បងប្អូនអាចប្រមូលពួកសាសន៍អ៊ីស្រាអែល !
ខ្ញុំ ប្រាកដចិត្តយ៉ាងច្បាស់ថាប្អូនៗយុវវ័យអាចធ្វើបានព្រោះអ្វីមួយដែលជាអត្តសញ្ញាណរបស់ប្អូនៗ និងអំណាចយ៉ាងខ្លាំងដែលមាននៅក្នុងខ្លួនប្អូនៗ ។
ប្រហែលជាបីឆ្នាំមុន ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយុវវ័យក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ ឲ្យចូលរួមនៅក្នុង « ទ័ពចម្បាំងយុវវ័យរបស់ព្រះអម្ចាស់ ដើម្បីចូលរួម ជួយនៅក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល » នៅទាំងសង្ខាងនៃវាំងនន ។ លោកបានមានប្រសាសន៍ថា « ការប្រមូលផ្ដុំនោះ គឺជាកិច្ចការដ៏សំខាន់បំផុតដែលកើតឡើងនៅលើផែនដីសព្វថ្ងៃនេះ » ។១ ខ្ញុំប្រាកដចិត្តថាប្អូនៗយុវវ័យអាចធ្វើបាន —ហើយធ្វើបានល្អបំផុត—ព្រោះ (១) វាជាអត្តសញ្ញាណរបស់ប្អូនៗ និង (២) អំណាចដ៏ខ្លាំងនៅក្នុងខ្លួនប្អូនៗ ។
សែសិបមួយឆ្នាំមុន ពួកអ្នកផ្សព្វផ្សាយសាសនាពីរនាក់ មកពីសាសនាចក្ររបស់យើង បាននាំឲ្យទៅកាន់ផ្ទះមួយនៅ ទីក្រុង នូវ ជើស៊ី សហរដ្ឋ អាមេរិក ។ អ្វីដែលអស្ចារ្យពេលនោះ គឺទាំងឪពុកម្តាយ និង កូនៗដប់នាក់បានទទួលពិធីបុណ្យជ្រមុជទឹក ។ តាមប្រសាសន៍របស់ព្យាការី គឺពួកគេ « ទុកឲ្យព្រះឈ្នះ »២នៅក្នុងជីវិតរបស់ពួកគេ ។ ខ្ញុំគួរនិយាយថា « ជីវិតរបស់យើង » ។ ខ្ញុំគឺជាកូនទីបី ។ ខ្ញុំមានអាយុ ១៧ ឆ្នាំ កាលខ្ញុំបានសម្រេចចិត្តចុះសេចក្តីសញ្ញាជានិរន្តរ៍ដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែសូមទាយទៅមើលថាតើខ្ញុំបានសម្រេចចិត្តអ្វីទៀត ? ខ្ញុំនឹងមិនទៅបម្រើបេសកកម្មពេញម៉ោងទេ ។ ព្រោះចំណាយពេលច្រើនណាស់ ។ ហើយរឿងនេះមិនអាចរំពឹងពីខ្ញុំទេ មែនទេ ? ខ្ញុំជាសមាជិកនៃសាសនាចក្រថ្មីស្រឡាង ។ ខ្ញុំគ្មានប្រាក់ទេ ។ ក្រៅពីនោះ ខ្ញុំទើបតែបញ្ចប់ការសិក្សាពីថ្នាក់វិទ្យាល័យដ៏ពិបាកនៅជិត ហ្វីឡាឌែលព្យា ភាគខាងលិច ហើយទើបតែជួបនឹងរឿងគ្រោះថា្នក់ និង ឧបសគ្គមួយចំនួន ដូច្នេះការចាកចេញពីផ្ទះអស់រយៈពេលពេញពីរឆ្នាំគឺជារឿងដ៏លំបាក ។
អត្តសញ្ញាណពិតរបស់បងប្អូន
