សន្និសីទទូទៅ
ចិត្ត​ចងក្រង​រួមគ្នា
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


15:10

ចិត្ត​ចងក្រង​រួមគ្នា

នៅពេល​ប្អូន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ដោយ​ចិត្ត​សប្បុរស ដោយ​យកចិត្ត​ទុកដាក់ និង​មាន​ចិត្ត​មេត្តា ខ្ញុំ​សូម​សន្យាថា ប្អូន​នឹង​ជួយ​លើក​ដៃ​ដែល​ស្រពន់​ឡើង និង​ជួយ​ព្យាបាល​ដល់​បេះដូង​ទាំងឡាយ ។

សេចក្ដីផ្ដើម

តើ​វា​មិន​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ​ឬ​អី ដែល​របកគំហើញ​វិទ្យាសាស្រ្ត​សំខាន់ៗ​ពេលខ្លះ​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ព្រឹត្តិការណ៍​សាមញ្ញៗ ដូចជា​ផ្លែ​ប៉ោម​ធ្លាក់​ជ្រុះ​ពី ដើម ?

ថ្ងៃ​នេះ ខ្ញុំ​សូម​ចែកចាយ​នូវ​របកគំហើញ​មួយ ដែល​បាន​កើតឡើង​ដោយសារ​ទន្សាយ​មួយ​ក្រុម ។

នៅ​ទសវត្សរ៍​ឆ្នាំ ១៩៧០ អ្នក​ស្រាវជ្រាវ​បាន​បង្កើត​ការពិសោធន៍​មួយ​ដើម្បី​ពិនិត្យមើល​ផល​ប៉ះពាល់​នៃ​របបអាហារ​ទៅលើ​សុខភាព​បេះដូង ។ អស់​ជា​ច្រើន​ខែ ពួកគេ​បាន​ឲ្យ​ចំណី​ទន្សាយ​ដែលមាន​ការត្រួតពិនិត្យ​មួយក្រុម នូវ​របបអាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់ ហើយ​ធ្វើការ​តាម​ដាន​សម្ពាធឈាម ចង្វាក់​បេះដូង និង​ជាតិស្ករ​កូឡេស្ដូរ៉ល​របស់​ពួកវា ។

ដូច​ដែល​បាន​រំពឹងទុក ទន្សាយ​ជាច្រើន​បាន​បង្ហាញ​ពីការ​ស្តុកទុក​ខ្លាញ់​នៅផ្នែក​ខាងក្នុង​នៃ​សរសៃ​ឈាម​របស់​ពួកវា ។ នេះ​មិនទាន់អស់​នៅ​ឡើយទេ ! អ្នក​ស្រាវជ្រាវ​បាន​រកឃើញ​អ្វីមួយ​ដែល​មិន​សូវ​សម​ហេតុផល​សោះ ។ ទោះបី​ជា​ទន្សាយ​ទាំងអស់​នោះ​បាន​ស្តុកជាតិ​ខ្លាញ់​ច្រើន​មាន​ក្រុម​មួយ​មាន​ជាតិ​ខ្លាញ់ ៦០ ភាគរយ​តិច​ជាង​ក្រុម​មួយ​ទៀត​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។ វា​ហាក់បី​ដូចជា​ពួកគេ​កំពុង​មើល​ក្រុម​ទន្សាយ​ពីរ​ក្រុម​ផ្សេងគ្នា​អញ្ចឹង ។

ចំពោះ​អ្នក​វិទ្យាសាស្រ្ត លទ្ធផល​ដូចនេះ​អាចធ្វើ​ឲ្យដេក​មិនលក់​ស្រួល​ទេ ។ តើ​វា​អាច​ទៅរួច​ដោយ​របៀបណា ? ទន្សាយ​ទាំងអស់​សុទ្ធតែ​ជាពូជ​ដូចគ្នា​មកពី​ប្រទេស​នូវែល​សេឡង់ ដែល​ទន្សាយ​ទាំងនោះ​មាន​ហ្សែន​ដែល​ដូចគ្នា​បេះបិទ ។ ទន្សាយ​នីមួយៗ​ទទួល​បាន​បរិមាណ​អាហារ​ដូចៗ​គ្នា ។

តើ​ការណ៍​នេះ​មាន​ន័យ​ដូចម្ដេច​ទៅ ?

តើ​លទ្ធផល​បាន​ធ្វើ​ឲ្យ​ការសិក្សា​មិន​ត្រឹមត្រូវ​មែនទេ ? តើ​វា​មាន​ចំណុច​ខ្វះខាត​នៅក្នុង​ការរចនា​ការពិសោធន៏​នេះ​ឬ ?

អ្នក​វិទ្យាសាស្ត្រ​បាន​តស៊ូ​ដើម្បី​យល់ពី​លទ្ធផល​ដែល​មិនបាន​រំពឹង​ទុកនេះ !

