ចូរទីពឹងដល់ព្រះយេហូវ៉ា
ទំនាក់ទំនងរបស់យើងជាមួយព្រះនឹងរីកចម្រើនបាន តែក្នុងកម្រិតដែលយើងមានឆន្ទៈទុកចិត្តលើទ្រង់ប៉ុណ្ណោះ ។
នៅក្នុងគ្រួសារយើង ពេលខ្លះយើងលេងល្បែងមួយដែលហៅថា « The Crazy Trust Exercise ( ល្បែងទុកចិត្តខ្លាំង ) » ។ បងប្អូនអាចនឹងធ្លាប់លេងល្បែងនេះដែរ ។ មនុស្សពីរនាក់ឈរនៅចម្ងាយមួយម៉ែត្រពីគ្នា ដោយម្នាក់ឈរបែរខ្នងដាក់ម្នាក់ទៀត ។ ពេលផ្ដល់សញ្ញាពីមនុស្សដែលនៅពីក្រោយ នោះមនុស្សដែលនៅខាងមុខទម្លាក់ខ្លួនទៅក្នុងដៃរបស់មិត្តពួកគេដែលចាំទ្រ ។
ការទុកចិត្តគឺជាមូលដ្ឋានគ្រឹះនៃគ្រប់ទំនាក់ទំនង ។ សំណួរដែលត្រូវតែសួរមុនពេលមានទំនាក់ទំនងគ្នាគឺ « តើខ្ញុំអាចទុកចិត្តបុគ្គលនេះបានដែរឬទេ ? » ទំនាក់ទំនងកើតមាន តែនៅពេលមនុស្សមានឆន្ទៈដាក់ទីទុកចិត្តចំពោះគ្នាប៉ុណ្ណោះ ។ វាពុំមែនជាទំនាក់ទំនងមួយដែលមនុស្សម្នាក់ទុកចិត្តទាំងស្រុង ឯមនុស្សម្នាក់ទៀតពុំទុកចិត្តនោះទេ ។
យើងម្នាក់ៗគឺជាបុត្រា ឬបុត្រីសំណព្វខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ » ។ ប៉ុន្ដែទោះពូជពង្សខាងវិញ្ញាណនោះផ្ដល់ជាគ្រឹះក្ដី ក៏វាមិនអាចបង្កើតទំនាក់ទំនងជាមួយព្រះដ៏មានអត្ថន័យនោះដែរ ។ ទំនាក់ទំនងមួយអាចស្ថាបនាឡើងតែពេលណាយើងជ្រើសរើសទុកចិត្តទៅលើទ្រង់ប៉ុណ្ណោះ ។
ព្រះវរបិតាសួគ៌មានព្រះទ័យចង់បង្កើតទំនាក់ទំនងដ៏ជិតស្និត និងផ្ទាល់ខ្លួនមួយ ជាមួយនឹងបុត្រាបុត្រីខាងវិញ្ញាណរបស់ទ្រង់ម្នាក់ៗ ។ ព្រះយេស៊ូវបានបង្ហាញពីបំណងប្រាថ្នានោះ នៅពេលទ្រង់អធិស្ឋានថា « ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង » ។ ទំនាក់ទំនងដែលព្រះព្យាយាមមានជាមួយនឹងកូនវិញ្ញាណម្នាក់ៗ គឺជាទំនាក់ទំនងជិតស្និត និងផ្ទាល់ខ្លួន ដើម្បីទ្រង់នឹងអាចចែកចាយនូវអ្វីៗទាំងអស់ដែលទ្រង់មាន និងជាទ្រង់ ។ ទំនាក់ទំនងដ៏ជ្រាលជ្រៅ និងយូរអង្វែងបែបនោះ អាចអភិវឌ្ឍបាន តែនៅពេលបានស្ថាបនាឡើងនៅលើការទុកចិត្តដ៏ឥតខ្ចោះទាំងស្រុងប៉ុណ្ណោះ ។
