« ទូរសព្ទមកខ្ញុំមុនគេ » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖ ស្ដ្រីនៃសេចក្តីជំនឿ
ទូរសព្ទមកខ្ញុំមុនគេ
ខ្ញុំរីករាយ ដែលខ្ញុំមិនបានបាត់បង់ឱកាសដើម្បីជួយបងស្រីម្នាក់ ដែលត្រូវការខ្ញុំ និងជាអ្នកដែលខ្ញុំត្រូវការ ។
នៅពេលខ្ញុំជាម្ដាយវ័យក្មេងម្នាក់ ដែលមានកូនដំបូង នោះស្វាមីខ្ញុំនៅរៀនមហាវិទ្យាល័យនៅឡើយ ។ យើងទាំងពីរនាក់បានធ្វើការក្រៅម៉ោង ដើម្បីរកចំណូលចិញ្ចឹមជីវិត ។
ដោយទន្ទឹងរង់ចាំដល់ថ្ងៃឈប់សម្រាកមួយថ្ងៃពីការងារ ខ្ញុំបានគ្រោងថានឹងមើលរឿងកុនចាស់មួយនៅលើទូរទស្សន៍ ។ រឿងនេះពីមុនមាននៅលើឌីវីឌី ឬសេវាកម្មចាក់ផ្សាយ ។
រឿងកុននឹងចាប់ផ្ដើមនៅម៉ោងដ៏ល្អឥតខ្ចោះ—១០ ព្រឹក—ជាពេលដែលកូនប្រុសរបស់យើងនឹងគេងថ្ងៃ ។ វាបានសម្តែងដោយ ខារី ហ្គ្រែន ដែលជាតារាភាពយន្តអាមេរិកមួយរូបដែលខ្ញុំចូលចិត្ត ។
នៅយប់មុនថ្ងៃឈប់សម្រាកដែលខ្ញុំបានទន្ទឹងរង់ចាំនោះ ប្រធានសមាគមសង្គ្រោះវួដបានទូរសព្ទមក ។ មានបងស្រីម្នាក់នៅក្នុងវួដរបស់យើងបានដាច់សរសៃឈាមខួរក្បាលកម្រិតមធ្យម ហើយត្រូវការការមើលថែនៅថ្ងៃស្អែក រហូតដល់កូនប្រុសរបស់គាត់ត្រឡប់មកពីធ្វើការវិញ ។
ប្រធានសមាគមសង្គ្រោះបាននិយាយថា « ចធ្វើការណ៍នេះដោយខ្លួនឯងបាន ប៉ុន្ដែខ្ញុំរវល់មានភ្ញៀវ » ។ គាត់បានពន្យល់ថា គាត់មិនអាចសុំអ្នកផ្សេងឲ្យជំនួសគាត់បានទេ ហើយគាត់ថានឹងជួយមើលកូនប្រុសរបស់យើង ពេលខ្ញុំមើលថែដល់បងស្រីរូបនោះ ។ ខ្ញុំបានយល់ព្រមទាំងស្ទាក់ស្ទើរ ។
ព្រឹកស្អែកឡើង ខ្ញុំបានយកកូនប្រុសរបស់យើងឲ្យគេមើល ហើយបានទៅសួរសុខទុក្ខបងស្រីនោះ ។ គាត់មានឈ្មោះថា លូអ៊ីស ហើយខ្ញុំមានអារម្មណ៍ស្រឡាញ់គាត់ភ្លាមៗ ។ គាត់មានវ័យចំណាស់ស្មើនឹងជីដូនរបស់ខ្ញុំ ដែលទើបបានទទួលមរណភាពនាពេលថ្មីៗនេះ ។
ខ្ញុំបានជួយ លូអ៊ីស ឲ្យស្លៀកពាក់ រួចហើយរៀបចំអាហារពេលព្រឹកជូនគាត់ ។ គាត់បានសម្រាកនៅលើកៅអី ហើយបានបើកទូរទស្សន៍ ។ មិនយូរប៉ុន្មានវាម៉ោង ១០ ព្រឹកល្មម ។ នៅពេលគាត់ចុចតេឡេទូរទស្សន៍រាវរកប៉ុស្ដិ៍មើល នោះគាត់បាននិយាយថា « ទូរទស្សន៍នេះគ្មានកម្មវិធីអីមើលទេ » ។
ខ្ញុំបានស្ទាក់ស្ទើរ រួចហើយបានពោលថា « មានរឿងកុន ខារី ហ្គ្រែន នៅប៉ុស្ដិ៍លេខ ១១ » ។
គាត់បានសួរថា « មែនឬ ? » « ខ្ញុំ ស្រឡាញ់ ខារី ហ្គ្រែន ! »
យើងបានមើលរឿងកុននោះ ហើយពេញចិត្តនឹងរឿងនោះយ៉ាងខ្លាំង ។ ក្រោយមក គាត់បានចែកចាយរឿងអំពីជីវិតរបស់គាត់ នៅពេលគាត់មានអាយុតំណាលខ្ញុំ ។ គាត់បានប្រាប់ខ្ញុំអំពីកូនប្រុសរបស់គាត់ ហើយខ្ញុំបានប្រាប់គាត់អំពីកូនប្រុសរបស់ខ្ញុំ ។ គាត់បាននិយាយអំពីព្រះវិហារ ហើយថាគាត់នឹកព្រះវិហារណាស់ ។
នៅពេលកូនប្រុសរបស់គាត់បានមកដល់ នោះខ្ញុំបានសន្យាថានឹងត្រឡប់មកវិញ ។ ខ្ញុំបានប្រាប់ប្រធានសមាគមសង្គ្រោះថាឲ្យទូរសព្ទមកខ្ញុំមុនគេ ប្រសិនបើ លូអ៊ីស ត្រូវការជំនួយម្ដងទៀត ។
អំឡុងពេលពីរសប្តាហ៍ក្រោយមក លូអ៊ីស បានដាច់សរសៃឈាមខួរក្បាលម្ដងទៀត ហើយបានលាចាកលោកទៅ មុនពេលខ្ញុំមានឱកាសទៅជួបគាត់ម្ដងទៀត ។ យើងបានជួបគ្នាតែប្រាំបួនម៉ោង និងមើលរឿងកុនតែមួយរឿងប៉ុណ្ណោះ ប៉ុន្ដែគាត់បានក្លាយជាកល្យាណមិត្តម្នាក់ ។ ខ្ញុំគិតដល់គាត់ជារឿយៗ ។
ខ្ញុំមានអំណរគុណ ដែលខ្ញុំមិនបានបាត់បង់ឱកាសដើម្បីជួយបងស្រីម្នាក់ ដែលត្រូវការខ្ញុំ—និងជាអ្នកដែលខ្ញុំត្រូវការ ទោះបីជាខ្ញុំមិនដឹងក្ដី ។