ពាក្យសម្តីសំខាន់ខ្លាំងណាស់
សម្តីសរជាតិ មារយាទសរពូជ ។ ពាក្យសម្តីបង្ហាញពីគំនិត អារម្មណ៍ និងបទពិសោធន៍របស់យើងសម្រាប់សេចក្ដីល្អ ឬអាក្រក់ ។
បងប្អូនប្រុសស្រី និងមិត្តភ័ក្ដិទូទាំងពិភពលោក ខ្ញុំមានកិត្តិយសណាស់ដើម្បីនិយាយទៅកាន់បងប្អូនដ៏ច្រើនដែលភាគច្រើនជាសមាជិកនៃសាសនាចក្ររបស់យើង ហើយមួយភាគធំទៀតជាមិត្តភ័ក្ដិ និងអ្នកស្តាប់ថ្មីក្នុងការចាក់ផ្សាយសន្និសីទនេះ ។ សូមស្វាគមន៍ !
សារលិខិតដែលបានចែកចាយចេញពីវេទិការនេះត្រូវបានទំនាក់ទំនងជាពាក្យសម្តី ។ សារលិខិតទាំងនេះត្រូវបាននិយាយជាភាសាអង់គ្លេស ហើយបានបកប្រែជាជិត១០០ ភាសាផ្សេងៗគ្នា ។ ប៉ុន្តែមូលដ្ឋានរបស់សារលិខិតទាំងឡាយនៃសន្និសីទទូទៅគឺដូចគ្នាជានិច្ច ។ នោះគឺពាក្យសម្តី ។ ហើយពាក្យសម្តីសំខាន់ខ្លាំងណាស់ ។ ខ្ញុំសូមនិយាយម្ដងទៀត ។ ពាក្យសម្តីសំខាន់ខ្លាំងណាស់ !
ពាក្យសម្តីគឺជាគ្រឺះនៃរបៀបដែលយើងទំនាក់ទំនង ពាក្យសម្ដីតំណាងឲ្យជំនឿ សីលធម៌ និងទស្សនៈនានារបស់យើង ។ ពេលខ្លះយើងនិយាយ ពេលខ្លះទៀតយើងស្ដាប់ ។ សម្តីសរជាតិ មារយាទសរពូជ ។ ពាក្យសម្តីបង្ហាញពីគំនិត អារម្មណ៍ និងបទពិសោធន៍របស់យើងសម្រាប់សេចក្ដីល្អ ឬអាក្រក់ ។
ជាអកុសល ពាក្យសម្តីអាចនិយាយដោយមិនគិត ឆេវឆាវ និងឈឺចាប់ ។ ពេលនិយាយដែលចេញហើយ នោះមិនអាចលេបវិញបានទេ ។ ពាក្យសម្តីអាចបង្ករបួស ដាក់ទណ្ឌកម្ម កាត់ផ្តាច់ ទាំងនាំឲ្យមានសកម្មភាពបំផ្លិចបំផ្លាញទៀតផង ។ ពាក្យសម្តីទាំងនោះអាចធ្វើឲ្យយើងមានភាពតានតឹង ឬទុក្ខព្រួយ ។
ម្យ៉ាងទៀត ពាក្យសម្តីអាចអបអរជ័យជំនះ ផ្ដល់ក្តីសង្ឃឹម និងការលើកទឹកចិត្ត ។ ពាក្យសម្តីអាចជំរុញឲ្យយើងគិតឡើងវិញ ចាប់ផ្តើមឡើងវិញ ហើយរៀបចំទិសដៅរបស់យើងឡើងវិញបាន ។ ពាក្យសម្តីអាចបើកគំនិតយើងទៅរកសេចក្ដីពិត ។
នោះជាមូលហេតុដែលព្រះបន្ទូលរបស់ព្រះមានសារៈសំខាន់ចម្បងបំផុត ។
