២០២២
ការឃើញ​ព្រះភក្ត្រ​នៃ​ព្រះ​នៅក្នុង​សត្រូវ​របស់​យើង
ខែ មីនា ឆ្នាំ ២០២២


« ការឃើញ​ព្រះភក្ត្រ​នៃ​ព្រះ​នៅក្នុង​សត្រូវ​របស់​យើង » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។

ការឃើញ​ព្រះភក្ត្រ​នៃ​ព្រះ នៅក្នុង​សត្រូវ​របស់​យើង

មេរៀន​អំពី​ការយកឈ្នះ​លើ​ជម្លោះ​ទាំងនេះ ដែល​ចេញ​មកពី​គម្ពីរ​លោកុប្បត្តិ អាច​ផ្ដល់​លំនាំ​មួយ​សម្រាប់​ជីវិត​របស់​យើង​ផ្ទាល់ ។

ដៃ​ពីរ​គូ​កំពុង​ទាញ​ខ្សែ​ពួរ​ក្នុង​ការទាញ​ព្រ័ត្រ

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

ក្នុង​នាម​ជា​អាជ្ញាកណ្ដាល​នៃ​ជម្លោះ ខ្ញុំ​បាន​ប្រមូល​ទុក​នូវ​ចំណេះដឹង​ជាច្រើន​ទាក់ទង​ទៅនឹង​របៀប​កែប្រែ​ជម្លោះ និង​អញ្ជើញ​ឲ្យមាន​ការផ្សះផ្សា តាមរយៈ​ការមើល​ទៅ​គំរូ និង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ប៉ុន្ដែ​ព្រះគម្ពីរ​សញ្ញា​ថ្មី​មិនមែន​ជា​គម្ពីរ​តែមួយ ដែល​បាន​ណែនាំ​ខ្ញុំ​ក្នុង​អាជីព​ការងារ​របស់​ខ្ញុំ​នោះទេ ។ ព្រះគម្ពីរ​សញ្ញា​ចាស់​មាន​ការយល់ដឹង​ដ៏ជ្រាលជ្រៅ​មួយ​ចំនួន​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល ដែល​អាច​ជួយ​យើង​បាន នៅពេល​យើង​លង់​ខ្លួន​នៅក្នុង​ជម្លោះ​ដ៏បំផ្លិច​បំផ្លាញ ។

តើ​ជម្លោះ​ដ៏បំផ្លិច​បំផ្លាញ​គឺជា​អ្វី ? វា​គឺជា​ពេល​ដែល​យើង​គ្មាន​សមត្ថភាព ដើម្បី​សហការគ្នា​ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត ដែល​ធ្វើឲ្យ​យើង​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដទៃ ឬ​ខ្លួនយើង​បាន ។

ជាមួយ​នឹង​ជម្លោះ​ដ៏បំផ្លិច​បំផ្លាញ​នេះ វា​មាន​នូវ​ការខ្លាច​មាន​ការឈឺចាប់​ទាំង​ក្នុង​ការគិត ហើយ​លទ្ធផល​នៃ​ជម្លោះ​នោះ ជា​ការភ័យខ្លាច​ថា​គេ​មិន​ស្រឡាញ់ ឬ​មិន​មើល​មក​យើង​តាម​របៀប​ដែល​យើង​ចង់​ឲ្យគេ​មើល​មក​យើង និង​ជា​ការភ័យខ្លាច​ថា​នឹង​បរាជ័យ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា ដែល​យើង​ត្រូវ​ប្រឈម​មុខ​នោះ ។ នៅពេល​យើង​អនុញ្ញាត​ឲ្យ​ការភ័យខ្លាច​នោះ​កើតឡើង នោះ​យើង​លែង​មាន​អារម្មណ៍​ថា យើង​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ដែល​យើង​ប្រឈម​មុខ​នោះហើយ ហើយ​ជារឿយៗ យើង​មាន​អារម្មណ៍​អស់​សង្ឃឹម ខ្មាសអៀន ឬ​គ្មាន​នរណា​អាច​ជួយ​បានឡើយ ។

