស្រស់ស្អាត និងប្រកបដោយគុណធម៌ និងសេចក្ដីស្រឡាញ់មួយរូប ។ លីណេត និងខ្ញុំបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ យើងបានទទួលពរដោយមានកូនប្រុសបីនាក់ និងកូនស្រីបួននាក់ដ៏មានតម្លៃ ។ ខ្ញុំបានក្លាយជាឪពុកម្នាក់ ហើយពរជ័យទាំងអស់កើតឡើងស្របទៅតាមការសន្យារបស់ព្រះនៅក្នុងពររបស់លោកអយ្យកោ ដែលខ្ញុំបានទទួល កាលពីអាយុ ១៧ ឆ្នាំ ។
« ហេតុដូច្នោះហើយ ឱបងប្អូនប្រុស [ និងបងប្អូនស្រី ] ដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ តើឈប់មានអព្ភូតហេតុហើយឬនៅ ពីព្រោះព្រះគ្រីស្ទទ្រង់បានយាងឡើងទៅឯស្ថានសួគ៌ ? …
« … ទេ រីឯពួកទេវតាក៏ពុំឈប់ធ្វើការងារបម្រើដល់កូនចៅមនុស្សដែរ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា អព្ភូតហេតុ និងការបម្រើទាំងឡាយកំពុងកើតមានជាបន្តបន្ទាប់ក្នុងជីវិតយើង ដែលជាញឹកញាប់ វាគឺជាលទ្ធផលផ្ទាល់នៃអំណាចបព្វជិតភាព ។ ពរជ័យបព្វជិតភាពមួយចំនួនត្រូវបានបំពេញភ្លាមៗតាមដែលយើងអាចមើលឃើញ និងយល់បាន ។ ពរជ័យខ្លះទៀតកំពុងលាតត្រដាងបន្តិចម្តងៗ ហើយនឹងមិនត្រូវបានដឹងពេញលេញនៅក្នុងជីវិតនេះទេ ។ ប៉ុន្តែព្រះរក្សាសេចក្ដីសន្យារបស់ទ្រង់ជានិច្ច ដូចដែលបានបង្ហាញក្នុងដំណើររឿងនេះចេញពីពង្សប្រវត្តិរបស់យើង ៖
លោកតាខាងឪពុករបស់ខ្ញុំ ហ្គ្រេន រីស បូវែន គឺជាបុរសម្នាក់ដែលមានសេចក្តីជំនឿខ្លាំង ។ ខ្ញុំចាំយ៉ាងច្បាស់ ពេលឮគាត់រំឭកឡើងវិញអំពីរបៀបដែលគាត់ទទួលបានពរលោកអយ្យកោរបស់គាត់ ។ នៅក្នុងកំណត់ហេតុគាត់ គាត់បានកត់ត្រា ៖ « លោកអយ្យកោបានសន្យានឹងខ្ញុំនូវអំណោយទាននៃការព្យាបាល ។ លោកបាននិយាយថា ‹ អ្នកឈឺនឹងត្រូវបានជា ។ មែនហើយ ! អ្នកស្លាប់នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញនៅក្រោមដៃរបស់អ្នក › » ។
ប៉ុន្មានឆ្នាំក្រោយមក នៅពេលលោកតាកំពុងប្រមូលពំនូកចំបើង គាត់មានអារម្មណ៍បំផុសគំនិតឲ្យត្រឡប់ទៅផ្ទះវិញ ។ គាត់បានជួបឪពុកដែលដើរសំដៅមករកគាត់ ។ ឪពុករបស់លោកតាបាននិយាយថា « ហ្គ្រេន ម្តាយរបស់កូនទើបតែស្លាប់មិញនេះ » ។