ប៉ុន្តែខ្ញុំទើបតែរៀនថាខ្ញុំ និងមនុស្សទាំងអស់ បានរស់នៅជាមួយព្រះវរបិតាសួគ៌ ក្នុងនាមជាបុត្រាបុត្រីខាងវិញ្ញាណ មុនពេលយើងចាប់កំណើតមក ។ អ្នកផ្សេងក៏ត្រូវការដឹងដូចខ្ញុំដែរថា ព្រះវរបិតាសួគ៌របស់យើងមានបំណងប្រាថ្នាឲ្យបុត្រាបុត្រីរបស់ទ្រង់ រីករាយនឹងជីវិតដ៏នៅអស់កល្បជានិច្ចជាមួយទ្រង់ ។ ដូច្នេះមុនពេលមនុស្សគ្រប់គ្នាកើតមកនៅលើ ផែនដីទ្រង់បានបង្ហាញពីផែនការនៃសេចក្តីសង្គ្រោះ និងសុភមង្គដ៏ឥតខ្ចោះ ជាមួយព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះរបស់យើង ។ អ្វីដែលជាសោកនាដកម្មនោះ សាតាំងបានប្រឆាំងនឹងផែនការរបស់ព្រះ ។៣ យោងទៅ លើព្រះគម្ពីរវិវរណៈ « នោះមានចម្បាំងនៅលើមេឃ » !៤ សាតាំងបានប្រើល្បិចបោកបញ្ឆោត បុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌មួយភាគបី ឲ្យអនុញ្ញាតឲ្យវាឈ្នះជំនួសព្រះ ។៥ ប៉ុន្តែមិនមែនបងប្អូនទេ! សាវកយ៉ូហាន បានមើលឃើញថា បងប្អូនឈ្នះសាតាំង « ដោយសារសេចក្តីបន្ទាល់ [ របស់បងប្អូន ] »៦
ការស្គាល់អត្តសញ្ញាណពិត ដោយមានជំនួយពីពរលោកអយ្យកោរបស់ខ្ញុំ បានផ្តល់ឲ្យខ្ញុំនូវការលើកទឹកចិត្ត និងសេចក្តីជំនឿ ឲ្យទទួលយកការអញ្ជើញរបស់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែល ! ។៧ មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ វាដូចគ្នានឹងបងប្អូនទាំងអស់គ្នាដែរ ។ ការដឹងថាបងប្អូនទាំងអស់គ្នាអាចយកឈ្នះសាតាំង តាមរយៈ ទីបន្ទាល់របស់បងប្អូន តាំងពីយូរលង់មកហើយ នឹង អាចជួយបងប្អូនឲ្យ ស្រឡាញ់ ចែកចាយ និងអញ្ជើញ ៨ចាប់ពីថ្ងៃនេះនិងជារៀងរហូតទៅ—ដើម្បីអញ្ជើញអ្នកដទៃឲ្យមក ហើយមើល មកហើយជួយ និងមកហើយធ្វើជាសមាជិក ក៏ដូចជាសង្គ្រាម រវាងព្រលឹងវិញ្ញាណបុត្រាបុត្រីរបស់ព្រះយ៉ាងខ្លាំងក្លាដូច្នោះដែរ ។
សេចក្ដីជំនឿដ៏មហិមានៅក្នុងខ្លួនបងប្អូន
តើអ្វីដែលជាអំណាចដ៏ខ្លាំងនៅក្នុងខ្លួនបងប្អូន ? សូមគិតពីរឿងនេះ ៖ បងប្អូនបានស្រែកអរសារទរ ៩ដើម្បីចុះមកលោកិយ ដែលទាំងអស់គ្នានឹងប្រឈមមុខនឹងសេចក្ដីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ ។ យើងទាំងអស់គ្នានឹងមិនអាចយកឈ្នះដោយខ្លួនឯងបានទេ ។ យើងមិនត្រឹមតែ រងទុក្ខព្រោះតែអំពើបាបផ្ទាល់ខ្លួនប៉ុណ្ណោះ ទេ ប៉ុន្តែ ព្រោះអំពើបាបអ្នកផ្សេងទៀតផងដែរ ។ មនុស្សទាំងអស់ នឹងជួបបទពិសោធន៍ជាក់ស្តែងនៃការបែកបាក់ និងការខូចចិត្តគ្រប់ប្រភេទ ១០ដែលទាំងនោះ យើងភ្លេចដោយសារវាំងននគ្របបាំងគំនិតយើង ហើយសត្រូវដ៏អាក្រក់បំផុតរបស់លោកិយ នៅតែបន្តប្រមាញ់ និងល្បួងយើង ។ រាល់ក្ដីសង្ឃឹមក្នុងការត្រឡប់មករស់ឡើងវិញ និងស្អាតស្អំក្នុងវត្តមានដ៏បរិសុទ្ធរបស់ព្រះ គឺស្ថិតនៅលើតួអង្គមួយអង្គដែលបានរក្សាការសន្យារបស់ទ្រង់ ។១១
តើអ្វីដែលជំរុញឲ្យបងប្អូនឆ្ពោះទៅមុខ ? ប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀនថា « វាតម្រូវឲ្យមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដើម្បីគាំទ្រផែនការនៃសុភមង្គល និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងផែនការនោះ ដែលបងប្អូនបានដឹងតិចតួចពីឧបសគ្គដែលបងប្អូននឹងជួបប្រទះនៅក្នុងជីវិតរមែងស្លាប់ ។១២ នៅពេលព្រះយេស៊ូវគ្រីស្ទ បានសន្យាថាទ្រង់នឹងយាងមកកាន់ជីវិតរមែងស្លាប់ និង លះបង់ព្រះជន្មដើម្បីប្រមូល១៣និងសង្គ្រោះយើង នោះបងប្អូនពិតជាមិនងាយជឿទ្រង់ឡើយ ។ បងប្អូនគឺជា « វិញ្ញាណដ៏អស្ចារ្យ »១៤ដែលមាន « សេចក្តីជំនឿដ៏ធំលើសលប់ » ដែលបងប្អូនអាចមើលឃើញសេចក្តីសន្យាទ្រង់ថាពិតប្រាកដមែន ។១៥ ទ្រង់មិនកុហកទេ ដូចបងប្អូនឃើញរួចមកហើយថា ទ្រង់បានបង្ហូរព្រះលោហិតសម្រាប់បងប្អូន តាំងពីមុនទ្រង់មកចាប់កំណើតម្ល៉េះ ។១៦
នៅក្នុងភាសានិមិត្តរូបរបស់យ៉ូហាន បងប្អូន « បានយកឈ្នះ [ សាតាំង ] ដោយសារឈាមនៃកូនចៀម » ។១៧ ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា នៅក្នុងលោកនោះ « [ បងប្អូន ] មើលឃើញទីបញ្ចប់តាំងពីដើមមក » ។១៨
ឧបមាថាថ្ងៃមួយមុនពេលបងប្អូនទៅសាលា ឪពុកម្តាយរបស់បងប្អូនបានសន្យា ពិតប្រាកដមួយថាពេលបងប្អូនត្រឡប់មកផ្ទះវិញនឹងមានអាហារដែលបងប្អូនចូលចិត្ត ! បងប្អូនរំភើបណាស់ ! ខណៈពេលដែលនៅក្នុងថ្នាក់បងប្អូនស្រមៃថាបានបរិភោគអាហារនោះហើយបងប្អូនអាចភ្លក់វាបានទៀតផង ។ ធម្មតាដែល បងប្អូនចែកចាយដំណឹងល្អនេះជាមួយអ្នកដទៃ ។ ការទន្ទឹងរង់ចាំត្រឡប់ទៅផ្ទះវិញ ធ្វើឲ្យបងប្អូនសប្បាយចិត្តណាស់ ហើយការប្រឡង និង ឧបសគ្គនានានៅក្នុងថ្នាក់ ហាក់ដូចជាមិនសូវពិបាកទេ ។ គ្មានអ្វីដែលអាចដកយកអំណរ ឬ ធ្វើឲ្យបងប្អូនសង្ស័យបានឡើយ ពីព្រោះការសន្យានោះគឺពិត ! វាដូចគ្នានឹងបងប្អូនដែរ មុនពេលចាប់កំណើតមកបងប្អូន គឺជា « វិញ្ញាណដ៏អស្ចារ្យ » បងប្អូនបានដឹងថាសេចក្តីសន្យារបស់ព្រះគ្រីស្ទគឺពិត ហើយបងប្អូនបានភ្លក់សេចក្តីសង្គ្រោះរបស់ទ្រង់ ។១៩ សេចក្តីជំនឿដ៏អស្ចារ្យរបស់បងប្អូន គឺដូចជាសាច់ដុំដែលកាន់តែរឹងមាំ និងកាន់តែធំ កាលណាបងប្អូនហាត់ប្រាណ ហើយសាច់ដុំនោះ គឺមានស្រាប់ហើយក្នុងខ្លួនបងប្អូន ។
តើបងប្អូនអាចដាស់ជំនឿដ៏មហិមារបស់បងប្អូនលើព្រះគ្រីស្ទ និងប្រើវាដើម្បីប្រមូលសាសន៍អ៊ីស្រាអែលនៅពេលនេះ ហើយមានជ័យជម្នះលើសាតាំងម្តងទៀតរបៀបណា ? តាមរយៈការរៀនសូត្រជាថ្មីដើម្បីឆ្ពោះទៅមុខ និងមើលដោយជឿជាក់ចំពោះការសន្យារបស់ព្រះអម្ចាស់ដើម្បីប្រមូលផ្តុំ ហើយសង្គ្រោះនាសព្វថ្ងៃនេះ ។ ទ្រង់បានប្រើព្រះគម្ពីរមរមន និងពួកព្យាការីដើម្បីបង្រៀនយើងពីរបៀបទាំងនោះ ។ ជាយូរលង់មកហើយតាំងពីមុនព្រះគ្រីស្ទ ព្យាការីនីហ្វៃ បានមានប្រសាសន៍ថា « ពួកព្យាការី និង…ពួកសង្ឃ និងពួកគ្រូប្រដៅ… [ បាន បញ្ចុះបញ្ចូលប្រជាជន ] ឲ្យទន្ទឹងចាំព្រះមែស៊ី ហើយឲ្យជឿដល់ទ្រង់ដែលនឹងយាងមក ហាក់ដូចជាទ្រង់បានយាងមករួចហើយដូច្នោះ »។២០ ព្យាការី អ័ប៊ីណាដៃ បានបង្រៀនថា « ហើយឥឡូវនេះ បើសិនជាព្រះគ្រីស្ទពុំបានយាងមកឯលោកិយទេ គឺនិយាយអំពីការណ៍ដែលនឹងកើតឡើងនៅពេលខាងមុខ ទុកដូចជាបានកើតឡើងហើយ នោះនឹងគ្មានការប្រោសលោះឡើយ » ។២១ ដូចអាលម៉ា ដែរ អ័ប៊ីណាដៃ « [ បាន ] ទន្ទឹងចាំដោយភ្នែកនៃសេចក្ដីជំនឿ » ។២២ហើយបានមើលឃើញសេចក្តីសញ្ញានៃសេចក្តីសង្គ្រោះរបស់ព្រះ ដែលបានបំពេញរួចហើយ ។ ពួកលោក « បានឈ្នះ [ សាតាំង ] ដោយសារឈាមនៃកូនចៀម ហើយ … ដោយសារទីបន្ទាល់របស់ពួកលោក » ដែលមានតាំងពីមុនកំណើតព្រះគ្រីស្ទ ដូចជាបងប្អូនដែរ ។ ហើយព្រះអម្ចាស់បានប្រទានអំណាចដល់ពួកលោក ដើម្បីអញ្ជើញនិងប្រមូលផ្តុំសាសន៍អ៊ីស្រាអែល ។ ទ្រង់នឹងធ្វើដូចគ្នាចំពោះបងប្អូន នៅពេលបងប្អូនទន្ទឹងចាំដោយក្តីជំនឿ មើលសាសន៍អ៊ីស្រាអែលបានប្រមូលផ្តុំ—ជាសកល និងក្នុង « មជ្ឈដ្ឋាន » របស់បងប្អូនផ្ទាល់ ២៣ហើយអញ្ជើញមនុស្សទាំងអស់ឲ្យមក !
