នោះមិនមែនដូចជាលោកីយ៍ឲ្យទេ
ឧបករណ៍ដែលយើងត្រូវការធ្វើឲ្យមានថ្ងៃដ៏ភ្លឺស្វាង និងបង្កើនសេដ្ឋកិច្ចនៃសណ្ដានចិត្តល្អពិត គឺមានផ្គត់ផ្គង់ឲ្យយ៉ាងច្រើននៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ពីមុនបុណ្យអ៊ីស្ទើរដំបូង កាលព្រះយេស៊ូវបានបញ្ចប់ពិធីបរិសុទ្ធសាក្រាម៉ង់ថ្មីដែលទ្រង់បានប្រទានដល់ពួកសាវកទាំងដប់ពីរនាក់ នោះទ្រង់បានចាប់ផ្ដើមសុន្ទរកថាលាដ៏អស្ចារ្យ ហើយជាពេលដែលទ្រង់ត្រូវទទួលរងការឈឺចាប់នៅក្នុងសួនច្បារគែតសេម៉ានី ការក្បត់ និងការឆ្កាង ។ ទោះយ៉ាងណា ដោយញាណដឹងពីកង្វល់ និងការភ័យខ្លាចរបស់បុរសទាំងនោះបានបង្ហាញឲ្យឃើញ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកគេ ( និងមកកាន់យើងថា ) ៖
« កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ ។…
« ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ៖ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ ។…
« ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកិយ៍ឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ » ។១
គ្រាលំបាកកើតមាននៅក្នុងពិភពរមែងស្លាប់នេះទាំងចំពោះមនុស្សស្មោះត្រង់ផងដែរ ប៉ុន្តែសារអះអាងរបស់ព្រះគ្រីស្ទគឺថា ទ្រង់ជាកូនចៀមដែលត្រូវថ្វាយជាដង្វាយក្នុងអំឡុងបុណ្យរំលង ដែលនឹងទៅដូចជា « កូនចៀមនៅចំពោះមុខពួកអ្នកកាត់រោម [ របស់វា ] » ២ហើយទ្រង់នឹងក្រោកឡើងជារៀងរហូត ដូចអ្នកតែងទំនុកតម្កើងថា « ព្រះទ្រង់ជាទីពឹងជ្រកក៏ជាកំឡាំងនៃ [ យើង ] ខ្ញុំជាជំនួយដែលនៅជាប់ជាមួយក្នុង [ គ្រា ] អាសន្ន » ។៣
ដោយដឹងថាវេលាលំបាកសម្រាប់ព្រះគ្រីស្ទត្រូវឆ្កាងខិតមកជិត ឯពួកសិស្សរបស់ទ្រង់នាំដំណឹងល្អទៅកាន់ពិភពលោកនៅក្នុងពេលវេលាដ៏ប្រសើរ ឥឡូវនេះ សូមទៅជាមួយខ្ញុំ ទៅមើលនូវសារមួយដែលទាក់ទងទៅនឹងសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនៅថ្ងៃចុងក្រោយ ។ សារនេះមាននៅក្នុងខគម្ពីរជាច្រើនក្នុងព្រះគម្ពីរមរមនដែលមានជម្លោះពីនេះពីនោះ មកពីឥរិយាបថរំខានមិនចេះចប់របស់លេមិន និងលេមយួលរហូតដល់មានការប្រយុទ្ធ ដែលមានទាហានរាប់សែននាក់ ។ ហេតុផលជាក់ស្ដែងមួយដែលលើកឡើងគឺថា ដោយសារព្រះគម្ពីរមរមនសរសេរឡើងសម្រាប់អ្នកអាននៅថ្ងៃចុងក្រោយ នោះអ្នកនិពន្ធទាំងនេះ ( ភាគច្រើនស្ថិតក្នុងសង្គ្រាមដោយផ្ទាល់ ) ព្រមានយើងដោយព្យាករថាអំពើហឹង្សា និងជម្លោះនឹងក្លាយជាលក្ខណៈមួយគួរឲ្យកត់សម្គាល់ក្នុងទំនាក់ទំនងនៅថ្ងៃចុងក្រោយ ។
