សន្និសីទទូទៅ
ការសន្ទនា​ដែល​ចាំបាច់
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


11:25

ការសន្ទនា​ដែល​ចាំបាច់

យើង​មិន​អាច​រង់ចាំ​ឲ្យ​ការប្រែចិត្ត​ជឿ​កើតឡើង​ចំពោះ​កូនៗ​របស់​យើងទេ ។ ការប្រែចិត្តជឿ​ដោយ​ចៃដន្យ​គឺ​មិនមែន​ជា គោលការណ៍​នៃ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ទេ ។

តើ​បងប្អូន​​ធ្លាប់​ឆ្ងល់​ថា ហេតុអ្វី​យើង​ហៅ​ថ្នាក់កុមារថា « អង្គការ​បឋម​សិក្សា » ដែរ​ឬ​ទេ ? ខណៈ​ដែល​ឈ្មោះ​នេះ​សំដៅ​ទៅលើ​ការ​រៀនសូត្រ​ខាងវិញ្ញាណ​ដែល​កុមារ​ទទួល​តាំងពីតូច ចំពោះ​ខ្ញុំ​វា​ក៏​ជា​ការរម្លឹក​មួយ​ពី​សេចក្តីពិត​ដ៏​មាន​អានុភាព​ផងដែរ ។ ចំពោះ​ព្រះវរបិតា​សួគ៌​របស់​យើង កុមារ​ពុំដែលមិន​សំខាន់​ឡើយ—កុមារ​គឺ សំខាន់ » ជា​និច្ច ។

ទ្រង់​ទុកព្រះទ័យ​ថាយើង​​​នឹង​ឲ្យ​តម្លៃ គោរព និង​ការពារ​កុមារ​ដែល​ជា​បុត្រា​បុត្រី​របស់​ព្រះ ។ នោះ​មានន័យថា​យើង​នឹង​មិន​ធ្វើ​ឲ្យ​ពួកគេ​ឈឺចាប់​ទាំងខាង​រូបកាយ ​ពាក្យសម្តី ឬ​សតិអារម្មណ៍ តាម​ទម្រង់​ណាមួយ​ឡើយ ទោះបីជា​មាន​ជា​ភាព​តានតឹង និង​សម្ពាធ​ខ្លាំង​ក៏​ដោយ ។ ផ្ទុយទៅវិញ​យើង ឲ្យ​តម្លៃកុមារ យើង​ធ្វើ​អ្វីៗ​អស់​ពី​លទ្ធភាព​របស់​យើង​ដើម្បី​ប្រយុទ្ធ​នឹង​អំពើអាក្រក់​នៃ​ការរំលោភ​បំពាន ។ ការមើលថែ​ពួកគេ​មាន​សារៈសំខាន់​ចំពោះយើង—ក៏​ដូចជា​ចំពោះ​ទ្រង់​ផងដែរ ។

ម្តាយ​ឪពុក​វ័យក្មេង​មួយគូ​អង្គុយ​នៅតុបាយ​ គិត​ពី​អ្វីៗ​ដែល​ពួកគាត់​បាន​ធ្វើ​នៅ​ថ្ងៃនោះ ។ ពួកគាត់​បាន​ឮ​សំឡេង​ពីមាត់ច្រកមក ។ ម្តាយ​រូបនោះ​បាន​សួរថា « សំឡេង​អី​ហ្នឹង ? »

រួច​ពួកគាត់​បាន​ឮ​សំឡេង​យំ​តិចៗ​ចេញពី​បន្ទប់គេង​កូនប្រុស​អាយុ​បួនឆ្នាំ​របស់​ពួកគាត់ ។ ពួកគាត់​ប្រញាប់រត់​ទៅកាន់​ច្រក​នោះ ។ កូនប្រុស​របស់​គាត់​កំពុង​ដេក​ក្បែរ​គ្រែ​ ។ ម្តាយ​រូបនោះ​បាន​លើក​ពរ​កូនប្រុស​តូច​គាត់ ហើយ​សួរថា មាន​រឿង​អី​កើតឡើង ។

វា​បាន​និយាយ​ថា « កូន​ធ្លាក់​ពី​លើ​គ្រែ » ។

គាត់​​សួរថា « ហេតុអ្វី​កូន​ធ្លាក់​ពី​លើ​គ្រែ ? »

វា​គ្រវីក្បាល ហើយ​និយាយ​ថា « កូន​អត់ដឹង​ទេ ។ កូន​គិតថា គ្រែ​ខ្ពស់​ពេក​កូន​ឡើង​អត់​ដល់ » ។

គឺ​រឿង « ឡើង​អត់​ដល់ » ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​លើក​មក​និយាយ​នា​ព្រឹក​នេះ ។ វា​គឺជា​អភ័យ​ឯកសិទ្ធិ និង​ទំនួល​ខុសត្រូវ​របស់​យើង ដែល​ត្រូវ​ជួយ​កុមារ « ឡើង​ឲ្យ​ដល់ » ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​ពុំមែន​ជា​រឿង​លឿនពេក​ដែល​ត្រូវ​ជួយ​កុមារ​នោះទេ ។