នៅ​ទីបំផុត ពួកគេ​បាន​បង្វែរ​ការយក​ចិត្ត​ទុកដាក់​របស់​ពួកគេ​ទៅលើ​បុគ្គលិក​ស្រាវជ្រាវ ។ តើ​វា​អាច​ទៅ​រួច​ទេ​ដែល​អ្នក​ស្រាវជ្រាវ​បាន​ធ្វើអ្វី​មួយ ដែល​មាន​ឥទ្ធិពល​លើ​លទ្ធផល​ទាំងនោះ ? នៅ​ពេល​ពួកគេ​​តាមដាន​រឿងនេះ ទើប​ពួកគេ​បាន​រកឃើញ​ថា រាល់​សត្វ​ទន្សាយ​ដែល​មាន​ស្តុក​ជាតិ​ខ្លាញ់​តិច​បាន​ស្ថិត​នៅក្រោម​ការថែរក្សា​របស់​អ្នក​ស្រាវជ្រាវ​ម្នាក់ ។ គាត់​បាន​ឲ្យ​ចំណី​ដល់​សត្វ​ទន្សាយ​ដូច​គ្នា​នឹង​អ្នក​ដទៃ​ទៀត​ដែរ ។ ប៉ុន្តែ​ដូច​ដែល​អ្នក​វិទ្យាសាស្រ្ត​ម្នាក់​បាន​រាយការណ៍​ថា « គាត់​គឺជា​មនុស្ស​ដែល​មាន​ចរិត​ស្លូតបូត និង​មាន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​មិន​ធម្មតា​មា្នក់ » ។ នៅ​ពេល​ដែល​គាត់​ឲ្យ​ចំណី​សត្វ​ទន្សាយ​ទាំងនោះ « គាត់​បាន​និយាយ​រកពួកវា ឱប និង​អង្អែល​ពួកវា​ផងដែរ ។ … គាត់​មិនអាច​ទប់ចិត្ត​បាន​ទេ ។ ព្រោះ​គាត់​ជា​មនុស្ស​របៀប​នោះ » ។

អ្នកស្រាវជ្រាវ​ចិត្ត​ល្អ​ដាក់​ទន្សាយ

គាត់​មិន​គ្រាន់តែ​បាន​ផ្តល់​ចំណី​ដល់​សត្វ​ទន្សាយ​ប៉ុណ្ណោះទេ ។ គាត់​បាន​ឲ្យ​ពួកវា​នូវ​សេចក្តី​ស្រឡាញ់​ផងដែរ !

ការវាយ​តម្លៃ​យ៉ាង​ឆាប់​រហ័ស​បង្ហាញថា វា​ហាក់​ដូចជា​មិន​ទំនង​ទេ​ដែល​ថា នេះអាច​ជា​មូលហេតុ​នៃ​ភាពខុសគ្នា​យ៉ាង​ខ្លាំង​នោះ ប៉ុន្តែ​ក្រុម​ស្រាវជ្រាវ​រក​មិន​ឃើញ​ហេតុផល​ផ្សេង​ទៀត​ឡើយ ។

ដូច្នេះ ពួកគេ​បាន​ធ្វើ​ពិសោធន៍​ម្តងទៀត—ដោយ​ពេលនេះ ត្រូវ​គ្រប់គ្រង​យ៉ាង​តឹងរឹង​សម្រាប់​រាល់​ការប្រែប្រួល​ផ្សេង​ទៀត ។ នៅ​ពេល​ពួកគេ​វិភាគ​ចំពោះ​រឿង​នេះ លទ្ធផល​ដដែល​បាន​កើត​ឡើង​ទៀត ! សត្វ​ទន្សាយ​ដែល​ស្ថិត​នៅក្រោម​ការមើលថែ​របស់​អ្នក​ស្រាវជ្រាវ​ដែល​មាន​សេចក្តី​ស្រឡាញ់​នោះ មាន​លទ្ធផល​សុខភាព​ល្អ​ជាង ។

អ្នក​វិទ្យាសាស្ត្រ​បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការសិក្សា​នេះនៅ​ក្នុង​ទស្សនាវដ្តី វិទ្យាសាស្ត្រដ៏​ល្បីល្បាញ​មួយ ។

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ការរក​ឃើញ​នៃ​ការពិសោធន៍​នេះ​នៅ​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​សហគមន៍​វេជ្ជសាស្ត្រ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក​បណ្ឌិត ឃេលី ហាឌីង បាន​បោះពុម្ព​សៀវភៅ​ដែលមាន​ចំណង​ជើងថា The Rabbit Effect ( ផល​ប៉ះពាល់​នៃ​សត្វ​ទន្សាយ )ដែល​យក​ឈ្មោះតាម​ការពិសោធន៏​នោះ ។ ការសន្និដ្ឋាន​របស់​គាត់​គឺ ៖ « យក​សត្វ​ទន្សាយ​ដែល​មាន​របៀប​រស់នៅ​ដោយ​សុខភាព​មិនល្អ ។ និយាយ​រក​វា ។ កាន់​វា ។ ផ្ដល់​ឲ្យ​វា​នូវ​សេចក្តី​ស្រឡាញ់ ។… ចំណង​ទាក់ទង​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ ។… នៅ​ទីបំផុត » គាត់​បាន​សន្និដ្ឋាន​ថា « អ្វី​ដែល​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​យើង​ទៅតាម​របៀប​ដែលមាន​អត្ថន័យ​បំផុត គឺ​ទាក់ទង​ទៅ​នឹង​របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​គ្នាទៅវិញ​ទៅមក របៀប​ដែល​យើង​រស់នៅ និង​របៀប​ដែល​យើង​គិត​អំពី​អត្តន័យ​នៃ​ការក្លាយជា​មនុស្ស » ។

