សន្និសីទទូទៅ
ព្រះ​នៅក្នុង​ចំណោម​ពួកយើង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


15:44

ព្រះ​នៅក្នុង​ចំណោម​ពួកយើង

ព្រះ​គង់​នៅក្នុង​ចំណោម​ពួកយើង— ហើយ​ជាប់ទាក់ទង​ដោយផ្ទាល់នៅ​ក្នុង​ជីវិត​របស់​យើង និង​កំពុង​ដឹកនាំ​កូនចៅ​របស់​ទ្រង់​យ៉ាង​សកម្ម ។

គ្រប់​សម័យកាល​ទាំងអស់ ព្រះ​បាន​មាន​បន្ទូល​តាមរយៈ​ពួក​អ្នកបម្រើ​របស់​ទ្រង់ គឺ​ពួកព្យាការី ។ ព្រឹក​នេះ យើង​មាន​ឯកសិទ្ធិ​ដើម្បី​ស្ដាប់​ព្យាការី​របស់​ព្រះ ថ្លែងទៅ​មនុស្ស​ទាំងអស់​ក្នុង​ពិភពលោក​នេះ ។ យើង​ស្រឡាញ់​លោក ប្រធាន ណិលសុន ហើយ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​មនុស្ស​គ្រប់រូប​នៅ​គ្រប់​ទីកន្លែង​ឲ្យ​សិក្សា និង​គោរព​តាម​ពាក្យសម្ដី​របស់​លោក ។

មុន​ដល់​ខួប​អាយុ ១២ ឆ្នាំ​របស់​ខ្ញុំ គ្រួសារ​​យើង​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញពី​ផ្ទះ​ពីរដង ហើយ​ចាប់ផ្ដើម​ជីវិត​ឡើងវិញ​ក្នុង​ភាពចលាចល ការភ័យខ្លាច និង​ភាពមិន​ប្រាកដ​ប្រជា ដែល​បណ្ដាល​មកពី​សង្គ្រាម និង​ការបែងចែក​ខាង​នយោបាយ ។ ជា​ពេល​ដ៏​អន្ទះសា​មួយ​សម្រាប់​ខ្ញុំ ប៉ុន្ដែ​វា​​គួរឲ្យ​តក់ស្លុត​សម្រាប់​ឪពុក​ម្ដាយ​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ។

ឪពុក​ម្តាយ​ខ្ញុំ​មិន​សូវឲ្យ​ពួកយើងបួន​នាក់​ដឹងពី​បន្ទុក​នេះ​ប៉ុន្មាន​ទេ ។ ពួកគាត់​រែក​បន្ទុក និង​ការឈឺចាប់​នេះ​តែឯង​តាម​ដែល​ពួកគាត់​អាច​ធ្វើបាន ។ ភាពភ័យខ្លាច​ប្រាកដជា​សង្កត់​សង្កិន បំផ្លាញ​ពេល និង​បំបាក់​សង្ឃឹម​របស់​ពួកគាត់ ។

ពេល​ដ៏​សោកសៅ​បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទីពីរ​នេះ វា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ពិភពលោក ។ វា​មាន​ឥទ្ធិពល​លើ​ខ្ញុំ ។

នៅ​គ្រា​នោះ ជា​គ្រា​ដ៏​ឯកោ​បំផុត​របស់​ខ្ញុំ ជារឿយៗ​ខ្ញុំ​ឆ្ងល់​ថា « តើ​នៅ​មានសល់​ក្ដីសង្ឃឹម​ខ្លះ​ទេ​នៅ​លើ​ពិភពលោក​នេះ ? »