នៅក្នុងព្រះគម្ពីរមរមន ព្យាការីអាលម៉ា និងប្រជាជនលោកនៅទ្វីបអាមេរិកពីបុរាណបានជួបប្រទះសង្គ្រាមមិនចេះឈប់ឈរជាមួយនឹងអ្នកដែលមិនអើពើនឹងព្រះបន្ទូលរបស់ព្រះ ធ្វើចិត្តរឹងរូស ហើយបំផ្លាញវប្បធម៌របស់ខ្លួន ។ អ្នកស្មោះត្រង់អាចនឹងច្បាំងតបត ប៉ុន្តែអាលម៉ាបានប្រឹក្សាថា ៖ « ហើយឥឡូវនេះដោយការផ្សាយព្រះបន្ទូល មានបណ្តាការដ៏ធំក្នុងការដឹកនាំប្រជាជន ឲ្យធ្វើនូវអ្វីៗដែលត្រឹមត្រូវ —មែនហើយ វាមានប្រសិទ្ធភាពទៅលើគំនិតមនុស្សច្រើន ជាងផ្លែដាវ ឬ អ្វីផ្សេងៗទៀត ដែលកើតឡើងដល់គេ —ហេតុដូច្នេះហើយ អាលម៉ាបានគិតថា ជាការចាំបាច់ដែលគេត្រូវពិសោធគុណធម៌នៃព្រះបន្ទូលនៃព្រះ » ។
« ព្រះបន្ទូលរបស់ព្រះ » គឺសំខាន់ជាងការសម្ដែងនូវមនោសញ្ចេតនាផ្សេងៗទាំងអស់ ។ ព្រះបន្ទូលរបស់ព្រះគឺបែបហ្នឹង ចាប់តាំងពីការបង្កបង្កើតផែនដីមកម៉្លេះ នៅពេលដែលព្រះអម្ចាស់បានមានបន្ទូលថា ៖ « ចូរឲ្យមានពន្លឺឡើង ដូច្នេះ ពន្លឺក៏មានឡើង » ។
ព្រះអង្គសង្គ្រោះផ្តល់នូវការធានាទាំងនេះ ដូចមានក្នុងព្រះគម្ពីរសញ្ញាថ្មីថា ៖ « ឯផ្ទៃមេឃ និងផែនដី នោះនឹងកន្លងបាត់ទៅ តែឯពាក្យខ្ញុំ មិនដែលកន្លងបាត់ឡើយ » ។
« បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅ នៅជាមួយដែរ » ។
ហើយម៉ារា ជាមាតារបស់ព្រះយេស៊ូវបានថ្លែងទីបន្ទាល់ដ៏រាបសានេះថា ៖ « មើល ខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ ដូច្នេះ សូមឲ្យបានសម្រេចដូចពាក្យលោកចុះ » ។
ការជឿ និងការស្តាប់តាមព្រះបន្ទូលរបស់ព្រះនឹងធ្វើឲ្យយើងខិតចូលទៅជិតទ្រង់ ។ ប្រធាន រ័សុល អិម ណិលសុន បានសន្យាថា « ប្រសិនបើបងប្អូននឹងសិក្សាព្រះបន្ទូលរបស់ទ្រង់ នោះសមត្ថភាពរបស់បងប្អូនដើម្បីប្រែក្លាយដូចទ្រង់នឹងកើនឡើង » ។
តើយើងគ្រប់គ្នាមិនចង់ប្រែក្លាយដូចទ្រង់ ដូចទំនុកតម្កើងច្រៀងថា « កាន់តែមានពរវិសុទ្ធ—កាន់តែដូចព្រះអង្គទេឬ » ?
ខ្ញុំស្រមៃកាល យុវជនយ៉ូសែប ស្ម៊ីធលុតជង្គង់ ស្តាប់ឮពាក្យរបស់ព្រះវរបិតារបស់លោកនៅស្ថានសួគ៌មានបន្ទូលថា ៖ « [ យ៉ូសែប ] នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្ដាប់តាមទ្រង់ចុះ ! »
យើង « ស្ដាប់តាមទ្រង់ » តាមរយៈព្រះបន្ទូលក្នុងព្រះគម្ពីរ ប៉ុន្តែតើយើងទុកឲ្យព្រះបន្ទូលទាំងនោះគ្រាន់តែមាននៅលើសន្លឹកព្រះគម្ពីរនោះ ឬក៏យើងដឹងថា ទ្រង់កំពុងមានបន្ទូលមកកាន់យើង ? តើយើងផ្លាស់ប្ដូរឬទេ ?
