សន្និសីទទូទៅ
រួម​គ្នា​តែមួយ​នឹង​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


15:5

រួម​គ្នា​តែមួយ​នឹង​ព្រះគ្រីស្ទ

យើង​រួបរួមគ្នា​តាមរយៈ​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និងដង្វាយធួន​របស់​ទ្រង់ ។ ខ្លឹមសារ​នៃ​ការចូលរួម​ដ៏​ពិត​គឺ ការរួម​គ្នា​តែមួយ​នឹង​ព្រះគ្រីស្ទ ។

ខ្ញុំ​មាន​អារម្មណ៍ខ្លាំងអំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ តាំងពី​ខ្ញុំ​នៅ​ក្មេង ប៉ុន្តែ​ភាពពិត​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​បានក្លាយ​ជា​បទពិសោធន៍​ពិត​នៅក្នុង​ជីវិត ពេល​ខ្ញុំ​មាន​អាយុ ២៥ ឆ្នាំ ។ ពេលនោះ​ខ្ញុំ​ទើប​តែ​បានបញ្ចប់​ការសិក្សា​ពី​សាលា​ច្បាប់​ស្តេនហ្វត និង​កំពុងសិក្សា​ដើម្បី​ប្រឡង​យក​អាជ្ញាប័ណ្ណ​ច្បាប់​ពី​រដ្ឋ​កាលីហ្វ័រញ៉ា ។ ម្ដាយ​ខ្ញុំ​បាន​ទូរសព្ទ​មក ហើយ​មាន​ប្រសាសន៍​ថា លោកតា ក្រូស៊ឺ គិមបុល ដែល​រស់នៅ​រដ្ឋ​យូថាហ៍​ជិត​ស្លាប់​ហើយ ។ គាត់​ប្រាប់​ថា បើ​ខ្ញុំ​ចង់​ជួប​គាត់ ខ្ញុំ​គួរតែ​ត្រឡប់​មក​ផ្ទះ​វិញ ។ ជីតា​ខ្ញុំ​មាន​អាយុ ៨៦ ឆ្នាំ ហើយ​ឈឺ​ធ្ងន់​ណាស់ ។ ខ្ញុំ​បាន​ទៅ​លេង​គាត់​ដោយ​ក្តី​រីករាយ ។ គាត់​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ឃើញ​ខ្ញុំ ហើយ​ចែកចាយ​ទីបន្ទាល់​គាត់​នឹង​ខ្ញុំ ។

កាល​លោកតា​ក្រូស៊ឺ មាន​អាយុ​ទើប ៣ ឆ្នាំ លោកតា​ទួត ដេវីឌ ផាតធីន គិមបុល បាន​ស្លាប់​នៅ​អាយុ ៤៤ ឆ្នាំ ។ លោកតា​ក្រូស៊ឺ សង្ឃឹម​ថា​ឪពុក និង​ជីតា​គាត់គឺ ហ៊ីបឺរ ស៊ី គិមបុល នឹង​ពេញចិត្ត​ជីវិត​លោក ហើយ​មាន​អារម្មណ៍​ថា លោក​ស្មោះ​ចំពោះ​កេរដំណែល​របស់​លោក ។

ដំបូន្មាន​ដ៏​សំខាន់​របស់​លោកតា​​ចំពោះ​ខ្ញុំ គឺ​ត្រូវ​ចៀស​រាល់​អារម្មណ៍ដែល​​ថា​ខ្លួន​មាន​សិទ្ធិ​ត្រូវ​ទទួល​បាន ឬ​មានអភ័យឯកសិទ្ធិ ដោយសារ​បុព្វការីជន​ដ៏​ស្មោះត្រង់​ទាំងនេះ​ឡើយ ។ លោក​បានប្រាប់​ខ្ញុំ​ថា ខ្ញុំគួរតែផ្តោត​​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ លោក​បាន​ថ្លែង​ថា យើង​ទាំងអស់​គ្នា​គឺជា​បុត្រាបុត្រី​របស់​ព្រះ​វរបិតាសួគ៌ ។ មិន​ថា​បុព្វការីជន​នៅលើ​ផែនដី​របស់​យើង​ជា​នរណា​ទេ យើង​ម្នាក់ៗ​នឹង​រាយការណ៍​ថ្វាយ​ព្រះអង្គ​សង្គ្រោះ​ថា យើង​គោរពតាម​ព្រះ​បញ្ញត្តិ​ទ្រង់​បាន​ល្អ​ប៉ុនណា ។

លោកតា​បានសំដៅ​ទៅ​ព្រះអង្គ​សង្គ្រោះ​ថា ជា « អ្នក​ឆ្មាំ​ទ្វារ » ជា​សេចក្ដីយោង​ទៅ នីហ្វៃទី២ ៩:៤១ ។ លោក​បាន​ប្រាប់​ខ្ញុំ​ថា លោក​សង្ឃឹម​ថា លោក​បានប្រែចិត្ត​គ្រប់គ្រាន់​ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​ទទួល​សេចក្ដី​មេត្តាករុណា​របស់​ព្រះអង្គ​សង្គ្រោះ​ ។

