« តើបងប្អូនកំពុងស្វែងរកព្រះគ្រីស្ទជារៀងរាល់ថ្ងៃដែរឬទេ ? » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។
យុវមជ្ឈិមវ័យ
តើបងប្អូនកំពុង ស្វែងរកព្រះគ្រីស្ទ ជារៀងរាល់ថ្ងៃដែរឬទេ ?
បទពិសោធន៍របស់ខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធបានជួយខ្ញុំឲ្យដឹងថា ខ្ញុំត្រូវស្វែងរកព្រះគ្រីស្ទជារៀងរាល់ថ្ងៃ ។
អ្នកនិពន្ធរស់នៅប្រទេសក្វាតេម៉ាឡា ។
កាលខ្ញុំនៅតូច ខ្ញុំធ្លាប់សួរខ្លួនឯងនូវសំណួរដូចជា « តើព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលឬទេ ? » « នៅពេលខ្ញុំទៅស្ថានសួគ៌ តើខ្ញុំនឹងឃើញព្រះឬទេ ? »
ឥឡូវនេះ ខ្ញុំរាងចាស់បន្ដិចហើយ ខ្ញុំអាចក្រឡេកមើលទៅក្រោយ ហើយឃើញថា ព្រះវរបិតាសួគ៌តែងតែណែនាំខ្ញុំ និងបង្ហាញភស្ដុតាងដល់ខ្ញុំជានិច្ចថា ពិតជាមានទ្រង់មែន ប៉ុន្ដែខ្ញុំមិនអាចស្គាល់ព្រះហស្ដរបស់ទ្រង់នៅក្នុងជីវិតរបស់ខ្ញុំជានិច្ចឡើយ ។ ខ្ញុំមានពរ ដែលបានធំឡើងនៅក្នុងផ្ទះមួយ ដែលមានដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែខ្ញុំបានរស់នៅលើទីបន្ទាល់ ដែលខ្ញុំបានខ្ចីគេអស់ពេលជាយូរមកហើយ ។ វាពិបាកសម្រាប់ខ្ញុំ ដើម្បីជឿថាមានព្រះពិតប្រាកដមែន ។
ថ្ងៃមួយ កាលខ្ញុំមានអាយុប្រហែល ១៥ ឆ្នាំ ប៊ីស្សពរបស់ខ្ញុំបានប្រកាសអំពីការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធជាលក្ខណៈវួដ ។ ខ្ញុំស៊ាំនឹងការទៅព្រះវិហារបរិសុទ្ធជាមួយគ្រួសារខ្ញុំរួចហើយ ដូច្នេះខ្ញុំគិតថា នេះមិនមែនជារឿងធំដុំអ្វីនោះទេ ។ ខ្ញុំមិនដែលមានអារម្មណ៍បែបណាមួយខ្លាំងនោះទេ ហើយមិនដែលយល់ពីសារៈសំខាន់នៃសេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយ ដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។
ពេលថ្ងៃនោះមកដល់ ខ្ញុំចូលទៅព្រះវិហារបរិសុទ្ធ ហើយបានប្ដូរទៅសម្លៀកបំពាក់ពណ៌-សរបស់ខ្ញុំ ។ នៅពេលខ្ញុំបានដើរកាត់កញ្ចក់មួយ ខ្ញុំបានឃើញខ្លួនឯងនៅក្នុងសម្លៀកបំពាក់ពណ៌-ស ហើយមានស្នាមញញឹមនៅលើមុខ ។ នៅពេលខ្ញុំរង់ចាំសមាជិកវួដដទៃទៀតរបស់ខ្ញុំ នោះខ្ញុំមានចិត្តរំភើបជាខ្លាំង ។ ខ្ញុំបានគិតដល់សម្រស់នៃអាងជ្រមុជទឹក និងគំនូរទាំងឡាយ ដែលនៅភ្លាមៗនោះ ខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណមកប៉ះដួងចិត្តខ្ញុំថ្នមៗ ។