ជម្លោះ​ប្រភេទ​នោះ​មាន​អារម្មណ៍​ថា​គ្រោះថ្នាក់​សម្រាប់​មនុស្ស​ភាគច្រើន ដែល​ជា​មូលហេតុ​យើង​ច្រើនតែ​ប្រើ​វិធី​ដោះស្រាយ​ជម្លោះ​ដែល​គ្មាន​ប្រយោជន៍ ដូចជា ការចៀសវាង​គ្នា ការតម្រូវ​ចិត្ត ឬ​ការប្រកួត​ប្រជែង ទុក​ជា​របៀប​មួយ​ដើម្បី​ព្យាយាម​លុប​បំបាត់​ជម្លោះ​នោះ ។ ជាអកុសល នៅក្នុង​ជម្លោះ​ដ៏បំផ្លិច​បំផ្លាញ គ្មាន​ដំណោះស្រាយ​ទាំងនោះ​ណាមួយ​ដែល​នឹង​ដំណើរការ​នោះទេ ។

មែនហើយ យើង​គួរតែ​ចៀសវាង​ការទាស់ទែង​គ្នា ( សូមមើល នីហ្វៃ​ទី​៣ ១១:២៩ ) ។ ប៉ុន្តែ​យើង​មិន​គួរ​ចៀសវាង​គ្នា បោះបង់​គ្នា ឬ​វាយ​ប្រហារ​មនុស្ស ដែល​យើង​កំពុង​មាន​ជម្លោះ​ជាមួយ​នោះទេ ។ ផ្ទុយ​ទៅវិញ យើង​ត្រូវ​រៀនពី​របៀប​ស្រឡាញ់​មនុស្ស ដែល​យើង​កំពុង​មាន​ជម្លោះ​ជាមួយ​នោះ ។ វា​តម្រូវ​ឲ្យមាន​ការរៀន​មាន​សេចក្ដី​សប្បុរស សេចក្ដី​ស្រឡាញ់​ដ៏បរិសុទ្ធ​នៃ​ព្រះគ្រីស្ទ​ចំពោះ​ពួកសត្រូវ​របស់​យើង ( សូមមើល មរ៉ូណៃ ៧:៤៧ ) ។

ព្រះយេស៊ូវ​បាន​បង្រៀន​ថា ការស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​យើង​គឺ​ងាយស្រួល​ទេ ។ ទ្រង់​ក៏បាន​មាន​បន្ទូល​ផងដែរ​ថា « ប៉ុន្ដែ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នកណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នកណា​ដែល​ស្អប់​អ្នករាល់គ្នា » ( ម៉ាថាយ ៥:៤៤ ) យើង​ស្រឡាញ់ ដូចដែល​ទ្រង់​ស្រឡាញ់​ដែរ ហើយ​បាន​ល្អ​ឥតខ្ចោះ​ដូចជា​ទ្រង់​ដែរ ( សូមមើល យ៉ូហាន ១៣:៣៤; នីហ្វៃ​ទី​៣ ១២:៤៨ ) ។ ការណ៍​នេះ​អាច​មានន័យ​ថា ការមាន​ឆន្ទៈ​ដើម្បី​ស្រឡាញ់​មនុស្ស​ដទៃទៀត ទោះបីជា​នៅពេល​ដែល​ការស្រឡាញ់​បែប​នោះ មើលទៅ​ដូចជា​ប្រថុយ​ប្រថាន​ក្ដី ។ យើង​អាច​ស្ទាក់ស្ទើរ ដោយសារ​តាម​ធម្មជាតិ​ជា​មនុស្ស យើង​ចៀសវាង​ពី​គ្រោះថ្នាក់ ។ ប៉ុន្តែ​ការសម្រេច​ចិត្ត​ដើម្បី​ស្រឡាញ់​អ្នក​ដែល​អាច​ធ្វើឲ្យ​យើង​ឈឺចាប់ អនុញ្ញាត​ឲ្យ​យើង​រុញច្រាន​ការភ័យខ្លាច​ពី​អតីតកាល​ចេញ ហើយ​បាន​ពោរពេញ​ទៅដោយ​សេចក្ដី​សប្បុរស ។

