បានលេបទៅក្នុងអំណរនៃព្រះគ្រីស្ទ
ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌យើងស្ដាប់ឮការទូលអង្វរដោយទឹកភ្នែករបស់បងប្អូន ហើយនឹងឆ្លើយតបដោយព្រះបញ្ញាញាណដ៏ឥតខ្ចោះជានិច្ច ។
ពួកយើងស្រឡាញ់លោក អែលឌើរ ខៀរ៉ុន ។ តើខ្ញុំសុំខ្ចីសៀងសម្លេងនោះដប់នាទីបានទេ ?
អព្ភូតហេតុដែលប្រាថ្នាចង់បាន
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី យើងរៀនអំពី បារទីមេ ដែលស្រែករកព្រះយេស៊ូវ ចង់បានអព្ភូតហេតុមួយ ។ « ទ្រង់មានព្រះបន្ទូលទៅគាត់ថា ទៅចុះសេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ ។ ហើយស្រាប់តែភ្នែកក៏ភ្លឺឡើង ភ្លាម » ។
នៅគ្រាមួយផ្សេងទៀត បុរសម្នាក់នៅបេតសៃដាប្រាថ្នាចង់ទទួលបានការព្យាបាល ។ ផ្ទុយទៅវិញ អព្ភូតហេតុនេះ ពុំមានមកភ្លាមៗទេ ។ តែព្រះយេស៊ូវបានប្រទានពរដល់គាត់ ពីរដង មុនពេលគាត់ « បានភ្លឺឡើង » ។
នៅក្នុងឧទាហរណ៍ទីបី សាវកប៉ុលបានថ្លែងថា « បានសូមអង្វរដល់ព្រះអម្ចាស់ ៣ ដងពេលគាត់ជួបទុក្ខលំបាក ប៉ុន្តែ តាមចំណេះដឹងយើង ការទូលសូមដោយស្មោះរបស់គាត់មិនត្រូវបានប្រទានឲ្យទេ ។
មនុស្សបីនាក់ផ្សេងគ្នា ។ បទពិសោធន៍ពិសេសបីយ៉ាង ។
ដូច្នេះ មានសំណួរមួយ ៖ ហេតុអ្វីក៏មនុស្សមួយចំនួនទទួលបានអព្ភូតហេតុដែលគេចង់បានភ្លាមៗ ខណៈដែលអ្នកផ្សេងទៀតស៊ូទ្រាំរង់ចាំព្រះអម្ចាស់ដោយអត់ធ្មត់ដូច្នេះ ? យើងមិនដឹងពី មូលហេតុទេ តែយើងមានអំណរគុណ ដែលយើងស្គាល់ទ្រង់ ដែល « ស្រឡាញ់ [ យើង ] » និង « [ ធ្វើ ] នូវគ្រប់ការណ៍ទាំងអស់ ដើម្បីសុខុមាលភាព និងសុភមង្គល [ របស់យើង ] » នោះ ។
គោលបំណងដ៏ទេវភាព
ព្រះដែលទតមើលឃើញទីបញ្ចប់តាំងពីដើមដំបូង បានអះអាងម្ដងទៀតថា « សេចក្ដីទំនាស់ និងសេចក្ដីទុក្ខលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ » ហើយត្រូវបានញែកចេញជាបរិសុទ្ធ « សម្រាប់ជាប្រយោជន៍ដល់អ្នក » ។