នៅក្នុង​ពិភព​លោកិយ​នេះ ការត​ភ្ជាប់​វិទ្យាសាស្រ្ត​ជាមួយនឹង​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ពេលខ្លះ​ហាក់​ដូចជា​មាន​តិចតួច​ណាស់ និង​នៅ​ឆ្ងាយ​ពីគ្នា ។ ទោះ​យ៉ាងណា ក្នុង​នាមជា​គ្រីស្ទបរិស័ទ​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​លទ្ធផល​នៃ​ការសិក្សា​វិទ្យាសាស្ត្រ​នេះ​ហាក់​ដូចជា​ធ្វើឲ្យ​មាន​វិចារណញាណ​ជាង​ការភ្ញាក់ផ្អើល ។ សម្រាប់​ខ្ញុំ នេះ​គឺជា​ភស្តុតាង​ជា​មូលដ្ឋាន​មួយ​ទៀត ដែល​បញ្ជាក់​ថា សេចក្តី​សប្បុរស​គឺ​ជា​គោលការណ៍​មូលដ្ឋានគ្រឹះ​នៃ​ដំណឹងល្អ​ដែល​អាច​ព្យាបាល—មួយ​ដែល​អាច​ព្យាបាល​ដួងចិត្ត អារម្មណ៍​ខាង​វិញ្ញាណ និង​ដូច​ដែល​បាន​បង្ហាញ​នៅ​ទី​នេះ​សូម្បី​តែ​រាងកាយ​ផងដែរ ។

ចិត្ត​ចងក្រង​រួមគ្នា

នៅពេល​បាន​សួរ​ថា « លោក​គ្រូ ក្នុង​បណ្តា​ក្រឹត្យវិន័យ តើ​បញ្ញត្តិ​ណា​ដែល​សំខាន់​បំផុត ? »​ព្រះអង្គសង្គ្រោះ​បាន​ឆ្លើយ​ថា « ​ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត »​តាម​មក​ដោយ​« ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ។​ ព្រះបន្ទូល​ឆ្លើយ​តប​របស់​ព្រះអង្គសង្គ្រោះ​ពង្រឹង​កាតព្វកិច្ច​ស្ថានសួគ៌​របស់​យើង ។ ព្យាការី​ពី​បុរាណ​មា្នក់​បាន​បង្គាប់​ថា « មិន​គួរ​ឲ្យ​មាន​ការ​ទាស់​ទែង​គ្នាទៅវិញ​ទៅមក​ឡើយ តែ​ថា [ យើង ] គួរ​តែ​មើល​ទៅ​មុខ …​[ យើង ] មាន​ចិត្ត ចងក្រង​រួម​គ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ។ យើង​ត្រូវ​បាន​បង្រៀន​ថែម​ទៀត​ថា « … អំណាច ឬ​ឥទ្ធិពល​ណា​អាច ឬ​គប្បី​កាន់កាប់ …​ដោយ​ការ​ទន់ភ្លន់ និង​ការ​ស្លូតបូត … ដោយ​ចិត្ត​ល្អ … និង​ដោយ​ឥត​មាន​ឧបាយកល » ។

ខ្ញុំ​ជឿថា គោលការណ៍​នេះ​អនុវត្ត​បាន​ជាសកល​សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ទាំងអស់ ៖ មជ្ឈិមវ័យ យុវជន និង​កុមារ ។

ជាមួយ​អ្វី​ដែល​ទើប​នឹង​បាន​និយាយ ខ្ញុំ​សូម​និយាយ​ដោយ​ផ្ទាល់​ទៅកាន់​ក្មួយៗ ដែលជា​កុមារ​ដែល​មាន​អាយុ​ក្នុង​បឋមសិក្សា​មួយភ្លែត ។

ក្មួយៗ​បាន​យល់​រួចហើយ​ថា ការមាន​ចិត្តល្អ​គឺ​សំខាន់​យ៉ាងណា ។ វគ្គ​បន្ទរ​មួយ​នៃ​បទចម្រៀង​ថ្នាក់​កុមារ​របស់​ក្មួយ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » បង្រៀន ៖

ចូរស្រឡាញ់គ្នាដូចព្រះទ្រង់ស្រឡាញ់ក្មួយ ។

ចូរ​បង្ហាញ​មេត្តា​ក្នុង​កិច្ចការ​ក្នួយ​ធ្វើ ។

ដោយ​ស្លូតបូត និង​ក្តី​ស្រឡាញ់​ទាំង​ចិត្ត​គំនិត

នេះ​ជាអ្វី​ដែល​ទ្រង់​បាន​បង្រៀន » ។

សូម្បី​តែ​នៅពេល​ខ្លះ ក្មួយៗ​ក៏​មាន​ការលំបាក​ដែរ ។ នេះ​គឺជា​រឿង​មួយ​ដែល​អាច​ជួយ​ក្មួយៗ​បាន វា​គឺ​ក្មេង​ប្រុស​ក្នុង​ថ្នាក់មបឋម​សិក្សា​ម្នាក់​ឈ្មោះ មីនចាន់ គីម មកពី​កូរ៉េ​ខាងត្បូង ។ គ្រួសារ​របស់​គាត់​បាន​ចូល​ក្នុង​សាសនាចក្រ​ប្រហែល​ប្រាំមួយ​ឆ្នាំ​កន្លង​ទៅ ។

មីនឆាន គីម

« ថ្ងៃ​មួយ នៅ​សាលា មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ពីរបី​នាក់​បាន​ចំអក​ឲ្យ​សិស្ស​ម្នាក់​ទៀត​ដោយ​ប្រើ​ពាក្យ​មិនល្អ​ទៅ​គាត់ ។ មើល​ទៅហាក់​ដូចជា​សប្បាយ ដូច្នេះ​ខ្ញុំ​ក៏បាន​ចូលរួម​នឹង​ពួកគេ​ដែរ​អស់រយៈពេល​ពីរបី​សប្តាហ៍ ។

