បន្ទប់ក្នុងផ្ទះសំណាក់
នៅបុណ្យអ៊ីស្ទើរនេះ ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យប្រែក្លាយដូចជាទ្រង់ ធ្វើជាសាសន៍សាម៉ារីចិត្តល្អ ដើម្បីធ្វើឲ្យផ្ទះសំណាក់របស់ទ្រង់ ( សាសនាចក្ររបស់ទ្រង់ ) ជាជម្រកសម្រាប់មនុស្សទាំងអស់ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ទោះបីជាឪពុកខ្ញុំបានទទួលមរណភាពអស់ ២០ ឆ្នាំកន្លងទៅហើយក្តី ក៏ខ្ញុំនៅតែនឹកឪពុកខ្ញុំនៅពេលខ្លះដែរ ។ ការរស់ឡើងវិញរបស់ព្រះគ្រីស្ទនៅថ្ងៃអាទិត្យអ៊ីស្ទើរធ្វើឲ្យខ្ញុំអាចជួបពុកខ្ញុំម្តងទៀត ។
ពេលខ្ញុំកំពុងរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ឪពុកខ្ញុំបានមកលេង ។ លោកពុកដឹងចិត្តខ្ញុំថា ខ្ញុំនឹកផ្ទះ ។
ពុកខ្ញុំចូលចិត្តដំណើរផ្សងព្រេង ប៉ុន្តែលោកមិនចូលចិត្តអាហារប្លែកនោះទេ ។ ទោះប្រទេសបារាំងល្បីខាងម្ហូបក្តី ក៏លោកបានមានប្រសាសន៍ថា « តោះ ទៅហូបម្ហូបចិន » វិញ ។ ដោយបម្រើជាលោកអយ្យកោអស់រយៈពេលយ៉ាងយូរនៅក្នុងសាសនាចក្រ ពុកខ្ញុំមានភាពខាងវិញ្ញាណ និងការអាណិតអាសូរ ។ នៅយប់មួយ កាលដែលសំឡេងសារ៉ែនរថយន្តសង្រ្គោះបន្លឺខ្លាំងៗពេញទីក្រុងប៉ារីស លោកបានមានប្រសាសន៍ថា « ហ្គើរីត សំឡេងយំនោះគឺជាសំឡេងឈឺចាប់របស់ប្រជាជននៅទីក្រុងនេះហើយ » ។
ក្នុងការធ្វើដំណើរនោះ ខ្ញុំមានអារម្មណ៍ពីការទួញយំ និងការឈឺចាប់ផ្សេងទៀត ។ យុវនារីម្នាក់កំពុងលក់ការ៉េមលើរទេះរុញតូចមួយ ។ ឯនំបំពង់គឺតូច ប៉ុននឹងការ៉េមមួយវែកប៉ុណ្ណោះ ។ មិនដឹងមានរឿងអ្វីកើតឡើងទេ មានបុរសមាឌធំម្នាក់ឈ្លោះជាមួយយុវនារីរូបនោះ ។ គាត់បានច្រានរទេះរបស់នាងឲ្យរលំ ទាំងស្រែក ហើយរុញនាង ហើយបានគ្រវែងនំបំពង់នាងចោលអស់ ។ ខ្ញុំមិនអាចធ្វើអ្វីបានឡើយ កាលដែលបុរសនោះយកជើងជាន់បំបែកនំបំពង់នោះ ។ ខ្ញុំនៅចាំរូបភាពរបស់យុវនារីរូបនោះលុតជង្គង់នៅលើផ្លូវ ព្យាយាមរើសកម្ទេចនំបំពង់ ទាំងទឹកភ្នែកនៃការឈឺចាប់ហូរកាត់លើផ្ទៃមុខរបស់នាង ។ រូបភាពនាងធ្វើឲ្យខ្ញុំនឹកដល់ទង្វើអសប្បុរស មិនខ្វល់ខ្វាយ ការយល់ខុស ដែលយើងធ្វើដាក់គ្នាជារឿយៗផងដែរ ។
