សន្និសីទទូទៅ
ហៅ ដើម្បី​កុំ​ឲ្យ​ដួល
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


9:58

ហៅ ដើម្បី​កុំ​ឲ្យ​ដួល

ប្រសិនបើ​យើង​អំពាវនាវ​ទៅកាន់​ព្រះ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា​យើង​នឹង​មិន​ដួល​ឡើយ ។

ថ្ងៃ​នេះ ខ្ញុំ​ចង់​ចាប់ផ្តើម​ដោយ​ការថ្លែង​ទីបន្ទាល់​អំពី​ភាពជឿជាក់​ទាំងស្រុង​ក្នុង​ដួងចិត្ត​ខ្ញុំ​ថា ព្រះ​បាន​ស្តាប់ឮ​ការអធិស្ឋាន​របស់​យើង ហើយ​ឆ្លើយតប​វិញតាម​របៀប​ផ្ទាល់​ខ្លួនម្នាក់ៗ ។

នៅក្នុង​ពិភពលោក​ដែល​ពេញដោយ​ភាពមិន​ច្បាស់លាស់ ការឈឺចាប់ ការខកចិត្ត និង​ការខូចចិត្ត យើង​អាច​មានទំនោរ​ពឹងផ្អែក​លើ​សមត្ថភាព និង​ចំណូលចិត្ត​ផ្ទាល់ខ្លួន ក៏​ដូចជា​ចំណេះដឹង និង​សុវត្ថិភាព​ដែល​បាន​មកពី​ពិភពលោក ។ រឿងនេះ​អាច​បណ្តាល​ឲ្យ​យើង​ដាក់​ប្រភព​ពិត​នៃ​ជំនួយ និង​ការគាំទ្រ​ដែល​អាច​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នានា​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​នៅ​ខាងក្រោយ​ទៅវិញ ។

បន្ទប់​នៅក្នុង​មន្ទីរពេទ្យ

ខ្ញុំ​ចាំ​ពីគ្រា​មួយ ពេល​ខ្ញុំ​ឈឺ​ដេកពេទ្យ ខ្ញុំ​ពិបាក​ដេកណាស់ ។ ពេល​ខ្ញុំ​បិទ​ភ្លើង បន្ទប់ក៏​ងងឹត ខ្ញុំ​បានឃើញ​សញ្ញា​ចាំង​លើ​ពិដាន​នៅ​ពី​មុខ​ខ្ញុំ ដែល​សរសេរ​ថា « ហៅ ដើម្បី​កុំ​ឲ្យ​ដួល » ។ ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​ឃើញមាន​សារ​ដដែល​នេះ​នៅ​កន្លែង​ជាច្រើន​ក្នុងបន្ទប់​នោះ ។

ហៅ ដើម្បី​កុំ​ឲ្យ​ដួល<nb/>។

ហេតុអ្វី​បាន​ជា​សារ​នោះ​មាន​សារៈសំខាន់​ម៉្លេះ ? ពេល​ខ្ញុំ​សួរពេទ្យអំពី​សញ្ញា​នេះ គាត់​បាន​និយាយ​ថា « ​ដើម្បី​បង្ការ​កុំឲ្យដួល ដើម្បី​កុំឲ្យ​របួស​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត » ។

តាម​ធម្មជាតិ ជីវិត​មាន​នូវ​បទពិសោធន៍​ដ៏​ឈឺចាប់ ខ្លះ​មក​ពី​រូបកាយ​យើង ខ្លះ​មកពី​ភាពទន់ខ្សោយ ឬ​ទុក្ខលំបាក​យើង ខ្លះ​មកពី​របៀប​ដែល​អ្នក​ដទៃ​ប្រើ​សិទ្ធិ​ជ្រើសរើស​ពួកគេ និង​ខ្លះទៀត​មកពី​ការប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​យើង ។

តើ​មាន​ការសន្យា​ណា​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ការសន្យា ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ នៅពេល​ទ្រង់​បាន​ប្រកាស​ថា « ចូរសូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូររក នោះ​តែង​នឹង​ឃើញ » ឬ​ចូរ​ហៅ « នោះ​តែង​នឹង​បើក​ឲ្យ​អ្នក » ដែរ​ឬ​ទេ ?