យើង « ស្ដាប់តាមទ្រង់ » ក្នុងគ្រាទាំងនោះ តាមរយៈវិវរណៈផ្ទាល់ខ្លួន និងការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ការឆ្លើយតបក្នុងការអធិស្ឋាន ហើយក្នុងគ្រាទាំងនោះ ជាពេលតែមួយគត់ ដែលព្រះយេស៊ូវគ្រិស្ទតាមរយៈព្រះចេស្ដានៃដង្វាយធួនរបស់ទ្រង់ អាចជួយសម្រាលបន្ទុកយើង ប្រទានការអភ័យទោស និងភាពសុខសាន្ត ហើយឱបក្រសោបយើងនៅក្នុង « ព្រះពាហុនៃសេចក្តីស្រឡាញ់របស់ទ្រង់ » ។
ទីពីរ ពាក្យសម្តីរបស់ពួកព្យាការីមានសារៈសំខាន់ណាស់ ។
ព្យាការីថ្លែងទីបន្ទាល់អំពីទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកលោកបង្រៀនដំណឹងល្អរបស់ទ្រង់ ហើយបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ទៅដល់មនុស្សទាំងអស់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្យាការីដែលនៅរស់របស់យើងគឺប្រធាន រ័សុល អិម ណិលសុន ស្តាប់ឮ ហើយថ្លែងនូវព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
ប្រធាន ណិលសុន មានទេពកោសល្យក្នុងការប្រើពាក្យសម្តីទាំងនោះ ។ លោកបានថ្លែងថា ៖ « ចូរបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា » « ប្រមូលអ៊ីស្រាអែល » « ទុកឲ្យព្រះឈ្នះ » « កសាងស្ពាននៃការយល់ដឹង » « ថ្លែងអំណរគុណ » « បង្កើនសេចក្ដីជំនឿរបស់បងប្អូនទៅលើព្រះយេស៊ូវគ្រីស្ទ » « ទទួលខុសត្រូវនៅលើទីបន្ទាល់របស់បងប្អូន » និង« ក្លាយជាអ្នកផ្សះផ្សាគេ » ។
ថ្មីៗនេះលោកបានសុំឲ្យយើង « គិតដល់សេឡេស្ទាល » ។ លោកបានថ្លែងថា « នៅពេលបងប្អូនប្រឈមមុខនឹងបញ្ហា សូមគិតដល់សេឡេស្ទាល ! នៅពេលជួបនឹងការល្បួង សូមគិតដល់សេឡេស្ទាល ! នៅពេលជីវិត ឬមនុស្សជាទីស្រឡាញ់បំបាក់ទឹកចិត្តបងប្អូន សូមគិតដល់សេឡេស្ទាល ! នៅពេលនរណាម្នាក់ស្លាប់ មុនកាលកំណត់ សូមគិតដល់សេឡេស្ទាល …នៅពេលសម្ពាធជីវិតគ្របដណ្ដប់លើបងប្អូន សូមគិតដល់សេឡេស្ទាល ! … នៅពេលបងប្អូនគិតដល់សេឡេស្ទាល នោះដួងចិត្តបងប្អូននឹងផ្លាស់ប្តូរបន្តិចម្តងៗ … បងប្អូននឹងមើលទៅការសាកល្បង និងការផ្ទុយតាមពន្លឺថ្មីមួយ … [ ហើយ ] សេចក្តីជំនឿបងប្អូននឹងកើនឡើង » ។
នៅពេលយើងគិតដល់សេឡេស្ទាល នោះយើងមើលឃើញ « រឿងទាំងនោះជាអ្វីពិត ហើយ …វានឹងក្លាយជាអ្វីពិត » ។ យើងទាំងអស់គ្នាត្រូវការទស្សនៈបែបនោះ នៅក្នុងពិភពលោកដ៏ច្របូកច្របល់ និងចម្រូងចម្រាសនេះ ។