នៅថ្ងៃរសៀលផ្សេងទៀត ជិតទីក្រុងប៉ារីស ពុកខ្ញុំ និងខ្ញុំបានទៅលេងព្រះវិហារកាតូលិកដ៏ធំមួយនៅឯឆាត្រឺ ។ លោក ម៉ាលកុម មៀលឺ ១ដែលជាអ្នកជំនាញអន្ដរជាតិម្នាក់ខាងព្រះវិហារកាតូលិក បានរៀបរាប់ពីបង្អួចកញ្ចក់ពណ៌ចំនួនបីនៅឆាត្រឺ ។ គាត់ប្រាប់ថា បង្អួចនីមួយៗមានដំណើររឿងរបស់វា ។
បង្អួចទីមួយ បង្ហាញពីលោកអ័ដាម និងនាងអេវ៉ាកំពុងចាកចេញពីសួនអេដែន ។
បង្អួចទីពីរ រៀបរាប់ពីរឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អ ។
បង្អួចទីបី ពិពណ៌នាពីការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
ពេលមើលបង្អួចកញ្ចក់ពណ៌ទាំងបីនេះចូលគ្នា វាអាចពិពណ៌នាពីដំណើរអស់កល្បជានិច្ចរបស់យើង ។ វាអញ្ជើញយើងឲ្យស្វាគមន៍មនុស្សទាំងអស់ចូលមកដំណាក់របស់ទ្រង់ ។២
ដូចជាលោកអ័ដាម និងនាងអេវ៉ាដែរ យើងមកកាន់ពិភពលោកដែលពេញដោយទុក្ខលំបាក និងការសាកល្បង ។៣
នៅលើផ្លូវដ៏ស្មុគស្មាញរបស់យើងទៅកាន់ក្រុងយេរីខូរ យើងត្រូវគេវាយប្រហារ រងរបួស ហើយទុកឲ្យឈឺចាប់ ។៤
ទោះបីជាយើងត្រូវជួយគ្នាក៏ដោយ ក៏ជាញឹកញាប់យើងឆ្លងទៅផ្លូវផ្សេង ដោយហេតុផលណាមួយ ។
តែដោយក្តីអាណិតអាសូរ នោះសាសន៍សាម៉ារីចិត្តល្អបានឈប់ ហើយរុំរបួសឲ្យយើងដោយប្រើស្រា និងប្រេង ។ និមិត្តរូបនៃពិធីសាក្រាម៉ង់ និងពិធីបរិសុទ្ធដទៃទៀត ស្រា និងប្រេង ចង្អុលយើងទៅកាន់ការព្យាបាលខាងវិញ្ញាណនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។៥ សាសន៍សាម៉ារីចិត្តល្អលើកយើងដាក់លើសត្វលារបស់ទ្រង់ ឬដូចក្នុងដំណើររឿងនៅលើកញ្ចក់ពណ៌នេះ ទ្រង់លីយើងលើស្មាទ្រង់ ។ ទ្រង់នាំយើងទៅកាន់ផ្ទះសំណាក់ ដែលអាចតំណាងឲ្យសាសនាចក្ររបស់ទ្រង់ ។ នៅផ្ទះសំណាក់នោះ សាសន៍សាម៉ារីចិត្តល្អ បាននិយាយថា « សូមមើលថែគាត់ …នោះដល់ខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក » ។៦ ជានិមិត្តរូបអំពីព្រះអង្គសង្គ្រោះរបស់យើង សាសន៍សាម៉ារីចិត្តល្អសន្យាថានឹងត្រឡប់មកវិញ លើកនេះមកវិញដោយព្រះចេស្តា និងសិរីរុងរឿង ។