ការអធិស្ឋាន​គឺជា​ផ្លូវ​ប្រាស្រ័យ​ទាក់ទង​នឹង​ព្រះវរបិតាសួគ៌​យើង ដែល​អនុញ្ញាត​ឲ្យ​យើង « ហៅ ដើម្បី​កុំ​ឲ្យ​ដួល » ។ ទោះ​យ៉ាង​ណា មាន​ស្ថានភាព​ដែល​យើង​អាច​នឹងគិត​ថា ការហៅ​នោះ​មិន​បាន​ឮ​ទេ ដោយសារ​យើង​ពុំ​ទទួលចម្លើយ​ភ្លាមៗ ឬ​ទទួល​បានតាម​ការរំពឹងទុក​របស់​យើងនោះ ។

ជួនកាល រឿង​នេះ​នាំ​ឲ្យ​មានការថប់បារម្ភ ភាពសោកសៅ ឬ​ការខកចិត្ត ។ ប៉ុន្តែ​សូម​ចាំ​ពី​ការបង្ហាញ​ជំនឿ​របស់​នីហ្វៃ ទៅលើ​ព្រះអម្ចាស់ ពេល​លោកថ្លែង​ថា « ហេតុអ្វី​ក៏​ទ្រង់​មិន​អាច​បង្គាប់​ខ្ញុំ​ឲ្យ​សង់​សំពៅ​បាន ? » ឥឡូវ ខ្ញុំ​សូម​សួរ​បងប្អូន​ថា​ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​មិន​អាច​បង្គាប់​បងប្អូន​ថា​កុំ​ឲ្យ​ដួល​បាន ?

ការ​ទុកចិត្ត​លើ​ចម្លើយ​របស់​ព្រះ បញ្ជាក់​ពី​ការទទួលយក​តាម​របៀប​របស់​ទ្រង់ ពុំមែន​តាម​របៀប​យើង​ឡើយ ហើយ​ថា « គ្រប់​ទាំង​អស់​ត្រូវតែ​កើត​ឡើង តាម​ពេល​របស់​វា » ។

ការដឹង​ប្រាកដ​ថា យើង​ជា​បុត្រ​របស់​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ និង​មេត្តាករុណា គួរតែ​ជា​ការលើក​ទឹក​ចិត្ត​ឲ្យ « ហៅ » នៅក្នុង​ការអធិស្ឋាន​ដ៏​ឧឡារិក​ដោយ​ឥរិយាបថ​នៃ « [ ការ ] អធិស្ឋាន​ជានិច្ច ឥត​[ រសាយចិត្ត ]​ឡើយ … ដើម្បី​ឲ្យ​កិច្ចការ [ របស់​យើង ] អាច​បាន​ទៅ​ជា​សុខុមាលភាព​ដល់​[ ព្រលឹង ] [ របស់​យើង ] » ។ ស្រមៃមើល​ថា​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​យ៉ាងណា ពេល​យើង​ទូលអង្វរ​ក្នុង​ព្រះនាម​នៃ​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ការអធិស្ឋាន​ម្តងៗ ។ ខ្ញុំ​ជឿ​ថា វាបង្ហាញ​នូវ​អំណាច និង​ភាពទន់ភ្លន់​ពេល​យើង​ធ្វើ​ដូច្នេះ !

