សន្និសីទទូទៅ
ពន្លឺ​ការពិត និង​ក្តីស្រឡាញ់​នៃ​ដំណឹងល្អ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


10:11

ពន្លឺ​ការពិត និង​ក្តីស្រឡាញ់​នៃ​ដំណឹងល្អ

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពន្លឺ​ការពិត និង​ក្តីស្រឡាញ់​នៃ​ដំណឹងល្អ​រះ​ចែងចាំង​នៅ​ទូទាំង​ផែនដី​សព្វ​ថ្ងៃនេះ ។

ទំនុក​តម្កើង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ពីរោះ « ស្តាប់​សំឡេង​សួគ៌ា​ជាតិសាសន៍​ទាំងឡាយ ! » ផ្ដិត​ជាប់​នូវ​សេចក្ដី​សាទរ និង​ភាព​រីករាយ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ ដែល​ចេញ​ទៅ​ពិភពលោក​ទាំងមូល ។ នៅក្នុង​ទំនុក​តម្កើង​នេះ យើង​ច្រៀង ៖

ស្តាប់​សំឡេង​សួគ៌ា ជាតិសាសន៍​ទាំងឡាយ !

នៅ​គ្រប់​ទិសទី​មូលមី​អរ​សប្បាយ !

ពួកទេវតា​រុងរឿង​ស្រែក​ច្រៀង​បន្ទរ ៖

ការពិត​ស្តារ​ឡើងវិញ​ហើយ !

ដោយលូអីស អែហ្វ ម៉ក ដែល​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​ដ៏​រីករាយ​នេះ គឺជា​អ្នកប្រែចិត្ត​ជឿ​ជនជាតិ​អាល្លឺម៉ង់ ដែល​បាន​និពន្ធ​ទំនុកច្រៀង​ដ៏​បំផុស​គំនិត​សម្រាប់​ទំនុក​តម្កើង​នេះ ខណៈ​រស់នៅ​ប្រទេស​ស្វីស​អំឡុង​ការបម្រើ​បេសសកម្ម​ពេញម៉ោង​របស់​លោក​នៅ​ទ្វីប​អឺរ៉ុប ។ អំណរ​ដែល​កើត​ចេញពី​ការធ្វើជា​សាក្សី​នៃ​ឥទ្ធិពល​ទូទាំង​សកលលោក​នៃ​ការស្ដារ​ឡើងវិញ ត្រូវបាន​ពិពណ៌នា​យ៉ាងច្បាស់​នៅក្នុង​ទំនុកច្រៀង​នៃ​ទំនុក​តម្កើង​ដូច​តទៅ ៖

ស្វែងរក​ក្នុង​ទីងងឹត​ចិត្ត​សោកសៅ

ចាំ​មើល​ថ្ងៃ​រះ​ដែល​បាត់បង់​យូរ​ទៅ

នាំគ្នា​រីករាយ​យប់យន់​ឈប់​មាន​ហើយ

ដ្បិត​ឡើយ​មាន​សេចក្តី​ពិត !

ដោយសារតែ​ការចាប់ផ្ដើម​ជាង ២០០ ឆ្នាំ​មុន​នៃ​ការស្ដារ​ឡើងវិញ​ដែល​នៅតែ​បន្ដ​នេះ « ពន្លឺ​ការពិត​និង​ក្តី​ស្រឡាញ់ »បញ្ចេញ​រស្មី​ពេញ​ទាំង​ផែនដី​នា​ពេលនេះ ។ ព្យាការី យ៉ូសែប បាន​ដឹង​នៅ​ឆ្នាំ ១៨២០ ហើយ​មនុស្ស​រាប់លាន​នាក់​ថែមទៀត​បាន​ដឹង​តាំងពី​ពេល​នោះ​មក​ថា ព្រះ « ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដោយ​សទ្ធា និង​ឥត​បន្ទោស​ផង » ។

