ចូរអធិស្ឋាន ទ្រង់គង់នៅក្បែរ
ខ្ញុំសូមអញ្ជើញឲ្យកូនៗអធិស្ឋានឲ្យបានស្គាល់ថាព្រះវរបិតាសួគ៌គង់នៅក្បែរ អធិស្ឋានឲ្យបានរីកចម្រើនដូចជាទ្រង់ ហើយអធិស្ឋានឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នកដទៃ ។
បងប្អូនប្រុសស្រី ខ្ញុំមានអំណរ នៅពេលខ្ញុំឆ្លើយតបទៅនឹងអារម្មណ៍បំផុសគំនិតឲ្យនិយាយទៅកាន់កុមារនៅថ្ងៃនេះ !
កុមារាកុមារី មិនថាកូនៗនៅទីណាក្នុងពិភពលោកនេះ ខ្ញុំចង់ចែកចាយអ្វីមួយជាមួយកូនៗ ។
ព្រះវរបិតាសួគ៌ស្រឡាញ់កូនៗ ! កូនៗជាបុត្ររបស់ទ្រង់ ។ ទ្រង់ស្គាល់កូនៗ ។ ទ្រង់ចង់ប្រទានពរដល់កូនៗ ។ ខ្ញុំអធិស្ឋានដោយអស់ពីចិត្តទូលសូមឲ្យកូនៗដឹងពីសេចក្ដីស្រឡាញ់របស់ទ្រង់ ។
តើកូនៗចង់បានអំណោយដែរឬទេ ? ខ្ញុំចង់និយាយទៅកាន់កូនៗអំពីអំណោយពិសេសបំផុតមួយ ដែលព្រះវរបិតាសួគ៌ប្រទានពរឲ្យ ដើម្បីជួយកូនៗ ។ វាគឺជាអំណោយនៃការអធិស្ឋាន ។ ការអធិស្ឋានពិតជាពរជ័យណាស់ ! យើងអាចនិយាយទៅកាន់ព្រះវរបិតាសួគ៌គ្រប់ពេល គ្រប់ទីកន្លែង ។
កាលព្រះយេស៊ូវគ្រីស្ទគង់នៅលើផែនដី ទ្រង់បានបង្រៀនយើងឲ្យអធិស្ឋាន ។ ទ្រង់មានបន្ទូលថា « ចូរសុំ នោះអ្នកនឹងទទួល » ។
តើកូនៗអាចអធិស្ឋានសុំអំណោយអ្វីខ្លះ ? មានអំណោយជាច្រើន ប៉ុន្តែថ្ងៃនេះ ខ្ញុំចង់ចែកចាយអំណោយបីយ៉ាង ៖
-
អធិស្ឋានឲ្យបានស្គាល់ ។
-
អធិស្ឋានឲ្យបានរីកចម្រើន ។
-
អធិស្ឋានឲ្យបង្ហាញ ។
ចូរយើងពិភាក្សាអំពីអំណោយនីមួយៗ ។
ទីមួយ អធិស្ឋានឲ្យបានស្គាល់
តើកូនៗត្រូវការ ស្គាល់អ្វីខ្លះ ?
មានចម្រៀងមួយបទអំពីការអធិស្ឋាន ដែលកុមារបឋមសិក្សាច្រៀងនៅទូទាំងពិភពលោក ។ វាចាប់ផ្ដើមជាមួយនឹងសំណួរមួយ ។ តើកូនៗស្គាល់បទចម្រៀងនោះឬទេ ? បើខ្ញុំក្លាហាន ខ្ញុំនឹងច្រៀងឲ្យកូនៗស្ដាប់ !
« ព្រះវរបិតាអើយ ទ្រង់នៅទីនោះឬ ? តើព្រះអង្គនឹងឆ្លើយការអធិស្ឋានកូនឬទេ ? »
ទោះជាកូនៗមើលពុំឃើញទ្រង់ក្ដី តើកូនៗដឹងថាព្រះវរបិតាសួគ៌ពិតជាគង់នៅទីនោះដោយរបៀបណា ?
ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញកូនៗ « ឲ្យចាក់ស្រោចដួងចិត្តរបស់កូនៗថ្វាយព្រះវរបិតាសួគ៌ ។… បន្ទាប់មក សូមស្តាប់ ! » ។ ចូរស្ដាប់នូវអ្វីដែលកូនៗទទួលអារម្មណ៍នៅក្នុងដួងចិត្ត និងគំនិតដែលផុសឡើង ។
ព្រះវរបិតាសួគ៌មានរូបកាយសាច់និងឆ្អឹងដ៏រុងរឿង ហើយគឺជាព្រះបិតាខាងវិញ្ញាណរបស់កូនៗ ។ ដោយសារព្រះវរបិតាសួគ៌មានគ្រប់ព្រះចេស្ដា ហើយដឹងរឿងគ្រប់យ៉ាង នោះទ្រង់អាចទតឃើញបុត្រាបុត្រីទាំងអស់របស់ទ្រង់ ហើយអាចស្ដាប់ឮ និងឆ្លើយតបគ្រប់ការអធិស្ឋាន ។ កូនៗអាច ដឹង ដោយខ្លួនឯងថា ទ្រង់គង់នៅទីនោះ ហើយថាទ្រង់ស្រឡាញ់កូនៗ ។
នៅពេលកូនៗដឹងថា ព្រះវរបិតាសួគ៌ មានពិត ហើយថាទ្រង់ស្រឡាញ់កូនៗ នោះកូនៗអាចរស់នៅដោយភាពក្លាហាន និងក្ដីសង្ឃឹម ! « ចូរអធិស្ឋាន នោះទ្រង់នឹងស្ដាប់អ្នក » ។
តើកូនៗធ្លាប់មានអារម្មណ៍ថាឯកោឬទេ ? នាថ្ងៃមួយ នៅពេលចៅស្រីពួកយើង អាស្លី អាយុ ៦ ឆ្នាំ ជាកុមារីតែម្នាក់គត់ ដែលគ្មានមិត្តលេងជាមួយនៅកន្លែងក្មេងលេងក្នុងសាលា ។ កាលនាឈរនៅទីនោះ នាងមានអារម្មណ៍ថា នាងមិនសំខាន់ គេមើលរំលង តែគំនិតជាក់លាក់មួយផុសឡើងថា « ឈប់សិន ! ខ្ញុំមិននៅឯកោទេ ! ខ្ញុំមានព្រះគ្រីស្ទ ! » អាស្លី បានលុតជង្គង់ចុះនៅកណ្ដាលកន្លែងលេងនោះ ឱបដៃ ហើយអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ រំពេចដែលនាងបើកភ្នែកឡើង មានកុមារីអាយុស្របាលនាងម្នាក់ឈរនៅទីនោះ សួរនាងថា តើនាងចង់ទៅលេងឬទេ ។ អាស្លីបានដឹងថា « យើងសំខាន់ចំពោះព្រះអម្ចាស់ ហើយយើងពុំដែលនៅឯកោឡើយ » ។
ពេលខ្លះ កូនៗអាចនឹងចង់ ដឹង ថា ហេតុអ្វីក៏រឿងពិបាកៗកំពុងកើតឡើងនៅក្នុងជីវិត ឬហេតុអ្វីក៏កូនៗមិនទទួលបានពរជ័យអ្វីសោះ ពេលកូនៗអធិស្ឋានសូម ។ ជាញឹកញាប់ សំណួរដ៏ល្អបំផុតដើម្បីទូលសូមទៅកាន់ព្រះវរបិតាសួគ៌ គឺពុំមែនសួរថា ហេតុអ្វី នោះទេ ប៉ុន្តែសួរថា អ្វីខ្លះវិញ ។
តើកូនៗនៅចាំគ្រាដែលនីហ្វៃ និងគ្រួសារលោកស្រេកឃ្លាន ពេលពួកគាត់ធ្វើដំណើរនៅក្នុងទីរហោស្ថានឬទេ ? នៅពេលនីហ្វៃ និងបងៗលោកបានចេញទៅរកអាហារ នីហ្វៃបានបាក់ធ្នូររបស់គាត់ ។ ប៉ុន្តែគាត់ពុំបានសួរថា ហេតុអ្វី នោះទេ ។
នីហ្វៃបានធ្វើធ្នូរថ្មី ហើយបានសួរទៅឪពុកលោក លីហៃ ថាតើលោកគួរទៅរកអាហារនៅកន្លែងណា ។ លីហៃបានអធិស្ឋាន ហើយព្រះអម្ចាស់បានបង្ហាញពួកគាត់នូវកន្លែងដែលនីហ្វៃអាចទៅរកអាហារបាន ។ ព្រះវរបិតាសួគ៌ នឹងដឹកនាំកូនៗ នៅពេលកូនៗទូលសួរទ្រង់នូវ អ្វីខ្លះ ដែលកូនៗអាចធ្វើ និង អ្វីខ្លះ ដែលកូនៗអាចរៀន ។
ទីពីរ អធិស្ឋានឲ្យបានរីកចម្រើន
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ជួយកូនៗឲ្យ រីកចម្រើន ! ទ្រង់ស្រឡាញ់យើងយ៉ាងខ្លាំង ទើបទ្រង់បញ្ជូនព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ មកបង្ហាញផ្លូវដល់យើងឲ្យចេះរស់នៅ ។ ព្រះយេស៊ូវបានរងទុក្ខ សុគត ហើយបានមានព្រះជន្មរស់ឡើងវិញ ដើម្បីយើងអាចត្រូវបានអភ័យទោសចំពោះអំពើបាបរបស់យើង ហើយ រីកចម្រើន ដើម្បីប្រែក្លាយឲ្យកាន់តែដូចជាទ្រង់ ។