បទគម្ពីរ​គឺមានពេញ​ទៅដោយ​គំរូ​នៃ​អ្នក​ដែល អំពាវនាវ​ដល់​ព្រះ ដើម្បី​កុំ​ឲ្យ​ពួកគេ​ដួល​ឡើយ ។ ហេលេមិន និង​កងទ័ព​លោក ពេល​ប្រឈមមុខ​នឹង​ទុក្ខវេទនា « បាន​អំពាវនាវ » ដល់​ព្រះ ដោយចាក់​ស្រោច​ព្រលឹង​ពួកគេ​ក្នុង​ការអធិស្ឋាន ។ ពួកគេ​ទទួលបាន​ការអះអាង នូវភាព​សុខសាន្ត សេចក្តីជំនឿ និង​ក្តីសង្ឃឹម ភាពក្លាហាន និង​ការប្តេជ្ញាចិត្ត រហូត​ដល់​ពួកគេ​សម្រេច​បាន​គោលដៅ​របស់ខ្លួន ។

សូម​ស្រមៃ​ពី​របៀប​ដែល​ម៉ូសេ​បាន​អំពាវនាវ ហើយ​ស្រែកទៅកាន់​ព្រះ កាល​ឃើញ​ថា​ខ្លួន​លោក​ស្ថិតនៅ​ចន្លោះ​សមុទ្រ​ក្រហម និង​សាសន៍​អេស៊ីព្ទ ប៉ុនប៉ង​វាយប្រហារ ឬ​នៅពេល​អ័ប្រាហាំ​គោរព​តាម​ការបង្គាប់​ឲ្យ​បូជា​អ៊ីសាក​ជាកូន​ប្រុស​របស់​លោក ។

ខ្ញុំ​ជឿថា បងប្អូន​ម្នាក់ៗ​ធ្លាប់មាន ហើយ​នឹង​មាន​បទពិសោធន៍​ដែល​ការអំពាវនាវ នឹង​ទទួល​ចម្លើយថា​កុំ​ឲ្យ​ដួល ។

កាលពី​សាមសិប​ឆ្នាំ​មុន ពេល​ដែល​ភរិយា​ខ្ញុំ និង​ខ្ញុំ​រៀបចំ​ខ្លួន​រៀប​ការស៊ីវិល និងរៀបការ​នៅឯ​ព្រះវិហារបរិសុទ្ធ ផង មាន​គេទូរសព្ទ​មក​ប្រាប់​យើង​ថា អាពាហ៍ពិពាហ៍​ស៊ីវិល​ត្រូវ​លុប​ចោល ព្រោះ​មាន​កូដកម្ម ។ យើង​បាន​ទទួល​ទូរសព្ទ​នោះ​បី​ថ្ងៃ​មុន​ពិធី​កំណត់ ។ បន្ទាប់ពី​ខំរៀបចំ​ជាច្រើន​ដង​នៅ​កន្លែង​ផ្សេង​ទៀត យើងពុំ​អាច​ណាត់ជួប​បានទេ យើង​ចាប់ផ្តើម​ធុញថប់ និង​សង្ស័យ​ថា យើង​ពិត​ជា​មិន​អាច​រៀបការ​តាម​ការគ្រោងទុក​នោះ​បានទេ ។

គូដណ្តឹង​ខ្ញុំ និង​ខ្ញុំ « បាន​អំពាវនាវ » អស់ពី​ព្រលឹង​ពួក​យើង​ទៅ​ព្រះ​តាមរយៈ​ការអធិស្ឋាន ។ ទីបំផុត មាន​គេ​ម្នាក់​មកប្រាប់​យើង​អំពីកន្លែងមួយនៅ​ទីក្រុង​តូច​មួយ​ឯ​ជាយក្រុង ដែល​អ្នក​ស្គាល់​គ្នា​ជា​អភិបាល​ក្រុង ។ ដោយ​មិន​ស្ទាក់ស្ទើរ ពួកយើង​បាន​ទៅ​ជួប​គាត់ ហើយ​សួរ​គាត់​ថាតើ​វា​គាត់អាច​ជួយ​រៀបការ​ឲ្យ​ពួកយើង​បានទេ ។ ពួកយើង​រីករាយ​ជា​ខ្លាំង ដែល​គាត់​យល់ព្រម ។ លេខា​គាត់​បានបញ្ជាក់​ប្រាប់​យើង​ថា យើង​ត្រូវតែ​មាន​វិញ្ញាបនបត្រ​ពី​ទីក្រុង​នោះ ហើយ​ប្រគល់​ឯកសារ​ទាំង​អស់​មុនពេល​ថ្ងៃ​ត្រង់ថ្ងៃ​នៅ​ថ្ងៃ​ស្អែក ។