វា​ជា​ពេលវេលា​ដ៏​ពិសេស​នៅក្នុង​ជីវិត​​កុមារ នៅពេល​ពួកគេ​ត្រូវបាន​ការពារ​ពី​ការល្បួង​របស់​សាតាំង ។ នោះ​ជា​ពេល​ដែល​ពួកគេ​បរិសុទ្ធ និង​គ្មាន​បាប ។ វា​ជា​ពេល​ដ៏​ពិសិដ្ឋ​សម្រាប់​ឪពុក ឬ​ម្តាយ និង​កូន ។ កុមារ​ត្រូវ​ទទួល​បាន​ការបង្រៀន​ទាំង​ពាក្យសម្តី និងទាំង​គំរូ ពីមុន និង​ក្រោយពេល​ពួកគេ « មាន​អាយុ​នៃ​ការ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ » ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្រៀនថា « យើង​មាន​ឱកាស​ដ៏​មហិមា​បំផុត​ដែល​បាន​នៅ​ជាមួយ​ក្មេងៗ ។ ពេលវេលា​ល្អ​បំផុត​ដើម្បី​បង្រៀន គឺ​ពេល​កុមារ​នៅ​តូច​នៅឡើយ ខណៈ​ដែល​កុមារ​នៅ​មាន​ការការពារ​ពី​ការល្បួង​របស់​មារសត្រូវ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ និង​ពីមុន​​ពួកគេ​រឹត​តែ​ពិបាក​ស្តាប់​ឮ​ពាក្យពេចន៍​នៃ​សេចក្តីពិត ព្រោះតែ​សំឡេង​នៃ​រឿងស្មុគ្រស្មាញ​​ផ្ទាល់ខ្លួន​របស់​ពួកគេ » ។ ការបង្រៀន​បែបនេះ​នឹង​ជួយ​ពួកគេ​ស្គាល់​អត្តសញ្ញាណ​ដ៏ទេវភាព​របស់​ពួកគេ គោលបំណង​របស់​ពួកគេ និង​ពរជ័យ​ដ៏​ថ្កើងថ្កាន​ដែល​រង់ចាំ​ពួកគេ កាល​ដែល​ពួកគេ​ចុះ​សេចក្តី​សញ្ញា​ពិសិដ្ឋ និង​ទទួល​ពិធី​បរិសុទ្ធ​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​នេះ ។

យើង​មិន​អាច​រង់ចាំ​ឲ្យ​ការប្រែចិត្ត​ជឿ​កើតឡើង​ចំពោះ​កូនៗ​របស់​យើងទេ ។ ការប្រែចិត្តជឿ​ដោយ​ចៃដន្យ​គឺ មិនមែនជាគោលការណ៍​នៃ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ទេ ។ ការប្រែក្លាយ​ដូចជា​ព្រះ​អង្គសង្រ្គោះ​របស់​យើង​ពុំមែន​កើតឡើង​ដោយ​ចៃដន្យ​ទេ ។ ការ​ស្រឡាញ់ ការបង្រៀន និង​ការថ្លែង​ទីបន្ទាល់​ដោយ​ចេតនាពិត ​អាច​ជួយ​កុមារ​ចាប់ផ្តើម​តាំងពី​នៅតូច ដើម្បី​ស្គាល់​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ទីបន្ទាល់ និង​ការប្រែចិត្ត​ជឿ​របស់​កូនៗ​យើងទៅ​លើ​ព្រះ​យេស៊ូវគ្រីស្ទ យើង​ចង់​ឲ្យ​ពួកគេ « ចងចាំ​ទ្រង់​ជានិច្ច ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​ពួក​គេ » ។

ការសន្ទនា ជាគ្រួសារ

សូម​ពិចារណា​តម្លៃ​នៃ​សន្ទនា​ជា​គ្រួសារ​អំពី​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ជាការ​សន្ទនា ដ៏ចាំបាច់ដែល​អាច​យាងអញ្ជើញ​ព្រះវិញ្ញាណ ។ នៅពេល​យើង​មាន​ការសន្ទនា​បែប​នោះ​ជាមួយ​កូនៗ​របស់​យើង គឺ​យើង​ជួយ​ពួកគេ​បង្កើត​គ្រឹះ « ដ៏​ខ្ជាប់​ខ្ជួន​មួយ ជា​គ្រឹះ​មួយ​បើ​សិន​ណា [ ពួកគេ ] សង់​នៅ​លើ​នោះ នោះ​ពួក​គេ​មិន​អាច​រលំ​បាន​ឡើយ » ។ នៅពេល​យើង​ពង្រឹង​កុមារ យើង​ពង្រឹង​ដល់​គ្រួសារ ។