មិន​យូរ​ប៉ុន្មាន​ក្រោយពី​ការរៀបចំ​សាសនាចក្រ​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​យ៉ូសែប ស្ម៊ីធ ហើយ​បាន​បើក​សម្ដែង​ក្ដីស្រឡាញ់​យ៉ាង​បរិបូរណ៍​របស់​ទ្រង់​សម្រាប់​ពួកយើង កាល​ទ្រង់​មាន​បន្ទូល ៖

« ហេតុដូច្នេះ​ហើយ យើង​ជា​ព្រះអម្ចាស់ ដោយ​ជ្រាប​នូវ​គ្រោះ​ដែល​នឹង​មាន​មកលើ​បណ្ដាជន​ទាំងឡាយ​នៅលើ​ផែនដី នោះ​បាន​ហៅ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នកបម្រើ​របស់​យើង ហើយ​បាន​និយាយ​មកកាន់​លោក​ពីលើ​ស្ថានសួគ៌ ហើយ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ទាំងឡាយ​ដល់​លោក …

« ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង​អាច​បាន​តាំងឡើង

« ដើម្បី​ឲ្យ​ភាពពោរពេញ​នៃ​ដំណឹងល្អ​របស់​យើង អាច​បាន​ប្រកាស​ប្រាប់​ដោយ​ពួកកម្សោយ និង​ពួករាបទាប​ដល់​អស់​ចុង​ផែនដី និង​នៅ​ចំពោះ​ពួកមហាក្សត្រ​និង ពួកអ្នក​ត្រួតត្រា​ទាំងឡាយ » ។

ភ្លាមៗ​បន្ទាប់ពី​វិវរណៈ​នេះ​ត្រូវបាន​ទទួល ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ចាប់ផ្ដើម​ទទួល​ការហៅ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​ជាតិសាសន៍​ជាច្រើន​ក្នុង​ពិភពលោក​នេះ ។ គឺ​ដូចដែល​ព្យាការី​នីហ្វៃ​បាន​រំពឹង​ទុក សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​បាន​ចាប់ផ្ដើម​ផ្សាយ « នៅក្នុង​ចំណោម​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន » ។

« សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ត្រូវបាន​រៀបចំ​ឡើង​ជា​ផ្លូវការ​នៅក្នុង​ផ្ទះឈើ​តូច​មួយ នៅ​ប៉ែក​ខាងជើង​នៃ​រដ្ឋ​ញូវ យ៉ក ក្នុង​ឆ្នាំ ១៨៣០ ។

« វា​ចំណាយ​ពេល ១១៧ ឆ្នាំ—មក​ទល់​ឆ្នាំ ១៩៤៧—ដើម្បី​ឲ្យ​សាសនាចក្រ​រីកចម្រើន ចាប់ពី​មាន​សមាជិក​ប្រាំមួយ​នាក់​ដំបូង មក​ដល់​មាន​សមាជិក​មួយ​លាន​នាក់ ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​គឺជា​មុខងារ​សំខាន់​មួយ​របស់​សាសនាចក្រ​តាំងពី​ជំនាន់​ដើម ដោយ​បាន​ដុះដាល​ទៅគ្រប់​ទិសទី​ដល់​ដែនដី​អាមេរិកាំង​ដើម ទៅ​ប្រទេស​កាណាដា ហើយ​នៅ​ឆ្នាំ ១៨៣៧ ហួស​ពី​ទ្វីប​អាមេរិក​ខាងជើង​ទៅកាន់​ប្រទេស​អង់គ្លេស ។ មិន​យូរ​ប៉ុន្មាន​ក្រោយពី​នោះ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ធ្វើការ​នៅ​ទ្វីប​អឺរ៉ុប ហើយ​ទៅសែន​ឆ្ងាយ​ដល់​ប្រទេស​ឥណ្ឌា និង​បណ្ដុំ​កោះ​ប៉ាស៊ីភិច​ផងដែរ ។

« សាសនាចក្រ​ឈាន​ដល់​កំណត់ត្រា​មាន​សមាជិក​ពីរលាន​នាក់​ក្នុង​រយៈពេល ១៦ ឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ ១៩៦៣ ហើយ​កំណត់ត្រា​បី​លាន​នាក់​នៅ​ប្រាំបី​ឆ្នាំ​ក្រោយមក » ។

ដោយ​គូសបញ្ជាក់​ពី​ការរីកចម្រើន​យ៉ាង​លឿន​របស់​សាសនាចក្រ ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​នាពេល​ថ្មីៗ​នេះ​ថា « សព្វថ្ងៃ​នេះ កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​កំពុង​តែ​បោះជំហាន​ទៅមុខ​ក្នុង​ល្បឿន​ដ៏​លឿន​មួយ ។ សាសនាចក្រ​នឹង​មាន​អនាគត​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក និង​មិន​អាច​ប្រៀបផ្ទឹម​បាន » ។

ការស្ដារ​ឡើងវិញ​ចំពោះ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការរៀបចំ​សាសនាចក្រ​ដ៏​សកម្ម​របស់​ព្រះអម្ចាស់​ម្ដងទៀត​នៅលើ​ផែនដី​នេះ និង​ការរីកចម្រើន​ដ៏​អស្ចារ្យ​តាំងពី​នោះ​មក បាន​ធ្វើឲ្យ​ពរជ័យ​នៃ​បព្វជិតភាព​កើតមាន​នៅ​ពេញទាំង​ផែនដី​នេះ ។ ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ដែល​ចង​យើង​ទៅនឹង​ព្រះ ហើយ​ដាក់​យើង​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា សម្ដែង​យ៉ាង​ច្បាស់​ពី « អំណាច​នៃ​ព្រះ » ។១០ នៅពេល​យើង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំងនេះ​សម្រាប់​អ្នកនៅរស់ និង​អ្នកបាន​ស្លាប់​ហើយ នោះ​យើង​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដែល​នៅ​ទាំង​សងខាង​វាំងនន ហើយ​រៀបចំ​ផែនដី​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

នៅ​ខែ មេសា ឆ្នាំ ១៩៧៣ ឪពុក​ម្ដាយ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​អាហ្សង់ទីន ដែល​ជា​ប្រទេស​កំណើត​របស់​យើង ដើម្បី​ទៅ​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ដោយសារ​ពុំមាន​ព្រះវិហារ​បរិសុទ្ធ​នៅ​អាមេរិក​ឡាទីន​ទាំងមូល​នៅពេល​នោះ ដូច្នេះ​យើង​បាន​ធ្វើ​ដំណើរ​ជាង ៩៧០០ គីឡូម៉ែត្រ​ដើម្បី​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ ទោះជា​ខ្ញុំ​ទើបតែ​មាន​អាយុ​ពីរឆ្នាំ​នៅពេល​នោះ ហើយ​មិន​ចាំ​សេចក្ដី​ទាំងអស់​នៃ​បទពិសោធន៍​ដ៏​ពិសេស​នោះ​ក្ដី ក៏​មាន​អនុស្សាវរីយ​ពិសេស​បីពី​ការធ្វើ​ដំណើរ​នោះ ដែល​បាន​ដិតជាប់​ក្នុង​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​នៅចាំ​រហូត​មក ។

មើល​ចេញ​ពី​បង្អួច​យន្តហោះ

ទីមួយ ខ្ញុំ​នៅចាំ​ថា​ត្រូវបាន​ដាក់​ឲ្យ​អង្គុយ​ក្បែរ​បង្អួច ហើយ​មើលឃើញ​ពពក​ដ៏សស្អាត​នៅ​ខាងក្រោម ។