ខ្ញុំនឹងមិនភ្លេចពាក្យពេចន៍ ដែលបានចូលមកក្នុងគំនិតខ្ញុំ ៖ « អ័រសុន នេះគឺជាដំណាក់នៃព្រះអម្ចាស់ ។ ទ្រង់ស្រឡាញ់ប្អូន ។ ទ្រង់សព្វព្រះទ័យចង់ឲ្យប្អូនផ្លាស់ប្ដូរជីវិតរបស់ប្អូន និងខិតខំដើម្បីក្លាយជាបុគ្គលដ៏ប្រសើរម្នាក់បន្ដិចម្ដងៗ » ។
ខ្ញុំមានអារម្មណ៍នៃសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចេញពីពាក្យពេចន៍ទាំងនោះ ប៉ុន្ដែស្រាប់តែបានសន្ធប់ដោយអារម្មណ៍មានកំហុស ។ ខ្ញុំមិនបានម៉ត់ចត់នឹងព្រះវិហារបរិសុទ្ធទេ រហូតមកដល់ពេលនេះ ។ ដូច្នេះ ខ្ញុំបានពោលពាក្យអធិស្ឋាននៅក្នុងចិត្តខ្ញុំ ដោយទូលសូមព្រះវរបិតាសួគ៌ឲ្យអភ័យទោសដល់ខ្ញុំ ។
ហើយខ្ញុំបានដឹងថា ទ្រង់បានព្រះសណ្ដាប់ឮការអធិស្ឋានរបស់ខ្ញុំ ដោយសារខ្ញុំមានអារម្មណ៍សុខសាន្ដយ៉ាងខ្លាំងនៅក្នុងដួងចិត្តខ្ញុំ ។
នៅថ្ងៃនោះ ខ្ញុំបានពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំ ហើយបានទទួលទីបន្ទាល់ដ៏ពិតប្រាកដនៃដំណឹងល្អ ដែលខ្ញុំចង់បានជាយូរមកហើយ ។ នៅថ្ងៃនោះ ខ្ញុំអាចនិយាយបានយ៉ាងម៉ឺងម៉ាត់ ដូចជាសិស្សទាំងពីររបស់យ៉ូហានដែរថា « ខ្ញុំបានឃើញព្រះមែស៊ីហើយ » ( សូមមើល យ៉ូហាន ១:៤១ ) ។
វិធីងាយៗក្នុងការភ្ជាប់
ចាប់តាំងពីបទពិសោធន៍នេះមក ខ្ញុំបានខិតខំដើម្បីស្គាល់ឥទ្ធិពលរបស់ព្រះវរបិតាសួគ៌ឲ្យបានកាន់តែប្រសើរឡើងនៅក្នុងជីវិតរបស់ខ្ញុំ តាមរយៈការស្វែងរកព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ។ ទោះជាពិភពលោកនេះអាចធ្វើឲ្យវាពិបាកនឹងស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះនៅពេលខ្លះក្ដី ក៏ខ្ញុំដឹងនៅពេលនេះថា ពិតជាមានទ្រង់មែន ហើយថាទ្រង់គង់នៅជាមួយខ្ញុំ ។
ពួកយើងជាច្រើននឹងមានពេលខ្លះ ដែលយើងមានអារម្មណ៍ថាបានខិតទៅជិតស្ថានសួគ៌ជាងរាល់ដងបន្ដិច ។ យើងក៏មានពេលពិបាកផងដែរ នៅពេលយើងពិបាកនឹងមានអារម្មណ៍ពីឥទ្ធិពលរបស់ទ្រង់ មិនថាយើងខិតខំខ្លាំងប៉ុណ្ណា ឬនៅថ្ងៃខ្លះយើងរវល់ខ្លាំង ហើយយើងមិនអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកទ្រង់សោះ ។ ប៉ុន្តែខ្ញុំដឹងថា ប្រសិនបើយើងមានបំណងប្រាថ្នាដ៏ស្មោះសរ ដើម្បីស្វែងរកទ្រង់ នោះយើងនឹងឃើញព្រះហស្ដរបស់ទ្រង់នៅក្នុងជីវិតរបស់យើង ។
នៅពេលបងប្អូនមានអារម្មណ៍ថាដាច់ចេញពីព្រះអង្គសង្គ្រោះ នោះសូមសួរខ្លួនឯងថា តើខ្ញុំខិតខំខ្នះខ្នែងស្វែងរកព្រះមែស៊ីជារៀងរាល់ថ្ងៃដែរឬទេ ?