សេចក្ដី​ស្រឡាញ់​ប្រភេទ​នេះ​ទាមទារ​ឲ្យ​លែង​មាន​ភាពភ័យខ្លាច​ក្នុង​ការប្រឈម​មុខ​នឹង​ជម្លោះ ។ វា​អំពាវនាវ​ឲ្យយើង​បើក​ចំហ​ខ្លួនឯង​ចំពោះ​មនុស្ស ដែល​យើង​កំពុង​មាន​ជម្លោះ​តាម​របៀប​មួយ​ដែល « តែងតែ​អត់ធ្មត់ ហើយ​ក៏សប្បុរស … មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស … គ្រប​បាំង​ទាំងអស់ ជឿ​ទាំងអស់ សង្ឃឹម​ទាំងអស់ ហើយ​ទ្រាំទ្រ​ទាំងអស់ ។ … ឯ​សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ » ( កូរិនថូស ទី១ ១៣:៤–៥, ៧–៨ ) ។ សេចក្ដី​សប្បុរស​បង្ហាញ​សេចក្ដី​ស្រឡាញ់​ប្រភេទ​នេះ ដោយ​គ្មាន​ការធានា​ថា ភាគី​ម្ខាងទៀត​នៃ​ជម្លោះ​នឹង​ធ្វើ​ដូចគ្នា​នោះទេ ។

សេចក្ដី​ស្រឡាញ់​អនុញ្ញាត​ឲ្យ​យើង​ឃើញ​បងប្អូន​ប្រុស​ស្រី​របស់​យើង ដែល​យើង​កំពុង​មាន​ជម្លោះ​ជាមួយ​នោះ​បាន​យ៉ាង​ច្បាស់ រហូត​ដល់​តម្រូវការ និង​បំណង​ប្រាថ្នា​របស់​ពួកគេ​មាន​សារៈសំខាន់​ដូចជា​តម្រូវការ និង​បំណង​ប្រាថ្នា​របស់​យើង​ដែរ មិន​ថា​ពួកគេ​មើល​មក​យើង​យ៉ាងណា​នោះទេ ។ យើង​នឹង​ធ្វើ​អ្វី​ក៏ដោយ​ដែល​ចាំបាច់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​បំពេញ​តាម​តម្រូវការ​របស់​ពួកគេ ក៏ដូចជា​តម្រូវការ​របស់​យើង​ផងដែរ ។

ដំណើររឿង​ពីរ​មកពី​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺជា​គំរូ​ដ៏អស្ចារ្យ​នៃ​សេចក្តី​ស្រឡាញ់​នេះ ។

អេសាវ និង​យ៉ាកុប

អេសាវ និង​យ៉ាកុប​ជួបគ្នា

អេសាវ និង​យ៉ាកុប​ឱបគ្នា ដោយ រ៉ូប៊ើត ធី បារែត

នៅក្នុង លោកុប្បត្ដិ ២៥ យើង​ជួប​នឹង​ជម្លោះ​គ្រួសារ​មួយ​រវាង​បងប្អូន​ប្រុស​ពីរនាក់ គឺ​អេសាវ និង​យ៉ាកុប ដែល​ជា​កូនប្រុស​របស់​អ៊ីសាក ។ អេសាវ​បាន​លក់​កេរ្ដិ៍​តំណែល​របស់​គាត់​ទៅឲ្យ​យ៉ាកុប ក្នុង​តម្លៃ​សំឡ​ក្រហម​មួយ​ចាន ( សូមមើល លោកុប្បត្តិ ២៥:៣០–៣១ ) ។ ក្រោយ​មក ដោយ​ធ្វើតាម​ដំបូន្មាន​របស់​ម្ដាយ​លោក យ៉ាកុប​បាន​បន្លំ​ខ្លួន​ជា​អេសាវ ដើម្បី​ទទួល​បាន​ពរជ័យ​ចុងក្រោយ​របស់​អ៊ីសាក ( សូមមើល លោកុប្បត្តិ ២៧:៦–២៩ ) ។

