២០២២
តើ​ខ្ញុំ​ចង់​ថយ​ទៅ​ឬ ?
ខែ មីនា ឆ្នាំ ២០២២


« តើ​ខ្ញុំ​ចង់​ថយ​ទៅ​ឬ ? » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៖ ស្ដ្រី​នៃ​សេចក្តី​ជំនឿ

តើ​ខ្ញុំ​ចង់​ថយ​ទៅ​ឬ ?

បន្ទាប់​ពី​ខ្ញុំ​បាន​អាក់អន់​ចិត្ត​អំឡុង​ពេល​សកម្មភាព​សមាគម​សង្គ្រោះ នោះ​ខ្ញុំ​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​មួយ ។

ស្ដ្រី​ម្នាក់​កំពុង​មើលទៅ​រូបភាព​ព្រះអង្គ​សង្គ្រោះ

បាន​ថត​ដោយ​តួសម្តែង

មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​ខ្ញុំ​បាន​ចូលរួម​ក្នុង​សាសនាចក្រ នោះ​មាន​អ្នកដឹកនាំ​សមាគម​សង្គ្រោះ​ម្នាក់​បាន​និយាយ​លេងសើច​អំពី​រឿង​កំប្លែង​មួយ ។ ភ្លាម​នោះ​ស្រាប់តែ​គាត់​ចាប់ផ្ដើម​និយាយ​លេងសើច​អំពី​ខ្ញុំ​នៅ​មុខ​មនុស្ស​គ្រប់គ្នា ។ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​ទេ ហើយ​អនុញ្ញាត​ឲ្យ​ខ្លួនឯង​រង​ការអាក់អន់​ចិត្ត ។

គំនិត​ដំបូង​របស់​ខ្ញុំ​គឺ ខ្ញុំ​មិន​ត្រឡប់​មក​វួដ​នេះ​ទៀតទេ ។ ខ្ញុំ​បាន​បើក​ព្រះគម្ពីរ​របស់​ខ្ញុំ ដោយ​ព្យាយាម​ស្វែងរក​ការលួងលោម ។ នៅពេល​ខ្ញុំ​អាន ខ្ញុំ​បាន​ប៉ះ​ចំ​ខគម្ពីរ​មួយ ដែល​ព្រះយេស៊ូវ​បាន​សួរ​អ្នកដែល​អាក់អន់​ចិត្ត​ដោយ​ការបង្រៀន​របស់​ទ្រង់​ថា « អ្នក​រាល់គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ? » ( យ៉ូហាន ៦:៦៧ ) ។

ភ្លាមៗ​នោះ ខ្ញុំ​បាន​ឆ្លើយ​ក្នុង​ចិត្ត​ថា « ទេ ខ្ញុំ​នឹង​មិន​ថយ​ទៅ​ទេ ! »

ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ប្រធាន​សមាគម​សង្គ្រោះ គាត់​បាន​ណែនាំ​ថា ខ្ញុំ​គួរតែ​ទូរសព្ទ​ទៅ​បងស្រី​នោះ ដែល​បាន​លេងសើច​អំពី​រូប​ខ្ញុំ ។ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​គាត់ ហើយ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្ញុំ ។ យើង​បាន​សន្និដ្ឋាន​ថា ការចេះ​លេងសើច​កំប្លែង​គឺ​ល្អ ប៉ុន្ដែ​យើង​មិនគួរ​និយាយ​លេងសើច​អំពី​នរណាម្នាក់ ដែល​យើង​មិន​ស្គាល់​នៅ​មុខ​មនុស្ស​មួយ​ក្រុម​នោះទេ ។ យើង​ក៏បាន​និយាយ​អំពី​ការប្រយ័ត្ន​ប្រយែង​ចំពោះ​សមាជិក​វួដ​ថ្មីៗ​ផងដែរ ។