ការពិភាក្សា​ដ៏សំខាន់​ទាំង​នេះ​អាច​ដឹកនាំ​កូនៗឲ្យ ៖

  • យល់គោលលទ្ធិ​នៃ​ការប្រែចិត្ត ។

  • មាន​សេចក្ដីជំនឿ​លើព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដ៏​មាន​ព្រះជន្ម​រស់ ។

  • ជ្រើសយក​ពិធីបុណ្យ​ជ្រមុជទឹក និង​អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធ នៅពេល​មាន​អាយុ​ប្រាំបីឆ្នាំ ។

  • ហើយ​អធិស្ឋាន « និង​ដើរ​ដោយ​ទៀងត្រង់​​នៅចំពោះ​ព្រះអម្ចាស់ » ។

ព្រះអង្គ​សង្គ្រោះ​បាន​លើកទឹកចិត្ត​ថា « ហេតុ​ដូច្នេះ​ហើយ យើង​ប្រទាន​ដល់​អ្នក​នូវ​បញ្ញត្តិ​មួយ ឲ្យ​បង្រៀន​ការណ៍​ទាំង​នេះ ដោយ​សេរីដល់​កូន​ចៅ​អ្នក » ។១០ តើ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​បង្រៀន​ដោយ​សេរី​របៀបណា ?

  1. ការធ្លាក់​របស់​អ័ដាម

  2. ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​

  3. សារៈសំខាន់​នៃ​ការកើត​ជា​ថ្មី​១១

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​ថា « ច្បាស់ណាស់ មារសត្រូវ វា​សប្បាយ​ចិត្ត​នៅពេល​ឪពុក​ម្ដាយ​មិន​យក​ចិត្តទុកដាក់​បង្រៀន និង​បំពាក់​បំប៉ន​កូនៗ​របស់​ខ្លួន​ឲ្យ​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ និង​ការកើត​ជាថ្មី​ខាង​វិញ្ញាណ​នោះ ។ »១២

ផ្ទុយ​ទៅវិញ ព្រះ​អង្គ​សង្រ្គោះ​ចង់​ឲ្យ​យើង​បង្រៀន​ដល់​កូនៗ « ចូរ​ដាក់​ទី​ទុក​ចិត្ត [ របស់​ពួកគេ ] ទៅ​នឹង​ព្រះ​វិញ្ញាណ​នោះ ដែល​នាំ​ឲ្យ​ធ្វើ​ល្អ » ។១៣ ដើម្បី​ធ្វើ​ដូច្នោះ យើង​អាច​ជួយ​កុមារ​ឲ្យ​ដឹង​នៅពេល​ពួកគេ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ និង​ដឹង​ថា​ទង្វើ​អ្វី​ដែល​បណ្តាល​ឲ្យ​ព្រះវិញ្ញាណ​មិនគង់​នៅ ។ ដូច្នេះ​ពួកគេ​រៀន​ប្រែចិត្ត ហើយ​ត្រឡប់មកកាន់​ពន្លឺ​តាមរយៈ​ដង្វាយធួន​នៃព្រះយេស៊ូវគ្រីស្ទ ។ ការណ៍​នេះ​ជំរុញ​ឲ្យ​មាន​ភាពអត់ធន់​ខាង​វិញ្ញាណ ។

យើង​អាច​មាន​ភាព​សប្បាយរីករាយ​ដើម្បី​ជួយ​កុមារ​របស់​យើង​ស្ថាបនា​ភាព​អត់ធន់​ខាងវិញ្ញាណ​នៅ​គ្រប់​វ័យ​ទាំងអស់ ។ វា​ពុំ​ចាំបាច់​ស្មុគស្មាញ ឬ​ចំណាយ​ពេល​ច្រើន​ទៀត​នោះទេ ។ វិធីងាយៗ គឺការសន្ទនា​ដោយ​យកចិត្ត​ទុកដាក់ អាច​ជំរុញ​កុមារ​ឲ្យ​ដឹងថា​វា​មិនមែន​ត្រឹមតែ អ្វីដែល​ពួកគេ​ជឿ​នោះទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ មូលហេតុដែល​ពួកគេ​ជឿ​លើ​ដំណឹងល្អ​នេះ​វិញ ។ ការសន្ទនា​ដោយ​យកចិត្ត​ទុកដាក់ កើតឡើង​ធម្មតាៗ និង​ខ្ជាប់ខ្ជួន អាច​ឈានទៅរក​ការយល់​ដឹង និង​ចម្លើយ​កាន់តែ​ប្រសើរ​ឡើង ។ សូម​កុំ​ឲ្យ​ភាព​ងាយស្រួល​នៃ​ឧបករណ៍​អេឡិចត្រូនិក​បង្វែរ​យើង​ពី​ការបង្រៀន និង​ការស្តាប់​កុមារ​របស់​យើង និង​មើល​កែវភ្នែក​របស់​ពួកគេ​ឡើយ ។

ការសន្ទនា​រវាង​ម្តាយ​និង​កូនស្រី

ឱកាស​បន្ថែម​ទៀត​សម្រាប់​ការសន្ទនា​ដ៏​ចាំបាច់​អាច​កើតឡើង​តាមរយៈ​ការសម្តែង​ជា​សាច់រឿង ។ សមាជិក​គ្រួសារ​អាច​សម្តែង​ពី​ស្ថានភាព​នានា​ដែល​ត្រូវ​បាន​ល្បួង ឬ​សម្ពាធ​ដែល​នាំ​ឲ្យ​មានការ​ជ្រើសរើស​ខុស ។ ការ​អនុវត្ត​បែបនោះ​អាច​ពង្រឹង​កុមារ​ឲ្យ​រៀបចំខ្លួន​នៅ​ពេល​ជួប​នឹង​ការប្រឈម​ ។ ឧទាហរណ៍ យើង​អាច​សម្តែង​សាច់រឿង ហើយ​បន្ទាប់មក​ជជែក​អំពី​សាច់រឿង​នោះ កាល​ដែល​យើង​សួរ​កុមារ​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ៖

  • បើ​ពួកគេ​ល្បួង​ឲ្យ​ធ្វើខុស​នឹង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។

  • បើ​ពួកគេ​មើលឃើញ​រូប​អាសគ្រាម ។

  • បើ​ពួកគេ​ល្បួង​ឲ្យ​កុហក លួច ឬ​បន្លំ ។

  • បើ​ពួកគេ​បាន​ឮ​មិត្តភក្តិ ឬ​គ្រូ​នៅសាលា​រៀន​របស់​ពួកគេ​និយាយ​អ្វីមួយ​ដែល​ទាស់នឹង​ជំនឿ ឬ​តម្លៃ​របស់​ពួកគេ ។

កាល​ដែល​ពួកគេ​សម្តែង ហើយ​ជជែក​អំពី​រឿងនោះ គឺប្រសើរ​ជាង​ពេល​ជាប់អន្ទាក់​ដោយ​មិន​បាន​ត្រៀម​ខ្លួន​ជាមួយ​ពួក​មារសត្រូវ កុមារ​អាច​បំពាក់​ដោយ « សេចក្ដី​ជំនឿ​ទុកជា​ខែល ដែល [ ពួកគេ ] នឹង​អាច​រំលត់ ទាំងអស់ព្រួញ​ឆេះ​របស់​ពួក​ទុច្ចរិត » ។១៤

មិត្តភក្តិ​ជិតស្និទ្ធ​ម្នាក់​ខ្ញុំ​បាន​រៀន​មេរៀន​ដ៏​សំខាន់​នេះ​តាំង​ពីអាយុ ១៨ ឆ្នាំ ។ គាត់​បាន​ចុះ​ឈ្មោះ​ចូល​ធ្វើ​ទាហាន​នៅ​សហរដ្ឋ​អាមេរិក នៅ​អំឡុង​មាន​ជម្លោះ​រវាង​សហរដ្ឋ​អាមេរិក និង​វៀតណាម ។ គាត់​ត្រូវ​បាន​​ចាត់ឲ្យ​ទៅ​ទទួល​ការបំពាក់បំប៉ន​មូលដ្ឋាន​នៅ​ឯ​ទ័ព​ថ្មើរជើង​ដើម្បី​ធ្វើ​ជា​ទាហារ​ថ្មើរជើង ។ គាត់បាន​ពន្យល់ថា ការបំពាក់បំប៉ន​នោះ​គឺ​ហត់​ខ្លាំងណាស់ ។ គាត់​បាន​ពិពណ៌នា​អំពី​គ្រូបង្វឹកថា​សាហាវឃោរឃៅ ។​

នៅ​ថ្ងៃ​ពិសេស​មួយ ក្រុម​របស់​គាត់​បាន​បំពាក់​ប្រដាប់ប្រដា​ប្រយុទ្ធ​ ចេញ​ទៅ​ឡើងភ្នំ​ទាំង​ថ្ងៃ​ក្តៅ ។ ភ្លាមៗនោះ គ្រូបង្វឹក​ដ៏​ឃោរឃៅ​រូបនោះ បាន​ស្រែក​បញ្ជា​ឲ្យ​ទម្លាក់​ប្រដាប់ប្រដា​ចុះ ហើយ​កុំ​ធ្វើ​ចលនា​ឲ្យ​សោះ ។ គ្រូបង្វឹក​រូបនោះ​សម្លឹង​រកមើល​អ្នកធ្វើ​ចលនា តែ​បន្តិចក៏មិនបាន​ដែរ ។ រាល់​ការ​ធ្វើចលនា​ណាមួយ នោះ​នឹង​ទទួល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​នៅពេល​ក្រោយ ។ ក្រុម​នោះ​វេទនា​អស់​ជាង​ពីរម៉ោង​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ទាំង​កំហឹង និង​ការអាក់អន់​ចិត្ត​ចំពោះ​មេដឹកនាំ​របស់​ពួកគេ ។