អេសាវ​បាន​ស្អប់​យ៉ាកុប ហើយ​សច្ចា​ថា​នឹង​សម្លាប់​ប្អូនប្រុស​របស់​គាត់​ចោល ។ យ៉ាកុប​បាន​រត់គេច​ខ្លួន​ទៅ​រស់នៅ​ជាមួយ​នឹង​ឪពុក​មា​របស់​លោក​ឈ្មោះ ឡាបាន់ ។ ( សូមមើល លោកុប្បត្តិ ២៧:៤១–៤៥ ) ។ នៅ​ទីបំផុត យ៉ាកុប​បាន​មាន​បញ្ហា​ជាមួយ​នឹង​ឪពុក​មា​របស់​លោក ហើយ​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ( សូមមើល លោកុប្បត្តិ ៣១ ) ៉ាកុប​បាន​ដឹង​ថា ការណ៍​នេះ​មាន​ន័យ​ថា លោក​ត្រូវ​ប្រឈម​មុខ​នឹង​អេសាវ ដែល​មាន​កងពល​ច្រើន​ជាង ។ លោក​ខ្លាច​បាត់បង់​ជីវិត​របស់​លោក និង​ជីវិត​របស់​គ្រួសារ​លោក ( សូមមើល លោកុប្បត្តិ ៣២:៧–៨ ) ។

នៅ​ថ្ងៃ​ដែល​ពួកគេ​ត្រូវ​ជួបគ្នា នោះ​យ៉ាកុប​បាន​បញ្ជូន​សត្វ​ពពែ អូដ្ឋ គោ ចៀម និង​សត្វ​លា​មួយ​ហ្វូង​ធំ ទុកជា​ជំនូន​ដើម្បី​មាន​សន្ដិភាព​នឹងគ្នា ។ បន្ទាប់​មក លោក​បាន​ឱនក្រាប​ចុះ​ចំនួន​ប្រាំពីរ​ដង នៅពេល​លោក​បាន​មកជួប​នឹង​បងប្រុស​របស់​លោក ។ អេសាវ​បាន​មាន​ប្រតិកម្ម​តាម​របៀប​មួយ ដែល​យ៉ាកុប​មិន​បាន​រំពឹង​ទុក ។ អេសាវ​បាន​យំ បាន​ឱប​ប្អូនប្រុស​របស់​គាត់ ហើយ​បាន​ប្រាប់​លោក​ថា មិន​ចាំបាច់​ជូន​ជំនូន​អ្វីទេ ។

យ៉ាកុប​បាន​រំភើប​ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​អេសាវ ហើយ​បាន​ឆ្លើយតប ៖

« តែ​យ៉ាកុប​ប្រកែក​ថា ទេ បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​របស់​បង នោះ​សូម​ទទួល​ជំនូន​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង ទុក​ដូច​ជា​ឃើញ​ព្រះភក្ត្រ​នៃ​ព្រះ​ដែរ ហើយ​បង​បាន​ទទួល​ខ្ញុំ​ដោយ​ស្រួល ។

« សូម​ទទួល​ជំនូន​របស់​ខ្ញុំ​ដែល​គេ​បាន​នាំ​មក​ជូន​ចុះ ដ្បិត​ព្រះ​ទ្រង់​បាន​ប្រទាន​ពរ​មក​ខ្ញុំ ខ្ញុំ​ក៏​មាន​គ្រប់គ្រាន់​ហើយ ។ រួច​អេសាវ​ទទួល​យក​ដោយ​គាត់​បង្ខំ » ( លោកុប្បត្ដិ ៣៣:១០–១១ ) ។