ទេវតា​នៅក្នុង​ចំណោម​ពួកយើង

កាល​ខ្ញុំ​ពិចារណា​ពី​សំណួរ​នេះ ខ្ញុំ​បាន​គិត​ពី​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ជនជាតិ​អាមេរិក​វ័យក្មេង ដែល​បាន​បម្រើ​ក្នុង​ចំណោម​ពួកយើង​នៅ​អំឡុង​ឆ្នាំ​ទាំងនោះ ។ ពួកគេ​បាន​ចាកចេញ​ពី​ផ្ទះ​ដ៏​សុវត្ថិភាព បាន​ធ្វើដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់​ដែល​នៅ​មួយ​ចំហៀង​ផែនដី​ពីគ្នា​—ជា​ប្រទេស​ស​ថ្មី​របស់​ពួកគេ—​ដើម្បី​ផ្ដល់​ក្ដីសង្ឃឹម​ដ៏​ទេវភាព​ដល់​ប្រជាជន​របស់​យើង ។ ពួកគេ​មិនមែន​មក​ដើម្បី​បន្ទោស ទេសនា ឬ​បន្ទោស​នោះ​ទេ ។ ពួកគេ​ស្ម័គ្រចិត្ត​លះបង់​ជីវិត ដោយ​មិន​គិតពី​ផល​ប្រយោជន៍​ខាង​លោកិយ ព្រោះ​ពួកគេ​គ្រាន់តែ​ចង់​ជួយ​មនុស្ស​ដទៃ​ឲ្យ​រកឃើញ​អំណរ និង​សេចក្ដី​សុខសាន្ដ​ដែល​ពួកគេ​មាន ។

ចំពោះ​ខ្ញុំ យុវជន និង​យុវនារី​ទាំងនេះ​គឺ​ឥតខ្ចោះ ។ ខ្ញុំ​ដឹង​ថា ពួកគេ​នៅមាន​ការខ្វះ​ចន្លោះ ប៉ុន្ដែ​ចំពោះ​ខ្ញុំ ពួកគេ​ឥតខ្ចោះ ។ ខ្ញុំ​តែង​គិត​ថា ពួកគេ​ជា​បុគ្គល​អស្ចារ្យ​ជាង​អ្វីៗ​ក្នុង​ជីវិត​នេះ​ជានិច្ច—ជា​ទេវតា​នៃ​ពន្លឺ និង​សិរីល្អ អ្នកផ្ដល់​ការងារ​បម្រើ​នៃ​សេចក្ដី​មេត្តា​ករុណា សេចក្ដី​ល្អ និង​សេចក្ដីពិត ។

ខណៈ​ដែល​ពិភពលោក​បាន​លិចលង់​ក្នុង​ទុទិដ្ឋិនិយម ភាពល្វីង​ជូរចត់ ការស្អប់គ្នា និង​ភាពភ័យខ្លាច នោះ​គំរូ និង​ការបង្រៀន​របស់​យុវវ័យ​ទាំងនេះ​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ខ្ញុំ ។ សារលិខិត​នៃ​ដំណឹងល្អ​ដែល​ពួកគេ​បាន​ផ្ដល់​នោះ មាន​ន័យ​លើសពី​នយោបាយ ប្រវត្តិសាស្ដ្រ ការចង​កំហឹង ទុក្ខព្រួយ និង​របៀបវារៈ​ផ្ទាល់ខ្លួន​ទៅទៀត ។ វា​ផ្ដល់​ចម្លើយ​ដ៏​ទេវភាព​ចំពោះ​សំណួរ​សំខាន់ៗ ដែល​យើង​មាន​អំឡុងពេល​ដ៏​លំបាក​ទាំងនេះ ។

សារលិខិត​នោះ​គឺថា ព្រះ​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​ខ្វល់​ព្រះទ័យ​ពី​ពួកយើង ទោះជា​ក្នុង​គ្រា​ជ្រួល​ច្របល់ ភាន់ច្រឡំ និង​ចលាចល​ទាំងនេះ​ក្ដី ។ ថា​ទ្រង់​ពិតជា​បាន​បង្ហាញ​ព្រះកាយ​នៅ​ជំនាន់​យើង​មែន ដើម្បី​ស្ដារ​សេចក្ដីពិត និង​ពន្លឺ​ឡើងវិញ—គឺ​ដំណឹងល្អ និង​សាសនាចក្រ​របស់​ទ្រង់ ។ ថា​ទ្រង់​មាន​បន្ទូល​ទៅកាន់​ពួកព្យាការី​ម្ដងទៀត ថា​ព្រះ​គង់​នៅក្នុង​ចំណោម​ពួកយើង—ហើយ​ខ្វល់ខ្វាយ​នឹង​ជីវិត​យើង​ម្នាក់ៗ ព្រមទាំង​ដឹកនាំ​បុត្រា​បុត្រី​របស់​ទ្រង់​យ៉ាង​សកម្ម​ផងដែរ ។