ជាការពិតណាស់ ទ្រឹស្តីរបស់ខ្ញុំអំពីជម្លោះនៅថ្ងៃចុងក្រោយពុំមែនជារឿងពីដើមទេ ។ កាលពីរពាន់ឆ្នាំមុន ព្រះអង្គសង្គ្រោះបានព្រមានថា នៅថ្ងៃចុងក្រោយនឹងមាន « សង្គ្រាម និងពាក្យចចាមអារាមអំពីសង្គ្រាម »៤ក្រោយមកថា « កាលសេចក្ដីសុខសាន្ត [ នឹង ] ត្រូវយកចេញពីផែនដី » ។៥ ពិតណាស់ព្រះអង្គសង្ក្រោះជាម្ចាស់នៃមេត្រីភាព បានបង្រៀនយ៉ាងច្បាស់ថា ការទាស់ទែងគ្នាគឺជារបស់ផងអារក្សវិញ៦ព្រះគម្ពីរចែងថា ទ្រង់ព្រះកន្សែងជាមួយព្រះវរបិតាដ៏ទេវភាព ព្រោះគ្រួសារមនុស្សលោកនៅជំនាន់របស់យើង ដែលជាមនុស្ស « គ្មានការស្រឡាញ់ » និងគ្មានវិធីរស់នៅជាមួយគ្នាដោយក្ដីស្រឡាញ់ ។៧
បងប្អូនប្រុសស្រី យើងមើលឃើញជម្លោះ កំហឹង និងគ្មានភាពរាបសារជាទូទៅនៅជុំវិញយើង ។ ជាសំណាងល្អ ជំនាន់បច្ចុប្បន្នពុំមានសង្គ្រាមលោកលើកទី ៣ ដើម្បីប្រយុទ្ធទេ ហើយក៏ពុំជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចពិភពលោកដូចកាលពីឆ្នាំ ១៩២៩ ដែលនាំឲ្យមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនោះដែរ ។ យើងកំពុងប្រឈមមុខនឹងប្រភេទសង្គ្រាមលោកលើកទីបីដែលពុំប្រយុទ្ធដើម្បីបង្ក្រាបមារសត្រូវ ប៉ុន្តែប្រឈមមុខនឹងការកេណ្ឌកូនចៅរបស់ព្រះ ឲ្យយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក និងជួយព្យាបាលរបួសដែលយើងឃើញមាននៅក្នុងពិភពជម្លោះនោះ ។ វិបត្តិសេដ្ឋកិច្ចដ៏ធំដែលយើងប្រឈមមុខឥឡូវនេះពុំទាក់ទងនឹងការបាត់បង់ការសន្សំប្រាក់នៅក្រៅខ្លួនរបស់យើងទេ តែវាទាក់ទងច្រើនទៅនឹងការបាត់បង់នៅក្នុងខ្លួន បាត់នូវទំនុកចិត្តលើខ្លួនឯង ព្រោះតែឱនភាពនៃសេចក្តីជំនឿ និងសេចក្តីសង្ឃឹម ព្រមទាំងសប្បុរសធម៌ដែលនៅជុំវិញខ្លួនយើង ។ ប៉ុន្តែឧបករណ៍ដែលយើងត្រូវការធ្វើឲ្យមានថ្ងៃដ៏ភ្លឺស្វាង និងបង្កើនសេដ្ឋកិច្ចនៃសណ្ដានចិត្តល្អពិតនៅក្នុងសង្គម គឺមានផ្គត់ផ្គង់ឲ្យយ៉ាងច្រើននៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងមិនអាច— ហើយពិភពលោកនេះក៏មិនអាច—បរាជ័យក្នុងការដាក់ឲ្យប្រើប្រាស់គោលការណ៏នៃដំណឹងល្អ និងការការពារសេចក្តីសញ្ញាពេញលេញក្នុងជីវិតយើងនោះទេ » ។
ដូច្នោះនៅលើពិភពលោកមួយដែលមាន « ខ្យល់ព្យុះបោកឥតមានសេចក្ដីកម្សាន្ដចិត្ត » ដូចដែលព្រះយេហូវ៉ាមានបន្ទូល តើយើងអាចរកឃើញអ្វីដែលទ្រង់បានហៅថា « សេចក្ដីសញ្ញានៃ … សេចក្តីមេត្រី » យ៉ាងដូចម្តេច ? យើងរកឃើញវាតាមរយៈការងាកទៅរកទ្រង់ដែលមានបន្ទូលថា ទ្រង់នឹងមេត្តាដល់យើង « ដោយសេចក្ដីសប្បុរសដ៏អស់កល្បជានិច្ចវិញ » ។៨ ថ្វីបើមានការព្យាករដ៏គួរឲ្យភ័យខ្លាច និងបទគម្ពីរប្រកាសថា កាលសេចក្ដីសុខសាន្តនឹងត្រូវយកចេញពីផែនដីទៅក្តី ក៏ពួកព្យាការីរួមទាំងប្រធាន រ័សុល អិម ណិលសុន ជាទីស្រឡាញ់របស់យើង បានបង្រៀនថា វាមិនត្រូវបានយកចេញពីយើងម្នាក់ៗនោះទេ !