នៅបុណ្យអ៊ីស្ទើរនេះ ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យប្រែក្លាយដូចជាទ្រង់ ធ្វើជាសាសន៍សាម៉ារីចិត្តល្អ ដើម្បីធ្វើឲ្យផ្ទះសំណាក់របស់ទ្រង់ ( សាសនាចក្ររបស់ទ្រង់ ) ជាជម្រកសម្រាប់មនុស្សទាំងអស់ជ្រកពីទុក្ខលំបាក និងព្យុះជីវិត ។៧ យើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរដែលបានសន្យារបស់ទ្រង់ កាលណាយើងធ្វើចំពោះ « អ្នកតូចបំផុត »៨ដូចជាយើងនឹងធ្វើចំពោះទ្រង់រាល់ថ្ងៃដែរ ។ « អ្នកតូចបំផុត » គឺយើងម្នាក់ៗ ។
កាលដែលយើងមកផ្ទះសំណាក់ជាមួយសាសន៍សាម៉ារីចិត្តល្អ យើងរៀនរឿងប្រាំយ៉ាងអំពីព្រះយេស៊ូវគ្រីស្ទ និងខ្លួនរបស់យើង ។
ដំបូង យើងម្នាក់ៗមកកាន់ផ្ទះសំណាក់នៅពេលនេះដោយមានចំណុចទន់ខ្សោយ និងភាពមិនល្អឥតខ្ចោះ ។ ប៉ុន្តែ យើងទាំងអស់គ្នាមានអ្វីមួយចាំបាច់ត្រូវបរិច្ចាគ ។ ជាញឹកញាប់ ដំណើរត្រឡប់ទៅព្រះវិញរបស់យើងគឺស្ថិតនៅលើសាមគ្គីភាព ។ យើងចូលរួមចំណែក កាលយើងមានសាមគ្គីភាពក្នុងសហគមន៍—មិនថាយើងកំពុងប្រឈមនឹងជំងឺរាតត្បាត ខ្យល់ព្យុះ ភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត ឬបំពេញតម្រូវការប្រចាំថ្ងៃដោយស្ងប់ស្ងៀមនោះទេ ។ យើងទទួលការបំផុសគំនិត កាលដែលយើងប្រឹក្សាជាមួយគ្នា ស្ដាប់គ្នា រួមទាំងបងប្អូនស្រីម្នាក់ៗ និងព្រះវិញ្ញាណផងដែរ ។
កាលណាដួងចិត្តយើងផ្លាស់ប្តូរ ហើយយើងទទួលព្រះភ័ក្ត្ររបស់ទ្រង់នៅក្នុងទឹកមុខរបស់យើង៩នោះយើងឃើញទ្រង់ និងខ្លួនឯងនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ នៅក្នុងទ្រង់ យើងរកឃើញភាពច្បាស់លាស់ ពុំមែនជាការបែកបាក់គ្នានោះទេ ។ នៅក្នុងទ្រង់ យើងរកឃើញបុព្វហេតុដើម្បីធ្វើល្អ មូលហេតុដើម្បីធ្វើល្អ និងបង្កើនសមត្ថភាពដើម្បីប្រែក្លាយជាមនុស្សកាន់តែប្រសើរឡើង ។ នៅក្នុងទ្រង់ យើងរកឃើញសេចក្តីជំនឿដែលកាន់ខ្ជាប់ខ្ជួន បោះបង់ភាពអាត្មានិយម ការយកចិត្តទុកដាក់នឹងការផ្លាស់ប្តូរ ហើយទុកចិត្តលើព្រះ ។ នៅក្នុងផ្ទះសំណាក់របស់ទ្រង់ យើងរកឃើញ និងពង្រឹងទំនាក់ទំនងរបស់យើងផ្ទាល់ជាមួយព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ។