ដោយជួយពួកយើងស្វែងរកអត្ថន័យបន្ថែមនៅក្នុងការសាកល្បងរបស់យើង អែលឌើរ អូសុន អែហ្វ វិតនី បានបង្រៀនថា « គ្មានការឈឺចាប់ណាដែលយើងរងទុក្ខ គ្មានការសាកល្បងណាដែលយើងជួប នឹងទៅជាឥតប្រយោជន៍នោះឡើយ ។ វាជាការអប់រំរបស់យើង ។ … អ្វីៗ … ដែលយើងស៊ូទ្រាំ [ ដោយអំណត់ ] … វាស្ថាបនាបុគ្គលិកលក្ខណៈ បន្សុទ្ធដួងចិត្ត និងពង្រីកព្រលឹងរបស់យើង និងធ្វើឲ្យយើងកាន់តែទន់ភ្លន់ និងមានចិត្តសប្បុរស ។ … តាមរយៈសេចក្ដីសោកសៅ និងការរងទុក្ខ ការលំបាក និងទុក្ខព្រួយ ទើបយើងទទួលបានការអប់រំដែលយើងមកទីនេះដើម្បីទទួល ហើយវានឹងធ្វើឲ្យយើងកាន់តែដូចជា [ ព្រះមាតាបិតាសួគ៌ ] » ។
ពេលដឹងថា « ព្រះចេស្ដារនៃព្រះគ្រីស្ទ [នឹង ] កើតមានទៅលើ [ ទ្រង់ ] នៅក្នុងការរងទុក្ខរបស់ទ្រង់ នោះសាវកប៉ុលបាននិយាយដោយរាបសារថា « ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ »។
ការសាកល្បងក្នុងជីវិតជាអ្នកបង្ហាញដល់យើង ។ សូម្បីតែព្រះអង្គសង្គ្រោះក៏ « បានរៀន… ស្ដាប់បង្គាប់ » ហើយត្រូវបានធ្វើឲ្យ « ល្អឥតខ្ចោះតាមរយៈការរងទុក្ខ » ។
ហើយនៅថ្ងៃមួយ ទ្រង់នឹងប្រកាសដោយក្ដីមេត្តាថា « យើងបានសម្រង់ អ្នកគឺយើងបានរើស អ្នក នៅក្នុងឡនៃសេចក្ដីវេទនាវិញ » ។
ការទុកចិត្តលើគោលបំណងដ៏ទេវភាពរបស់ព្រះផ្ដល់ក្តីសង្ឃឹមដល់ព្រលឹងដែលនឿយហត់ និងដុតបំភ្លឺការប្ដេជ្ញាចិត្តនៅគ្រាដែលមានទុក្ខព្រួយ និងឈឺចាប់ ។
ទស្សនវិស័យដ៏ទេវភាព
ជាច្រើនឆ្នាំកន្លងទៅ ប្រធាន រ័សុល អិម ណិលសុន បានចែកចាយការយល់ដឹងដ៏មានតម្លៃថា ៖ « នៅពេលយើងមើលអ្វីៗទាំងអស់ដោយទស្សនវិស័យដ៏អស់កល្បនោះ វានឹងសម្រាលដល់បន្ទុកយើងយ៉ាងច្រើន » ។
ភរិយាខ្ញុំ ជីល និងខ្ញុំថ្មីៗនេះបានធ្វើជាសាក្សីពីសេចក្តីពិតនេះនៅក្នុងជីវិតដ៏ស្មោះត្រង់របស់ ហូលី និង រីក ផតធ័រ ដែលកូនប្រុសអាយុ ១២ ឆ្នាំរបស់គាត់ឈ្មោះ ទ្រី បានទទួលមរណភាពក្នុងគ្រោះអគ្គីភ័យដ៏សាហាវមួយ ។ កាលដែលដៃ និងជើងត្រូវភ្លើងឆេះយ៉ាងដំណំ ព្រោះគាត់ព្យាយាមជួយសង្រ្គោះកូនប្រុសជាទីស្រឡាញ់ក្រោយមក ហូលី បានថ្លែងទីបន្ទាល់នៅក្នុងការប្រជុំសាក្រាម៉ង់វួដអំពីភាពសុខសាន្តនិងអំណរដ៏អស្ចារ្យដែលព្រះអម្ចាស់បានចាក់ស្រោចមកលើគ្រួសារគាត់នៅគ្រាដែលពួកគេជួបទុក្ខព្រួយ ដោយប្រើពាក្យដូចជា អព្ភូតហេតុ, មិនគួរឲ្យជឿនិង អស្ចារ្យណាស់ ។