ខ្ញុំសូមដកស្រង់ពាក្យសម្ដីចេញពីកំណត់ហេតុគាត់បន្តទៀតថា ៖ « ខ្ញុំអត់បានឈប់ទេ តែដើរយ៉ាងលឿនចូលផ្ទះ ហើយចេញទៅរានហាលខាងមុខឃើញម្តាយខ្ញុំដេកនៅលើកូនគ្រែមួយ ។ ខ្ញុំបានមើលទៅគាត់ ហើយឃើញថាគាត់ផុតបាត់ទៅហើយ ។ ខ្ញុំចាំពីពររបស់លោកអយ្យកោរបស់ខ្ញុំ និងការសន្យាថា ប្រសិនបើខ្ញុំស្មោះត្រង់ តាមរយៈសេចក្តីជំនឿរបស់ខ្ញុំ នោះអ្នកឈឺនឹងត្រូវបានជា ហើយអ្នកស្លាប់នឹងត្រូវបានរស់ឡើងវិញ ។ ខ្ញុំបានដាក់ដៃនៅលើក្បាលគាត់ ហើយខ្ញុំបានទូលដល់ព្រះអម្ចាស់ថា បើការសន្យាដែលទ្រង់បានធ្វើចំពោះទូលបង្គំតាមរយៈលោកអយ្យកោគឺជាការពិត សូមទ្រង់បង្ហាញឡើងនៅគ្រានេះ ហើយសូមឲ្យម្តាយទូលបង្គំរស់ឡើងវិញ ។ ខ្ញុំបានសន្យានឹងទ្រង់ថា បើទ្រង់នឹងធ្វើបែបនេះមែន ខ្ញុំមិនស្ទាក់ស្ទើរក្នុងការធ្វើអ្វីគ្រប់យ៉ាងក្នុងអំណាចរបស់ខ្ញុំដើម្បីស្ថាបនានគររបស់ទ្រង់ឡើយ ។ នៅពេលខ្ញុំអធិស្ឋានចប់ ម្តាយខ្ញុំបានបើកភ្នែក រួចនិយាយថា ‹ ហ្គ្រេន លើកម៉ាក់ឡើង ។ ម៉ាក់បាននៅក្នុងពិភពវិញ្ញាណ ប៉ុន្តែកូនបានហៅម៉ាក់ត្រឡប់មកវិញ ។ សូមឲ្យរឿងនេះជាទីបន្ទាល់មួយដល់បងប្អូន និងដល់គ្រួសាររបស់ខ្ញុំរាប់ជំនាន់ជានិច្ចតទៅ › » ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនយើងឲ្យស្វែងរក និងរំពឹងថាមានអព្ភូតហេតុ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដោយសារបព្វជិតភាពបានស្ដារឡើងវិញ នោះអំណាច និងសិទ្ធិអំណាចរបស់ព្រះគឺមាននៅលើផែនដីនេះ ។ តាមរយៈការហៅ និងក្រុមប្រឹក្សា បុរស និងស្ដ្រី ក្មេង និងចាស់អាចចូលរួមក្នុងកិច្ចការបព្វជិតភាពបាន ។ វាជាកិច្ចការនៃអព្ភូតហេតុដែលបានចូលរួមដោយពួកទេវតា ។ វាជាកិច្ចការនៃស្ថានសួគ៌ ហើយវាប្រទានពរដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ។
នៅក្នុងឆ្នាំ ១៩៨៩ គ្រួសាររបស់យើងដែលមានគ្នាប្រាំពីរនាក់បានត្រឡប់មកពីការដើរកម្សាន្ដរបស់វួដមួយ ។ វាយប់ជ្រៅហើយ ។ លីណេតកំពុងពពោះកូនទីប្រាំមួយរបស់យើង ។ គាត់មានអារម្មណ៍បំផុសគំនិតខ្លាំងឲ្យពាក់ខ្សែក្រវាត់សុវត្ថិភាពដែលគាត់ភ្លេចពាក់នោះ ។ មិនយូរប៉ុន្មាន យើងបានមកដល់ផ្លូវកោងមួយ មានរថយន្តមួយជិះឆ្លងគំនូសផ្លូវចូលមកក្នុងផ្លូវរបស់យើង ។ ដោយជិះក្នុងល្បឿន ៧០ ម៉ែលស៍ ( ១១២ គ.ម. ) ក្នុងមួយម៉ោង ខ្ញុំបានកាច់ចង្កូតគេចពីការបុករថយន្តដែលមកពីមុខ ។ រថយន្តរបស់យើងបានក្រឡាប់លើផ្លូវល្បឿនលឿន ហើយបានរអិលចេញពីផ្លូវ រួចបានឈប់នៅលើផ្លូវអ្នកដើរថ្មើជើង ។