ទ្រង់ទុកចិត្តយើងឲ្យធ្វើឲ្យផ្ទះសំណាក់របស់ទ្រង់ក្លាយជាផ្ទះសំណាក់ ជាទីកន្លែងដែលទ្រង់ចង់ឲ្យបានបែបនោះ ។ កាលដែលយើងថ្វាយទេពកោសល្យ និងការខិតខំអស់ពីសមត្ថភាពរបស់យើង នោះអំណោយទានខាងវិញ្ញាណរបស់យើង១០ក៏ត្រូវបានពង្រឹង និងប្រទានពរជ័យដែរ ។
អ្នកបកប្រែភាសាអេស្ប៉ាញម្នាក់បានប្រាប់ខ្ញុំថា « អែលឌើរ ហ្គង ខ្ញុំបានដឹងដោយព្រះវិញ្ញាណនូវអ្វីដែលអែលឌើរបម្រុងនឹងមានប្រសាសន៍ ដូច្នេះខ្ញុំអាចបកប្រែបាន » ហើយបងប្រុសដ៏ស្មោះត្រង់រូបនេះបានបន្ដថា « ដោយអំណោយទានខាងភាសា » ។
អំណោយទាននៃសេចក្តីជំនឿ និងការបញ្ជាក់កើតមាន និងបើកសម្ដែងខុសៗគ្នា ក្នុងស្ថានភាពខុសៗគ្នា ។ បងស្រីជាទីស្រឡាញ់ម្នាក់ទទួលបានការលួងលោមខាងវិញ្ញាណ កាលដែលស្វាមីរបស់គាត់បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ ។ គាត់បានពោលថា « ខ្ញុំដឹងថា ស្វាមីជាទីស្រឡាញ់របស់ខ្ញុំ និងខ្ញុំនឹងនៅជាមួយគ្នាម្តងទៀត » ។ ក្នុងស្ថានភាពកូវីដផ្សេង បងស្រីជាទីស្រឡាញ់ម្នាក់ទៀត បានប្រាប់ថា « ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែទូលអង្វរទៅព្រះអម្ចាស់ និងវេជ្ជបណ្ឌិតឲ្យទុកពេលឲ្យស្វាមីរបស់ខ្ញុំបន្តិចទៀត » ។
ទីពីរ ទ្រង់អង្វរយើងឲ្យធ្វើផ្ទះសំណាក់របស់ទ្រង់ជាកន្លែងនៃព្រះគុណ និងទូលំទូលាយ ជាកន្លែងដែលមនុស្សគ្រប់គ្នាអាចជួបជុំគ្នា ហើយមានកន្លែងសម្រាប់មនុស្សទាំងអស់ ។ ក្នុងនាមជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងស្មើភាពគ្នា ពុំមានក្រុមណាពុំសូវសំខាន់ឡើយ ។
មនុស្សទាំងអស់គ្នាត្រូវបានស្វាគមន៍ឲ្យចូលរួមការប្រជុំសាក្រាម៉ង់ ការប្រជុំថ្ងៃអាទិត្យផ្សេងៗ ក៏ដូចជាព្រឹត្តិការណ៍ខាងសង្គមផងដែរ ។១១ យើងថ្វាយបង្គំព្រះអង្គសង្រ្គោះដោយគារវភាព ដោយគិតគូរ និងយកចិត្តទុកដាក់ចំពោះគ្នា ។ យើងមើល និងទទួលស្គាល់មនុស្សម្នាក់ៗ ។ យើងញញឹម អង្គុយជិតអ្នកដែលអង្គុយតែឯង រៀនស្គាល់ឈ្មោះ ដោយរួមទាំងអ្នកប្រែចិត្តជឿថ្មី បងប្អូនប្រុសស្រីដែលមកសកម្មវិញ យុវនារី និងយុវជន ព្រមទាំងកុមារម្នាក់ៗផងដែរ ។