ទុក្ខសោកដែលមិនអាចទ្រាំទ្របានរបស់ម្ដាយដ៏មានតម្លៃរូបនេះ ត្រូវបានជំនួសដោយភាពសុខសាន្តដ៏វិសេសលើសលប់ ទាំងមានគំនិតនេះថា ៖ « ដៃរបស់ខ្ញុំមិនមែនជាដៃដែលជួយសង្គ្រោះនោះទេ ។ ដៃជួយសង្គ្រោះគឺជារបស់ផងព្រះអង្គសង្គ្រោះ ! ជំនួសឲ្យការមើលស្លាកស្នាមខ្ញុំដើម្បីរំឭកពីអ្វីដែលខ្ញុំមិនអាចធ្វើបាន ខ្ញុំចងចាំស្លាកស្នាមដែលព្រះអង្គសង្គ្រោះរបស់ខ្ញុំបានរ៉ាប់រង » ។
សក្ខីភាពរបស់ ហូលី បំពេញការសន្យារបស់ព្យាការីយើងថា ៖ « នៅពេលបងប្អូនគិតដល់សេឡេស្ទាល បងប្អូននឹងមើលទៅការសាកល្បង និងការផ្ទុយតាមពន្លឺថ្មីមួយ » ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានថ្លែងថា ៖ « ខ្ញុំជឿថា ឧបសគ្គក្នុងការយកឈ្នះលើទុក្ខលំបាក និងការរីកចម្រើនចេញពីទុក្ខលំបាកនេះ បានបង្ហាញឲ្យយើងដឹងពីគ្រាដែលព្រះបានបង្ហាញផែនការនៃសេចក្ដីប្រោសលោះរបស់ទ្រង់នៅក្នុងពិភពមុនឆាកជីវិតនេះ ។ យើងគួរតែប្រឈមមុខទៅនឹងឧបសគ្គនាពេលឥឡូវនេះ ដោយដឹងថា ព្រះវរបិតាសួគ៌យើងនឹងគាំទ្រដល់យើង ។ ប៉ុន្ដែវាជារឿងដ៏សំខាន់ ដែលយើងត្រូវងាកទៅរកទ្រង់ ។ បើគ្មានព្រះទេ នោះបទពិសោធន៍ដ៏ខ្មៅងងឹតនៃការឈឺចាប់ និងការរងទុក្ខលំបាកទាំងនេះ មុខជានាំមកនូវការខូចចិត្ត ភាពអស់សង្ឃឹម និងភាពជូរចត់ជាមិនខានឡើយ » ។
គោលការណ៍ដ៏ទេវភាព
ដើម្បីចៀសផុតពីសេចក្ដីងងឹតនៃភាពទោមនស្ស ហើយមកស្វែងរកភាពសុខសាន្ដ ក្ដីសង្ឃឹម និងអំណរកាន់តែខ្លាំង អំឡុងពេលមានឧបសគ្គលំបាកក្នុងជីវិត នោះខ្ញុំសូមចែកចាយនូវគោលការណ៍ទេវភាពបីយ៉ាងជាការអញ្ជើញ ។
មួយ—សេចក្ដីជំនឿកាន់តែរឹងមាំ កើតមកតាមរយៈការដាក់ព្រះយេស៊ូវគ្រីស្ទជាទីមួយ ។ ទ្រង់ប្រកាសថា « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ។ ប្រធាន ណិលសុន បានបង្រៀនថា ៖
