« ភ្លើងសម្រិតសម្រាំងនៃសេចក្ដីវេទនា » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។
ភ្លើងសម្រិតសម្រាំងនៃ សេចក្ដីវេទនា
ខ្ញុំសូមអធិស្ឋានថា ពួកយើងម្នាក់ៗនឹងចូលទៅជិតព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះរបស់យើង តាមរយៈទុក្ខលំបាកផ្ទាល់ខ្លួនរបស់យើង ។
ទុក្ខលំបាកនៅក្នុងជីវិតនេះមិនគួរធ្វើឲ្យយើងភ្ញាក់ផ្អើលនោះឡើយ ។ មិនថាវាកើតឡើងដោយសារអំពើបាប និងកំហុសផ្ទាល់ខ្លួនរបស់យើង ឬអ្វីផ្សេងទៀតនោះទេ ទុក្ខលំបាកគឺជាការពិតមួយនៃជីវិតរមែងស្លាប់ ។ មនុស្សមួយចំនួនគិតថា ពួកគេគួរតែបានគេចផុតពីទុក្ខលំបាកណាមួយ ប្រសិនបើពួកគេកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ ប៉ុន្តែវាគឺជា « ឡនៃសេចក្តីវេទនា » ( អេសាយ ៤៨:១០; នីហ្វៃទី១ ២០:១០ ) ដែលយើងត្រូវបានជ្រើសរើសទៅវិញទេ ។ សូម្បីតែព្រះអង្គសង្គ្រោះក៏មិនត្រូវបានលើកលែងដែរ ៖
« ហើយទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ ។
« រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើតនៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់ » ( ហេព្រើរ ៥:៨–៩ ) ។
សម្រាប់ពួកយើងដែលមានការទទួលខុសត្រូវ នោះជារឿយៗ ការលំបាកគឺជាធាតុដ៏សំខាន់នៃ « យបានល្អឥតខ្ចោះ » របស់យើងនៅទីបញ្ចប់ ។ វាគឺជាអ្វីដែលធ្វើឲ្យជីវិតកាន់តែមានន័យ លើសពីការប្រឡងគូសរង្វង់យកចម្លើយដ៏សាមញ្ញមួយ ។ ព្រះមិនត្រឹមតែចាប់ព្រះទ័យលើអ្វីដែលយើងធ្វើ ឬមិនធ្វើនោះទេ ប៉ុន្ដែលើអ្វីដែលយើងនឹងប្រែក្លាយផងដែរ ។ ១ ប្រសិនបើយើងមានឆន្ទៈ នោះទ្រង់នឹងបង្រៀនយើងឲ្យធ្វើសកម្មភាព ដូចជាទ្រង់ដែរ ជាជាងការគ្រាន់តែទទួលសកម្មភាពដោយកម្លាំងផ្សេងទៀត ( សូមមើល នីហ្វៃទី២ ២:១៤–១៦ ) ។ យើងត្រូវតែរៀនធ្វើជាមនុស្សសុចរិតនៅគ្រប់កាលៈទេសៈទាំងអស់ ឬដូចដែលប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧) បានថ្លែងថា សូម្បីតែ « នៅក្នុងភាពងងឹត » ក្ដី ។ ២
ខ្ញុំជឿថា ឧបសគ្គក្នុងការយកឈ្នះលើទុក្ខលំបាក និងការរីកចម្រើនពីទុក្ខលំបាកនេះ បានបង្ហាញឲ្យយើងដឹងជាមុន នៅពេលព្រះបានបង្ហាញផែនការនៃសេចក្ដីប្រោសលោះរបស់ទ្រង់នៅក្នុងពិភពមុនឆាកជីវិតនេះ ។ យើងគួរតែប្រឈមមុខទៅនឹងឧបសគ្គនោះនាពេលឥឡូវនេះ ដោយដឹងថា ព្រះវរបិតាសួគ៌របស់យើងនឹងគាំទ្រដល់យើង ។ ប៉ុន្ដែវាជារឿងដ៏សំខាន់ ដែលយើងត្រូវងាកទៅរកទ្រង់ ។ ប្រសិនបើគ្មានព្រះទេ នោះបទពិសោធន៍ដ៏ខ្មៅងងឹតនៃការឈឺចាប់ និងការរងទុក្ខលំបាកទាំងនេះ មុខជានាំមកនូវការខូចចិត្ត ភាពអស់សង្ឃឹម និងភាពជូរចត់ជាមិនខានឡើយ ។