រឿងបន្ទាប់ដែលខ្ញុំចាំគឺបានឮសំឡេងលីណេតថា ៖ « សាយអាន យើងត្រូវតែចេញទៅតាមទ្វាររបស់បង » ។ ខ្ញុំជាប់នឹងខ្សែក្រវាត់សុវត្ថិភាពទើលើពោង ។ ខ្ញុំចំណាយពេលពីរបីវិនាទីទម្រាំខ្ញុំដឹងខ្លួនវិញ ។ យើងបានចាប់ផ្ដើមលើកកូនម្នាក់ៗចេញពីរថយន្តតាមបង្អួចរបស់ខ្ញុំ ដែលជាដំបូលនៃរថយន្ត ។ ពួកគេយំដោយឆ្ងល់ថាតើមានអ្វីកើតឡើង ។
ភ្លាមៗនោះ យើងបានដឹងថា កូនស្រីអាយុ ១០ ឆ្នាំរបស់យើងឈ្មោះ អេមីលី បានបាត់ខ្លួន ។ យើងបានស្រែកហៅឈ្មោះនាង ប៉ុន្តែគ្មានការឆ្លើយតបទេ ។ សមាជិកវួដដែលធ្វើដំណើរទៅផ្ទះបាននៅកន្លែងកើតហេតុនោះក៏ជួយស្វែងរកនាងផងដែរ ។ វាងងឹតខ្លាំងណាស់ ។ ខ្ញុំបានមើលក្នុងរថយន្តម្តងទៀតដោយបញ្ចាំងពន្លឺភ្លើងពិល ក៏តក់ស្លុតយ៉ាងខ្លាំងពេលឃើញខ្លួនដ៏តូចរបស់អេមីលី នៅជាប់ពីក្រោមរថយន្ត ។ ខ្ញុំបានស្រែកយ៉ាងខ្លាំងថា « យើងត្រូវតែលើករថយន្តចេញពីអេមីលី » ។ ខ្ញុំចាប់ដំបូលឡាន ហើយទាញត្រឡប់វិញ ។ មានតែមនុស្សពីរបីនាក់ប៉ុណ្ណោះដែលជួយលើករថយន្ត ប៉ុន្តែរថយន្តនេះបានក្រឡាប់មកវិញដោយអព្ភូតហេតុ ដោយបង្ហាញរូបកាយស្ដូកស្តឹងគ្មានជីវិតរបស់អេមីលី ។
អេមីលីគ្មានដង្ហើមទេ ។ មុខរបស់នាងគឺឡើងពណ៌ស្វាយអ៊ីចឹង ។ ខ្ញុំបាននិយាយថា « យើងត្រូវតែប្រសិទ្ធពរដល់នាង » ។ មិត្ដភក្ដិម្នាក់ និងសមាជិកវួដជាទីស្រឡាញ់បានលុតជង្គង់ជាមួយនឹងខ្ញុំ ហើយដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែកនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ យើងបានបញ្ជាឲ្យនាងនៅរស់ ។ នៅគ្រានោះ អេមីលីបានដកដង្ហើមមួយយ៉ាងវែង ។
បន្ទាប់ពីរងចាំហាក់ដូចជារាប់ម៉ោង នោះរថយន្តសង្គ្រោះបន្ទាន់ក៏បានមកដល់ ។ អេមីលីត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។ នាងមានបញ្ហាសួតស្រុត ហើយសរសៃពួរសាច់ដុំនៅក្នុងជង្គង់របស់នាងមានរបួសធ្ងន់ធ្ងរ ។ បញ្ហាខូចខួរក្បាលគឺជាការព្រួយបារម្ភខ្លាំងមួយ ព្រោះនាងខ្វះអុកស៊ីសែនរយៈពេលយូរ ។ អេមីលីបានសន្លប់អស់រយៈពេលមួយថ្ងៃកន្លះ ។ យើងបានបន្តអធិស្ឋាន និងតមអាហារសម្រាប់នាង ។ នាងបានទទួលពរឲ្យជាសះស្បើយពេញលេញ ។ ថ្ងៃនេះ អេមីលី និងស្វាមី ខេវីន គឺជាឪពុកម្តាយនៃកូនស្រីប្រាំមួយនាក់ ។
ជាអព្ភូតហេតុណាស់ មនុស្សគ្រប់គ្នាដែលពាក់ពន្ធ័ក្នុងគ្រោះថ្នាក់នោះអាចរួចផុតពីគ្រោះថ្នាក់ ។ ទារកដែលលីណេត ពពោះកាលនោះឈ្មោះ ថៃសុន ។ ថៃសុនក៏បានគេចផុតពីគ្រោះថ្នាក់ដែរ និងបានកើតនៅខែកុម្ភៈបន្ទាប់ ។ ប្រាំបីខែក្រោយមក បន្ទាប់ពីបានទទួលរូបកាយលើផែនដីហើយ ថៃសុនបានត្រឡប់ទៅកាន់គេហដ្ឋានរបស់ព្រះវរបិតាសួគ៌វិញ ។ គាត់គឺជាកូនប្រុសទេវតារបស់យើង ។ យើងមានអារម្មណ៍ថាមានឥទ្ធិពលរបស់គាត់នៅក្នុងគ្រួសារយើង ហើយទន្ទឹងរង់ចាំដើម្បីនៅជាមួយគាត់ម្ដងទៀត ។