នៅ​ថ្ងៃ​បន្ទាប់ ពួក​យើង​បានផ្លាស់​ទៅ​ទីក្រុង​តូច​នោះ ហើយ​បាន​ទៅ​ប៉ុស្តិ៍​ប៉ូលីស ដើម្បី​ស្នើសុំ​ឯកសារ​ដែល​ត្រូវការ ។ ពួក​យើង​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដែល​មន្រ្តី​រូប​នោះ​បាន​និយាយ​ថា គាត់​នឹង​មិន​ផ្ដល់​ឯកសារ​ឲ្យ​យើង​ទេ ព្រោះ​មាន​គូ​ស្នេហ៍​វ័យ​ក្មេង​ជា​ច្រើន​បាន​រត់​ចេញពី​គ្រួសារ ទៅ​រៀបការ ស្ងាត់ៗ​នៅក្នុង​ទីក្រុង​តូច​នោះ តែ​នេះ​ពុំមែន​ជា​ករណី​របស់​យើង​ទេ ។ ជា​ថ្មី​ម្តង​ទៀត យើង​មានការភ័យ​ខ្លាច និង​ទុក្ខព្រួយជា​ខ្លាំង ។

ខ្ញុំ​ចាំ​ពី​របៀប​ដែល​ខ្ញុំបាន​អំពាវនាវ​ទៅកាន់​ព្រះវរបិតាសួគ៌​ដោយ​ស្ងប់ស្ងាត់ ដើម្បី​កុំ​ឲ្យ​ដួល ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​យ៉ាង​ច្បាស់​ក្នុង​គំនិត​ដដែលៗ​ថា « ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ » ។ ខ្ញុំ​បាន​យក​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ចេញមក ហើយ​ហុច​ទៅ​ឲ្យ​មន្រ្តី​រូប​នោះ គូ​ដណ្ដឹង​ខ្ញុំ​មាន​ការងឿងឆ្ងល់ ។

យើង​ភ្ញាក់ផ្អើល​ជា​ខ្លាំង ពេល​យើង​បាន​ឮ​មន្ត្រី​រូប​នោះ​និយាយ​ថា « ហេតុអ្វី​បាន​ជា​លោក​មិន​ប្រាប់​ខ្ញុំ​ថា លោក​មក​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ? ខ្ញុំ​ស្គាល់​ព្រះវិហារ​របស់​លោក​ច្បាស់​ណាស់ » ។ គាត់​ចាប់ផ្តើម​រៀបចំ​ឯកសារ​ភ្លាម ។ ពួកយើង​កាន់តែ​ភ្ញាក់ផ្អើល នៅ​ពេល​ដែល​មន្ត្រី​រូប​នោះ​ចេញពី​ប៉ុស្ដិ៍​ប៉ូលីស​ដោយ​មិន​និយាយ​អ្វី​ទាំងអស់ ។

ហាសិប​នាទី​បាន​កន្លង​ផុត​ទៅ ពុំ​ឃើញ​គាត់​ត្រឡប់​មក​វិញ​ទេ ។ នៅ​ពេល​នោះ​ម៉ោង ១១:៥៥ នាទី​ថ្ងៃទៅ​ហើយ ជា​ពេលដែល​យើង​ត្រូវ​ប្រគល់​ឯកសារ​នោះ នៅពេល​ថ្ងៃ​ត្រង់ ។ រំពេច​នោះ គាត់​មកដល់ មាន​ទាំង​កូនឆ្កែ​ដ៏​ស្រស់ស្អាត​មួយ​ក្បាលផង ហើយ​ប្រាប់​យើង​ថា វា​ជា​កាដូ​អាពាហ៍ពិពាហ៍ រួចឲ្យ​វា​មក​ពួកយើង ព្រមនឹង​ឯកសារ​ផងដែរ ។