តើកូនៗចង់ រីកចម្រើន ខាងការអត់ធ្មត់ ឬភាពស្មោះត្រង់ឬទេ ? តើកូនៗចង់ រីកចម្រើន ខាងជំនាញមួយឬទេ ? ប្រហែលជាកូនៗខ្មាស់អៀន ឬចង់ រីកចម្រើន ខាងភាពក្លាហាន ។ « ចូរអធិស្ឋាន ទ្រង់គង់នៅទីនោះ ! » តាមរយៈព្រះវិញ្ញាណទ្រង់ ដួងចិត្តកូនៗអាចផ្លាស់ប្ដូរ ហើយកូនៗអាចទទួលភាពរឹងមាំ ។
មិត្តថ្មីរបស់ខ្ញុំឈ្មោះ ចូណា បានសរសេរថា ៖ « ជាញឹកញាប់ ខ្ញុំមានអារម្មណ៍ភ័យនៅតាមផ្លូវទៅសាលារៀនពេលព្រឹក ។ ខ្ញុំបារម្ភអំពីរឿងជាច្រើនដូចជា ទៅយឺត ភ្លេចរបស់របរ និងការប្រឡងជាដើម ។ កាលខ្ញុំអាយុ ១០ ឆ្នាំ ខ្ញុំបានចាប់ផ្ដើមអធិស្ឋាននៅតាមផ្លូវទៅសាលារៀនជាមួយម៉ាក់ខ្ញុំ ។ ខ្ញុំបានសូមជំនួយដែលខ្ញុំត្រូវការ ហើយខ្ញុំអធិស្ឋានសម្រាប់គ្រួសារខ្ញុំផងដែរ ។ ខ្ញុំក៏គិតអំពីរឿងដែលខ្ញុំមានអំណរគុណផងដែរ ។ [ ការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ] បានជួយខ្ញុំ ។ ជួនកាល ខ្ញុំពុំមានអារម្មណ៍ធូរស្រាលភ្លាមៗទេ ពេលខ្ញុំចុះពីលើឡាន ប៉ុន្តែពេលខ្ញុំទៅដល់ថ្នាក់រៀន ខ្ញុំមានអារម្មណ៍សុខសាន្ដ » ។
សេចក្ដីជំនឿរបស់ចូណា កំពុង រីកលូតលាស់ នៅពេលគាត់អធិស្ឋានជារៀងរាល់ថ្ងៃ ហើយដើរឆ្ពោះទៅមុខ ។
ទីបី អធិស្ឋានឲ្យបង្ហាញ
កូនៗអាចអធិស្ឋានសូមជំនួយឲ្យបាន បង្ហាញ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះអ្នកដទៃ ។ តាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ព្រះវរបិតាសួគ៌ នឹងជួយកូនៗឲ្យសម្គាល់ឃើញនរណាម្នាក់ដែលសោកសៅ ដើម្បីកូនៗអាចលួងលោមចិត្តពួកគេ ។ ទ្រង់អាចជួយកូនៗ បង្ហាញ សេចក្ដីស្រឡាញ់របស់ទ្រង់ តាមរយៈការអភ័យទោសដល់នរណាម្នាក់ ។ ទ្រង់អាចប្រទានដល់កូនៗនូវភាពក្លាហានដើម្បីបម្រើនរណាម្នាក់ ហើយចែកចាយជាមួយពួកគេថា ពួកគេគឺជាកូនរបស់ព្រះ ។ ការខិតខំរបស់កូនៗ អាចជួយអ្នកដទៃឲ្យមកស្គាល់ និងស្រឡាញ់ព្រះយេស៊ូវ និងព្រះវរបិតាសួគ៌ដូចជាអ្នក ។
ខ្ញុំបានអធិស្ឋានសូមឲ្យឪពុកខ្ញុំក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពេញមួយជីវិតខ្ញុំ ។ ទោះជានៅក្មេង ក៏ខ្ញុំបានដឹងថា គាត់ អាចនឹងទទួលបានពរជ័យច្រើនប៉ុណ្ណា ។ គ្រួសារ របស់យើង អាចទទួលពរជ័យនៃការផ្សារភ្ជាប់សម្រាប់ភាពអស់កល្បជានិច្ច ។ គ្រួសារខ្ញុំ មិត្តភក្ដិ និងខ្ញុំ បានអធិស្ឋានសម្រាប់គាត់ជាញឹកញាប់ ប៉ុន្តែគាត់ពុំបានចូលរួមក្នុងសាសនាចក្រទេ ។ ព្រះវរបិតាសួគ៌ពុំបង្ខំនរណាម្នាក់ឲ្យធ្វើការជ្រើសរើសនោះទេ ។ ទ្រង់អាចបញ្ជូនចម្លើយចំពោះការអធិស្ឋានរបស់យើងតាមរបៀបផ្សេង ។
ពេលខ្ញុំធំដឹងក្ដី ខ្ញុំបានទទួលពរជ័យអយ្យកោរបស់ខ្ញុំ ។ នៅក្នុងពរជ័យអយ្យកោបានប្រាប់ខ្ញុំនូវរឿងល្អបំផុត ដែលខ្ញុំអាចធ្វើដើម្បីជួយគ្រួសារខ្ញុំឲ្យនៅជាមួយគ្នាឯស្ថានសួគ៌ គឺធ្វើជាគំរូនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ នោះជាអ្វីដែលខ្ញុំអាចធ្វើបាន !
