![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2Faa%2Fab%2Faaabba66357ba667730f92f51c55e5420e91a449%2Ftaniela_b_wakolo_god_loves_his_children.jpeg/full/!250,/0/default)
ព្រះស្រឡាញ់កូនចៅរបស់ទ្រង់
ខ្ញុំសូមចែកចាយវិធីជាក់លាក់បីយ៉ាង ដែលព្រះវរបិតាសួគ៌យើងបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ដែលជាកូនចៅរបស់ទ្រង់ ។
បងប្អូនប្រុសស្រី ខ្ញុំរីករាយជាមួយបងប្អូននៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំនាំមកនូវក្តីស្រឡាញ់ពីសមាជិកដែលមានភាពអត់ធ្មត់នៅក្នុងប្រទេសហ្វីលីពីន ហើយនិយាយជំនួសពួកគេថា ម៉ាប៊ូហៃ !
នៅព្រឹកថ្ងៃបុណ្យអ៊ីស្ទើរនេះ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទដែលមានព្រះជន្មរស់ ថាទ្រង់បានរស់ឡើងវិញពីសេចក្តីស្លាប់ហើយថា សេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់យើងទាំងអស់គ្នា និងសម្រាប់ព្រះវរបិតាសួគ៌គឺបរិសុទ្ធ និងអស់កល្បជានិច្ច ។ ថ្ងៃនេះ ខ្ញុំចង់ផ្តោតលើសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសម្រាប់មនុស្សទាំងអស់ ដែលត្រូវបានបង្ហាញតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ( យ៉ូហាន ៣:១៦ ។
នៅពេលព្យាការីនីហ្វៃត្រូវបានសួរដោយទេវតាទាក់ទងទៅនឹងចំណេះដឹងរបស់លោកអំពីព្រះ នោះលោកបានឆ្លើយដោយសាមញ្ញថា « ខ្ញុំដឹងថា ព្រះអង្គទ្រង់ស្រឡាញ់កូនចៅរបស់ទ្រង់ » ( សូមមើល នីហ្វៃទី១ ១១:១៦–១៧ ) ។
ខគម្ពីរមួយមកពីព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូគ្រីស្ទ ពិពណ៌នាប្រកបដោយអានុភាពអំពីសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះអង្គសង្គ្រោះ ៖ « ហើយមនុស្សលោក ដោយព្រោះសេចក្ដីទុច្ចរិតរបស់ពួកគេ នោះនឹងចាត់ទ្រង់ទុកជាគ្មានតម្លៃទៅវិញ … ហើយ ពួកគេវាយទ្រង់ … ពួកគេទះទ្រង់ … ពួកគេកស្ដោះដាក់ទ្រង់ ក៏ទ្រង់អត់ធ្មត់ ពីព្រោះមកពីសេចក្ដីមេត្តាករុណា និងការអត់ធ្មត់ ដែលទ្រង់មានចំពោះកូនចៅមនុស្ស » ( នីហ្វៃទី១ ១៩:៩ ។ សេចក្តីស្រឡាញ់ដ៏លើសលប់របស់ព្រះអង្គសង្រ្គោះមកលើយើងជាកម្លាំងរុញច្រានពីក្រោយអ្វីៗទាំងអស់ដែលទ្រង់ធ្វើ ។ យើងដឹងថា វាគឺជាសេចក្តីស្រឡាញ់តែមួយដូចគ្នានឹងសេចក្តីស្រឡាញ់ដែលព្រះវរបិតាសួគ៌មានចំពោះយើង ពីព្រោះព្រះអង្គសង្រ្គោះបានបង្រៀនដោយរាបសារថាទ្រង់ និងព្រះវរបិតា « គឺតែ១ព្រះអង្គទេ » ( សូមមើលយ៉ូហាន ១០:៣០១៧:២០–២៣ ) ។