ជាច្រើន​ខែ​ក្រោយ​មក មិត្ត​របស់​យើង​បាន​ទទួល​ការ​ចាត់តាំង​ឲ្យ​ដឹកនាំ​ក្រុម​របស់​គាត់​ឆ្លងកាត់​ព្រៃ​នៅ​ប្រទេស​វៀតណាម ។ រឿង​នេះ​ជា​ការ​ពិត វា​មិន​គ្រាន់តែ​ជា​ការ​ហ្វឹកហាត់​ប៉ុណ្ណោះទេ ។ ស្នូរ​កាំភ្លើង​ចាប់ផ្ដើម​បន្លឺ​ឡើង​ពី​លើ​ចុង​ឈើ​ដែល​នៅ​ជុំវិញ​នោះ ។ ក្រុម​ទាំងមូល​បាន​ក្រាបចុះទៅលើ​ដីភ្លាម ។

តើ​ខ្មាំង​សត្រូវ​កំពុង​រកមើល​អ្វី ? ការធ្វើចលនា ។ រាល់​ចលនា​ទាំងអស់​នឹង​ធ្វើ​ឲ្យ​មាន​ស្នូរ​កាំភ្លើង​បន្លឺ​ឡើង ។ មិត្ត​ខ្ញុំ​ប្រាប់​ថា គាត់​បាន​ដេកលើដី​នៅ​ស្ងៀម​ទាំង​បែក​ញើស​ជោគ​​ក្នុង​ព្រៃ​នោះ ​រង់ចាំ​ឲ្យ​មេឃ​ងងឹត​នៅ​ប៉ុន្មាន​ម៉ោង​ទៀត នោះ​គាត់​បាន​នឹក​ដល់​ការ​ហ្វឹកហាត់ជា​មូលដ្ឋាន ។ គាត់​បាន​នឹក​ចាំពី​ការ​ស្អប់​គ្រូ​យ៉ាង​ខ្លាំង ដែលជាគ្រូ​ឃោរឃៅ​បំផុត ។ ពេល​នេះ គាត់​មាន​អំណរគុណ​ជា​ខ្លាំង—ចំពោះអ្វី​ដែល​លោក​គ្រូ​រូប​នោះ​បាន​បង្រៀន​គាត់ និង​របៀប​ដែល​លោក​គ្រូ​រូបនោះ​រៀបចំ​គាត់​ចំពោះ​ស្ថានភាព​ដ៏​អាក្រក់​នេះ ។ លោក​គ្រូ​ឃោរឃៅ​រូប​នោះ​បាន​បំពាក់​យ៉ាងឈ្លាសវៃ​ដល់​មិត្ត​យើង និង​ក្រុម​របស់​គាត់នូវ​សមត្ថភាព​ដើម្បី​ដឹង​ពីអ្វីដែល​ត្រូវ​ធ្វើ ​នៅពេល​មាន​ចម្បាំង​កើត​ឡើង ។ ជាលទ្ធផល លោក​គ្រូ​រូបនោះ​បាន​សង្គ្រោះ​ជីវិត​មិត្ត​យើង ។

តើ​យើង​អាច​ធ្វើ​រឿង​ខាង​វិញ្ញាណ​ដូចគ្នា​នេះ​ចំពោះ​កុមារ​របស់​យើង​ដែរ​ឬ​ទេ ? ពីមុន​ពួកគេ​ចូល​ទៅ​ក្នុង​សមរភូមិ​ចម្បាំង​នៃ​ជីវិត​នេះ តើ​យើង​អាច​ខិតខំ​យ៉ាង​ពេញ​ទំហឹង​ដើម្បី​បង្រៀន ពង្រឹង និង​រៀបចំ​ពួកគេ​ដោយ​របៀបណា ?១៥ តើ​យើង​អាច​អញ្ជើញ​ពួកគេ​ឲ្យ « មាន​ជំនួយ​គ្រប់​គ្រាន់​របៀប​ណា » ? តើ​យើង​មិន​ចង់​ឲ្យ​ពួកគេ « បែកញើស » ក្រោម​បរិយាកាស​រៀនសូត្រ​ដែល​មាន​សុវត្ថិភាព​ក្នុង​ផ្ទះ ជាជាង​ការ​បង្ហូរឈាម​នៅ​ឯ​សមរភូមិ​នៃ​ជីវិត​ទេ​មែនទេ