ខ្ញុំ​​រំជួលចិត្ត​ជា​ខ្លាំង ។ ខ្ញុំ​បានដឹង​ថា​លោក​គឺជា​មនុស្ស​សុចរិត ។ លោក​គឺជា​លោកអយ្យកោ ហើយ​បាន​បម្រើ​បេសកកម្ម​ជា​ច្រើន ។ លោក​បាន​បង្រៀន​ខ្ញុំ​ថា គ្មាន​នរណា​ម្នាក់​អាច​ត្រឡប់ទៅ​ព្រះ​វិញ​​ព្រោះតែ​កិច្ចការ​ល្អ​តែ​ម្យ៉ាង ដោយ​គ្មាន​អំណោយទាន​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​បានឡើយ ។ ខ្ញុំ​ចាំ​បានរហូត​ដល់​ពេល​នេះ​នូវ​សេចក្ដីស្រឡាញ់ និង​ការកោត​សរសើរ​ដ៏​អស្ចារ្យ ដែល​លោកតាមានសម្រាប់​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។

នៅ​ឆ្នាំ ២០១៩ ក្នុង​អំឡុង​ការចាត់តាំង​មួយ​នៅ​ក្រុង​យេរូសាឡិម ខ្ញុំ​បាន​ទៅ​មើល​បន្ទប់​ខាងលើ​មួយ ដែល​នៅ​ជិត​កន្លែង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​លាង​ជើង​ពួកសាវក​របស់​ទ្រង់​មុន​ពេល​ការឆ្កាង ។ ខ្ញុំ​បានជ្រួតជ្រាប​ខាងវិញ្ញាណ ហើយ​គិត​ពី​របៀប​ដែល​ទ្រង់​បាន​បញ្ជា​ឲ្យ​សាវក​ទ្រង់​ស្រឡាញ់​គ្នា​ ។

ខ្ញុំ​នឹក​ពី​ការអធិស្ឋាន​ទូល​អង្វរ​របស់​ព្រះអង្គ​សង្គ្រោះ​ជំនួស​យើង ។ ការអធិស្ឋាន​នេះ​បាន​កើត​ឡើងនៅម៉ោង​ចុងក្រោយ​នៃ​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ដូច​ដែល​បានកត់ត្រា​ទុក​នៅក្នុង​ដំណឹងល្អ​របស់​យ៉ូហាន ។

ការអធិស្ឋាន​នេះ​ត្រូវ​បានណែនាំ​ដល់​អ្នក​ដើរតាម​ព្រះគ្រីស្ទ​ រួមទាំង​យើង​គ្រប់​គ្នា​ផងដែរ ។ នៅក្នុង​ការទូល​អង្វរ​ទៅកាន់​ព្រះវរបិតា ទ្រង់​បាន​អង្វរ​ថា « ដើម្បី​ឲ្យ​ទាំងអស់​​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បានរួម​គ្នា​តែ​មួយ » ។ ក្រោយមក ព្រះអង្គសង្រ្គោះ​បន្ត​ថា « ឯ​សិរីល្អ​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ » ។ ការរួមគ្នា​តែមួយ គឺជា​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​អធិស្ឋាន​ទូល​សុំ មុនពេល​ការក្បត់ និង​ការឆ្កាង​របស់​ទ្រង់ ។ យើង​អាច​ទទួល​បានការរួម​គ្នា​តែ​មួយ​នឹង​ព្រះ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌ តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ ។

ក្ដី​មេត្តាករុណា​ដ៏​សង្គ្រោះ​របស់​ព្រះអម្ចាស់​ មិន​អាស្រ័យទៅ​លើ​ពូជពង្ស ការអប់រំ ស្ថានភាព​សេដ្ឋកិច្ច ឬ​ពូជសាសន៍​នោះ​ទេ ។ វា​ផ្អែក​លើ​ការរួម​គ្នា​តែមួយ​នឹង​ព្រះគ្រីស្ទ និង​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

ព្យាការី យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បាន​ទទួល​វិវរណៈ​អំពីការរៀបចំ និង​ការគ្រប់គ្រង​សាសនាចក្រ​នៅ​ឆ្នាំ ១៨៣០ បន្ទាប់ពី​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើងភ្លាម ។ ដែល​ឥឡូវ​​ជា កណ្ឌទី ២០ ដែល​ព្យាការី​យ៉ូសែប​បាន​អាន​នៅក្នុង​សន្និសីទ​របស់​សាសនាចក្រ​ដំបូង ហើយ​ជា​វិវរណៈ​ដំបូង​ដែល​បាន​អនុម័ត​ដោយ​ការយល់ព្រម​ជា​រួម ។