ពួកអ្នកផ្សព្វផ្សាយសាសនារាប់រយនាក់ បានស្ថាបនាសេចក្តីជំនឿដ៏មានអំណាចរបស់ពួកគេទៅលើព្រះគ្រីស្ទ តាំងពីជីវិតមុនជីវិតនេះ តាមរយៈ ការស្រមៃមើលដ៏វែងឆ្ងាយ ចំពោះមនុស្សដែលពួកគេទាក់ទង ឬបង្រៀនឲ្យស្លៀកសម្លៀកបំពាក់នៃពិធីបុណ្យជ្រមុជទឹក និងព្រះវិហារបរិសុទ្ធ ។ នៅក្នុងសុន្ទរកថា ដែលមានចំណងជើងថា « ចាប់ផ្តើមជាមួយនឹងទស្សនៈវិស័យដ៏ច្បាស់លាស់ » ២៤ប្រធាន ណិលសុន បានចែកចាយឧទាហរណ៍ផ្ទាល់ខ្លួននៃការធ្វើកិច្ចការនេះ និងបានណែនាំដល់អ្នកដឹកនាំបេសកកម្មឲ្យបង្រៀនពួកអ្នកផ្សព្វផ្សាយសាសនារបស់យើងឲ្យធ្វើដូចគ្នា ។ ការដឹងថាពួកគេបានអនុវត្តន៍ សេចក្ដីជំនឿដ៏អស្ចារ្យលើព្រះយេស៊ូវគ្រីស្ទ នៅក្នុងពិភពយ៉ាងធំមហិមាមុនឆាកជីវិតនេះបានជួយដល់ពួកអ្នកផ្សព្វផ្សាយសាសនាជាទីស្រឡាញ់របស់យើង « ស្តាប់តាមទ្រង់ » ២៥ហើយធ្វើឲ្យសេចក្តីជំនឿដ៏មហិមារបស់ពួកគេសកម្មឡើងវិញ ដើម្បីប្រមូលផ្តុំសាសន៍អ៊ីស្រាអែលដូចសេចក្តីសន្យារបស់ព្រះអម្ចាស់ ។
ប្រាកដណាស់ ការស្រមើស្រមៃធ្វើឲ្យអន្តរាយដល់សេចក្តីជំនឿ ។២៦ មិត្តជាទីស្រឡាញ់របស់ខ្ញុំ ចេតនាគិតវែងឆ្ងាយ ឬ មើលអ្វីដែលផ្ទុយពីធាតុពិតរបស់បងប្អូន ជាពិសេសរូបអាសគ្រាម នឹងធ្វើឲ្យសេចក្តីជំនឿលើព្រះគ្រីស្ទរបស់បងប្អូនចុះខ្សោយ ហើយបើគ្មានការប្រែចិត្តទេ វាអាចនឹងត្រូវបំផ្លាញចោល ។ សូមប្រើក្តីស្រមៃរបស់បងប្អូនដើម្បីបង្កើនសេចក្តីជំនឿទៅលើព្រះគ្រីស្ទ មិនមែនធ្វើឲ្យបាត់បង់នោះទេ ។
កម្មវិធីកុមារ និងយុវវ័យ
កម្មវិធីកុមារ និងយុវវ័យ គឺជាឧបករណ៏ព្យាករណ៍ មួយដើម្បីជួយយុវវ័យ ឲ្យមានថាមពលខ្លាំង លើសេចក្តីជំនឿដ៏អស្ចារ្យរបស់ប្អូនៗ ។ ប្រធាន អូក បានបង្រៀនថា « កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីជួយប្អូនៗប្រែក្លាយកាន់តែដូចព្រះអង្គសង្គ្រោះលើបួនចំណុចគឺ ៖ ខាងវិញ្ញាណ ខាងសង្គម ខាងសាច់ឈាម និងខាងសតិបញ្ញា » ។២៧ កាលដែលយុវវ័យត្រូវបានដឹកនាំ—ដឹកនាំ—ឲ្យរស់នៅក្នុងដំណឹងល្អ ការមើលថែដល់អ្នកដទៃ តាមរយៈការអញ្ជើញមនុស្សទាំងអស់ឲ្យមកទទួលយកដំណឹងល្អ ការបង្រួបបង្រួមក្រុមគ្រួសាររហូតអស់កល្ប និង ការរៀបចំសកម្មភាពសប្បាយៗ២៨នោះសេចក្តីជំនឿក្នុងព្រះគ្រីស្ទ ដែលបងប្អូនទាំងអស់គ្នាមាននៅក្នុងជីវិតមុនជីវិតលើផែនដី នឹងបង្ហាញឡើងវិញ និងផ្តល់អំណាចដល់បងប្អូនក្នុងការធ្វើកិច្ចការរបស់ព្រះអម្ចាស់នៅក្នុងជីវិតនេះ !