សូមស្រមៃថាយើងជាពួកគាត់វិញ យើងស្វាគមន៍មិត្តភក្តិ អ្នកមកលេង អ្នកផ្ទេរចូលថ្មី បុគ្គលរវល់ដែលមានអ្វីៗជាច្រើនត្រូវដោះស្រាយ ។ យើងទួញសោក អររីករាយ ហើយជួយគាំទ្រគ្នាទៅវិញទៅមក ។ នៅពេលយើងខកខានអ្វីមួយ ហើយប្រញាប់ប្រញាល់ មិនដឹងខ្លួន ពូកែរិះគន់ ឬរើសអើង នោះយើងស្វែងរកការអភ័យទោសពីគ្នាទៅវិញទៅមក ហើយធ្វើឲ្យបានប្រសើរជាងមុន ។
គ្រួសារមួយមកពីប្រទេសអាហ្វ្រិក ដែលឥឡូវនេះរស់នៅសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា « តាំងពីថ្ងៃដំបូង សមាជិកសាសនាចក្រមានភាពរួសរាយរាក់ទាក់ និងស្វាគមន៍ណាស់ ។ សមាជិកគ្រប់គ្នាធ្វើឲ្យយើងទទួលអារម្មណ៍ដូចជាយើងកំពុងនៅស្រុកកំណើតដូច្នោះដែរ ។ គ្មាននរណាម្នាក់មើលងាយយើងឡើយ » ។ ឪពុករូបនោះបានថ្លែងថា « ព្រះគម្ពីរប៊ីបបង្រៀនថា ផលផ្លែដំណឹងល្អកើតពីមែកធាងដំណឹងល្អ » ។ ឪពុក និងម្តាយរូបនោះបានបន្តថា « ហើយពួកអ្នកផ្សព្វផ្សាយសាសនា ។ យើងចង់ឲ្យកូនប្រុសស្រីរបស់យើងធំឡើងដូចជាអ្នកផ្សព្វផ្សាយសាសនាទាំងនោះដែរ » ។ បងប្អូនប្រុសស្រី សូមយើងស្វាគមន៍មនុស្សទាំងអស់យ៉ាងកក់ក្ដៅ ឲ្យចូលក្នុងផ្ទះសំណាក់របស់ទ្រង់ ។
ទីបី នៅក្នុងផ្ទះសំណាក់របស់ទ្រង់ យើងរៀនថា សេចក្តីល្អឥតខ្ចោះគឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ពុំមែននៅក្នុងភាពឥតខ្ចោះនៃពិភពលោកនេះទេ ។ តម្រងដាក់ឲ្យល្អឥតខ្ចោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម « អ៊ីនស្ដាក្រាម » ដែលមិនពិត និងមិនប្រាកដនិយមក្នុងពិភពលោកនេះ អាចធ្វើឲ្យយើងមានអារម្មណ៍ថាមិនល្អគ្រប់គ្រាន់ ហើយញៀននឹងការអូស ការចូលចិត្ត ឬការឲ្យបេះដូង ។ ផ្ទុយទៅវិញ ព្រះអង្គសង្គ្រោះព្រះយេស៊ូវរបស់យើងញ្ញាណដឹងអ្វីៗទាំងអស់ពីយើង ដែលយើងមិនចង់ឲ្យនរណាម្នាក់ទៀតដឹង ហើយទ្រង់នៅតែស្រឡាញ់យើង ។ ដំណឹងល្អរបស់ទ្រង់គឺជាដំណឹងល្អនៃឱកាសទីពីរ និងទីពីរ ដែលអាចធ្វើឡើងដោយពលិកម្មធួនរបស់ទ្រង់ ។១២ ទ្រង់អញ្ជើញយើងម្នាក់ៗឲ្យធ្វើជាសាសន៍សាម៉ារីល្អ មិនសូវវិនិច្ឆ័យគ្នា ហើយកាន់តែអភ័យទោសដល់ខ្លួនឯង និងដល់គ្នាទៅវិញទៅមក ទោះជាយើងព្យាយាមកាន់តែពេញលេញដើម្បីរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
