ផ្នូរគ្មានជ័យជម្នះលើឡើយ
តាមរយៈការប្រោសលោះនៃដង្វាយធួន និងការរស់ឡើងវិញដ៏រុងរឿងរបស់ព្រះយេស៊ូវគ្រីស្ទ នោះដួងចិត្តសង្រេកអាចព្យាបាលភាពតានតឹង អាចប្រែជាសុខសាន្ត និងក្តីអស់សង្ឃឹម ប្រែជាសង្ឃឹមឡើងវិញបាន ។
នៅថ្ងៃអាទិត្យបុណ្យអ៊ីសស្ទើរដ៏ស្រស់ស្អាតនេះ កុមាររបស់យើងនឹងច្រៀងបទ ពេញដោយអំណរ « និទាឃរដូវមាសព្រះយេស៊ូវក្រោកឡើងចេញពីផ្នូរ ដែលទ្រង់ផ្ទុំ ហើយទ្រង់ផ្តាច់ចំណងក្តីស្លាប់ » ។១
យើងមានអំណរគុណចំពោះចំណេះដឹងពីការរស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែក្នុងករណីខ្លះ ជីវិតយើងមានអារម្មណ៍ខូចចិត្តបន្ទាប់ពីការបាត់បង់មនុស្សជាទីស្រឡាញ់ ។ តាមរយៈជំងឺរាត្បាតជាសាកលបច្ចុប្បន្ននេះ យើងភាគច្រើនបានបាត់បង់មនុស្សជាទីស្រឡាញ់—ដែលជាសមាជិកគ្រួសារឬ មិត្តភក្តិ ។២ យើងសូមអធិស្ឋានសម្រាប់អស់អ្នកដែលរងទុក្ខដោយការបាត់បង់នេះ ។
ប្រធាន រ័សុលអិម ណិលសុន បានមានប្រសាសន៍ថា ៖
« មិនថាពួកគាត់មានអាយុប៉ុន្មានទេ យើងទួញសោកចំពោះមនុស្សដែលយើងស្រឡាញ់ ហើយបាត់បង់នោះ ។ ការកាន់ទុក្ខគឺជាការបង្ហាញក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ។
« ទោះជាយ៉ាងណាយើងមិនអាចមានអំណរគុណពេញលេញ រីករាយនឹងការជួបជុំនៅពេលក្រោយដោយគ្មានការទួញយំសម្រាប់ការបែកគ្នាក្នុងពេលនេះឡើយ ។ វាជាផ្លូវតែមួយគត់គឺថា បើគ្មានការទួញយំចំពោះសេចក្តីស្លាប់ទេ នោះជីវិតនេះក៏គ្មានសេចក្តីស្រឡាញ់ដែរ » ។៣
យើងអាចស្រមៃពីមិត្តភក្តិរបស់ព្រះយេស៊ូវ ដែលដើរតាមទ្រង់ និងបានបម្រើទ្រង់ ៤បានធ្វើជាសាក្សីចំពោះការសុគត ។៥ យើងដឹងថា« ពួកគេបាន កាន់ទុក្ខ ហើយយំសោក » ។៦ នៅថ្ងៃនៃការឆ្កាង ដោយមិនដឹងថានឹងមានអ្វីកើតឡើង នៅថ្ងៃអាទិត្យ ពួកគេប្រាកដជា ភ័យតក់ស្លុត និង ងឿងឆ្ងល់ថាតើពួកគេនឹងទៅណា បើគ្មានព្រះអម្ចាស់របស់ពួកគេនោះ ។ ទោះយ៉ាងណា ពួកគេនៅបន្តបម្រើដល់ទ្រង់សូម្បីតែពេលទ្រង់សុគតហើយក្តី ។
យ៉ូសែប អ្នកភូមិ អើរីម៉ាថេ បានសុំព្រះសពព្រះយេស៊ូវពីលោកពីឡាត់ ។ លោកបានទម្លាក់ព្រះសពចុះមក ក៏រុំនឹងសំពត់ទេសឯកយ៉ាងស្អាត បញ្ចុះ ក្នុងផ្នូរថ្មី ហើយបានប្រមៀលថ្មមួយយ៉ាងធំទៅបិទម៉ាត់ផ្នូរ ។៧
នីកូដេម បានយកជ័រល្វីងទេស និងគ្រឹស្នា ។ លោកបានជួយយ៉ូសែប យកព្រះសពរុំនឹងសំពត់ទេសឯកជាមួយនឹងគ្រឿងក្រអូប ។៨