ក៏ដូចជាការដាក់គោលដៅផ្ទាល់ខ្លួនផងដែរ « ជាពិសេសគោលដៅរយៈពេលខ្លី » ២៩ដែលជួយឲ្យសេចក្តីជំនឿដ៏មហិមានៅក្នុងខ្លួនបងប្អូន ឆាបឆេះឡើងជាថ្មី ។ នៅពេលបងប្អូនដាក់គោលដៅ គឺបងប្អូនទន្ទឹងចាំនូវអ្វីដែលបងប្អូនបានធ្វើពីមុន និងមើលឃើញនូវអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យបងប្អូន ឬអ្នកដទៃប្រែក្លាយ ។៣០ បន្ទាប់មកអ្នកដាក់ផែនការនិងខិតខំដើម្បីសម្រេចវា ។ អែលឌើរ ឃ្វីនធិន អិល ឃុក បានបង្រៀនថា « ចូរកុំមើលស្រាលសារៈសំខាន់នៃការដាក់ផែនការ ដាក់គោលដៅ … និង [អញ្ជើញអ្នកដទៃ]—ទាំងអស់មកដោយភ្នែកនៃសេចក្តីជំនឿឡើយ » ។៣១
ជម្រើសនោះគឺជារបស់បងប្អូន ! ព្រះអម្ចាស់មានបន្ទូលទៅកាន់បងប្អូនថា « ដ្បិតអំណាច [ ជ្រើសរើស ]គឺមាននៅក្នុងខ្លួនគេ » ។៣២ អែលឌើរ នែល អិល អាន់ឌើរសិន បានពន្យល់ថា « សេចក្តីជំនឿរបស់អ្នកនឹងរីកចម្រើនឡើង ពុំមែនកើតមកពីភាពចៃដន្យនោះទេ ប៉ុន្តែមកពីជម្រើសវិញ » ។៣៣ លោកបានមានប្រសាសន៍ផងដែរថា « សំណួរស្មោះត្រង់ [ អ្វីក៏ដោយ ] ដែលបងប្អូន [ មាន ] …ជាសំណួរដែលនឹងរម្ងាប់ដោយការអត់ធ្មត់ និងកែវភ្នែកនៃសេចក្ដីជំនឿ » ។៣៤
ខ្ញុំសូមថ្លែងទីបន្ទាល់ថា (១) អត្តសញ្ញាណពិតរបស់បងប្អូន និង (២) អំណាចដ៏ខ្លាំងនៃសេចក្តីជំនឿលើព្រះគ្រីស្ទក្នុងខ្លួនបងប្អូន នឹងជួយបងប្អូន « រៀបចំពិភពលោកសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្រ្គោះ តាមរយៈការអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ និងទទួលពរជ័យទាំងឡាយនៃដង្វាយធួនរបស់ទ្រង់ » ។៣៤ សូមឲ្យយើងចែកចាយអំណរនៃសេចក្តីសន្យាដ៏ពិតប្រាកដរបស់ព្រះគម្ពីរមរមន ៖
« ពួកសុចរិតណាដែលប្រុងស្ដាប់ … ពួកព្យាការី ហើយ … ទន្ទឹងចាំព្រះគ្រីស្ទវិញ ដោយចាំមើលយ៉ាងខ្ជាប់ខ្ជួន … ទោះជាមានការបៀតបៀនយ៉ាងណាក៏ដោយ … ពុំត្រូវវិនាសឡើយ ។
« ប៉ុន្តែ [ ព្រះគ្រីស្ទ ] នឹងប្រោសពួកគេឲ្យជា ហើយពួកគេនឹងមានសេចក្ដីសុខសាន្តរហូត » ។៣៦
នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