ដូច្នេះតើយើងតបស្នង និងបង្ហាញការដឹងគុណយ៉ាងណា ចំពោះសេចក្តីស្រឡាញ់ដ៏លើសលប់របស់ពួកទ្រង់ ? ព្រះអង្គសង្គ្រោះបានបង្រៀនយើងដោយការអញ្ជើញដ៏សាមញ្ញ រួមបញ្ចូលគ្នាទាំងអស់ថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ » ( យ៉ូហាន ១៤:១៥ ) ។
ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា « សេចក្តីស្រឡាញ់ដ៏លើសលប់និងឥតខ្ចោះរបស់ព្រះ បង្ហាញនៅក្នុងគ្រប់ពរជ័យទាំងអស់នៃផែនការដំណឹងល្អរបស់ទ្រង់ រួមទាំងការពិតដែលថា ពរជ័យដ៏វិសេសបំផុតរបស់ទ្រង់ត្រូវបានបម្រុងទុកសម្រាប់អស់អ្នកទាំងឡាយណាដែលគោរពច្បាប់របស់ទ្រង់ » ។១ ។
ខ្ញុំសូមចែកចាយវិធីជាក់លាក់បីយ៉ាង ដែលព្រះវរបិតាសួគ៌យើងបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ដែលជាកូនចៅរបស់ទ្រង់ ។
ទីមួយ ទំនាក់ទំនងជាមួយព្រះ និងគ្រួសារបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់
ទំនាក់ទំនងដ៏មានតម្លៃបំផុតរបស់យើងគឺនៅជាមួយព្រះវរបិតា និងព្រះរាជបុត្រា និងជាមួយក្រុមគ្រួសាររបស់យើងផ្ទាល់ ពីព្រោះចំណងនោះគឺអស់កល្បជានិច្ច ។ ផែនការនៃសុភមង្គលដ៏អស្ចារ្យគឺជាការបង្ហាញដ៏អស្ចារ្យនៃសេចក្តីស្រឡាញ់របស់ព្រះចំពោះយើង ។ ដោយភ្នែកសម្លឹងមើលទៅផែនការរបស់ព្រះ នោះយើងស្ម័គ្រចិត្តជ្រើសរើសកាយដី និងថ្មដែលមាននៅក្នុងខ្លួនយើង ដែលគាំទ្រភាពអាត្មានិយម ហើយជំនួសវាដោយគ្រឹះដែលបង្កើតទំនាក់ទំនងអស់កល្បជានិច្ចវិញ ។ នៅក្នុងន័យមួយ វាអាចហៅបានថា « ការជីករុករកខាងវិញ្ញាណ » ។ នៅក្នុងសកម្មភាពនៃការជីករុករកខាងវិញ្ញាណដំបូងយើងត្រូវតែស្វែងរកព្រះ និងអំពាវនាវរកទ្រង់ជាមុនសិន ( សូមមើល យេរេមា ២៩:១២–១៣ ។
ការស្វែងរកទ្រង់ និងការអំពាវនាវដល់ទ្រង់នឹងចាប់ផ្តើមដំណើរការ និងផ្តល់ជាកន្លែងដើម្បីកសាង និងពង្រឹងទំនាក់ទំនងអស់កល្បជានិច្ចរបស់យើង ។ វាពង្រីកនូវទស្សនៈខាងវិញ្ញាណរបស់យើង ហើយជួយយើងឲ្យផ្តោតលើការផ្លាស់ប្តូរអ្វីដែលយើងអាចគ្រប់គ្រងបាន ជាជាងការភ័យខ្លាចនូវអ្វីដែលយើងមិនអាចគ្រប់គ្រងបាន ។ ការសិក្សាអំពីជីវិត និងការងារបម្រើរបស់ព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ នឹងជួយយើងឲ្យមើលឃើញពីកង្វល់ផ្សេងៗទៀតដោយទស្សនៈដ៏អស់កល្បជានិច្ច ។