ខ្លឹមសារ​នៃ​វិវរណៈ​នេះ​ពិត​ជា​អស្ចារ្យ​ណាស់ ។ វា​បង្រៀន​យើង​ពី​សារៈសំខាន់ និង​តួនាទី​​របស់​ព្រះអង្គ​សង្គ្រោះ និង​របៀប​ទទួលបាន​ព្រះចេស្តា និង​ពរជ័យ​ទ្រង់​តាមរយៈ​ព្រះគុណ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ ព្យាការី​យ៉ូសែប​មាន​អាយុ ២៤ ឆ្នាំ ហើយ​បាន​ទទួល​វិវរណៈ​ជា​ច្រើន​ ហើយ​បាន​បញ្ចប់​ការបកប្រែ​ព្រះគម្ពីរ​មរមន​ដោយ​អំណោយ​ទាន និង​ព្រះចេស្តា​របស់​ព្រះ ។ ទាំង​យ៉ូសែប និង​អូលីវើរ ត្រូវ​បាន​ស្គាល់​ថា​ជា​សាវក​ដែល​បានតែងតាំង​ដើម្បី​មាន​សិទ្ធិអំណាច​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ ។

ខទី ១៧ ដល់ ៣៦ មាន​នូវ​សេចក្តីសង្ខេប​អំពី​គោលលទ្ធិ​របស់​សាសនាចក្រ​ដ៏​ចាំបាច់ រួមមាន​ការពិត​នៃ​ព្រះ ការបង្កបង្កើត​មនុស្សជាតិ ការធ្លាក់ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​តាមរយៈ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ខទី ៣៧ មាន​នូវ​តម្រូវការ​ចាំបាច់​សម្រាប់​ពិធី​បុណ្យជ្រមុជ​ទឹក​ចូល​ទៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ខទី ៧៥ ដល់ ៧៩ បានប្រកាស​ឲ្យ​ដឹង​នូវ​ការអធិស្ឋាន​ធ្វើ​ពិធី​សាក្រាម៉ង់​ដែល​យើង​ប្រើ​ជា​រៀងរាល់​ថ្ងៃ​ឈប់សម្រាក ។

គោលលទ្ធិ គោលការណ៍ សាក្រាម៉ង់ និង​ការអនុវត្ត ដែល​ព្រះអម្ចាស់​បានបង្កើតឡើង​តាមរយៈ យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​នៃ​ការស្ដារ​ឡើងវិញ​គឺ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​ប៉ុណ្ណោះ ។

តម្រូវការ​ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក វា​មានទាំង​លក្ខណៈ​ស៊ីជម្រៅ ហើយក៏សាមញ្ញ​ដែរ ។ ជា​ចម្បង វា​រួមបញ្ចូល​ទាំង​ភាពរាបសា​នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ការប្រែចិត្ត​ពី​អំពើ​បាប​ទាំងអស់ ដោយ​ការលើក​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រកាន់ខ្ជាប់​ដល់​ទីបញ្ចប់ ហើយ​បង្ហាញ​តាមកិច្ចការ​របស់​យើង ថា យើង​បាន​ទទួល​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ។

វា​មាន​សារៈសំខាន់​ណាស់​ដែល​គុណសម្បត្តិ​ទាំងអស់​ដើម្បី​ទទួល​ពិធី​បុណ្យជ្រមុជ​ទឹក​គឺ​ជា​រឿងខាងវិញ្ញាណ ។ វា​មិន​ចាំបាច់មានជំនាញ​សេដ្ឋកិច្ច ឬ​សង្គម​​ឡើយ ។ អ្នក​ក្រ និង​អ្នក​មាន មាន​តម្រូវការ​ខាងវិញ្ញាណ​ដូច​គ្នា ។

គ្មាន​ការតម្រូវ​ខាង​ពូជសាសន៍ ភេទ ឬ​ជាតិ​សាសន៍​ឡើយ ។ ព្រះ​គម្ពីរ​មរមន​បាន​បញ្ជាក់​ច្បាស់​ថា មនុស្ស​ទាំង​អស់ ត្រូវ​បានអញ្ជើញ​ឲ្យ​ចូលរួម​ក្នុងការ​ទទួលទាន​នូវ​សេចក្ដីល្អ​របស់​ព្រះអម្ចាស់ « ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី … ទាំង​អស់​ដូច​គ្នា​នៅ​ចំពោះ​ព្រះ » ។ « មនុស្ស​លោក​ទាំងអស់​បាន​ទទួល​យក​ឯកសិទ្ធ​ដូចៗ​គ្នា ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​ហាមប្រាម​ឡើយ » ។

ដោយ​សារ « ភាព​ដូចគ្នា » របស់​យើង​នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ នោះវា​មិន​សូវ​សម​ទេ​ដែល​យើងសង្កត់​ធ្ងន់​លើ​ភាពខុសគ្នា​​នោះ ។ អ្នក​ខ្លះ​បាន​លើក​ទឹកចិត្ត​យើង​ខុស « ឲ្យ​គិត​ថា​មនុស្ស​​ខុស​គ្នា​ពី​ខ្លួន​យើងឆ្ងាយ និង​ខុស​ពី​គ្នា តែ​ការពិតវា​មិន​បែប​នោះ​ទេ ។ [ អ្នក​ខ្លះ ] យក​វាទាំងស្រុង​ ប៉ុន្តែភាព​ខុសគ្នា​តិចតួច ហើយ​ធ្វើ​ឲ្យ​វា​អន្តរាយ » ។