ឪពុកខ្ញុំរស់នៅដល់អាយុ ៨៦ ឆ្នាំ ។ រយៈពេលប្រាំថ្ងៃ បន្ទាប់ពីគាត់ទទួលមរណភាព ខ្ញុំបានទទួលអារម្មណ៍អំណរដ៏ពិសិដ្ឋមួយ ។ ព្រះវរបិតាសួគ៌បានឲ្យខ្ញុំដឹងតាមរយៈព្រះវិញ្ញាណទ្រង់ថា ឪពុករបស់ខ្ញុំចង់ទទួលពរជ័យនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ! ខ្ញុំចាំមិនភ្លេចនូវថ្ងៃដែលខ្ញុំលុតជង្គង់នៅជុំវិញទីអាសនាក្នុងព្រះវិហារបរិសុទ្ធជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ ដើម្បីផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយរបស់ខ្ញុំ ។ ខ្ញុំបានចាប់ផ្ដើមអធិស្ឋានសុំពរជ័យនេះតាំងពីខ្ញុំនៅថ្នាក់កុមារ ហើយខ្ញុំបានទទួលវា ពេលខ្ញុំជាជីដូនម្នាក់ ។
ប្រហែលជាកូនៗកំពុងអធិស្ឋានសូមពរជ័យសម្រាប់គ្រួសារ និងអ្នកដទៃដែលកូនៗស្រឡាញ់ ។ សូមកុំចុះចាញ់ ! ព្រះវរបិតាសួគ៌នឹង បង្ហាញ នូវអ្វីដែលកូនៗអាចធ្វើ ។
សូមចែកចាយជាមួយព្រះវរបិតាសួគ៌នូវអ្វីដែលមានក្នុងចិត្តកូនៗ ។ នៅពេលកូនៗទូលសូមជំនួយពីទ្រង់ដោយស្មោះ នោះកូនៗនឹងទទួលបានព្រះវិញ្ញាណទ្រង់មកដឹកនាំកូនៗ ។ ការអធិស្ឋានជារៀងរាល់ថ្ងៃនឹងធ្វើឲ្យខ្លួនកូនៗពេញដោយក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ រឿងនេះនឹងជួយកូនៗឲ្យចង់ធ្វើតាមពួកទ្រង់ពេញមួយជីវិត !
សូមនឹកស្រម៉ៃ តើអ្វីនឹងកើតឡើង បើកុមារទាំងអស់នៅទ្វីបអាហ្វ្រិក អាមេរិកខាងត្បូង អាស៊ី អឺរ៉ុប អាមេរិកខាងជើង និងអូស្ត្រាលី អធិស្ឋានជារៀងរាល់ថ្ងៃ ។ ពិភពលោកទាំងមូលនឹងទទួលពរឲ្យមានសេចក្ដីស្រឡាញ់របស់ព្រះកាន់តែខ្លាំង !
ខ្ញុំសូមអញ្ជើញឲ្យកូនៗ អធិស្ឋានឲ្យបានស្គាល់ ថាព្រះវរបិតាសួគ៌គង់នៅក្បែរ អធិស្ឋានឲ្យបានរីកចម្រើន ដូចជាទ្រង់ ហើយ អធិស្ឋានឲ្យបង្ហាញ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នកដទៃ ។ ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់ ហើយស្រឡាញ់ កូនៗ ។ « ចូរអធិស្ឋាន ទ្រង់គង់នៅក្បែរ » ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