វា​អស្ចារ្យ​ណាស់​ចំពោះ​អ្វី​ដែល​យើង​អាច​រៀន នៅពេល​យើង​មើល​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការលើក​តម្កើង​របស់​ព្រះវរបិតាសួគ៌​យើង​ឲ្យ​ជាក់​ជាងនេះ​បន្ដិច ថាជា​ផែនការ​នៃ​សុភមង្គល​សម្រាប់​កូនចៅរបស់​ទ្រង់ ។ ពេល​យើង​មាន​អារម្មណ៍​ថា ខ្លួនឯង​មិន​សូវ​សំខាន់ ត្រូវគេ​បោះបង់ និង​បំភ្លេច​ចោល នោះ​យើង​ដឹង​ថា យើង​អាច​ទទួល​បាន​ការអះអាង​ថា ព្រះ​មិន​ភ្លេច​យើង​ទេ—ការពិត​ទៅ គឺ​ទ្រង់​ផ្ដល់​អ្វីមួយ​ដែល​មិន​អាច​ស្រមៃ​បាន​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់ ៖ ដើម្បី​ក្លាយជា « អ្នកគ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ » ។

តើ​ការណ៍​នេះ​មាន​ន័យ​ដូចម្ដេច​ទៅ ?

គឺ​យើង​នឹង​រស់នៅ​ជារៀង​រហូត ទទួល​ភាពពោរពេញ​នៃ​សេចក្ដី​អំណរហើយ​មាន​សក្ដានុពល​ដើម្បី « គ្រង​បល្ល័ង្ក​ទាំងឡាយ នគរ​ទាំងឡាយ ក្សត្រ​បុរី​ទាំងឡាយ និង​អំណាច​ទាំងឡាយ » ។

វា​ជា​រឿង​ដ៏​រាបសា​ខ្លាំង​មួយ ពេល​ដឹង​ថា អនាគត​ដ៏​អស្ចារ្យ និង​ទេវភាព​នេះ​អាច​កើតឡើង​បាន—មិនមែន​ដោយសារ​យើង​ទេ តែ​ដោយសារ​ព្រះ​វិញ ។

ពេល​ដឹង​រឿង​នេះ តើ​យើង​អាច​រអ៊ូរទាំ ឬ​បន្ដ​ឈឺចាប់​ទៀត​ម្ដេច​នឹង​កើត​ទៅ ? តើ​យើង​អាច​បន្ថោក​ខ្លួនឯង​ម្តេច​កើត ពេល​ស្តេច​លើ​អស់​ទាំង​ស្តេច​អញ្ជើញ​យើង​ឲ្យ​បំពេញ​សក្ដានុពល ដើម្បី​ទៅកាន់​អនាគត​ដ៏​រុងរឿង​មួយ​នៃ​សុភមង្គល​ដ៏​ទេវភាព​នោះ ?

សេចក្ដី​សង្គ្រោះ​នៅក្នុង​ចំណោម​ពួកយើង

ដោយសារតែ​ក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ព្រះ​សម្រាប់​ពួកយើង និង​ពលិកម្ម​ដ៏​អស់កល្ប​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អំពើបាប​របស់​យើង—ទាំង​ធំ ទាំង​តូច—អាច​បាន​លុបចេញ ហើយ​មិន​ចាំ​ទៀត​ទេ ។ យើង​អាច​ឈរ​នៅ​ចំពោះ​ព្រះភក្ដ្រ​ទ្រង់​ដោយ​ភាពបរិសុទ្ធ ភាពស័ក្ដិសម និង​ការបន្សុទ្ធ ។

ដួងចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​ការដឹងគុណ​ចំពោះ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ទ្រង់​មិន​ផ្ដន្ទាទោស​កូនចៅ​ទ្រង់​ឲ្យ​ជំពប់​ដួល​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ដោយ​គ្មាន​ក្ដីសង្ឃឹម​ថា​នឹង​មាន​អនាគត​ដ៏​ត្រចះ​ត្រចង់ និង​អស់កល្ប​នោះឡើយ ។ ទ្រង់​បាន​ប្រទាន​ការណែនាំ ដែល​បង្ហាញ​ពី​ផ្លូវ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។ ហើយ​ចំណុច​សំខាន់​នៃ​អ្វីៗ​ទាំងអស់​គឺ ព្រះរាជបុត្រា​បង្កើត​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​របស់​ទ្រង់​សម្រាប់​យើង ។

ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ព្រះអង្គ​សង្គ្រោះ​ផ្លាស់ប្ដូរ​ទាំងស្រុង នូវ​របៀប​ដែល​យើង​អាច​មើល​ទៅ​ការរំលង និង​ភាពមិន​ឥតខ្ចោះ​របស់​យើង ។ ជំនួស​ឲ្យ​ការបន្ដ​នៅក្នុង​សភាព​នេះ និង​គ្មាន​អារម្មណ៍​ថា​បាន​ប្រោសលោះ ឬ​អស់​សង្ឃឹម នោះ​យើង​អាច​រៀន​ពី​វា ហើយ​មាន​ក្ដីសង្ឃឹម​បាន ។ អំណោយទាន​នៃ​ការប្រែចិត្ត​ដែល​សម្អាត​អំពើបាប​នេះ អនុញ្ញាត​ឲ្យ​យើង​ទម្លាក់​អំពើបាប​របស់​យើង​ចោល ហើយ​កើត​ជាថ្មី ។

ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​កំហុស​របស់​យើង​មិន​កំណត់​ពី​យើង​ឡើយ ។ កំហុស​នោះ​អាច​បន្សុទ្ធ​យើង​វិញ ។

ដូច​ដែល​តន្ដ្រីករ​សម​ភ្លេង នោះ​យើង​អាច​មើល​ទៅ​ការភ្លាត់​ស្នៀត គុណវិបត្តិ និង​អំពើបាប​របស់​យើង ថា​ជា​ឱកាស​ដើម្បី​មាន​ការគ្រប់គ្រង​លើ​ខ្លួនឯង​កាន់តែ​ខ្លាំង បង្កើន​ក្ដីស្រឡាញ់​ដ៏​ស្មោះត្រង់​កាន់តែ​ជ្រាលជ្រៅ និង​កាន់តែ​ច្រើន​សម្រាប់​មនុស្ស​ដទៃ ហើយ​បន្សុទ្ធ​ខ្លួនឯង​តាមរយៈ​ការប្រែចិត្ត ។

បើ​យើង​ប្រែចិត្ត នោះ​កំហុស​មិនអាច​ធ្វើឲ្យ​យើង​មិន​ស័ក្ដិសម​បាន​ទេ ។ កំហុស​ជា​ផ្នែកមួយ​នៃ​ការរីកចម្រើន​របស់​យើង ។

យើង​ទាំងអស់​គ្នា​គឺជា​ទារក បើ​ប្រៀប​ធៀប​ទៅនឹង​អង្គ​ដែល​មាន​សិរីល្អ និង​មហស្ចារ្យ​ដែល​យើង​ត្រូវបាន​រចនា​ឲ្យ​ប្រែក្លាយ​នោះ ។ គ្មាន​បុគ្គល​រមែង​ស្លាប់​ណា​រីកចម្រើន​ពី​ការវារ​ទៅ​ការដើរ​ទៅ​ការរត់ ដោយ​មិន​ជំពប់ដួល ទង្គិច និង​មាន​របួស​ជា​ញឹកញយ​នោះ​ទេ ។ នោះ​គឺជា​របៀប​ដែល​យើង​រៀន ។

បើ​យើង​បន្ដ​អនុវត្ត​ដោយ​អស់ពី​ចិត្ត ខិតខំ​កាន់តាម​បទបញ្ញត្តិ​របស់​ព្រះ​ជានិច្ច និង​ប្ដេជ្ញា​ចិត្ត​យើង​ថា​ខំ​ប្រែចិត្ត ស៊ូទ្រាំ និង​អនុវត្ត​អ្វី​ដែល​យើង​បាន​រៀន មួយ​បន្ទាត់​ម្ដងៗ នោះ​យើង​នឹង​ប្រមូល​ពន្លឺ​ដាក់​ក្នុង​ព្រលឹង​យើង​កាន់តែ​ច្រើន ។១០ ហើយ​ទោះជា​យើង​អាច​មិន​យល់​ច្បាស់​ពី​សក្ដានុពល​ដ៏​ពេញលេញ​របស់​យើង​នាពេល​នេះ​ក្ដី ក៏ « យើង​ដឹង​ថា កាលណា [ ព្រះអង្គ​សង្គ្រោះ ] លេច​មក » នោះ​យើង​នឹង​ឃើញ​ព្រះភក្ដ្រ​របស់​ទ្រង់​នៅលើ​យើង ហើយ « នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាងនោះ​ឯង » ។១១

ឱ នេះ​ជា​ការសន្យា​ដ៏​រុងរឿង​មួយ !