កាលដែលយើងជួយអ្នកដទៃ គឺដូចជាយើងជួយខ្លួនយើងដូច្នោះដែរ ។ ខ្ញុំស្គាល់គ្រួសារមួយដែលរស់នៅជាប់ផ្លូវដ៏មមាញឹកមួយ ។ អ្នកធ្វើដំណើរជាច្រើនតែងតែឈប់សួររកផ្លូវ ។ នៅព្រឹកព្រលឹមមួយនោះ គ្រួសារនេះបានឮសំឡេងគោះទ្វារខ្លាំងៗមួយ ។ ដោយនឿយហត់ និងព្រួយបារម្ភ មិនដឹងជានរណាមកគោះទ្វារទាំងម៉ោង ២:០០ ព្រឹក នោះពួកគាត់បានគិតថា សូមលើកនេះម្តងចុះ សូមទៅរកអ្នកផ្សេងជួយទៅ ។ កាលដែលសំឡេងគោះទ្វារនោះនៅតែបន្ត ពួកគាត់បានឮថា « ភ្លើងឆេះ—ភ្លើងកំពុងឆេះក្រោយផ្ទះរបស់បងឯងហើយ ! » ។ សាសន៍សាម៉ារីចិត្តល្អជួយគ្នាទៅវិញទៅមក ។
ទីបួន នៅក្នុងផ្ទះសំណាក់របស់ទ្រង់ យើងក្លាយជាផ្នែកមួយនៃសហគមន៍ដំណឹងល្អដែលផ្តោតលើព្រះយេស៊ូវគ្រីស្ទ បោះយុថ្កាក្នុងសេចក្តីពិតដែលបានស្ដារឡើងវិញ ព្យាការី និងសាវកដែលនៅរស់ ព្រមទាំងសក្ខីបទមួយទៀតនៃព្រះយេស៊ូវគ្រីស្ទ—ព្រះគម្ពីរមរមន ។ ទ្រង់នាំយើងទៅផ្ទះសំណាក់របស់ទ្រង់ និងដំណាក់របស់ទ្រង់ផងដែរ—គឺព្រះវិហារបរិសុទ្ធ ។ ដូចជាបុរសរងរបួសនៅលើផ្លូវទៅក្រុងយេរីខូរដែរ ដំណាក់របស់ព្រះអម្ចាស់គឺជាកន្លែងដែលសាសន៍សាម៉ារីចិត្តល្អអាចសម្អាត និងស្លៀកពាក់ឲ្យយើង រៀបចំយើងដើម្បីត្រឡប់ទៅទីវត្តមានរបស់ព្រះវិញ ហើយបង្រួបបង្រួមយើងជាមួយគ្រួសារអស់កល្បជានិច្ចរបស់ព្រះ ។ ព្រះវិហារបរិសុទ្ធរបស់ទ្រង់បើកទទួលមនុស្សទាំងអស់ ដែលរស់នៅតាមដំណឹងល្អរបស់ទ្រង់ដោយសេចក្តីជំនឿ និងការគោរពប្រតិបត្តិ ។
ការរីករាយក្នុងព្រះវិហារបរិសុទ្ធរួមមាននូវការរួបរួមក្នុងដំណឹងល្អ ទោះមានកេរ្តិ៍តំណែល វប្បធម៌ ភាសា និងជំនាន់ចម្រុះជាច្រើនក្ដី ។ នៅឯពិធីបើកសម្ពោធការដ្ឋានសាងសង់ព្រះវិហារបរិសុទ្ធ ថៃលឺវាល យូថាហ៍ យុវជនឈ្មោះ ម៉ាក ហាកឃឺ អាយុ ១៧ ឆ្នាំបានចែកចាយពីកេរ្តិ៍ដំណែលនៃគ្រួសារដែលបានចាប់ផ្តើមសេចក្ដីជំនឿ តាំងពីប្រាំមួយជំនាន់មុន ដោយជីតាលារបស់គាត់ ដែលមានឈ្មោះថា យ៉ូសែប ហាកឃឺ និងភរិយារបស់លោក ឈ្មោះថា ស៊ូសាណា ស្នេធ ។ នៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ យើងម្នាក់ៗអាចក្លាយជាបណ្តាញដ៏រឹងមាំនៅក្នុងតំណជំនាន់គ្រួសាររបស់យើង ។