ពេលខ្លះ ការរំខានអាចរារាំងយើងពីការដកពិសោធន៍នូវសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងទំនាក់ទំនងគ្រួសារ និងសកម្មភាពផ្សេងៗទៀតរបស់យើង ។ ម្តាយម្នាក់ដែលមានអារម្មណ៍ថា ឧបករណ៍អេឡិចត្រូនិចកំពុងតែគ្រប់គ្រងទំនាក់ទំនងគ្រួសាររបស់គាត់ គាត់បានរកឃើញដំណោះស្រាយមួយ ។ នៅតុអាហារពេលល្ងាច និងនៅពេលជួបជុំគ្រួសារផ្សេងៗទៀតគាត់គ្រាន់តែប្រាប់ថា « សូមដាក់ទូរសព្ទចុះ យើងនិយាយគ្នាវិញ » ។ គាត់និយាយថា នេះគឺជាបទដ្ឋានថ្មីសម្រាប់គ្រួសាររបស់ពួកគេ ហើយថាវាជួយពង្រឹងទំនាក់ទំនងពួកគេក្នុងនាមជាគ្រួសារមួយ នៅពេលពួកគេមានពេលវេលានិយាយគ្នា ។ ឥឡូវពួកគេរីករាយនឹងការពិភាក្សា ចូរមកតាមខ្ញុំរួមគ្នាជាក្រុមគ្រួសារប្រកបដោយភាពស្និទ្ធស្នាល ។
ទីពីរ ទ្រង់បង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះកូនចៅរបស់ទ្រង់ដោយការហៅព្យាការីទាំងឡាយ
បច្ចុប្បន្នពិភពលោករបស់យើងបានឈានចូលដល់ « ចម្បាំងខាងពាក្យសម្ដី និងការជ្រួលច្របល់ខាងគំនិតជឿនេះ » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១០ ) ។ សាវកប៉ុលរំឭកយើងថា « មាន … សូរសំឡេងជាច្រើនយ៉ាងណាស់នៅក្នុងលោកីយ៍នេះ » ( កូរិនថូស ទី១ ១៤:១០ ។ តើសំឡេងណាមួយបន្លឺឡើងច្បាស់ និងមានអត្ថន័យលើសពីការប្រជែងទាំងអស់នោះ ? វាគឺជាសំឡេងរបស់ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈទាំងឡាយរបស់ព្រះ ។
ខ្ញុំចាំបានយ៉ាងច្បាស់ បន្ទាប់ពីបានទទួលការវះកាត់នៅឆ្នាំ ២០១៨ និងនៅពេលត្រឡប់ទៅធ្វើការវិញ ខ្ញុំនៅក្នុងចំណតរថយន្តនៅទីស្នាក់ការកណ្តាលសាសនាចក្រ ។ ស្រាប់តែខ្ញុំបានឮសំឡេងរបស់ប្រធាន រ័សុល អិម ណិលសុន ហៅ « ថានែលឡា ថានែលឡា » ។ ខ្ញុំបានរត់ទៅរកលោក ហើយលោកបានបានសួរថាតើសុខទុក្ខខ្ញុំយ៉ាងម៉េចហើយ ។
ខ្ញុំបាននិយាយថា « ខ្ញុំបានគ្រាន់បើហើយប្រធានណិលសុន » ។
លោកបានផ្តល់ឱវាទ និងឱបខ្ញុំ ។ ខ្ញុំពិតជាមានអារម្មណ៏ថា បានទទួលការងារបម្រើផ្ទាល់ខ្លួនរបស់ព្យាការីដល់ « បុគ្គលម្នាក់ » ។