មែនហើយ ពិភពលោក​នេះ​ស្ថិតក្នុង​ភាពជ្រួល​ច្របល់ ។ ហើយ​ពិតណាស់ យើង​មាន​ភាពទន់ខ្សោយ ។ ប៉ុន្ដែ​យើង​មិន​ចាំបាច់​ជ្រប់​មុខ​ដោយ​ក្ដី​អស់​សង្ឃឹម​ឡើយ ពីព្រោះ​យើង​អាច​ទុកចិត្ត​ព្រះ​បាន យើង​អាច​ទុកចិត្ត​លើ​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​យើង​អាច​ទទួលយក​អំណោយទាន​នៃ​ព្រះវិញ្ញាណ ដើម្បី​ដឹកនាំ​យើង​នៅលើ​ផ្លូវ​នេះ​ទៅកាន់​ជីវិត​មួយ ដែល​ពោរពេញ​ដោយ​អំណរ និង​សុភមង្គល​ដ៏​ទេវភាព ។១២

ព្រះយេស៊ូវ​នៅក្នុង​ចំណោម​ពួកយើង

ជារឿយៗ ខ្ញុំ​ងឿងឆ្ងល់​ថា តើ​ព្រះយេស៊ូវ​នឹង​បង្រៀន ហើយ​ធ្វើ​អ្វីខ្លះ បើ​ទ្រង់​គង់​នៅក្នុង​ចំណោម​ពួកយើង​ថ្ងៃនេះ ?

បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញ​សេចក្ដីសន្យា​របស់​ទ្រង់​ដើម្បី​ទៅ​ជួប​នឹង « ចៀម​ឯទៀត » របស់​ទ្រង់ ។១៣

ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថ្លែង​អំពី​ការបង្ហាញ​ព្រះកាយ​ទ្រង់​ទៅកាន់​ប្រជាជន​នៅ​ទ្វីប​អាមេរិក ។ យើង​មាន​កំណត់ត្រា​ដ៏​មាន​តម្លៃ​នេះ ជា​សាក្សី​ជាក់ស្ដែង​នៃ​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ ។

ប្រជាជន​នៅក្នុង​ព្រះគម្ពីរ​មរមន​បាន​រស់នៅ​ម្ខាង​ទៀត​នៃ​ពិភពលោក​នេះ—ប្រវត្តិសាស្ដ្រ វប្បធម៌ និង​បរិយាកាស​ខាង​នយោបាយ​របស់​ពួកគេ​គឺ​ខុសគ្នា​ខ្លាំង​ណាស់​ពី​ប្រជាជន ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំឡុង​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ។ ប៉ុន្ដែ ទ្រង់​នៅតែ​បង្រៀន​ពួកគេ​ពី​ការណ៍​ដូចគ្នា​ជាច្រើន​ដែល​ទ្រង់​បាន​បង្រៀន​នៅ​ដែនដី​ដ៏​បរិសុទ្ធ ។

ហេតុអ្វី​ទ្រង់​ធ្វើ​ដូច្នោះ ?

ព្រះអង្គ​សង្គ្រោះ​តែងតែ​បង្រៀន​ពី​សេចក្ដីពិត​ដ៏​អស់កល្ប ។ សេចក្ដីពិត​ទាំងនោះ​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​កាលៈទេសៈ ។

សារលិខិត​របស់​ទ្រង់​ធ្លាប់ជា និង​នៅតែ​ជា​សារលិខិត​នៃ​សេចក្ដី​សង្ឃឹម និងមានចំណែក—ជា​ទីបន្ទាល់​មួយ​ដែល​ថា ព្រះ​ជា​ព្រះវរបិតាសួគ៌​យើង​មិន​បោះបង់​បុត្រា​បុត្រី​របស់​ទ្រង់​ឡើយ ។

ថា​ព្រះ​គង់​នៅក្នុង​ចំណោម​ពួកយើង !