ខ្ញុំ​បាន​បន្ដ​ចូលរួម​វួដ​នោះ ពេល​ខ្ញុំ​បាន​រស់នៅ​ទីក្រុង​នោះ ។ ខ្ញុំ​បាន​មាន​បទពិសោធន៍​ដ៏អស្ចារ្យ​ជាច្រើន បន្ទាប់ពី​ខ្ញុំ​បាន​ប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ ។

នៅក្នុង​ដំណើរ​ផ្ទាល់ខ្លួន​ខ្ញុំ​ដើម្បី​យកឈ្នះ​លើ​ការអាក់អន់​ចិត្ត នោះ​ខ្ញុំ​ឃើញ​ថា ពាក្យសម្ដី​ដ៏មាន​ប្រយោជន៍​ទាំងនេះ​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​យើង ៖

« ប្រសិនបើ​បុគ្គល​ម្នាក់​និយាយ ឬ​ធ្វើ​អ្វីមួយ​ដែល​យើង​ចាត់ទុក​ថា​ប្រមាថ នោះ​កាតព្វកិច្ច​ដំបូង​របស់​យើង​គឺ មិន​ព្រម​អាក់អន់​ចិត្ត​ឡើយ ហើយ​បន្ទាប់មក ត្រូវ​ប្រាស្រ័យ​ទាក់ទង​ជា​ឯកជន ដោយ​ស្មោះត្រង់ និង​ដោយ​ផ្ទាល់​ទៅកាន់​បុគ្គល​នោះ » ។

« ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា នៅពេល​បងប្អូន​ជ្រើសរើស​មិន​អន់ចិត្ត … នោះ​បងប្អូន​នឹង​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់ និង​ការយល់ព្រម [ របស់​ព្រះអង្គ​សង្រ្គោះ ] » ។

ខ្ញុំ​មាន​អំណរគុណ ដែល​ខ្ញុំ​បាន​ជ្រើសរើស​មិន​ចាកចេញ​ពី​សាសនាចក្រ ដោយសារ​សម្ដី​ដែល​មិន​ប្រុង​ប្រយ័ត្ន​មួយ ។ ហើយ​ខ្ញុំ​មាន​អំណរគុណ ដែល​បាន​ធ្វើជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​នេះ ជា​កន្លែង​ដែល​ខ្ញុំ​ទទួលបាន​កម្លាំង ដើម្បី​មាន​ភាពស្មោះត្រង់ ហើយ​បន្ត​នៅលើ​ផ្លូវ​នៃ​ភាពជា​សិស្ស​នេះ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ដំបូន្មាន​របស់​ព្យាការី និង​ពួកសាវក ដែល​បង្រៀន​យើង​ពី​របៀប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បងប្អូន​ប្រុស​ស្រី​របស់​យើង​នៅក្នុង​ដំណឹងល្អ ។

ខ្ញុំ​អាច​បន្ត​មាន​ភាពស្មោះត្រង់ ហើយ​ជ្រើសរើស មិន អាក់អន់​ចិត្ត​បាន ។ ខ្ញុំ​អាច​ផ្តោតលើ​ការខិតខំ​របស់​ខ្ញុំ​ផ្ទាល់ ដើម្បី​ក្លាយ​ដូចជា​ព្រះគ្រីស្ទ ហើយ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់ និង​ការយល់ព្រម​របស់​ព្រះអង្គ​សង្គ្រោះ ។

តើ​ខ្ញុំ​ចង់​ថយ​ទៅ​ឬ ? អត់​ទេ ។ ខ្ញុំ​មាន​ទីបន្ទាល់​មួយ​ថា នេះ​គឺជា​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ហើយ​ថា​វា​មាន « ព្រះបន្ទូល​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច » ( យ៉ូហាន ៦:៦៨ ) ។

កំណត់​ចំណាំ

  1. ដេវីឌ អេ បែដណា « And Nothing Shall Offend Them » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៩២ ។

  2. នែល អិល អាន់ឌើរសិន « Never Leave Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៤១ ។