យើង​បាន​រត់​ទៅ​ការិយាល័យ​អភិបាលក្រុង ជាមួយនឹង​ឯកសារ និង​កូន​ឆ្កែ​ថ្មី​របស់​យើង ។ រួចយើង​បានឃើញ​រថយន្ត​របស់​មន្រ្តី​រូប​នោះ​បើកមក​រក​យើង ។ ខ្ញុំ​បាន​ឈប់​នៅ​ពី​មុខ​ឡាន​នោះ ។ រថយន្ត​បាន​ឈប់ ហើយ​យើង​ឃើញ​លេខា​នៅ​ខាង​ក្នុង​នោះដែរ ។ ពេល​ឃើញ​ពួក​យើង គាត់​បាន​និយាយ​ថា « ខ្ញុំ​សុំទោស ខ្ញុំ​ប្រាប់​លោក​ថា​នៅ​ពេល​ថ្ងៃ​ត្រង់ ។ ខ្ញុំ​ត្រូវ​ទៅ​ធ្វើ​កិច្ចការ​ផ្សេង​ទៀត » ។

ខ្ញុំ​បន្ទាប​ខ្លួន​ដោយ​ស្ងប់ស្ងាត់​អំពាវនាវ​អស់ពី​ចិត្ត​ទៅកាន់​ព្រះវរបិតាសួគ៌​ទូលសូម​ជំនួយ​ម្ដង​ទៀត​ដើម្បី « កុំ​ឲ្យ​ដួល » ។ រំពេច​នោះ អព្ភូតហេតុ​បានកើត​ឡើង ។ រួចលេខា​និយាយ​មក​យើង​ថា « អ្នក​ទាំងពីរ​មាន​ឆ្កែ​ស្អាត​ណាស់ ។ តើ​ខ្ញុំ​អាច​រក​ឆ្កែ​ស្អាត​បែប​នេះ​ឲ្យ​កូន​ប្រុស​ខ្ញុំ​នៅ​ឯណា​ទៅ ?

យើង​បាន​ឆ្លើយ​ភ្លាមថា « ឆ្កែ​នេះ​គឺ​សម្រាប់​លោកស្រី​ហើយ » ។

លេខា​រូប​នោះ បានមើល​មក​យើង​ដោយ​ភ្ញាក់ផ្អើល រួចនិយាយ​ថា « តោះ ! អញ្ចឹង ទៅ​ការិយាល័យ​រៀបចំ​កម្មវិធី​ » ។

ពីរ​ថ្ងៃ​ក្រោយ​មក ខារ៉ូល និង​ខ្ញុំ​បានរៀប​អាពាហ៍ពិពាហ៍​ស៊ីវិល័យ​តាម​ការគ្រោងទុក រួចមក​ពួកយើង​បានផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ លីម៉ា ប៉េរូ ។

ជាការពិត​ណាស់ យើង​ត្រូវ​តែ​ចងចាំ​ថា​ការអំពាវនាវ​គឺជា​រឿង​ជំនឿ និង​សកម្មភាព—ជំនឿ​ដើម្បីទទួល​ស្គាល់​ថា យើង​មាន​ព្រះវរបិតាសួគ៌ ដែល​ឆ្លើយតប​ការអធិស្ឋាន​​យើង​តាម​ព្រះ​ប្រាជ្ញាញាណ​ឥតដែន​កំណត់​របស់​ទ្រង់ ហើយ​ធ្វើសកម្មភាព​ស្រប​ទៅនឹង​អ្វី​ដែល​យើង​ទូលសូម ។ ការអធិស្ឋាន—ការអំពាវនាវ—អាចជា​សញ្ញា​នៃ​សេចក្តី​សង្ឃឹម​របស់​យើង ។ ប៉ុន្តែ​ការប្រព្រឹត្ត​បន្ទាប់ពី​ការអធិស្ឋាន​គឺជា​សញ្ញា​មួយ ដែល​បង្ហាញ​ថា​យើង​ជឿពិត ជា​សេចក្តី​ជំនឿ​ដែល​ត្រូវ​បាន​សាកល្បង​ក្នុង​ពេល​ឈឺចាប់ ការភ័យខ្លាច ឬ​ការខកចិត្ត ។