ប្រធានណិលសុនបានធ្វើដំណើរគ្រប់ប្រទេសនៅលើផែនដីនេះ ។ ក្នុងគំនិតរបស់ខ្ញុំ លោកមិនត្រឹមតែកំពុងផ្ដល់ការងារបម្រើដល់មនុស្សរាប់ពាន់នាក់ប៉ុណ្ណោះទេ តែលោកកំពុងផ្ដល់ការងារបម្រើដល់ « បុគ្គលម្នាក់ៗ » នៃរាប់ពាន់នាក់ ។ ក្នុងការធ្វើដូច្នេះ លោកចែករំលែកសេចក្ដីស្រឡាញ់ដែលព្រះមានចំពោះកូនចៅរបស់ទ្រង់ទាំងអស់ ។
ថ្មីៗនេះ ប្រសាសន៍របស់ប្រធានណិលសុនបានក្លាយទៅជាប្រភពនៃកម្លាំង និងការបំផុសគំនិតដល់ប្រជាជនហ្វីលីពីន ។ ដូចប្រទេសទាំងអស់នៅលើពិភពលោកដែរ ក្នុងអំឡុងឆ្នាំ ២០២០ ហ្វីលីពីនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត កូវីដ-១៩ ក៏ដូចជាការផ្ទុះភ្នំភ្លើង ការរញ្ជួយដី ខ្យល់ព្យុះខ្លាំង និងការបំផ្លិចបំផ្លាញពីទឹកជំនន់ ។
ប៉ុន្តែដូចជាសសរនៃពន្លឺដែលចាំងមកលើពពកខ្មៅងងឹតនៃការភ័យខ្លាចភាពឯកោ និងភាពអស់សង្ឃឹមដែរ ពាក្យសម្ដីរបស់ព្យាការីបានចេញមក ។ រួមបញ្ចូលទាំងការអំពាវនាវឲ្យមានការតមអាហារ និងការអធិស្ឋាន នៅទូទាំងពិភពលោក ព្រមទាំងការប្រឹក្សាឲ្យឆ្ពោះទៅមុខទោះបីជាមានជំងឺរាតត្បាតរាលដាលក៏ដោយ ។ លោកបានអញ្ជើញយើងដើម្បីធ្វើឲ្យផ្ទះរបស់យើងក្លាយជាទីជម្រកផ្ទាល់ខ្លួននៃសេចក្ដីជំនឿ ។ លោកបានអំពាវនាវដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅគ្រប់ទីកន្លែងឲ្យគោរពដល់កូនចៅរបស់ព្រះទាំងអស់ ហើយអនុញ្ញាតឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់យើង ។២
ដូចគ្នានេះដែរការដាស់តឿនដែលជាទីបន្ទាល់វីដេអូថ្មីៗរបស់ប្រធានណិលសុនអំពីអំណាចនៃការដឹងគុណ និងការអធិស្ឋានបញ្ចប់របស់លោកដែលបានឮពាសពេញផ្ទៃប្រទេសហ្វីលីពីន ។៣ នៅខេត្ដ ឡាយទី វីដេអូ នេះត្រូវបានគេចាក់ក្នុងកំឡុងពេលពិធីសាសនា ចម្រុះហើយវាក៏ត្រូវបានគេនិយាយថាជាផ្នែកមួយនៃធម្មទេសនារបស់សង្ឃផងដែរ ។ ប្រទេសហ្វីលីពីន និងពិភពលោកទាំងមូល មានពរជ័យណាស់ដែលទទួលបានសេចក្តីស្រឡាញ់ពីព្រះជាម្ចាស់ តាមរយៈពាក្យសម្ដីនៃព្យាការីដែលបានជ្រើសរើសរបស់ទ្រង់ ។
ទីបី ការប្រៀនប្រដៅអាចជាការបង្ហាញនូវសេចក្តីស្រឡាញ់របស់ព្រះចំពោះកូនចៅរបស់ទ្រង់
ពេលខ្លះ ព្រះបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដោយការប្រៀនប្រដៅដល់យើង ។ វាគឺជាវិធីមួយនៃការរំឭកដល់យើងថា ទ្រង់ស្រឡាញ់យើង ហើយថាយើងជានរណា ។ ពរជ័យដែលបានសន្យារបស់ទ្រង់គឺភាពសុខសាន្តមានដល់មនុស្សទាំងអស់ ដែលដើរនៅលើផ្លូវនៃសេចក្ដីសញ្ញាដោយក្លាហាន និងមានឆន្ទៈដើម្បីទទួលការកែតម្រូវ ។
