« ព្រះអាចជួយយើងនៅក្នុងគ្រាលំបាកបាន » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។
គោលការណ៍ទាំងឡាយនៃការងារបម្រើ
ព្រះអាចជួយយើងនៅក្នុងគ្រាលំបាកបាន
ហើយយើងអាចប្រើប្រាស់អ្វីដែលយើងទទួលបានមកពីការសាកល្បងទាំងឡាយរបស់យើង ដើម្បីជួយដល់មនុស្សដទៃទៀតបាន ។
ម៉ាសេឡា អិនដ្រិក ដែលជាជនជាតិដើមនៃទីក្រុងខដូបា ប្រទេសអាហ្សង់ទីន បានឈឺ និងក្រៀមក្រំ ។ វាជាបន្ទុកធ្ងន់ណាស់មកលើនាង ។ កាលកំពុងវិលវល់នឹងអារម្មណ៍ដែលគ្មានច្រកចេញនោះ នាងបានស្ដាប់ឮសុន្ទរកថាសន្និសីទមួយ ដែលបានថ្លែងអំពីការអធិស្ឋាន ។ គំនិតនេះបានចាក់ចំបេះដូងរបស់នាង ដើម្បីឲ្យនាងអធិស្ឋានដោយចិត្តស្មោះត្រង់អំពីបញ្ហារបស់នាង ។
នាងបានចាប់ផ្ដើមអធិស្ឋានជាទៀងទាត់សូមការសម្រាលទុក្ខ ។ ការអធិស្ឋានបាននាំឲ្យនាងមានសេចក្ដីសុខសាន្ដ និងការលួងលោម ទោះបីជាសុខភាពរបស់នាងមិនបានប្រសើរឡើងក្ដី ។ តាមពិតទៅ ស្ថានភាពរបស់នាងបានកាន់តែអាក្រក់ទៅៗ រហូតដល់នាងមិនអាចធ្វើការទៀតបាន ។ ឥឡូវនេះ នាងមានការតានតឹងបន្ថែមទៀត ព្រោះនាងមិនមានថវិកាដើម្បីចំណាយលើថ្លៃវេជ្ជសាស្ដ្រទេ ។
ដោយភាពចាំបាច់នេះហើយ នាងបានចាប់ផ្ដើមអង្កេតមើលរបៀបដែលនាងអាចដោះស្រាយបញ្ហាសុខភាពរបស់នាងតាមវិធីផ្សេងៗទៀត ។ នាងទទួលបានអារម្មណ៍បំផុសឲ្យផ្ដោតលើការផ្លាស់ប្ដូរទម្លាប់បរិភោគមួយចំនួន ហើយនាងបានភ្ញាក់ផ្អើលដែលវាជួយបានយ៉ាងច្រើន ។ ការជាសះស្បើយរបស់នាងបានមានលក្ខណៈយ៉ាងអស្ចារ្យ រហូតដល់នាងបានចាប់ផ្ដើមសិក្សាពីអាហារបំប៉នឲ្យបានកាន់តែស៊ីជម្រៅ ។
មួយរយៈក្រោយមក នាងបានជួបនឹងយុវនារីម្នាក់ឈ្មោះថា អេវេលីន ដែលមានស្ថានភាពដូចគ្នានឹង ម៉ាសេឡា ដែរ—ឈឺ ក្រៀមក្រំ និងចង់ទទួលបានចម្លើយយ៉ាងខ្លាំង ។ ម៉ាសេឡា បានឃើញខ្លួននាងនៅក្នុងមិត្តភក្តិថ្មីរបស់នាង ។ នាងបានចែកចាយនូវអ្វីមួយចំនួន ដែលនាងបានដឹងអំពីជម្រើសអាហារ និងអាហារបំប៉ន ។ នាងក៏បានចែកចាយជាមួយនឹង អេវេលីន អំពីសក្ខីភាពរបស់នាងស្ដីពីអំណាចនៃការអធិស្ឋានផងដែរ ។ នាងបានអញ្ជើញ អេវើលីនឲ្យអធិស្ឋាន ដើម្បីនាងទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះផងដែរ ហើយដឹងថា ទ្រង់ជ្រាបពីនាង ។
ពីរបីថ្ងៃក្រោយមក ម៉ាសេឡា រីករាយយ៉ាងខ្លាំងដែលបានជួបនឹង អេវេលីនម្ដងទៀត ។ ការផ្លាស់ប្ដូរមួយបានបង្ហាញរួចទៅហើយ ទាំងខាងផ្នែករាងកាយ និងខាងវិញ្ញាណ ។ អេវើលីន បានប្រាប់នាងថា ជីវិតរបស់នាងកំពុងផ្លាស់ប្ដូរ ហើយថានាងអាចមានអារម្មណ៍ថា ព្រះទ្រង់ស្រឡាញ់នាង ។