ពពក​ដ៏​ស្រស់​ចែងចាំង​ទាំងនោះ​នៅក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច វា​​ដូចជា​បាល់សំឡី​ដ៏​ធំ ។

អនុស្សាវរីយ​មួយ​ទៀត​ដែល​បន្ដ​ស្ថិត​ក្នុង​ចិត្ត​ខ្ញុំ​គឺ រូប​កំប្លែង​ពីរបី​នៅ​សួន​កម្សាន្ដ​នៅ​ក្រុង​ឡូស អាន់ជីឡេស ។ យើង​មិន​ងាយ​ភ្លេច​រូប​ទាំងនោះ​ឡើយ ។

ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ខ្លាំង​ជាង​នេះ​នោះ​គឺ អនុស្សាវរីយ​ដ៏​ត្រចះ​ត្រចង់ និង​មិន​អាច​បំភ្លេច​បាន​នេះ ៖

ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក បន្ទប់ ការផ្សារភ្ជាប់

ខ្ញុំ​ចាំ​យ៉ាងច្បាស់​ថា​បាន​នៅក្នុង​បន្ទប់​មួយ​ដ៏​ពិសិដ្ឋ​នៅ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ជា​កន្លែង​ដែល​ធ្វើ​ការផ្សារភ្ជាប់​គូស្វាមី​ភរិយា និង​ក្រុមគ្រួសារ​ចំពោះ​វេលា​កាល និង​ចំពោះ​អស់​ទាំង​ភាពអស់កល្ប​ជានិច្ច ។ ខ្ញុំ​នៅចាំ​ពី​អាសនា​ដ៏​ស្រស់ស្អាត​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ចាំ​ថា​មាន​ពន្លឺ​ថ្ងៃ​ចាំង​ចូល​តាម​បង្អួច​នៃ​បន្ទប់​នោះ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៅពេលនោះ ហើយ​នៅតែ​បន្ដ​មាន​អារម្មណ៍​តាំងពី​នោះ​មក​ថា​ទទួល​បាន​ភាពកក់ក្ដៅ សុវត្ថិភាព និង​ការលួងលោម​នៃ​ពន្លឺ​ការពិត និង​ក្តីស្រឡាញ់​នៃ​ដំណឹងល្អ ។

អារម្មណ៍​ស្រដៀងគ្នា​នេះ​ត្រូវបាន​បញ្ជាក់​ម្ដងទៀត​ក្នុង​ចិត្ត​ខ្ញុំ​រយៈពេល ២០ ឆ្នាំ​ក្រោយមក ពេល​ខ្ញុំ​បាន​ចូល​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ផ្សារភ្ជាប់​ម្ដងទៀត—លើក​នេះ គឺ​គូដណ្ដឹង​ខ្ញុំ និង​ខ្ញុំ​បាន​ផ្សារភ្ជាប់សម្រាប់​វេលា​កាល និង​​អស់​ទាំង​ភាពអស់កល្ប​ជានិច្ច ។ ប៉ុន្ដែ​នៅក្នុង​ឱកាស​នេះ យើង​មិន​ចាំបាច់​ធ្វើ​ដំណើរ​រាប់ពាន់​គីឡូម៉ែត្រ​ទេ ដោយសារ​ព្រះវិហារ​បរិសុទ្ធ ប៊ុយណូស៊ែ អាហ្សង់ទីន ត្រូវបាន​សាងសង់ និង​ឧទ្ទិស​រួចហើយ ហើយ​យើង​បើកឡាន​ជិតពី​ផ្ទះ​យើងទៅ ។