លើសពី​នេះ អ្នក​ខ្លះ​បាន​សន្មត​ខុស​ថា ព្រោះ​តែ​មនុស្ស​ទាំងអស់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទទួល​យក​ភាពល្អ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ នោះ​មិន​ចាំបាច់តម្រូវ​អ្វី​ឡើយ ។

ទោះ​យ៉ាង​ណា ព្រះគម្ពីរ​បានបញ្ជាក់​ថា បុគ្គល​ដែល​ដឹង​ខុសត្រូវ​ទាំង​អស់គឺ​តម្រូវ​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប និង​គោរពតាម​បទបញ្ញត្តិ​ទ្រង់ ។ ព្រះអម្ចាស់​បាន​បញ្ជាក់​ច្បាស់​ថា មនុស្ស​ទាំង​អស់​មាន​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ហើយ « ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាម​រយៈ​ព្រះ​ជា​អ្នក​សង្រួបសង្រួម​ដ៏​ធំ​របស់​មនុស្ស​លោក​ទាំង​អស់ … ហើយ​ប្រុង​ស្ដាប់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​ដ៏​មហិមា​របស់​ទ្រង់​ចុះ ហើយ​ចូរ​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះបន្ទូល​ទាំងឡាយ​របស់​ទ្រង់ ហើយ​រើស​យក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។ ដើម្បី​ទទួល​បានពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះ​អង្គសង្រ្គោះ យើង​ត្រូវតែ​អនុវត្ត​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​របស់​យើង​យ៉ាង​ស្មោះត្រង់​ដើម្បី​ជ្រើសរើស​ព្រះគ្រីស្ទ និង​គោរព​តាម​បទបញ្ញត្តិ​ទ្រង់ ។

ក្នុង​ជីវិត​ខ្ញុំ អត្ថន័យ​នៃ « សិទ្ធិជ្រើសរើស » និង « តាម​បំណង​ចិត្ត » ត្រូវបាន​វែកញែក និង​ជជែក​តវ៉ា ។ ប្រធានបទ​ទាំងនេះ​ធ្លាប់បាន និង​បន្ត​ជជែក​វែកញែក​ដោយ​បញ្ញា​ជាច្រើនដង ។

នៅលើក្រប​សៀវភៅ​បោះពុម្ព​ថ្មីៗ​ពី​អតីត​និស្សិត​នៅ​សាកល​វិទ្យាល័យ​ដ៏​ធំមួយ សាស្ត្រាចារ្យ​ជីវវិទូ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​អះអាង​ថា « គ្មាន​កន្លែង​សម្រាប់​ធ្វើតាម​បំណង​ចិត្ត​ឡើយ » ។ មិនគួរភ្ញាក់ផ្អើលទេ ដែលសាស្រ្តាចារ្យ​បានដកស្រង់​ពីអត្ថបទ​ដោយ​និយាយ​ថា « គ្មានព្រះទេ … ហើយគ្មានឆន្ទៈសេរីទេ … ហើយ​នេះ​គឺជា​សកលលោកដ៏ធំទូលាយ ធម្មតា និងទទេស្អាត » ។ ខ្ញុំ​ពិត​ជា​មិន​យល់ស្រប​ទាល់តែ​សោះ ។

គោលលទ្ធិ​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​យើង​គឺ​ថា​យើង​មាន​សិទ្ធិជ្រើសរើស​ខាង​សីលធម៌ ដែល​រួម​បញ្ចូល​ទាំង​តាម​បំណង​ចិត្ត ។ សិទ្ធិជ្រើសរើស​គឺជា​សមត្ថភាព​ក្នុង​ការជ្រើសរើស និង​ធ្វើ​សកម្មភាព ។ វា​សំខាន់​ចំពោះ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ បើ​គ្មាន​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​ទេ យើង​មិន​អាច​រៀន រីកចម្រើន ឬ​ជ្រើស​រើស ដើម្បី​រួម​គ្នា​តែ​មួយ​នឹង​ព្រះ​គ្រីស្ទបាន​ទេ ។ ដោយសារ​តែ​សិទ្ធិជ្រើសរើស​ខាង​សីលធម៌ នោះយើង « មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។ នៅ​ក្នុង​ក្រុមប្រឹក្សា​មុន​ឆាក​ជីវិត​នេះ​នៅ​ឯ​ស្ថានសួគ៌ ផែនការ​របស់​ព្រះវរបិតា​ មាន​រួម​ទាំង​សិទ្ធិជ្រើសរើស​ដែល​ជា​ធាតុ​ដ៏​សំខាន់ ។​ លូស៊ីហ្វើរ​បាន​បះបោរ ហើយ « បាន​ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស » ។ ដោយហេតុនេះ អភ័យ​ឯកសិទ្ធិ​នៃ​ការមាន​រូបកាយ​រមែង​ស្លាប់​គឺ​ពុំ​មានសម្រាប់​សាតាំង និង​អ្នក​ដែល​ដើរ​តាម​វាឡើយ ។