៩ ដូច្នេះក្នុងបុណ្យអ៊ីស្ទើរនេះ សូមព្យាយាមអនុវត្តសេចក្តីសុខសាន្តជារបៀបផ្ទាល់ខ្លួនមួយ ដោយអនុវត្តព្រះគុណ និងការព្យាបាលនៃដង្វាយធួនរបស់ព្រះអម្ចាស់ យេស៊ូវគ្រីស្ទចំពោះខ្លួនយើង គ្រួសារយើង និងអស់អ្នកដែលយើងអាចឈោងទៅជួយនៅជុំវិញយើង ។ ជាសំណាងល្អ ទោះគួរឲ្យភ្ញាក់ផ្អើលក្ដី ថ្នាំលួងលោម មានសម្រាប់យើង « ដោយឥតបង់ប្រាក់ ហើយឥតថ្លៃផង » ។១០
ជំនួយ និងក្តីសង្ឃឹមបែបនេះពិតជាត្រូវការជាចាំបាច់ ពីព្រោះក្នុងក្រុមជំនុំទូទាំងពិភពលោកសព្វថ្ងៃនេះមានមនុស្សជាច្រើនកំពុងប្រឈមមុខជាមួយឧបសគ្គគ្រប់បែបយ៉ាង—ទាំងរាងកាយ ឬអារម្មណ៍សង្គម ឬហិរញ្ញវត្ថុ ឬបញ្ហាជាច្រើនផ្សេងៗទៀត ។ ប៉ុន្តែអ្វីៗទាំងនេះ យើងមិនខ្លាំងគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាដោយផ្ទាល់ ដ្បិតភាពសុខសាន្តដែលយើងត្រូវការពុំដូចជា « លោកីយ៍ឲ្យទេ » ។១១ ទេ សម្រាប់បញ្ហាលំបាកដ៏ពិតទាំងនោះ យើងត្រូវការអ្វីដែលខគម្ពីរហៅថា « អំណាចទាំងឡាយនៃស្ថានសួគ៌ » ប៉ុន្តែដើម្បីទទួលបានអំណាចទាំងនេះ យើងត្រូវតែរស់នៅតាមអ្វីដែលខគម្ពីរហៅថា « គោលការណ៍នៃសេចក្តីសុចរិត » ។១២ ឥឡូវ ការយល់ដឹងអំពីទំនាក់ទំនងរវាងគោលការណ៍ និងអំណាចនេះ គឺជាមេរៀនមួយដែលមនុស្សលោកហាក់ដូចជារៀនមិនចេះ នេះជាព្រះបន្ទូលរបស់ព្រះនៃស្ថានសួគ៌ និងផែនដី !១៣
ហើយតើគោលការណ៏ទាំងអស់នោះគឺជាអ្វី ? មែនហើយ គោលការណ៍ទាំងនោះត្រូវបានសរសេរដដែលៗនៅក្នុងគម្ពីរ វាត្រូវបានបង្រៀនម្តងហើយម្តងទៀតនៅក្នុងសន្និសីទដូចនេះ ហើយនៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ព្យាការីយ៉ូសែបស្ម៊ីធបានបង្រៀនវាជាការឆ្លើយតបទៅនឹងការអធិស្ឋានផ្ទាល់ខ្លួនរបស់លោកឱព្រះនៃទូលបង្គំអើយហេតុអ្វីបានជាទ្រង់លះបង់ចោលទូលបង្គំ ? »១៤ នៅកន្លែងដ៏ត្រជាក់ ជាគុកកន្ដោចកន្ដែងនៃគុកលីប៊ើធី លោកត្រូវបានបង្រៀននូវគោលការណ៍នៃសេចក្ដីសុចរិតដែលរាប់បញ្ចូលទាំងគុណធម៌ដូចជាការស៊ូទ្រាំ ការអត់ធ្មត់ ការទន់ភ្លន់ និងការស្រឡាញ់ស្មោះត្រង់ប៉ុណ្ណោះ ។១៥ អវត្តមាននៃគោលការណ៍ទាំងនោះ វាច្បាស់ជានាំឲ្យយើងជួបនឹងជម្លោះ និងភាពខឹងសម្បារមិនខាន ។