ចុងក្រោយ ចំណុចទីប្រាំ យើងអររីករាយដែលព្រះស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ ទោះជាយើងមានជីវប្រវត្តិ និងកាលៈទេសៈខុសៗគ្នាក្តី នៅគ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ឲ្យមានកន្លែងស្នាក់អាស្រ័យក្នុងផ្ទះសំណាក់ទ្រង់គ្រប់ៗគ្នា ។
ជាង ៤០ ឆ្នាំមកនេះ សមាជិកសាសនាចក្រមានលក្ខណៈចម្រុះពូជសាសន៍កាន់តែខ្លាំងឡើង ។ ចាប់តាំងពីឆ្នាំ ១៩៩៨ មក សមាជិកសាសនាចក្រជាច្រើនគឺជាអ្នករស់នៅក្រៅសហរដ្ឋអាមេរិក និងកាណាដា ។ នៅត្រឹមឆ្នាំ ២០២៥ យើងប៉ាន់ស្មានថា សមាជិកសាសនាចក្រដែលរស់នៅអាមេរិកឡាទីន មានចំនួនស្មើនឹងសមាជិកនៅសហរដ្ឋអាមេរិក និងកាណាដាដែរ ។ ការប្រមូលកូនចៅដ៏ស្មោះត្រង់របស់លោកឪពុក លីហៃ គឺជាការបំពេញការព្យាករ ។ ពួកបរិសុទ្ធដ៏ស្មោះត្រង់ រួមទាំងទីតាំងដែលពួកអ្នកត្រួសត្រាយផ្លូវបានស្នាក់នៅ បន្ដជាប្រភពនៃការលះបង់ និងការបម្រើសម្រាប់សាសនាចក្រទូទាំងពិភពលោកដដែល ។
ផងដែរ សមាជិកសាសនាចក្រមជ្ឈិមវ័យភាគច្រើនឥឡូវនេះពុំរៀបការ មេម៉ាយ ឬលែងលះ ។ រឿងនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់ ។ ការផ្លាស់ប្តូរនេះកើតមានចំពោះបងប្អូនស្រ្តីក្នុងសមាគមសង្រ្គោះជាងពាក់កណ្តាល និងបងប្អូនប្រុសនៃបព្វជិតភាពជាងពាក់កណ្តាល ។ គន្លងប្រជាសាស្ដ្រនេះកើតឡើងក្នុងសាសនាចក្រទូទាំងពិភពលោកចាប់តាំងពីឆ្នាំ ១៩៩២ ហើយក្នុងសាសនាចក្រនៅសហរដ្ឋអាមេរិក និងកាណាដា ចាប់ពីឆ្នាំ ២០១៩ ។
គោលជំហររបស់យើងចំពោះព្រះអម្ចាស់ និងក្នុងសាសនាចក្ររបស់ទ្រង់ មិនទាក់ទងនឹងស្ថានភាពអាពាហ៍ពិពាហ៍របស់យើងនោះទេ ប៉ុន្តែជាសិស្សដ៏ក្លាហាន និងស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ។១៣ មជ្ឈិមវ័យចង់ឲ្យគេឃើញថាខ្លួនជាមជ្ឈិមវ័យ ហើយមានការទទួលខុសត្រូវ និងការចូលរួមក្នុងនាមជាមជ្ឈិមវ័យ ។ សិស្សរបស់ព្រះយេស៊ូវគ្រីស្ទមកពីគ្រប់ទីកន្លែង គ្រប់ទម្រង់ ទំហំ ពណ៌សម្បុរ អាយុ ម្នាក់ៗមានទេពកោសល្យ បំណងប្រាថ្នាដ៏សុចរិត និងសមត្ថភាពដ៏ធំធេងដើម្បីផ្តល់ពរជ័យ និងបម្រើ ។ យើងព្យាយាមជាប្រចាំដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយជំនឿទៅរកការប្រែចិត្ត ១៤និងអំណរដ៏យូរអង្វែង ។