ធាតុផ្សំ​បី​យ៉ាង​ដែល​ចាំបាច់​ដើម្បី​រស់នៅ​ដោយ​សេចក្ដី​សុខសាន្ដ

យ៉ាកុប​បាន​បង្កប់​នូវ​លំនាំ​នៃ​សេចក្ដី​ស្រឡាញ់​មួយ​នៅ​ត្រង់នេះ ដែល​ខ្ញុំ​បាន​រកឃើញ​ថា​ជា​របៀប​ដ៏មាន​ប្រសិទ្ធភាព​បំផុត​មួយ ដើម្បី​អញ្ជើញ​ឲ្យមាន​ការផ្សះផ្សា​នឹង​អស់​អ្នក​ដែល​យើង​បាន​ធ្វើ​ខុស​ដាក់ ឬ​ដែល​បាន​ធ្វើ​ខុស​នឹង​យើង ។

ទំនុក​តម្កើង ៨៥:១០ ពិពណ៌នា​អំពី​លក្ខខណ្ឌ​នៃ​ការផ្សះផ្សា ៖ « សេចក្តី​សប្បុរស និង​សេចក្តី​ពិត​ត្រង់​បាន​ជួប​គ្នា; សេចក្តី​សុចរិត និង​សេចក្តី​មេត្រី​បាន​ថើប​គ្នា » ។ ទង្វើ​របស់​យ៉ាកុប និង​អេសាវ​នៃ​ការបង្កើត​ឲ្យមាន​សេចក្ដី​សុខសាន្ដ​នឹង​គ្នា​បំពេញ​តាម​លក្ខខណ្ឌ​នៅក្នុង​គម្ពីរ​ទំនុក​តម្កើង ។

វា​ត្រូវការ​សេចក្ដី​ក្លាហាន​ដើម្បី​ឲ្យ​យ៉ាកុប និង​អេសាវ​ទទួល​ស្គាល់ សេចក្ដី​ពិត ដែល​ថា ពួកគេ​មិនមែន​ជា​សត្រូវ​នឹង​គ្នា​ទេ—ពួកគេ​គឺជា​បងប្អូន​នឹង​គ្នា ។ វា​ត្រូវការ សេចក្ដី​មេត្តា​ករុណា ដើម្បី​អភ័យទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក ។ វា​ត្រូវការ សេចក្ដី​សុចរិត—សេចក្ដី​យុត្តិធម៌​មួយ​បែប​ដែល​ធ្វើឲ្យ​អ្វី​ដែល​យើង ឬ​អ្នកដទៃ​បាន​ធ្វើខុស​ទៅជា​ត្រូវ​វិញ—ដើម្បី​ឲ្យ​យ៉ាកុប​ជូន​អេសាវ​នូវ​មួយ​ចំណែក​នៃ​អ្វី​ដែល​លោក​ទទួល​បាន​ក្នុង​ពរជ័យដែល​លោក​មាន ។ នៅពេល​មាន​ធាតុផ្សំ​ទាំង​បី​នេះ​រួមគ្នា នោះ​វា​អនុញ្ញាត​ឲ្យ​ពួកគេ​រស់នៅ​ក្នុង​សេចក្ដី​សុខសាន្ដ ។

យើង​អាច​ធ្វើតាម​លំនាំ​ដូចគ្នា​នេះ​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់​ផងដែរ ។

នៅពេល​ដែល​យើង​ផុង​ខ្លួន​នៅក្នុង​ជម្លោះ​ដ៏បំផ្លិច​បំផ្លាញ នោះ​ការភ័យខ្លាច​របស់​យើង​ចំពោះ​ជម្លោះ និង​ការភ័យខ្លាច​របស់​យើង​ចំពោះ​មនុស្ស​ដទៃទៀត អាច​ធ្វើឲ្យ​យើង​ភាំង ឬ​បណ្ដាល​ឲ្យ​យើង​ធ្វើ​សកម្មភាព​តាម​របៀប ដែល​ធ្វើឲ្យ​អ្វីៗ​កាន់តែ​អាក្រក់​ឡើង មិនមែន​ប្រសើរ​ឡើង​នោះទេ ។ ជាញឹកញាប់ យើង​ដោះសា​ថា អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​បង្វិល​វដ្ដ​ដ៏បំផ្លិច​បំផ្លាញ​នេះ​ឲ្យ​ថយក្រោយ​វិញ នឹង​មិន​ដំណើរការ​ឡើយ ។ យើង​ទៅជា​មើលឃើញ​តែ​រឿង​អាក្រក់​ថា មនុស្ស​ដទៃ​មិន​អាច​ផ្លាស់ប្ដូរ​បាន​ទេ ។