ក្នុងន័យនោះ ខ្ញុំសូមនិយាយមួយភ្លែតអំពីការអវត្តមានគោលការណ៍នៃភាពសុចរិតទាំងនេះក្នុងសម័យរបស់យើងនៅត្រីមាសខ្លះៗ ។ ជាច្បាប់មួយ ខ្ញុំជាមនុស្សដែលរីករាយ ចិត្តល្អ ហើយមានអ្វីជាច្រើន ដែលល្អ និងស្រស់ស្អាតនៅក្នុងពិភពលោកយើង ។ ច្បាស់ណាស់ យើងមានពរជ័យខាងសម្ភារៈច្រើនជាងជំនាន់ណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែនៅក្នុងវប្បធម៌សតវត្សរ៍ទី ២១ នៅក្នុងសាសនាចក្រជាទូទៅ និងជាញឹកញាប់ យើងនៅតែមើលឃើញជីវិតជាច្រើនដែលកំពុងមានបញ្ហាជាមួយនឹងការសម្របសម្រួលនានាដែលភាគច្រើនជាលទ្ធផលនៃការមិនគោរពតាមសេចក្តីសញ្ញា ហើយការខូចចិត្តជាច្រើនផងដែរ ។ ពិចារណាអំពីភាសាអសុរស ដូចគ្នានឹងការរំលោភបំពានផ្លូវភេទ ដែលវាទាំងពីរនេះ ច្រើនមានវត្តមាននៅក្នុងខ្សែភាពយន្ត ឬទូរទស្សន៍ ឬកំណត់ត្រានៃការយាយីផ្លូវភេទ និងភាពមិនសមសម្យ នៅកន្លែងធ្វើការ ដែលយើងអានជាច្រើននៅសព្វថ្ងៃនេះ ។ ទាក់ទងទៅនឹងភាពបរិសុទ្ធនៃសេចក្ដីសញ្ញាភាពពិសិដ្ឋជាញឹកញាប់ត្រូវបានគេធ្វើឲ្យក្លាយជារឿងធម្មតាហើយភាពបរិសុទ្ធក៏ត្រូវបានគេធ្វើឲ្យមានការមើលងាយផងដែរ ។ ចំពោះអស់អ្នកណាដែលត្រូវបានល្បួងឲ្យដើរ ឬជជែក ឬប្រព្រឹត្ដតាមរបៀបនេះ— « ដូចជាលោកីយ៍ឲ្យ » ដូច្នេះឲ្យនិយាយថា— សូមកុំរំពឹងថារឿងនោះនឹងនាំទៅរកបទពិសោធន៍ដ៏សុខសាន្តឡើយ ខ្ញុំសន្យានឹងបងប្អូននៅក្នុងព្រះនាមព្រះអម្ចាស់ថា វានឹងមិននាំមកនូវសេចក្តីសុខសាន្តទេ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ១៦ដូចដែលព្យាការីពីបុរាណបានថ្លែង ។ នៅពេលការរាំរែកចប់ អ្នកផ្លុំប៉ីតែងតែត្រូវបង់ប្រាក់ឲ្យជានិច្ច ហើយភាគច្រើនប្រាក់នោះ គឺជាទឹកភ្នែក និងការសោកស្តាយ ។១៧
ប្រហែលជាយើងមើលឃើញទម្រង់ផ្សេងទៀតនៃការរំលោភបំពាន ឬភាពថោកទាប ។ យើងត្រូវប្រយ័ត្នទ្វេដង ក្នុងនាមជាសិស្សនៃព្រះអម្ចាស់ នៃព្រះយេស៊ូវគ្រីស្ទ ថាយើងមិនចូលរួមក្នុងឥរិយាបថនេះណាមួយឡើយ ។ ទោះក្នុងករណីណាក៏ដោយ យើងត្រូវតែមានកំហុសនៅគ្រប់ទម្រង់នៃការរំលោភបំពាន ឬការគ្រប់គ្រងដោយឥតសុចរិត ឬការបង្ខិតបង្ខំដោយអសីលធម៌—ទាំងខាងរាងកាយ, ផ្លូវចិត្ត, អារម្មណ៍, ឬតាមបែបផ្សេងៗទៀត ។ ខ្ញុំចាំពីអារម្មណ៍ចូលចិត្តនូវអ្វីដែលប្រធានហ្គរដុន ប៊ី ហ៊ិងគ្លី មានប្រសាសន៏កាលពីប៉ុន្មានឆ្នាំមុន ទៅកាន់បុរសនៃសាសនាចក្រទាក់ទងនឹង « អ្នកកាន់អំណាចផ្តាច់ការនៅក្នុងផ្ទះរបស់ពួកគេ » ៖១៨
លោកថ្លែងថា « ទង្វើដែលគួរឲ្យសោកសៅ និងគួរឲ្យស្អប់ខ្ពើមបំផុតគឺជាការរំលោភបំពានលើប្រពន្ធ » ។ « បុរសណាម្នាក់នៅក្នុងសាសនាចក្រនេះ ដែលធ្វើបាបប្រពន្ធខ្លួន ដែលបន្ទាបបន្ថោកកិត្ដិយសនាង ដែលជេរប្រមាថដល់នាង ដែលប្រើអំណាចមិនសុចរិតលើនាង គឺមិនស័ក្ដិសមនឹងកាន់បព្វជិតភាពទេ ។… [ គាត់នោះ ] គឺពុំមានភាពសក្តិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ » ។១៩ លោកក៏ថ្លែងដូចគ្នាថា អ្វីដែលកាន់តែស្អប់ខ្ពើមថែមទៀតនេះ គឺការរំលោភបំពានលើកុមារគ្រប់ទម្រង់—ឬគ្រប់ការរំលោភបំពានដទៃទៀត ។២០