ពួកវិញ្ញាណនៅ​មុន​ឆាក​ជីវិត​នេះ​ផ្សេង​ទៀត​ បាន​អនុវត្ត​សិទ្ធិជ្រើសរើស​របស់​ខ្លួន​​ធ្វើ​តាម​ផែនការ​របស់​ព្រះ​វរបិតាសួគ៌ ។ វិញ្ញាណ​ទាំងឡាយ​​ដែល​​បាន​ទទួល​ពរ​ដោយ​កើត​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​បន្ត​មាន​សិទ្ធិជ្រើសរើស ។ យើង​មាន​សេរីភាព​ជ្រើសរើស និង​ប្រព្រឹត្ត ប៉ុន្តែ​យើង​ពុំអាច​គ្រប់គ្រង​លើ​លទ្ធផ​លបាន​ទេ ។ « ការជ្រើសរើស​យក​អំពើ​ល្អ និង​សុចរិតភាព​នាំ​ទៅ​រក​សុភមង្គល ភាពសុខសាន្ត និង​ជីវិត​អស់កល្ប​ជានិច្ច ខណៈ​​ដែល​ជម្រើស​ធ្វើ​តាម​អំពើបាប និង​សេចក្ដីអាក្រក់​នាំ​ទៅ​រក​ទុក្ខព្រួយ និង ភាពសោកសៅ » ។​ ដូចអាលម៉ា​បាន​ថ្លែង​ថា « សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

នៅក្នុង​ពិភព​ប្រកួត​ប្រជែង​ដ៏ខ្លាំង​នេះ មាននូវការ​ប្រឹងប្រែងខ្លាំង​ដើម្បី​បាន​ប្រសើរ​ឡើង ។ ការព្យាយាម​ធ្វើ​ជា​មនុស្ស​ល្អ​បំផុតឲ្យ​អស់​ពី​សមត្ថភាព​យើង គឺជា​ការខិតខំ​ដ៏​សុចរិត និង​មាន​តម្លៃ ។ វា​ស្រប​ទៅ​នឹង​គោលលទ្ធិ​របស់​ព្រះអម្ចាស់ ។ តែការខិតខំ​ធ្វើ​ឲ្យ​អ្នក​ដទៃ​អន់ថយ ឬ​ធ្លាក់​ចុះ ឬ​បង្កើត​ឧបសគ្គ​ដល់​ភាពជោគជ័យ​របស់​ពួកគេ គឺជា​ការ​ផ្ទុយ​ពី​គោលលទ្ធិ​របស់​ព្រះអម្ចាស់ ។ យើង​មិន​អាច​បន្ទោស​ស្ថានភាព ឬ​អ្នក​ផ្សេង​ទៀត​ព្រោះ​ការសម្រេច​ចិត្ត​ធ្វើ​សកម្មភាព​ផ្ទុយ​ទៅនឹង​បទបញ្ញត្តិ​របស់​ព្រះ​បាន​ទេ ។

ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ វា​ងាយស្រួល​នឹងផ្តោត​ទៅលើ​សម្ភារ និង​ភាពជោគជ័យ​ក្នុង​ការងារ ។ អ្នក​ខ្លះមើល​ពុំ​ឃើញ​ពី​គោលការណ៍ និង​ជម្រើស​ដ៏​អស់កល្ប​ជានិច្ច ​ដែល​មាន​សារៈសំខាន់​អស់កល្បនោះទេ ។ យើង​នឹង​​ឈ្លាសវៃ​ក្នុង​ការធ្វើ​តាម​ដំបូន្មាន​របស់​ប្រធាន រ័សុល អិម ណិលសុន ឲ្យ « គិត​ដល់​សេឡេស្ទាល » ។

ជម្រើស​ដ៏​សំខាន់​បំផុត​អាច​ធ្វើ​បាន​ដោយ​មនុស្ស​ភាគច្រើន ដោយ​មិន​គិត​ពី​ទេពកោសល្យ សមត្ថភាព ឱកាស ឬ​ស្ថានភាព​សេដ្ឋកិច្ច​ឡើយ ។ ការសង្កត់ធ្ងន់​លើ​ការដាក់ជម្រើស​គ្រួសារ​ជា​ចម្បង​គឺជា​ការសំខាន់ ។ ការណ៍​នេះ​គឺ​ប្រាប់ច្បាស់​នៅ​ពេញ​ក្នុង​បទគម្ពីរ​ ។ សូម​ពិចារណា​អំពី​ដំណើរ​រឿង​នៅក្នុងគម្ពីរ​នីហ្វៃទី១ ដែល​លីហៃ « បានចេញ​ទៅ​ក្នុង​ទីរហោស្ថាន ។ ហើយ​លោក​បានចាកចោល​ផ្ទះ​សម្បែង​របស់​លោក និង​ដែនដី​នៃ​កេរ្តិ៍អាករ​របស់​លោក និង​មាស​របស់​លោក និង​ប្រាក់​របស់​លោក និង​វត្ថុ​ដ៏​មាន​តម្លៃ​របស់​លោក » ។