ដោយមានជំនួយពីព្រះ នោះនៅទីបំផុតនឹងមានការលួងចិត្តជំនួសឲ្យការឈឺចាប់ សេចក្ដីសុខសាន្តជំនួសឲ្យភាពចលាចល និងសេចក្ដីសង្ឃឹមជំនួសឲ្យភាពសោកសៅ ។ ព្រះនឹងបម្លែងការសាកល្បងទៅជាពរជ័យ ហើយនៅក្នុងពាក្យរបស់អេសាយគឺ « ចែកឲ្យ…បានភួងលំអជំនួសផេះ » ( អេសាយ ៦១:៣ ) ។ ការសន្យារបស់ទ្រង់គឺមិនមែនដើម្បីឲ្យយើងគេចផុតពីជម្លោះនោះទេ ប៉ុន្ដែដើម្បីរក្សា និងលួងលោមយើងនៅក្នុងសេចក្ដីវេទនារបស់យើង និងដើម្បីញែកសេចក្ដីវេទនាទាំងនោះចេញទៅជាប្រយោជន៍ដល់យើងវិញ ( សូមមើល នីហ្វៃទី២ ២:២; ៤:១៩–២៦; យ៉ាកុប ៣:១ ) ។
ខណៈព្រះវរបិតាសួគ៌របស់យើងនឹងមិនបង្ខំឲ្យទទួលជំនួយ និងព្រះពររបស់ទ្រង់នោះ ទ្រង់នឹងធ្វើសកម្មភាពតាមរយៈសេចក្ដីមេត្តា និងព្រះគុណនៃព្រះរាជបុត្រាសំណព្វរបស់ទ្រង់ និងតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីគាំទ្រយើង នៅពេលយើងស្វែងរកទ្រង់ ។ យើងរកឃើញគំរូជាច្រើនអំពីការគាំទ្រនោះជុំវិញខ្លួនយើង និងនៅក្នុងកំណត់ត្រាព្រះគម្ពីរ ។
គំរូនានាក្នុងព្រះគម្ពីរសញ្ញាចាស់
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា អ័ប្រាហាំដែលគោរពប្រតិបត្តិយ៉ាងអត់ធ្មត់ បានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីឲ្យការសន្យារបស់ព្រះចំពោះលោក—គឺដែនដីនៃកេរ្ដិ៍មរតក និងកូនចៅជំនាន់ដ៏សុចរិត—ត្រូវបានបំពេញ ់ព្រះ ហើយជាថ្នូរមកវិញ លោកត្រូវបានគាំទ្រដោយទ្រង់ ។ ឥឡូវនេះ យើងគោរពអ័ប្រាហាំជា « ឪពុកនៃសេចក្ដីស្មោះត្រង់ » ។ ៣
ចៅប្រុសរបស់លោកអ័ប្រាហាំ គឺយ៉ាកុប បានភៀសខ្លួនចេញពីផ្ទះតែម្នាក់ឯង ហើយទំនងជាមានតែសម្លៀកបំពាក់ និងរបស់បន្តិចបន្តួចតាមខ្លួនប៉ុណ្ណោះ ដើម្បីគេចចេញពីការគំរាមចង់សម្លាប់របស់បងប្រុសលោក អេសាវ ។ រយៈពេល ២០ ឆ្នាំខាងមុខ យ៉ាកុបបានបម្រើដល់ឪពុកមារបស់លោកឈ្មោះឡាបាន់ ។ ទោះបីជាឡាបាន់បានផ្ដល់ជម្រកដែលមានសុវត្ថិភាពដល់យ៉ាកុប ហើយនៅទីបំផុតថែមទាំងបានរៀបការកូនស្រីពីរនាក់របស់គាត់ឲ្យយ៉ាកុបក៏ដោយ ក៏គាត់បានបោកបញ្ឆោតយ៉ាកុបដែរ តាមរយៈការពន្យារប្រាក់ខែរបស់លោក និងការយល់ព្រមរបស់ពួកគេជាច្រើនដង នៅពេលយ៉ាកុបទំនងជាទទួលបានជោគជ័យ ( សូមមើល លោកុប្បត្តិ ៣១:៤១ ) ។