មានឧទាហរណ៍ជាច្រើន បើមិនដូច្នោះទេ បុរសស្ត្រី និងកុមារស្មោះត្រង់អាចមានកំហុសក្នុងការនិយាយមិនល្អ និងអាចបំផ្លាញដល់អ្នកដែលពួកគេអាចនឹងផ្សាភ្ជាប់ដោយពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ផង ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលក្ដីស្រឡាញ់ មានអារម្មណ៍សុខសាន្ដ ហើយមានសុវត្ថិភាពនៅក្នុងផ្ទះ ។ សូមមេត្តា សូមយើងព្យាយាមថែរក្សាបរិស្ថាននោះនៅទីនោះ ។ ការសន្យារបស់មនុស្សផ្សះផ្សារគេ គឺថាបងប្អូននឹងមានព្រះវិញ្ញាណបរិសុទ្ធនៅជាគូកនជានិច្ច ហើយពរជ័យនឹងចាក់ស្រោចមកលើបងប្អូន « ដោយឥតបង្ខិតបង្ខំ » ជារៀងដរាបតទៅ ។២១ គ្មាននរណាម្នាក់អាចប្រើអណ្តាតដ៏មុតស្រួច ឬពាក្យមិនល្អដើម្បី « ច្រៀងនូវចម្រៀងនៃសេចក្ដីស្រឡាញ់ដែលប្រោសលោះ » នោះទេ ។ ២២
ខ្ញុំសូមបញ្ចប់នូវអ្វីដែលខ្ញុំបានចាប់ផ្តើម ។ ថ្ងៃស្អែកគឺជាថ្ងៃបុណ្យអ៊ីស្ទើរ ជាពេលសម្រាប់គោលការណ៍សុចរិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ « រំលង » —យកឈ្នះលើការទាស់ទែងគ្នា និងជម្លោះ យកឈ្នះលើភាពអស់សង្ឃឹម និងការធ្លាក់ទឹកចិត្ត ហើយទីបំផុតគឺឈ្នះលើសេចក្តីស្លាប់ ។ វាគឺជាពេលដើម្បីសន្យាភាពស្មោះត្រង់ទាំងស្រុងចំពោះកូនចៀមនៃព្រះដែល « ទ្រង់ [ បានទ្រាំទ្ររង ] អស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើង » ២៣ដោយប្តេជ្ញាចិត្ត ដើម្បីបញ្ចប់កិច្ចការនៃសេចក្ដីសង្គ្រោះជំនួសយើង ។
ទោះជាមានការក្បត់ និងឈឺចាប់ ទោះជាមានការធ្វើទុក្ខបុកម្នេញ និងភាពសាហាវឃោរឃៅ និងរែកអំពើបាប និងទុក្ខព្រួយនៃគ្រួសារមនុស្សលោកទាំងអស់ក៏ដោយ ក៏ព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ អាចទតមើលឃើញផ្លូវដ៏វែងនៃជីវិតរមែងស្លាប់នេះ ទតឃើញយើងនៅចុងសប្ដាហ៍នេះ រួចមានបន្ទូលថា ៖« ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ » ។២៤ សូមឲ្យមានពរជ័យ អំណររីករាយ និងភាពសុខសាន្តក្នុងថ្ងៃបុណ្យអ៊ីស្ទើរ ។ ពរជ័យដ៏អស្ចារ្យសម្រាប់យើងបានបង់ថ្លៃរួចហើយដោយព្រះអម្ចាស់នៃមេត្រីភាពដែលខ្ញុំស្រឡាញ់ដោយអស់ពីចិត្ត ហើយខ្ញុំសូមថ្លែងជាសាក្សីយ៉ាងច្បាស់នៅក្នុងព្រះនាមទ្រង់ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ អាម៉ែន ៕