« ខ្ញុំជ្រើសរើសដើម្បីស្ដាប់តាមទ្រង់ » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖ ស្ដ្រីនៃសេចក្តីជំនឿ
ខ្ញុំជ្រើសរើសដើម្បីស្ដាប់តាមទ្រង់
នៅពេលបងស្រីម្នាក់បានរៀបរាប់អំពីនំខេក អំឡុងពេលគាត់ថ្លែងទីបន្ទាល់ នោះខ្ញុំបានងើយមើលគាត់ ហើយចាប់ផ្តើមយកចិត្តទុកដាក់ ។
ខ្ញុំបានកើតនៅក្នុងសាសនាចក្រ ដូច្នេះខ្ញុំបានចូលរួមសកម្មភាពអង្គការបឋមសិក្សា និងសកម្មភាពយុវវ័យ ។ ខ្ញុំចូលចិត្តអង្គការបឋមសិក្សា ដោយសារតែបទចម្រៀង និងមេរៀនទាំងឡាយ ។
ប៉ុន្ដែ នៅពេលដល់វ័យជំទង់ ខ្ញុំចាប់ផ្ដើមវង្វេង ក្រោយពីខ្ញុំបានប្ដូរទៅវួដថ្មីមួយ ។ ខ្ញុំបានចូលរួមសកម្មភាពយុវវ័យជាច្រើនសប្តាហ៍ ប៉ុន្តែខ្ញុំមិននិយាយច្រើនទេ ហើយមិនសូវចូលរួមអីច្រើនពេកទេ ។ ខ្ញុំមិនចូលចិត្តទៅព្រះវិហារនៅថ្ងៃអាទិត្យទេ ប៉ុន្ដែខ្ញុំទៅម្ដងម្កាល ។ ខ្ញុំបានដឹងថា ខ្ញុំមិនបានប្រែចិត្តជឿខ្លាំងទៅលើដំណឹងល្អ និងការបង្រៀនទាំងឡាយនៃដំណឹងល្អទេ ។ ខ្ញុំមិនមានទីបន្ទាល់សម្រាប់ខ្លួនឯងនោះទេ ។
ដូចរាល់ដង អំឡុងពេលការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់ គំនិតខ្ញុំបានរសាត់រសាយ ។ ខ្ញុំមិនបានស្ដាប់អ្វីនោះទេ នៅពេលសមាជិកវួដឡើងថ្លែងទីបន្ទាល់របស់ពួកគេនោះ ប៉ុន្ដែខ្ញុំនិយាយអាម៉ែននៅចុងបញ្ចប់នៃទីបន្ទាល់នីមួយៗ ។ បន្ទាប់មក មានបងស្រីម្នាក់បានឡើងទៅវេទិកា ហើយបានចាប់ផ្ដើមថ្លែងទីបន្ទាល់របស់គាត់ ្តទុកដាក់ ។
គាត់បានថ្លែងថា « ខ្ញុំតែងតែទូលទៅព្រះវរបិតាសួគ៌ជានិច្ច ទោះជានៅពេលខ្ញុំដុតនំក៏ដោយ ។ ខ្ញុំពោលពាក្យអធិស្ឋានស្ងាត់ៗថា នំខេកនោះនឹងរីកឡើង ហើយចេញមកល្អ ។ ខ្ញុំដឹងថា ទ្រង់ឆ្លើយតបការអធិស្ឋានរបស់យើង » ។
ខ្ញុំមិនបានគិតច្រើនអំពីទីបន្ទាល់នោះទេ រហូតដល់ឡានរបស់យើងដេមិនឆេះសោះ នៅពេលយើងត្រូវទៅផ្សារទិញម្ហូប ។ នៅពេលនោះ ខ្ញុំបាននឹកចាំសម្ដីរបស់បងស្រីរូបនោះ ។ ដូច្នេះ ខ្ញុំបានត្រឡប់ទៅបន្ទប់គេងរបស់ខ្ញុំវិញ ដើម្បីទូលសូមព្រះឲ្យជួយយើងឲ្យឡានដេឆេះទៅ ។ ខ្ញុំបានលុតជង្គង់ចុះ ហើយអធិស្ឋាន ។ នៅពេលខ្ញុំអធិស្ឋានចប់ ខ្ញុំបានយកកូនសោឡាន ហើយដេវាម្ដងទៀត ។ ហើយរួចមកក៏មានចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំ—សំឡេងឡានដេឆេះ ។
ដោយសារតែចម្លើយចំពោះការអធិស្ឋានដ៏សាមញ្ញនោះ ខ្ញុំបានប្រែពីសឹងតែវង្វេង ទៅដើរលើផ្លូវមួយដែលបានជួយខ្ញុំឲ្យទទួលបានទីបន្ទាល់ផ្ទាល់ខ្លួន និងបានប្រែចិត្តជឿលើដំណឹងល្អកាន់តែពេញលេញ ។ ពាក្យពេចន៍នៅក្នុងបទចម្រៀងកុមារដែលខ្ញុំចូលចិត្តគឺបទ « ខ្ញុំស្គាល់ក្ដីស្នេហ៍ព្រះសង្គ្រោះ » ១ បានមានអត្ថន័យហួសពីទំនុកបទនៅក្នុងបទចម្រៀងនោះទៅទៀត ។ វាបានក្លាយជាអារម្មណ៍ ដែលខ្ញុំពិតជាបានមានមែន ។
ខ្ញុំអធិស្ឋានអំពីអ្វីៗទាំងអស់ឥឡូវនេះ តាមទ្រង់ដែរ នៅពេលខ្ញុំនឹកចាំដល់ពាក្យសម្ដីរបស់នីហ្វៃ ៖ « ប៉ុន្តែមើលចុះ ខ្ញុំនិយាយទៅអ្នកថា អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ » ( នីហ្វៃទី២ ៣២:៩ ) ។