សម្រាប់ផ្នែករបស់ទ្រង់ ព្រះវរបិតាសួគ៌បានប្រាស្រ័យទាក់ទងដោយទុកចិត្តទាំងស្រុងទៅលើសក្តានុពលដ៏ទេវភាពរបស់បុត្រាបុត្រីម្នាក់ៗរបស់ទ្រង់ ចាប់តាំងពីដើមដំបូងមក ។ ការទុកចិត្តគឺជាគ្រឹះនៃផែនការដែលទ្រង់បានបង្ហាញឡើងសម្រាប់ការលូតលាស់ និងការរីកចម្រើនរបស់យើង មុនពេលយើងមកកាន់ផែនដី ។ ទ្រង់បានបង្រៀនយើងអំពីក្រឹត្យវិន័យដ៏អស់កល្បជានិច្ច បង្កើតផែនដី ប្រទានឲ្យយើងនូវរូបកាយនៃជីវិតរមែងស្លាប់ ប្រទានអំណោយឲ្យយើងជ្រើសរើសសម្រាប់ខ្លួនឯង ហើយអនុញ្ញាតឲ្យយើងរៀន និងរីកចម្រើន តាមរយៈការជ្រើសរើសផ្ទាល់ខ្លួន ។ ទ្រង់ចង់ឲ្យយើងជ្រើសរើសធ្វើតាមក្រឹត្យវិន័យហើយត្រឡប់មករីករាយនឹងជីវិតដ៏អស់កល្បជានិច្ចជាមួយទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់វិញ ។
ដោយជ្រាបថា យើងនឹងពុំធ្វើការជ្រើសរើសល្អជានិច្ច នោះទ្រង់ក៏បានរៀបចំផ្លូវមួយសម្រាប់យើង ដើម្បីគេចពីផលវិបាកនៃជម្រើសអាក្រក់ ។ ទ្រង់បានប្រទានព្រះអង្គសង្រ្គោះឲ្យយើង—ជាព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ—ដើម្បីធួននឹងអំពើបាបរបស់យើង ហើយធ្វើឲ្យយើងជ្រះស្អាតម្តងទៀត តាមលក្ខខណ្ឌនៃការប្រែចិត្ត ។ ទ្រង់អញ្ជើញយើងឲ្យប្រើអំណោយទានដ៏មានតម្លៃនៃការប្រែចិត្តនេះជាទៀងទាត់ ។
ឪពុកម្តាយគ្រប់រូបដឹងថា តើវាពិបាកប៉ុណ្ណាក្នុងការទុកចិត្តលើកូន ដើម្បីទុកឲ្យកូនធ្វើការសម្រេចចិត្ត ជាពិសេសនៅពេលដែលឪពុកម្ដាយដឹងថា កូនទំនងជានឹងធ្វើខុស ហើយនឹងមានលទ្ធផលជាការរងទុក្ខនោះ ។ ប៉ុន្តែព្រះវរបិតាសួគ៌អនុញ្ញាតឲ្យយើងធ្វើការជ្រើសរើសដែលនឹងជួយយើងឈានទៅដល់សក្ដានុពលដ៏ទេវភាពរបស់យើង ។ ដូចដែលអែលឌើរ ឌែល ជី រិនឡាន់ បានបង្រៀន « គោលបំណង [ របស់ទ្រង់ ] ក្នុងការធ្វើជាឪពុកម្តាយ គឺពុំគ្រាន់តែឲ្យបុត្រាបុត្រីរបស់ទ្រង់ ធ្វើ អ្វីដែលត្រូវប៉ុណ្ណោះទេ គោលបំណងរបស់ទ្រង់គឺឲ្យបុត្រាបុត្រីរបស់ទ្រង់ ជ្រើសរើស ធ្វើអ្វីដែលត្រឹមត្រូវ ហើយនៅទីបំផុតក្លាយដូចជាទ្រង់ » ។