អំឡុងជីវិតនេះ នៅពេលខ្លះយើងរង់ចាំព្រះអម្ចាស់ ។ យើងអាចនឹងមិនទាន់ទៅដល់អ្វីដែលយើងសង្ឃឹម និងប្រាថ្នាចង់បាននៅពេលអនាគតនៅឡើយ ។ ស្ត្រីដ៏លះបង់ម្នាក់បានមានប្រសាសន៍ថា « ការរង់ចាំពរជ័យរបស់ព្រះអម្ចាស់ដោយស្មោះត្រង់គឺជារបៀបរស់នៅដ៏បរិសុទ្ធមួយ ។ វាមិនត្រូវបានបំពេញដោយការអាណិត ការក្អេងក្អាង ឬការវិនិច្ឆ័យទេ ប៉ុន្តែផ្ទុយទៅវិញ ដោយការគោរពដ៏ពិសិដ្ឋវិញ » ។១៥ សម្រាប់ពេលនេះ ដែលយើងរស់នៅឥឡូវនេះ ពុំមានន័យថា យើងរង់ចាំឲ្យជីវិតចាប់ផ្ដើមទេ ។
អេសាយ បានសន្យាថា « អស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។ » ។១៦
សាសន៍សាម៉ារីល្អរបស់យើង សន្យាថានឹងត្រឡប់មកវិញ ។ អព្ភូតហេតុជាច្រើនកើតឡើង នៅពេលយើងមើលថែគ្នាទៅវិញទៅមកដូចដែលទ្រង់ធ្វើ ។ នៅពេលយើងមកដោយចិត្តសង្រេង និងវិញ្ញាណទន់ទាប ១៧ យើងអាចស្វែងរកសំឡេងនៅក្នុងព្រះយេស៊ូវគ្រីស្ទ អោបក្រសោបនៅក្នុងព្រះហស្តនៃការយោគយល់របស់ទ្រង់ដោយសុវត្ថិភាព ។១៨ ពិធីបរិសុទ្ធដ៏ពិសិដ្ឋផ្ដល់សេចក្ដីសញ្ញាជាកម្មសិទ្ធ និង « អំណាចនៃសេចក្ដីល្អ » ១៩ដើម្បីញែកចេញបំណងចិត្ត និងសកម្មភាពខាងក្រៅឲ្យបរិសុទ្ធ ។ ដោយព្រះទ័យល្អជាទីស្រឡាញ់ និងការអត់ធ្មត់របស់ទ្រង់ នោះសាសនាចក្ររបស់ទ្រង់ក្លាយជាផ្ទះសំណាក់របស់យើង ។
កាលយើងត្រៀមបន្ទប់នៅក្នុងផ្ទះសំណាក់ទ្រង់ ហើយស្វាគមន៍មនុស្សទាំងអស់ នោះសាសន៍សាម៉ារីចិត្តល្អរបស់យើង អាចព្យាបាលយើងឲ្យរួចពីបញ្ហាស្មុគស្មាញក្នុងជីវិតរមែងស្លាប់របស់យើង ។ ដោយក្តីស្រឡាញ់ ឥតខ្ចោះ ព្រះវរបិតានិងព្រះរាជបុត្រារបស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទសន្យាថា« ភាពសុខសាន្ដនៅក្នុងពិភលោកនេះ និងជីវិតអស់កល្បជានិច្ចដែលនៅបរលោកនាយ » ២០— « យើងនៅទីណា នោះអ្នកនឹងនៅទីនោះដែរ » ២១ ខ្ញុំធ្វើជាសាក្សីដ៏មានអំណរគុណ ហើយថ្លែងទីបន្ទាល់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