គ្រួសារ វ៉កគឺ

ម្ភៃ​ពីរ​ឆ្នាំ​ក្រោយពី​អាពាហ៍ពិពាហ៍ និង​ការផ្សារភ្ជាប់​របស់​យើង យើង​មាន​ពរជ័យ​ដើម្បី​ត្រឡប់​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​ដដែល​នេះ​វិញ ប៉ុន្ដែ​លើក​នេះ​ទៅ​ជាមួយ​នឹង​កូនស្រី​ដ៏​ស្រស់ស្អាត​របស់​យើង ហើយ​យើង​បាន​ផ្សារភ្ជាប់​ជា​ក្រុមគ្រួសារ​សម្រាប់​វេលា​កាល និង​អស់​ទាំង​ភាពអស់កល្ប​ជានិច្ច ។

កាល​ខ្ញុំ​គិត​អំពី​គ្រា​ដ៏​សែន​ពិសិដ្ឋ​ទាំងនេះ​ក្នុង​ជីវិត​ខ្ញុំ នោះ​ខ្ញុំ​បានពេញ​ដោយ​អំណរ​ដ៏​ជ្រាលជ្រៅ និង​អង្វែង ។ ខ្ញុំ​បាន​មាន​អារម្មណ៍ ហើយ​បន្ដ​មាន​អារម្មណ៍​នូវ​ក្ដីស្រឡាញ់​របស់​ព្រះវរបិតា ដ៏​សណ្ដោស​ប្រណី​ដែល​គង់នៅ​ស្ថានសួគ៌ ដែល​ជ្រាបពី​តម្រូវការ​ផ្ទាល់ខ្លួន និង​បំណង​ប្រាថ្នា​ដ៏​ស្មោះត្រង់​របស់​យើង ។

កាល​មាន​បន្ទូល​អំពី​ការប្រមូលផ្ដុំ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ព្រះអម្ចាស់​យេហូវ៉ា​បាន​មាន​បន្ទូល ៖ « យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​នៅ​ខាងក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បានជា​រាស្ត្រ​របស់​យើង » ។១១ ខ្ញុំ​មាន​អំណរ​ដ៏​អស់កល្ប ព្រោះ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​បាន​ចារឹក​ទុក​យ៉ាងជ្រៅ​ក្នុង​ចិត្ត​ខ្ញុំ តាមរយៈ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៅក្នុង​ព្រះដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ វា​ជា​គ្រឹះ​ដ៏មាំ​ដើម្បី​ដឹង​ថា ទ្រង់​គឺជា​ព្រះ​របស់​យើង ថា​យើង​គឺជា​រាស្ដ្រ​របស់​ទ្រង់ ហើយ​ថា មិន​ថា​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​អ្វី​នោះ​ទេ ប្រសិនបើ​យើង​ស្មោះត្រង់ និង​គោរព​តាម​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ចុះ​នោះ យើង​អាច « ត្រូវបាន​ឱប​ក្រសោប​ជា​អង្វែង​តទៅ ដោយ​ព្រះពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ » ។១២

អំឡុង​សម័យ​ប្រជុំ​ស្ដ្រី​នៃ​សន្និសីទ​ទូទៅ​ក្នុង​ខែ តុលា ឆ្នាំ ២០១៩ ប្រធាន​ណិលសុន​បាន​ថ្លែង​ថា « រាល់​ការខិតខំ​របស់​យើង​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់គ្នា​ទៅវិញ​ទៅមក ប្រកាស​ដំណឹងល្អ ធ្វើឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់​លក្ខណ៍ ហើយ​ប្រោសលោះ​មនុស្ស​ស្លាប់ គឺ​ទាក់ទង​គ្នា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។១៣

ដូចគ្នា​ដែរ អំឡុង​សន្និសីទ​ទូទៅ​ដដែល​នេះ ប្រធាន​ណិលសុន​បាន​បង្រៀន ៖ « ប្រាកដ​ណាស់ ចំណែក​ដ៏​សំខាន់​បំផុត​នៃ​ការស្ដារ​ឡើងវិញ​គឺ​ព្រះវិហារ​បរិសុទ្ធ ។ ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ​នៃ​ព្រះវិហារ​បិរសុទ្ធ គឺ​សំខាន់​ចំពោះ​ការរៀបចំ​មនុស្ស​ដែល​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ស្វាគមន៍​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ » ។១៤