ខ្ញុំ​ស្នើ​សុំឲ្យ​បងប្អូន​ពិចារណា​ដូច​ខាងក្រោម ៖

  1. សូម​គិតជានិច្ច​អំ​ពី​ព្រះអម្ចាស់​ថាជា​ជម្រើស​ដំបូង​របស់​បងប្អូន​ដើម្បី​ទទួល​បាន​ជំនួយ​ ។

  2. អំពាវនាវ ដើម្បី​កុំ​ឲ្យ​ដួល ។ សូម​ងាក​ទៅរក​ព្រះ​នៅក្នុង​ការអធិស្ឋាន​ដោយ​ស្មោះសរ ។

  3. បន្ទាប់ពី​ការអធិស្ឋាន​សូម​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​បងប្អូន​បាន​អធិស្ឋាន​ទូលសូមនោះ ។

  4. សូម​បន្ទាបខ្លួន ដើម្បី​ទទួល​យក​ចម្លើយ​តាម​ពេលវេលា​របស់ទ្រង់ និង​របៀប​របស់ទ្រង់ ។

  5. សូម​កុំ​ឈប់​ឡើយ ! សូម​បន្ត​ឆ្ពោះ​ទៅ​មុខ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ខណៈដែល​បងប្អូន​រង់ចាំ​ចម្លើយ ។

អាចនឹង​មាន​មនុស្ស​ណា​ម្នាក់​នាពេល​នេះ ព្រោះតែ​ស្ថានភាព មាន​អារម្មណ៍​ហាក់​ដូច​ជា​ពួកគេ​ហៀប​នឹង​ដួល ហើយ​ចង់​អំពាវនាវ​ដូច យ៉ូសែប ស្ម៊ីធ ពេល​លោក​អំពាវនាវ​ថា « ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? … តើ​ព្រះហស្ដ​ទ្រង់​នឹង​ទប់ទុក … ដល់​ណា​ទៅ ? »

ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ក្តី សូម​អធិស្ឋាន​ដោយ « សន្ទុះ​ខាង​វិញ្ញាណ » ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ព្រោះ​ការអធិស្ឋាន​របស់​បងប្អូន​នឹង​ត្រូវ​បាន​ឮ​ជានិច្ច !

សូម​ចាំ ទំនុក​តម្កើង​នេះ ៖

មុន​អ្នក​ចេញ​ពី​បន្ទប់​ព្រឹក​មិញ

តើ​បាន​អធិស្ឋាន​ទេ ?

ក្នុង​នាម​នៃ​ព្រះគ្រីស្ទ​ដ៏​សង្គ្រោះ

តើ​អ្នក​បាន​សូម​ព្រះគុណ​ទ្រង់

ទុក​ជា​ខែល​ថ្ងៃ​នេះ ?

អធិស្ឋាន​ជួយ​អ្នក​ដែល​នឿយ​ហត់ !

ហើយ​ប្រែ​យប់​ទៅ​ជា​ថ្ងៃ​បាន

កាល​ជីវិត​ងងឹង​នឹង​លំបាក

កុំ​ភ្លេច​អធិស្ឋាន ។

នៅពេល​យើង​អធិស្ឋាន យើង​អាច​ទទួល​អារម្មណ៍​ក្តី​ស្រឡាញ់​នៃ​ព្រះវរបិតាសួគ៌​យើង ដែល​បានបញ្ជូន​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ឲ្យ​សម្រាល​បន្ទុក​យើង ពីព្រោះបើ​យើង​អំពាវនាវ​ទៅ​រក​ព្រះ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា យើង​នឹង​មិន​ដួល​ឡើយ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