កាលដែល​ខ្ញុំ​ក្រឡេក​ក្រោយវិញ មាន​ពេល​ខ្លះ​ស្វាមី​ខ្ញុំ និង​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ដូច​គ្រូបង្វឹក​ដ៏​ឃោរឃៅ​រូបនោះដែរ ដោយ​ការខិតខំ​ជួយ​កូនៗរបស់​យើង​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ។ ព្យាការី យ៉ាកុប បាន​បង្ហាញ​អារម្មណ៍​ដូចគ្នា​ដែរ នៅពេល​លោក​មាន​ប្រសាសន៍ថា « ដ្បិត​ខ្ញុំ​ប្រាថ្នា​នូវ​សុខុមាលភាព​ដល់​ព្រលឹង​ទាំង​ឡាយ​នៃ​បងប្អូន ។ មែន​ហើយ ខ្ញុំ​បារម្ភ​​ខ្លាំង​ចំពោះ​បងប្អូន ហើយ​បងប្អូន​រាល់​គ្នា​ផ្ទាល់​ក៏​ដឹង​ថា​ការណ៍​នោះ​ពិតមែន » ។១៦

កាល​ដែល​កុមារ​រៀន ហើយ​រីកចម្រើន នោះ​ជំនឿ​របស់​ពួកគេ​នឹង​ផ្លាស់ប្តូរ ។ ប៉ុន្តែ​កាលពួកគេ​បានបំពាក់​ដោយត្រឹមត្រូវ នោះ​ពួកគេ​អាច​រីកចម្រើន​នៅក្នុង​សេចក្តីជំនឿ សេចក្តីក្លាហាន ទោះបី​ជួបប្រទះ​ការប្រឆាំង​ដ៏​ខ្លាំង​ក្តី ។

អាលម៉ា បានបង្រៀន​យើង​ឲ្យ « ប្រុងប្រៀប​ចិត្ត​គំនិត​របស់​កុមារ» ។១៧ យើង​កំពុង​រៀបចំ​ជំនាន់​ដែល​កំពុង​ពេញវ័យ ដើម្បី​ធ្វើ​ជា​អ្នក​ការការពារ​នៃ​សេចក្តីជំនឿ​នៅ​អនាគត ដើម្បី​យល់​ថា « [ ពួកគេ ] បាន​សេរីភាព ដើម្បី​ធ្វើ​អ្វីៗ​សម្រាប់ [ ខ្លួន​របស់​ពួកគេ ]—គឺ​ដើម្បី​រើស​យក​ផ្លូវ​ទៅ​ឯ​សេចក្ដី​ស្លាប់​ដ៏​អស់​កល្ប​ជានិច្ច ឬ​ក៏​ផ្លូវ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ » ។១៨ កុមារ​គួរ​ទទួល​បាន​ការយល់ដឹង​ពី​សេចក្តីពិត​ដ៏​មហិមា​នេះ​ថា ៖ ភាព​អស់កល្ប​ជានិច្ច​មិនមែន​ជា​រឿង​ដែល​ត្រូវ​ធ្វើ​ខុស​នោះទេ ។

សូម​ឲ្យ​ការន្យា​ដ៏ចាំបាច់ ប៉ុន្តែ​មាន​លក្ខណៈ​សាមញ្ញ​របស់​យើង​ជាមួយ​កុមារ​យើង ជួយ​​ពួកគេ​ឲ្យ​មាន « ​អំណរ​ចំពោះ ព្រះ​បន្ទូលអំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ឥឡូវ​នេះ ដើម្បី​ពួកគេ​បាន​រីករាយ​នឹង « ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច នៅ​ឯ​នា​បរលោក គឺជា​សិរី​ល្អ​ដ៏​នៅ​អមត » ។១៩

កាល​យើង​បីបាច់ និង​រៀបចំ​កុមារ​របស់​យើង នោះ​យើង​ផ្តល់​សិទ្ធិ​ជ្រើសរើស​ដល់​ពួកគេ យើង​ស្រឡាញ់​ពួកគេ​អស់​ពី​បេះដូង យើង​បង្រៀន​ពួកគេ​ពី​ព្រះបញ្ញត្តិ​របស់​ព្រះ និង​អំណោយទាន​នៃ​ការប្រែចិត្ត​របស់ទ្រង់ ហើយ​យើង​នឹង​មិនបោះបង់ ពួកគេចោល​ឡើយ ។ យ៉ាងណា​មិញ តើ​នេះ​មិនមែន​ជា​របៀប​របស់​ព្រះអម្ចាស់​ចំពោះយើង​ម្នាក់ៗ​ទេ​ឬ​អី ?