ពីរ​រយ​ឆ្នាំ​កន្លង​ទៅ ព្រះអង្គ​សង្គ្រោះ​បាន​ត្រឡប់​មកកាន់​ផែនដី​នេះ​ម្ដងទៀត ។ រួម​ជាមួយ​នឹង​ព្រះ​ជា​ព្រះវរបិតា ទ្រង់​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស្ម៊ីធ​ដែល​មាន​អាយុ ១៤ ឆ្នាំ ហើយ​បាន​នាំផ្លូវ​ទៅកាន់​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ និង​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តាំងពី​ថ្ងៃ​នោះ​មក ស្ថានសួគ៌​បាន​បើក ហើយ​សារទូត​នៃ​ស្ថានសួគ៌​បាន​យាងចុះ​ពី​ស្ថាន​នៃ​សិរីល្អ​ដ៏​អមតៈ ។ ពន្លឺ និង​ចំណេះដឹង​បាន​ចាក់ស្រោច​ពី​បល្ល័ង្ក​សេឡេស្ទាល ។

ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​ជាថ្មី​ម្ដងទៀត​មកកាន់​ពិភពលោក​នេះ ។

តើ​ទ្រង់​បានមាន​បន្ទូល​អ្វីខ្លះ ?

ជា​ពរជ័យ​របស់​យើង ព្រះបន្ទូល​របស់​ទ្រង់​ជាច្រើន​ត្រូវបាន​កត់ត្រា​នៅក្នុង​គម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា—ដែល​មាន​ដល់​មនុស្ស​គ្រប់គ្នា​ក្នុង​ពិភពលោក​នេះ ដែល​ចង់​អាន និង​សិក្សា​វា ។ ឱ បន្ទូល​ទាំងនេះ​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ពួកយើង​នា​សព្វថ្ងៃ​នេះ !

ហើយ​យើង​មិន​គួរ​ភ្ញាក់ផ្អើល​ទេ ពេល​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​បង្រៀន​សារលិខិត​ដ៏​សំខាន់​នៃ​ដំណឹងល្អ​របស់​ទ្រង់​ម្ដងទៀត​នោះ ៖ « អ្នក​ត្រូវ​ស្រឡាញ់​ដល់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់ពី​ចិត្ត​នៃ​អ្នក អស់ពី​ពលំ អស់ពី​គំនិត ហើយ​អស់ពី​កម្លាំង​នៃ​អ្នក ហើយ​ដោយ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អ្នក​ត្រូវ​បម្រើ​ទ្រង់ » ។១៤ ទ្រង់​បំផុស​គំនិត​យើង​ឲ្យ​ស្វែងរក​ព្រះ១៥ហើយ​រស់នៅ​តាម​ការបង្រៀន​ទាំងឡាយ ដែល​ទ្រង់​បាន​បើក​សម្ដែង​ដល់​ពួកអ្នក​បម្រើ​របស់​ទ្រង់ គឺ​ពួកព្យាការី ។១៦

ទ្រង់​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក១៧ហើយ « ពេញ​ទៅ​ដោយ​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំងអស់ » ។១៨

ទ្រង់​អញ្ជើញ​យើង​ឲ្យ​ធ្វើជា​ព្រះហស្ដ​របស់​ទ្រង់ ឲ្យ​ដើរ​ចុះ​ឡើង​ធ្វើការ​ល្អ ។១៩ « យើង​មិន​ត្រូវ​ស្រឡាញ់​ដោយ​ពាក្យ​សម្ដី…គឺ​ដោយ​ការប្រព្រឹត្ត និង​សេចក្តីពិត​វិញ » ។២០

ទ្រង់​សំណូមពរ​ឲ្យយើងផ្ទៀង​ស្ដាប់​សេចក្ដីបង្គាប់​ដ៏​ធំ​របស់​ទ្រង់​ ៖ ឲ្យ​ស្រឡាញ់ ចែកចាយ អញ្ជើញ​មនុស្ស​ទាំងអស់មករក​ដំណឹងល្អ​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ។២១

ទ្រង់​បង្គាប់​យើង​ឲ្យ​សង់​ព្រះវិហារ​បរិសុទ្ធ ហើយ​ចូល​ទៅ​បម្រើ​នៅ​ទីនោះ ។២២

ទ្រង់​បង្រៀន​យើង​ឲ្យ​ប្រែក្លាយជា​ពួក​សិស្ស​របស់ទ្រង់— ដែល​ដួងចិត្ត​របស់​យើង​មិន​គួរ​ព្យាយាម​រក​អំណាច ទ្រព្យសម្បត្តិ ឬ​តំណែង​ផ្ទាល់ខ្លួន​ឡើយ ។ ទ្រង់​បង្រៀន​យើង​ឲ្យ « ទុកចោល​របស់​ទាំងឡាយ​នៃ​ពិភពលោក​នេះ ហើយ​ចូរ​ស្វែងរក​របស់​ទាំងឡាយ​ណា​ដែល​គ្រាន់បើ​ជាងនេះ​វិញ » ។២៣

ទ្រង់​ជម្រុញ​ឲ្យ​យើង​ស្វែងរក​អំណរ ការចេះដឹង សេចក្ដី​សុខសាន្ដ សុភមង្គល២៤និង​សេចក្ដី​សន្យា​នៃ​ជីវិត​អមតៈ និង​ដ៏​អស់កល្ប ។២៥

ចូរ​យើង​បោះ​មួយ​ជំហាន​ទៀត​ដើម្បី​ធ្វើ​ការណ៍​នេះ ។ សូម​ស្រមៃ​ថា ព្រះយេស៊ូវ​បាន​មក​វួដ ឬ​សាខា​បងប្អូន ឬ​ទៅ​ផ្ទះ​របស់​បងប្អូន​នៅ​ថ្ងៃនេះ ។ តើ​វា​មាន​សភាព​យ៉ាងណា​ដែរ ?

ទ្រង់​នឹង​ទត​ធ្លុះ​ដល់​ចិត្ត​បងប្អូន ។ អាការៈ​ខាងក្រៅ​នឹង​លែង​សំខាន់​ទៀត​ហើយ ។ ទ្រង់​ស្គាល់​បងប្អូន​ថា​បងប្អូន​ជា​នរណា ។ ទ្រង់​ជ្រាបពី​បំណង​ប្រាថ្នា​ក្នុង​ចិត្ត​របស់​បងប្អូន ។

ទ្រង់​នឹង​លើក​ពួកអ្នក​ឱនលំទោន និង​រាបសា ។

ទ្រង់​នឹង​ព្យាបាល​អ្នកឈឺ ។

ទ្រង់​នឹង​បញ្ចូល​សេចក្ដី​ជំនឿ និង​សេចក្ដី​ក្លាហាន​ដល់​អ្នកសង្ស័យ​ឲ្យជឿ ។

ទ្រង់​នឹង​បង្រៀន​យើង​ឲ្យ​បើក​ដួងចិត្ត​យើង​ទៅកាន់​ព្រះ ហើយ​ឈោង​ទៅជួយ​មនុស្ស​ដទៃ ។

ទ្រង់​នឹង​ទទួលស្គាល់ ហើយ​ផ្ដល់​កិត្តិយស​ដល់​ភាពស្មោះត្រង់ ការបន្ទាបខ្លួន សេចក្ដី​ទៀងត្រង់ ការមាន​ជំនឿ​ពេញលេញ សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​សប្បុរស ។

ដោយ​គ្រាន់តែ​មើល​ទៅ​ព្រះនេត្រ​របស់​ទ្រង់ នោះ​យើង​នឹង​លែង​ដូច​មុន​ទៀត​ហើយ ។ យើង​នឹង​ផ្លាស់ប្ដូរ​ជារៀង​រហូត ។ បាន​ប្រែរូប​ដោយ​ការចេះដឹង​ដ៏​ជ្រាលជ្រៅ​ថា ព្រះ​គង់​នៅក្នុង​ចំណោម​ពួកយើង​ពិតមែន ។

តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ ?២៦

ខ្ញុំ​បែរ​ទៅ​គិត​ដោយ​ចិត្ត​មេត្តា​ដល់​ខ្លួនឯង កាល​ជា​យុវវ័យ ជា​គ្រា​ដែល​ខ្ញុំ​បាន​ធំ​លូតលាស់ ។ បើ​ខ្ញុំ​អាច​បកក្រោយ​ទៅ​អតីតកាល​បាន នោះ​ខ្ញុំ​លួងលោម​ខ្លួនឯង ហើយ​ប្រាប់​ខ្លួនឯង​ឲ្យ​បន្ដ​នៅលើ​ផ្លូវ​ត្រូវ និង​បន្ដ​ស្វែងរក ។ ហើយ​ខ្ញុំ​នឹង​សុំ​ឲ្យ​ខ្លួនឯង​យាង​ព្រះយេស៊ូវ​គ្រីស្ទ​ចូល​មកក្នុង​ជីវិត​នេះ ដោយសារ​ព្រះ​គង់​នៅក្នុង​ចំណោម​ពួកយើង !