ទោះយ៉ាងណា គំរូ​របស់​យ៉ាកុប​ក៏ផ្ដល់​ឲ្យ​យើង​នូវ​របៀប​មួយ ដើម្បី​ឆ្លងកាត់​ជម្លោះ​ប្រភេទ​នោះ​ផងដែរ ។ យ៉ាកុប​បាន​ប្រឈម​មុខ​នឹង​ការភ័យខ្លាច​របស់​លោក​ចំពោះ​បងប្រុស​របស់​លោក និង​ការភ័យ​ខ្លាច​របស់​លោក​ថា​អាច​នឹង​មាន​ជម្លោះ​ជាមួយ​នឹង​គាត់ ។ លោក​បារម្ភ​ខ្លាំង​អំពី « ការថែរក្សា​ទំនាក់ទំនង​របស់​ពួកលោក » ជាជាង « ការគិត​តែ​ពី​ប្រយោជន៍​របស់​ខ្លួន​លោក » នៅ​ក្នុង​គ្រា​នោះ ដូច្នេះ​លោក​បាន​ងាក​ទៅរក​បងប្រុស​របស់​លោក ដោយ​ការផ្ដល់​ដល់​លោក​ទាំង​សេចក្ដីពិត និង​សេចក្ដី​យុត្តិធម៌​ចំពោះ​ការប្រព្រឹត្ត​ខុស​ណាមួយ ដែល​លោក​បាន​ប្រព្រឹត្ត​កន្លង​មក ។ ដួងចិត្ត​របស់​អេសាវ ដែល​ធ្លាប់​គិតថា​នឹង​សម្លាប់​យ៉ាកុប​នោះ​ត្រូវបាន​បន្ទន់ ហើយ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​សុខសាន្ដ​បាន​កើតមាន​ជំនួស​ឲ្យ​កំហឹង​វិញ ។ យ៉ាកុប​បាន​រកឃើញ​របៀប​មួយ​ដើម្បី​ស្រឡាញ់​សត្រូវ​របស់​លោក ហើយ​ពេល​ធ្វើ​ដូច្នោះ លោក​បាន​ឃើញ « ព្រះភក្ត្រ​នៃ​ព្រះ » សម្លឹង​ទតមើល​​មក​លោក​វិញ ។

ទោះបីជា​យើង​អាច​មាន​អារម្មណ៍​អន្ទះសា ពេល​ប្រឈម​មុខ​នឹង​ជម្លោះ​តាម​របៀប​នេះ​ក្ដី ក៏​វា​មាន​ប្រសិទ្ធភាព​ខ្លាំងជាង​របៀប​ផ្សេងៗ​ទៀត​ក្នុង​ការប្ដូរ​ជម្លោះ​បែបនោះ​ដែរ មួយ​ដែល​ផ្លាស់ប្ដូរ​ទាំង​ខ្លួនយើង និង​ពួកគេ​យ៉ាងខ្លាំង ។

យ៉ូសែប និង​ពួកបងប្រុស​របស់​លោក

យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ​ផ្សះផ្សា​គ្នា​ជាមួយ​នឹង​ពួកបងប្រុស​របស់​លោក

យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ ដោយ ម៉ៃឃល ធី ម៉លម៍

មួយ​ជំនាន់​បន្ទាប់ពី​យ៉ាកុប យើង​ឃើញមាន​គំរូ​ដ៏មាន​អានុភាព​មួយ​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​មកពី​កូនប្រុស​ពៅ​របស់​យ៉ាកុប គឺ​យ៉ូសែប ។