ពេល​យើង​ប្រឈមមុខ​នឹង​ដំណើរប្រែប្រួល​នៃ​ជីវិត នោះ​រឿង​ជាច្រើន​កើតឡើង ហួស​ពី​ការគ្រប់គ្រងរបស់​យើង​បាន ។ ជាក់ស្តែងដូចជា បញ្ហា​សុខភាព និង​គ្រោះ​ថ្នាក់ ​អាច​ចូល​ទៅ​ក្នុង​ប្រភេទ​នេះ​ ។ ជំងឺ​រាតត្បាត​កូវីដ-១៩ ថ្មីៗ​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មនុស្ស​ដែល​ធ្វើ​ត្រឹម​ត្រូវទាំងអស់ ។ សម្រាប់​ជម្រើស​សំខាន់​បំផុត យើង​អាច​គ្រប់គ្រងបាន ។ ត្រឡប់​ទៅឯ​សម័យ​ផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ​វិញ​អែលឌើរ ម៉ារ៉ុន ឌី ហាងស៍ ជាប្រធាន​បេសកកម្ម​របស់​យើង​បាន​ឲ្យ​យើង​ទន្ទេញ​ផ្នែក​មួយ​នៃ​កំណាព្យ​របស់ អេលឡា វីលឺ វីលខុក ៖

គ្មាន​ឱកាស គ្មាន​ជោគវាសនា គ្មាន​ការគាប់ជួន

អាច​ចៀសវាង ឬ​រារាំង ឬ​គ្រប់គ្រង​បានទេ

ជាដំណោះស្រាយ​ដ៏​រឹងមាំ​នៃ​ព្រលឹង​ដែល​បាន​ប្តេជ្ញាចិត្ត ។

ផ្អែក​លើ​គោលការណ៍ ការប្រព្រឹត្ត ការគោរព​សាសនា និង​ការរស់នៅ​ដោយ​សុចរិត ជា​រឿងដែល​យើងអាច​គ្រប់គ្រង​បាន ។ សេចក្ដី​ជំនឿ​របស់​យើង​ចំពោះ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះ​រាជបុត្រា​ទ្រង់​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ជម្រើស​មួយ​ដែល​យើង​ធ្វើ ។

សូម​យល់​ថា ខ្ញុំ​ពុំ​បាន​គាំទ្រ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​តិចតួច​លើ​ការ​អប់រំ ឬ​មុខរបរ​នោះ​ទេ ។ អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​គឺ​ថា នៅពេល​ដាក់​កិច្ច​ខិតខំ​ទាក់ទង​នឹង​ការអប់រំ និង​មុខ​របរ​មាន​តម្លៃ​ខ្ពស់​ជាង​គ្រួសារ ឬ​ការរួម​គ្នា​តែមួយ​នឹង​ព្រះ​គ្រីស្ទ នោះ​លទ្ធផល​ដែល​មិន​ចង់​បាន អាច​នឹងអវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ ។

គោលលទ្ធិ​សាមញ្ញ និង​ច្បាស់លាស់​បាន​កំណត់​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០ គឺ​ប៉ះដួងចិត្ត និង​គួរ​ឲ្យ​ចាប់អារម្មណ៍ នៅពេល​វា​បាន​ពង្រឹង ហើយ​បញ្ជាក់​ពី​គំនិត​ខាង​វិញ្ញាណ​ដ៏​ពិសិដ្ឋ ។ វា​បង្រៀន​ថា សេចក្ដី​សង្គ្រោះ​បាន​កើត​ឡើង​ពេល​ព្រះ​យេស៊ូវ​គ្រីស្ទ កែតម្រូវ និងញែក​ព្រលឹង​ដែល​ប្រែចិត្តឲ្យ​បរិសុទ្ធ ដោយសារ​ព្រះគុណ​របស់​ទ្រង់ ។ វា​កំណត់​​តួនាទី​ដ៏​សំខាន់​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

យើង​គួរតែ​ព្យាយាម​បញ្ចូល​អ្នក​ដទៃ​ក្នុង​រង្វង់​នៃ​ភាពតែ​មួយ​របស់​យើង ។ បើ​យើង​ធ្វើ​តាម​ការដាស់តឿន​របស់ ប្រធាន រ័សុល អិម ណិលសុន ឲ្យ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ​នៅ​ទាំង​សងខាង​នៃ​វាំងនន នោះ​យើង​ត្រូវ​បញ្ចូល​អ្នក​ដទៃ​នៅ​ក្នុង​រង្វង់​នៃ​ភាព​តែមួយ​របស់​យើង ។ ដូច​ប្រធាន ណិលសុន បាន​បង្រៀន​យ៉ាង​ល្អ​ថា ៖ « នៅ​គ្រប់​ទ្វីប និង​​កោះ​នៃ​សមុទ្រ មនុស្ស​ស្មោះត្រង់​កំពុង​ប្រមូល​ផ្តុំ​គ្នា​ចូលក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ភាពខុសគ្នា​រវាង​វប្បធម៌ ភាសា ភេទ ពូជសាសន៍ និង​សញ្ជាតិ​ពុំ​សំខាន់​ដូចជា​អ្នកស្មោះត្រង់​ដែល​ចូលមកលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា និង​មក​រក​ព្រះប្រោសលោះ​ជាទី​ស្រឡាញ់​របស់​យើង​ឡើយ » ។