ទោះជាព្រះទុកព្រះទ័យលើយើងក្ដី ក៏ទំនាក់ទំនងយើងជាមួយទ្រង់នឹងរីកចម្រើនបាន តែក្នុងកម្រិតដែលយើងមានឆន្ទៈដាក់ទីទុកចិត្តលើទ្រង់ប៉ុណ្ណោះ ។ បញ្ហាប្រឈមគឺថា យើងរស់នៅក្នុងពិភពលោកមួយដែលធ្លាក់ចុះ ហើយយើងទាំងអស់គ្នាសុទ្ធតែធ្លាប់មានគេក្បត់ទំនុកចិត្ត ព្រោះតែភាពមិនស្មោះត្រង់ ការបោកបញ្ឆោត ឬការបង្ខិតបង្ខំ ឬកាលៈទេសៈផ្សេងៗទៀត ។ កាលណាយើងធ្លាប់ត្រូវគេក្បត់ហើយ យើងអាចនឹងពិបាកទុកចិត្តម្តងទៀតណាស់ ។ បទពិសោធន៍អវិជ្ជមានជាមួយនឹងការទុកចិត្តនៅក្នុងជីវិតមិនល្អឥតខ្ចោះទាំងនេះ អាចនឹងមានឥទ្ធិពលលើឆន្ទៈរបស់យើងដើម្បីទុកចិត្តទៅលើព្រះវរបិតាសួគ៌ដ៏ល្អឥតខ្ចោះផងដែ ។
ជាច្រើនឆ្នាំកន្លងទៅ មានមិត្តខ្ញុំពីរនាក់ លីអូនីត និងវ៉ាលែនទីណា បានចាប់អារម្មណ៍ចង់ក្លាយជាសមាជិកនៃសាសនាចក្រ ។ នៅពេលលីអូនីត ចាប់ផ្ដើមរៀនអំពីដំណឹងល្អ គាត់ឃើញថា គាត់ពិបាកអធិស្ឋានណាស់ ។ ពីដើមឡើយក្នុងជីវិតគាត់ លីអូនីត បានរងទុក្ខដោយការបោកបញ្ឆោត និងការគ្រប់គ្រងពីអ្នកគ្រប់គ្រង វាបង្កើតឲ្យមានការមិនទុកចិត្តលើអ្នកកាន់តំណែង ។ បទពិសោធន៍ទាំងនេះ ជះឥទ្ធិពលលើសមត្ថភាពគាត់ដើម្បីបើកដួងចិត្ត ហើយបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនចំពោះព្រះវរបិតាសួគ៌ ។ តាមរយៈពេលវេលា និងការសិក្សា នោះលីអូនីត បានយល់ល្អប្រសើរអំពីលក្ខណៈរបស់ព្រះ ហើយធ្លាប់ទទួលអារម្មណ៍សេចក្ដីស្រឡាញ់របស់ព្រះ ។ នៅទីបំផុត ការអធិស្ឋានបានក្លាយជារបៀបតាមធម្មជាតិមួយសម្រាប់គាត់ ដើម្បីបង្ហាញនូវការអរគុណ និងសេចក្ដីស្រឡាញ់ចំពោះព្រះ ។ ការទុកចិត្តរបស់គាត់មានច្រើនឡើងចំពោះព្រះ នៅទីបំផុត បាននាំឲ្យគាត់ និងវ៉ាលែនទីណា ចូលទៅក្នុងសេចក្ដីសញ្ញាដ៏ពិសិដ្ឋដើម្បីពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះ និងជាមួយគ្នាទៅវិញទៅមក ។
ប្រសិនបើការបាត់បង់ការទុកចិត្តពីមុនរារាំងបងប្អូនមិនឲ្យទុកចិត្តលើព្រះ សូមធ្វើតាមគំរូរបស់ លីអូនីត ។ ចូរបន្ដរៀនបន្ថែមអំពីព្រះវរបិតាសួគ៌ដោយអត់ធ្មត់ រៀនអំពីអាកប្បកិរិយា ចរិកលក្ខណៈ និងគោលបំណងរបស់ទ្រង់ ។ ចូររកមើល និងកត់ត្រាបទពិសោធន៍ទទួលអារម្មណ៍ក្ដីស្រឡាញ់ និងអំណាចរបស់ទ្រង់ក្នុងជីវិតបងប្អូន ។ ព្យាការីនៅរស់របស់យើង គឺប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា កាលណាពួកយើងកាន់តែរៀនអំពីព្រះ នោះយើងកាន់តែងាយស្រួលទុកចិត្តលើទ្រង់ ។