ឯម៉ារា ម៉ាក់ដាឡា ,ម៉ារា ម្តាយរបស់ព្រះយេស៊ូវ សាឡូមេ, យ៉ូណាស និងនីកូដេម បានចាំយាមកន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូវ ហើយបានរៀបចំគ្រឿងក្រអូប និងប្រេងអប់ ។៩ យោងទៅលើក្រឹត្យវិន័យដ៏តឹងតែងនៅសម័យនោះ ពួកគេបានរង់ចាំដើម្បីរៀបចំបន្ថែមទៀត ហើយបានអប់ព្រះសពទ្រង់ទុកពីព្រោះថ្ងៃសៅរ៍ គឺជាថ្ងៃឈប់សម្រាក ។១០ បន្ទាប់មកនៅព្រឹកព្រហាមថ្ងៃអាទិត្យ ពួកគេបានទៅឯផ្នូរ ។ ក្រោយពីរដឹងថា ព្រះសពរបស់ព្រះអង្គសង្គ្រោះ មិននៅទីនោះពួកគេបានទៅប្រាប់សិស្សដែលជាសាវករបស់ព្រះយេស៊ូវ ។ ពួកសាវកបានទៅឯផ្នូរជាមួយពួកគេ ហើយឃើញផ្នូរនៅទទេ ។ នៅទីបំផុត គ្រប់គ្នាចាកចេញលើកលែង តែ មារ៉ា ម៉ាក់ដាឡា នាងងឿងឆ្ងល់ថា មានអ្វីកើតឡើងចំពោះព្រះសពព្រះអង្គសង្គ្រោះ ។១១
មារ៉ា ម៉ាក់ដាឡា បាននៅឯផ្នូរតែឯង ។ កាលពីបីថ្ងៃមុន នាងបានឃើញសោកនាដកម្មនៃការស្លាប់របស់មិត្តនាង និងជាព្រះអម្ចាស់របស់នាង ។ ឥឡូវនេះផ្នូរនៅទទេ នាងមិនដឹងរកទ្រង់នៅឯណា ។ វាធ្ងន់ធ្ងរពេក នាងមិនអាចទទួលយកបានទេ ហើយនាងយំសោក ។ រំពេចនោះព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញ បានមករកនាង ហើយសួរថា ហេតុអ្វីបានជានាងយំ នាងរកអ្នកណា ។ នាងគិតថា អ្នកថែសួន និយាយជាមួយនាង នាងបានសួរថា ប្រសិនបើលោកឃើញនរណា យកព្រះសព ព្រះអម្ចាស់របស់នាង សូមប្រាប់នាងថានៅកន្លែងណាផង ដើម្បីឲ្យនាងអាចទៅទទួល ។១២
ខ្ញុំបានស្រមៃថា ព្រះអម្ចាស់បានអនុញ្ញាតឲ្យ មារ៉ា ម៉ាក់ដាឡា ទួញយំ និង សម្តែងអារម្មណ៍ឈឺចាប់របស់នាង ។១៣ បន្ទាប់មក ទ្រង់ហៅឈ្មោះនាង នាងបែរទៅរកទ្រង់ ហើយស្គាល់ទ្រង់ ។ នាងបានឃើញព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ហើយបានធ្វើជាសាក្សី ចំពោះការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ ។១៤
នៅពេលខ្លះវាដូចជាបងប្អូនទាំងអស់គ្នាដែរ ខ្ញុំអាចភ្ជាប់ អារម្មណ៍តានតឹងរបស់ មារ៉ា ម៉ាក់ដាឡា និងមិត្តរបស់នាង ពេលទួញយំចំពោះសេចក្តីស្លាប់របស់ព្រះអម្ចាស់របស់ពួកគេ ។ កាលខ្ញុំអាយុប្រាំបួនឆ្នាំ ខ្ញុំបាត់បង់បងប្រុសម្នាក់ក្នុងអំឡុងពេលគ្រោះរញ្ជួយផែនដី ។ ព្រោះអ្វីៗបានកើតឡើងដោយមិនបានរំពឹងទុក ធ្វើឲ្យខ្ញុំត្រូវចំណាយពេលមួយរយៈ ដើម្បីទទួលយកការពិតចំពោះអ្វីដែលបានកើតឡើង ។ ខ្ញុំខូចចិត្ត សោកសៅ ហើយខ្ញុំបានសួរខ្លួនឯងថា « តើមានអ្វីកើតឡើងចំពោះបងប្រុសរបស់ខ្ញុំ ? តើគាត់នៅឯណា ? តើគាត់ទៅកន្លែងណា ? តើខ្ញុំនឹងជួបគាត់ម្តងទៀតដែរឬទេ ?