អស់អ្នកដែលលើករថយន្តចេញពីអេមីលី បានសង្កេតឃើញថា រថយន្តនេះហាក់ដូចជាមិនធ្ងន់សោះ ។ ខ្ញុំបានដឹងថា ទេវតាស្ថានសួគ៌បានចូលរួមជាមួយពួកទេវតាលើផែនដី ដើម្បីលើករថយន្តនោះចេញពីរូបកាយរបស់អេមីលី ។ ខ្ញុំក៏ដឹងផងដែរថា អេមីលីមានជីវិតឡើងវិញដោយសារអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធ ។
ព្រះអម្ចាស់ទ្រង់បានបង្ហាញសេចក្ដីពិតនេះដល់អ្នកបម្រើទ្រង់ ៖ « យើងនឹងទៅពីមុខអ្នក ។ យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នកដើម្បីទ្រអ្នកឡើង » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា « បព្វជិតភាពដ៏បរិសុទ្ធតាមរបៀបនៃព្រះរាជបុត្រានៃព្រះ »ពោលគឺ បព្វជិតភាពម៉ិលគីស្សាដែក—ជាមួយនឹងកូនសោ សិទ្ធិអំណាច និងអំណាច ត្រូវបានស្ដារឡើងវិញនៅលើផែនដីក្នុងថ្ងៃចុងក្រោយនេះ ។ ខ្ញុំដឹងថា ទោះបីជាគ្រប់ស្ថានភាពទាំងអស់មិនដូចអ្វីដែលយើងអាចសង្ឃឹម និងអធិស្ឋានក៏ដោយ ក៏អព្ភូតហេតុរបស់ព្រះនឹងកើតឡើងតាមព្រះទ័យ ពេលវេលា និងផែនការរបស់ទ្រង់សម្រាប់យើងជានិច្ចដែរ ។
ប្រសិនបើបងប្អូនមានបំណងចង់បានពរជ័យបព្វជិតភាព រួមទាំងអព្ភូតហេតុ និងការងារបម្រើរបស់ពួកទេវតា ខ្ញុំសូមអញ្ជើញបងប្អូនឲ្យដើរតាមផ្លូវនៃសេចក្ដីសញ្ញាដែលព្រះបានប្រទានដល់យើងម្នាក់ៗ ។ សមាជិក និងថ្នាក់ដឹកនាំសាសនាចក្រដែលស្រឡាញ់បងប្អូន នឹងជួយបងប្អូនឲ្យធ្វើជំហានបន្ទាប់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ហើយមានព្រះជន្មរស់ និងដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈព្យាការីដែលនៅរស់ ដែលកាន់ និងអនុវត្តកូនសោបព្វជិតភាព ។ ព្រះវិញ្ញាណបរិសុទ្ធគឺមានពិត ។ ព្រះអង្គសង្រ្គោះបានពលីព្រះជន្មរបស់ទ្រង់ដើម្បីព្យាបាលយើង យកយើងមកវិញ ហើយនាំយើងត្រឡប់ទៅស្ថានសួគ៌វិញ ។
ខ្ញុំសូមថ្លែងជាសាក្សីថា អព្ភូតហេតុទាំងឡាយនៅតែបន្តមាន ពួកទេវតាគឺនៅក្នុងចំណោមពួកយើង ហើយស្ថានសួគ៌នៅបើកចំហ ។ ឱ ! ស្ថានសួគ៌បើកចំហយ៉ាងធំ ! នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