« ជីវិតដ៏នៅអស់កល្បជានិច្ច [ របស់យើង ] គឺអាស្រ័យលើសេចក្តីជំនឿ [ យើង ] ទៅលើ [ ព្រះគ្រីស្ទ ] និងដង្វាយធួនរបស់ទ្រង់ » ។
« នៅពេលខ្ញុំពុះពារនឹងការឈឺចាប់ដ៏ខ្លាំងដែលបណ្តាលមកពីរបួសខ្ញុំថ្មីៗនេះ ខ្ញុំមានអារម្មណ៍ដឹងគុណកាន់តែខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ និងអំណោយទាននៃដង្វាយធួនរបស់ទ្រង់ ដែលហួសពីការយល់បាន ។ សូមគិតអំពីការណ៍នេះ ! ព្រះអង្គសង្រ្គោះបាន ‹ រងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង › ដើម្បីទ្រង់អាចលួងលោមយើង ព្យាបាលយើង [ និង ] សង្រ្គោះយើងនៅគ្រាដែលខ្វះខាត » ។
លោកបានបន្ដថា ៖ « របួសខ្ញុំបណ្តាលឲ្យខ្ញុំគិតដដែលៗអំពី ‹ ភាពមហិមានៃព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល › ។ ក្នុងអំឡុងពេលនៃការព្យាបាលរបស់ខ្ញុំ ព្រះអម្ចាស់បានសម្ដែងនូវព្រះចេស្ដាដ៏ទេវភាពតាមរបៀបដ៏សុខសាន្ត និងមិនអាចបំភ្លេចបាន » ។
ព្រះអង្គសង្គ្រោះយើងបានលើកទឹកចិត្តថា « ដោយសារខ្ញុំនៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ » ។
ពីរ— សេចក្ដីសង្ឃឹមកាន់តែភ្លឺថ្លា កើតមកដោយសារមើលទៅជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ។ និយាយអំពីអំណាចដែលមានជាប់ជាមួយនៅក្នុងការរក្សា « ទស្សនៈវិស័យនៃពរជ័យដែលបានសន្យាដ៏អស្ចារ្យរបស់ព្រះវរបិតាយើង…នៅចំពោះមុខយើងជារៀងរាល់ថ្ងៃ » ស៊ីស្ទើរ លីនដា រីវស៍ បានថ្លែងថា ៖ « ខ្ញុំមិនដឹងថាហេតុអ្វីយើងមានការសាកល្បងជាច្រើនអ៊ីចឹងទេ ប៉ុន្តែក្នុងអារម្មណ៍ខ្ញុំផ្ទាល់គឺថា មានរង្វាន់ដ៏មហិមា… ប្រកបដោយអំណរ និងហួសពីការយល់ដឹងរបស់យើងចាំនៅថ្ងៃទទួលរង្វាន់នោះ ដែលយើងអាចនឹងមានអារម្មណ៍ឲ្យនិយាយទៅព្រះបិតាប្រកបដោយព្រះគុណ និងក្ដីស្រឡាញ់ថា ‘តើអ្វីដែលតម្រូវនោះគឺមានតែប៉ុណ្ណឹងទេឬ ?’… តើវានឹងសំខាន់ឬទេ… នូវអ្វីដែលយើងរងទុក្ខនៅទីនេះ បើនៅចុងបញ្ចប់ ការសាកល្បងទាំងនោះ… ជួយឲ្យយើងបានសមនឹងទទួលជីវិតអស់កល្បជានិច្ច … នៅក្នុងនគររបស់ព្រះនោះ ?