ពេលនោះខ្ញុំមិនទាន់ស្គាល់ផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះនៅឡើយទេ ហើយខ្ញុំមានបំណងចង់ដឹងថាតើយើងមកពីណា តើគោលបំណងក្នុងជីវិតនេះជាអ្វី ហើយនឹងមានអ្វីកើតឡើងចំពោះយើងបន្ទាប់ពីយើងស្លាប់ទៅ ។ តើយើងទាំងអស់គ្នាមិនចង់ជៀសផុតពីការបាត់បង់មនុស្សជាទីស្រឡាញ់ ឬ ជៀសផុតពីការពិបាកក្នុងជីវិតនេះទេឬអី ?
ពីរបីឆ្នាំក្រោយមកខ្ញុំចាប់ផ្តើមគិតពីបងប្រុសរបស់ខ្ញុំក្នុងរបៀបជាក់លាក់មួយ ។ ខ្ញុំស្រមៃថា គាត់កំពុងគោះទ្វាររបស់យើង ។ ខ្ញុំនឹងបើកទ្វារ ហើយគាត់អង្គុយនៅទីនេះ ហើយគាត់បានប្រាប់ខ្ញុំថា « បងមិនស្លាប់ទេ ។ បងនៅមានជីវិត ។ បងមិនអាចមករកឯងទេ ប៉ុន្តែឥឡូវនេះបងនៅជាមួយឯង ហើយនឹងមិនចាកចេញពីឯងម្តងទៀតទេ »។ ការស្រមៃនោះហាក់ដូចជាសុបិន បានជួយចម្លងខ្ញុំពីការឈឺចាប់ និង សោកសៅ ដែលខ្ញុំបានមានអារម្មណ៍ចំពោះការបាត់បង់គាត់ ។ បន្ទាប់មកគំនិតដែលថាគាត់នឹងនៅជាមួយខ្ញុំបានចូលមកម្តងហើយម្តងទៀត ។ ពេលខ្លះខ្ញុំបានសម្លឹងមើលទៅទ្វារទៀតផង ដោយសង្ឃឹមថាគាត់នឹងគោះ ហើយខ្ញុំនឹងជួបគាត់ម្តងទៀត ។
ប្រហែលជា៤០ឆ្នាំក្រោយមកក្នុងអំឡុងពេលបុណ្យអ៊ីសស្ទើ ខ្ញុំបានពិចារណាអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយបានចាប់ផ្តើមគិតអំពីបងប្រុសរបស់ខ្ញុំ ។ នៅពេលនោះ មានអ្វីម៉្យាងបានចូលក្នុងគំនិតខ្ញុំ ។ ខ្ញុំបានចាំថាខ្ញុំស្រមៃថាគាត់មកជួបខ្ញុំ ។
នៅថ្ងៃនោះ ខ្ញុំបានដឹងថាព្រះវិញ្ញាណបានផ្តល់ការលួងលោមដល់ខ្ញុំក្នុងគ្រាលំបាក ។ ខ្ញុំបានទទួលសាក្សីថា វិញ្ញណរបស់បងប្រុសខ្ញុំមិនស្លាប់់ឡើយ គឺគាត់នៅរស់ ។ គឺគាត់កំពុងតែរីកចម្រើននៅក្នុងជីវិតអស់កល្បជានិច្ច ។ ខ្ញុំដឹងថា « បងប្រុស [ របស់ខ្ញុំ ] នឹងរស់ឡើងវិញម្តងទៀត »១៥នៅក្នុងព្រឹត្តិការណ៍ដ៏រុងរឿង ព្រោះព្រះយេស៊ូវ គ្រីស្ទ រស់ឡើងវិញ នោះយើងទាំងអស់គ្នានឹងរស់ឡើងវិញ ។ បន្ថែមពីលើនោះ ទ្រង់បានធ្វើឲ្យយើងទាំងអស់គ្នា អាចជួបជុំក្រុមគ្រួសារ និងមានអំណរអស់កល្បជានិច្ចនៅក្នុងវត្តមានរបស់ព្រះ ប្រសិនបើយើងនឹងជ្រើសរើសចុះ និងរក្សាសេចក្តីសញ្ញាពិសិដ្ឋជាមួយទ្រង់ ។
ប្រធាន ណិលសុន បានបង្រៀនថា ៖