នៅទីបំផុត កាលពួកគេបានបែកចេញពីគ្នា នោះយ៉ាកុបនិយាយប្រឆាំងនឹងឪពុកក្មេករបស់លោកថា « បើព្រះនៃឪពុកខ្ញុំ … ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឲ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ » ( លោកុប្បត្ដិ ៣១:៤២ ) ។ ផ្ទុយទៅវិញ ព្រះទ្រង់បានគង់នៅជាមួយនឹងលោក ហើយយ៉ាកុបបានត្រឡប់ទៅផ្ទះវិញ ដោយប្រែខ្លួនពីជនភៀសខ្លួនដ៏ក្រខ្សត់ ទៅជាស្វាមី និងឪពុកនៃគ្រួសារដ៏ធំមួយ ។ លោកបានមានអ្នកបម្រើជាច្រើន ហើយបានទទួលពរជ័យយ៉ាងច្រើនឲ្យមានទ្រព្យសម្បត្ដិនៅសម័យនោះ—ហ្វូងចៀម ហ្វូងសត្វ និងសត្វអូដ្ឋ ( មមើល លោកុប្បត្តិ ៣២ ) ។
យ៉ូសែប ដែលជាកូនប្រុសរបស់យ៉ាកុបគឺជាគំរូពីបុរាណមួយ នៃបុគ្គលដែលបានយកឈ្នះលើទុក្ខលំបាកជាបន្ដបន្ទាប់ តាមរយៈការទុកចិត្តលើព្រះ នៅពេលអ្នកដទៃអាចមានអារម្មណ៍ថា ទ្រង់បានបោះបង់ពួកគេចោលទៅវិញ ។ ដំបូង លោកត្រូវបានបងប្រុសរបស់លោកផ្ទាល់លក់ជាទាសករ ។ បន្ទាប់មក នៅពេលដែលលោកបានមានតំណែងធំ និងទទួលបានការគោរពនៅក្នុងផ្ទះរបស់ចៅហ្វាយសាសន៍អេស៊ីព្ទរបស់លោក គឺបូទីផារ នោះយ៉ូសែបត្រូវបានភរិយារបស់បូទីផារចោទប្រកាន់ទាំងខុសឆ្គង ហើយបានជាប់គុក ទោះបីជាតាមពិតទៅ លោកបានរត់ចេញពីអំពើបាបក៏ដោយ ។ ទោះយ៉ាងណាក្ដី ក៏យ៉ូសែបបានបន្ដទុកចិត្តលើព្រះដែរ ។ សូម្បីតែនៅក្នុងគុកក្ដី ក៏លោកបានរីកចម្រើនដែរ ប៉ុន្ដែក្រោយមកត្រូវបានបំភ្លេចដោយអស់អ្នកដែលលោកបានជួយ ទោះជាពួកគេបានសន្យានឹងលោកក្ដី ។ ( សូមមើល លោកុប្បត្តិ ៣៧; ៣៩–៤១ ) ។ ហើយដូចដែលយើងបានដឹង នៅទីបំផុត យ៉ូសែបទទួលបានរង្វាន់ឲ្យមានតំណែងខ្ពស់ និងទ្រព្យសម្បត្តិដើម្បីសង្គ្រោះគ្រួសាររបស់ឪពុកលោក ( និងប្រជាជនស្រុកអេស៊ីព្ទទាំងអស់ ) នៅក្នុងពេលមានគ្រោះទុរភិក្ស ។
ការស៊ូទ្រាំដោយអត់ធ្មត់
គំរូទាំងនេះ និងគំរូផ្សេងទៀតបង្ហាញយើងថា ជាទូទៅទុក្ខលំបាកត្រូវបានយកឈ្នះកាលពេលវេលាចេះតែកន្លងទៅ ។ មានតម្រូវការមួយដើម្បីមានការស៊ូទ្រាំ និងការអត់ធន់ ។ ព្រះវរបិតាសួគ៌របស់យើងនៅតែតាមគ្រងមើលថែយើង និងជួយយើងឲ្យឆ្លងកាត់ផ្លូវនៃការស៊ូទ្រាំនោះ—ទ្រង់មិនចាំរហូតដល់ចុងបញ្ចប់នោះទេ ។
អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ធ្លាប់បានសង្កេតឃើញថា « តាមពិតទៅ គន្លងពេលវេលាមិននាំឲ្យមានការរីកចម្រើនដោយស្វ័យប្រវត្តិដោយខ្លួនវានោះទេ ។ ប៉ុន្ដែដូចជាកូនប្រុសខ្ជះខ្ជាយដែរ ជាញឹកញាប់យើងត្រូវការ ‹ ដំណើរការនៃពេលវេលា › ដើម្បីមានការញាណដឹងខាងវិញ្ញាណរបស់យើង ។ ( លូកា ១៥:១៧ ) ។ ការជួបជុំដ៏រំភើបចិត្តរបស់យ៉ាកុប និងអេសាវនៅទីរហោស្ថាន ជាច្រើនឆ្នាំក្រោយពីការប្រកួតប្រជែងរវាងបងប្អូនបង្កើតនេះ គឺជាគំរូដ៏ប្រពៃមួយ ។ សេចក្ដីសប្បុរសអាចជំនួសឲ្យចិត្តស្អប់បាន ។ ការត្រិះរិះពិចារណាអាចនាំមកនូវការយល់ឃើញបាន ។ ប៉ុន្តែការត្រិះរិះពិចារណា និងការវាយតម្លៃខ្លួនឯងតម្រូវឲ្យចំណាយពេលវេលា ។ លទ្ធផលខាងវិញ្ញាណជាច្រើនតម្រូវឲ្យមានសេចក្ដីពិតដ៏សង្គ្រោះលាយឡំជាមួយនឹងពេលវេលា បង្កើតជាបទពិសោធន៍ដែលមានដំណោះស្រាយ ដែលមានគ្រប់ទាំងមធ្យោបាយដោះស្រាយសម្រាប់រឿងជាច្រើន » ។ ៤
ប្រធាន អិម រ័សុល បាឡឺដ ដែលជាប្រធានស្តីទីនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖
« ការរង់ចាំព្រះអម្ចាស់មិនមែនមានន័យថា ការទន្ទឹងចាំដោយគ្មានសកម្មភាពនោះទេ ។ បងប្អូនមិនគួរមានអារម្មណ៍ថា បងប្អូនស្ថិតក្នុងបន្ទប់ រង់ចាំ នោះទេ ។
« ស់គឺផ្តោតលើសកម្មភាព ។ ខ្ញុំបានរៀនជាច្រើនឆ្នាំមកហើយថា សេចក្តីសង្ឃឹមរបស់យើងលើព្រះគ្រីស្ទកើនឡើង នៅពេលយើងបម្រើដល់អ្នកដទៃទៀត ។ …
« ការរីកចម្រើនផ្ទាល់ខ្លួនដែលបុគ្គលម្នាក់អាចសម្រេចបាននាពេលនេះ ខណៈរង់ចាំដល់ព្រះអម្ចាស់ និងការសន្យារបស់ទ្រង់ គឺជាធាតុដ៏មានតម្លៃ និងពិសិដ្ឋមួយនៅក្នុងផែនការរបស់ទ្រង់សម្រាប់ពួកយើងម្នាក់ៗ » ។ ៥
ការស៊ូទ្រាំដោយអត់ធ្មត់គឺជាទម្រង់មួយនៃការងាកទៅរកព្រះ និងការទុកចិត្តលើព្រះ ។ នៅក្នុងខគម្ពីរមុនការប្រឹក្សារបស់លោកឲ្យទូលសូមដល់ព្រះ ប្រសិនបើយើងខ្វះប្រាជ្ញា នោះយ៉ាកុបបានថ្លែងការណ៍អំពីការអត់ធ្មត់ ៖
« កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ។
« ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន ។
« ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វី [ ឡើយ ] » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ, យ៉ាកុប ១:២ [ នៅក្នុង យ៉ាកុប ១:២ ]; យ៉ាកុប ១:៣–៤ ) ។
ត្រូវបានសម្រិតសម្រាំងដោយសារសេចក្ដីវេទានា
នៅពេលយើងមានជំនួយពីព្រះវរបិតាសួគ៌របស់យើង នោះទុក្ខលំបាករបស់យើង និងសេចក្ដីវេទនារបស់យើងនឹងសម្រិតសម្រាំងយើង ជាជាងបំបាក់យើង ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧–៨ ) ។ យើងនឹងចេញមកក្លាយជាបុគ្គលដែលកាន់តែរីករាយ និងកាន់តែបរិសុទ្ធជាងមុន ។ នៅក្នុងវិវរណៈមួយទៅកាន់អតីតប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ថូម៉ាស ប៊ី ម៉ាស នោះព្រះអម្ចាស់បានមានបន្ទូលដូច្នេះអំពីពួកសាវករបស់ទ្រង់ ៖ « ហើយបន្ទាប់ពីសេចក្ដីល្បួង និងសេចក្ដីវេទនាជាច្រើនរបស់ពួកគេ មើលចុះ យើងជាព្រះអម្ចាស់នឹងរាវរកពួកគេ ហើយបើសិនជាពួកគេមិនពង្រឹងចិត្តរបស់ពួកគេ ហើយធ្វើក្បាលរឹងរូសទាស់នឹងយើងទេ នោះពួកគេនឹងត្រូវបានប្រែចិត្តជឿ ហើយយើងនឹងប្រោសពួកគេឲ្យបានជា » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១៣ ) ។
យើងអាចនិយាយបានថា ដោយសារទុក្ខលំបាក យើងបានមកស្គាល់ « ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែល [ ទ្រង់បាន ] បានចាត់ឲ្យមកផង » ( យ៉ូហាន ១៧:៣ ) ។ នៅក្នុងទុក្ខលំបាក យើងដើរជាមួយនឹងទ្រង់ទាំងទ្វេជារៀងរាល់ថ្ងៃ ។ ដោយមានការបន្ទាបខ្លួន នោះយើងរៀនមើលទៅទ្រង់ទាំងទ្វេដោយនូវ « គ្រប់ទាំងគំនិត » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៦ ) ។ ទ្រង់ទាំងទ្វេនឹងផ្ដល់ការងារបម្រើដល់យើង តាមដំណើរការនៃការកើតខាងវិញ្ញាណម្ដងទៀត ។ ខ្ញុំជឿថា ពុំមានផ្លូវណាផ្សេងទេ ។
ខ្ញុំសូមអធិស្ឋានថា ពួកយើងម្នាក់ៗនឹងចូលទៅជិតព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះរបស់យើង តាមរយៈទុក្ខលំបាកផ្ទាល់ខ្លួនរបស់យើង ។ នៅទន្ទឹមពេលគ្នានេះដែរ សូមឲ្យយើងរៀនផ្ដល់ការងារបម្រើដល់អ្នកដទៃនៅក្នុងទុក្ខលំបាករបស់ពួកគេ ស្របតាមលំនាំរបស់ព្រះ ។ តាមរយៈ « ការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ទើបព្រះអង្គសង្គ្រោះបាន « ដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១១–១២ ) ។ ចំណែកឯយើងវិញ « នៅពេល ទោះជាតែមួយភ្លែតក្ដី ពេលពួកយើងផ្ទាល់មិនត្រូវបានគេឆ្កាងនៅលើឈើឆ្កាងជាក់លាក់នោះទេ នោះយើងគួរតែជួយដល់នរណាម្នាក់ទៀត ដែលកំពុងជួបនឹងការសាកល្បង—ពោរពេញទៅដោយការអាណិតអាសូរ និងធ្វើឲ្យមានភាពស្រស់ស្រាយខាងវិញ្ញាណ » ។ ៦