ចេញពីការសាកល្បង និងឧបសគ្គទាំងឡាយរបស់នាង នោះម៉ាសេឡា បានទទួលទាំងសេចក្ដីមេត្តាករុណា និងព័ត៌មានដែលនាងត្រូវការ ដើម្បីជួយដល់មនុស្សដទៃទៀត ។
ត្រូវបានរំដោះ ដើម្បីយើងអាចរំដោះគេបាន
ដំណើររឿងរបស់យ៉ូសែបនៅស្រុកអេស៊ីព្ទគឺជាគំរូមួយទៀត អំពីអ្វីដែលអាចកើតឡើងបាន នៅពេលយើងតាំងចិត្តដើម្បីទុកចិត្តលើព្រះនៅក្នុងការសាកល្បងរបស់យើង ៖ ទ្រង់មិនត្រឹមតែអាចរំដោះយើងបានប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងអាចដាក់ឲ្យយើងប្រើបទពិសោធន៍របស់យើង ដើម្បីជួយដល់មនុស្សដទៃបានផងដែរ ( សូមមើល លោកុប្បត្តិ ៣៧–៤៥ ) ។
យ៉ូសែបបានតាំងចិត្តដើម្បីទុកចិត្តលើព្រះ និងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ទោះបីជាមានការក្បត់ ការបាត់បង់ និងការជាប់គុកក៏ដោយ ។ ដោយសារតែសេចក្ដីជំនឿរបស់យ៉ូសែបលើព្រះ និងឆន្ទៈរបស់លោកដើម្បីស៊ូទ្រាំនឹងការសាកល្បងរបស់លោកដោយមានការអត់ធ្មត់ និងដោយគ្មានការអាក់អន់ចិត្តនោះ « ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប » ( លោកុប្បត្ដិ ៣៩:២១ ) ហើយដាក់លោកក្នុងតំណែងមួយ ដែលផ្ដល់ពរជ័យដល់មនុស្សជាច្រើនទៀត ( សូមមើល លោកុប្បត្តិ ៤៥:៥–៨ ) ។
គោលការណ៍ដែលត្រូវពិចារណា
នៅពេលបងប្អូនពិចារណាពីឱកាសរបស់បងប្អូន ដើម្បីផ្ដល់ការងារបម្រើដល់មនុស្សដទៃទៀត សូមពិចារណាពីគោលការណ៍ទាំងនេះ ដែលបានបង្ហាញនៅក្នុងដំណើររឿងទាំងឡាយ ៖
-
ឧបសគ្គទាំងឡាយរបស់យើងអាចជាពរជ័យបាន ។ ប្រសិនបើយើងនឹង « អធិស្ឋានជានិច្ច ហើយចូរមានជំនឿ » នៅពេលយើងជួបនឹងឧបសគ្គរបស់យើង នោះព្រះវរបិតាសួគ៌អាចបង្វែរឧបសគ្គទាំងនោះទៅជាសេចក្ដីល្អដល់យើងវិញបាន ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:២៤; សូមមើលផងដែរ រ៉ូម ៨:២៨ ) ។
-
ឧបសគ្គទាំងឡាយរបស់យើងអាចរៀបចំខ្លួនយើងបាន ។ ប្រសិនបើយើងនឹងមានចិត្តរាបសានៅក្នុងការសាកល្បង នោះព្រះអាចប្រើបទពិសោធន៍របស់យើង ដើម្បីបង្រៀនយើង ហើយផ្លាស់ប្ដូរយើង ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១៣ ) ។
-
ឧបសគ្គរបស់យើងអាចក្លាយជាឱកាសដើម្បីផ្ដល់ការងារបម្រើ ។ ប្រសិនបើយើងមានឆន្ទៈទុកចិត្តលើទ្រង់ នោះព្រះវរបិតាសួគ៌នឹងដាក់ឲ្យយើងប្រើអ្វី ដែលយើងបានរៀននៅក្នុងបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង ដើម្បីជួយដល់មនុស្សដទៃទៀត ( សូមមើល ម៉ូសាយ ២៤:១៣–១៤ ) ។
តើយើងអាចធ្វើអ្វីខ្លះ ?
សូមអធិស្ឋានដើម្បីដឹងពីរបៀប ដែលបទពិសោធន៍របស់បងប្អូនអាចជួយបងប្អូន ឲ្យផ្ដល់ពរជ័យដល់មនុស្សដែលបងប្អូនផ្ដល់ការងារបម្រើ ។ បន្ទាប់មក សូមចេញទៅជួយ ។