ប្រធាន ណិលសុន បានចែកចាយគំនិតនេះថា ៖ « សូមពិចារណាអំពីការឆ្លើយតបរបស់ព្រះអម្ចាស់ចំពោះ យ៉ូសែប ស្ម៊ីធ នៅពេលលោកបានទូលអង្វរសុំការសង្គ្រោះនៅក្នុងគុកលិបើទី ។ ព្រះអម្ចាស់បានបង្រៀនព្យាការីថា ការប្រព្រឹត្តចំពោះលោកដោយអមនុស្សធម៌នេះនឹងផ្តល់ឲ្យលោកនូវបទពិសោធន៍ និងជាប្រយោជន៍ដល់លោក ។ ‹ បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ › ព្រះអម្ចាស់បានសន្យាថា ‹ ព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ › ។ ព្រះអម្ចាស់បានបង្រៀនយ៉ូសែបឲ្យគិតដល់សេឡេស្ទាល ហើយស្រមៃគិតអំពីរង្វាន់ដ៏អស់កល្បជានិច្ចជាជាងផ្ដោតលើការលំបាកដ៏ក្រៀមក្រំនៅថ្ងៃនោះ » ។
ការផ្លាស់ប្តូរទស្សនៈរបស់យ៉ូសែបនាំមកនូវការរាប់ជាបរិសុទ្ធយ៉ាងជ្រាលជ្រៅ ដូចបានបង្ហាញនៅក្នុងសំបុត្រនេះទៅកាន់មិត្តម្នាក់ថា ៖ « បន្ទាប់ពីបានជាប់ក្នុងជញ្ជាំងគុកអស់រយៈពេលប្រាំខែ ចំពោះខ្ញុំវាហាក់បីដូចជា ដួងចិត្តខ្ញុំនឹងតែងតែទន់ភ្លន់ជានិច្ចជាងពេលណាៗទាំងអស់ បន្ទាប់ពីរឿងនេះ » ។ … ខ្ញុំគិតថា ខ្ញុំពុំអាចមានអារម្មណ៍ដូចខ្ញុំមាននាគ្រានេះទេ បើខ្ញុំពុំរងទុក្ខនូវកំហុសដែលខ្ញុំបានអត់ទ្រាំ » ។
បី— អំណាចកាន់តែមហិមាកើតមានមកតាមរយៈការផ្ដោតទៅលើអំណរ ។ អំឡុងគ្រាដ៏សំខាន់ និងឈីចាប់បំផុត ព្រះអង្គសង្គ្រោះយើងពុំរួញញ័រឡើយ ប៉ុន្តែបានទទួលទានពែងល្វីងទៅវិញ ។ តើទ្រង់ធ្វើវាបានដោយរបៀបណា ? យើងរៀនថា « ដែលទ្រង់ [ ព្រះគ្រីស្ទ ] បានរងទ្រាំនៅឈើឆ្កាង ដើម្បីឲ្យតែបានអំណរដែលនៅចំពោះទ្រង់ » ដែលព្រះទ័យទ្រង់ « ត្រូវលេបដណ្ដប់នៅក្នុងព្រះហឫទ័យនៃព្រះវរបិតា » ។
ឃ្លា « ត្រូវបានលេបដណ្ដប់ទៅក្នុង » នេះអង្រួនចិត្តខ្ញុំយ៉ាងខ្លាំង ។ ខ្ញុំចាប់អារម្មណ៍ពេលខ្ញុំបានរៀនឃ្លានេះជាភាសាអេស្ប៉ាញ ពាក្យថា « បានលេបដណ្ដប់ទៅក្នុង » ត្រូវបានបកប្រែថា « ទទួលទាន » ជាភាសាអាល្លឺម៉ង់ ថា « លេបត្របាក់ » និងជាភាសាចិនថា « រុំក្រសោប » ។ ដូច្នេះ នៅពេលឧបសគ្គក្នុងជីវិតមានការឈឺចាប់បំផុត និងលើសលប់ខ្ញុំចាំការសន្យារបស់ព្រះអម្ចាស់ថា—យើង « មិនគួររងទុក្ខនូវសេចក្ដីទុក្ខវេទនា ដោយប្រការណាមួយឡើយ លើកលែងតែ [ ដោយ ] ការណ៍នោះត្រូវបានលេប [ ទទួលទាន លេបត្របាក់ រុំក្រសោប ] ទៅក្នុងអំណរនៃព្រះគ្រីស្ទប៉ុណ្ណោះ » ។