ការស្ដារ​ឡើងវិញ​ជាបន្ដ​បន្ទាប់​ត្រូវបាន​កត់​ចំណាំ​តាមរយៈ​អគារ និង​ការឧទ្ទិស​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ល្បឿន​ដ៏​លឿន​មួយ ។ កាល​យើង​ប្រមូលផ្ដុំគ្នា​នៅ​ទាំង​សងខាង​វាំងនន កាល​យើង​ធ្វើការ​លះបង់​ដើម្បី​បម្រើ និង​ធ្វើឲ្យ​ព្រះវិហារ​បរិសុទ្ធ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​យើង នោះ​ព្រះអម្ចាស់​កំពុង​ស្ថាបនា​យើង​ពិត​មែន—ទ្រង់​កំពុង​ស្ថាបនា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។

ឱ ! បល្ល័ង្ក​សួគ៌ា​រុងរឿង​អ្វី​ម៉្លេះ

ជះ​ពន្លឺ​ការពិត​និង​ក្តី​ស្រឡាញ់ !

រស្មី​ប្រៀប​បី​ដូចជា​ព្រះអាទិត្យ

ស្ថិត​គ្រប់​ដែនដី​សព្វថ្ងៃ ។១៥

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពន្លឺ​ការពិត និង​ក្តីស្រឡាញ់​នៃ​ដំណឹងល្អ​រះ​ចែងចាំង​នៅ​ទូទាំង​ផែនដី​សព្វ​ថ្ងៃនេះ ។ « ការណ៍​អស្ចារ្យ ហើយ​ចំឡែក » ដែល​ត្រូវបាន​ព្យាករ​ដោយ​ព្យាការី​អេសាយ១៦និង​បាន​ឃើញ​ដោយ​នីហ្វៃ១៧កំពុងតែ​កើតឡើង​ក្នុង​ល្បឿន​ដ៏​លឿន​មួយ ទោះជា​ក្នុង​ពេលនេះ​ដែល​មាន​ឧបសគ្គ​ច្រើន​ក្ដី ។ ដូច​ដែល យ៉ូសែប ស្ម៊ីធ បាន​ប្រកាស​តាម​ការព្យាករ​ថា « បទដ្ឋាន​នៃ​សេចក្ដីពិត​ត្រូវ​បាន​បង្កើត​ឡើង គ្មាន​ដៃ​មិន​បរិសុទ្ធ​ណា​មួយ​អាច​បញ្ឈប់​កិច្ចការ​នេះ​មិន​ឲ្យ​រីកចម្រើន​បាន​ឡើយ … រហូតដល់​គោលបំណង​នៃ​ព្រះ​នឹង​បាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​មហិមា​នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​សព្វគ្រប់​ហើយ » ។១៨

បងប្អូន​ប្រុសស្រី សូម​ឲ្យ​យើង​ស្ម័គ្រចិត្ត និង​សម្រេច​ចិត្ត​នៅ​ថ្ងៃនេះ​ដើម្បី​ឲ្យ​ខ្លួន​យើង និង​ក្រុមគ្រួសារ​របស់​យើង​ស្ដាប់​តាម​សំឡេង​នៃ​ស្ថានសួគ៌ គឺជា​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ​យើង ។ សូម​ឲ្យ​យើង​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ និង​កាន់តាម​សេចក្ដី​សញ្ញា​នោះ ដែល​នឹង​ការពារ​យើង​យ៉ាង​ខ្ជាប់ខ្ជួន នៅលើ​ផ្លូវ​ដែល​នាំ​យើង​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់​វិញ ហើយ​សូម​ឲ្យ​យើង​អរ​រីករាយ​នឹង​ពរជ័យ​នៃ​ពន្លឺ​ដ៏​រុងរឿង និង​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