« ការផ្លាស់ប្ដូរពីការទាស់ទែងគ្នាទៅជាសេចក្ដីស្រឡាញ់ » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។
សូមស្វាគមន៍មកកាន់ច្បាប់នេះ
ការផ្លាស់ប្ដូរពីការទាស់ទែងគ្នាទៅជាសេចក្ដីស្រឡាញ់
ពេលខ្លះ យើងជួបនឹងជម្លោះនៅក្នុងទំនាក់ទំនងរបស់យើង ។ ការដឹងពីរបៀបផ្លាស់ប្តូរជម្លោះដ៏បំផ្លិចបំផ្លាញ ទៅជាជម្លោះក្នុងន័យស្ថាបនា មានសារៈសំខាន់ចំពោះសុខុមាលភាពរបស់យើង ។ ប៉ុន្តែ យើងពិតជាពិបាកដោះស្រាយវាមែន ។
ជម្លោះដ៏បំផ្លិចបំផ្លាញមានអារម្មណ៍ថាសន្ធប់ ។ ការទាស់ទែងគ្នារាលដាលលឿនណាស់ ហើយពិបាកគ្រប់គ្រង ។ យើងមានអារម្មណ៍ថាគ្មានក្ដីសង្ឃឹម និងគ្មានអំណាចដើម្បីផ្លាស់ប្ដូរស្ថានភាពរបស់យើងទេ ។ យើងមានអារម្មណ៍ទន់ខ្សោយ និងអន្ទះសា ។ ទំនាក់ទំនងប្រេះស្រាំ និងសហគមន៍ដែលបែងចែកគ្នា ប្រៀបដូចជាកម្ទេចកម្ទីនៃអគារបែកបាក់ ។
ប៉ុន្តែ យើងក៏អាចចូលរួមនឹងជម្លោះដែលស្ថាបនាបានដែរ នៅពេលយើងអាចរកឃើញសេរីភាព ចេញពីភាពអវិជ្ជមាននៃការទាស់ទែងគ្នា ។ យើងអាចបណ្ដុះសេចក្ដីយុត្តិធម៌ និងសេចក្តីមេត្តាករុណា ពង្រឹងទំនាក់ទំនងរបស់យើង និងដោះស្រាយបញ្ហាដែលមានឫសជ្រៅ ។ សេចក្តីសុខសាន្ដអាចកើតឡើងបាន—នៅក្នុងទំនាក់ទំនងរបស់យើង និងសហគមន៍របស់យើង ។
ក្នុងនាមជាអាជ្ញាកណ្ដាលដោះស្រាយជម្លោះម្នាក់ ជាស្វាមី និងឪពុក ខ្ញុំបានរកឃើញថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទអាចនាំឲ្យយើងមានពន្លឺ និងកម្លាំងដែលចាំបាច់ដើម្បីផ្លាស់ប្ដូរពីការទាស់ទែងគ្នាទៅជាសេចក្ដីស្រឡាញ់វិញ ។
នៅក្នុងច្បាប់នេះ បងប្អូននឹងអានអំពីរបៀបដែលយ៉ាកុប អេសាវ និងយ៉ូសែប អាចផ្សះផ្សាគ្នានៅក្នុងជម្លោះគ្រួសាររបស់ពួកលោក និងរបៀបដែលយើងអាចធ្វើបានដូចគ្នានៅក្នុងគេហដ្ឋាន និងសហគមន៍របស់យើង ( សូមមើល ទំព័រ ២០ ) ។ បងប្អូនក៏នឹងអានអត្ថបទដ៏ចាក់ដោតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ទាក់ទងទៅនឹងរបៀបដែលទុក្ខលំបាកអាចសម្រិតសម្រាំងយើងបាន ប្រសិនបើយើងងាកទៅរកព្រះអម្ចាស់សូមជំនួយនោះ ( សូមមើល ទំព័រ ៦ ) ។
ពួកយើងជាច្រើននាក់កំពុងមានការឈឺចាប់យ៉ាងខ្លាំង ដោយសារទំនាក់ទំនងប្រេះស្រាំនៅឯគេហដ្ឋាន និងនៅក្នុងពិភពលោកនេះ ។ ខ្ញុំសង្ឃឹមថា ច្បាប់នេះនឹងផ្ដល់សេចក្ដីសង្ឃឹមដល់អស់អ្នកដែលមានអារម្មណ៍ថាអស់សង្ឃឹមក្នុងការផ្សះផ្សា ថាវានឹងបំផុសឲ្យមានសេចក្ដីជំនឿថា យើងមិននៅតែឯងនោះទេ ហើយសំខាន់បំផុតនោះគឺថា យើងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបមួយ ដែលនឹងមិនគ្រាន់តែផ្លាស់ប្ដូរដួងចិត្តរបស់យើងទេ ប៉ុន្ដែក៏ផ្លាស់ប្ដូរដួងចិត្តរបស់អ្នកដែលយើងកំពុងមានបញ្ហាជាមួយផងដែរ ។
ដោយភាពកក់ក្ដៅ
ឆាត ហ្វដ
សាស្ត្រាចារ្យផ្នែកបង្កើតសន្តិភាពអន្តរវប្បធម៌ នៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់–ហាវ៉ៃ