អែលឌើរ ចច អាល់ប៊ើត ស្ម៊ីធ ពីមុនលោកក្លាយជាប្រធានសាសនាចក្រ បានថ្លែងអំពីការគាំទ្រព្យាការី និងស្ដាប់តាមសម្ដីរបស់លោក ។ គាត់ថ្លែងថា ៖ « កាតព្វកិច្ចដែលយើងធ្វើ នៅពេលយើងលើកដៃឡើង…គឺពិសិដ្ឋបំផុតមួយ … ។ វាមានន័យថា … យើងនឹងគាំទ្រលោក យើងនឹងអធិស្ឋានសម្រាប់លោក … ហើយយើងនឹងធ្វើតាមការណែនាំរបស់លោកដូចជាព្រះអម្ចាស់នឹងដឹកនាំផងដែរ » ។ និយាយម្យ៉ាងទៀត យើងនឹងធ្វើតាមពាក្យសម្តីរបស់ព្យាការីដោយឧស្សាហ៍ព្យាយាម ។
ក្នុងនាមជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈម្នាក់ក្នុងចំណោម អ្នកទាំង ១៥ រូប ដែលបានគាំទ្រកាលពីម្សិលមិញដោយសាសនាចក្រទូទាំងពិភពលោក ខ្ញុំចង់ចែកចាយនឹងបងប្អូននូវបទពិសោធន៍មួយរបស់ខ្ញុំក្នុងការគាំទ្រព្យាការី និងឱបក្រសោបពាក្យសម្តីរបស់លោក ។ សម្រាប់ខ្ញុំគឺប្រៀបដូចជាព្យាការី យ៉ាកុប ដែលបានរៀបរាប់ឡើងវិញថា « ខ្ញុំក៏បានឮសម្លេងនៃព្រះអម្ចាស់បន្លឺមកខ្ញុំគ្រប់ពាក្យ »
កាលពីខែតុលាកន្លងទៅ ភរិយាខ្ញុំ មេឡានី និងខ្ញុំ នៅក្នុងទីក្រុងបាងកកប្រទេសថៃ ពេលខ្ញុំកំពុងរៀបចំឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធដែលនឹងក្លាយទៅជាព្រះវិហារបរិសុទ្ធ ទី ១៨៥ របស់សាសនាចក្រ ។ សម្រាប់ខ្ញុំការចាត់តាំងនេះ គឺជារឿងនឹកស្មានមិនដល់ និងរាបសារ ។ នេះគឺជាព្រះវិហារបរិសុទ្ធដំបូងគេបង្អស់នៅឧបទ្វីបអាស៊ីអាគ្នេយ៍។ វាត្រូវបានរចនាឡើងដ៏ស្ញប់ស្ញែង—មាន ៦ ជាន់ « រចនាសម្ព័ន្ធដែលមានកំពូលស្រួចចំនួនប្រាំបួន « បានផ្គុំភ្ជាប់គ្នា » ដើម្បីក្លាយជាដំណាក់របស់ព្រះអម្ចាស់ ។ ខ្ញុំបានគិតពីការឧទ្ទិសឆ្លងនោះអស់ជាច្រើនខែ ។ អ្វីដែលបានដក់ជាប់ក្នុងព្រលឹង និងគំនិតខ្ញុំនោះគឺប្រទេស និងព្រះវិហារបរិសុទ្ធត្រូវបានត្រកងបីនៅក្នុងដៃរបស់ពួកព្យាការី និងពួកសាវក ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានប្រកាសអំពីព្រះវិហារបរិសុទ្ធ ហើយប្រធាន ណិលសុន ឧទ្ទិសឆ្លង ។
ខ្ញុំបានរៀបចំការអធិស្ឋានឧទ្ទិសឆ្លងជាច្រើនខែទុកមុន ។ ពាក្យពិសិដ្ឋទាំងនោះត្រូវបានបកប្រែជា ១២ ភាសា ។ យើងបានត្រៀមខ្លួនរួចជាស្រេច ។ ឬនោះជាការគិតរបស់ខ្ញុំ ។
យប់មុនពេលការឧទ្ទិសឆ្លង ខ្ញុំបានភ្ញាក់ពីដំណេកដោយមានអារម្មណ៍មិនស្រណុកចិត្ត និងរសាប់រសល់អំពីការអធិស្ឋានឧទ្ទិសឆ្លងនោះ ។ ខ្ញុំបានព្យាយាមទុកការបំផុសគំនិតនោះមួយឡែក ដោយគិតថាមានការអធិស្ឋានរួចហើយ ។ ប៉ុន្តែព្រះវិញ្ញាណមិនព្រមចាកចេញពីខ្ញុំទេ ។ ខ្ញុំមានអារម្មណ៍ថាពាក្យជាក់លាក់ខ្លះបានបាត់ ហើយដោយការរៀបចំឡើងដ៏ទេវភាព ពាក្យទាំងនោះបានមករកខ្ញុំក្នុងវិវរណៈ ហើយខ្ញុំបានបញ្ចូលពាក្យទាំងនេះនៅក្នុងការអធិស្ឋាននៅជិតចុងបញ្ចប់ថា « សូមយើងគិតដល់សេឡេស្ទាល សូមអនុញ្ញាតឲ្យព្រះវិញ្ញាណរបស់ទ្រង់ឈ្នះក្នុងជីវិតរបស់យើង ហើយខិតខំព្យាយាមធ្វើជាអ្នកផ្សះផ្សាគេជានិច្ច » ។ ព្រះអម្ចាស់បានរំឭកខ្ញុំឲ្យស្តាប់តាមព្រះបន្ទូលរបស់ព្យាការីដែលរស់នៅរបស់យើង ៖ « គិតដល់សេឡេស្ទាល » « សូមទុកឲ្យព្រះវិញ្ញាណឈ្នះ » « ខិតខំព្យាយាមធ្វើជាអ្នកផ្សះផ្សាគេ » ។ ប្រសាសន៍របស់ព្យាការីសំខាន់ណាស់ចំពោះព្រះអម្ចាស់ និងចំពោះយើង ។
ទី៣ ហើយដែលសំខាន់ខ្លាំងបំផុតគឺជាពាក្យសម្ដីរបស់យើងផ្ទាល់ ។ ជឿខ្ញុំចុះ នៅក្នុងពិភពដែលមានពេញដោយ emoji ( រូបភាពបង្ហាញពីអារម្មណ៍ ) របស់យើង ពាក្យសម្តីយើងមានសារៈសំខាន់ណាស់ ។
ពាក្យសម្តីយើងអាចជាការគាំទ្រ ឬការខឹង រីករាយ ឬកាច ចិត្តមេត្តា ឬសោះអង្គើយ ។ ពេលមានជម្លោះ ពាក្យសម្តីអាចប៉ះពាល់ដល់អារម្មណ៍យ៉ាងឈឺចាប់ដក់ជាប់នៅក្នុងព្រលឹង—ហើយមិនទៅណាសោះ ។ ពាក្យសម្តីយើងនៅលើអ៊ីនធឺណិត ការផ្ញើសារ ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ tweets មានអំណាច ហើយអាចបកស្រាយលើសពីអ្វីដែលយើងចង់បង្ហាញទៅទៀត ។ ដូច្នេះ សូមប្រុងប្រយ័ត្នចំពោះអ្វីដែលបងប្អូននិយាយ និងរបៀបដែលបងប្អូននិយាយ ។ នៅក្នុងក្រុមគ្រួសារយើង ជាពិសេសជាមួយស្វាមី ភរិយា និងកូនៗ ពាក្យសម្តីរបស់យើងអាចនាំយើងឲ្យរួបរួមគ្នា ឬបណ្តាលឲ្យយើងបែកបាក់គ្នា ។
ខ្ញុំសូមណែនាំឃ្លាសាមញ្ញបីយ៉ាងដែលយើងអាចប្រើដើម្បីយកឈ្នះលើការលំបាក និងភាពខុសគ្នា លើកស្ទួយ និងការពារគ្នា ។
« អរគុណ » ។
« ខ្ញុំសុំទោស » ។
ហើយ « ខ្ញុំស្រឡាញ់អ្នក » ។
សូមកុំរក្សាទុកឃ្លាដ៏រាបសាទាំងនេះសម្រាប់តែព្រឹត្តិការណ៍ពិសេស ឬគ្រោះមហន្តរាយឡើយ ។ ប្រើវាឲ្យញឹកញាប់ និងដោយស្មោះ ព្រោះពាក្យសម្តីទាំងនេះបង្ហាញពីការគោរពចំពោះអ្នកដទៃ ។ សូមកុំត្រាប់តាមការនិយាយស្តីមិនសូវល្អនោះឡើយ ។
យើងអាចនិយាយថា « អរគុណ » នៅលើជណ្តើរយន្ត ចំណតរថយន្ត ផ្សារ ការិយាល័យ កន្លែងជួរឈររងចាំ ឬជាមួយអ្នកជិតខាង ឬមិត្តភ័ក្ដិយើង ។ យើងអាចនិយាយថា « ខ្ញុំសុំទោស » នៅពេលយើងធ្វើកំហុស ខកខានក្នុងការប្រជុំ ភ្លេចថ្ងៃកំណើត ឬឃើញនរណាម្នាក់ឈឺចាប់ ។ យើងអាចនិយាយថា « ខ្ញុំស្រឡាញ់អ្នក » ហើយពាក្យទាំងនោះពាំនាំនូវសារថា « ខ្ញុំកំពុងគិតអំពីអ្នក » « ខ្ញុំខ្វល់ខ្វាយពីអ្នក » « ខ្ញុំនៅទីនេះជាមួយអ្នក » ឬ « អ្នកសំខាន់ណាស់សម្រាប់ខ្ញុំ » ។