យ៉ូសែប​ត្រូវបាន​លក់​ជា​ទាសករ​ដោយ​ពួក​បងប្រុស​របស់​លោក ដែល​ច្រណែន​នឹង​លោក នៅពេល​លោក​នៅក្មេង​នៅឡើយ ។ ដូចជា​អេសាវ​ដែរ ពួកបងប្រុស​របស់​យ៉ូសែប​បាន​មាន​អារម្មណ៍​ថា ឪពុក​របស់​ពួកគេ​មាន​កូន​សំណព្វ ហើយ​ថា​យ៉ូសែប​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាងគេ ។ យ៉ូសែប​បាន​រងទុក្ខ​យ៉ាងខ្លាំង ដោយសារ​តែ​អំពើ​អាក្រក់​របស់​ពួកបងប្រុស​លោក​ធ្វើ​ចំពោះ​លោក ។ លោក​បាន​បែក​ចេញពី​គ្រួសារ​របស់​លោក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ធ្លាក់​ខ្លួនជា​ទាសករ​គេ ហើយ​បាន​ជាប់គុក​មួយ​រយៈ​ពេល ។ នៅ​ទីបំផុត ព្រះអម្ចាស់​បាន​ជួយ​លោក​ឲ្យ​យកឈ្នះ​លើ​ទុក្ខ​លំបាក​របស់​លោក ហើយ​លោក​បាន​ក្លាយជា​អ្នកគ្រប់គ្រង​ដ៏មាន​អំណាច​ម្នាក់​នៅ​ស្រុក​អេស៊ីព្ទ ។ ( សូមមើល លោកុប្បត្តិ ៣៧–៤៥ ) ។

ពួកបងប្រុស​របស់​លោក​ក៏បាន​រងទុក្ខ​ផងដែរ ហើយ​អំឡុង​ពេល​មាន​អំណត់​អត់ ពួកគេ​បាន​មក​ស្រុក​អេស៊ីព្ទ​ទាំង​ហេវហត់ និង​បាក់​កម្លាំង​យ៉ាងខ្លាំង ។ នៅពេល​ពួកគេ​បាន​ជួប​នឹង​យ៉ូសែប នោះ​ពួកគេ​មិន​បាន​ស្គាល់​លោក​ទេ ហើយ​បាន​អង្វរ​សូម​ជំនួយ ។

យ៉ូសែប​មាន​សិទ្ធិ​គ្រប់យ៉ាង​ដើម្បី​ចាប់​ពួក​បងប្រុស​របស់​លោក​ដាក់​គុក ដើម្បី​សងសឹក​សេចក្ដី​យុត្តិធម៌​ទៅលើ​ពួកគេ ។ នោះ​គឺជា​អ្វី​ដែល​ពួកគេ​សម​នឹង​ទទួល ។ ប៉ុន្ដែ​លោក​បាន​ជ្រើសរើស​ដើម្បី​អនុវត្ត​ព្រះគុណ​វិញ—ការអភ័យទោស​ឲ្យ​ពួកគេ និង​ការស្រឡាញ់​ពួកគេ ។

លោក​បាន​ប្រាប់​ពួកគេ​ថា « សូម​មក​ជិត​ខ្ញុំ ។ « គេ​ក៏​ចូល​ទៅ​ជិត ។ រួច​គាត់​ប្រាប់​ថា ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​លក់​មក​នៅ​ស្រុក​អេស៊ីព្ទ​នេះ ។

« ឥឡូវ​នេះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក » ( លោកុប្បត្តិ ៤៥:៤–៥ ) ។