នៅពេលដែលយើងទទួលស្គាល់ការប្រៀនប្រដៅនោះ ហើយធ្វើជាអ្នកទទួលដោយស្ម័គ្រចិត្ត នោះវានឹងក្លាយទៅជាការវះកាត់ខាងវិញ្ញាណមួយ ។ មែនហើយ តើមានអ្នកណាខ្លះដែលចូលចិត្តការវះកាត់នោះ ? ប៉ុន្តែចំពោះអស់អ្នកដែលត្រូវការវា ហើយសុខចិត្តទទួលយកវា នោះវាអាចជួយសង្គ្រោះជីវិតបាន ។ ព្រះអម្ចាស់ទ្រង់ប្រៀនប្រដៅអ្នកទាំងឡាយដែលទ្រង់ស្រឡាញ់ ។ បទគម្ពីរប្រាប់យើងយ៉ាងដូច្នេះ ( សូមមើល ហេព្រើរ ១២:៥–១១ហេលេមិន ១២:៣គោលលទ្ធិ និងសេចក្ដីសញ្ញា ១:២៧៩៥:១ ) ។ ការប្រៀនប្រដៅ ឬការវះកាត់ខាងវិញ្ញាណនឹងនាំមកនូវការផ្លាស់ប្តូរដ៏ចាំបាច់នៅក្នុងជីវិតរបស់យើង ។ បងប្អូនប្រុសស្រី យើងនឹងដឹងថា វាចម្រាញ់ និងបន្សុទ្ធផ្នែកខាងក្នុងរបស់យើង ។
យ៉ូសែប ស៊្មីធ ព្យាការីនៃការស្ដារឡើងវិញ ត្រូវបានប្រៀនប្រដៅ ។ បន្ទាប់ពីយ៉ូសែបបានបាត់បង់ ១១៦ ទំព័រនៃសំណេរដោយដៃនៃព្រះគម្ពីរមរមន ព្រះអម្ចាស់បានកែតម្រូវ និងបង្ហាញសេចក្ដីស្រឡាញ់ដោយមានបន្ទូលថា « អ្នកមិនត្រូវខ្លាចមនុស្សជាងព្រះឡើយ ។ … អ្នកគួរតែមានចិត្តស្មោះត្រង់ ។ … មើលចុះ អ្នកជាយ៉ូសែប ហើយអ្នកត្រូវបានរើសឲ្យធ្វើកិច្ចការនៃព្រះអម្ចាស់ ។ … ប៉ុន្តែចូរចាំចុះថា ព្រះទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា ហេតុដូច្នេះហើយ ចូរប្រែចិត្ត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៧–១០ ) ។
នៅឆ្នាំ ២០១៦ ពេលកំពុងបម្រើបេសកកម្មនៅលីតថលរ៉ក់ រដ្ឋអាកាន់សាស ខ្ញុំបានស្នើសុំបងប្រុស កាវ៉ា ឲ្យនាំយកកញ្ចប់មួយទៅឲ្យបងស្រីខ្ញុំដែលរស់នៅលើកោះមួយនៅហ្វីជី ។ ការឆ្លើយតបរបស់គាត់គឺមិនមែនជាអ្វីដែលខ្ញុំបានរំពឹងទុកនោះទេ ។ គាត់បានស្រែកថ្ងូរថា « ប្រធានវ៉ាកូឡូ បងស្រីរបស់លោកបានទទួលមរណភាព ហើយបានបញ្ចុះកាលពី ១០ ថ្ងៃមុននេះ » ។ ខ្ញុំអាណិតខ្លួនឯង និងមានអារម្មណ៍អាក់អន់ចិត្តបន្តិចបន្តួច ដែលគ្រួសាររបស់ខ្ញុំមិនព្រមប្រាប់ខ្ញុំឲ្យដឹងពីរឿងនេះទាល់តែសោះ ។