ពេលខ្លះ វិធីដ៏ល្អបំផុតដើម្បីរៀនទុកចិត្តព្រះ គឺគ្រាន់តែទុកចិត្តលើទ្រង់ប៉ុណ្ណោះ ។ ដូចជា « លំហាត់ទុកចិត្តដោយឆោតល្ងង់ » ពេលខ្លះយើងគ្រាន់តែចាំបាច់មានឆន្ទៈដើម្បីផ្ដួលខ្លួនមកក្រោយ ហើយទុកឲ្យទ្រង់ចាប់ទ្រយើងប៉ុណ្ណោះ ។ ជីវិតរមែងស្លាប់របស់យើងគឺជាការសាកល្បង ។ ឧបសគ្គដែលលត់ដំយើងហួសពីសមត្ថភាពរបស់យើង គឺកើតមានជាញឹកញាប់ ។ នៅពេលចំណេះដឹង និងការយល់ដឹងផ្ទាល់ខ្លួនរបស់យើង មានពុំគ្រប់គ្រាន់ នោះយើងនឹងស្វែងរកធនធានដើម្បីជួយយើង ។ នៅក្នុងពិភពលោកដែលមានព័ត៌មានជោគជាំ នោះមានប្រភពជាច្រើនដែលប្រាប់ពីដំណោះស្រាយរបស់ពួកគេចំពោះបញ្ហានានារបស់យើង ។ ប៉ុន្ដែ ដំបូន្មានដ៏សាមញ្ញ និងគួរទុកចិត្តនៅក្នុងគម្ពីរសុភាសិត ផ្ដល់ជាប្រភពដ៏ល្អបំផុតដល់យើង ៖ « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត » ។ យើងបង្ហាញការទុកចិត្តរបស់យើងទៅលើព្រះតាមរយៈការងាកទៅរកទ្រង់ជាមុន នៅពេលយើងជួបនឹងឧបសគ្គជីវិតនានា ។
បន្ទាប់ពីខ្ញុំបានបញ្ចប់សាលាច្បាប់នៅរដ្ឋយូថាហ៍ គ្រួសារយើងត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ថាទៅធ្វើការនៅកន្លែងណា និងរស់នៅកន្លែងណា ។ បន្ទាប់ពីប្រឹក្សាជាមួយគ្នា និងជាមួយព្រះអម្ចាស់ នោះយើងទទួលអារម្មណ៍ឲ្យផ្លាស់គ្រួសារយើងទៅភាគខាងជើងសហរដ្ឋអាមេរិក ដែលទៅឆ្ងាយពីឪពុកម្ដាយ និងបងប្អូន ។ ដំបូងឡើយ អ្វីៗគ្រប់យ៉ាងដំណើរការល្អ ហើយយើងមានអារម្មណ៍ទទួលការបញ្ជាក់នៅក្នុងការសម្រេចចិត្តរបស់យើង ។ ប៉ុន្តែបន្ទាប់មក អ្វីៗបានផ្លាស់ប្ដូរ ។ ក្រុមហ៊ុនច្បាប់បានកាត់បន្ថយបុគ្គលិក ខ្ញុំបានជួបនឹងការបាត់បង់ការងារផង និងការធានារ៉ាប់រងផង គឺចំពេលដែលកូនស្រីយើង ដូរ៉ា បានកើតមក មានបញ្ហាវេជ្ជសាស្ត្រធ្ងន់ធ្ងរ ហើយមានតម្រូវការពិសេសរយៈពេលវែង ។ ពេលដែលជួបនឹងឧបសគ្គទាំងនេះ ខ្ញុំបានពន្យាពេលការហៅបម្រើ ដែលនឹងត្រូវការពេល និងការតាំងចិត្តជាច្រើន ។
ខ្ញុំពុំធ្លាប់ជួបនឹងឧបសគ្គដូចនេះ ហើយធ្ងន់ធ្ងរបែបនេះទេ ។ ខ្ញុំចាប់ផ្ដើមសង្ស័យចំពោះការសម្រេចចិត្តដែលយើងបានធ្វើ និងការបញ្ជាក់ដែលមកជាមួយនោះ ។ យើងបានទុកចិត្តទៅលើព្រះអម្ចាស់ ហើយរឿងអ្វីៗគួរតែដំណើរការល្អ ។ ខ្ញុំបានផ្ដួលខ្លួនមកក្រោយ ឥឡូវបែរជាគ្មាននរណាម្នាក់នឹងចាប់ទ្រខ្ញុំសោះ ។