« សេចក្តីស្លាប់គឺជាធាតុដ៏សំខាន់នៃជីវិតដ៏នៅអស់កល្បជានិច្ចរបស់យើង ។ គ្មាននរណាដឹងថា នឹងមកពេលណាទេ ប៉ុន្តែវាសំខាន់ចំពោះផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះ ។ សូមអរគុណចំពោះដង្វាយធួនរបស់ព្រះអម្ចាស់ដែលបានធ្វើឲ្យការរស់ឡើងវិញក្លាយជាការពិត ហើយជីវិតដ៏នៅអស់កល្បជានិច្ចអាចមានដល់មនុស្សទាំងអស់ ។…
«… សម្រាប់អ្នកដែលកើតទុក្ខ ព្រោះបានទុកចោលមនុស្សជាទីស្រឡាញ់ … ចំណងនៃសេចក្ដីស្លាប់ត្រូវបានស្រាយដោយសេចក្ដីជំនឿដ៏ខ្ជាប់ខ្ជួនទៅលើព្រះគ្រីស្ទ ពន្លឺដ៏ឥតខ្ចោះនៃសេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់របស់ព្រះ និងរបស់មនុស្សទាំងឡាយ និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅដើម្បីបម្រើដល់ពួកគេ ។ សេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់នឹងធ្វើឲ្យយើងមានគុណសម្បត្តិគ្រប់គ្រាន់នៅក្នុងវត្តមានដ៏បរិសុទ្ធរបស់ព្រះ និងជាមួយ ដៃគូដ៏អស់កល្បជានិច្ច ហើយក្រុមគ្រួសាររបស់យើងរស់នៅក្នុងវត្តមានរបស់ទ្រង់ជានិរន្តរ៍ » ។១៦
ខ្ញុំសូមថ្លែងទីបន្ទាល់ថា « បើសិនជាព្រះគ្រីស្ទពុំបានមានព្រះជន្មរស់ពីស្លាប់ឡើងវិញទេ ឬពុំបានផ្ដាច់ចំណងទាំងឡាយនៃសេចក្ដីស្លាប់ ដើម្បីកុំឲ្យផ្នូរមានជ័យជម្នះលើ ហើយកុំឲ្យសេចក្ដីស្លាប់មានទ្រនិចទេ នោះក៏ពុំអាចមានដំណើររស់ឡើងវិញដែរ។
«ប៉ុន្តែមានដំណើររស់ឡើងវិញ ហេតុដូច្នេះហើយ ផ្នូរគ្មានជ័យជម្នះលើឡើយ ហើយទ្រនិចនៃសេចក្តីស្លាប់ត្រូវបានលេបបាត់នៅក្នុងព្រះគ្រីស្ទ ។
« ទ្រង់ជាពន្លឺ ហើយជាជីវិតនៃពិភពលោក មែនហើយ ជាពន្លឺមួយដែលមិនចេះចប់មិនចេះហើយ ដែលពុំអាចធ្វើឲ្យងងឹតបានឡើយ មែនហើយ ហើយក៏ជាជីវិតមួយដែលមិនចេះចប់មិនចេះហើយ គឺពុំអាចមានសេចក្ដីស្លាប់ទៀតឡើយ » ។១៧
ព្រះយេស៊ូវ បានប្រកាសថា « ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិតអ្នកណាដែលជឿដល់ខ្ញុំទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ »។១៨
ខ្ញុំសូមថ្លែងទីបន្ទាល់ថា តាមរយៈការប្រោសលោះនៃដង្វាយធួន និងការរស់ឡើងវិញដ៏រុងរឿងរបស់ព្រះយេស៊ូវគ្រីស្ទ នោះដួងចិត្តសង្រេកអាចព្យាបាលភាពតានតឹង អាចប្រែជាសុខសាន្ត និងក្តីអស់សង្ឃឹម ប្រែជាសង្ឃឹមឡើងវិញបាន ។ ទ្រង់អាចឱបក្រសោបយើងនៅក្នុងព្រះហស្តនៃក្តីមេត្តា ការលួងលោមក្នុងព្រះចេស្តា និងព្យាបាលយើងម្នាក់ៗ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