យ៉ូសែប​មិន​ត្រឹមតែ​បាន​អភ័យទោស​ឲ្យ​ពួក​បងប្រុស​របស់​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​បាន​មើលឃើញ​គោលបំណង​ស្ថាបនា​នៅក្នុង​ជម្លោះ​របស់​ពួកគេ​ផងដែរ ។ លោក​បាន​ទទួល​ស្គាល់​ថា ព្រះហស្ដ​របស់​ព្រះ​គឺ​មាន​នៅក្នុង​អ្វីៗ​គ្រប់់យ៉ាង ហើយ​ថា​ថ្វីបើ​ពួកគេ​ទាំងអស់​គ្នា​បាន​ជួប​នឹង​ការរងទុក្ខ​ពិតមែន​ក្ដី ក៏ « ព្រះ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​អ្នក​រាល់​គ្នា ដើម្បី​នឹង​រក្សា​អ្នក​រាល់​គ្នា​ឲ្យ​មាន​សំណល់​សល់​នៅ​ផែនដី ហើយ​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រោសប្រាណ​យ៉ាង​ធំ » ( លោកុប្បត្ដិ ៤៥:៧ ) ។

ដៃ​លែង​ខ្សែពួរ

ជា​ថ្មី​ម្តងទៀត លំនាំ​ស្រដៀង​គ្នា​នេះ​អាច​កើតឡើង​នៅក្នុង​ជីវិត​របស់​យើង នៅពេល​យើង​ទទួល​ស្គាល់​ថា ការឈឺចាប់​នៃ​ជម្លោះ​អាច​នាំ​យើង​ទៅរក​លទ្ធផល ដែល​នឹង​ពង្រឹង​ក្រុមគ្រួសារ និង​សហគមន៍​របស់​យើង ប្រសិនបើ​យើង​នឹង​ធ្វើការ​ជាមួយគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​មែន​នោះ ។

ពួកយើង​ទាំងអស់​គ្នា​នឹង​ឆ្លងកាត់​ជម្លោះ​បាន ។ វា​នឹង​មាន​ការឈឺចាប់ ។ ពេលខ្លះ​ឈឺចាប់​ខ្លាំង​បំផុត ។ ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ស្ញើច​នឹង​ការឈឺចាប់ ដែល​មនុស្ស​មាន​នៅពេល​ពាក់ព័ន្ធ​នឹង​ជម្លោះ​យ៉ាងខ្លាំង ជាពិសេស​ជាមួយ​នឹង​មនុស្ស​ជាទី​ស្រឡាញ់ ។ ទោះ​យ៉ាងណា​ក៏ដោយ ការឈឺចាប់ និង​ការភ័យ​ខ្លាច​នោះ​មិន​ចាំបាច់​ជា​ចុងបញ្ចប់​នៃ​ដំណើររឿង​នេះ​ទេ ។

យើង​អាច​ជ្រើសរើស​មើល​ទៅ​ជម្លោះ និង​មនុស្ស​ដែល​យើង​កំពុង​មាន​ជម្លោះ​ជាមួយ​នោះ​ខុសពី​មុន គឺ​ដូចជា​អ្វី​ដែល​យ៉ូសែប​បាន​ធ្វើ​ដែរ ។ យើង​អាច​ជ្រើសរើស​បោះបង់​ចោល​នូវ​កំហឹង ការអាក់​អន់​ចិត្ត និង​ការស្ដី​បន្ទោស ហើយ​ឱប​ក្រសោប​សត្រូវ​របស់​យើង​វិញ ។

យើង​អាច​ជ្រើសរើស​យក​សេចក្ដី​ស្រឡាញ់ ជាជាង​ការភ័យខ្លាច ហើយ​រកឃើញ—ដូចជា​យ៉ាកុប អេសាវ យ៉ូសែប និង​ពួកបងប្រុស​របស់​លោក​ដែរ—ថា​សត្រូវ​របស់​យើង​គឺជា​បងប្អូន​ប្រុស​ស្រី​របស់​យើង​ទេតើ ។ ដោយ​ការព្យាយាម​ខ្នះខ្នែង​ផ្សះផ្សា​ជាមួយ​នឹង​ពួកគេ នោះ​យើង​ក៏​អាច​មើល​ឃើញ​ព្រះភក្រ្ដ​របស់​ព្រះ​បាន​ផងដែរ ។