« តោះយើងទៅលេងព្រះវិហារបរិសុទ្ធ » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖ ស្ដ្រីនៃសេចក្តីជំនឿ
តោះយើងទៅលេងព្រះវិហារបរិសុទ្ធ
នៅពេលខ្ញុំអធិស្ឋានដើម្បីដឹងពីរបៀប ដែលខ្ញុំអាចជួយដល់ម្ដាយក្មេករបស់ខ្ញុំ នោះខ្ញុំបានគិតដល់ព្រះវិហារបរិសុទ្ធ ។
អំឡុងជំងឺរាតត្បាតកូវីដ-១៩ ព្រះវិហារបរិសុទ្ធ បូហ្គូតា កូឡុំប៊ី បានបិទ ។ ដោយសារខ្ញុំលែងអាចចូលរួមបាន នោះពេលខ្លះ ខ្ញុំបានស្រមៃថាដើរកាត់ព្រះវិហារបរិសុទ្ធ ដោយនឹកចាំដល់ការបម្រើដែលខ្ញុំបានធ្វើនៅទីនោះ ក្នុងនាមជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ។
ម្តាយក្មេករបស់ខ្ញុំបានធ្លាក់ខ្លួនឈឺខ្លាំងក្នុងពេលដ៏ខ្លី បន្ទាប់ពីការធ្វើចត្តាឡីស័កជំងឺកូវីដ-១៩ បានចាប់ផ្ដើមនៅប្រទេសកូឡុំប៊ី ។ នៅពេលខ្ញុំអធិស្ឋានដើម្បីដឹងពីរបៀប ដែលខ្ញុំអាចជួយដល់គាត់ នោះខ្ញុំបានគិតដល់ព្រះវិហារបរិសុទ្ធ ។
កាលខ្ញុំគិតអំពីព្រះវិហារបរិសុទ្ធ នោះខ្ញុំមានអារម្មណ៍បំផុសដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីសួរម្ដាយក្មេករបស់ខ្ញុំថា តើគាត់ចង់ស្រមៃថាបានទៅលេង « កន្លែងដ៏ស្អាតបំផុតមួយនៅលើផែនដីនេះ » ជាមួយខ្ញុំដែរឬទេ ។
គាត់បានឆ្លើយថា « ចង់ » ទាំងសំឡេងខ្សោយ ។
យើងបានស្រមៃថា យើងចាប់ផ្តើមពីផ្ទះរបស់គាត់នៅទីក្រុងមេឌេលីន ហើយធ្វើដំណើរទៅផ្ទះរបស់ខ្ញុំនៅទីក្រុងបូហ្គូតា រួចហើយមកដល់ព្រះវិហារបរិសុទ្ធ ។ យើងបានស្រមៃថាបានចូល និងបានបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ។ យើងបានស្រមៃថាបានអង្គុយជាមួយគ្នានៅក្នុងបន្ទប់សេឡេស្ទាល ហើយបានពោលពាក្យអធិស្ឋានដឹងគុណដល់ព្រះអម្ចាស់ ។
បន្ទាប់មក យើងបានអង្វរព្រះវរបិតាសួគ៌ថា ដោយស្របតាមព្រះទ័យរបស់ទ្រង់ សូមឲ្យម្ដាយក្មេករបស់ខ្ញុំអាចមានសុខភាពល្អឡើងវិញ ហើយអាចត្រឡប់ទៅកាន់ព្រះវិហារបរិសុទ្ធដោយផ្ទាល់វិញបាននៅពេលឆាប់ៗ ។ វាជាបទពិសោធន៍ដ៏ពិសេស និងមុតមាំមួយ ដែលបានពង្រឹង និងលើកទឹកចិត្តគាត់ ។
ដំណើររឿងមួយអំពីព្រះអង្គសង្គ្រោះ ដែលបានប៉ះដួងចិត្តខ្ញុំខ្លាំងបំផុត បានកើតឡើងនៅទីក្រុងកាពើណិម ។ ដំណើររឿងនេះបង្រៀនយើងថា ព្រះអម្ចាស់អាចប្រទានពរ និងព្យាបាលមនុស្សដទៃ តាមរយៈជំនួយពីសមាជិកគ្រួសារ និងមិត្តភក្តិបាន ។
នៅពេលប្រជាជននៅក្រុងកាពើណិមបានដឹងថា ព្រះយេស៊ូវបានគង់នៅក្នុងផ្ទះជាក់លាក់មួយ នោះពួកគេបាននាំបុរសម្នាក់ដែលមានជំងឺខ្វិនឲ្យទៅគាល់ទ្រង់ ។
« តែពុំអាចនឹងចូលទៅជិតទ្រង់បានឡើយ ដោយព្រោះហ្វូងមនុស្ស បានជាគេបើកដំបូលផ្ទះត្រង់កន្លែងដែលទ្រង់គង់នៅ កាលទំលុះរួចហើយ នោះក៏សម្រូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងដេកនោះចុះទៅ » ។
នៅពេលដែលព្រះយេស៊ូវបានទតឃើញសេចក្ដីជំនឿរបស់ពួកគេ នោះទ្រង់បានមានបន្ទូលទៅបុរសនោះថា «ឲ្យឯងក្រោកឡើង យកគ្រែឯងដើរទៅផ្ទះទៅ » ។ ( សូមមើល ម៉ាកុស ២:១–១១ ) ។
ដូចជាបុរសដែលខ្វិននោះដែរ ម្ដាយក្មេករបស់ខ្ញុំត្រូវបានព្យាបាលដោយព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ តាមរយៈពរជ័យបព្វជិតភាព និងតាមរយៈសេចក្ដីជំនឿរបស់គាត់ និងសេចក្ដីជំនឿរបស់គ្រួសារ និងមិត្តភក្ដិ ។
នៅគ្រាមិនប្រាកដប្រជាទាំងនេះ ខ្ញុំដឹងថា យើងអាចទទួលបានការណែនាំដើម្បីពង្រឹង និងលើកទឹកចិត្តដល់អស់អ្នកដែលត្រូវការបាន ។ ប្រសិនបើយើងងាកទៅរកព្រះវរបិតាសួគ៌ ហើយតែងតែចងចាំទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់ នោះយើងអាចទទួលបានសេចក្ដីសុខសាន្ត សេចក្ដីសង្ឃឹម និងការព្យាបាល ។