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចំពោះ​បងប្អូន និង​ចំពោះ​មនុស្ស​ទាំងអស់​ដែល​កំពុង​ស្វែងរក​ចម្លើយ សេចក្ដីពិត និង​សុភមង្គល នោះ​ខ្ញុំ​សូម​ផ្ដល់​ការប្រឹក្សា​ដូចគ្នា​នេះ ៖ សូម​បន្ដ​ស្វែងរក​ដោយ​សេចក្ដី​ជំនឿ និង​ការអត់ធ្មត់ ។២៧

ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ។ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ។២៨ ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា ។២៩

នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង វា​ជា​កិច្ចការ​ដ៏​សំខាន់​របស់​យើង និង​ឱកាស​ដ៏​មាន​ពរ​ដើម្បី​ជួប​នឹង​ព្រះ ។

កាល​យើង​ដាក់​ការឆ្មើងឆ្មៃ​ទុក​មួយ​អន្លើរ ហើយ​ចូល​ទៅ​បល្ល័ង្ក​របស់​ទ្រង់​ដោយ​ចិត្ត​សោក​សង្រេង និង​វិញ្ញាណ​ទន់ទាប៣០នោះ​ទ្រង់​នឹង​ខិត​មក​ជិត​យើង ។៣១

កាល​យើង​ព្យាយាម​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ដើរលើ​ផ្លូវ​នៃ​ភាពជា​សិស្ស មួយ​បន្ទាត់​ម្ដងៗ នោះ​ថ្ងៃនោះ​នឹង​មកដល់ ពេល​ដែល​យើង​នឹង​ដក​ពិសោធន៍​នូវ​អំណោយទាន​ដែល​មិន​អាច​ស្រមៃ​បាន​នោះ គឺ​ការទទួល​បាន​ភាពពេញលេញ​នៃ​អំណរ ។

មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ព្រះវរបិតាសួគ៌​របស់​បងប្អូន​ស្រឡាញ់​បងប្អូន​ដោយ​ក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ ។ ទ្រង់​បាន​បញ្ជាក់​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តាម​របៀប​ជាច្រើន ប៉ុន្ដែ​លើ​គ្រប់​អ្វីៗ​ទាំងអស់​គឺ ការប្រទាន​ព្រះរាជបុត្រា​បង្កើត​តែមួយ​គត់​របស់​ទ្រង់​ទុកជា​ពលិកម្ម និង​អំណោយទាន​ដល់​កូនចៅ​ទ្រង់ ដើម្បី​ធ្វើឲ្យ​ការត្រឡប់​ទៅកាន់​ព្រះវរមាតា​បិតា​សួគ៌​របស់​យើង​វិញ​គឺជា​រឿងពិត ។

ខ្ញុំ​សូម​ថ្លែង​សាក្សី​ថា ព្រះវរបិតាសួគ៌​របស់​យើង​មាន​ព្រះជន្ម​រស់ ថា​ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ហើយ​ថា​ប្រធាន រ័សុល អិម ណិលសុន គឺជា​ព្យាការី​របស់​ទ្រង់ ។

ខ្ញុំ​សូម​ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ពរជ័យ​របស់​ខ្ញុំ​ដល់​បងប្អូន​នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​ដ៏​រីករាយ​នេះ ។ សូម​បើក​ចិត្ត​បងប្អូន​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង មិន​ថា​បងប្អូន​ស្ថិតក្នុង​កាលៈទេសៈ​ណាទេ មិន​ថា​ការសាក​ល្បង ការរងទុក្ខ ឬ​កំហុស​អ្វីឡើយ បងប្អូន​អាច​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​ដោយសារតែ​ទ្រង់ នោះ​បងប្អូន​នឹង​មិន​ឯកោ​សោះឡើយ ។

ព្រះ​គង់​នៅក្នុង​ចំណោម​ពួកយើង ។

​ខ្ញុំ​ថ្លែងទីបន្ទាល់​ និង​ជា​​សាក្សី​អំពី​ការណ៍​នេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។