« ប៉ុន្មាន​សប្តាហ៍​ក្រោយមក ក្មេង​ប្រុស​នោះ​បាន​ប្រាប់​ខ្ញុំ​ថា ទោះបី​គាត់​ធ្វើ​ពុតថា​គាត់​មិន​យក​ចិត្ត​ទុកដាក់​ក៏ដោយ ក៏គាត់​បាន​ឈឺចាប់​ដោយសារ​ពាក្យ​សម្តី​របស់​យើង​ដែរ ហើយ​គាត់​យំ​រាល់យប់ ។ ខ្ញុំ​ចង់​យំ​ដែរ នៅពេល​គាត់​បាន​ប្រាប់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង ហើយ​ចង់​ជួយ​គាត់ ។ ថ្ងៃស្អែក​ឡើង​ខ្ញុំ​បាន​ដើរ​ទៅកាន់​គាត់ ហើយ​ដាក់ដៃ​លើស្មា​របស់គាត់ ហើយ​សុំទោស​ដោយ​និយាយថា ‹ ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ ដែល​ខ្ញុំ​បាន​សើចចំអក​ឲ្យ​ឯង › ។ គាត់​ងក់​ក្បាល​តប​មក​ខ្ញុំ​ទាំង​ទឹកភ្នែក​រលីង​រលោង ។

« ប៉ុន្តែ​ក្មេងៗ​ផ្សេងទៀត​នៅតែ​សើចចំអក​ឲ្យ​គាត់ ។ បន្ទាប់​មក ខ្ញុំ​បាន​ចងចាំ​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅក្នុង​ថ្នាក់​បឋម​សិក្សា គឺ​ជ្រើសរើស​ផ្លូវ​ត្រូវ ។ ដូច្នេះ ខ្ញុំ​បាន​ស្នើសុំ​មិត្ត​រួមថ្នាក់​ខ្ញុំ​ឲ្យ​ឈប់ ។ ពួកគេ​ភាគ​ច្រើន​សម្រេច​ចិត្ត​មិន​ផ្លាស់ប្តូរ ហើយ​ពួកគេ​បាន​ខឹង​នឹងខ្ញុំ ។ ប៉ុន្តែ​ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​ក្មេង​ប្រុស​ដទៃទៀត​បាន​និយាយថា គាត់​មាន​ការសោកស្តាយ ហើយ​បី​នាក់យើង​បាន​ក្លាយជា​មិត្តល្អ​នឹងគ្នា ។

« ទោះបី​ជា​មាន​ក្មេងៗ​ពីរបី​នាក់​នៅតែ​សើច​ចំអក​ឲ្យ​គាត់​ក្ដី ក៏​គាត់​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាងមុន ដោយសារ​គាត់​មាន​ពួកយើង ។

« ខ្ញុំ​បាន​ជ្រើសរើស​ផ្លូវ​ត្រូវ ដោយ​ការជួយ​មិត្ត​ម្នាក់​ដែល​ត្រូវការ​ជំនួយ » ។

រូបថត​ មីនឆាន គីម

តើ​នេះ​មិនមែន​ជា​គំរូល្អ​សម្រាប់​ក្មួយៗ​ដើម្បី​ព្យាយាម​ធ្វើ​ដូច​ព្រះយេស៊ូវ​ទេឬ ?

ឥឡូវ​នេះ​សម្រាប់​យុវជន និង​យុវនារី នៅពេល​ប្អូន​កាន់តែ​ធំឡើង ការលេង​សើច​ចំពោះ​អ្នកដទៃ​អាច​ក្លាយ​ទៅជា​គ្រោះថ្នាក់​យ៉ាង​ខ្លាំង ។ ការថប់​បារម្ភ ការធ្លាក់​ទឹកចិត្ត ហើយ​អ្វី​កាន់តែ​អាក្រក់​ជាង​នេះ​ច្រើន​តែ​ជា​ការសម្លុត​គំរាម ។ « ខណៈ​ពេល​ដែល​ការសម្លុត​គំរាម​មិនមែន​ជា​គំនិត​ថ្មី នោះ​បណ្តាញ​សង្គម និង​បច្ចេកវិទ្យា​បាន​នាំមក​នូវ​ការសម្លុត​គំរាម​ដល់​កម្រិត​មួយ​ថ្មី​ទៀត ។ វា​ក្លាយ​ទៅជា​ការគំរាម​គំហែង​មួយ​ដែល​មិន​ធ្លាប់មាន—គឺ​ការសម្លុត​គំរាម​តាម​អ៊ីនធឺណិត » ។

ច្បាស់​ណាស់ មារសត្រូវ​កំពុង​ប្រើ​វិធីនេះ​ដើម្បី​ធ្វើ​បាប​ជំនាន់​របស់ប្អូន ។ វា​មិន​សមរម្យ​ទេ ដែល​មាន​រឿងនេះ​នៅក្នុង​បណ្តាញ​អ៊ីនធឺណិត នៅក្នុង​សង្កាត់ សាលារៀន កូរ៉ុម ឬ​ថ្នាក់​ផ្សេងៗ​របស់​ប្អូន ។ សូម​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​កន្លែង​ទាំងនេះ​កាន់តែ​មាន​ចិត្តមេត្តា និង​មាន​សុវត្ថិភាព​ឡើង ។ បើ​ប្អូន​គ្រាន់តែ​មើល ឬ​ចូលរួម​នៅក្នុង​រឿង​ទាំងនេះ ខ្ញុំ​មិន​ដឹងថា មាន​ដំបូន្មាន​ណា​ល្អជាង​ការណែនាំ​ដែល​បាន​ផ្តល់​ដោយ​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ​ថា ៖

« នៅពេល​ដែល​វា​ក្លាយ​ជា​ការ​ស្អប់​ការនិយាយ​ដើម​គេ ការ​ព្រងើយកន្ដើយ​ការ​សើច​ចំអក​ការគុំគួន ឬ ការ​ចង់​បង្ករឿង សូម​ធ្វើ​តាម​ការណែនាំ​ដូច​ខាង​ក្រោម​នេះ ៖