ថ្ងៃមួយ ពាក្យថា « កុំសួរថាហេតុអ្វី សូមសួរថា តើយើងចង់ឲ្យបុត្ររៀនអ្វីខ្លះ » បានផុសក្នុងគំនិត និងដួងចិត្តខ្ញុំយ៉ាងមុតមាំ ។ ខ្ញុំកាន់តែភ័យខ្លាំងឡើង ។ នៅគ្រាដែលខ្ញុំមានបញ្ហាក្នុងការសម្រេចចិត្តកាលពីមុន ព្រះបានអញ្ជើញខ្ញុំឲ្យទុកចិត្តទ្រង់កាន់តែខ្លាំង ។ នេះជាចំនុចសំខាន់ក្នុងជីវិតខ្ញុំ—វាគឺជាគ្រាដែលខ្ញុំដឹងថា វិធីល្អបំផុតដើម្បីរៀនទុកចិត្តព្រះ គឺគ្រាន់តែទុកចិត្តទ្រង់តាមធម្មតាប៉ុណ្ណោះ ។ នៅក្នុងសប្ដាហ៍ក្រោយៗ ខ្ញុំបានមើលដោយភាពអស្ចារ្យ កាលព្រះអម្ចាស់បើកបង្ហាញផែនការរបស់ទ្រង់ដើម្បីប្រទានពរដល់គ្រួសារយើងប្រកបដោយអព្ភូតហេតុ ។
គ្រូបង្រៀន និងគ្រូបង្វឹកដ៏ល្អដឹងថា ការរីកចម្រើនខាងបញ្ញា និងកម្លាំងខាងរាងកាយអាចកើតឡើងតែនៅពេលគំនិត និងសាច់ដុំត្រូវបានលត់ដំប៉ុណ្ណោះ ។ ដូចគ្នានេះដែរ ព្រះអញ្ជើញយើងឲ្យរីកចម្រើនដោយការទុកចិត្តលើការបង្រៀនខាងវិញ្ញាណរបស់ទ្រង់ តាមរយៈបទពិសោធន៍លត់ដំនៅក្នុងព្រលឹង ។ ដូច្នេះ យើងអាចប្រាកដថា មិនថាយើងបង្ហាញការទុកចិត្តយ៉ាងណាកាលពីមុននោះទេ បទពិសោធន៍ដែលពង្រីកការទុកចិត្តមួយទៀតគឺមាននៅខាងមុខ ។ ព្រះទ្រង់ផ្ដោតលើការលូតលាស់ និងការរីកចម្រើនរបស់យើង ។ ទ្រង់គឺជាគ្រូបង្រៀនដ៏ឆ្នើម ជាគ្រូបង្វឹកដ៏ខ្លាំង ដែលតែងតែលត់ដំយើងដើម្បីជួយយើងឲ្យដឹងពីសក្តានុពលដ៏ទេវភាពរបស់យើងថែមទៀត ។ ការណ៍នោះរួមបញ្ចូលទាំងការអញ្ជើញនាពេលអនាគត ឲ្យទុកចិត្តលើទ្រង់កាន់តែខ្លាំងជាងមុន ។
ព្រះគម្ពីរមរមន បង្រៀនអំពីលំនាំដែលព្រះបានប្រើដើម្បីលត់ដំយើង ដើម្បីបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយនឹងយើង ។ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ យើងបានសិក្សានៅពេលថ្មីៗនេះអំពី របៀបដែលការទុកចិត្តលើព្រះរបស់នីហ្វៃជួបនឹងការសាកល្បង នៅពេលដែលលោក និងពួកបងប្រុសត្រូវបានបង្គាប់ឲ្យត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីទៅយកផ្ទាំងលង្ហិន ។ បន្ទាប់ពីការប៉ុនប៉ងលើកដំបូងរបស់ពួកគេបានបរាជ័យ នោះពួកបងប្រុសលោកបានបោះបង់ចោល ហើយបានត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់ទៅវិញទាំងគ្មានផ្ទាំងចំណារ ។ ប៉ុន្ដែនីហ្វៃបានជ្រើសរើសដាក់ទីទុកចិត្តទាំងស្រុងទៅលើព្រះអម្ចាស់ ហើយលោកបានទទួលជោគជ័យក្នុងការយកផ្ទាំងទាំងនោះ ។ បទពិសោធន៍នោះទំនងជាបានពង្រឹងទំនុកចិត្តរបស់នីហ្វៃទៅលើព្រះ នៅពេលធ្នូលោកបានបាក់ ហើយគ្រួសារលោកប្រឈមមុខនឹងការអត់ឃ្លាននៅទីរហោស្ថាន ។ ជាថ្មីទៀត នីហ្វៃបានជ្រើសរើសទុកចិត្តលើព្រះ ហើយគ្រួសារលោកត្រូវបានសង្គ្រោះ ។ បទពិសោធន៍បន្ដទៀតទាំងនេះផ្ដល់ឲ្យនីហ្វៃនូវទំនុកចិត្តលើព្រះកាន់តែខ្លាំងសម្រាប់កិច្ចការដ៏ធំ និងគួរឲ្យទុកចិត្តនៃការសង់សំពៅដែលគាត់នឹងប្រឈមមុខនាពេលឆាប់ៗនេះ ។
តាមរយៈបទពិសោធន៍ទាំងនេះ នីហ្វៃបានពង្រឹងទំនាក់ទំនងរបស់លោកជាមួយនឹងព្រះ តាមរយៈការទុកចិត្តលើទ្រង់យ៉ាងខ្ជាប់ខ្ជួន និងឥតឈប់ឈរ ។ ព្រះប្រើលំនាំដូចគ្នានេះជាមួយយើង ។ ទ្រង់ប្រទានការអញ្ជើញផ្ទាល់ខ្លួនដល់យើងដើម្បីពង្រឹង និងពង្រីកទំនុកចិត្តរបស់យើងទៅលើទ្រង់ ។ រាល់ពេលដែលយើងទទួលយក និងធ្វើសកម្មភាពតាមការអញ្ជើញ នោះទំនុកចិត្តរបស់យើងទៅលើព្រះនឹងរីកចម្រើនឡើង ។ ប្រសិនបើយើងមិនអើពើ ឬបដិសេធការអញ្ជើញ នោះការរីកចម្រើនរបស់យើងនឹងបញ្ឈប់ រហូតដល់យើងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើសកម្មភាពតាមការអញ្ជើញថ្មីមួយទៀត ។
ដំណឹងដ៏ល្អនោះគឺថា មិនថាយើងអាចជ្រើសរើស ឬមិនជ្រើសរើសដើម្បីដាក់ទីទុកចិត្តទៅលើព្រះកាលពីមុនក្ដី ក៏យើងអាចជ្រើសរើសទុកចិត្តទៅលើព្រះនៅថ្ងៃនេះ និងជារៀងរាល់ថ្ងៃតទៅ ។ ខ្ញុំសន្យាថា រាល់ពេលដែលយើងទុកចិត្ត នោះព្រះនឹងគង់នៅក្បែរចាប់ទ្រយើង ហើយទំនាក់ទំនងនៃទំនុកចិត្តរបស់យើងនឹងរីកចម្រើនកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃដែលយើងប្រែក្លាយជាតែមួយនឹងទ្រង់ និងព្រះរាជបុត្រាទ្រង់ ។ បន្ទាប់មក យើងអាចប្រកាសដូចជានីហ្វៃថា « ឱព្រះអម្ចាស់អើយ ទូលបង្គំបានទុកចិត្តទៅលើព្រះអង្គ ហើយទូលបង្គំនឹងទុកចិត្តទៅលើព្រះអង្គជារៀងដរាប » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