យើង​រួបរួមគ្នា​តាមរយៈ​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ក្នុងនាម​ជា​បុត្រាបុត្រី​នៃ​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។ ខ្លឹមសារ​នៃ​ការចូលរួម​ដ៏​ពិត​គឺ ការរួម​គ្នា​តែមួយ​នឹង​ព្រះគ្រីស្ទ ។ ពិធី​បរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និងពិធី​សាក្រាម៉ង់​ដែលចែងក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា កណ្ឌទី ២០រួមទាំង​សេចក្ដីសញ្ញា​នៃ​ព្រះ​វិហារ​បរិសុទ្ធ​របស់​យើង គឺរួបរួម​យើង​តាម​របៀប​ដ៏ពិសេស​ហើយ​អនុញ្ញាត​ឲ្យ​យើង​រួម​គ្នា​តែ​មួយតាម​របៀប​សំខាន់ដ៏​អស់កល្ប​ជានិច្ច និង​ដើម្បី​រស់នៅ​ដោយ​សុខសាន្ត និង​សុខដុម​ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដ៏​ពិត​ និង​ច្បាស់លាស់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ មាន​ព្រះជន្ម​រស់នៅ ហើយ​ដោយសារតែ​ដង្វាយធួន​របស់​ទ្រង់ យើង​អាច​រួម​គ្នា​តែមួយ​នឹង​ព្រះ​គ្រីស្ទ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អាម៉ែន ៕

កំណត់​ចំណាំ

  1. ដាវីឌ អាយុ ១៧ ឆ្នាំ​បានជួយ​នាំពួក​បរិសុទ្ធ​មួយ​ចំនួន​ឆ្លង​កាត់​ទន្លេ ស្វីត វ៉តធឺ ដែល​មាន​សុទ្ធតែ​ទឹក​កក​នៅ​ពេល​ដែល​ពួកគេ​ជាប់​នៅ​លើ​វាលទំនាប​ខ្ពស់​នៃ​ក្រុង វ៉ាយអូម៉ីង ( សូមមើល Saints: The Story of the Church of Jesus Christ in the Latter Daysភាគ ២ No Unhallowed Hand ឆ្នាំ ១៨៤៦–១៨៩៣ [ ឆ្នាំ ២០២០ ] ទំព័រ ២៣៧ ) ។

  2. សូម​មើល មរ៉ូណៃ ៧:២៧–២៨ ។

  3. លោក រ៉ាប៊ី នៃ​ប្រទេស​ន័រវែស រ៉ាប៊ី ម៉ៃឃើល មែលឈ័រ និង​ខ្ញុំ​ជា​វាគ្មិន​សំខាន់​នៅក្នុង​កិច្ចសន្ទនា​របស់​អ្នកប្រាជ្ញ​សាសន៍​យូដា–ពួក​បរិសុទ្ធ​ចុង​ក្រោយ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៥ ខែ មិថុនា ឆ្នាំ ២០១៩ នៅ​មជ្ឈមណ្ឌល ប៊ី.វ៉ាយ.យូ. ក្រុងយេរូសាឡឹម ក្នុង​ប្រទេស​អ៊ីស្រាអែល ។

  4. សូមមើល យ៉ូហាន ១៧:២០ ។

  5. យ៉ូហាន ១៧:២១–២២ ។

  6. សូមមើល « The Conference Minutes and Record Book of Christ’s Church of Latter Day Saints, 1838–1839, 1844 » ( commonly known as the Far West Record ), June 9, 1830, Church History Library, Salt Lake City; Steven C. Harper, Making Sense of the Doctrine and Covenants ( 2008 ), 75.

  7. គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០ គឺ​ជា​វិវរណៈ​ដំបូង​ដែល​បានបោះពុម្ពផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​របស់​សាសនាចក្រ ហើយ​ត្រូវ​បាន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រើប្រាស់​ដោយ​គោរព ទាំង​គោលលទ្ធិ និង​ការធ្វើ​ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​សាក្រាម៉ង់ ( សូមមើល Harper Making Sense of the Doctrine and Covenantsទំព័រ ៧៥ ) ។