បញ្ឈប់​វា !១០

តើ​ប្អុន​ស្តាប់​ឮ​ដែរ​ឬ​ទេ ? បញ្ឈប់​វា​ទៅ ! នៅពេល​ប្អូន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ដោយ​ចិត្ត​សប្បុរស ដោយ​យកចិត្ត​ទុកដាក់ និង​មាន​ចិត្ត​មេត្តា សូម្បីតែ​តាមរបៀប​ឌីជីថល​ក្តី ខ្ញុំ​សូម​សន្យាថា ប្អូន​នឹង​ជួយ​លើក​ដៃ​ដែល​ស្រពន់​ឡើង និង​ជួយ​ព្យាបាល​បេះដូង ។

ខ្ញុំ​ថ្លែង​ទៅកាន់​កុមារ​ថ្នាក់​បឋមសិក្សា និង​យុវវ័យ​រួចហើយ ឥឡូវ​ខ្ញុំ​សូម​ថ្លែង​ទៅកាន់​មជ្ឈិមវ័យ​នៃ​សាសនាចក្រ​ម្តង ។ យើង​មាន​ទំនួល​ខុសត្រូវ​ចម្បង​ក្នុង​ការកំណត់ និង​ធ្វើជា​គំរូ​នៃ​សេចក្តី​សប្បុរស ការរាប់អាន និង​សុជីវធម៌—ដើម្បី​បង្រៀន​អាកប្បកិរិយា​ដូច​ព្រះគ្រីស្ទ​ដល់​ជំនាន់​កំពុង​ពេញវ័យ​ឲ្យ​ធ្វើតាម​អ្វីដែល​យើង​និយាយ និង​របៀប​ដែល​យើង​ប្រព្រឹត្ដ ។ វា​មាន​សារៈសំខាន់​យ៉ាងខ្លាំង នៅពេល​យើង​សង្កេត​ឃើញ​មាន​ការផ្លាស់ប្តូរ​សង្គម​យ៉ាងខ្លាំង​ឆ្ពោះ​ទៅរក​ការបែងចែក​ផ្នែក​នយោបាយ វណ្ណៈ​សង្គម និង​ស្ទើរតែ​រាល់ភាព​ខុសគ្នា​ទាំងឡាយ​ដែល​មនុស្ស​បង្កើតឡើង ។

ប្រធាន អិម រ័សុល បាឡឺដ ក៏​បាន​បង្រៀន​ផង​ដែរ​ថា ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ត្រូវ​មាន​ចិត្តសប្បុរស​ចំពោះ​គ្នា​មិន​ត្រឹម​តែ​ចំពោះ​អ្នកដទៃ​ទៀត​នោះ​ទេ​ប៉ុន្តែ​ត្រូវ​ចំពោះ​មនុស្ស​ទាំងអស់​ដែល​នៅ​ជុំវិញ​យើងផង​ដែរ ។ លោក​បាន​សង្កេត​ឃើញ​ថា « ម្តងម្កាល ខ្ញុំ​បាន​ឮ​សមាជិក​យើង​ធ្វើឲ្យ​អ្នក​មាន​ជំនឿ​ផ្សេង​អាក់អន់​ចិត្ត តាមរយៈ​ការមើល​រំលង​ពួកគេ និង​ការមិន​រាប់បញ្ចូល​ពួកគេ​នៅក្នុង​សកម្មភាព​ណាមួយ ។ រឿងនេះ​អាច​កើតឡើង​ជាពិសេស​នៅក្នុង​សហគមន៏ ដែល​មាន​សមាជិក​យើង​ភាគច្រើន​ផងដែរ ។ ខ្ញុំ​បាន​ធ្លាប់ឮ​អំពី​ឪពុកម្តាយ​ដែលមាន​គំនិត​ចង្អៀតចង្អល់​ដែល​ប្រាប់​កូនៗ​ថា ពួកគេ​មិន​អាច​លេង​ជាមួយ​កុមារ​ណាម្នាក់​នៅក្នុង​ភូមិ​នោះ​បាន​ទេ ពីព្រោះ​តែ​គ្រួសារ​របស់គាត់​មិនមែន​ជា​សមាជិក​សាសនាចក្រ​របស់យើង ។ អាកប្បកិរិយា​បែបនេះ​មិន​សមស្រប​ទៅនឹង​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ ខ្ញុំ​មិន​អាច​យល់ពី​មូលហេតុ​អ្វី​បានជា​សមាជិក​នៃ​សាសនាចក្រ​របស់យើង​អនុញ្ញាតឲ្យ​មាន​រឿង​បែបនេះ​កើតឡើង​នោះឡើយ ។ ខ្ញុំ​មិន​ដែលឮ​សមាជិក​នៃ​សាសនាចក្រ​នេះ​បាន​ជម្រុញ​ឲ្យ​ធ្វើ​អ្វីមួយ ក្រៅពី​សេចក្តី​ស្រឡាញ់ សប្បុរស អត់ធ្មត់ និង​សេចក្ដី​មេត្តា​ករុណា​ចំពោះ​មិត្តភក្ដិ​របស់​យើង និង​អ្នកជិតខាង​របស់​យើង ដែល​មាន​ជំនឿ​ផ្សេងទៀត​នោះ​ទេ » ។១១