ចូរ​យើង​ឆ្ពោះ​ទៅមុខ​ដោយខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ដោយដឹង​ថា យើងអាច​មាន​ « ការភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥត​ខ្ចោះ » ២០តាមរយៈ​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺជា​ចម្លើយ​របស់​យើងជានិច្ច ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល នីហ្វៃ​ទី​៣ ១៧:២៣–២៤ ។

  2. សូមមើល ម៉ៃឃែលលីន ហ្ក្រាស្លី « “Behold Your Little Ones » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២, 93 ៖ « To me, the word beholdis significant ។ វា​អនុវត្ត​ច្រើនជាង​ការ​គ្រាន់តែ ‹ មើល និង​ឃើញ › ។ នៅពេល ព្រះអម្ចាស់​បាន​បង្គាប់​សាសន៍​នីហ្វៃ​ឲ្យ មើលកូន​តូចៗ​របស់​ពួកគេ ខ្ញុំ​ជឿថា​ទ្រង់​ប្រាប់​ឲ្យ​ពួកគេ​យកចិត្ត​ទុកដាក់​លើ​កូនចៅ​របស់ពួកគេ ឲ្យ​គិតគូរ​ដល់​ពួកគេ ឲ្យ​មើល​លើស​ពី​បច្ចុប្បន្នភាព​របស់​ពួកគេ ហើយ​សម្លឹង​ទៅ​ដល់​ការ​ទទួលខុសត្រូវ​ដ៏​អស់កល្ប​ជានិច្ច​របស់​ពួកគេ​វិញ ។

    សូមមើល រ័សុល អិម ណិលសុន « Listen to Learn » Ensignខែ ឧសភា ឆ្នាំ ១៩៩១, ២២ ៖ « ការដាក់​វិន័យ​កូនៗ​ដោយ​ការបង្ខិតបង្ខំ​គឺជា​បច្ចេកទេស​របស់​សាតាំង ពុំមែន​ជា​របស់​ព្រះអង្គ​សង្រ្គោះ​ឡើយ ។ ទេ យើង​មិនមែន​ជា​ម្ចាស់​របស់​កូនចៅ​យើង​នោះទេ ។ ឯកសិទ្ធិដ៏​សក្ដានុពល​របស់​យើង​ក្នុង​នាម​ជាឪពុក​ម្តាយ​គឺ​ដើម្បី​ស្រឡាញ់​ពួកគេ ដឹកនាំ​ពួកគេ និង​អនុញ្ញាតឲ្យ​ពួកគេ​ទៅ » ។

  3. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤៦–៤៧ ។

  4. គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧១ ។

  5. ហែនរី ប៊ី អាវរិង « The Power of Teaching Doctrine » Ensignខែ កក្កដា ឆ្នាំ ១៩៩៩ ទំព័រ ៨៧ ។

  6. គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៩ ។

  7. ហេលេមិន ៥:១២ ។

  8. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥សូមមើល​ផងដែរ មាត្រានៃសេចក្តីជំនឿ ១:៤ ។

  9. គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៨:២៨ ។

  10. ម៉ូសេ ៦:៥៨ការគូសបញ្ជាក់​បាន​បន្ថែម ។

  11. សូមមើល ម៉ូសេ ៦:៥៩; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:២៩–៣១ ។

  12. ឌី ថត គ្រីស្តូហ្វឺសិន« Why Marriage, Why Family? » Liahonaខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ ។

  13. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:១២–១៣សូមមើល​ផង​ដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ ។

  14. គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៧ការ​គូស​បញ្ជាក់​ត្រូវ​បាន​បន្ថែម សូមមើល​ផង​ដែរ ម៉ារ៉ុន ជី រ៉មនី « Home Teaching and Family Home Evening » Improvement Eraខែ​មិថុនា ឆ្នាំ​១៩៦៩ ទំព័រ ៩៧ ៖​« សាតាំង មារសត្រូវ​របស់​យើង​កំពុង​តែ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​សេចក្ដីសុចរិត ។ កង​កម្លាំង​ដែល​បាន​កេណ្ឌ​របស់​វា​មាន​ចំនួន​ដ៏​ច្រើន ។ កុមារ និង​យុវវ័យ​របស់​យើង​គឺជា​ទិសដៅ​នៃ​ការវាយ​ប្រហារ​ដ៏​ខ្លាំង​របស់​វា ។ ពួកវា​មាន​នៅ​គ្រប់​ទិសទី​បាន​ទទួល​រង​នូវ​ការ​ឃោសនា​ដ៏​អាក្រក់ និង​ឃោរឃៅ ។ នៅគ្រប់ទីកន្លែង​ដែល​ពួកវា​ងាក​ទៅ នោះពួកវា​មាន​ទំនោរ​ទៅ​នឹង​អំពើ​អាក្រក់ ដែល​បានបង្កើតឡើង​ដោយល្បិចកល​ដើម្បីបញ្ឆោត និង​បំផ្លាញ​រាល់អ្វីៗ​ដែល​ពិសិដ្ឋ និងរាល់​គោលការណ៍​សុចរិត ។ … ប្រសិន​បើ​កុមារ​របស់​យើង​ចង់​មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​ឈរ​តតាំង​នឹង​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​​របស់​សាតាំង នោះ​ពួកគេ​ត្រូវ​តែ​ទទួល​ការ​បង្រៀន និង​ការ​បំពាក់​បំប៉ន​នៅ​ក្នុង​ផ្ទះ ដូច​ដែល​ព្រះអម្ចាស់​បាន​ណែនាំ » ។