  8. សូមមើល នីហ្វៃ​ទី​២ ២:៧ ។

  9. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៣៧ ។

  10. នីហ្វៃទី២ ២៦:៣៣ ។

  11. នីហ្វៃទី​២ ២៦:២៨ ។

  12. ភីទើរ វូដ Diversity: The Invention of a Concept ( ឆ្នាំ ២០០៣ ), ២០ ។

  13. នីហូរ បាន​យក​តំណែង​នេះ ( សូមមើល អាលម៉ា ១:៤) ។

  14. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៩:៤៩–៥០ ។

  15. នីហ្វៃទី២ ២:២៧–២៨ ។

  16. Stanford (publication of the Stanford Alumni Association), ខែ​ធ្នូ ឆ្នាំ ២០២៣, គម្រប ។

  17. នៅក្នុង​ សេម ស្កត, « As If You Had a Choice,» Stanford, ខែ ធ្នូ ឆ្នាំ ២០២៣, ៤៤ ។ អត្ថបទ​នេះ​បានបង្ហាញ​ពី​សាស្ត្រាចារ្យ រ៉ូប៊ឺត សាប៉ូស្គី ជា​សាស្ត្រាចារ្យ​ផ្នែក​ជីវវិទ្យា សរសៃ​ប្រសាទសាស្ត្រ និង​ការវះកាត់​ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ជា​អ្នកនិពន្ធ​ដ៏​អស្ចារ្យ​បំផុត​នៃ​សៀវភៅ​វិទ្យាសាស្ត្រ ។ អត្ថបទ​នេះ​មាន​នូវ​ទស្សនៈ​ប្រឆាំង ដែល​រួម​មាន មកពីអាល់ហ្វ្រេដ មេល ជា​សាស្ត្រាចារ្យ​ផ្នែក​ទស្សនវិជ្ជា​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​ផ្លរីដា ដែល​ដឹកនាំ​គម្រោង​មូលនិធិ ចន តេមប្លេតុន ដ៏​ធំ​មួយ​អំពី​តាម​បំណង​ចិត្ត ។ គាត់​បាន​ថ្លែង​ថា « អ្នក​វិទ្យាសាស្ត្រ​ភាគច្រើន​ពុំ​បាន​បង្ហាញ​​អំពី​ឆន្ទៈសេរី​ទេ—ទោះជាឆន្ទៈសេរី​ដោយ​មហិច្ឆតាក្ដី—គឺ​ជា​រឿង​បោកបញ្ឆោត » ( នៅ​ក្នុង ស្កត, « As If You Had a Choice,» ទំព័រ ៤៦ ) ។

  18. សូមមើល ឌី ថត គ្រីស្តូហ្វឺសិន « Moral Agency » ( Brigham Young University devotional ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០០៦ ) ។

  19. សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:២៧ ។

  20. នីហ្វៃទី២ ២:២៧ ។

  21. ម៉ូសេ ៤:៣ ។

  22. ពិត​ចំពោះ​សេចក្ដីជំនឿ ៖ សេចក្ដីយោង​នៃ​ដំណឹងល្អ ( ឆ្នាំ 2004 ) ទំព័រ ១២ ។

  23. អាលម៉ា ៤១:១០ ។

  24. រ័សុល អិម ណិលសុន « គិត​ដល់​សេឡេស្ទាល ! » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១១៧–១២០ ។

  25. នីហ្វៃទី១ ២:៤

  26. Poetical works of Ella Wheeler Wilcox ( ឆ្នាំ ១៩១៧ ) ទំព័រ ១២៩ ។

  27. ខ្ញុំ​តែងតែចូលចិត្ត​ពាក្យ​ដកស្រង់ ដែល​បាន​ចែកចាយ​ដោយ អែលឌើរ នែល អេ ម៉ាក់ស្វែល ដែល​បាន​ថ្លែង​យ៉ាង​ខ្លី​បំផុត​ថា ៖ « ប្រសិន​បើបងប្អូន​មិនបាន​ជ្រើសរើសនគរ​របស់​ព្រះ​ជាមុន​ទេ នោះ​នៅ​ទី​បញ្ចប់​នឹង​មិន​មាន​អ្វី​ខុស​ប្លែក​ពី​អ្វី​ដែល​អ្នក​បាន​ជ្រើស​រើស​ជំនួស​វិញ​នោះទេ » ( attributed to William Law, an 18th-century English clergyman; quoted in Neal A. Maxwell « Response to a Call » Ensignខែ ឧសភា ឆ្នាំ ១៩៧៤ ទំព័រ ១១២ ) ។

  28. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:២៩–៣១ ទ្រឹស្តី​កាល់វីនីស​បាន​សង្កត់ធ្ងន់​លើ​ការផ្តល់​ហេតុផល និង​ធ្វើ​ឲ្យ​បរិសុទ្ធ​នៃ​ព្រលឹង​ដែល​បានធ្លាក់​តាមរយៈ​ព្រះគុណ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ វា​បាន​បង្រៀន​ថា នៅពេល​ដែល​ព្រះ​បាន​កំណត់​ទុក​ជាមុន​នូវ​ព្រលឹង​ដើម្បី​សង្គ្រោះ គ្មាន​អ្វី​អាច​ផ្លាស់ប្ដូរ​លទ្ធផល​បាន​ឡើយ ។ គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០ ធ្វើ​ឲ្យ​មាន​ការ​យល់​ច្បាស់​ពី​កាល់វីនីសនិយម ។ វា​បាន​អាន​ថា « មាន​ផ្លូវ​ដែល​មនុស្ស​អាច​ធ្លាក់​ចេញ​ពី​ព្រះ​គុណ ហើយ​បោះបង់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ » ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៣២–៣៤Harper Making Sense of the Doctrine and Covenantsទំព័រ ៧៤ ) ។

  29. រ័សុល អិម ណិលសុន « Building Bridges » Liahonaខែ ធ្នូ ឆ្នាំ ២០១៨ ទំព័រ ៥១ ។