ព្រះអម្ចាស់​រំពឹងឲ្យ​យើង​បង្រៀន​ថា ការរាប់អាន​គឺជា​មធ្យោបាយ​វិជ្ជមាន​មួយ​ដែល​ឆ្ពោះ​ទៅរក​សាមគ្គីភាព ហើយ​ការមិនរាប់​អាន​គ្នា​នោះ​នាំ​ទៅរក​ការឈ្លោះ​ទាស់ទែង​គ្នា ។

ក្នុង​នាម​ជាអ្នក​ដើរតាម​ព្រះយេស៊ូគ្រីស្ទ យើង​មាន​អារម្មណ៍​ភ័យខ្លាច នៅពេល​ដែល​យើង​ឮ​ពី​របៀប​ដែលកូន​របស់​ព្រះ​ត្រូវគេ​ធ្វើបាប​ដោយ​ផ្អែកលើ​ពូជសាសន៍​របស់​ពួកគេ ។ យើង​មាន​ការសោកសៅ​ដែល​បាន​ឮ​ពី​ការវាយ​ប្រហារ​ថ្មីៗនេះ​ទៅលើ​ជនជាតិ​ស្បែកខ្មៅ អាស៊ី អាមេរិក​ឡាទីន ឬ​ក្រុម​ផ្សេងៗទៀត ។ ការរើស​អើង ភាពតានតឹង​ខាង​ពូជសាសន៍ ឬ​អំពើ​ហិង្សា​មិនគួរ​មាន​កន្លែង​ណាមួយ​នៅក្នុង​ភូមិ សហគមន៍ ឬ​នៅក្នុង​សាសនាចក្រ​របស់​យើង​ឡើយ ។

មិនថា​យើង​អាយុ​ប៉ុន្មាន​នោះទេ សូម​យើង​ទាំងអស់​គ្នា​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង ។

ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ។

នៅ​ពេល​ប្អូន​ព្យាយាម​មាន​ការប្រាស្រ័យ​ទាក់ទង​ដោយ​ក្តីស្រឡាញ់ ការគោរព និង​សេចក្ដី​សប្បុរស​ក្ដី ក៏​ប្អូន​នៅ​តែ​រង​ការឈឺចាប់ ឬ​រងផល​ប៉ះពាល់​អវិជ្ជមាន​ដដែល មកពី​ជម្រើស​មិនល្អ​របស់​អ្នកដទៃ​ទៀត ។ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច ? យើង​ធ្វើ​តាម​ការដាស់តឿន​របស់​ព្រះអម្ចាស់​ឲ្យ « ស្រឡាញ់​ពួក​ខ្មាំងសត្រូវ … ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក » ។១២

យើង​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ដែល​ស្ថិត​នៅលើ​ផ្លូវ​របស់យើង ។ យើង​ព្យាយាម​ស៊ូទ្រាំ​រហូត​ដល់​ចុងបញ្ចប់ អធិស្ឋាន​គ្រប់​ពេលវេលា​ថា ព្រះហស្ត​របស់​ព្រះអម្ចាស់​នឹង​ផ្លាស់ប្តូរ​កាលៈទេសៈ​របស់​យើង ។ យើង​សូម​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​ទ្រង់​បាន​ដាក់​នៅលើ​ផ្លូវ​របស់យើង​ដើម្បី​ជួយដល់​យើង ។

អព្ភូតហេតុ នៅ​ឃ្វីនសី រដ្ឋ​អិលលីណយ

ខ្ញុំ​ទទួល​ការបំផុស​គំនិត​ពី​គំរូ​នេះ​មកពី​ប្រវត្តិ​សាសនាចក្រ​ដំបូង​របស់យើង ។ ក្នុង​រដូវ​រងារ​នៃ​ឆ្នាំ ១៨៣៨ យ៉ូសែប ស្ម៊ីធ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​ត្រូវ​បាន​ឃុំឃាំង​នៅក្នុង​គុក​លីប៊ើធី នៅពេល​ដែល​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ដោយ​ហិង្សា​ឲ្យចេញ​ពីផ្ទះ​របស់​ពួកគេ​នៅក្នុង​រដ្ឋ​មីសសួរី ។ ពួក​បរិសុទ្ធ​ជាមនុស្ស​ទ័លក្រ គ្មានមិត្ត និង​រងទុក្ខ​យ៉ាងខ្លាំង​ពី​ភាពត្រជាក់ និង​កង្វះ​ធនធាន​ផ្សេងៗ ។ ប្រជាជន​ដែល​រស់នៅ​ស្រុក​ឃ្វីនសី រដ្ឋ​អិលលីណយ​បាន​ឃើញ​ស្ថានភាព​លំបាក​របស់​ពួកគេ ហើយក៏​បានជួយ​ដោយមាន​ចិត្ត​អាណិត​អាសូរ និង​មិត្តភាព ។

វ៉នដុល មេស ជា​អ្នក​រស់នៅ​ក្នុង​ស្រុក​ឃ្វីនសី ក្រោយមក​បាន​រំឭកពី​ពេល​ដំបូង​ដែល​គាត់​បាន​ឃើញ​ពួកបរិសុទ្ធ​នៅតាម​ទន្លេ​មីស៊ីស៊ីពី​នៅក្នុង​តង់​បណ្តោះអាសន្ន ៖ « អ្នក​ខ្លះ​មាន​ក្រណាត់​លាតសន្ធឹង​ដើម្បី​ធ្វើជា​ជម្រក​បន្តិច​បន្តួច​ដើម្បី​បាំង​ខ្យល់ … ក្មេងៗ​ខ្លះ​កំពុង​រងា​ញ័រញាក់​នៅជុំវិញ​ភ្នក់ភ្លើង​ដែល​ខ្យល់​បក់បោក ដូច្នេះ​វា​មិន​បាន​ជួយអ្វី​ពួកគេ​ប៉ុន្មាន​នោះទេ ។ ពួក​បរិសុទ្ធ​កំសត់​ទាំងនោះ​រងទុក្ខ​យ៉ាង​ខ្លាំង » ។១៣