នៅថ្ងៃបន្ទាប់ នៅពេលដែលភរិយាខ្ញុំកំពុងបង្រៀនអ្នកផ្សព្វផ្សាយសាសនា គំនិតនេះបានដក់ជាប់ក្នុងដួងចិត្តខ្ញុំ ៖ « ថានែលឡា បទពិសោធន៍ទាំងអស់នេះគឺដើម្បីភាពល្អ និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកបានបង្រៀន និងចែកចាយសក្ខីភាពរបស់អ្នកអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឥឡូវនេះ ចូររស់នៅទៅតាមនោះទៅ » ។ ខ្ញុំត្រូវបានរំឭកថា « សប្បាយហើយអ្នកណាដែលព្រះទ្រង់បានកែ [ ឡើង ] ដូច្នេះ [ យើងគួរ ] កុំឲ្យមើលងាយ … សេចក្តីផ្ចាញ់ផ្ចាលរបស់ព្រះដ៏មានព្រះចេស្តាបំផុតឡើយ » ( សូមមើល យ៉ូប ៥:១៧ ) ។ វាជាការវះកាត់ខាងវិញ្ញាណសម្រាប់រូបខ្ញុំ ហើយលទ្ធផលគឺភ្លាមៗផងដែរ ។
កាលដែលខ្ញុំកំពុងគិតពិចារណាអំពីបទពិសោធន៍នោះ ខ្ញុំត្រូវបានគេហៅឲ្យផ្តល់គំនិតបញ្ចប់របស់ខ្ញុំចំពោះការពិភាក្សានោះ ។ ក្នុងចំណោមរឿងផ្សេងៗទៀត ខ្ញុំបានចែកចាយមេរៀនដែលខ្ញុំទើបតែត្រូវបានបង្រៀន ៖ ទីមួយ ខ្ញុំទើបតែត្រូវបានប្រៀនប្រដៅដោយព្រះវិញ្ញាណបរិសុទ្ធ ហើយខ្ញុំចូលចិត្តវា ពីព្រោះខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលបានឮវា ។ ទីពីរ ដោយសារការលះបង់ និងតម្លៃលោះរបស់ព្រះអង្គសង្គ្រោះ ខ្ញុំនឹងមិននិយាយសំដៅដល់បញ្ហាប្រឈមមុខរបស់ខ្ញុំថាជាការសាកល្បង និងទុក្ខវេទនាទៀតទេ ប៉ុន្តែជា « បទពិសោធន៍នៃការរៀនរបស់ខ្ញុំ » វិញ ។ ហើយទីបី ដោយសារតែជីវិតដ៏ល្អឥតខ្ចោះ និងគ្មានបាបរបស់ទ្រង់ នោះខ្ញុំនឹងមិននិយាយសំដៅដល់ការខ្វះខាតរបស់ខ្ញុំ និងកង្វះសមត្ថភាពថាជាភាពទន់ខ្សោយនោះទេ ប៉ុន្តែជា « ឱកាសអភិវឌ្ឍន៍ » របស់ខ្ញុំវិញ ។ បទពិសោធន៍នេះបានជួយខ្ញុំឲ្យដឹងថា ព្រះបានប្រៀនប្រដៅយើង ដោយសារទ្រង់ស្រឡាញ់យើង ។
ខ្ញុំបានសរុប ។ ព្រះវរបិតាដ៏អស់កល្បរបស់យើង និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ បង្ហាញនូវសេចក្ដីស្រឡាញ់របស់ពួកទ្រង់ដោយធ្វើឲ្យកើតឡើងបានសម្រាប់យើង ដើម្បីមានទំនាក់ទំនងដ៏អស់កល្បជានិច្ចជាមួយពួកទ្រង់ និងជាមួយសមាជិកគ្រួសាររបស់យើង ដោយការហៅព្យាការីសម័យថ្មី ឲ្យបង្រៀន និងផ្ដល់ការងារបម្រើដល់យើង និងប្រៀនប្រដៅយើងដើម្បីជួយយើងឲ្យរៀន និងរីកចម្រើន ។ « សូមថ្លែងអំណរព្រះគុណដល់ព្រះចំពោះអំណោយដ៏អស្ចារ្យនៃព្រះរាជបុត្រាដ៏ទេវភាពរបស់ទ្រង់ »៤ ដែលជាព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញរបស់យើង ជាព្រះគ្រីស្ទដែលមានព្រះជន្មរស់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