នៅពេលយើងព្យាយាមធ្វើដូចជាសាវកជំនាន់ដើម ដោយទុកចោលសំណាញ់របស់យើង ( សូមមើល ម៉ាថាយ ៤:២០ ) និងទំនួលខុសត្រូវ ក៏ដូចជាចំណាប់អារម្មណ៍ផ្សេងៗទៀតមួយភ្លែត ដើម្បីបែរទៅរកទ្រង់ នោះយើងនឹងរកឃើញទ្រង់ ។
មានប្រភពផ្សេងៗនៃអំណាចខាងវិញ្ញាណ ដែលអាចជួយយើងបាន ។ ព្យាការីអាលម៉ាបានរំឭកយើងថា « ដោយកិច្ចការតូចតាច និងងាយ ទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន » ( អាលម៉ា ៣៧:៦ ) ។ ទង្វើដ៏តូចតាចនៃសេចក្ដីជំនឿ និងការអនុវត្តខាងវិញ្ញាណ ដែលយើងធ្វើជារៀងរាល់ថ្ងៃអាចជួយយើងឲ្យបង្កើនសមត្ថភាពរបស់យើង ដើម្បីស្គាល់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង ។
ឧបករណ៍ខាងវិញ្ញាណមួយចំនួនទាំងនេះអាចជាសកម្មភាពដូចជា ៖
-
ការអធិស្ឋានដោយសេចក្ដីជំនឿ
-
ការសិក្សាព្រះគម្ពីរដោយមានចេតនា និងមានអត្ថន័យ
-
ការបម្រើមនុស្សដទៃដោយមិនគិតពីខ្លួនឯង
-
ការចែកចាយទីបន្ទាល់របស់បងប្អូនជាមួយនឹងមិត្តភក្ដិ
-
ការស្តាប់ទំនុកតម្កើង ឬតន្ត្រីខាងវិញ្ញាណ
-
ការចូលរៀនថ្នាក់វិទ្យាស្ថាន
-
ការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ
-
ការតមអាហារ
-
ការចូលរួមក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់
អ្វីៗជាច្រើនអាចជួយយើងឲ្យស្វែងរកព្រះយេស៊ូវគ្រីស្ទ ប៉ុន្ដែគន្លឹះនោះគឺការបន្ដស្វែងរកទ្រង់ ។ ប្រធាន រ័សុល អិម ណិលសុនបានបង្រៀនថា « នៅពេលយើងខិតខំធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ នោះកិច្ចខិតខំរបស់យើងដើម្បី ស្ដាប់ទ្រង់ ចាំបាច់ត្រូវមានគោលបំណងកាន់តែខ្លាំង ។ វាត្រូវការការខិតខំដោយសកម្ម និងប្រកាន់ខ្ជាប់ដើម្បីបំពេញជីវិតប្រចាំថ្ងៃរបស់យើងដោយព្រះបន្ទូលរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងសេចក្ដីពិតរបស់ទ្រង់ » ។ ១
តើបងប្អូនបានរកឃើញទ្រង់នៅថ្ងៃនេះទេ ?
ទោះបីជាបងប្អូនមិនបានទទួលចម្លើយទាំងអស់ ដែលបងប្អូនកំពុងស្វែងរកនៅពេលនេះក្ដី ក៏សូមបន្ដទៅមុខទៀតដែរ ! សូមបន្ដស្វែងរកព្រះគ្រីស្ទ ហើយជ្រើសរើសដើម្បីមានសេចក្ដីជំនឿទៅលើទ្រង់ ។ ប្រសិនបើបងប្អូននឹងព្យាយាមស្វែងរកទ្រង់រាល់ថ្ងៃតាមរយៈទង្វើតូចតាច នោះខ្ញុំដឹងថា បងប្អូននឹងមានអារម្មណ៍ពីការឱបក្រសោបរបស់ទ្រង់មកពីស្ថានសួគ៌ ។ ខ្ញុំដឹងថា ការណ៍នេះគឺជាការពិត ពីព្រោះខ្ញុំបានដកពិសោធន៍រួចហើយ ។
ព្រះវរបិតាសួគ៌ទទួលស្គាល់ការខិតខំរបស់យើង ។ ទ្រង់មិនខ្វាយខ្វល់ខ្លាំងអំពីទំហំនៃកិច្ចការដែលយើងធ្វើ ដើម្បីស្អាងវិញ្ញាណរបស់យើងនោះទេ ប្រសិនបើយើងអាចនិយាយដោយភាពខ្ជាប់ខ្ជួន និងភាពប្រាកដប្រជាជារៀងរាល់ថ្ងៃថា « ថ្ងៃនេះ ខ្ញុំបានរកឃើញព្រះមែស៊ី ! »
វាជាការអធិស្ឋានរបស់ខ្ញុំថា យើងអាចស្គាល់ និងស្រឡាញ់ព្រះអង្គសង្គ្រោះរបស់យើងជារៀងរាល់ថ្ងៃ នឹងធ្វើដូចជាមរ៉ូណៃបានផ្ដល់យោបល់ឲ្យ « ស្វែងរកព្រះយេស៊ូវគ្រីស្ទ » ( អេធើរ ១២:៤១ ) ។ នៅចុងបញ្ចប់ជារៀងរាល់ថ្ងៃ សូមឲ្យបងប្អូន និងខ្ញុំរកឃើញអង្គដែលម៉ូសេ និងព្យាការីដទៃទៀតបានសរសេរ ៖ ព្រះយេស៊ូវនៃណាសារ៉ែត ។ នៅក្នុងការស្វែងរកព្រះគ្រីស្ទ យើងនឹងឃើញព្រះហស្ដរបស់ព្រះនៅក្នុងជីវិតរបស់យើង ។ ហើយកាលណាយើងស្វែងរកព្រះគ្រីស្ទកាន់តែខ្លាំងជារៀងរាល់ថ្ងៃ នោះយើងនឹងរកឃើញទ្រង់កាន់តែច្រើងដងឡើង ហើយអាចស្គាល់ព្រះសូរសៀងរបស់ទ្រង់ ដែលដឹកនាំ និងណែនាំយើងទាំងអស់គ្នាឲ្យឆ្លងកាត់ជីវិតរបស់យើងផងដែរ ។