ខ្ញុំមើលឃើញអំណរនេះនៅក្នុងបងប្អូនជាច្រើន ដែល « [ ផ្ទុយពី ] … ការយល់ដឹងរបស់មនុស្សរមែងស្លាប់ » ទោះជាពែងល្វីងរបស់បងប្អូនពុំទាន់បានដកចេញក្ដី ។ អរគុណចំពោះការគោរពសេចក្ដីសញ្ញារបស់បងប្អូន ហើយឈរជាសាក្សីចំពោះព្រះ ។ អរគុណចំពោះការឈោងមកប្រទានពរដល់យើងទាំងអស់គ្នា ខណៈដែល « ដួងចិត្តស្ងប់ស្ងាត់ [ របស់បងប្អូន ] លាក់ទុកនូវរឿងសោកសៅ ដែលភ្នែកមនុស្សមើលពុំឃើញក្ដី »។ ដ្បិតនៅពេលបងប្អូននាំយកភាពធូរស្បើយរបស់ព្រះអង្គសង្គ្រោះទៅកាន់អ្នកដទៃ នោះអ្នកនឹងរកបានភាពធូរស្បើយខ្លួនឯងដែរ នេះជាការបង្រៀនមកពីប្រធាន ខាមៀល អិន ចនសុន ។
សេចក្តីសន្យាដ៏ទេវភាព
ឥឡូវ ចូរត្រឡប់ទៅកាន់ការប្រជុំសាក្រាម៉ង់វិញ ដែលយើងធ្វើជាសាក្សីនៃអព្ភូតហេតុរបស់គ្រួសារ ហូលី ផតធ័រ ត្រូវបានព្រះជួយសង្គ្រោះ ។ ពេលនៅលើវេទិកាខណៈដែលខ្ញុំកំពុងជញ្ជឹងគិតពីអ្វីដែលខ្ញុំអាចនិយាយដើម្បីលួងលោមដល់គ្រួសារដ៏អស្ចារ្យនេះ និងមិត្តជាទីស្រឡាញ់របស់ពួកគេ គំនិតនេះបានផុសឡើង ៖ « ចូរប្រើព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ » ។ ដូច្នេះ ខ្ញុំនឹងបញ្ចប់នៅថ្ងៃនេះ ដូចដែលខ្ញុំបានធ្វើនៅថ្ងៃឈប់សម្រាកនោះ ដោយនូវព្រះបន្ទូលរបស់ទ្រង់ « ដែលធ្វើឲ្យជាស្បើយព្រលឹង ដែលមានរបួសឈឺចាប់ » ។
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។
« យើងនឹងសម្រាលបន្ទុកដែលដាក់នៅលើស្មាអ្នកផង ហើយសូម្បីតែរូបអ្នកក៏នឹងមិនអាចចាប់អារម្មណ៍ថា មានបន្ទុកទាំងនោះនៅលើខ្នងអ្នកឡើយ ទោះនៅពេលអ្នកជាប់នៅក្នុងសេវកភាពក្ដី … ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងជាពិតប្រាកដថា យើងជាព្រះអម្ចាស់ដ៏ជាព្រះ មករករាស្ត្រយើងក្នុងពេលគេស្ថិតក្នុងសេចក្ដីវេទនា » ។
« ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ៖ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ » ។
ទីបន្ទាល់របស់ខ្ញុំ
ដោយគារវភាពដ៏រីករាយ ខ្ញុំធ្វើជាសាក្សីថាព្រះអង្គសង្រ្គោះយើងមានព្រះជន្មរស់ ហើយសេចក្តីសន្យារបស់ទ្រង់គឺជាការពិត » ។ ជាពិសេស សម្រាប់បងប្អូនដែលមានបញ្ហា ឬ « រងទុក្ខដោយរបៀបណាក្ដី» ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌យើងស្ដាប់ឮការទូលអង្វរទាំងទឹកភ្នែករបស់បងប្អូន ហើយនឹងឆ្លើយតបដោយព្រះបញ្ញាញាណដ៏ឥតខ្ចោះជានិច្ច ។ « សូមព្រះប្រទានដល់អ្នក » ដូចដែលទ្រង់បានធ្វើសម្រាប់គ្រួសារយើងនៅក្នុងគ្រាដែលត្រូវការបំផុត « សូមទ្រង់សម្រាលបន្ទុករបស់អ្នក » ហើយ« ត្រូវបានលេបទៅក្នុងអំណរនៃព្រះគ្រីស្ទ » ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