ខ្ញុំសូមចែកចាយឧទាហរណ៍ផ្ទាល់ខ្លួនមួយ ។ ស្វាមីទាំងឡាយ ចាំស្តាប់ ។ បងប្អូនស្រី រឿងនេះនឹងជួយបងប្អូនផងដែរ ។ មុនពេលខ្ញុំបំពេញភារកិច្ចពេញម៉ោងនៅក្នុងសាសនាចក្រ ខ្ញុំបានធ្វើដំណើរគ្រប់ទីកន្លែងសម្រាប់ក្រុមហ៊ុនរបស់ខ្ញុំ ។ ខ្ញុំបានទៅច្រើនកន្លែងឆ្ងាយគួរសមនៅក្នុងពិភពលោកនេះ ។ នៅពេលបញ្ចប់ថ្ងៃនីមួយៗ មិនថាខ្ញុំនៅកន្លែងណា ខ្ញុំតែងតែទូរសព្ទទៅផ្ទះ ។ នៅពេលភរិយាខ្ញុំ មេឡានី លើកទូរស័ព្ទ ខ្ញុំបានរាយការណ៍ ហើយការសន្ទនារបស់យើងតែងតែនាំឲ្យយើងនិយាយថា « បងស្រឡាញ់អូន » ។ ជារៀងរាល់ថ្ងៃ ពាក្យទាំងនោះបានធ្វើជាយុថ្កាមួយដល់ព្រលឹង និងការប្រព្រឹត្តរបស់ខ្ញុំ ពាក្យទាំងនោះគឺជាការការពារដល់ខ្ញុំពីគម្រោងការណ៍អារក្ស ។ « មេឡានី បងស្រឡាញ់អូន » បាននិយាយដោយការជឿទុកចិត្តដ៏មានតម្លៃរវាងពួកយើង ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានធ្លាប់មានប្រសាសន៍ថា ៖ « មានជើងដើម្បីជួយទ្រ ដៃដើម្បីឈោងជួយ ដួងចិត្តដែលត្រូវលើកស្ទួយ គំនិតដែលត្រូវបំផុស និងព្រលឹងដែលត្រូវសង្គ្រោះ » ។ ការនិយាយ « អរគុណ » « ខ្ញុំសុំទោស » « ខ្ញុំស្រឡាញ់អ្នក » គឺនឹងធ្វើដូច្នោះ ។
បងប្អូនប្រុសស្រី ពាក្យសម្ដីពិតជាសំខាន់ណាស់ ។
ខ្ញុំសន្យាថា បើយើង « ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ » ដែលនាំឲ្យមានសេចក្ដីសង្គ្រោះ នោះពាក្យសម្តីរបស់ព្យាការីយើងដែលណែនាំ និងលើកទឹកចិត្តយើង ហើយពាក្យសម្តីរបស់យើងផ្ទាល់ដែលនិយាយអំពីយើងជានរណា និងអ្វីដែលយើងស្រឡាញ់ជាទីបំផុត នោះអំណាចនៃស្ថានសួគ៌នឹងចាក់ស្រោចមកលើយើង ។ « ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។ យើងជាបុត្រាបុត្រីនៃព្រះវរបិតាសួគ៌ ហើយទ្រង់ជាព្រះរបស់យើង ហើយទ្រង់រំពឹងថាយើងនឹងនិយាយដោយ « ភាសានៃពួកទេវតា » ដោយសារអនុភាពនៃព្រះវិញ្ញាណបរិសុទ្ធ ។
ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ក្នុងពាក្យសម្តីរបស់ព្យាការីអេសាយ ទ្រង់គឺជា « ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព » ។ ហើយដូចសាវកយ៉ូហានបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវគ្រីស្ទ ទ្រង់ផ្ទាល់គឺជាព្រះបន្ទូល » ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីរឿងនេះក្នុងនាមជាសាវកដែលបានហៅឲ្យធ្វើការបម្រើដ៏ទេវភាពរបស់ព្រះអម្ចាស់—ដើម្បីប្រកាសព្រះបន្ទូលទ្រង់— ហើយត្រូវបានហៅឲ្យឈរជាសាក្សីពិសេសរបស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