ដោយមើល​ឃើញ​ស្ថានភាព​របស់​ពួកបរិសុទ្ធ នោះ​អ្នក​ស្រុក​ឃ្វីនស៊ី​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ផ្តល់​ជំនួយ ហើយ​អ្នកខ្លះ​ថែមទាំង​ជួយ​ក្នុងការ​ដឹក​ជញ្ជូន​មិត្តភក្តិ​ថ្មី​របស់​ពួកគេ​ឆ្លងកាត់​ទន្លេ​ទៀតផង ។ មេស បាន​បន្ត​ថា « [ ពួកគេ ] បាន​បរិច្ចាគ​ដោយ​ស្មោះ ពួក​ឈ្មួញ​បាន​ប្រកួត​ប្រជែង​ដើម្បី​មាន​សេចក្តី​សប្បុរស​ក្នុង​ការជួយ​ច្រើន​ជាងគេ …ជាមួយ…សាច់ជ្រូក ស្ករស្ករ… ស្បែកជើង និងសម្លៀកបំពាក់ ព្រមទាំង​អ្វីៗ​ទាំងអស់​ដែល​ជា​តម្រូវការ​របស់​មនុស្សក្រីក្រ​ទាំងនេះ ។ »១៤ ក្រោយមក​មិនយូរ​ប៉ុន្មាន ជន​ភៀសខ្លួន​មាន​ចំនួន​ច្រើនជាង​អ្នក​ស្រុក​ឃ្វីនស៊ី​ដែល​បាន​បើកទ្វារ​ផ្ទះ​របស់​ពួកគេ និង​បាន​ចែក​រំលែក​ធនធាន​តិចតួច​របស់​ពួកគេ​ដោយ​ការលះបង់​ខ្ពស់ ពី​ទ្រព្យ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។១៥

ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន រស់រាន​មាន​ជីវិត​រួចផុត​ពី រដូវ​រងារដ៏​លំបាក ក៏​ដោយ​សារតែ​ការអាណិត​អាសូរ និង​សប្បុរសធម៌​របស់​អ្នក​ស្រុក​ឃ្វីនស៊ី​ដែរ ។ ពួក​ទេវតា​នៅលើ​ផែនដី​ទាំងនេះ​បាន​បើក​ដួងចិត្ត និង​ផ្ទះ​របស់​ពួកគេ នាំ​យក​មក​នូវ​ជីវជាតិ​បំប៉ន​ជីវិត ភាពកក់ក្តៅ និង—ប្រហែល​អ្វី​ដែល​សំខាន់​បំផុត—គឺ​ការផ្តល់​នូវ​ចំណង​មិត្តភាព​ដល់​ពួក​បរិសុទ្ធ​ដែល​រងទុក្ខ​ទាំងនោះ ។ ទោះបី​ជាការ​ស្នាក់នៅ​ស្រុក​ឃ្វីនស៊ី​មាន​រយៈពេល​ខ្លី​ក៏ដោយ ក៏​ពួកបរិសុទ្ធ​មិន​ដែល​ភ្លេច​គុណ​របស់​ពួក​អ្នកជិត​ខាង​ជាទី​ស្រឡាញ់​របស់​ពួកគេ​ដែរ ហើយ​ស្រុក​ឃ្វីនស៊ី​ត្រូវបាន​គេស្គាល់​ថាជា « ទីក្រុង​ជម្រក » ។​១៦

នៅ​ពេល​ការលំបាក និង​ទុក្ខវេទនា​មាន​កើត​មកលើ​យើង​តាមរយៈ​ការរិះគន់ ភាពអវិជ្ជមាន ឬ​សូម្បី​តែ​ការមាន​បំណង​អាក្រក់​ក្ដី ក៏​យើង​អាច​ជ្រើសរើស​ដើម្បី​មាន​សេចក្តី​សង្ឃឹម​លើ​ព្រះគ្រីស្ទ​បាន​ដែរ ។ សេចក្តី​សង្ឃឹម​នេះ​កើត​ចេញ​ពីការ​អញ្ជើញ និង​ការសន្យា​របស់​ទ្រង់​ថា « ចូរ​សង្ឃឹម​ឡើង ដ្បិត​យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា »១៧ហើយថា​ព្រះអង្គ​នឹងធ្វើ​ឲ្យ​សេចក្ដី​វេទនា​ទាំង​ឡាយ​របស់​បងប្អូន ក្លាយ​ទៅ​ជា​ផលប្រយោជន៍​ដល់​បងប្អូន​វិញ ។១៨

អ្នក​គង្វាល​ល្អ

ចូរ យើង សរុប​ពី​អ្វី​ដែល​យើង​បាន​ចាប់​ផ្តើម ៖ អ្នកមើលថែ​ដែល​ចេះអាណិតអាសូរ បង្ហាញ​ចិត្តល្អ​ដោយ​ការចិញ្ចឹម​បីបាច់ ជាមួយ​នឹង​លទ្ធផល​ដែល​មិន​រំពឹង​ទុក—ព្យាបាល​ដួងចិត្ត​របស់​សត្វ​ដែល​នាង​ទទួល​ខុសត្រូវ ។ ហេតុអ្វី​ទៅ ? ពីព្រោះ​គាត់​ជា​មនុស្ស​បៀបនោះ !