  15. សូមមើល Russell M. Nelson, « Children of the Covenant » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៥,ទំព័រ ៣២ ។

    « ជាច្រើន​ឆ្នាំ​មុន កាល​នៅ​ជា​និស្សិត​ពេទ្យ​ក្មេង​ខ្ចី​មួយ​រូប ខ្ញុំ​បាន​ឃើញ​អ្នក​ជំងឺ​ជាច្រើន​បាន​រងទុក្ខ​ដោយ​ជំងឺ​ដែល​ឥឡូវ​នេះ​មាន​ថ្នាំ​អាច​ការពារ​បាន ។ សព្វថ្ងៃ​នេះ មនុស្ស​ម្នាក់ៗ​អាច​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ដែល​អាច​ធ្វើ​ឲ្យ​ពិការ—ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស្លាប់​បាន ។ វិធីសាស្ត្រ​វេជ្ជសាស្ត្រ​មួយ​ដែល​ទទួល​បាន​ប្រព័ន្ធការពារ​រឹងមាំ​គឺ ត្រូវ​បាន​ហៅ​ថា​ការ​ចាក់​ថ្នាំ​បង្ការ ។ ពាក្យ inoculate ( ការ​ចាក់ថ្នាំ​បង្ការ ) គឺជា​ពាក្យ​ដែល​ទាក់ទាញ ។ វា​មក​ពី​ពាក្យ​ដើម​របស់​ភាសា​ឡាតាំង​ថា ៖ inមាន​ន័យ​ថា ‹ ក្នុង​ខ្លួន › និង oculusមានន័យ​ថា ‹ ភ្នែក › ។ ដូច្នេះ​កិរិយាស័ព្ទ​នៃ​ពាក្យ ចាក់​ថ្នាំ​បង្ការមាន​ន័យ​ថា ‹ ដាក់​ភ្នែក​ចូល​ទៅ​ក្នុង​ខ្លួន ›—ដើម្បី​ពិនិត្យ​ប្រឆាំង​នឹង​ភាពគ្រោះថ្នាក់ ។

    « ការរង​ទុក្ខវេទនា​មួយ​ប្រៀប​បាន​ដូចជា​ជំងឺ​គ្រុន​ស្វីត​ដៃជើង​ដែល​អាច​ធ្វើ​ឲ្យ​ពិការ ឬ​បំផ្លាញ​ដល់​រាងកាយ ។ ការរង​ទុក្ខវេទនា​ដូច​ជា​អំពើ​បាប​ដែល​អាច​ធ្វើ​ឲ្យ​ពិការ ឬ​បំផ្លាញ​ដល់​វិញ្ញាណ ។ ឥឡូវនេះ ការ​បំផ្លិច​បំផ្លាញ​នៃ​ជំងឺ​គ្រុនស្វីត​ដៃជើង​អាច​ការពារ​បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ ប៉ុន្តែ ការ​បំផ្លិច​បំផ្លាញ​នៃ​អំពើ​បាប​តម្រូវ​ឲ្យ​មាន​មធ្យោបាយ​ការពារ​ផ្សេង​ទៀត ។ ពួក​វេជ្ជបណ្ឌិត​មិន​អាច​ចាក់​ថ្នាំ​បង្ការ​អំពើ​ទុច្ចរិត​បាន​ឡើយ ។ ការ​ការពារ​ខាង​វិញ្ញាណ​កើត​មាន​តែ​តាមរយៈ​ព្រះអម្ចាស់—​និង​តាម​របៀប​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ ។ ព្រះយេស៊ូវ​បាន​ជ្រើស​មិន​ធ្វើ​ការ​ចាក់​ថ្នាំ​បង្ការទេ ប៉ុន្តែធ្វើ​ការ​អប់រំ​ខាង​គោលលទ្ធិ​វិញ ។ វិធីសាស្ត្រ​របស់​ទ្រង់​គ្មាន​ការ​ប្រើ​ថ្នាំ​វ៉ាក់សាំង​ឡើយ វា​ប្រើ​ប្រាស់​ការ​បង្រៀន​នៃ​គោលលទ្ធិ​ដ៏​ទេវភាព—ជា​ការ​គ្រប់គ្រង ‹ ភ្នែក​នៅ​ខាង​ក្នុង​ខ្លួន ›—ដើម្បី​ការ​ពារ​វិញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ » ។

  16. នីហ្វៃទី ២ ៦:៣ ។

  17. អាលម៉ា ៣៩:១៦ ។

  18. នីហ្វៃទី២ ១០:២៣ ។

  19. ម៉ូសេ ៦:៥៩ការគូសបញ្ជាក់​បាន​បន្ថែម ។

  20. នីហ្វៃ ទី​២ ៣១:២០ ។