ពេល​យើង​មើលតាម​កញ្ចក់​នៃ​ដំណឹងល្អ នោះ​យើង​ទទួល​ស្គាល់ថា យើង​ក៏​ស្ថិតនៅ​ក្រោម​ការឃ្លាំ​មើល​របស់​អ្នក​មើលថែ​ដែល​មាន​ចិត្ត​អាណិតអាសូរ​ផងដែរ ដែល​បាន​បង្ហាញ​អង្គទ្រង់​ដោយ​សេចក្ដី​សប្បុរស និង​ការបីបាច់​ថែរក្សា ។ អ្នក​គង្វាល​ចៀម​ល្អ​ស្គាល់​យើង​ម្នាក់ៗ​តាម​ឈ្មោះ​របស់​យើង និង « មាន​ចំណាប់​អារម្មណ៍​ផ្ទាល់​របស់ទ្រង់​ចំពោះ​យើង » ។១៩ ព្រះអម្ចាស់​ព្រះយេស៊ូវ​ទ្រង់​អង្គទ្រង់​មាន​បន្ទូល​ថា « ខ្ញុំ​ជា​អ្នកគង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ។… ហើយ​ខ្ញុំ​[ នឹង ]​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​នឹង​ចៀម » ។​២០

ការស្វែងរក​ចៀម​ដែល​បាន​បាត់

នៅ​ចុង​សប្តាហ៍​នៃ​បុណ្យអ៊ីស្ទើរ​ដ៏បរិសុទ្ធ​នេះ ខ្ញុំ​រកឃើញ​ភាពសុខសាន្ដ​ដ៏ឋិតថេរ​ពេលដឹងថា « ព្រះអម្ចាស់​គឺ​ជា​អ្នក​គង្វាល ខ្ញុំ »​២១ហើយថា​ទ្រង់​ស្គាល់​យើង​ម្នាក់ៗ ហើយ​យើង​ស្ថិតនៅ​ក្រោមការ​មើល​ថែ​របស់ទ្រង់ ។ ពេល​យើង​ជួប​នឹង​ខ្យល់ និង​ព្យុះ​ភ្លៀង​នៃ​ជីវិត ជំងឺ និង​គ្រោះថ្នាក់​នានា នោះ​ព្រះអម្ចាស់—អ្នក​គង្វាល​យើង អ្នក​មើល​ថែ​របស់​យើង—នឹង​ចិញ្ចឹម​បីបាច់​យើង​ដោយ​ក្តីស្រឡាញ់ និង​ចិត្តសប្បុរស ។ ទ្រង់​នឹង​ព្យាបាល​ដួងចិត្ត​របស់​យើង ហើយ​ស្តារព្រលឹង​របស់យើង​ឡើងវិញ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ—និង​អំពី​ព្រះយេស៊ូវគ្រីស្ទ​ថាជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់យើង—នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល​ឃេលី ហាដឌីង The Rabbit Effect( ឆ្នាំ ២០១៩ ) ទំព័រ xxiii–xxiv ។

  2. សូមមើល Robert M. Nerem, Murina J. Levesque, and J. Frederick Cornhill « Social Environment as a Factor in Diet-Induced Atherosclerosis » Scienceវ៉ុល ២០៨ លេខ ៤៤៥១ ( ខែមិថុ ​ឆ្នាំ ១៩៨០ ) ទំព័រ ១៤៧៥–៧៦ ។

  3. ហាដឌីង The Rabbit Effectទំព័រ xxiv, xxv ។

  4. សូមមើល ម៉ាថាយ ២២:៣៦–៣៩ ។

  5. ម៉ូសាយ ១៣:២១ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  6. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៤១–៤២ ។

  7. « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » សៀវភៅ​ចម្រៀង​កុមារទំព័រ ៤០ ។

  8. ដកស្រង់​មកពី​មីនចិន ខេ « The Apology » Friend​ខែ មករា ឆ្នាំ ២០២០ ទំព័រ ៣៥ ។

  9. Frances Dalomba, « Social Media: The Good, the Bad, and the Ugly » Lifespan, lifespan.org ។

  10. ឌៀថើរ អេហ្វ អុជដូហ្វ « The Merciful Obtain Mercy » Liahonaខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧៥ ។

  11. អិម រ័សុល បាឡឺដ « Doctrine of Inclusion » Liahonaខែ មករា ឆ្នាំ ២០០២ ទំព័រ ៤១ ។

  12. លូកា ៦:២៧–២៨ ។

  13. ជីវប្រវត្តិ វ៉នដុល មេស ប្រហែល​ឆ្នាំ ១៩៨០ ច្បាប់​ចម្លង​សរសេរ​ជាអក្សរ ទំព័រ ៣២–៣៣ នៅឯ​បណ្ណាល័យ​ប្រវត្តិ​សាសនាចក្រ ទីក្រុង​សលត៍ លេក ។

  14. Wandle Mace autobiography, 33; spelling and capitalization standardized ។

  15. សូមមើល Richard E. Bennett, “‘Quincy—the Home of Our Adoption’: A Study of the Mormons in Quincy, Illinois, 1838–40,” Mormon Historical Studies, vol. 2, no. 1 (Spring 2001), 110–11 ។

  16. សូមមើល Susan Easton Black, “Quincy–A City of Refuge,” Mormon Historical Studies, vol. 2, no. 1 (Spring 2001), 83–94 ។

  17. គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៨ ។

  18. សូមមើល នីហ្វៃទី២ ២:២ ។

  19. សូមមើល ជេម អ៊ី ថាល់មិច Jesus the Christឆ្នាំ ១៩១៦ ) ទំព័រ ៤១៧ ។

  20. យ៉ូហាន ១០:១៤–១៥ ។

  21. ទំនុកដំកើង ២៣:១ ។